ទិដ្ឋភាពទូទៅ

កែវភ្នែក (Cornea) ដែលជាផ្នែកខាងមុខនៃភ្នែកមានរាងដូចលំហ និងមានលក្ខណៈថ្លា នឹងចាប់ផ្តើមស្តើងទៅៗជាលំដាប់ ហើយលយចេញមកក្រៅជាទម្រង់កោណ ប្រសិនបើអ្នកមានជំងឺដុំលើភ្នាសពាសកែវភ្នែក (Keratoconus)។

កែវភ្នែកដែលមានរាងដូចកោណនេះ បណ្តាលឱ្យមានការមើលឃើញស្រពិចស្រពិល និងអាចមានប្រតិកម្មខ្លាំង (ចាញ់) ពន្លឺ និងចំណាំងផ្លាត។ ជាទូទៅ ជំងឺដុំលើភ្នាសពាសកែវភ្នែកប៉ះពាល់ដល់ភ្នែកទាំងសងខាង ទោះជាយ៉ាងណា ភ្នែកម្ខាងអាចនឹងរងផលប៉ះពាល់ខ្លាំងជាងភ្នែកម្ខាងទៀត។ មនុស្សភាគច្រើនចាប់ផ្តើមជួបប្រទះបញ្ហានេះនៅចន្លោះចុងវ័យជំទង់ រហូតដល់អាយុ ៣០ ឆ្នាំ។ ស្ថានភាពជំងឺនេះអាចនឹងវិវឌ្ឍកាន់តែអាក្រក់ទៅៗជាលំដាប់ក្នុងរយៈពេល ១០ ឆ្នាំ ឬលើសពីនេះ។

ប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺដុំលើភ្នាសពាសកែវភ្នែក អ្នកអាចប្រើប្រាស់វែនតា ឬកែវឡែនបន្ទន់ (Soft contact lenses) ដើម្បីកែតម្រូវបញ្ហចក្ខុវិញ្ញាណបាន។ ប៉ុន្តែនៅពេលដែលជំងឺវិវឌ្ឍទៅមុខ អ្នកប្រហែលជាត្រូវផ្លាស់ប្តូរមកប្រើប្រាស់កែវឡែនប្រភេទ Scleral lenses ឬកែវឡែនរឹងដែលអាចជ្រាបឧស្ម័នបាន (Rigid, gas-permeable contact lenses) ជំនួសវិញ។ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំង អ្នកអាចនឹងតម្រូវឱ្យធ្វើការវះកាត់ប្តូរកែវភ្នែក (Corneal transplant)។

បច្ចេកទេសតភ្ជាប់ខូឡាជែនកែវភ្នែក (Corneal collagen cross-linking) គឺជាវិធីសាស្ត្រមួយដែលអាចជួយទប់ស្កាត់ ឬពន្យារការវិវឌ្ឍនៃជំងឺដុំលើភ្នាសពាសកែវភ្នែក ដែលអាចបញ្ចៀសការទាមទារឱ្យមានការវះកាត់ប្តូរកែវភ្នែកនៅថ្ងៃអនាគត។ បន្ថែមលើការព្យាបាលកែតម្រូវចក្ខុវិញ្ញាណមុនៗ ការព្យាបាលមួយនេះក៏អាចត្រូវបានផ្តល់ជូនផងដែរ។

រោគសញ្ញា

នៅពេលដែលជំងឺដុំលើភ្នាសពាសកែវភ្នែកកាន់តែអាក្រក់ទៅ រោគសញ្ញារបស់វាក៏អាចផ្លាស់ប្តូរទៅតាមនោះដែរ ដែលរួមមាន៖

  • ការមើលឃើញវត្ថុខុសទម្រង់ ឬស្រពិចស្រពិល
  • មើលឃើញពន្លឺរង្វង់ព្រាលៗនៅជុំវិញប្រភពពន្លឺខ្លាំងៗ
  • មានប្រតិកម្មខ្លាំងជាងមុនទៅនឹងចំណាំងផ្លាត និងពន្លឺខ្លាំង ដែលអាចធ្វើឱ្យការបើកបរនៅពេលយប់មានការលំបាក
  • តម្រូវឱ្យមានការផ្លាស់ប្តូរលេខវែនតាញឹកញាប់
  • ចក្ខុវិញ្ញាណធ្លាក់ចុះដុនដាប ឬស្រអាប់ខ្លាំងភ្លាមៗ

ប្រសិនបើចក្ខុវិញ្ញាណរបស់អ្នកចុះខ្សោយយ៉ាងឆាប់រហ័ស សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងភ្នែក។ នេះអាចជាលទ្ធផលនៃជំងឺភ្នែកឡើងបាយ/ព្រិល (Astigmatism) ដែលជាភាពមិនស្មើគ្នានៃភាពកោងរបស់ភ្នែក។ ការពិនិត្យភ្នែកជាទៀងទាត់ ក៏រួមបញ្ចូលទាំងការស្វែងរកសញ្ញានៃជំងឺដុំលើភ្នាសពាសកែវភ្នែកពីសំណាក់គ្រូពេទ្យភ្នែករបស់អ្នកផងដែរ។

​​ មូលហេតុ

ទោះបីជាមូលហេតុពិតប្រាកដ នៃជំងឺដុំលើភ្នាសពាសកែវភ្នែកមិនទាន់ត្រូវបានដឹងច្បាស់ ប៉ុន្តែកត្តាបរិស្ថាន និងហ្សែនត្រូវបានគេសង្ស័យថាមានចំណែកពាក់ព័ន្ធ។ ក្នុងចំណោមមនុស្ស ១០ នាក់ដែលមានជំងឺដុំលើភ្នាសពាសកែវភ្នែក គឺមានម្នាក់ដែលមានឪពុក ឬម្តាយមានជំងឺនេះដែរ។

ជាញឹកញាប់ អ្នកមិនបានកើតមានជំងឺ ឬរបួសភ្នែកណាមួយដែលអាចបណ្តាលឱ្យមានជំងឺដុំលើភ្នាសពាសកែវភ្នែកនោះទេ។ ទោះជាយ៉ាងណា អ្នកជំងឺជំងឺដុំលើភ្នាសពាសកែវភ្នែកជារឿយៗតែងតែញីភ្នែករបស់ពួកគេ ដែលសកម្មភាពនេះអាចជម្រុញឱ្យការវិវឌ្ឍនៃជំងឺកាន់តែលឿនជាងមុន។

កត្តាហានិភ័យ

កត្តាដូចខាងក្រោមនេះអាចបង្កើនហានិភ័យនៃការកើតជំងឺដុំលើភ្នាសពាសកែវភ្នែករបស់អ្នក៖

  • មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺដុំលើភ្នាសពាសកែវភ្នែក
  • ការញីភ្នែកខ្លាំងៗ ឬញឹកញាប់
  • មានជំងឺប្រចាំកាយមួយចំនួន ដូចជា ជំងឺហឺត ជំងឺផ្តាសាយអាឡែស៊ី ជំងឺរលាកស្រទាប់បាតភ្នែក រោគសញ្ញាដោន រោគសញ្ញាអេលឡឺស-ដានឡូស (Ehlers-Danlos syndrome) និងរោគសញ្ញាម៉ាហ្វាន (Marfan syndrome)

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យជំនាញខាងភ្នែករបស់អ្នកនឹងធ្វើការពិនិត្យភ្នែក ព្រមទាំងពិនិត្យឡើងវិញនូវប្រវត្តិវេជ្ជសាស្ត្រ និងប្រវត្តិគ្រួសាររបស់អ្នក ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដុំលើភ្នាសពាសកែវភ្នែក។ ដើម្បីស្វែងយល់បន្ថែមអំពីទម្រង់នៃកែវភ្នែករបស់អ្នក ការធ្វើតេស្តបន្ថែមជាច្រើនអាចនឹងត្រូវអនុវត្ត។ សម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺដុំលើភ្នាសពាសកែវភ្នែក តេស្តទាំងនោះរួមមាន៖

  • ការវាស់ចំណាំងភ្នែក៖ ឧបករណ៍ជំនាញត្រូវបានប្រើប្រាស់នៅក្នុងការធ្វើតេស្តនេះដើម្បីវាស់ចក្ខុវិញ្ញាណ (កម្រិតមើលឃើញ) របស់អ្នក។ អ្នកអាចនឹងត្រូវតម្រូវឱ្យមើលឆ្លងកាត់ឧបករណ៍ ផូរ៉ុបធ័រ (phoropter) ដែលជាឧបករណ៍មានកង់ហ្វ្រាំងផ្ទុកឡែនជាច្រើនប្រភេទ។ ឧបករណ៍នេះជួយក្នុងការកំណត់ថាតើការផ្សំឡែនមួយណាដែលអាចផ្តល់នូវការមើលឃើញច្បាស់បំផុត។ ដើម្បីពិនិត្យភ្នែក គ្រូពេទ្យខ្លះក៏អាចប្រើប្រាស់ឧបករណ៍ចល័តមួយប្រភេទហៅថា រ៉េទីណូស្កុប (retinoscope) ផងដែរ
  • ការពិនិត្យដោយម៉ាស៊ីនឆ្លុះ Slit-lamp៖ នៅក្នុងការធ្វើតេស្តនេះ ផ្ទៃខាងលើនៃភ្នែកនឹងត្រូវប៉ះពាល់នឹងធ្នឹមពន្លឺបញ្ឈរ ហើយភ្នែកនឹងត្រូវពិនិត្យក្រោមមីក្រូទស្សន៍កម្រិតទាប។ គ្រូពេទ្យភ្នែកនឹងវាយតម្លៃទម្រង់នៃកែវភ្នែករបស់អ្នក និងស្វែងរកបញ្ហាផ្សេងៗទៀតដែលអាចមាននៅក្នុងភ្នែក
  • ការវាស់ភាពកោងកែវភ្នែក (Keratometry)៖ ការពិនិត្យនេះរួមបញ្ចូលទាំងការបញ្ចាំងធ្នឹមពន្លឺជារង្វង់ទៅលើកែវភ្នែក និងវាយតម្លៃលើចំណាំងផ្លាត ដែលជួយកំណត់រូបរាងមូលដ្ឋាននៃកែវភ្នែក
  • ការបង្កើតប្លង់កែវភ្នែកដោយកុំព្យូទ័រ (Computerized corneal mapping)៖ ការពិនិត្យថតរូបភាពជាក់លាក់ ដូចជាការថតស្រទាប់កែវភ្នែក និងការថតរូបសណ្ឋានកែវភ្នែក នឹងផ្តិតយករូបភាពដើម្បីបង្កើតជាប្លង់ទម្រង់ដ៏លម្អិតនៃកែវភ្នែក។ កម្រាស់នៃកែវភ្នែកក៏អាចត្រូវបានកំណត់ដោយការថតស្រទាប់កែវភ្នែកផងដែរ។ ជាញឹកញាប់ ការធ្វើតេស្តប្រភេទនេះអាចកំណត់រកសញ្ញានៃជំងឺដុំលើភ្នាសពាសកែវភ្នែកតាំងពីដំណាក់កាលដំបូងៗ មុនពេលដែលការពិនិត្យដោយម៉ាស៊ីន Slit-lamp អាចរកឃើញស្ថានភាពជំងឺនេះទៅទៀត

ការព្យាបាល

ដំណើរការនៃការដោះស្រាយព្យាបាលសម្រាប់ជំងឺដុំលើភ្នាសពាសកែវភ្នែក គឺត្រូវបានកំណត់ដោយផ្អែកលើកម្រិតធ្ងន់ធ្ងរនៃជំងឺ និងល្បឿននៃការវិវឌ្ឍរបស់វា។ ជាទូទៅ មានវិធីសាស្ត្រពីរយ៉ាងក្នុងការដោះស្រាយជំងឺដុំលើភ្នាសពាសកែវភ្នែក គឺ ការពន្យារការវិវឌ្ឍនៃជំងឺ និងការបង្កើនសមត្ថភាពនៃការមើលឃើញ។

បច្ចេកទេសតភ្ជាប់ខូឡាជែនកែវភ្នែក (Corneal collagen cross-linking) អាចនឹងចាំបាច់ដើម្បីទប់ស្កាត់ ឬបញ្ឈប់ការដុនដាបនៃជំងឺដុំលើភ្នាសពាសកែវភ្នែក ប្រសិនបើវាដំឡើងរាលដាល។ គោលដៅនៃការព្យាបាលនេះគឺដើម្បីរក្សាលំនឹងរចនាសម្ព័ន្ធរបស់កែវភ្នែក។ វាអាចកាត់បន្ថយការលយចេញនៃកែវភ្នែក និងបង្កើនការមើលឃើញនៅពេលពាក់កែវឡែន ឬវែនតា។ បន្ថែមពីនេះ ការព្យាបាលនេះអាចការពារអ្នកមិនឱ្យឈានទៅដល់ការទាមទារវះកាត់ប្តូរកែវភ្នែក។

កម្រិតនៃជំងឺដុំលើភ្នាសពាសកែវភ្នែកជាអ្នកកំណត់ថា តើចក្ខុវិញ្ញាណអាចត្រូវបានកែលម្អឱ្យប្រសើរឡើងបានកម្រិតណា។ កែវឡែន ឬវែនតាអាចត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយជំងឺដុំលើភ្នាសពាសកែវភ្នែកកម្រិតស្រាលទៅមធ្យម។ នេះប្រហែលជាដំណើរការរយៈពេលវែង ជាពិសេសប្រសិនបើបច្ចេកទេសតភ្ជាប់ (cross-linking) ឬពេលវេលាជួយឱ្យកែវភ្នែកមានលំនឹង។

ក្នុងករណីខ្លះនៃជំងឺដុំលើភ្នាសពាសកែវភ្នែកដំណាក់កាលធ្ងន់ធ្ងរ កែវភ្នែកនឹងក្លាយទៅជាស្លាកស្នាម។ សម្រាប់មនុស្សមួយចំនួន វាក្លាយជាការលំបាកក្នុងការកែច្នៃពាក់កែវឡែន។ សម្រាប់បុគ្គលទាំងនេះ ការវះកាត់ប្តូរកែវភ្នែកអាចនឹងចាំបាច់។

ប្រភេទកែវឡែន

  • វែនតា ឬកែវឡែនបន្ទន់៖ ក្នុងដំណាក់កាលដំបូងនៃជំងឺដុំលើភ្នាសពាសកែវភ្នែក ការមើលឃើញខុសទម្រង់ ឬស្រពិចស្រពិលអាចកែតម្រូវបានដោយប្រើវែនតា ឬកែវឡែនបន្ទន់។ ទោះជាយ៉ាងណា នៅពេលដែលភាពកោងនៃកែវភ្នែករបស់ពួកគេផ្លាស់ប្តូរ មនុស្សជារឿយៗត្រូវការកែសម្រួលលេខវែនតា ឬកែវឡែនរបស់ពួកគេញឹកញាប់
  • កែវឡែនរឹង (Hard contact lenses)៖ នៅពេលព្យាបាលករណីជំងឺដុំលើភ្នាសពាសកែវភ្នែកដែលវិវឌ្ឍកាន់តែខ្លាំង កែវឡែនរឹងជារឿយៗជាជំហានបន្ទាប់។ ឡែនរឹងដែលអាចជ្រាបឧស្ម័នបាន (Gas permeable, rigid lenses) គឺជាឧទាហរណ៍នៃឡែនរឹង។ ទោះបីជាមនុស្សជាច្រើនមានអារម្មណ៍រមាស់រំខាននៅពេលពាក់ឡែនរឹងដំបូងៗ ប៉ុន្តែជាទូទៅពួកគេនឹងស៊ាំទៅតាមពេលវេលា និងទទួលបានការមើលឃើញដ៏ល្អប្រសើរ។ កែវភ្នែករបស់អ្នកអាចត្រូវបានវាស់ដើម្បីបំពាក់ឡែនប្រភេទនេះ
  • កែវឡែនត្រួតគ្នា៖ គ្រូពេទ្យភ្នែករបស់អ្នកអាចណែនាំឱ្យប្រើវិធី «ត្រួតគ្នា» ដោយដាក់កែវឡែនរឹងពីលើកែវឡែនបន្ទន់ ប្រសិនបើឡែនរឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងភ្នែក
  • កែវឡែនកូនកាត់ (Hybrid lenses)៖ ដើម្បីបង្កើនភាពស្រណុកសុខស្រួល កែវឡែនទាំងនេះរួមបញ្ចូលនូវរង្វង់ខាងក្រៅដែលមានលក្ខណៈទន់ជាង ព័ទ្ធជុំវិញផ្នែកកណ្តាលដែលរឹង។ កែវឡែនកូនកាត់អាចត្រូវបានជ្រើសរើសដោយអ្នកដែលមិនអាចពាក់កែវឡែនរឹងបាន
  • កែវឡែនគ្របស្បែកសនៃភ្នែក (Scleral lenses)៖ នៅពេលដែលអ្នកមានជំងឺដុំលើភ្នាសពាសកែវភ្នែកដំណាក់កាលធ្ងន់ធ្ងរ ឡែនទាំងនេះអាចជួយដល់ការប្រែប្រួលទម្រង់មិនប្រក្រតីខ្លាំងនៃកែវភ្នែក។ ឡែនប្រភេទ Scleral lenses នេះស្ថិតនៅលើផ្នែកពណ៌សនៃភ្នែក ដែលហៅថា ស្បែកសនៃភ្នែក (sclera) ហើយវាគ្របពីលើកែវភ្នែកដោយមិនប៉ះពាល់វាឡើយ ដែលខុសពីកែវឡែនធម្មតាដែលដាក់នៅសម្រាកលើកែវភ្នែកផ្ទាល់

សូមប្រាកដថាគ្រូពេទ្យភ្នែកដែលបំពាក់កែវឡែនរឹង ឬឡែន Scleral ឱ្យអ្នក មានបទពិសោធន៍ក្នុងការដោះស្រាយជំងឺដុំលើភ្នាសពាសកែវភ្នែក។ បន្ថែមពីនេះ ដើម្បីធានាថាឡែននៅតែសមស្របល្អ អ្នកត្រូវទៅពិនិត្យភ្នែកជាទៀងទាត់។ ឡែនដែលមិនសមស្របល្អអាចបង្កឱ្យមានរបួសកែវភ្នែក។

ការព្យាបាលដោយចលនា/ឱសថ

  • ការតភ្ជាប់ខូឡាជែនកែវភ្នែក (Corneal cross-linking)៖ ក្នុងអំឡុងពេលដំណើរការនេះ ពន្លឺកាំរស្មីយូវី (UV light) និងថ្នាំបន្តក់ភ្នែករីបូហ្វ្លាវីន (riboflavin) ត្រូវបានអនុវត្តទៅលើកែវភ្នែក។ វានឹងបង្កើតឱ្យមានការតភ្ជាប់គ្នានៃកែវភ្នែក ធ្វើឱ្យកែវភ្នែករឹងមាំដើម្បីទប់ស្កាត់ការប្រែប្រួលរូបរាងបន្ថែមទៀត។ តាមរយៈការរក្សាលំនឹងកែវភ្នែកនៅដំណាក់កាលដំបូងនៃជំងឺ ការតភ្ជាប់ខូឡាជែនកែវភ្នែកអាចជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ចក្ខុវិញ្ញាណជាលំដាប់

ការវះកាត់

ប្រសិនបើអ្នកមិនអាចពាក់កែវឡែនប្រភេទណាមួយបាន មានសភាពស្តើងខ្លាំងនៃកែវភ្នែក មានការមើលឃើញខ្សោយទោះបីជាប្រើឡែនកម្រិតខ្លាំងបំផុត ឬមានស្លាកស្នាមកែវភ្នែក អ្នកអាចនឹងទាមទារឱ្យមានការវះកាត់។ នីតិវិធីវះកាត់ដូចខាងក្រោមនេះអាចរកបាន អាស្រ័យលើទីតាំងនៃកោណដែលលយចេញ និងកម្រិតធ្ងន់ធ្ងរនៃស្ថានភាពរបស់អ្នក៖

  • ការដាក់កង់រង្វង់សិប្បនិម្មិតក្នុងស្រទាប់កែវភ្នែក (Intrastromal Corneal Ring Segments – ICRS)៖ សម្រាប់ជំងឺដុំលើភ្នាសពាសកែវភ្នែកកម្រិតស្រាលទៅមធ្យម គ្រូពេទ្យភ្នែកអាចណែនាំឱ្យដាក់កង់រង្វង់សិប្បនិម្មិតតូចៗទៅក្នុងកែវភ្នែករបស់អ្នក។ តាមរយៈការជួយធ្វើឱ្យកែវភ្នែករាបស្មើ នីតិវិធីនេះអាចបង្កើនការមើលឃើញ និងសម្រួលដល់ការបំពាក់កែវឡែនឱ្យបានកាន់តែប្រសើរ។ ដំណើរការនេះជួនកាលត្រូវបានប្រើប្រាស់រួមគ្នាជាមួយការតភ្ជាប់ខូឡាជែនកែវភ្នែក
  • ការវះកាត់ប្តូរកែវភ្នែក (Cornea transplant / keratoplasty)៖ អ្នកប្រហែលជាត្រូវការការវះកាត់ប្តូរកែវភ្នែក ប្រសិនបើអ្នកមានសភាពស្តើងធ្ងន់ធ្ងរ ឬមានស្លាកស្នាមកែវភ្នែក។ គ្រូពេទ្យភ្នែកអាចណែនាំឱ្យផ្លាស់ប្តូរទាំងស្រុង ឬមួយផ្នែកនៃកែវភ្នែករបស់អ្នកជាមួយនឹងជាលិកាអ្នកបរិច្ចាគដែលមានសុខភាពល្អ អាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នក

ការវះកាត់ប្តូរកែវភ្នែកសម្រាប់ជំងឺដុំលើភ្នាសពាសកែវភ្នែក ជាទូទៅទទួលបានលទ្ធផលល្អឥតខ្ចោះ។ ទោះជាយ៉ាងណា ផលវិបាកដែលអាចកើតមានមានដូចជា ការមិនទទួលយកជាលិកាថ្មី ការឆ្លងមេរោគ ជំងឺភ្នែកឡើងបាយ/ព្រិល និងការមើលឃើញខ្សោយ។ ការពាក់កែវឡែនរឹងឡើងវិញ ជារឿយៗជាជម្រើសសម្រាប់គ្រប់គ្រងជំងឺភ្នែកព្រិលបន្ទាប់ពីការវះកាត់ប្តូរកែវភ្នែក។

Doctors who treat this condition