រោគសញ្ញាខ្សោយតម្រងនោមស្រួចស្រាវ
ទិដ្ឋភាពទូទៅ
រោគសញ្ញាគ្រាប់ឈាមក្រហមបែកនិងខ្សោយតម្រងនោមស្រួចស្រាវ ឬហៅកាត់ថា HUS (Hemolytic Uremic Syndrome) គឺជាស្ថានភាពធ្ងន់ធ្ងរមួយ ដែលបង្កឡើងដោយការរលាក និងការខូចខាតដល់សរសៃឈាមតូចៗ។ វាបណ្តាលឱ្យមានកំណកឈាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោម និងសរីរាង្គផ្សេងទៀត ហើយថែមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតដោយសារការខ្សោយតម្រងនោមទៀតផង។ ទោះបីជាមនុស្សគ្រប់រូបអាចកើតជំងឺ HUS នេះក៏ដោយ ប៉ុន្តែវាច្រើនតែកើតមានលើកុមារតូចៗ ហើយភាគច្រើនបំផុតគឺបង្កឡើងដោយសារការឆ្លងបាក់តេរី អ៊ីកូឡី (E. coli) មួយចំនួន។ មូលហេតុផ្សេងទៀតអាចរួមមាន ការឆ្លងមេរោគផ្សេងៗ ការប្រើប្រាស់ថ្នាំមួយចំនួន និងស្ថានភាពសុខភាពដូចជា ការមានផ្ទៃពោះ ជំងឺមហារីក ឬជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ព្រមទាំងការប្រែប្រួលហ្សែនជាក់លាក់ផងដែរ។ ទោះបីជាវាជាជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែការទទួលបានការព្យាបាលទាន់ពេលវេលា ច្រើនតែអាចឱ្យអ្នកជំងឺជាសះស្បើយទាំងស្រុង ជាពិសេសចំពោះកុមារតូចៗ។
រោគសញ្ញា
រោគសញ្ញា HUS គឺជាស្ថានភាពដ៏ស្មុគស្មាញមួយ ដែលអាចមានរោគសញ្ញាខុសៗគ្នា អាស្រ័យទៅលើមូលហេតុបង្ករបស់វា។ នៅពេលដែលជំងឺ HUS នេះត្រូវបានបង្កឡើងដោយការឆ្លងបាក់តេរី E. coli រោគសញ្ញាដំបូងៗច្រើនតែរួមមាន៖
- បញ្ហាប្រព័ន្ធរំលាយអាហារ៖
- រាគ (អាចមានឈាម)
- ឈឺពោះ រមួលពោះ ឬហើមពោះ
- ចង្អោរ ក្អួត
- មានគ្រុនក្តៅ
នៅពេលដែលជំងឺ HUS វិវត្តកាន់តែធ្ងន់ធ្ងរ វាបង្កការខូចខាតយ៉ាងខ្លាំងដល់សរសៃឈាម ដែលបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាច្រើន ដោយសារតែការខ្វះឈាម កំណកឈាម និងការខូចខាតតម្រងនោម៖
- ការខ្វះឈាម និងកំណកឈាម៖
- ស្បែកស្លេកស្លាំង
- អស់កម្លាំងខ្លាំង
- ងាយឡើងជាំខ្មៅនៅលើស្បែក
- មានការហូរឈាមខុសធម្មតា (ឧទាហរណ៍៖ ហូរឈាមច្រមុះ ឬតាមមាត់)
- ការខូចខាតតម្រងនោម៖
- បរិមាណទឹកនោមថយចុះ ឬមានឈាមក្នុងទឹកនោម
- មានសភាពហើម នៅជើង ប្រអប់ជើង កជើង ហើយជួនកាលអាចហើមនៅមុខ ដៃ ឬពេញមួយតួខ្លួនតែម្តង
- លើសឈាម (សម្ពាធឈាមខ្ពស់)
- រោគសញ្ញាប្រព័ន្ធប្រសាទ៖ វង្វេងវង្វាន់ ប្រកាច់ ឬដាច់សរសៃឈាមខួរក្បាល
សញ្ញាសំគាល់ទាំងបីនៃជំងឺ HUS
សញ្ញាវេជ្ជសាស្ត្រចម្បងទាំងបីដែលបញ្ជាក់ពីជំងឺ HUS រួមមាន៖
- Microangiopathic hemolytic anemia៖ ការខូចខាត និងការបែកគ្រាប់ឈាមក្រហម
- Thrombocytopenia៖ ការធ្លាក់ចុះជាលំដាប់នៃចំនួនប្លាកែត (កោសិកាជួយឱ្យឈាមកក)
- Acute kidney injury៖ ការចុះខ្សោយមុខងារតម្រងនោមភ្លាមៗ (ខ្សោយតម្រងនោមស្រួចស្រាវ)
សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ប្រសិនបើអ្នក ឬកូនរបស់អ្នកមានរោគសញ្ញា៖
- រាគមានឈាម
- រាគរូសរ៉ាំរ៉ៃដែលនាំឱ្យមានរោគសញ្ញាដូចជា៖
- ការនោមតិចជាងមុន
- មានសភាពហើម
- មានស្នាមជាំ ឬហូរឈាមខុសធម្មតា
- អស់កម្លាំងខ្លាំង
សូមស្វែងរកការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យភ្លាមៗ ប្រសិនបើគ្មានការបត់ជើងតូច (អត់នោម) ចាប់ពី ១២ ម៉ោងឡើងទៅ។
មូលហេតុ
ជំងឺ HUS គឺជាស្ថានភាពធ្ងន់ធ្ងរ ដែលភាគច្រើនបង្កឡើងដោយសារការឆ្លងបាក់តេរី E. coli ក្នុងកម្រិតជាក់លាក់មួយ ជាពិសេសលើកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។ បាក់តេរីប្រភេទនេះបង្កើតជាតិពុលដ៏គ្រោះថ្នាក់ម្យ៉ាងហៅថា Shiga toxin ដែលធ្វើឱ្យគេហៅពួកវាថា បាក់តេរី E. coli ផលិតជាតិពុលហ្ស៊ីហ្គា (STEC)។
ទោះបីជាបាក់តេរី E. coli រាប់រយប្រភេទមិនបង្កគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែមានប្រភេទជាក់លាក់ខ្លះអាចនាំឱ្យកើតជំងឺ HUS នេះ។ ក្រៅពីបាក់តេរី E. coli នៅមានកត្តាផ្សេងទៀតដែលអាចបង្កឱ្យមានរោគសញ្ញានេះផងដែរ៖
- ការឆ្លងមេរោគផ្សេងទៀត៖ អាចរួមបញ្ចូលទាំងការឆ្លងបាក់តេរីតេតាណូស (Pneumococcal bacteria) មេរោគអេដស៍ (HIV) ឬមេរោគគ្រុនផ្តាសាយធំ
- ផលវិបាកពីជំងឺផ្សេងៗ៖ ក្នុងករណីកម្រ ស្ថានភាពដូចជាការមានផ្ទៃពោះ ជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯង ឬជំងឺមហារីក អាចបណ្តាលឱ្យកើត HUS
- ថ្នាំមួយចំនួន៖ រួមមានថ្នាំព្យាបាលជំងឺមហារីកមួយចំនួន និងថ្នាំការពារការប្រឆាំងសរីរាង្គថ្មីចំពោះអ្នកដែលបានប្តូរសរីរាង្គ
លើសពីនេះទៅទៀត ក៏មានទម្រង់មិនធម្មតាមួយនៃជំងឺ HUS (Atypical HUS) ដែលជាជំងឺតំណពូជ។ មនុស្សដែលមានហ្សែននៃទម្រង់នេះ មិនមែនសុទ្ធតែលេចចេញរោគសញ្ញាគ្រប់គ្នានោះទេ ប៉ុន្តែកត្តាដូចជា ការឆ្លងមេរោគ ការប្រើប្រាស់ថ្នាំជាក់លាក់ ឬបញ្ហាសុខភាពរ៉ាំរ៉ៃ អាចជម្រុញឱ្យជំងឺ HUS នេះលេចឡើងចំពោះអ្នកដែលមានហ្សែនតំណពូជនេះ។
កត្តាហានិភ័យ
ជំងឺ HUS ដែលបង្កឡើងដោយបាក់តេរី E. coli អាចកើតឡើងតាមរយៈផ្លូវប៉ះពាល់ផ្សេងៗ រួមមាន ការបរិភោគសាច់ ផ្លែឈើ ឬបន្លែដែលមានផ្ទុកមេរោគ, ការហែលទឹកក្នុងអាង ឬបឹងដែលមានប្រឡាក់លាមក, ឬការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកមេរោគ។ ហានិភ័យនៃការវិវត្តទៅជាជំងឺ HUS គឺខ្ពស់បំផុតចំពោះកុមារអាយុក្រោម ៥ ឆ្នាំ មនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកដែលមានហ្សែនងាយរងគ្រោះ។
ការឆ្លងបាក់តេរី E. coli ជាញឹកញាប់កើតចេញពីការញ៉ាំសាច់ដែលចំអិនមិនបានឆ្អិនល្អ (ជាពិសេសសាច់គោចិញ្ច្រាំ) ឬការបរិភោគទឹកដោះគោដែលមិនទាន់បានសម្លាប់មេរោគ, ទឹកផ្លែឈើ ឬបន្លែស្រស់ៗដែលមានផ្ទុកមេរោគ។ បន្ថែមពីនេះ បាក់តេរី E. coli អាចឆ្លងតាមរយៈផ្លូវលាមកទៅមាត់ ដែលនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃការលាងដៃឱ្យបានស្អាតល្អ បន្ទាប់ពីចូលបង្គន់, ផ្លាស់ប្តូរកន្ទបកូន ឬប៉ះពាល់សត្វធាតុ ព្រោះការខកខានមិនបានលាងដៃ អាចធ្វើឱ្យបាក់តេរីចូលទៅក្នុងរាងកាយតាមរយៈអាហារ ឬការប៉ះពាល់នឹងមាត់។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យរោគសញ្ញាគ្រាប់ឈាមក្រហមបែកនិងខ្សោយតម្រងនោមស្រួចស្រាវ (HUS) ជាទូទៅតម្រូវឱ្យមានការធ្វើតេស្តជាបន្តបន្ទាប់ និងការពិនិត្យរាងកាយយ៉ាងម៉ត់ចត់។ ការធ្វើតេស្តនីមួយៗត្រូវបានរៀបចំឡើងដើម្បីស្វែងរកសញ្ញាសម្គាល់ខុសៗគ្នាដែលបញ្ជាក់ពី រោគសញ្ញានេះ។ នៅពេលដែលមូលហេតុបង្កនៃជំងឺ HUS មិនទាន់ច្បាស់លាស់ គ្រូពេទ្យអាចនឹងធ្វើតេស្តបន្ថែមទៀតដើម្បីស្វែងរកឱ្យឃើញច្បាស់នូវកត្តាជំរុញដែលបណ្តាលឱ្យមានស្ថានភាពជំងឺនេះ។
ការធ្វើតេស្តដែលអាចនឹងត្រូវបញ្ជាឱ្យធ្វើ រួមមាន៖
- ការពិនិត្យឈាម៖ ក្នុងអំឡុងពេលដំណើរការនេះ គ្រូពេទ្យនឹងប្រើប្រាស់ម្ជុលតូចមួយដើម្បីបូមយកសំណាកឈាមពីសរសៃវ៉ែនដៃ។ ការពិនិត្យឈាមផ្តល់ព័ត៌មានអំពីកម្រិតគ្រាប់ឈាមក្រហម និងប្លាកែត ព្រមទាំងផ្តល់ទិន្នន័យអំពីមុខងាររបស់តម្រងនោម និងថ្លើម។ ការតេស្តនេះក៏អាចរកឃើញការខូចខាតនៃគ្រាប់ឈាមក្រហមផងដែរ
- ការពិនិត្យទឹកនោម៖ ការតេស្តនេះគឺដើម្បីស្វែងរកវត្តមានឈាម ឬប្រូតេអ៊ីននៅក្នុងទឹកនោម។ សំណាកទឹកនោមច្រើនតែត្រូវបានប្រមូលដាក់ក្នុងប្រដាប់ផ្ទុកមួយ បន្ទាប់មកបន្ទះតេស្ត នឹងត្រូវជ្រលក់ចូលទៅក្នុងក្រឡនោះ។ ប្រសិនបើមានឈាម ឬប្រូតេអ៊ីននៅក្នុងទឹកនោម ពណ៌របស់បន្ទះតេស្តនោះនឹងផ្លាស់ប្តូរ
- ការពិនិត្យលាមក និងការធ្វើកោសល្យវិច័យតម្រងនោម៖ ការពិនិត្យលាមកត្រូវបានធ្វើឡើងដើម្បីរកមើលវត្តមានរបស់បាក់តេរី E. coli O157 ហើយការកាត់សាច់ដុំតម្រងនោមយកទៅវិភាគ ត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការខូចខាតណាមួយនៅលើតម្រងនោម
ការព្យាបាល
ការបំពេញជាតិទឹក និងសារធាតុរ៉ែ
ការព្យាបាលមានគោលបំណងកាត់បន្ថយការធ្លាក់ចុះនៃមុខងារតម្រងនោម ដោយការបំពេញជាតិទឹក និងសារធាតុរ៉ែដែលបានបាត់បង់ ដែលនេះជាលទ្ធផលមកពីសមត្ថភាពតម្រងនោមចុះខ្សោយ មិនអាចចម្រោះកាកសំណល់ និងជាតិទឹកដែលលើសបានត្រឹមត្រូវ។ បន្ថែមពីនេះ ការគាំទ្រផ្នែកអាហារូបត្ថម្ភជាញឹកញាប់ត្រូវបានផ្តល់ជូនតាមរយៈសរសៃឈាម ដើម្បីធានាថាអ្នកជំងឺទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់។
ការបញ្ចូលឈាម
- គ្រាប់ឈាមក្រហម៖ ដើម្បីកាត់បន្ថយរោគសញ្ញានៃការខ្វះឈាម អ្នកជំងឺអាចនឹងត្រូវទទួលការបញ្ចូលគ្រាប់ឈាមក្រហម
- ប្លាកែត៖ សម្រាប់អ្នកដែលងាយហូរឈាម ឬឡើងស្នាមជាំ ការបញ្ចូលប្លាកែតអាចជួយពង្រឹងដល់ការកកឈាមបាន
ការប្រើប្រាស់ថ្នាំ
- ថ្នាំបញ្ចុះសម្ពាធឈាម៖ ដើម្បីដោះស្រាយការខូចខាតតម្រងនោមដែលអាចអូសបន្លាយយូរ ឱសថដែលជួយបញ្ចុះសម្ពាធឈាមអាចនឹងត្រូវយកមកប្រើប្រាស់ ដើម្បីជួយការពារ ឬពន្យារការខូចខាតបន្ថែមទៀត
- ថ្នាំ អេគូគីលីហ្សូម៉ាប (Eculizumab)៖ សម្រាប់រោគសញ្ញា HUS ទម្រង់មិនធម្មតា (Atypical HUS) ឬផលវិបាកនានា ថ្នាំ Eculizumab អាចជួយការពារកុំឱ្យមានការខូចខាតសរសៃឈាមបន្ថែម។ អ្នកជំងឺដែលប្រើប្រាស់ថ្នាំ Eculizumab ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ (Meningitis) ដោយសារតែការកើនឡើងនៃហានិភ័យឆ្លងជំងឺនេះ
វិធីសាស្ត្រវះកាត់ និងនីតិវិធីផ្សេងៗ
- ការលាងឈាម៖ ជាការជំនួសមុខងារតម្រងនោមជាបណ្តោះអាសន្ន ដោយការលាងជម្រះកាកសំណល់ និងជាតិទឹកដែលលើសចេញពីឈាម។ វាត្រូវបានប្រើប្រាស់រហូតទាល់តែតម្រងនោមងើបឡើងវិញ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមួយចំនួនអាចនឹងតម្រូវឱ្យមានការលាងតម្រងនោមរយៈពេលវែង
- ការផ្លាស់ប្តូប្លាស្មា៖ ដំណើរការនេះរួមបញ្ចូលទាំងការផ្លាស់ប្តូរប្លាស្មា (ភាគរាវនៃឈាម) របស់អ្នកជំងឺ ជាមួយនឹងប្លាស្មាថ្មី ឬប្លាស្មាដែលបានបង្កកពីអ្នកបរិច្ចាគ ដើម្បីជួយឱ្យកោសិកាឈាម និងប្លាកែតរត់ឆ្លងកាត់ក្នុងរាងកាយបានកាន់តែមានប្រសិទ្ធភាព
- ការប្តូរតម្រងនោម៖ ក្នុងករណីដែលមានការខូចខាតតម្រងនោមធ្ងន់ធ្ងរ ការវះកាត់ប្តូរតម្រងនោមអាចជាការចាំបាច់
