ទិដ្ឋភាពទូទៅ

មេរោគរលាកថ្លើមប្រភេទអា (Hepatitis A virus) ដែលបង្កឱ្យមានជំងឺរលាកថ្លើមប្រភេទអា គឺជាជំងឺថ្លើមមួយប្រភេទដែលអាចឆ្លងរាលដាលខ្លាំង។ មេរោគនេះស្ថិតក្នុងចំណោមមេរោគរលាកថ្លើមជាច្រើនប្រភេទ ដែលអាចធ្វើឱ្យថ្លើមរបស់អ្នករលាក និងរំខានដល់មុខងាររបស់វា។

ជំងឺរលាកថ្លើមប្រភេទអា គឺកើតមានជាទូទៅនៅទូទាំងពិភពលោក នៅកន្លែងណាដែលមានប្រព័ន្ធអនាម័យមិនគ្រប់គ្រាន់ និងជាកន្លែងដែលចំណីអាហារព្រមទាំងទឹកប្រើប្រាស់រងការកខ្វក់ជាប្រចាំ។ មេរោគនេះមានសមត្ថភាពឆ្លងខ្ពស់ណាស់ ហើយវាអាចរស់នៅក្នុងបរិស្ថានបានរាប់ខែដោយមិនបាច់មានកោសិកាម្ចាស់ផ្ទះឡើយ។ វាក៏អាចឆ្លងរាលដាលតាមរយៈការប៉ះពាល់ផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ ដែលនាំឱ្យមានការផ្ទុះឡើងនូវការឆ្លងទ្រង់ទ្រាយធំនៅក្នុងសហគមន៍មូលដ្ឋាន។

ផ្លូវដែលសង្ស័យ និងជួបប្រទះញឹកញាប់បំផុតក្នុងការឆ្លងជំងឺរលាកថ្លើមប្រភេទអា គឺតាមរយៈការបរិភោគអាហារ ឬភេសជ្ជៈដែលមានផ្ទុកមេរោគ ព្រមទាំងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ ឬវត្ថុដែលមានផ្ទុកមេរោគ។ ជាទូទៅ ការព្យាបាលគឺមិនចាំបាច់នោះទេសម្រាប់ករណីស្រាលៗនៃជំងឺរលាកថ្លើមប្រភេទអា។ អ្នកផ្ទុកមេរោគភាគច្រើនអាចជាសះស្បើយទាំងស្រុង ដោយមិនជួបប្រទះការខូចខាតថ្លើមរយៈពេលវែងនោះឡើយ។

ជំងឺរលាកថ្លើមប្រភេទអា មិនបង្កឱ្យមានជំងឺថ្លើមរ៉ាំរ៉ៃ ឬការខូចខាតថ្លើមជាប់រហូត ដូចមេរោគរលាកថ្លើមប្រភេទផ្សេងទៀតនោះទេ។ ប៉ុន្តែក្នុងអំឡុងពេលឆ្លង ជួនកាលជំងឺរលាកថ្លើមប្រភេទអាអាចជម្រុញឱ្យមានការខ្សោយថ្លើមស្រួចស្រាវ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។

ការអនុវត្តអនាម័យល្អ ដូចជាការលាងដៃឱ្យបានទៀងទាត់ អាចជួយទប់ស្កាត់មេរោគមិនឱ្យឆ្លងរាលដាលបាន។ លើសពីនេះ ជំងឺរលាកថ្លើមប្រភេទអា អាចការពារបានដោយការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទអា។

រោគសញ្ញា

បន្ទាប់ពីឆ្លងមេរោគហើយ រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទអា ច្រើនតែចាប់ផ្តើមស្តែងចេញនៅប៉ុន្មានសប្តាហ៍ក្រោយមក។ ទោះជាយ៉ាងណាក៏ដោយ ជំងឺរលាកថ្លើមប្រភេទអា មិនមែនសុទ្ធតែស្តែងចេញរោគសញ្ញាគ្រប់ករណីនោះទេ។ រោគសញ្ញានៃការលេចចេញរួមមាន៖

  • មានអារម្មណ៍ខ្សោយ និងអស់កម្លាំងខ្លាំងជាងធម្មតា
  • ចង្អោរ និងក្អួត
  • រាគរូស
  • ឈឺចាប់ ឬមិនស្រណុកក្នុងពោះ ជាពិសេសនៅផ្នែកខាងស្តាំខាងលើ ត្រង់ក្រោមឆ្អឹងជំនីរ និងចំពីលើថ្លើមរបស់អ្នក
  • លាមកមានពណ៌ប្រផេះ (ស្លេកដូចដីឥដ្ឋ)
  • មិនឃ្លានអាហារ
  • មានគ្រុនក្តៅ (កម្រិតស្រាល)
  • ទឹកនោមមានពណ៌ក្រហម ឬក្រម៉ៅ
  • ឈឺចាប់នៅតាមសន្លាក់
  • រមាស់ស្បែក
  • ជំងឺលឿង ឬមានសភាពលឿងនៅលើស្បែក និងផ្នែកសនៃគ្រាប់ភ្នែក

សញ្ញា និងរោគសញ្ញាទាំងនេះអាចមានសភាពស្រាល និងបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍។ ប៉ុន្តែជួនកាល ជំងឺរលាកថ្លើមប្រភេទអា បង្កជាជំងឺធ្ងន់ធ្ងរដែលអូសបន្លាយពេលរហូតដល់រាប់ខែ។

ប្រសិនបើអ្នកជួបប្រទះរោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទអា សូមរៀបចំកាលវិភាគទៅជួបពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក។

អ្នកអាចត្រូវបានការពារពីការឆ្លង ប្រសិនបើទទួលបានការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទអា ឬការចាក់អង់ទីគ័រអ៊ីមុយណូក្លូប៊ុយលីន ក្នុងរង្វង់ពីរសប្តាហ៍បន្ទាប់ពីបានប៉ះពាល់នឹងមេរោគរលាកថ្លើមប្រភេទអា។

សូមសាកសួរគ្រូពេទ្យរបស់អ្នក ឬការិយាល័យសុខាភិបាលនៅក្នុងតំបន់របស់អ្នកអំពីការចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទអា ប្រសិនបើ៖

  • អ្នករស់នៅក្នុងផ្ទះរួមគ្នាជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទអា
  • អ្នកទើបតែបានរួមភេទជាមួយបុគ្គលដែលមានជំងឺរលាកថ្លើមប្រភេទអា នាពេលថ្មីៗនេះ
  • អ្នកទើបតែបានធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងមេរោគនេះច្រើន ដូចជា ប្រទេសម៉ិកស៊ិក អាមេរិកកណ្តាល ឬអាមេរិកខាងត្បូង
  • អ្នកបានបរិភោគអាហារនៅក្នុងទីកន្លែងដែលមានការផ្ទុះឡើងនៃជំងឺរលាកថ្លើមប្រភេទអា

​​ មូលហេតុ

មេរោគដែលចូលទៅបំផ្លាញកោសិកាថ្លើម និងបណ្តាលឱ្យមានការរលាក គឺជាមូលហេតុកំណើតនៃជំងឺរលាកថ្លើមប្រភេទអា។ ការរលាកនេះអាចធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់ថ្លើម និងរួមចំណែកដល់ការលេចចេញនូវរោគសញ្ញាផ្សេងៗនៃជំងឺរលាកថ្លើមប្រភេទអា។

ការឆ្លងតាមផ្លូវលាមកទៅមាត់ កើតឡើងនៅពេលដែលលាមកដែលមានផ្ទុកមេរោគ សូម្បីតែក្នុងបរិមាណតិចតួចបំផុត អាចចូលទៅក្នុងមាត់របស់មនុស្សម្នាក់ទៀត។ នៅពេលដែលអ្នកបរិភោគអាហារ ឬភេសជ្ជៈដែលបានប៉ះពាល់នឹងលាមកមានផ្ទុកមេរោគ អ្នកអាចនឹងឆ្លងជំងឺរលាកថ្លើមប្រភេទអា។ ផ្លូវមួយទៀតនៃការឆ្លងមេរោគ គឺការស្ថិតក្នុងភាពស្និទ្ធស្នាលខ្លាំងជាមួយអ្នកដែលមានជំងឺរលាកថ្លើមប្រភេទអា។ មេរោគនេះអាចរស់នៅលើផ្ទៃវត្ថុផ្សេងៗបានរយៈពេលពីរបីខែ។ ការកណ្តាស់ ការក្អក ឬការប៉ះពាល់ធម្មតា មិនបណ្តាលឱ្យឆ្លងមេរោគនេះឡើយ។

មេរោគរលាកថ្លើមប្រភេទអា អាចឆ្លងរាលដាលជាពិសសតាមរយៈច្រកផ្លូវដូចខាងក្រោម៖

  • ការបរិភោគអាហារដែលត្រូវបានលាងសម្អាតនៅក្នុងទឹកដែលមានផ្ទុកមេរោគ
  • ការបរិភោគទឹកដែលមានផ្ទុកមេរោគ
  • ការបរិភោគអាហារដែលត្រូវបានរៀបចំ ឬកាន់ប៉ះពាល់ដោយអ្នកជំងឺដែលមិនបានលាងដៃឱ្យបានត្រឹមត្រូវ បន្ទាប់ពីប្រើប្រាស់បង្គន់រួច
  • ការបរិភោគគ្រឿងសមុទ្រប្រភេទមានសំបក (ដូចជា ងាវ គ្រំ) ដែលមិនទាន់ចំអិនឆ្អិនល្អ ចេញពីប្រភពទឹកដែលប្រឡាក់ដោយទឹកលូកខ្វក់
  • ការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគ
  • ការស្ថិតក្នុងភាពជិតស្និទ្ធខ្លាំងជាមួយអ្នកដែលមានផ្ទុកមេរោគ ទោះបីជាពួកគេមិនស្តែងចេញរោគសញ្ញាអ្វីក៏ដោយ

កត្តាហានិភ័យ

អ្នកមានឱកាសខ្ពស់ក្នុងការឆ្លងជំងឺរលាកថ្លើមប្រភេទអា ប្រសិនបើអ្នក៖

  • ធ្វើទស្សនកិច្ច ឬធ្វើការនៅក្នុងតំបន់ដែលជំងឺរលាកថ្លើមប្រភេទអា កើតមានជាទូទៅ
  • អ្នកទើបតែបានប្រើប្រាស់សារធាតុញៀនកំសាន្ត នាពេលថ្មីៗនេះ រាប់បញ្ចូលទាំង (ប៉ុន្តែមិនកំណត់ត្រឹម) សារធាតុញៀនប្រភេទចាក់
  • រស់នៅក្នុងផ្ទះជាមួយអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទអា
  • រួមភេទគ្រប់ទម្រង់ជាមួយអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទអា
  • អ្នកជាបុរសដែលរួមភេទជាមួយបុរសដូចគ្នា
  • មានលទ្ធផលតេស្តវិជ្ជមានមេរោគអេដស៍
  • ជាជនអនាថា ឬគ្មានផ្ទះសម្បែងត្រឹមត្រូវ

ការធ្វើរោគវិនិច្ឆ័យ

វត្តមានមេរោគរលាកថ្លើមប្រភេទអា នៅក្នុងរាងកាយរបស់អ្នក អាចត្រូវបានរកឃើញតាមរយៈការពិនិត្យឈាម។ ជាទូទៅ គ្រូពេទ្យនឹងប្រើប្រាស់សរសៃវ៉ែននៅដៃរបស់អ្នក ដើម្បីបូមយកសំណាកឈាម ហើយវាត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគ។

ការព្យាបាល

ជំងឺរលាកថ្លើមប្រភេទអា មិនមានវិធីសាស្ត្រព្យាបាលជាក់លាក់ណាមួយនោះទេ។ រាងកាយរបស់អ្នកនឹងកម្ចាត់មេរោគរលាកថ្លើមប្រភេទអាចេញទៅវិញដោយខ្លួនឯងតាមបែបធម្មជាតិ។ ជាធម្មតា ថ្លើមនឹងជាសះស្បើយឡើងវិញក្នុងរយៈពេលប្រាំមួយខែ ដោយមិនបន្សល់ទុកនូវផលប៉ះពាល់រយៈពេលវែងអ្វីឡើយ។

ការព្យាបាលជំងឺរលាកថ្លើមប្រភេទអា ជារឿយៗផ្តោតសំខាន់ទៅលើការផ្តល់ភាពស្រណុកក្នុងខ្លួន និងការគ្រប់គ្រងរោគសញ្ញា។ អ្នកប្រហែលជាត្រូវអនុវត្តដូចខាងក្រោម៖

  • ការប្រើប្រាស់ថ្នាំតាមការណែនាំ និងការតមគ្រឿងស្រវឹង៖ ថ្លើមអាចនឹងមានបញ្ហាក្នុងការដំណើរការបំប្លែងគ្រឿងស្រវឹង និងឱសថផ្សេងៗ។ បុគ្គលដែលមានជំងឺរលាកថ្លើមគួរតែតមការពិសាគ្រឿងស្រវឹង ព្រោះវាអាចបំផ្លាញថ្លើម។ រាល់ការប្រើប្រាស់ថ្នាំរបស់អ្នក សូម្បីតែថ្នាំដែលទិញដោយគ្មានវេជ្ជបញ្ជាក៏ដោយ គួរតែត្រូវបានពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន
  • ការសម្រាក៖ ជំងឺរលាកថ្លើមប្រភេទអា ច្រើនតែបណ្តាលឱ្យអ្នកជំងឺមានអារម្មណ៍អស់កម្លាំង ឈឺកាត់សរសៃ និងចុះខ្សោយកម្លាំងកំហែងយ៉ាងខ្លាំង
  • ការបរិភោគអាហារ និងជាតិទឹកឱ្យបានគ្រប់គ្រាន់៖ បរិភោគរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព។ ការញ៉ាំអាហារអាចជារឿងពិបាកនៅពេលដែលមានអារម្មណ៍ចង្អោរ។ ជំនួសឱ្យការបរិភោគអាហារពេលល្ងាច ឬពេលព្រឹកពេញៗចាន អ្នកអាចសាកល្បងញ៉ាំតិចៗតែញឹកញាប់ពេញមួយថ្ងៃវិញ។ គួរ បរិភោគអាហារដែលមានកាឡូរីខ្ពស់បន្ថែម ដើម្បីបំពេញតម្រូវការកាឡូរីរបស់រាងកាយ ឧទាហរណ៍៖ ពិសាទឹកដោះគោ ឬទឹកផ្លែឈើជំនួសឱ្យទឹកធម្មតាជាដើម។ វាជាការសំខាន់ណាស់ក្នុងការរក្សាការស្រូបយកជាតិទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីការពារការបាត់បង់ជាតិទឹក ជាពិសេសក្នុងករណីដែលមានការក្អួត ឬរាគរូស

Doctors who treat this condition