ទិដ្ឋភាពទូទៅ

ការរហែកឆ្អឹងខ្ចីត្រគាក គឺជាបញ្ហាមួយដែលប៉ះពាល់ដល់ស្រទាប់ឆ្អឹងខ្ចីទន់ (Labrum) ដែលមានរាងជាចិញ្ចៀនព័ទ្ធជុំវិញខាងក្រៅនៃរន្ធសន្លាក់ត្រគាក Pres ។ ក្រៅពីជួយការពារសន្លាក់ត្រគាក ឆ្អឹងខ្ចីទន់នេះដើរតួនាទីដូចជាប្រដាប់ទប់ ឬរ៉ងកៅស៊ូ ដើម្បីរក្សាក្បាលឆ្អឹងរាងមូលនៅផ្នែកខាងលើនៃឆ្អឹងភ្លៅឱ្យជាប់ណែននៅក្នុងរន្ធសន្លាក់ត្រគាក។

ការរហែកឆ្អឹងខ្ចីត្រគាក ច្រើនតែកើតមានចំពោះកីឡាករដែលលេងកីឡាមួយចំនួនដូចជា វាយកូនគោលលើទឹកកក (ice hockey) បាល់ទាត់ បាល់ឱប វាយកូនគោល (golf) និងរាំរបាំបាឡេ។ ក្រៅពីនេះ បញ្ហារចនាសម្ព័ន្ធឆ្អឹងត្រគាកខុសប្រក្រតី ក៏អាចបណ្តាលឱ្យមានការរហែកឆ្អឹងខ្ចីត្រគាកនេះផងដែរ។

រោគសញ្ញាសម្គាល់រួមមាន អារម្មណ៍មិនស្រួល ឬភាពរឹងរឹបនៅត្រគាក។ ការរហែកឆ្អឹងខ្ចីត្រគាក អាចព្យាបាលបានតាមរយៈវិធីសាស្ត្រមិនវះកាត់ ឬតាមរយៈការវះកាត់។

រោគសញ្ញា

មនុស្សភាគច្រើនដែលមានការរហែកឆ្អឹងខ្ចីត្រគាក គឺមិនស្តែងចេញនូវសញ្ញា ឬរោគសញ្ញាអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចជួបប្រទះនូវសញ្ញាមួយ ឬច្រើនដូចខាងក្រោម៖

  • ឈឺចាប់ត្រង់ត្រគាក ឬគ្រលៀន ដែលជារឿយៗកាន់តែធ្ងន់ធ្ងរឡើងនៅពេលឈរ អង្គុយ ដើរ ឬលេងកីឡាក្នុងរយៈពេលយូរ
  • មានអារម្មណ៍ដូចជាទើសទាក់ គាំង ឬឮសូរដុកៗ នៅក្នុងសន្លាក់ត្រគាក
  • មានភាពរឹងរឹបក្នុងសន្លាក់ត្រគាក ឬមានកម្រិតក្នុងការធ្វើចលនាជើង
  • មានអារម្មណ៍មិននឹងនរ (រលុងត្រគាក) នៅពេលឈរ

ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ឬមិនមានសភាពធូរស្រាលទាល់តែសោះបន្ទាប់ពីរយៈពេល ៦ សប្តាហ៍ សូមទៅជួបពិភាក្សាជាមួយគ្រូពេទ្យ។

​​ មូលហេតុ

ការរហែកឆ្អឹងខ្ចីត្រគាក អាចបណ្តាលមកពី៖

  • របួសទង្គិច (Trauma)៖ របួស ឬការរបូតសន្លាក់ត្រគាក អាចបណ្តាលឱ្យការរហែកឆ្អឹងខ្ចីត្រគាកបាន ដែលករណីនេះអាចកើតឡើងតាមរយៈគ្រោះថ្នាក់ចរាចរណ៍ ឬអំឡុងពេលលេងកីឡាដែលមានការប៉ះទង្គិចខ្លាំង ដូចជាបាល់ឱប ឬវាយកូនគោលលើទឹកកក
  • បញ្ហារចនាសម្ព័ន្ធឆ្អឹង (Structural problems)៖ មនុស្សមួយចំនួនមានបញ្ហាត្រគាកតាំងពីកំណើត ដែលវាអាចជម្រុញឱ្យសន្លាក់ឆាប់សឹក រហូតដល់ថ្នាក់បង្កជាបណ្តើរៗទៅជាការរហែកឆ្អឹងខ្ចីត្រគាក។ ករណីនេះរាប់បញ្ចូលទាំងការមានរន្ធសន្លាក់ដែលមិនបានគ្របដណ្តប់ទាំងស្រុងលើក្បាលឆ្អឹងភ្លៅខាងលើ (ជំងឺសន្លាក់ត្រគាកខុសប្រក្រតី) ឬការមានរន្ធសន្លាក់ត្រគាករាក់ ដែលបង្កើតជាសម្ពាធបន្ថែមទៅលើឆ្អឹងខ្ចីទន់
  • ការទើសទាក់ឆ្អឹងត្រគាក (FAI)៖ ការដុះឆ្អឹងបន្ថែមខុសធម្មតានៅក្នុងត្រគាក អាចទៅគៀបសង្កត់លើឆ្អឹងខ្ចីទន់ ដែលស្ថានភាពនេះគេហៅថា ជម្ងឺកកិតឆ្អឹងត្រគាក (femoroacetabular impingement – FAI) ហើយយូរៗទៅវាអាចបង្កឱ្យមានការដាច់រហែក
  • ចលនាដដែលៗ (Repetitive motions)៖ ការរត់ចម្ងាយឆ្ងាយ ក៏ដូចជាចលនាបង្វិលខ្លួន ឬងាកខ្លួនភ្លាមៗដែលឧស្សាហ៍កើតមានក្នុងកីឡាដូចជា សូហ្វប៊ល (softball) ឬវាយកូនហ្គោល អាចបណ្តាលឱ្យសន្លាក់ឆាប់សឹក រហូតឈានដល់ការរហែកឆ្អឹងខ្ចីត្រគាកនៅទីបំផុត
  • ស្ថានភាពសុខភាពបែបសឹកទ្រុឌទ្រោម (Degenerative health conditions)៖ ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹកទ្រុឌទ្រោមរ៉ាំរ៉ៃ (រយៈពេលវែង) នៃឆ្អឹងខ្ចីសន្លាក់។ យូរៗទៅ ឆ្អឹងខ្ចីនឹងខូចខាតបន្តិចម្តងៗ ហើយងាយនឹងប្រឈមការរហែកឆ្អឹងខ្ចីត្រគាក។ ហានិភ័យនៃការកើតជំងឺរលាកសន្លាក់ឆ្អឹងអាចកើនឡើងទៅតាមវ័យកាន់តែជ្រៅ និងការមានទម្ងន់ខ្លួនលើសកម្រិត។ អ្នកជំងឺរលាកសន្លាក់ឆ្អឹង ជារឿយៗតែងតែជួបប្រទះការឈឺចាប់ និងភាពរឹងរឹបនៅតាមសន្លាក់ជាច្រើន (ឧទាហរណ៍ ត្រគាក និងជង្គង់)

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យរបស់អ្នកនឹងកត់ត្រាពីប្រវត្តិនៃរោគសញ្ញារបស់អ្នក។ អំឡុងពេលពិនិត្យរាងកាយ គ្រូពេទ្យចាំបាច់ត្រូវធ្វើចលនាជើងរបស់អ្នក ជាពិសេសគឺសន្លាក់ត្រគាក ទៅកាន់ទម្រង់ខុសៗគ្នា ដើម្បីពិនិត្យមើលការឈឺចាប់ និងវាយតម្លៃពីកម្រិតនៃចលនាត្រគាករបស់អ្នក។ គ្រូពេទ្យក៏អាចនឹងត្រូវសង្កេតមើលពីរបៀបដើរ របស់អ្នកផងដែរ។

ការពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រ

ការរហែកឆ្អឹងខ្ចីត្រគាក កម្រកើតឡើងជារបួសដាច់ដោយឡែកតែឯងណាស់។ ជាញឹកញាប់បំផុត វាតែងតែមានការខូចខាតដល់រចនាសម្ព័ន្ធសន្លាក់ត្រគាកដទៃទៀតទន្ទឹមគ្នានោះដែរ។ នៅពេលនិយាយអំពីការពិនិត្យមើលឆ្អឹង ការថតកាំរស្មីអ៊ិច គឺល្អបំផុត។ វាអាចជួយពិនិត្យរកមើលស្ថានភាពខុសប្រក្រតីនៃរចនាសម្ព័ន្ធឆ្អឹង និងស្ថានភាពជំងឺរលាកសន្លាក់។

រូបភាពលម្អិតនៃជាលិកានៅក្នុងត្រគាករបស់អ្នក អាចទទួលបានតាមរយៈការថតស្កេនអឹមអរអេ (MRA – Magnetic Resonance Arthrography)។ ដើម្បីធ្វើឱ្យគេងាយស្រួលសង្កេតឃើញការរហែកឆ្អឹងខ្ចីត្រគាក ការថត MRA នេះបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាថតស្កេនម៉ាញេទិក (MRI) ជាមួយនឹងការចាក់សារធាតុបង្កើនកម្រិតពណ៌ ចូលទៅក្នុងតំបន់សន្លាក់ត្រគាក។

ការចាក់ថ្នាំស្ពឹក

ការឈឺចាប់ត្រគាក អាចបណ្តាលមកពីបញ្ហានៅខាងក្នុង ឬខាងក្រៅសន្លាក់។ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យចាក់ថ្នាំស្ពឹកចូលទៅក្នុងចន្លោះសន្លាក់។ ប្រសិនបើការធ្វើបែបនេះអាចជួយកាត់បន្ថយការឈឺចាប់របស់អ្នកបាន នោះប្រភពនៃការឈឺចាប់របស់អ្នកប្រហែលជាស្ថិតនៅខាងក្នុងសន្លាក់ត្រគាកហើយ។

ការព្យាបាល

កម្រិតធ្ងន់ធ្ងរនៃរោគសញ្ញារបស់អ្នក នឹងកំណត់ពីវិធីសាស្ត្រនៃការព្យាបាល។ ការព្យាបាលបែបអភិរក្ស (មិនវះកាត់) ដូចជាការសម្រាក និងការកម្រិតសកម្មភាពរាងកាយ អាចជួយឱ្យមនុស្សមួយចំនួនជាសះស្បើយឡើងវិញក្នុងរយៈពេលពីរបីសប្តាហ៍ ប៉ុន្តែសម្រាប់អ្នកផ្សេងទៀត គឺទាមទារឱ្យមាននីតិវិធីវះកាត់ឆ្លុះសន្លាក់ (arthroscopic procedure) ដើម្បីជួសជុលឆ្អឹងខ្ចីទន់ដែលរហែកនោះ។

ការប្រើប្រាស់ថ្នាំ

ថ្នាំ អ៊ីប៊ុយប្រូហ្វែន (Ibuprofen) និង ណាបប្រូហ្សិន សូដ្យូម (naproxen sodium) គឺជាឧទាហរណ៍នៃប្រភេទថ្នាំប្រឆាំងការរលាកមិនមែនស្តេរ៉ូអ៊ីត NSAIDs ដែលជួយកាត់បន្ថយការរលាក និងបំបាត់ការឈឺចាប់។ ការចាក់ថ្នាំ Corticosteroids ចូលទៅក្នុងសន្លាក់ ក៏អាចជួយកាត់បន្ថយការឈឺចាប់បានមួយគ្រាផងដែរ។

ចលនាព្យាបាល

អ្នកអាចរៀនធ្វើលំហាត់ប្រាណពីគ្រូពេទ្យចលនាព្យាបាល ដើម្បីពង្រីកកម្រិតនៃចលនាត្រគាក ព្រមទាំងបង្កើនកម្លាំង និងលំនឹងនៃត្រគាក ក៏ដូចជាសាច់ដុំស្នូល (core strength)។ គ្រូពេទ្យចលនាព្យាបាលក៏អាចបង្រៀនអ្នកពីរបៀបចៀសវាងសកម្មភាពទាំងឡាយណាដែលផ្តល់សម្ពាធខ្លាំងដល់សន្លាក់ត្រគាករបស់អ្នកផងដែរ។

ការវះកាត់

គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យធ្វើការវះកាត់ឆ្លុះសន្លាក់ (arthroscopic surgery) ប្រសិនបើការព្យាបាលបែបអភិរក្សមិនអាចជួយសម្រាលរោគសញ្ញារបស់អ្នកបាន។ នៅក្នុងការវះកាត់នេះ ម៉ាស៊ីនថតខ្សែកាបអុបទិក (fiber-optic camera) និងឧបករណ៍វះកាត់ នឹងត្រូវបញ្ចូលតាមរយៈមុខកាត់តូចៗនៅលើស្បែករបស់អ្នក។

អាស្រ័យទៅលើមូលហេតុ និងកម្រិតធ្ងន់ធ្ងរនៃការរហែក គ្រូពេទ្យវះកាត់អាចជ្រើសរើសវិធីកាត់យកផ្នែកដែលរហែកចេញ ឬដេរភ្ជាប់ជាលិកាដែលរហែកនោះចូលគ្នាឡើងវិញ។

ការវះកាត់អាចមានផលប៉ះពាល់មួយចំនួនដូចជា ការឆ្លងរោគ ការហូរឈាម ការខូចខាតសរសៃប្រសាទ និងការលេចឡើងវិញនូវបញ្ហាចាស់ ប្រសិនបើកន្លែងជួសជុលនោះមិនបានជាសះស្បើយត្រឹមត្រូវ។ ជាទូទៅ វាត្រូវចំណាយពេលពី ៣ ទៅ ៦ ខែ ដើម្បីអាចត្រឡប់ទៅលេងកីឡាឡើងវិញបាន។

Doctors who treat this condition