ទិដ្ឋភាពទូទៅ

រោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហម (Hemolytic uremic syndrome – HUS) គឺជាស្ថានភាពជំងឺមួយដែលរំខានដល់សរសៃឈាមតូចៗនៅក្នុងតម្រងនោម ដែលនាំឱ្យមានការបំផ្លិចបំផ្លាញកោសិកាគ្រាប់ឈាមក្រហម និងការធ្លាក់ចុះនៃចំនួនប្លាកែត ដែលជាកោសិកាដ៏សំខានសម្រាប់ដំណើរការកកឈាម។ ខណៈពេលដែលជំងឺនេះអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ វាកើតឡើងចម្បង និងមានឥទ្ធិពលខ្លាំងលើកុមារតូចៗ។

មូលហេតុចម្បងនៃរោគសញ្ញា HUS គឺដោយសារតែបាក់តេរី អេសេរីសៀ កូឡៃ ឬ អ៊ីកូឡៃ (Escherichia coli – E. coli) ពូជជាក់លាក់មួយចំនួន។ រោគសញ្ញាជាទូទៅរួមមាន រាគ, ឈឺពោះ, ការកើនឡើងសម្ពាធឈាម (លើសឈាម) និងការថយចុះនៃការបញ្ចេញទឹកនោម។ ទោះបីជាតម្រងនោមជារបស់ដែលរងផលប៉ះពាល់ចម្បងក៏ដោយ ក៏សរីរាង្គផ្សេងទៀតក៏អាចរងការប៉ះពាល់ផងដែរ។

រោគសញ្ញា HUS អាចវិវត្តទៅជាជំងឺខ្សោយតម្រងនោម ដែលបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលទាន់ពេលវេលាច្រើនតែផ្តល់លទ្ធផលឱ្យមានការជាសះស្បើយឡើងវិញទាំងស្រុង ជាពិសេសចំពោះកុមារ។ ការព្យាបាលជាទូទៅរួមមាន ការផ្តល់វត្ថុរាវ (សេរ៉ូម) តាមសរសៃឈាម, ប្លាស្មាឈាម និងការប្រើប្រាស់ថ្នាំ។

រោគសញ្ញា

ជាទូទៅ រោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហម បង្កការខូចខាតដល់សរសៃឈាម ដែលនាំឱ្យមានការបែកធ្លាយរលាយនៃកោសិកាគ្រាប់ឈាមក្រហម និងការកកក្ដាំងដុំឈាមនៅក្នុងសរសៃឈាម ដែលចុងក្រោយបង្អស់បណ្តាលឱ្យខូចខាតតម្រងនោម។

រោគសញ្ញានៃការខូចខាតតម្រងនោមស្រួចស្រាវរួមមាន៖

  • ការនោមតិច ឬការថយចុះនៃការផលិតទឹកនោម
  • មានឈាមនៅក្នុងទឹកនោម (នោមឈាម)
  • អស់កម្លាំង និងមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដោយសារការកើនឡើងនៃកម្រិតជាតិពុលក្នុងឈាម
  • អស់កម្លាំងខ្លាំង ឬល្វើយខ្លាំង
  • ងាយឡើងស្នាមជាំនៅលើស្បែក
  • ការកើនឡើងសម្ពាធឈាម ឬជំងឺលើសឈាម
  • ការហើមនៅត្រង់ដៃ មុខ កជើង ឬកើតមាននៅផ្នែកផ្សេងទៀតនៃរាងកាយក្នុងករណីមិនសូវជួបប្រទះ
  • ការពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ
  • វិលមុខ, ប្រកាច់ ឬដាច់សរសៃឈាមខួរក្បាល
  • ស្បែក ឬភ្នាសរំអិលនៅក្នុងច្រមុះ និងមាត់មើលទៅស្លេកស្លាំង

រោគសញ្ញានៃ HUS ដែលបង្កឡើងដោយបាក់តេរី E. coli អាចរួមមានការរាគមានឈាម (រាគមូល), ឈឺពោះ, ហើមពោះ, ក្តៅខ្លួន និងក្អួត។

ការថែទាំសង្គ្រោះបន្ទាន់ភ្លាមៗគឺជារឿងចាំបាច់បំផុត ប្រសិនបើគ្មានការបញ្ចេញទឹកនោមសោះក្នុងរយៈពេល ១២ ម៉ោង ឬយូរជាងនេះ។ ជាទូទៅ ត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើជួបប្រទះការរាគមានឈាម ឬរាគអូសបន្លាយពេលយូរ រួមផ្សំជាមួយនឹងការថយចុះនៃការនោម, ការហើមខ្លួន, ឡើងស្នាមជាំ, ការហូរឈាមខុសប្រក្រតី ឬអស់កម្លាំងខ្លាំងហួសហេតុ។

​​ មូលហេតុ

ភាគច្រើននៃបាក់តេរី E. coli វ៉ារ្យ៉ង់ (ប្រភេទ) ផ្សេងៗជាច្រើន គឺជារឿងធម្មតា និងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជម្រើសពូជជាក់លាក់មួយចំនួននៃ E. coli មានសក្តានុពលអាចបង្កឱ្យមានរោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហមនេះបាន។

រោគសញ្ញា HUS នេះ គឺបង្កឡើងដោយសារបាក់តេរី E. coli ពូជជាក់លាក់ ដោយក្នុងនោះប្រភេទដែលជួបប្រទះញឹកញាប់បំផុតគឺ E. coli O157:H7 នៅតំបន់អាមេរិកខាងជើង។ ពួកវាត្រូវបានគេស្គាល់ផងដែរថាជា បាក់តេរី E. coli ដែលផលិតជាតិពុលស៊ីហ្គា (Shiga toxin-producing E. coli – STEC) ដែលបញ្ចេញជាតិពុលម្យ៉ាងឈ្មោះថា ស៊ីហ្គា (Shiga) ទៅបំផ្លាញស្រទាប់ខាងក្នុងនៃពោះវៀនតូច រហូតបណ្តាលឱ្យមានការរាគរូស។

ចំណែកឯ រោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហមខុសប្រក្រតី (Atypical hemolytic uremic syndrome – aHUS) គឺជាទម្រង់កម្រមួយនៃស្ថានភាពជំងឺនេះ ដែលអាចតំណពូជនៅក្នុងគ្រួសារ។ ទោះបីជាមិនមែនគ្រប់គ្នាដែលមានហ្សែន aHUS សុទ្ធតែវិវត្តទៅជារោគសញ្ញាជំងឺនេះក៏ដោយ ប៉ុន្តែកត្តាមួយចំនួនដូចជា ការឆ្លងមេរោគ, ថ្នាំជាក់លាក់ ឬបញ្ហាសុខភាពលាក់កំបាំងផ្សេងទៀត អាចជម្រុញឱ្យជំងឺនេះស្តែងចេញជារូបរាងឡើង។

រោគសញ្ញា HUS ក៏អាចបណ្តាលមកពី៖

  • ការឆ្លងមេរោគផ្សេងៗ៖ ដូចជា វីរុសគ្រុនផ្តាសាយ, ការឆ្លងមេរោគអេដស៍ (HIV) និងការឆ្លងមេរោគបាក់តេរីបណ្តាលឱ្យរលាកសួត
  • ផលវិបាកនៃស្ថានភាពជំងឺដែលមានស្រាប់៖ ដូចជា អំឡុងពេលមានផ្ទៃពោះ ឬជំងឺដូចជា ជំងឺមហារីក ឬជំងឺអូតូអ៊ុយមីន
  • ថ្នាំជាក់លាក់មួយចំនួន៖ ដូចជា ថ្នាំដែលប្រើដើម្បីការពារការប្រឆាំងសរីរាង្គចំពោះអ្នកដែលបានទទួលការផ្លាស់ប្តូរសរីរាង្គ និងការព្យាបាលជំងឺមហារីកមួយចំនួន

កត្តាហានិភ័យ

រោគសញ្ញា HUS ដែលបង្កឡើងដោយបាក់តេរី E. coli ច្រើនតែឆ្លងតាមរយៈការបរិភោគអាហារ និងភេសជ្ជៈដែលចម្អិនមិនបានឆ្អិនល្អ ឬមានផ្ទុកមេរោគ ដូចជា សាច់គោចិញ្ច្រាំ, ទឹកដោះគោ ឬទឹកផ្លែឈើដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគ និងផ្លែឈើ ឬបន្លែស្រស់ៗដែលមិនបានលាងសម្អាតឱ្យបានស្អាតល្អ។

បាក់តេរី E. coli ក៏អាចរីករាលដាលតាមរយៈការប៉ះពាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមផ្លូវលាមក-មាត់ ដូចជា ការហែលទឹកនៅក្នុងអាង ឬបឹងបួរដែលមានការបំពុលដោយកាកសំណល់លាមកដែលមានផ្ទុកបាក់តេរីនេះជាដើម។

បុគ្គលដែលមានហានិភ័យខ្ពស់បំផុតក្នុងការវិវត្តទៅជារោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហម រួមមាន កុមារដែលមានអាយុចាប់ពី ៥ ឆ្នាំចុះក្រោម, បុគ្គលដែលមានប្រព័ន្ធស៊ាំចុះទន់ខ្សោយ និងអ្នកដែលមានការប្រែប្រួលហ្សែនជាក់លាក់ (ហ្សែនបំប្លែងខ្លួន)។

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យរោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហម (HUS) ជាទូទៅទាមទារនូវការធ្វើតេស្តជាបន្តបន្ទាប់ និងការពិនិត្យរាងកាយយ៉ាងល្អិតល្អន់។ តេស្តនីមួយៗត្រូវបានរចនាឡើងដើម្បីស្វែងរកសញ្ញាសម្គាល់ផ្សេងៗដែលបង្ហាញពីប្រភពនៃរោគសញ្ញានេះ។ នៅពេលដែលមូលហេតុបង្កនៃ HUS មិនទាន់ច្បាស់លាស់ ការពិនិត្យវិភាគបន្ថែមនឹងត្រូវធ្វើឡើងដើម្បីកំណត់ឱ្យចំកត្តាលាក់កំបាំងដែលរួមចំណែកដល់ស្ថានភាពជំងឺ។

ការពិនិត្យវិភាគដែលអាចនឹងត្រូវណែនាំរួមមាន៖

  • ការពិនិត្យឈាម៖ អំឡុងពេលនីតិវិធីនេះ ម្ជុលតូចមួយត្រូវបានប្រើដើម្បីបូមយកគំរូឈាមពីសរសៃឈាមវ៉ែននៅត្រង់ដៃ។ ការពិនិត្យឈាមផ្តល់ព័ត៌មានអំពីកម្រិតកោសិកាគ្រាប់ឈាមក្រហម និងប្លាកែត ព្រមទាំងផ្តល់ការយល់ដឹងស៊ីជម្រៅអំពីមុខងារតម្រងនោម និងថ្លើម។ តេស្តនេះអាចរកឃើញការខូចខាត ឬការបែកធ្លាយនៃគ្រាប់ឈាមក្រហម
  • ការពិនិត្យទឹកនោម៖ ការពិនិត្យនេះស្វែងរកវត្តមាននៃឈាម ឬប្រូតេអ៊ីន (អាល់ប៊ូមីន) នៅក្នុងទឹកនោម។ គំរូទឹកនោមជាទូទៅត្រូវបានប្រមូលដាក់ក្នុងកំប៉ុងពិសោធន៍ រួចបន្ទះតេស្ត នឹងត្រូវជ្រលក់ចូលទៅក្នុងនោះ។ ប្រសិនបើមានឈាម ឬប្រូតេអ៊ីននៅក្នុងទឹកនោម ពណ៌របស់បន្ទះតេស្តនឹងផ្លាស់ប្តូរ
  • ការពិនិត្យលាមក និងការធ្វើកោសល្យវិច័យតម្រងនោម៖ ការពិនិត្យលាមកត្រូវបានធ្វើឡើងដើម្បីកំណត់អត្តសញ្ញាណនៃវត្តមានបាក់តេរី E. coli O157 ហើយការកាត់សាច់តម្រងនោមទៅពិនិត្យ អាចនឹងត្រូវអនុវត្តដើម្បីបង្ហាញពីកម្រិតនៃការខូចខាតដល់តម្រងនោម

ការព្យាបាល

រោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហម គឺជាជំងឺដែលអាចព្យាបាលបាន។ បុគ្គលដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមាន HUS អាចសម្រេចបាននូវការជាសះស្បើយឡើងវិញ ដោយមិនបន្សល់ទុកនូវផលវិបាកសុខភាពយូរអង្វែងឡើយ។ ជាទូទៅ កុមារមានអត្រាជាសះស្បើយល្អជាងមនុស្សធំ ហើយច្រើនជាង ៨៥% នៃអ្នកជំងឺ HUS អាចស្តារមុខងារតម្រងនោមមកពេញលេញឡើងវិញបាន។

ដើម្បីប៉ះប៉ូវ និងជំនួសសមត្ថភាពរបស់តម្រងនោមដែលមិនអាចបញ្ចេញកាកសំណល់ និងជាតិទឹកបានល្អដូចមុន ការព្យាបាលតម្រូវឱ្យមានការបំពេញបន្ថែមនូវជាតិរ៉ែ និងវត្ថុរាវ (សេរ៉ូម) ដែលបានបាត់បង់។ វាក៏អាចរាប់បញ្ចូលទាំងការផ្តល់សារធាតុចិញ្ចឹមតាមសរសៃឈាមផងដែរ។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺជារឿងចាំបាច់ដាច់ខាតសម្រាប់ការព្យាបាលរោគសញ្ញានេះ។

  • ការប្រើប្រាស់ថ្នាំ សម្រាប់បុគ្គលដែលមានរោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវដោយសារបែកគ្រាប់ឈាមក្រហមខុសប្រក្រតី (aHUS) គ្រូពេទ្យអាចនឹងណែនាំថ្នាំ eculizumab ឬ ravulizumab ដើម្បីការពារការកកើតដុំឈាមកកដែលអាចបង្កគ្រោះថ្នាក់ដល់សរសៃឈាម កោសិកាឈាម និងតម្រងនោម។

ថ្នាំបញ្ចុះសម្ពាធឈាមអាចនឹងត្រូវយកមកប្រើប្រាស់ដើម្បីព្យាបាលការខូចខាតតម្រងនោមដែលពាក់ព័ន្ធនឹង HUS ដែលអូសបន្លាយពេលមួយរយៈ។

ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ឱសថទាំងនេះបង្កើនហានិភ័យនៃជំងឺរលាកស្រោមខួរ (meningococcal) និងជំងឺឆ្លងបង្កដោយពួកញូណូកូក (pneumococcal diseases) ដូច្នេះការចាក់វ៉ាក់សាំង និងការផ្តល់ថ្នាំផ្សះការពារអាចនឹងត្រូវផ្តល់ជូនតាមវេជ្ជបញ្ជាទន្ទឹមគ្នា។

  • ការបញ្ចូលឈាម ការបញ្ចូលកោសិកាគ្រាប់ឈាមក្រហមអាចមានប្រយោជន៍ក្នុងការសម្រាលរោគសញ្ញានៃជំងឺស្លេកស្លាំង។

ការបញ្ចូលប្លាកែតអាចជួយជម្រុញដំណើរការកកឈាមឱ្យល្អប្រសើរឡើង សម្រាប់បុគ្គលដែលជួបប្រទះអាការៈងាយឡើងស្នាមជាំ ឬហូរឈាមខុសធម្មតា។ នីតិវិធីនេះច្រើនតែធ្វើឡើងតាមរយៈសរសៃឈាមអំឡុងពេលសម្រាកក្នុងមន្ទីរពេទ្យ

  • ការវះកាត់ និងនីតិវិធីផ្សេងៗ នីតិវិធីជាក់លាក់មួយចំនួនអាចជួយដល់ការព្យាបាលរួមមាន៖
    • ការផ្លាស់ប្តូរប្លាស្មាឈាម (Plasma exchange)៖ នីតិវិធីនេះរួមបញ្ចូលទាំងការប្រើប្រាស់ម៉ាស៊ីនដើម្បីជម្រុញ និងលាងជម្រះយកផ្នែករាវនៃឈាម (ដែលហៅថា ប្លាស្មា) ចេញ រួចជំនួសមកវិញនូវប្លាស្មាថ្មីស្រស់ ឬប្លាស្មាកករបស់អ្នកបរិច្ចាគ ដើម្បីជួយសម្រួលដល់ចរន្តឈាមរត់នៃកោសិកាឈាម និងប្លាកែត
    • ការលាងឈាម ៖ ទោះបីជាការលាងឈាមជារឿយៗធ្វើឡើងជាបណ្តោះអាសន្នក៏ដោយ ប៉ុន្តែបុគ្គលដែលមានការខូចខាតតម្រងនោមធ្ងន់ធ្ងរខ្លាំង អាចនឹងតម្រូវឱ្យមានការលាងតម្រងនោមអូសបន្លាយពេលយូរ។ ដំណើរការនេះដើរតួនាទីក្នុងការកម្ចាត់កាកសំណល់ និងជាតិទឹកដែលលើសចេញពីឈាម ដោយជាទូទៅត្រូវបានអនុវត្តរហូតទាល់តែតម្រងនោមអាចស្តារមុខងារធម្មតាឡើងវិញ
    • ការប្តូរសរីរាង្គតម្រងនោម៖ វិធីសាស្ត្រនេះអាចជារឿងចាំបាច់បំផុត សម្រាប់បុគ្គលដែលទទួលរងការខូចខាតតម្រងនោមធ្ងន់ធ្ងរខ្លាំងកម្រិតចុងក្រោយ (ខូចតម្រងនោមអចិន្ត្រៃយ៍)

Doctors who treat this condition