ទិដ្ឋភាពទូទៅ

ការឡើងក្រាស់នៃជញ្ជាំងថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម ត្រូវបានគេស្គាល់ថាជា បេះដូងថតខាងឆ្វេងរីកធំ។ ថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម (Left ventricle) គឺជាថតបេះដូងចម្បងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការច្របាច់ និងបូមឈាម។ ថតបេះដូងខាងឆ្វេងនេះ ធ្វើការបែងចែកឈាមដែលមានផ្ទុកអុកស៊ីសែនទៅកាន់ជាលិកានានានៅទូទាំងរាងកាយ តាមរយៈមហាសរសៃឈាមអាកត (aorta ដែលជាសរសៃឈាមអាកទែធំបំផុតនៅក្នុងរាងកាយ)។

ជញ្ជាំងបេះដូងដែលក្រាស់ជាងមុន អាចនឹងប្រែជាឡើងរឹង នៅពេលមានស្ថានភាពបេះដូងថតខាងឆ្វេងរីកធំនេះ។ សម្ពាធឈាមនៅក្នុងបេះដូងនឹងកើនឡើង ហើយស្ថានភាពបែបនេះធ្វើឱ្យបេះដូងកាន់តែពិបាកក្នុងការបូមឈាមឱ្យមានប្រសិទ្ធភាព។ យូរៗទៅ បេះដូងអាចនឹងបាត់បង់សមត្ថភាពក្នុងការច្របាច់បូមឈាមក្នុងកម្លាំងថាមពលដែលរាងកាយត្រូវការ។

មូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៃបេះដូងថតខាងឆ្វេងរីកធំ គឺជំងឺលើសឈាមដែលមិនបានគ្រប់គ្រង។ ផលវិបាកនៃជំងឺនេះរួមមាន ជំងឺខ្សោយបេះដូង និងវិបត្តិចង្វាក់បេះដូង (arrhythmias – ចង្វាក់បេះដូងដើរមិនប្រក្រតី)។

មូលហេតុដែលបង្កឱ្យមានបេះដូងថតខាងឆ្វេងរីកធំ នឹងកំណត់ទៅលើដំណើរការនៃទម្រង់ព្យាបាល។ ការប្រើប្រាស់ថ្នាំ ឬការវះកាត់ អាចត្រូវបានយកមកប្រើប្រាស់ជាទម្រង់នៃការបន្តព្យាបាល។

រោគសញ្ញា

បេះដូងថតខាងឆ្វេងរីកធំជារឿយៗកើតឡើងបន្តិចម្តងៗទៅតាមពេលវេលា។ មនុស្សមួយចំនួនមិនជួបប្រទះរោគសញ្ញាអ្វីឡើយ ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃជំងឺ។

បេះដូងថតខាងឆ្វេងរីកធំផ្ទាល់ មិនស្តែងចេញរោគសញ្ញាភ្លាមៗនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសម្ពាធ និងបន្ទុកនៅលើបេះដូងកាន់តែធ្ងន់ធ្ងរ រោគសញ្ញាអាចនឹងចាប់ផ្តើមលេចឡើង ដែលរួមមាន៖

  • ពិបាកដកដង្ហើម ជាពិសេសនៅពេលគេងសំប៉ែត
  • ហើមជើង
  • ឈឺទ្រូង ជាទូទៅស្តែងឡើងអំឡុងពេលធ្វើលំហាត់ប្រាណ
  • ញ័រទ្រូង ដែលជាអារម្មណ៍ដឹងថាបេះដូងលោតខ្លាំងៗ លោតខុសចង្វាក់ ឬលោតញាប់ខ្លាំង
  • វង្វេងវង្វាន់ វិលមុខ ឬបាត់បង់ស្មារតី (សន្លប់)

សូមប្រញាប់ទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ភ្លាមៗ ប្រសិនបើ៖

  • អ្នកមានអាការៈឈឺទ្រូងខ្លាំងលើសពីពីរបីនាទី
  • អ្នកកំពុងជួបការលំបាកខ្លាំងក្នុងការដកដង្ហើម
  • អ្នកមានអាការៈវិលមុខខ្លាំង ឬសន្លប់
  • អ្នកស្រាប់តែឈឺក្បាលខ្លាំងភ្លាមៗ, ពិបាកនិយាយ ឬមានអារម្មណ៍ខ្សោយកម្លាំងនៅរាងកាយចំហៀងម្ខាង

សូមពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នកជួបប្រទះអាការៈថប់ដង្ហើមស្រាលៗ, ញ័រទ្រូង ឬរោគសញ្ញាផ្សេងៗទៀត។ គ្រូពេទ្យរបស់អ្នកប្រហែលជាណែនាំឱ្យធ្វើការពិនិត្យបេះដូងជាទៀងទាត់ ប្រសិនបើអ្នកមានជំងឺលើសឈាម ឬស្ថានភាពណាមួយដែលបង្កើនហានិភ័យនៃបេះដូងថតខាងឆ្វេងរីកធំ។

​​ មូលហេតុ

បេះដូងថតខាងឆ្វេងរីកធំ អាចបណ្តាលមកពីកត្តាទាំងឡាយណាដែលបង្កើនបន្ទុក ឬប្រឹងដល់ថតខាងឆ្វេងផ្នែកខាងក្រោមនៃបេះដូង (left ventricle)។ នៅពេលដែលថតបេះដូងខាងឆ្វេងត្រូវរងសម្ពាធ និងធ្វើការកាន់តែខ្លាំង ជាលិកាសាច់ដុំនៅជញ្ជាំងថតបេះដូងនោះនឹងប្រែជាក្រាស់។ ជួនកាល ទំហំនៃថតបេះដូងផ្ទាល់ក៏អាចរីកធំជាងមុនផងដែរ។

ការប្រែប្រួលហ្សែនដែលកែប្រែទម្រង់នៃសាច់ដុំបេះដូង ក៏អាចបណ្តាលឱ្យមានស្ថានភាពបេះដូងថតខាងឆ្វេងរីកធំនេះដែរ។

កត្តាមួយចំនួនខាងក្រោមនេះ អាចធ្វើឱ្យបេះដូងធ្វើការធ្ងន់ជាងមុន និងអាចនាំឱ្យមានបេះដូងថតខាងឆ្វេងរីកធំ៖

  • ជំងឺលើសឈាម៖ នេះគឺជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតនៃបេះដូងថតខាងឆ្វេងរីកធំ។ សម្ពាធឈាមដែលខ្ពស់ជាប់រហូត ធ្វើឱ្យបេះដូងផ្នែកខាងឆ្វេងរងសម្ពាធខ្លាំង និងរីកធំ។ ការព្យាបាលជំងឺលើសឈាមអាចកាត់បន្ថយ និងជួនកាលថែមទាំងអាចស្តារស្ថានភាពនៃបេះដូងថតខាងឆ្វេងរីកធំឱ្យប្រសើរឡើងវិញបាន
  • វ៉ាល់បេះដូងអាកតត្បៀតចូលគ្នា (Aortic valve narrowing / aortic stenosis)៖ វ៉ាល់បេះដូងអាកត ភ្ជាប់សរសៃឈាមអាកតរបស់រាងកាយ ទៅនឹងថតបេះដូងខាងឆ្វេងផ្នែកខាងក្រោម។ ភាសាវេជ្ជសាស្ត្រហៅស្ថានភាពវ៉ាល់បេះដូងអាកតត្បៀតចូលគ្នានេះថា «aortic stenosis»។ នៅពេលដែលវ៉ាល់នេះរួមចង្អៀត បេះដូងត្រូវខំប្រឹងធ្វើការខ្លាំងជាងមុន ដើម្បីច្របាច់បូមឈាមទៅកាន់សរសៃឈាម
  • ការហ្វឹកហាត់កីឡាខ្លាំងពេក (Vigorous athletic training)៖ ការហ្វឹកហាត់ដើម្បីពង្រឹងកម្លាំង និងការស៊ូទ្រាំដែលខ្លាំងក្លា និងអូសបន្លាយពេលយូរ អាចកែប្រែទម្រង់បេះដូង។ ការប្រែប្រួលទាំងនេះជួយឱ្យបេះដូងស៊ាំទៅនឹងតម្រូវការរាងកាយដែលកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលនេះអាចបណ្តាលឱ្យសាច់ដុំបេះដូងរីកធំ។ ស្ថានភាពនេះត្រូវបានគេស្គាល់ផងដែរថាជា រោគសញ្ញាបេះដូងអ្នកកីឡា។ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់ទេថា តើបេះដូងដែលរីកធំរបស់អ្នកកីឡា អាចបណ្តាលឱ្យមានជំងឺបេះដូង ឬឡើងរឹងសាច់ដុំបេះដូងដែរឬយ៉ាងណា

បេះដូងអាចប្រែជាក្រាស់ ដោយសារតែជំងឺមួយចំនួនដែលឆ្លងតាមគ្រួសារ ដែលត្រូវបានគេហៅថា វិបត្តិហ្សែនតំណពូជរួមមាន៖

  • ជំងឺសាច់ដុំបេះដូងឡើងក្រាស់៖ ការប្រែប្រួលហ្សែនដែលនាំឱ្យមានការរីកក្រាស់នៃសាច់ដុំបេះដូង គឺជាមូលហេតុនៃវិបត្តិនេះ។ ការរីកក្រាស់នេះធ្វើឱ្យបេះដូងពិបាកបូមឈាម។ វាអាចកើតឡើងបាន ទោះបីជាសម្ពាធឈាមរបស់អ្នកធម្មតាក៏ដោយ។ ប្រហែល ៥០% នៃមនុស្សដែលមានឪពុក ឬម្តាយមានជំងឺសាច់ដុំបេះដូងរីកក្រាស់នេះ នឹងមានការបំប្លែងខ្លួននៃហ្សែនជំងឺនេះដូចគ្នា
  • ជំងឺ Amyloidosis៖ សារធាតុប្រូតេអ៊ីនខុសប្រក្រតីដក់កកកុញនៅជុំវិញសរីរាង្គនានា រួមទាំងបេះដូងផងដែរ។ ការកកកុញនៃប្រូតេអ៊ីននេះ រារាំងសមត្ថភាពមុខងាររបស់សរីរាង្គ។ ជំងឺតំណពូជ Familial amyloidosis គឺជាពាក្យដែលប្រើសម្រាប់ហៅវិបត្តិដែលផ្ទេរតពីសមាជិកគ្រួសារ។ តម្រងនោម និងប្រព័ន្ធសរសៃប្រសាទក៏អាចរងផលប៉ះពាល់ដោយសារជំងឺហ្សែននេះដែរ

កត្តាហានិភ័យ

ហានិភ័យនៃបេះដូងថតខាងឆ្វេងរីកធំ កើនឡើងដោយសារកត្តាដូចខាងក្រោម៖

  • អាយុ៖ មនុស្សវ័យចំណាស់មានឱកាសខ្ពស់ក្នុងការវិវត្តទៅជាស្ថានភាពបេះដូងថតខាងឆ្វេងរីកធំ។ ដូចគ្នាដែរចំពោះជំងឺលើសឈាម ដែលអាចធ្វើឱ្យសាច់ដុំបេះដូងឡើងក្រាស់
  • ភេទស្រី៖ បើប្រៀបធៀបទៅនឹងបុរសដែលមានកម្រិតសម្ពាធឈាមដូចគ្នា ស្ត្រីដែលមានសម្ពាធឈាមខ្ពស់មានឱកាសប្រឈមនឹងការវិវត្តទៅជាស្ថានភាពជំងឺនេះច្រើនជាង
  • តំណពូជ៖ បេះដូងថតខាងឆ្វេងរីកធំ អាចបណ្តាលមកពីការប្រែប្រួលនៃហ្សែនដែលត្រូវបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់
  • ទម្ងន់៖ មនុស្សដែលមានទម្ងន់លើស (ធាត់) មានហានិភ័យខ្ពស់ក្នុងការកើតជំងឺលើសឈាម និងបេះដូងថតខាងឆ្វេងរីកធំ
  • ជំងឺទឹកនោមផ្អែម៖ ជំងឺទឹកនោមផ្អែមបង្កើនលទ្ធភាពនៃការវិវត្តទៅជាបេះដូងថតខាងឆ្វេងរីកធំ

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យរបស់អ្នកនឹងធ្វើការពិនិត្យរាងកាយផ្ទាល់ និងសាកសួរអំពីប្រវត្តិនៃរោគសញ្ញារបស់អ្នក ព្រមទាំងប្រវត្តិសុខភាពរបស់គ្រួសារអ្នក។ គ្រូពេទ្យជំនាញនឹងប្រើប្រាស់បំពង់ស្តាប់ ដើម្បីស្តាប់ចង្វាក់បេះដូង និងពិនិត្យវាស់សម្ពាធឈាមរបស់អ្នក។

ការធ្វើតេស្ត

ការពិនិត្យរូបភាពវេជ្ជសាស្ត្រដើម្បីពិនិត្យមើលបេះដូង អាចនឹងត្រូវអនុវត្តឡើង ប្រសិនបើគ្រូពេទ្យរបស់អ្នកសង្ស័យថាអ្នកមានស្ថានភាពបេះដូងថតខាងឆ្វេងរីកធំ។

ការធ្វើតេស្តដូចខាងក្រោមនេះ អាចត្រូវបានអនុវត្តដើម្បីកំណត់អត្តសញ្ញាណនៃស្ថានភាពបេះដូងថតខាងឆ្វេងរីកធំ៖

  • ការធ្វើតេស្តមន្ទីរពិសោធន៍៖ ការធ្វើតេស្តឈាម និងទឹកនោមអាចត្រូវបានអនុវត្ត ដើម្បីស្វែងរកជំងឺ ឬវិបត្តិនានាដែលជះឥទ្ធិពលដល់សុខភាពបេះដូង។ កម្រិតជាតិស្ករក្នុងឈាម, កម្រិតជាតិខ្លាញ់, មុខងារថ្លើម និងមុខងារតម្រងនោម សុទ្ធតែអាចត្រូវបានយកមកធ្វើតេស្តពិនិត្យ
  • ការវាស់ចរន្តអគ្គិសនីបេះដូង (Electrocardiogram – ECG ឬ EKG)៖ ការធ្វើតេស្តដ៏រហ័ស និងមិនបង្កការឈឺចាប់នេះ ត្រូវបានគេស្គាល់ជាទូទៅថា ECG ឬ EKG ដែលជាការវាស់វែងសកម្មភាពអគ្គិសនីនៃបេះដូង។ ក្នុងអំឡុងពេលធ្វើ ECG បន្ទះសេនស័រ (សេនស័រវាស់ចរន្ត) ដែលគេហៅថា អេឡិចត្រូត (electrodes) នឹងត្រូវបិទភ្ជាប់ទៅនឹងទ្រូង ហើយជួនកាលនៅតាមដៃ ឬជើង។ បន្ទះសេនស័រទាំងនោះត្រូវបានភ្ជាប់ដោយខ្សែទៅកាន់ឧបករណ៍មួយដែលបង្ហាញ ឬបោះពុម្ពលទ្ធផលចេញមក។ លទ្ធផល ECG អាចបង្ហាញឱ្យឃើញពីកម្រិតនៃដំណើរការលោតរបស់បេះដូង។ គ្រូពេទ្យរបស់អ្នកអាចពិនិត្យមើលទម្រង់សញ្ញា ដែលស្តែងឱ្យឃើញពីការរីកក្រាស់នៃជាលិកាសាច់ដុំបេះដូង
  • ការពិនិត្យអេកូបេះដូង (Echocardiogram)៖ រលកសំឡេងត្រូវបានយកមកប្រើប្រាស់នៅក្នុងការពិនិត្យអេកូបេះដូង ដើម្បីបង្កើតជារូបភាពនៃចលនាបេះដូងកំពុងលោត។ ការធ្វើតេស្តនេះបង្ហាញពីលំហូរឈាមនៅខាងក្នុងបេះដូង និងវ៉ាល់បេះដូង។ វាក៏អាចស្វែងរកឃើញនូវជាលិកាសាច់ដុំបេះដូងដែលរីកក្រាស់ និងកំណត់អត្តសញ្ញាណបញ្ហាវ៉ាល់បេះដូង ដែលពាក់ព័ន្ធនឹងស្ថានភាពបេះដូងថតខាងឆ្វេងរីកធំផងដែរ
  • ការថតស្កេនអឹមអរអាយបេះដូង (Heart Magnetic Resonance Imaging – MRI)៖ ដែនម៉ាញេទិក និងរលកវិទ្យុត្រូវបានយកមកប្រើប្រាស់នៅក្នុងការពិនិត្យនេះ (ហៅកាត់ថា cardiac MRI) ដើម្បីបង្កើតជារូបភាពលម្អិត និងច្បាស់លាស់នៃបេះដូង

ការព្យាបាល

មូលហេតុកប់ជ្រៅដែលបង្កឱ្យមានបេះដូងថតខាងឆ្វេងរីកធំ នឹងកំណត់ទៅលើវិធីសាស្ត្រនៃការទម្រង់ព្យាបាលជំងឺនេះ។ វាអាចរួមបញ្ចូលទាំងការប្រើប្រាស់ថ្នាំ, ការព្យាបាលតាមរយៈការស៊កបំពង់កាតេទែ ឬការធ្វើការវះកាត់។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងវិបត្តិនានា ដូចជាជំងឺលើសឈាម និងការស្ទះដង្ហើមពេលគេង (sleep apnea) ពីព្រោះស្ថានភាពទាំងពីរនេះសុទ្ធតែអាចធ្វើឱ្យសម្ពាធឈាមកើនឡើង។

ការប្រើប្រាស់ថ្នាំ

ឱសថជាច្រើនត្រូវបានយកមកប្រើប្រាស់ដើម្បីព្យាបាលរោគសញ្ញានៃបេះដូងថតខាងឆ្វេងរីកធំ និងដើម្បីជៀសវាងផលវិបាកផ្សេងៗ។ ថ្នាំសម្រួលសម្ពាធឈាមអាចជួយការពារ ឬកាត់បន្ថយការរីកក្រាស់នៃសាច់ដុំបេះដូង។ មូលហេតុដែលបង្កឱ្យមានបេះដូងថតខាងឆ្វេងរីកធំ នឹងកំណត់ទៅលើប្រភេទនៃឱសថដែលគ្រូពេទ្យត្រូវចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់។

ឱសថដូចខាងក្រោមនេះ អាចត្រូវបានយកមកប្រើប្រាស់ដើម្បីព្យាបាលបេះដូងថតខាងឆ្វេងរីកធំ ឬព្យាបាលកត្តាទាំងឡាយណាដែលនាំឱ្យកើតជំងឺនេះ៖

  • ថ្នាំ ACE inhibitors៖ ថ្នាំក្រុមនេះជួយពង្រីកសរសៃឈាមដើម្បីកាត់បន្ថយសម្ពាធឈាម។ ពួកវាអាចជួយសម្រួលដល់លំហូរឈាម និងកាត់បន្ថយបន្ទុកការងាររបស់បេះដូង។ ផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ផ្សេងទៀតគឺ ការក្អកមាន់រ៉ាំរ៉ៃ
  • ថ្នាំប្រឆាំងអង់ហ្ស៊ីមក្រុម ARBs (Angiotensin II receptor blockers)៖ ឱសថក្រុមនេះផ្តល់នូវអត្ថប្រយោជន៍ប្រហាក់ប្រហែលគ្នានឹងថ្នាំក្រុម ACE inhibitors ដែរ ប៉ុន្តែវាមិនបង្កឱ្យមានអាការៈក្អករ៉ាំរ៉ៃនោះទេ
  • ថ្នាំពន្យឺតចង្វាក់បេះដូងក្រុម Beta blockers៖ ឱសថក្រុមនេះជួយក្នុងការគ្រប់គ្រង និងតម្រូវចង្វាក់បេះដូង។ ពួកវាក៏ជួយដល់បេះដូងក្នុងការបូមឈាមដោយប្រើកម្លាំងថយចុះជាងមុន (មិនបាច់ខំប្រឹងខ្លាំង)
  • ថ្នាំទប់ស្កាត់កាល់ស្យូមក្រុម Calcium channel blockers៖ ឱសថទាំងនេះជួយពង្រីកសរសៃឈាម និងធ្វើឱ្យសាច់ដុំបេះដូងសម្រាក (បន្ធូរការកន្ត្រាក់)។ ជាលទ្ធផល សម្ពាធឈាមនឹងធ្លាក់ចុះ
  • ថ្នាំបញ្ចុះទឹកនោម៖ ឱសថក្រុមនេះជួយបញ្ចុះសម្ពាធឈាម ដោយការកាត់បន្ថយកម្រិតសារធាតុរាវ (ទឹក) នៅក្នុងរាងកាយ

ការវះកាត់ ឬវិធីសាស្ត្រព្យាបាលផ្សេងទៀត

បច្ចេកទេសស៊កបំពង់កាតេទែ ឬការវះកាត់ដើម្បីជួសជុល ឬផ្លាស់ប្តូរវ៉ាល់បេះដូង អាចជាតម្រូវការចាំបាច់ ដើម្បីព្យាបាលស្ថានភាពបេះដូងថតខាងឆ្វេងរីកធំ ដែលបណ្តាលមកពីការចង្អៀតវ៉ាល់បេះដូងអាកត។

ការព្យាបាលជំងឺខាងក្រោម អាចនឹងទាមទារឱ្យមានការវះកាត់ ឬវិធីសាស្ត្រដទៃទៀត៖

  • ជំងឺសាច់ដុំបេះដូងឡើងក្រាស់៖ ប្រសិនបើបញ្ហានេះនាំឱ្យមានរោគសញ្ញាខ្សោយបេះដូង ឬមានការស្ទះរារាំងមិនឱ្យបេះដូងបូមឈាមបានតាមធម្មតា ការវះកាត់អាចជាតម្រូវការចាំបាច់
  • ជំងឺ Amyloidosis៖ ការប្តូរកោសិកាដើម អាចនឹងត្រូវទាមទារ ប្រសិនបើការព្យាបាលមុនៗមិនទទួលបានជោគជ័យ។ នៅតាមគ្លីនិកឯកទេស ជំងឺដក់សារធាតុប្រូតេអ៊ីនខុសប្រក្រតីនេះអាចទទួលបានការព្យាបាលយ៉ាងដិតដល់

អ្នកអាចបង្កើតផែនការព្យាបាលដ៏ត្រឹមត្រូវ និងសមស្របបំផុតសម្រាប់ខ្លួនអ្នក ក្រោមជំនួយ និងការណែនាំពីគ្រូពេទ្យរបស់អ្នក។

Doctors who treat this condition