ជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ
ទិដ្ឋភាពទូទៅ
ជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ (Hemifacial spasm) គឺជាជំងឺប្រព័ន្ធប្រសាទដែលស្តែងចេញជាការកន្ត្រាក់សាច់ដុំដោយអចេតនា (មិនអាចបញ្ជាបាន) នៅលើផ្ទៃមុខតែម្ខាង។ ក្នុងករណីភាគច្រើន គឺបង្កឡើងដោយសារសរសៃឈាមទៅប៉ះ ឬលោតទង្គិចទៅលើខ្សែប្រសាទផ្ទៃមុខ (facial nerve)។ ទោះជាយ៉ាងណាក៏ដោយ ដុំសាច់ ឬរបួសស្នាមលើខ្សែប្រសាទផ្ទៃមុខ ក៏អាចជាមូលហេតុបង្កឱ្យមានស្ថានភាពជំងឺនេះផងដែរ។
ខណៈពេលដែលជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខមិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយជាអចិន្ត្រៃយ៍ ប៉ុន្តែអ្នកជំងឺច្រើនតែទទួលបានការធូរស្រាលពីរោគសញ្ញា តាមរយៈការប្រើប្រាស់ថ្នាំ ការចាក់ថ្នាំ ឬការវះកាត់។ អ្នកក៏អាចកាត់បន្ថយរោគសញ្ញាបានផងដែរ ដោយការធានាថាខ្លួនបានសម្រាកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយភាពស្ត្រេស។
រោគសញ្ញា
រោគសញ្ញាដំបូងនៃជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ គឺការកន្ត្រាក់ភ្នែកម្តងម្កាល (ទាក់ភ្នែក) ដែលជាទូទៅវាមិនមែនជាសញ្ញាបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ។ ការកន្ត្រាក់ទាំងនេះគ្រាន់តែជាចលនារបស់សាច់ដុំប៉ុណ្ណោះ។ ប៉ុន្តែចំពោះបុគ្គលដែលមានជំងឺនេះ ការកន្ត្រាក់ភ្នែកអាចវិវត្តទៅជាការប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃផ្ទៃមុខ។ ដំបូងឡើយ វាកើតឡើងម្តងម្កាល ប៉ុន្តែក្នុងរយៈពេលរាប់ខែ ឬរាប់ឆ្នាំ វានឹងក្លាយទៅជាការកន្ត្រាក់ជាប់រហូត ជាពិសេសអំឡុងពេលមានភាពស្ត្រេស ឬអស់កម្លាំងខ្លាំង។
ជួនកាល ជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខអាចប៉ះពាល់ដល់ផ្ទៃមុខទាំងសងខាង។ ប៉ុន្តែការកន្ត្រាក់គឺមិនដែលកើតឡើងក្នុងពេលដំណាលគ្នានៅលើមុខទាំងសងខាងនោះទេ។ រោគសញ្ញាធម្មតានៃជំងឺនេះ រួមមានការកន្ត្រាក់សាច់ដុំដោយអចេតនា ដែលប៉ះពាល់ចម្បងលើផ្ទៃមុខ៖
- មិនអាចគ្រប់គ្រង ឬបញ្ជាបាន
- មិនមានការឈឺចាប់
- កើតឡើងតែនៅលើផ្ទៃមុខម្ខាងប៉ុណ្ណោះ
មូលហេតុ
ជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ កើតឡើងដោយសារតែការសង្កត់លើខ្សែប្រសាទផ្ទៃមុខ។ ជាទូទៅ ការកន្ត្រាក់សាច់ដុំកើតឡើងនៅពេលដែលសរសៃឈាមទៅសង្កត់លើខ្សែប្រសាទផ្ទៃមុខ។
កត្តាផ្សេងទៀត ដូចជាំរបួសលើខ្សែប្រសាទផ្ទៃមុខ ឬដុំសាច់ ក៏អាចរួមចំណែកដល់ការវិវត្តនៃជំងឺនេះផងដែរ។ ជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខក៏អាចត្រូវបានជម្រុញឱ្យធ្វើទុក្ខដោយសារសកម្មភាពមួយចំនួន ដូចជាចលនានៃការរំកិលសាច់ដុំមុខ ការជួបប្រទះភាពព្រួយបារម្ភ ភាពស្ត្រេស ឬការអស់កម្លាំង។
ក្នុងករណីខ្លះ ការកន្ត្រាក់ផ្ទៃមុខគឺមិនមានមូលហេតុច្បាស់លាស់នោះទេ ដែលនាំឱ្យគេចាត់ថ្នាក់ស្ថានភាពនេះថាជា ជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខដោយមិនដឹងមូលហេតុ (idiopathic hemifacial spasm)។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ ជាទូទៅទាមទារនូវដំណើរការវាយតម្លៃយ៉ាងល្អិតល្អន់។ វាអាចតម្រូវឱ្យមានការពិនិត្យរាងកាយ និងក្នុងករណីខ្លះ គ្រូពេទ្យអាចប្រើប្រាស់ការពិនិត្យវិភាគជាក់លាក់មួយចំនួន ដើម្បីស្វែងរកមូលហេតុបង្កលាក់កំបាំង។
ការពិនិត្យវិភាគដែលអាចនឹងត្រូវណែនាំរួមមាន៖
- ការថតស្កេនអឹមអរអាយ (MRI scan)៖ នេះជានីតិវិធីដែលមិនមានការវះកាត់ដែលប្រើប្រាស់រលកវិទ្យុ និងដែនម៉ាញេទិច ដើម្បីបង្កើតជារូបភាពលម្អិតនៃរចនាសម្ព័ន្ធខាងក្នុងរាងកាយ
- ការថតឆ្លុះសរសៃឈាមដោយម៉ាញេទិច (Magnetic resonance angiogram – MRA)៖ នេះគឺជាប្រភេទជាក់លាក់មួយនៃការថត MRI ដែលរួមបញ្ចូលទាំងការចាក់សារធាតុពណ៌ (contrast dye) ទៅក្នុងសរសៃឈាម ដើម្បីកំណត់ថាតើសរសៃឈាមនោះមានការប៉ះទង្គិចជាមួយនឹងខ្សែប្រសាទផ្ទៃមុខដែរឬទេ
ជាទូទៅ ការពិនិត្យវិភាគទាំងនេះត្រូវបានបម្រុងទុកសម្រាប់តែបុគ្គលដែលមានរោគសញ្ញាមិនច្បាស់លាស់ ឬអ្នកដែលកំពុងត្រៀមខ្លួនសម្រាប់ការវះកាត់ប៉ុណ្ណោះ។ ជាទូទៅ ការថតរូបភាពវេជ្ជសាស្ត្រគឺមិនចាំបាច់សម្រាប់គ្រប់ករណីនៃជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខនោះទេ។
ការព្យាបាល
ការព្យាបាលត្រូវបានរៀបចំឡើងជាពិសេស ដោយផ្អែកលើកម្រិតធ្ងន់ធ្ងរនៃរោគសញ្ញានៃជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ។ ជម្រើសអាចរួមមាន៖
ការប្រើប្រាស់ថ្នាំលេប
សម្រាប់រោគសញ្ញាកម្រិតស្រាល ថ្នាំ carbamazepine, clonazepam ឬ baclofen អាចនឹងត្រូវណែនាំជាការព្យាបាលដំបូង។ ឱសថទាំងនេះដំណើរការដោយការកាត់ផ្តាច់សញ្ញាអគ្គិសនីនៅក្នុងខួរក្បាល ដែលនាំឱ្យមានការកន្ត្រាក់សាច់ដុំ។
ការចាក់ថ្នាំបូថុក
ក្នុងករណីភាគច្រើន វិធីសាស្ត្រនេះអាចគ្រប់គ្រងរោគសញ្ញាបានយ៉ាងមានប្រសិទ្ធភាព។ នីតិវិធីនេះតម្រូវឱ្យធ្វើឡើងរៀងរាល់ពីរបីខែម្តង។ ថ្នាំបូថុកត្រូវបានចាក់បញ្ចូលទៅក្នុងសាច់ដុំដែលរងផលប៉ះពាល់ ដើម្បីទប់ស្កាត់ចលនាសាច់ដុំជាបណ្តោះអាសន្ន។
ការវះកាត់
មានវិធីសាស្ត្រវះកាត់ខុសៗគ្នាជាច្រើនដែលអាចជួយសម្រាលជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ រួមមាន៖
- ការបំផ្លាញខ្សែប្រសាទដោយរលកវិទ្យុ (Radiofrequency thermocoagulation)៖ នេះជានីតិវិធីវះកាត់បំផ្លាញផ្នែកខ្លះនៃខ្សែប្រសាទផ្ទៃមុខ ដោយប្រើប្រាស់កម្តៅ និងរលកវិទ្យុ។
- ការវះកាត់បំបាត់ការសង្កត់សរសៃប្រសាទ (Microvascular Decompression)៖ វិធីសាស្ត្រនេះច្រើនតែទទួលបានជោគជ័យខ្ពស់ក្នុងការសម្រាលជំងឺកន្ត្រាក់សាច់ដុំពាក់កណ្តាលទម្រង់មុខ។ នៅក្នុងនីតិវិធីនេះ ផ្នែកតូចមួយនៃឆ្អឹងលលាដ៍ក្បាលត្រូវបានបើកឡើង ហើយគ្រូពេទ្យនឹងស្វែងរកទីតាំងសរសៃឈាមដែលបង្កការសង្កត់លើខ្សែប្រសាទផ្ទៃមុខ។ នៅពេលរកឃើញសរសៃឈាមដែលសង្កត់លើខ្សែប្រសាទមុខហើយ សារធាតុដូចជាស្ពោតវេជ្ជសាស្ត្រ (spongelike material) នឹងត្រូវដាក់នៅចន្លោះកណ្តាលពួកគេ ដើម្បីសម្រាល និងកាត់បន្ថយសម្ពាធសង្កត់។
