ជំងឺសន្លាក់ត្រគាកខុសប្រក្រតី
ទិដ្ឋភាពទូទៅ
ជំងឺសន្លាក់ត្រគាកខុសប្រក្រតី គឺជាស្ថានភាពវេជ្ជសាស្ត្រមួយដែលក្បាលឆ្អឹងភ្លៅផ្នែកខាងលើ មិនត្រូវបានគ្របដណ្តប់ទាំងស្រុងដោយរន្ធសន្លាក់ត្រគាកឡើយ។ ស្ថានភាពនេះអាចបណ្តាលឱ្យសន្លាក់ត្រគាករបូតចេញពីគ្នាខ្លះ ឬទាំងស្រុង។ ជាទូទៅ ជំងឺសន្លាក់ត្រគាកខុសប្រក្រតី គឺជាជំងឺដែលកើតមានពីកំណើត។
ស្ថានភាពនៃជំងឺសន្លាក់ត្រគាកខុសប្រក្រតីនេះ នឹងត្រូវពិនិត្យដោយគ្រូពេទ្យភ្លាមៗនៅពេលទារកទើបនឹងកើត ឬអំឡុងពេលការណាត់ជួបតាមដានសុខភាព។ ប្រសិនបើជំងឺនេះត្រូវបានរកឃើញ និងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលានៅដំណាក់កាលដំបូង គ្រូពេទ្យនឹងប្រើប្រាស់ឧបករណ៍ពុម្ពអបជើងប្រភេទទន់ដើម្បីព្យាបាល។
ចំពោះករណីស្រាល រោគសញ្ញានៃជំងឺសន្លាក់ត្រគាកខុសប្រក្រតីនឹងមិនលេចឡើងឡើយ រហូតទាល់តែអ្នកជំងឺឈានចូលវ័យជំទង់ ឬវ័យយុវជន។ ស្ថានភាពនេះអាចបំផ្លាញឆ្អឹងខ្ចីដែលទ្រាប់នៅក្នុងសន្លាក់ត្រគាក ហើយវាក៏អាចបំផ្លាញឆ្អឹងខ្ចីទន់ ឬ Labrum ដែលនៅជុំវិញគែមនៃរន្ធសន្លាក់ត្រគាកផងដែរ។ ការខូចខាតនេះត្រូវបានគេស្គាល់ថាជា របួសដាច់រហែកឆ្អឹងខ្ចីទន់ត្រគាក។
រោគសញ្ញា
អ្នកជំងឺជំងឺសន្លាក់ត្រគាកខុសប្រក្រតី នឹងស្តែងចេញនូវរោគសញ្ញាខុសៗគ្នាទៅតាមក្រុមអាយុរបស់ពួកគេ។ ទារកអាចមានប្រវែងជើងមិនស្មើគ្នា។ នៅពេលចាប់ផ្តើមចេះដើរ គេអាចសង្កេតឃើញទារកដើរខ្វិន ឬដើរផ្អៀង។ ក្រៅពីការដើរខ្វិនអំឡុងពេលធ្វើចលនា គេក៏អាចសង្កេតឃើញមានភាពមិនស្រួល ឬទើសទាក់ក្នុងចលនាត្រគាករបស់ទារក នៅពេលប្តូរកន្ទបផងដែរ។
សម្រាប់វ័យជំទង់ ឬវ័យយុវជន ពួកគេអាចជួបប្រទះនូវអារម្មណ៍ឈឺចាប់ដោយសារជំងឺសន្លាក់ត្រគាកខុសប្រក្រតី ដែលជាទូទៅបណ្តាលមកពីជំងឺរលាកសន្លាក់ឆ្អឹង ឬការដាច់រហែកឆ្អឹងខ្ចីទន់ត្រគាក។ ប្រសិនបើករណីទាំងនេះកើតឡើង ការធ្វចលនាធម្មតានៅត្រង់តំបន់គ្រលៀននឹងបង្កឱ្យមានការឈឺចាប់។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានអារម្មណ៍ថា សន្លាក់ត្រគាករបស់ខ្លួនមិននឹងនរ (រលុង)។
មូលហេតុ
សន្លាក់ត្រគាក គឺជាសន្លាក់ប្រភេទបាល់និងរន្ធ (ball-and-socket joint) ដែលភ្ជាប់ឆ្អឹងភ្លៅទៅនឹងឆ្អឹងអាងត្រគាក។ ក្នុងករណីមានជំងឺសន្លាក់ត្រគាកខុសប្រក្រតី តម្រឹមរវាងឆ្អឹងភ្លៅ និងឆ្អឹងអាងត្រគាក គឺមិនស្ថិតក្នុងទម្រង់ត្រឹមត្រូវឡើយ។
អំឡុងពេលដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ស្បូននឹងមានភាពចង្អៀតដោយសារតែទំហំ ឬទម្រង់ទីតាំងរបស់ទារក ហេតុនេះហើយវាបានបង្កើតជាកម្លាំងសង្កត់ផ្ទាល់ទៅលើសន្លាក់ត្រគាករបស់ទារក។
កត្តាហានិភ័យ
ជំងឺសន្លាក់ត្រគាកខុសប្រក្រតី ជារឿយៗត្រូវបានរកឃើញថាជាជំងឺតំណពូជ (ហ្សែន) ហើយវាច្រើនតែកើតមានលើមនុស្សស្រីច្រើនជាងមនុស្សប្រុស។ ទារកដែលកើតមកតាមទម្រង់បញ្ច្រាស (យកជើង ឬគូទចេញមុន) ឬទារកដែលត្រូវបានគេរុំខ្លួនជិតពេក គឺស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺនេះ។
ការធ្វើរោគវិនិច្ឆ័យ
ជាទូទៅ គ្រូពេទ្យតែងតែពិនិត្យស្វែងរកជំងឺសន្លាក់ត្រគាកខុសប្រក្រតី អំឡុងពេលការណាត់ជួបតាមដានសុខភាពទារក។ ការពិនិត្យរាងកាយត្រូវបានធ្វើឡើងដោយការចល័តជើងរបស់ទារកទៅកាន់ទម្រង់ និងទិសដៅខុសៗគ្នាជាច្រើន ដើម្បីធានាថា សន្លាក់ត្រគាកត្រូវបានភ្ជាប់គ្នាបានល្អ និងត្រឹមត្រូវ។
ករណីជំងឺសន្លាក់ត្រគាកខុសប្រក្រតីកម្រិតស្រាល អាចមានភាពពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ ដោយសារតែសញ្ញាសម្គាល់ទាំងនោះមិនទាន់ស្តែងចេញច្បាស់លាស់នៅឡើយនៅពេលអ្នកជំងឺនៅក្មេង។ ការពិនិត្យតាមរយៈរូបភាពវេជ្ជសាស្ត្រ ដូចជាការថតកាំរស្មីអ៊ិច ឬការថតស្កេនម៉ាញេទិក MRI អាចនឹងត្រូវណែនាំឱ្យធ្វើ ប្រសិនបើគ្រូពេទ្យរកឃើញសញ្ញាណាមួយដែលគួរឱ្យសង្ស័យ។
ការព្យាបាល
វិធីសាស្ត្រព្យាបាលជំងឺសន្លាក់ត្រគាកខុសប្រក្រតី មានភាពខុសប្លែកគ្នាទៅតាមអាយុ និងកម្រិតធ្ងន់ធ្ងរនៃសន្លាក់ត្រគាករបស់អ្នកជំងឺ។
ចំពោះអ្នកជំងឺជាទារក ជារឿយៗត្រូវបានផ្តល់ការព្យាបាលដោយការប្រើប្រាស់ឧបករណ៍ពុម្ពអបជើងប្រភេទទន់។ ជាឧទាហរណ៍ ឧបករណ៍ពុម្ពខ្សែពួរ Pavlik ត្រូវបានរចនាឡើងដើម្បីទប់តំបន់ក្បាលឆ្អឹងរាងមូលនៃសន្លាក់ ឱ្យជាប់ណែននៅក្នុងរន្ធសន្លាក់ក្នុងរយៈពេលពីរបីខែ។ ដំណើរការនេះជួយសម្រួលដល់រន្ធសន្លាក់ ឱ្យស៊ាំទៅតាមរាងមូលនៃក្បាលឆ្អឹងភ្លៅ។
ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ពុម្ពអបជើងប្រភេទទន់ទាំងនេះ មិនសូវមានប្រសិទ្ធភាពចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦ ខែឡើយ។ ក្នុងករណីនេះ គ្រូពេទ្យអាចនឹងតម្រឹមឆ្អឹងឱ្យចូលទៅក្នុងទីតាំងត្រឹមត្រូវវិញ ហើយរុំទប់វាទុកជាមួយនឹងពុម្ពម្នាងសិលាអបពេញរាងកាយ សម្រាប់រយៈពេលពីរបីខែបន្ទាប់។ ការវះកាត់ក៏អាចនឹងត្រូវការចាំបាច់ផងដែរ ក្នុងករណីខ្លះ ដើម្បីតម្រឹមសន្លាក់ឱ្យចូលគ្នាវិញ។
លើសពីនេះទៅទៀត មុំនៃរន្ធសន្លាក់ត្រគាកនឹងត្រូវធ្វើការកែសម្រួល ប្រសិនបើការខុសតម្រឹមនោះមានសភាពធ្ងន់ធ្ងរ។ ការវះកាត់កាត់តម្រឹមឆ្អឹងអាងត្រគាកជុំវិញរន្ធសន្លាក់ គឺជានីតិវិធីវះកាត់មួយដែលធ្វើការកាត់រន្ធសន្លាក់ដើម្បីញែកវាចេញពីឆ្អឹងអាងត្រគាក ហើយរៀបចំទីតាំងវាឡើងវិញ ដើម្បីតម្រឹមសន្លាក់ប្រភេទបាល់និងរន្ធនៃត្រគាកឱ្យបានត្រឹមត្រូវ។
សម្រាប់អ្នកជំងឺវ័យចំណាស់ដែលមានជំងឺសន្លាក់ត្រគាកខុសប្រក្រតី ពួកគេអាចនឹងជួបប្រទះនូវការឈឺចាប់ត្រគាករ៉ាំរ៉ៃ ដែលអាចឈានទៅដល់ការវះកាត់ផ្លាស់ប្តូរសន្លាក់ត្រគាកសិប្បនិម្មិត។
