រោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត

ទិដ្ឋភាពទូទៅ

រោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត (HLHS) គឺជាពិការភាពបេះដូងដែលកើតមានឡើងតាំងពីចាប់កំណើត។ នៅក្នុងបេះដូងធម្មតា ផ្នែកសងខាងនីមួយៗមានមុខងាររៀងៗខ្លួន។ បេះដូងផ្នែកខាងស្តាំមានតួនាទីដឹកនាំឈាមដែលខ្វះអុកស៊ីសែនទៅកាន់សួត ខណៈពេលដែលបេះដូងផ្នែកខាងឆ្វេងដឹកនាំឈាមដែលមានផ្ទុកអុកស៊ីសែនខ្ពស់ទៅចិញ្ចឹមរាងកាយ។ រោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត គឺជាស្ថានភាពមួយដែលបេះដូងផ្នែកខាងឆ្វេងមិនបានលូតលាស់ពេញលេញ ឬគ្រប់គ្រាន់ ដើម្បីច្របាច់ឈាមទៅផ្គត់ផ្គង់តម្រូវការរបស់រាងកាយនោះឡើយ។ ជាលទ្ធផល ថតបេះដូងខាងក្រោមផ្នែកខាងស្តាំ ត្រូវទទួលរ៉ាប់រងមុខងារជំនួសក្នុងការច្របាច់ឈាមទៅកាន់ទាំងសួត និងទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។ ដើម្បីធ្វើកិច្ចការនេះបាន រាងកាយត្រូវពឹងផ្អែកលើសរសៃឈាមតភ្ជាប់មួយដែលគេហៅថា ឌុកទូស អាតេណូស៊ុស (Ductus arteriosus)។ ការគ្រប់គ្រង និងព្យាបាលរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត រួមបញ្ចូលទាំងការផ្តល់ឱសថដើម្បីការពារកុំឱ្យបិទសរសៃឈាមតភ្ជាប់ Ductus arteriosus ដែលជាផ្លូវតភ្ជាប់រវាងបេះដូងផ្នែកខាងឆ្វេង និងខាងស្តាំ។ បន្ថែមពីនេះ វាក៏ទាមទារឱ្យមានការវះកាត់កែតម្រូវ ឬការប្តូរបេះដូងផងដែរ។ ជាភ័ព្វសំណាង ជាមួយនឹងវឌ្ឍនភាពនៃការថែទាំវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន លទ្ធផលនៃការរស់រានមានជីវិត និងការព្យាករណ៍រោគ ចំពោះទារកដែលកើតមកមានស្ថានភាពជំងឺនេះ បានឈានឡើងល្អប្រសើរជាងមុនយ៉ាងខ្លាំង។

រោគសញ្ញា

ទារកទើបនឹងកើតដែលមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត មិនមែនតែងតែស្តែងចេញរោគសញ្ញាភ្លាមៗនោះទេ។ ផ្ទុយទៅវិញ រោគសញ្ញាអាចនឹងវិវត្តឡើងក្នុងរយៈពេលពីរបីម៉ោង ឬពីរបីថ្ងៃក្រោយសម្រាល។ រោគសញ្ញាទាំងនោះរួមមាន៖

  • ស្បែកឡើងស្វាយ ឬការប្រែពណ៌ស្បែក បបូរមាត់ និងក្រចក ទៅជាពណ៌ខៀវស្រងាត់ ឬប្រផេះ
  • ពិបាកដកដង្ហើម
  • បេះដូងលោតញាប់ខ្លាំង
  • ពិបាកបៅ ឬញ៉ាំអាហារ
  • ត្រជាក់ជើងដៃ និងចេញញើសដៃជើង
  • ជីពចរខ្សោយ
  • អស់កម្លាំង ល្ហិតល្ហៃ ឬងងុយដេកខ្លាំង

ចំពោះទារកដែលមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត ការបិទជិតនៃផ្លូវតភ្ជាប់ធម្មជាតិនានារវាងបេះដូងផ្នែកខាងឆ្វេង និងខាងស្តាំ (ជាពិសេសគឺប្រហោង Foramen ovale និងសរសៃឈាម Ductus arteriosus) អំឡុងពេលប៉ុន្មានថ្ងៃដំបូងនៃជីវិត អាចបណ្តាលឱ្យទារកធ្លាក់ចូលក្នុងស្ថានភាពដួលសន្លប់ បាត់បង់ឈាមទៅចិញ្ចឹមរាងកាយធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិត។

ទារកទើបនឹងកើតដែលជួបប្រទះស្ថានភាព Shock អាចនឹងបាត់បង់ស្មារតី ឬនៅមានស្មារតី ហើយរោគសញ្ញាទូទៅរួមមាន៖

  • ស្បែកត្រជាក់ និងសើមជោក ដែលអាចមានសភាពស្លេកស្លាំង ឬបបូរមាត់ឡើងពណ៌ខៀវប្រផេះ
  • ជីពចរលោតលឿនខ្លាំង និងខ្សោយស្ទើរតែស្ទាបមិនដឹង
  • ដកដង្ហើមយឺតៗ និងស្រាលៗ ឬដកដង្ហើមញាប់ខ្លាំង
  • កែវភ្នែកស្រអាប់ និងសម្លឹងធ្លីងទៅមុខ

ជាទូទៅ រោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញលើទារកតាំងពីនៅក្នុងផ្ទៃ (មុនសម្រាល) ឬភ្លាមៗក្រោយសម្រាល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតឃើញសញ្ញាណាមួយនៃស្ថានភាពជំងឺនេះលើទារករបស់អ្នក សូមស្វែងរកជំនួយវេជ្ជសាស្ត្រជាបន្ទាន់។ ក្នុងករណីដែលអ្នកសង្ស័យថាទារករបស់អ្នកកំពុងជួបប្រទះស្ថានភាព Shock សូមកុំបង្អង់យូរ ហើយប្រញាប់ទាក់ទងទៅកាន់លេខទូរស័ព្ទសង្គ្រោះបន្ទាន់នៅក្នុងតំបន់របស់អ្នកភ្លាមៗ។

​​ មូលហេតុ

ក្នុងករណីជាច្រើន មូលហេតុពិតប្រាកដដែលនាំឱ្យកើតរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត គឺមិនត្រូវបានដឹងច្បាស់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការប្រែប្រួលហ្សែនមួយចំនួន អាចបង្កើនលទ្ធភាពនៃការវិវត្តទៅជាស្ថានភាពជំងឺនេះចំពោះទារក។ ហ្សែន GJA1 និង NKX2-5 គឺជាឧទាហរណ៍នៃការប្រែប្រួលហ្សែនទាំងនោះ។ បន្ថែមពីនេះ ទារកដែលមានបញ្ហាមិនប្រក្រតីនៃក្រូម៉ូសូម ឬហ្សែនពីកំណើត ដូចជារោគសញ្ញាទើបណឺ (Turner syndrome) ឬទ្រីសូមី១៨ (Trisomy 18) ក៏អាចប្រឈមនឹងហានិភ័យខ្ពស់ក្នុងការវិវត្តទៅជារោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើតផងដែរ។

កត្តាហានិភ័យ

ការមានកូនម្នាក់ដែលមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត គឺបង្កើនលទ្ធភាពក្នុងការទទួលបានកូនម្នាក់ទៀតដែលមានស្ថានភាពជំងឺដូចគ្នានេះ ឬជំងឺបេះដូងដែលពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែក្រៅពីកត្តានេះ គឺមិនទាន់មានកត្តាហានិភ័យផ្សេងទៀតណាមួយត្រូវបានរកឃើញចំពោះរោគសញ្ញានេះនៅឡើយទេ។

ការធ្វើរោគវិនិច្ឆ័យ

  • មុនពេលសម្រាល៖ រោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត អាចត្រូវបានរកឃើញនៅលើគភ៌ដែលកំពុងលូតលាស់ តាមរយៈការពិនិត្យអេកូ ជាប្រចាំអំឡុងពេលត្រីមាសទីពីរនៃការមានផ្ទៃពោះ។ គ្រូពេទ្យជំនាញប្រើប្រាស់បច្ចេកទេសថតរូបភាពវេជ្ជសាស្ត្រដែលមិនប៉ះពាល់ដល់រាងកាយ ដូចជា អេកូទូទៅ និងការថតអេកូបេះដូងគភ៌ ដើម្បីវាយតម្លៃស្ថានភាពបេះដូងរបស់ទារកតាំងពីមុនសម្រាល ដោយមិនបង្កការរំខាន ឬការឈឺចាប់ណាមួយដល់មាតា និងគភ៌ឡើយ
  • ក្រោយពេលសម្រាល៖ ប្រសិនបើទារកកើតមកមានបបូរមាត់ឡើងពណ៌ខៀវប្រផេះ ឬមានការពិបាកដកដង្ហើម វាអាចជាសញ្ញាបង្ហាញពីពិការភាពបេះដូង ដូចជារោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើតនេះឯង។ ដើម្បីកំណត់ឱ្យដឹងច្បាស់ ការតេស្តមួយចំនួនអាចនឹងត្រូវយកមកអនុវត្ត រួមមាន៖
    • ការពិនិត្យរាងកាយ៖ អំឡុងពេលពិនិត្យ គ្រូពេទ្យនឹងស្វែងរកសញ្ញាផ្សេងទៀតនៃបញ្ហាបេះដូង ដូចជា សំឡេងបេះដូងខុសប្រក្រតី ដែលជាសំឡេងអាចស្តាប់ឮតាមរយៈឧបករណ៍ស្តាប់ បង្កឡើងដោយលំហូរឈាមដែលបុកខ្លាំង
    • ការថតអេកូបេះដូង៖ ការតេស្តរោគវិនិច្ឆ័យនេះប្រើប្រាស់រលកសំឡេង ដើម្បីបង្កើតជារូបភាពចលនានៃបេះដូងទារកនៅលើអេក្រង់វីដេអូ។ សម្រាប់ទារកដែលមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត ការថតអេកូបេះដូងនឹងបង្ហាញឱ្យឃើញនូវថតបេះដូងខាងក្រោមផ្នែកខាងឆ្វេង និងសរសៃឈាមអាកទែរធំ មានទំហំតូចខុសធម្មតា ព្រមទាំងបង្ហាញពីបញ្ហានៅត្រង់វ៉ាល់បេះដូង (ក្បាលបិទបើកបេះដូង) ផងដែរ។ បន្ថែមពីនេះ វាក៏អាចតាមដានលំហូរឈាម និងកំណត់រកបញ្ហាបេះដូងផ្សេងទៀត ដូចជាប្រហោងថតបេះដូងខាងលើបានផងដែរ
    • ការថតកាំរស្មីអ៊ិចទ្រូង៖ ការតេស្តនេះជួយបង្ហាញឱ្យឃើញពីទំហំ និងទម្រង់រូបរាងនៃបេះដូង និងសួតរបស់ទារក
    • ការវាស់ចរន្តអគ្គិសនីបេះដូង (EKG/ECG)៖ ការតេស្តនេះវាស់វែងការប្រែប្រួលនៃចរន្តអគ្គិសនីអំឡុងពេលបេះដូងលោត
    • ការពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម៖ ការតេស្តនេះអាចកំណត់ដឹងពីកម្រិតអុកស៊ីសែននៅក្នុងចរន្តឈាមរបស់ទារក

ការតេស្តទាំងនេះអាចជួយឱ្យគ្រូពេទ្យសម្គាល់ និងធ្វើរោគវិនិច្ឆ័យបញ្ហាបេះដូងដែលអាចកើតមានលើទារកទើបនឹងកើត និងអាចចាត់វិធានការសមស្របដើម្បីព្យាបាលពួកគេ។

ការព្យាបាល

ជម្រើសនៃការព្យាបាលសម្រាប់រោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត រួមមាននីតិវិធីវះកាត់ ឬការប្តូរបេះដូងដែលនឹងត្រូវពិភាក្សាជាមួយគ្រូពេទ្យព្យាបាលរបស់កុមារ។ ប្រសិនបើស្ថានភាពជំងឺនេះត្រូវបានរកឃើញអំឡុងពេលមានផ្ទៃពោះ វាជាការប្រសើរណាស់ក្នុងការសម្រាលកូននៅមន្ទីរពេទ្យដែលមានមជ្ឈមណ្ឌលវះកាត់បេះដូង។

កុមារភាគច្រើនដែលមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត នឹងត្រូវការឱសថបេះដូង និងអន្តរាគមន៍វេជ្ជសាស្ត្រផ្សេងៗទៀត ហើយអាចនឹងតម្រូវឱ្យធ្វើនីតិវិធីព្យាបាលជាបន្តបន្ទាប់តាំងពីអាយុនៅតូចខ្លាំង រួមមាន៖

  • ការប្រើប្រាស់ឱសថ៖ ដើម្បីរក្សាសរសៃឈាមតភ្ជាប់ Ductus arteriosus ឱ្យបើកចំហ និងដំណើរការបានល្អ ឱសថមួយប្រភេទដែលគេស្គាល់ថាជា ប្រូស្តាក្លង់ឌីន (Prostaglandin) ឬ អាល់ប្រូស្តាឌីល (Alprostadil) អាចនឹងត្រូវចេញវេជ្ជបញ្ជា
  • ឧបករណ៍ជំនួយដកដង្ហើម៖ ការគ្រប់គ្រងផ្លូវដង្ហើមដោយប្រើប្រាស់ម៉ាស៊ីនជំនួយដកដង្ហើម អាចជួយដល់ទារកដែលមានការពិបាកដកដង្ហើម
  • ការផ្តល់សារធាតុរាវតាមសរសៃឈាម៖ ទារកអាចនឹងទទួលបានការផ្តល់សារធាតុរាវ ឬទឹកសេរ៉ូមតាមរយៈកាតេទែរ (Catheter/ទុយោតូច) ដែលត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមវ៉ែន
  • ទុយោផ្តល់អាហារ៖ ប្រសិនបើទារកជួបការពិបាកក្នុងការបៅ ឬអស់កម្លាំងខ្លាំងអំឡុងពេលបៅ ពួកគេអាចទទួលបានសារធាតុចិញ្ចឹមតាមរយៈទុយោផ្តល់អាហារ
  • ការវះកាត់ចោះបើក ឬពង្រីកប្រហោងថតបេះដូងខាងលើ៖ គោលបំណងនៃនីតិវិធីវេជ្ជសាស្ត្រនេះ គឺដើម្បីបង្កើនលំហូរឈាមពីថតបេះដូងខាងលើផ្នែកខាងស្តាំ ទៅកាន់ថតបេះដូងខាងលើផ្នែកខាងឆ្វេង តាមរយៈការបង្កើត ឬពង្រីកប្រហោងតភ្ជាប់នៅចន្លោះថតបេះដូងខាងលើ។ វាត្រូវបានធ្វើឡើងនៅក្នុងករណីដែលប្រហោងធម្មជាតិ Foramen ovale មានទំហំតូចពេក ឬបានបិទជិត។ ទោះជាយ៉ាងណាក៏ដោយ ទារកទើបនឹងកើតដែលមានប្រហោងថតបេះដូងខាងលើស្រាប់ពីកំណើត ប្រហែលជាមិនត្រូវការនីតិវិធីមួយនេះឡើយ

កុមារដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត ជាទូទៅតម្រូវឱ្យធ្វើការវះកាត់ច្រើនដំណាក់កាល ដែលមានគោលបំណងបង្កើតផ្លូវធ្វើដំណើរដាច់ដោយឡែកពីគ្នា សម្រាប់ឈាមដែលមានផ្ទុកអុកស៊ីសែនខ្ពស់ទៅចិញ្ចឹមរាងកាយ និងឈាមដែលខ្វះអុកស៊ីសែនទៅកាន់សួត។ ការវះកាត់ទាំងនេះត្រូវបានអនុវត្តជាបីដំណាក់កាល៖

  • នីតិវិធីណរវូដ (Norwood procedure)៖ ពិការភាពបេះដូងពីកំណើតនេះ ជាទូទៅត្រូវបានព្យាបាលតាមរយៈនីតិវិធីវះកាត់ដែលត្រូវធ្វើឡើងក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៃជីវិតទារក។ មានវិធីសាស្ត្រខុសៗគ្នាក្នុងការអនុវត្តការវះកាត់មួយនេះ។ ក្រុមគ្រូពេទ្យវះកាត់នឹងធ្វើការកែច្នៃសរសៃឈាមអាកទែរធំឡើងវិញ រួចតភ្ជាប់វាទៅនឹងថតបេះដូងខាងក្រោមផ្នែកខាងស្តាំ។ ពួកគាត់អាចនឹងបញ្ចូលបំពង់តភ្ជាប់តូចមួយ (Shunt) ដើម្បីតភ្ជាប់សរសៃឈាមអាកទែរធំទៅនឹងសរសៃឈាមអាកទែរសួត ឬពួកគាត់អាចបង្កើតការតភ្ជាប់ដោយផ្ទាល់រវាងថតបេះដូងខាងក្រោមផ្នែកខាងស្តាំ និងសរសៃឈាមអាកទែរសួត។ វិធីសាស្ត្រនេះនឹងជួយឱ្យថតបេះដូងខាងក្រោមផ្នែកខាងស្តាំមានលទ្ធភាពច្របាច់ឈាមទៅកាន់ទាំងសួត និងទៅកាន់រាងកាយទាំងមូលបាន។

ជួនកាល នីតិវិធីចម្រុះ គឺជារឿងចាំបាច់។ វិធីនេះអាចរួមបញ្ចូលទាំងការដាក់បញ្ចូល Stent ទៅក្នុងសរសៃឈាម Ductus arteriosus ដើម្បីរក្សាផ្លូវតភ្ជាប់រវាងសរសៃឈាមអាកទែរសួត និងសរសៃឈាមអាកទែរធំឱ្យបើកចំហ។ បន្ថែមពីនេះ ខ្សែចងអាចនឹងត្រូវដាក់នៅជុំវិញសរសៃឈាមអាកទែរសួត ដើម្បីកាត់បន្ថយលំហូរឈាមទៅកាន់សួត និងបង្កើតឱ្យមានប្រហោងរវាងថតបេះដូងខាងលើផងដែរ។

បន្ទាប់ពីនីតិវិធី Norwood រួចរាល់ ស្បែករបស់ទារកនៅតែអាចមានសភាពប្រែពណ៌ (ខៀវស្រងាត់) នៅឡើយ ដោយសារតែមានការលាយឡំគ្នារវាងឈាមដែលមានអុកស៊ីសែនខ្ពស់ និងឈាមដែលខ្វះអុកស៊ីសែននៅក្នុងបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ការទទួលបានជោគជ័យនៅក្នុងដំណាក់កាលនៃការព្យាបាលមួយនេះ អាចបង្កើនឱកាសរស់រានមានជីវិតរបស់ទារកបានយ៉ាងច្រើន។

  • នីតិវិធីគ្លែនពីសទិសដៅ (Bidirectional Glenn procedure)៖ ការវះកាត់ដំណាក់កាលទីពីរនេះ ជាធម្មតាត្រូវបានអនុវត្តលើទារកដែលមានអាយុចន្លោះពី ៣ ទៅ ៦ ខែ។ អំឡុងពេលនីតិវិធីនេះ បំពង់តភ្ជាប់ (Shunt) ដែលបានដាក់ក្នុងដំណាក់កាលដំបូងនឹងត្រូវយកចេញ ហើយការតភ្ជាប់ថ្មីមួយនឹងត្រូវធ្វើឡើងរវាងសរសៃឈាមអាកទែរសួត និងសរសៃឈាមវ៉ែនធំដែលនាំឈាមត្រឡប់មកបេះដូងវិញ ដែលគេស្គាល់ថាជា សរសៃឈាមវ៉ែនធំផ្នែកខាងលើ។ ប្រសិនបើនីតិវិធី Hybrid ត្រូវបានធ្វើឡើងពីមុនមក នោះជំហានបន្ថែមមួយចំនួននឹងត្រូវអនុវត្តបន្ថែមអំឡុងពេលវះកាត់នេះ។

តាមរយៈការបង្កើតការតភ្ជាប់បែបនេះ បន្ទុកការងាររបស់ថតបេះដូងខាងក្រោមផ្នែកខាងស្តាំនឹងត្រូវកាត់បន្ថយ ព្រោះវាទទួលខុសត្រូវជាចម្បងតែលើការច្របាច់ឈាមទៅកាន់សរសៃឈាមអាកទែរធំប៉ុណ្ណោះ។ លើសពីនេះ វាក៏អនុញ្ញាតឱ្យឈាមដែលខ្វះអុកស៊ីសែនភាគច្រើនពីរាងកាយ ហូរដោយផ្ទាល់ទៅកាន់សួតដោយមិនចាំបាច់ឆ្លងកាត់ការច្របាច់ពីបេះដូងឡើយ។

នៅពេលដែលនីតិវិធីនេះត្រូវបានបញ្ចប់ ឈាមពីពាក់កណ្តាលរាងកាយផ្នែកខាងលើនឹងត្រូវបញ្ជូនទៅកាន់សួត ដែលធ្វើឱ្យឈាមសម្បូរអុកស៊ីសែនអាចត្រូវបានច្របាច់ទៅកាន់សរសៃឈាមអាកទែរធំ ដើម្បីផ្គត់ផ្គង់ដល់សរីរាង្គ និងលិកានានានៅទូទាំងរាងកាយ។

  • នីតិវិធីហ្វុងតង់ (Fontan procedure)៖ ការវះកាត់នេះជាទូទៅត្រូវបានអនុវត្តលើកុមារតូចៗដែលមានអាយុចន្លោះពី ១៨ ខែ ទៅ ៤ ឆ្នាំ។ អំឡុងពេលនីតិវិធីនេះ ផ្លូវធ្វើដំណើរថ្មីមួយត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យឈាមដែលខ្វះអុកស៊ីសែន ហូរចេញពីសរសៃឈាមធំមួយដែលនាំឈាមត្រឡប់មកបេះដូងវិញ គឺសរសៃឈាមវ៉ែនធំផ្នែកខាងក្រោម (Inferior vena cava) ចូលទៅកាន់សរសៃឈាមអាកទែរសួតដោយផ្ទាល់។ បន្ទាប់មក សរសៃឈាមអាកទែរទាំងនេះនឹងដឹកជញ្ជូនឈាមនោះទៅកាន់សួត។

នីតិវិធី Fontan ធានាថាឈាមដែលខ្វះអុកស៊ីសែនដែលនៅសេសសល់ត្រឡប់មកពីរាងកាយ អាចហូរទៅកាន់សួតបានដោយមិនបាច់លាយឡំជាមួយនឹងឈាមសម្បូរអុកស៊ីសែននៅក្នុងបេះដូងនោះឡើយ។ ជាលទ្ធផលនៃការវះកាត់នេះ អាការៈប្រែពណ៌ស្បែក (ខៀវស្វាយ) របស់កុមារនឹងត្រូវបានបំបាត់អស់។

  • ការប្តូរបេះដូង៖ ការប្តូរបេះដូង គឺជាជម្រើសវះកាត់ជំនួសមួយដែលអាចយកមកពិចារណាបាន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែចំនួនបេះដូងដែលត្រូវបរិច្ចាគសម្រាប់ធ្វើការប្តូរមានកម្រិត ជម្រើសមួយនេះមិនសូវត្រូវបានប្រើប្រាស់ញឹកញាប់នោះទេ។ សម្រាប់កុមារដែលទទួលបានការប្តូរបេះដូង ពួកគេនឹងត្រូវលេបថ្នាំអស់មួយជីវិត ដើម្បីការពារកុំឱ្យរាងកាយប្រឆាំង ឬបដិសេធបេះដូងដែលបានបរិច្ចាគនោះ។
  • ការថែទាំតាមដានបន្ត្៖ បន្ទាប់ពីការវះកាត់ ឬការប្តូរបេះដូងរួច ទារកដែលមានជំងឺបេះដូងពីកំណើតទាមទារឱ្យមានការថែទាំជាបន្តបន្ទាប់ពីគ្រូពេទ្យឯកទេសបេះដូងអស់មួយជីវិត។ ពួកគេអាចនឹងត្រូវការឱសថដើម្បីរក្សាមុខងារបេះដូង ហើយការព្យាបាល ឬការប្រើប្រាស់ឱសថបន្ថែមអាចជារឿងចាំបាច់ ប្រសិនបើមានផលវិបាកណាមួយកើតឡើងនាពេលអនាគត។

ឱសថប្រឆាំងមេរោគ អាចនឹងត្រូវទាមទារឱ្យប្រើប្រាស់មុនពេលធ្វើការវះកាត់ផ្សេងៗទៀត ដូចជានីតិវិធីព្យាបាលធ្មេញជាដើម។ ឱសថទាំងនេះជួយកាត់បន្ថយហានិភ័យនៃជំងឺរលាកស្រទាប់ខាងក្នុងបេះដូង ដែលជាការឆ្លងមេរោគនៅក្នុងបេះដូង។ កុមារខ្លះក៏អាចនឹងត្រូវកាត់បន្ថយសកម្មភាពរាងកាយ ឬការលេងកីឡាខ្លាំងៗផងដែរ។ ផលវិបាកផ្សេងៗអាចនឹងលេចឡើងទៅតាមពេលវេលា ដែលទាមទារឱ្យមានការព្យាបាល ឬការប្រើប្រាស់ឱសថដទៃទៀតបន្ថែម។

  • ការថែទាំតាមដានបន្តសម្រាប់មនុស្សពេញវ័យ៖ មនុស្សពេញវ័យដែលមានជំងឺបេះដូងពីកំណើត តម្រូវឱ្យមានការពិគ្រោះ និងថែទាំពីគ្រូពេទ្យឯកទេសបេះដូងដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ ដើម្បីទទួលបានការថែទាំដ៏ត្រឹមត្រូវ។ ជាមួយនឹងវឌ្ឍនភាពថ្មីៗនៃនីតិវិធីវះកាត់ នាពេលបច្ចុប្បន្នកុមារដែលកើតមកមានរោគសញ្ញាខ្សោយបេះដូងខាងឆ្វេងតាំងពីកំណើត អាចមានលទ្ធភាពរស់រានរហូតដល់វ័យពេញវ័យបាន។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដែលមនុស្សពេញវ័យដែលមានស្ថានភាពជំងឺនេះអាចនឹងជួបប្រទះ គឺមិនទាន់ត្រូវបានស្វែងយល់ដឹងច្បាស់លាស់ទាំងស្រុងនៅឡើយទេ។ ហេតុនេះហើយ ការថែទាំតាមដានជាទៀងទាត់ និងអស់មួយជីវិត គឺជារឿងចាំបាច់បំផុតសម្រាប់មនុស្សពេញវ័យ ដើម្បីតាមដានរាល់ការប្រែប្រួលនៃស្ថានភាពជំងឺរបស់ពួកគេ។

បុគ្គលដែលកំពុងមានផែនការចង់មានផ្ទៃពោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យព្យាបាលរបស់ខ្លួន ដើម្បីពិភាក្សាអំពីហានិភ័យផ្សេងៗដែលផ្សារភ្ជាប់នឹងការមានផ្ទៃពោះ និងជម្រើសនៃការពន្យារកំណើតដែលមានសុវត្ថិភាព។ ការមានស្ថានភាពជំងឺបេះដូងពីកំណើតនេះ គឺបង្កើនលទ្ធភាពនៃការជួបប្រទះបញ្ហាប្រព័ន្ធបេះដូង និងសរសៃឈាមអំឡុងពេលមានផ្ទៃពោះ ការរលូតកូន និងការសម្រាលបានកូនដែលមានជំងឺបេះដូងពីកំណើតផងដែរ។

Doctors who treat this condition