ទិដ្ឋភាពទូទៅ
ជំងឺឫសដូងបាត (Hemorrhoids ឬ Piles) គឺជាស្ថានភាពហើម និងរីកធំនៃសរសៃវ៉ែន ដែលអាចកើតឡើងនៅខាងក្នុង ឬខាងក្រៅរន្ធទ្វារបាត និងទ្វារលាមក។ វាមានលក្ខណៈស្រដៀងទៅនឹងជំងឺប៉ោងសរសៃឈាមវ៉ែនដែរ និងអាចបង្កឱ្យមានសភាពមិនស្រណុកក្នុងខ្លួន ការឈឺចាប់ និងការហូរឈាមតាមទ្វារលាមក។ មូលហេតុច្បាស់លាស់នៃជំងឺឫសដូងបាតជារឿយៗមិនត្រូវបានដឹងឡើយ ទោះបីជាមានកត្តាជាច្រើនអាចរួមចំណែកដល់ការវិវត្តនៃជំងឺនេះក៏ដោយ។
ជំងឺឫសដូងបាតត្រូវបានបែងចែកជាប្រភេទខុសៗគ្នា អាស្រ័យលើទីតាំងរបស់វា៖
- ឫសដូងបាតខាងក្រៅ៖ ប្រភេទនេះវិវត្តនៅក្រោមស្បែកជុំវិញរន្ធទ្វារបាត។ វាអាចបង្កឱ្យមានការរមាស់ ឈឺចាប់ និងអាចហូរឈាមម្តងម្កាល។ កំណកឈាមក៏អាចកកើតឡើងនៅក្នុងដុំឫសដូងបាតប្រភេទនេះផងដែរ ដែលបណ្តាលឱ្យមានការឈឺចាប់ និងហើម
- ឫសដូងបាតខាងក្នុង៖ ប្រភេទនេះកកើតឡើងនៅខាងក្នុងទ្វារលាមក ដែលជាផ្នែកនៃប្រព័ន្ធរំលាយអាហារភ្ជាប់ពីពោះវៀនធំទៅកាន់រន្ធទ្វារបាត។ ឫសដូងបាតខាងក្នុងអាចហូរឈាម ប៉ុន្តែជាទូទៅវាមិនបង្កការឈឺចាប់នោះទេ
- លៀនឫសដូងបាត៖ ទាំងឫសដូងបាតខាងក្នុង និងខាងក្រៅ សុទ្ធតែអាចលៀនចេញមកក្រៅបាន មានន័យថាវាទាញយារ និងប៉ោងចេញមកក្រៅរន្ធទ្វារបាត។ ឫសដូងបាតដែលលៀនចេញមកក្រៅ អាចបង្កឱ្យមានការហូរឈាម និងការឈឺចាប់
ជាសំណាងល្អ មានជម្រើសព្យាបាលប្រកបដោយប្រសិទ្ធភាពជាច្រើនសម្រាប់ជំងឺឫសដូងបាត។ មនុស្សជាច្រើនអាចធូរស្រាលបានតាមរយៈការព្យាបាលនៅផ្ទះ និងការផ្លាស់ប្តូររបៀបរស់នៅ។
រោគសញ្ញា
សញ្ញា និងរោគសញ្ញានៃជំងឺឫសដូងបាតអាចប្រែប្រួលទៅតាមប្រភេទនៃឫសដូងបាត៖
ឫសដូងបាតខាងក្រៅ ស្ថិតនៅក្រោមស្បែកជុំវិញទ្វារបាត។ វាអាចបង្កឱ្យមានសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖
- ការរមាស់ ឬការរមាស់រំខាន៖ អ្នកអាចមានអារម្មណ៍រមាស់ ឬមិនស្រណុកនៅក្នុងតំបន់ទ្វារបាត ដោយសារឫសដូងបាតខាងក្រៅ
- ការឈឺចាប់ ឬការមិនស្រណុកក្នុងខ្លួន៖ ឫសដូងបាតខាងក្រៅអាចបង្កការឈឺចាប់ ធ្វើឱ្យមានអារម្មណ៍ចុកចាប់ ឬផ្សារ។
- ការហើម៖ តំបន់ជុំវិញទ្វារបាតអាចមានសភាពហើម ដោយសារឫសដូងបាតខាងក្រៅ
- ការហូរឈាម៖ ឫសដូងបាតខាងក្រៅក៏អាចនាំឱ្យមានការហូរឈាមផងដែរ ដោយជាទូទៅគេសង្កេតឃើញមានឈាមពណ៌ក្រហមស្រស់ក្នុងបរិមាណតិចតួច
ឫសដូងបាតខាងក្នុង៖ ស្ថិតនៅខាងក្នុងទ្វារលាមក ហើយជាទូទៅមិនអាចមើលឃើញ ឬកត់សម្គាល់ដឹងឡើយ។ ពួកវាមិនបង្កឱ្យមានការមិនស្រណុកក្នុងខ្លួនអ្វីនោះទេ ប៉ុន្តែវាអាចក្លាយជាបញ្ហាប្រសិនបើអ្នកប្រឹងខ្លាំងនៅពេលបត់ជើងធំ ដែលនាំឱ្យមានរោគសញ្ញាដូចខាងក្រោម៖
- ការហូរឈាម៖ អ្នកអាចជួបប្រទះការហូរឈាមដោយគ្មានការឈឺចាប់ក្នុងអំឡុងពេលបត់ជើងធំ។ គេអាចសង្កេតឃើញមានឈាមពណ៌ក្រហមស្រស់ក្នុងបរិមាណតិចតួចនៅលើក្រដាសអនាម័យ ឬនៅក្នុងបង្គន់
- ឫសដូងបាតលៀនចេញមកក្រៅ៖ ការប្រឹងអាចបណ្តាលឱ្យដុំឫសដូងបាតលៀនចេញតាមរន្ធទ្វារបាត ដែលអាចបង្កឱ្យមានការឈឺចាប់ និងការរមាស់រំខាន
ឫសដូងបាតមានកំណកឈាម៖ ឈាមអាចនឹងកកកុញនៅក្នុងដុំឫសដូងបាតខាងក្រៅ ហើយបង្កើតជាកំណកឈាម ដែលអាចបណ្តាលឱ្យមាន៖
- ការឈឺចាប់ធ្ងន់ធ្ងរ
- ការហើម ឬការរលាក
- មានដុំរឹងនៅជិតរន្ធគូទ
វាជាការសំខាន់ណាស់ដែលត្រូវស្វែងរកការពិនិត្យពីគ្រូពេទ្យក្រោមលក្ខខណ្ឌដូចខាងក្រោម៖
- ប្រសិនបើអ្នកជំងឺជួបប្រទះការហូរឈាមក្នុងអំឡុងពេលបត់ជើងធំ ឬប្រសិនបើជំងឺឫសដូងបាតមិនបានធូរស្រាលសោះ បន្ទាប់ពីការថែទាំនៅផ្ទះអស់រយៈពេលមួយសប្តាហ៍
- ប្រសិនបើមានការហូរឈាមតាមទ្វារលាមកធ្ងន់ធ្ងរ ឬប្រសិនបើអ្នកជំងឺមានរោគសញ្ញាដូចជា ស្រាលក្បាល វិលមុខ ឬសន្លប់
- ប្រសិនបើមានការប្រែប្រួលនៃទម្លាប់បត់ជើងធំ ឬការប្រែប្រួលពណ៌ និងទម្រង់លាមក អ្នកជំងឺមិនគួរស្មានដោយស្វ័យប្រវត្តិនោះទេថាកាការហូរឈាមតាមទ្វារលាមកនោះគឺដោយសារតែជំងឺឫសដូងបាត។ ព្រោះជំងឺផ្សេងទៀត ដូចជាមហារីកពោះវៀនធំ និងមហារីកគូទ ក៏អាចបណ្តាលឱ្យហូរឈាមតាមទ្វារលាមកបានដែរ
មូលហេតុ
ជំងឺឫសដូងបាតកើតឡើងនៅពេលដែលសរសៃវ៉ែននៅក្នុងរន្ធគូទ ឬទ្វារលាមក រងការប្រឹង និងស្ថិតនៅក្រោមសម្ពាធខ្លាំង។ វាអាចប្រៀបប្រដូចទៅនឹងជំងឺប៉ោងសរសៃឈាមវ៉ែនដែលជះឥទ្ធិពលលើផ្នែកខាងក្រោមនៃរាងកាយរបស់អ្នក។
ការកើនឡើងសម្ពាធលើពោះ ឬអវយវៈផ្នែកខាងក្រោម ដែលបណ្តាលមកពីការប្រឹងក្នុងទម្រង់ផ្សេងៗ អាចនាំឱ្យសរសៃវ៉ែននៅទ្វារបាតនិងទ្វារលាមកមានសភាពហើម និងរលាក រហូតវិវត្តទៅជាជំងឺឫសដូងបាត។ កត្តាដែលរួមចំណែកដល់ការកកើតជំងឺឫសដូងបាត រួមមាន៖
- ការប្រឹងខ្លាំងនៅពេលបត់ជើងធំ
- ការអង្គុយនៅលើបង្គន់ក្នុងរយៈពេលយូរ
- ការរាគរូសរ៉ាំរ៉ៃ ឬការទល់លាមករ៉ាំរ៉ៃ
- ភាពធាត់ជ្រុល
- ការមានផ្ទៃពោះ
- ការរួមភេទតាមផ្លូវក្រោយ
- ការបរិភោគរបបអាហារដែលមានជាតិសរសៃតិច
- ការលើកវត្ថុធ្ងន់ៗជាទៀងទាត់
កត្តាហានិភ័យ
រោគសញ្ញាជំងឺឫសដូងបាតអាចជះឥទ្ធិពលលើបុគ្គលគ្រប់វ័យ រួមទាំងយុវវ័យផងដែរ ទោះបីជាវាកម្រកើតមានចំពោះកុមារដោយសារតែវាត្រូវចំណាយពេលយូរក្នុងការកកើតក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ កត្តាហានិភ័យមួយចំនួនអាចបង្កើនលទ្ធភាពនៃការកើតជំងឺឫសដូងបាត។ ហានិភ័យនឹងកើនឡើងប្រសិនបើអ្នកជំងឺមានកត្តាណាមួយដូចខាងក្រោម៖
- អាយុ៖ ឱកាសនៃការកើតជំងឺឫសដូងបាតកើនឡើងទៅតាមអាយុ។ នេះគឺដោយសារតែជាលិកានៅក្នុងទ្វារលាមក និងរន្ធទ្វារបាតដែលជួយទ្រទ្រង់សរសៃវ៉ែន អាចនឹងចុះខ្សោយ និងយារធ្លាក់
- ការមានផ្ទៃពោះ៖ ដោយសារតែសម្ពាធដែលទារកកំពុងលូតលាស់សង្កត់ទៅលើតំបន់រន្ធទ្វារបាត ហេតុនេះជំងឺឫសដូងបាតក៏អាចកើតមានឡើងក្នុងអំឡុងពេលមានផ្ទៃពោះផងដែរ
- ការបត់ជើងធំ៖ អ្នកដែលបរិភោគអាហារមានជាតិសរសៃតិច អាចនឹងត្រូវប្រឹងខ្លាំងនៅពេលបត់ជើងធំ ដែលបណ្តាលមកពីការទល់លាមក
- ការលើករបស់ធ្ងន់៖ ការលើកទម្ងន់ធ្ងន់ៗជាទៀងទាត់ ធ្វើឱ្យមានសម្ពាធដល់តំបន់រន្ធទ្វារបាត ដែលអាចបង្កឱ្យមានស្ថានភាពជំងឺនេះ
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺឫសដូងបាតតាមរយៈការវាយតម្លៃលើរោគសញ្ញារួមផ្សំជាមួយនឹងការពិនិត្យរាងកាយ។ នីតិវិធីបន្ថែមដែលអាចនឹងត្រូវយកមកប្រើប្រាស់ រួមមាន៖
- ការពិនិត្យដោយស្ទាប៖ គ្រូពេទ្យនឹងពាក់ស្រោមដៃ លាបសារធាតុរអិល រួចបញ្ចូលម្រាមដៃទៅក្នុងទ្វារលាមក ដើម្បីពិនិត្យមើលភាពមិនប្រក្រតី ឬដុំសាច់ផ្សេងៗ
- ការពិនិត្យដោយមើលផ្ទាល់ភ្នែក៖ ឫសដូងបាតខាងក្នុង ជារឿយៗមានសភាពទន់ពេកដែលមិនអាចដឹងបានតាមរយៈការស្ទាបទ្វារលាមកឡើយ ហេតុនេះគ្រូពេទ្យអាចនឹងប្រើប្រាស់ឧបករណ៍ឆ្លុះរន្ធទ្វារបាត ឧបករណ៍ឆ្លុះទ្វារលាមក ឬឧបករណ៍ឆ្លុះពោះវៀនធំផ្នែកខាងក្រោម ដើម្បីមើលផ្នែកខាងក្រោមនៃពោះវៀនធំ និងទ្វារលាមក
ការធ្វើតេស្តទាំងនេះអាចធ្វើឱ្យមានអារម្មណ៍មិនស្រណុកបន្តិចបន្តួច ប៉ុន្តែជាទូទៅមិនបង្កការឈឺចាប់នោះទេ។ ពួកវាច្រើនតែត្រូវបានអនុវត្តនៅក្នុងបន្ទប់ពិគ្រោះរបស់គ្រូពេទ្យ ឬមជ្ឈមណ្ឌលពិនិត្យជំងឺក្រៅ ហើយអ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបាននៅក្នុងថ្ងៃតែមួយ។
ក្នុងករណីខ្លះ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការឆ្លុះពិនិត្យពោះវៀនធំទាំងមូល ជាពិសេសប្រសិនបើ៖
- រោគសញ្ញានានាបង្ហាញពីលទ្ធភាពនៃបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត
- មានកត្តាហានិភ័យនៃជំងឺមហារីកពោះវៀនធំ
- អ្នកជំងឺស្ថិតក្នុងវ័យកណ្តាល ហើយមិនធ្លាប់បានធ្វើការឆ្លុះពោះវៀនធំនាពេលថ្មីៗនេះ
ការឆ្លុះពោះវៀនធំ អាចត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ពីលទ្ធផលដែលរកឃើញពីការតេស្តផ្សេងៗ ឬដើម្បីស្វែងរកសញ្ញានៃជំងឺមហារីកពោះវៀនធំ។ នីតិវិធីនេះត្រូវបានធ្វើឡើងក្នុងទម្រង់ជាអ្នកជំងឺក្រៅ និងតម្រូវឱ្យមានការប្រើថ្នាំសន្លប់ ឬថ្នាំបំបាត់ការឈឺចាប់។
ការព្យាបាល
ក្នុងករណីជាច្រើន ជំងឺឫសដូងបាតមានទំនោរនឹងជាសះស្បើយទៅវិញដោយខ្លួនឯង ដោយមិនបាច់ត្រូវការការព្យាបាលនោះទេ។ រោគសញ្ញាដូចជាការមិនស្រណុកក្នុងខ្លួន និងការហូរឈាម ជាទូទៅមានរយៈពេលប្រហែលមួយសប្តាហ៍ ឬយូរជាងនេះបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការព្យាបាលជាការចាំបាច់ វាអាចរួមបញ្ចូលនូវវិធីសាស្ត្រដូចខាងក្រោម៖
- ការព្យាបាលនៅផ្ទះ តាមរយៈការព្យាបាលនៅផ្ទះ អ្នកជំងឺជាញឹកញាប់អាចកាត់បន្ថយការឈឺចាប់បន្តិចបន្តួច ការហើម និងការរលាកនៃជំងឺឫសដូងបាតបាន
- អាហារដែលមានជាតិសរសៃខ្ពស់៖ បរិភោគគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែឱ្យបានច្រើន។ ការធ្វើបែបនេះនឹងជួយឱ្យលាមកមានសភាពទន់ ដែលជួយឱ្យអ្នកជំងឺជៀសវាងការប្រឹង ដែលការប្រឹងនេះអាចធ្វើឱ្យរោគសញ្ញានៃជំងឺឫសដូងបាតដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ។ ដើម្បីជៀសវាងបញ្ហាហើមពោះ ឬមានខ្យល់ក្នុងពោះ ត្រូវបន្ថែមជាតិសរសៃទៅក្នុងរបបអាហារបន្តិចម្តងៗ។ សូមព្យាយាមបរិភោគជាតិសរសៃឱ្យបានពី ២០ ទៅ ៣៥ ក្រាមជារៀងរាល់ថ្ងៃ
- ការព្យាបាលដោយលាប ឬសុល៖ លាបឡេ ឬក្រែមលាបឫសដូងបាតដែលមានផ្ទុកសារធាតុអ៊ីដ្រូកូទីសូន ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ឬប្រើប្រាស់ថ្នាំសុល (Suppository) ឬប្រើបន្ទះស្អំដែលមានជាតិ Witch hazel ឬសារធាតុបំបាត់ការឈឺចាប់
- ការត្រាំទឹកក្តៅឧណ្ហៗជាប្រចាំ ឬការត្រាំស៊ីតបាត (Sitz bath)៖ ត្រូវត្រាំតំបន់រន្ធទ្វារបាតនៅក្នុងទឹកក្តៅឧណ្ហៗធម្មតា រយៈពេលពី ១០ ទៅ ១៥ នាទី ឱ្យបានពីរទៅបីដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើប្រាស់ធុងត្រាំ Sitz bath ដែលអាចដាក់ត្រូវល្មមពីលើចានបង្គន់
រោគសញ្ញាជំងឺឫសដូងបាតជាទូទៅតែងតែបាត់ទៅវិញក្នុងរយៈពេលមួយសប្តាហ៍ ជាមួយនឹងវិធីព្យាបាលទាំងនេះ។ ប្រសិនបើអ្នកជំងឺមិនឃើញមានការធូរស្រាលក្នុងរយៈពេលមួយសប្តាហ៍ ឬលឿនជាងនេះ (ក្នុងករណីមានការឈឺចាប់ខ្លាំង ឬហូរឈាមខ្លាំង) ពួកគេគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
- ការប្រើប្រាស់ថ្នាំ ក្នុងករណីមានសភាពមិនស្រណុកក្នុងខ្លួនបន្តិចបន្តួចដែលបង្កឡើងដោយជំងឺឫសដូងបាត គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើប្រាស់ក្រែម លាប ថ្នាំបាញ់ ថ្នាំសុល ឬបន្ទះស្អំ ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ដែលមានផ្ទុកសារធាតុដូចជា Witch hazel, Hydrocortisone ឬ Lidocaine ដើម្បីជួយសម្រាលការឈឺចាប់ និងការរមាស់ជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ណាស់ដែលត្រូវអនុវត្តតាមការណែនាំវេជ្ជសាស្ត្រ និងជៀសវាងការប្រើប្រាស់ក្រែមស្តេរ៉ូអ៊ីត ក្នុងរយៈពេលយូរ ព្រោះវាអាចធ្វើឱ្យស្បែកស្តើង
- នីតិវិធីព្យាបាលបែបពាក់កណ្តាលវះកាត់ គ្រូពេទ្យអាចនឹងណែនាំនូវនីតិវិធីព្យាបាលបែបពាក់កណ្តាលវះកាត់ណាមួយ សម្រាប់ករណីជំងឺឫសដូងបាតដែលរំខានខ្លាំង ឬនៅតែបន្តហូរឈាមមិនឈប់។ នីតិវិធីទាំងនេះអាចត្រូវបានអនុវត្តនៅក្នុងបន្ទប់ពិគ្រោះរបស់គ្រូពេទ្យ ឬទីតាំងពិនិត្យជំងឺក្រៅផ្សេងទៀត ដោយមិនចាំបាច់ប្រើថ្នាំសន្លប់ពេញមួយតួខ្លួនឡើយ
- ការវះកាត់យកកំណកឈាមឫសដូងបាតខាងក្រៅចេញ៖ គ្រូពេទ្យអាចវះកាត់យកដុំឫសដូងបាតខាងក្រៅចេញ ប្រសិនបើមានកំណកឈាមបង្កឱ្យឈឺចាប់ វិវត្តនៅខាងក្នុងនោះ ដែលវិធីនេះអាចផ្តល់ការធូរស្រាលបានភ្លាមៗ។ លទ្ធផលល្អបំផុតគឺទទួលបាននៅពេលដែលបច្ចេកទេសប្រើថ្នាំក្នុងតំបន់នេះ ត្រូវបានអនុវត្តក្នុងរង្វង់ ៧២ ម៉ោងបន្ទាប់ពីកំណកឈាមបានកកើតឡើង
- ការចងឫសដូងបាត៖ រួមបញ្ចូលទាំងការដាក់ខ្សែប្រទាក់កៅស៊ូតូចៗជុំវិញគល់នៃឫសដូងបាតខាងក្នុង ដើម្បីកាត់ផ្តាច់លំហូរឈាម និងជួយឱ្យដុំឫសដូងបាតនោះជ្រុះចេញនៅពេលក្រោយ។ ជាទូទៅ ដំណើរការនេះនាំឱ្យដុំឫសដូងបាត និងជ្រុះចេញក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែវាអាចអមមកជាមួយនូវការមិនស្រណុកក្នុងខ្លួន និងការហូរឈាមតិចតួច ដែលច្រើនតែកើតឡើងចន្លោះពីពីរទៅបួនថ្ងៃបន្ទាប់ពីធ្វើនីតិវិធី។ ការហូរឈាមធ្ងន់ធ្ងរគឺកម្រកើតមានណាស់ ប៉ុន្តែអាចទៅរួច ហើយវាក៏មានហានិភ័យបន្តិចបន្តួចនៃផលវិបាកធ្ងន់ធ្ងរផ្សេងទៀតផងដែរ
- ការចាក់ថ្នាំធ្វើឱ្យស្វិត៖ ដើម្បីធ្វើឱ្យជាលិកាឫសដូងបាតរួមតូច គ្រូពេទ្យនឹងចាក់សារធាតុគីមីរាវចូលទៅក្នុងដុំឫសដូងបាតនោះ។ ទោះបីជាការចាក់នេះមិនបង្កការឈឺចាប់ក៏ដោយ ប៉ុន្តែវាអាចនឹងមិនមានប្រសិទ្ធភាពខ្លាំងដូចវិធីចងកៅស៊ូនោះទេ
- ការដុតកម្តៅដោយកាំរស្មីអ៊ីនហ្វ្រារ៉េដ (Infrared, laser, or bipolar coagulation)៖ វិធីសាស្ត្រដុតនេះ ប្រើប្រាស់កម្តៅ កាំរស្មីអ៊ីនហ្វ្រារ៉េដ ឬឡាស៊ែរ។ វាធ្វើឱ្យឫសដូងបាតខាងក្នុងដែលមានទំហំតូច និងកំពុងហូរឈាម មានសភាពរឹង និងស្វិតទៅវិញ។ វិធីសាស្ត្រដុតកកនេះច្រើនតែបង្កការឈឺចាប់តិចតួច និងមានផលប៉ះពាល់អវិជ្ជមានតិចតួចប៉ុណ្ណោះ
- នីតិវិធីវះកាត់ មនុស្សភាគច្រើនដែលមានជំងឺឫសដូងបាត មិនចាំបាច់ធ្វើការវះកាត់នោះឡើយ។ ប៉ុន្តែប្រសិនបើវិធីសាស្ត្រមុនៗមិនមានប្រសិទ្ធភាព ឬអ្នកជំងឺមានដុំឫសដូងបាតទំហំធំខ្លាំង គ្រូពេទ្យអាចនឹងណែនាំនូវវិធីសាស្ត្រណាមួយដូចខាងក្រោម៖
- ការវះកាត់កាត់ឫសដូងបាតចេញ៖ ឫសដូងបាតខាងក្រៅដែលមានទំហំធំ ឬឫសដូងបាតខាងក្នុងដែលលៀនចេញមកក្រៅ នឹងត្រូវកាត់ចេញតាមរយៈការវះកាត់។ គ្រូពេទ្យវះកាត់នឹងកាត់ចោលនូវជាលិកាលើសដែលនាំឱ្យមានការហូរឈាម ដោយប្រើប្រាស់វិធីសាស្ត្រណាមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន។ ការប្រើថ្នាំសន្លប់ទូទៅ ការចាក់ថ្នាំស្ពឹកចូលឆ្អឹងកងខ្នង ឬការប្រើថ្នាំស្ពឹកក្នុងតំបន់រួមផ្សំជាមួយនឹងថ្នាំបន្ធូរអារម្មណ៍ សុទ្ធតែអាចយកមកប្រើប្រាស់បានក្នុងអំឡុងពេលដំណើរការវះកាត់
វិធីសាស្ត្រ Hemorrhoidectomy គឺជាវិធីសាស្ត្រហ្មត់ចត់ និងមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺឫសដូងបាតកម្រិតធ្ងន់ធ្ងរ ឬកើតឡើងដដែលៗ។ បន្ទាប់ពីនីតិវិធីនេះ អ្នកជំងឺភាគច្រើននឹងមានការឈឺចាប់ខ្លះ ដែលការប្រើប្រាស់ថ្នាំអាចជួយសម្រាលបាន។ ការត្រាំទឹកក្តៅឧណ្ហៗក៏អាចមានប្រយោជន៍ផងដែរ
- ការវះកាត់ឫសដូងបាតដោយប្រើម៉ាស៊ីន stapling៖ ឫសដូងបាតខាងក្នុងត្រូវបានកាត់ចេញដោយប្រើឧបករណ៍ Stapling។ ម្យ៉ាងវិញទៀត វានឹងជួយទាញរក្សាដុំឫសដូងបាតខាងក្នុងដែលលៀន ឱ្យស្ថិតនៅខាងក្នុងរន្ធទ្វារបាតវិញ។ បច្ចេកទេស Staples នេះ គឺជាបច្ចេកទេសដែលជួយបញ្ឈប់លំហូរឈាមទៅកាន់ជាលិកាឫសដូងបាត
ជាទូទៅ វិធីសាស្ត្រ Hemorrhoidectomy បង្កការឈឺចាប់ខ្លាំងជាងវិធីសាស្ត្រ Stapling ដែលវិធីសាស្ត្រ Stapling នេះអនុញ្ញាតឱ្យអ្នកជំងឺអាចត្រឡប់ទៅបំពេញសកម្មភាពធម្មតាវិញបានលឿនជាង។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រ Stapling ត្រូវបានគេរកឃើញថាមានអត្រានៃការកើតឡើងវិញខ្ពស់ជាង និងអាចមានហានិភ័យលៀនទ្វារលាមក (Rectal prolapse – ដែលផ្នែកមួយនៃទ្វារលាមកលៀនចេញពីរន្ធទ្វារបាត) បើប្រៀបធៀបទៅនឹងវិធីវះកាត់ Hemorrhoidectomy
