ទិដ្ឋភាពទូទៅ

ការញ័រទ្រូង ឬបេះដូងលោតញាប់ (Heart palpitations) គឺជាអារម្មណ៍ដែលដឹងថាបេះដូងលោតខ្លាំងដូចបុក កន្ត្រាក់ខុសចង្វាក់ ឬលោតញាប់ខ្លាំង ដែលបង្កឡើងដោយស្ថានភាពជំងឺ ភាពស្ត្រេស ការហាត់ប្រាណ ឬការប្រើប្រាស់ថ្នាំ។ ទោះបីជាវាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកក្នុងចិត្តក៏ដោយ ប៉ុន្តែជាទូទៅវាមិនបង្កគ្រោះថ្នាក់ឡើយ។ ក្នុងករណីកម្រ ការភ័យញ័រទ្រូងអាចជាសញ្ញានៃបញ្ហាបេះដូងធ្ងន់ធ្ងរជាងនេះ ដូចជាជំងឺចង្វាក់បេះដូងមិនទៀងទាត់ ដែលអាចតម្រូវឱ្យមានការព្យាបាល។

រោគសញ្ញា

ការញ័រទ្រូង អាចមានរោគសញ្ញានៃចលនាបេះដូងដូចខាងក្រោម៖

  • បេះដូងលោតឌុកៗខ្លាំង
  • បេះដូងលោតខុសចង្វាក់ ឬញ័រក្រឡាប់ចាក់
  • លោតខកចង្វាក់
  • លោតញាប់ពេក
  • លោតញាប់ញ័ររន្ថើន

ការញ័រទ្រូង អាចកើតឡើងអំឡុងពេលធ្វើសកម្មភាព ឬនៅពេលដែលអ្នកកំពុងសម្រាក ហើយអ្នកអាចដឹងសញ្ញានេះនៅត្រង់ក បំពង់ក ក៏ដូចជានៅក្នុងទ្រូង។ ភាគច្រើន ការភ័យញ័រទ្រូងក្នុងរយៈពេលខ្លី និងកើតឡើងយូរៗម្តង មិនតម្រូវឱ្យមានការពិនិត្យវិភាគនោះទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានប្រវត្តិជំងឺបេះដូង និងមានការញ័រទ្រូងញឹកញាប់ ឬកាន់តែធ្ងន់ធ្ងរទៅៗ។ អ្នកប្រហែលជាត្រូវធ្វើតេស្តតាមដានចលនាបេះដូង ដើម្បីកំណត់ថាតើការញ័រទ្រូង នោះ បង្កឡើងដោយស្ថានភាពជំងឺបេះដូងដែលធ្ងន់ធ្ងរជាងនេះដែរឬទេ។

សូមហៅទូរសព្ទរកជំនួយវេជ្ជសាស្ត្របន្ទាន់ភ្លាមៗ ប្រសិនបើអ្នកមានការញ័រទ្រូង រួមផ្សំជាមួយនឹងរោគសញ្ញាទាំងនេះ៖

  • សន្លប់
  • វិលមុខខ្លាំង
  • ពិបាកដកដង្ហើមខ្លាំង
  • ឈឺទ្រូង ឬណែនទ្រូងមិនស្រួល

​​ មូលហេតុ

មូលហេតុនៃការញ័រទ្រូង ជារឿយៗមិនត្រូវបានគេដឹងច្បាស់នោះទេ។ មូលហេតុទូទៅរួមមាន៖

  • ប្រតិកម្មអារម្មណ៍ខ្លាំងៗ ដូចជាការព្រួយបារម្ភ ភាពស្ត្រេស ឬការភ័យស្លន់ស្លោ
  • ជំងឺបាក់ទឹកចិត្ត
  • ការហាត់ប្រាណខ្លាំងៗ
  • គ្រុនក្តៅ
  • សារធាតុរំញោច ដូចជាកាហ្វេ នីកូទីន កូកាអ៊ីន អំហ្វេតាមីន និងថ្នាំក្អក និងថ្នាំផ្តាសាយដែលមានផ្ទុកសារធាតុ pseudoephedrine
  • ការប្រែប្រួលអរម៉ូនដែលបង្កឡើងដោយការមករដូវ ការមានផ្ទៃពោះ ឬការអស់រដូវ
  • កម្រិតអរម៉ូនទីរ៉ូអ៊ីតទាបពេក ឬខ្ពស់ពេក

ជួនកាល បញ្ហាសំខាន់ៗដូចជាចង្វាក់បេះដូងមិនធម្មតា អាចត្រូវបានរកឃើញតាមរយៈការភ័យញ័រទ្រូង។ ជំងឺចង្វាក់បេះដូងមិនទៀងទាត់ អាចបណ្តាលមកពីការលោតនៃបេះដូងដែលញាប់ខុសធម្មតា។

កត្តាហានិភ័យ

ទាំងនេះជាកត្តាហានិភ័យនៃការញ័រទ្រូង៖

  • ការភ័យស្លន់ស្លោ ឬការព្រួយបារម្ភ (Panic attack ឬ anxiety)
  • ភាពស្ត្រេស
  • ការប្រើប្រាស់ថ្នាំផ្តាសាយ ឬថ្នាំហឺត ដែលជាប្រភេទសារធាតុរំញោច
  • មានស្ថានភាពជំងឺបេះដូងផ្សេងទៀត ដូចជាប្រវត្តិគាំងបេះដូង ឬការវះកាត់បេះដូង ឬចង្វាក់បេះដូងមិនទៀងទាត់
  • ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្លាំងពេក ដែលជាស្ថានភាពមានក្រពេញទីរ៉ូអ៊ីតសកម្មខ្លាំងហួសហេតុ
  • ការមានផ្ទៃពោះ

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ និងប្រើប្រាស់ឧបករណ៍ស្តាប់ (stethoscope) ដើម្បីស្តាប់សំឡេងបេះដូងរបស់អ្នក ដើម្បីសម្គាល់រកមើលការញ័រទ្រូង និងពិនិត្យរកមើលសញ្ញានៃស្ថានភាពជំងឺផ្សេងៗ ដូចជាភាពរីកធំនៃក្រពេញទីរ៉ូអ៊ីត ដែលអាចបង្កឱ្យមានការញ័រទ្រូង។

ការពិនិត្យវិភាគដែលអាចនឹងត្រូវធ្វើឡើង ប្រសិនបើគ្រូពេទ្យសង្ស័យថាការញ័រទ្រូងបង្កឡើងដោយចង្វាក់បេះដូងមិនទៀងទាត់ ឬបញ្ហាបេះដូងផ្សេងទៀត រួមមាន៖

  • ការវាស់ចរន្តអគ្គិសនីបេះដូង (Electrocardiogram – ECG ឬ EKG)៖ សកម្មភាពអគ្គិសនីរបស់បេះដូងត្រូវបានវាស់វែងតាមរយៈការពិនិត្យដ៏រហ័ស និងមិនមានការឈឺចាប់នេះ។ បន្ទះស្អិតអេឡិចត្រូតត្រូវបានបិទនៅលើដៃ ជើង និងជួនកាលនៅលើទ្រូង រួចភ្ជាប់តាមរយៈខ្សែកាបទៅកាន់កុំព្យូទ័រ ដែលបង្ហាញពីលទ្ធផលតេស្ត។ ECG អាចបង្ហាញឱ្យដឹង ប្រសិនបើបេះដូងលោតយឺតពេក ញាប់ពេក ឬខកចង្វាក់លោត
  • ការតាមដានដោយឧបករណ៍ហូលទ័រ (Holter monitoring)៖ ជាឧបករណ៍ពាក់ជាប់ខ្លួនដើម្បីតាមដានចង្វាក់បេះដូង និងការលោតរបស់បេះដូង អំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃធម្មតារយៈពេលមួយថ្ងៃ ឬយូរជាងនេះ ដើម្បីស្វែងរកការភ័យញ័រទ្រូងដែលការពិនិត្យ ECG ធម្មតាមិនអាចចាប់បាន។ នាឡិកាឆ្លាតវៃ (Smart watches) និងឧបករណ៍ចល័តផ្សេងទៀត ក៏អាចផ្តល់នូវការតាមដាន ECG ពីចម្ងាយបានផងដែរ
  • ការកត់ត្រាព្រឹត្តិការណ៍ចង្វាក់បេះដូង (Event recording)៖ ត្រូវបានប្រើប្រាស់ប្រសិនបើអ្នកមិនមានចង្វាក់បេះដូងមិនទៀងទាត់អំឡុងពេលប្រើប្រាស់ឧបករណ៍ហូលទ័រ (Holter monitor) ឬប្រសិនបអាការៈនោះកើតឡើងតិចជាងម្តងក្នុងមួយសប្តាហ៍។ នៅពេលដែលរោគសញ្ញាលេចឡើងភ្លាម អ្នកគ្រាន់តែចុចប៊ូតុងមួយ។ ជាទូទៅ អ្នកត្រូវពាក់ឧបករណ៍កត់ត្រាព្រឹត្តិការណ៍នេះរហូតដល់ ៣០ ថ្ងៃ ឬរហូតទាល់តែអ្នកជួបប្រទះជំងឺចង្វាក់បេះដូងមិនទៀងទាត់ ឬលេចចេញរោគសញ្ញា
  • ការអេកូបេះដូង (Echocardiogram)៖ ការពិនិត្យដោយមិនមានការវះកាត់ (non-invasive) ដែលប្រើប្រាស់រលកសំឡេងដើម្បីបង្កើតជារូបភាពចលនានៃការលោតរបស់បេះដូង។ វាអាចបង្ហាញពីបញ្ហានៃរចនាសម្ព័ន្ធបេះដូង និងលំហូរឈាម

ការព្យាបាល

ការញ័រទ្រូង ឬបេះដូងលោតញាប់ កម្រនឹងតម្រូវឱ្យមានការព្យាបាលណាស់ លុះត្រាតែវាបង្កឡើងដោយបញ្ហាបេះដូង។ ផ្ទុយទៅវិញ គ្រូពេទ្យអាចនឹងណែនាំឱ្យចាត់វិធានការប្រុងប្រយ័ត្នដើម្បីចៀសវាងពីកត្តាជម្រុញនានា ដែលនាំឱ្យមានការភ័យញ័រទ្រូង។

ការព្យាបាលសម្រាប់ការភ័យញ័រទ្រូងដែលបង្កឡើងដោយបញ្ហាបេះដូង ដូចជាជំងឺចង្វាក់បេះដូងមិនទៀងទាត់ នឹងផ្តោតសំខាន់លើការដោះស្រាយ និងព្យាបាលចំបញ្ហានោះតែម្តង។

Doctors who treat this condition