ទិដ្ឋភាពទូទៅ
សម្លេងបេះដូងខុសប្រក្រតី (Heart murmurs) អាចជាជំងឺពីកំណើត ឬកើតឡើងនៅពេលក្រោយ។ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យសម្លេងបេះដូងខុសប្រក្រតី ដោយប្រើឧបករណ៍ស្តាប់ចលនាបេះដូង (stethoscope) ដើម្បីស្តាប់សំឡេងបេះដូង។ នៅពេលដែលឈាមហូរលឿនពេក ឬហូរមិនធម្មតាកាត់តាមប្រហោងវ៉ាល់បេះដូង វានឹងបង្កើតជាសំឡេងដូចខ្យល់បក់ ឬសំឡេងឆ្វេចឆ្វាច ដែលគេហៅថា សម្លេងបេះដូងខុសប្រក្រតី។
ប្រសិនបើគ្រូពេទ្យស្តាប់ឮសម្លេងបេះដូងខុសប្រក្រតី ពួកគេនឹងបញ្ជាឱ្យធ្វើតេស្តមួយចំនួនដើម្បីជួយកំណត់ថាតើសម្លេងបេះដូងនោះជាសញ្ញានៃបញ្ហាវ៉ាល់បេះដូងដែរឬទេ។ វាអាចជាសូរសម្លេងដែលមិនបង្កគ្រោះថ្នាក់ ប៉ុន្តែជួនកាលវាអាចជាសញ្ញានៃស្ថានភាពជំងឺបេះដូងធ្ងន់ធ្ងរ។ គ្រូពេទ្យនឹងជ្រើសរើសវិធីសាស្ត្រព្យាបាលដ៏ល្អបំផុត ដោយផ្អែកលើមូលហេតុដែលបង្កឱ្យមានសូរអ៊ួគ៌បេះដូងនោះ។
រោគសញ្ញា
សម្លេងបេះដូងខុសប្រក្រតី ដែលមិនបង្កគ្រោះថ្នាក់ សូរអ៊ួគ៌បេះដូងដែលគួរឱ្យបារម្ភ ភាគច្រើនបង្កជាឈាមរោគសញ្ញា ដែលខុសៗគ្នាចំពោះមនុស្សម្នាក់ៗ អាស្រ័យលើមូលហេតុបង្ក។
ខាងក្រោមនេះជារោគសញ្ញាមួយចំនួននៃសម្លេងបេះដូងខុសប្រក្រតី៖
- ក្រចកដៃ ឬបបូរមាត់ឡើងស្វាយ
- ណែនក្នុងទ្រូង
- ក្អកមាន់ ឬក្អករ៉ាំរ៉ៃ
- បេះដូងលោតញាប់ (ភ័យញ័រទ្រូង)
- ពិបាកដកដង្ហើម
- វិលមុខ
- ហើមថ្លើម
- សរសៃឈាមកប៉ោងនៅក
- សន្លប់
- បែកញើសខ្លាំង
- មិនសូវឃ្លានអាហារ (ចំពោះទារក)
- មានបញ្ហាលូតលាស់យឺត (ចំពោះទារក)
- ហើមខ្លួន
ទោះបីជាសម្លេងបេះដូងខុសប្រក្រតី ជាទូទៅមិនតម្រូវឱ្យមានការសង្គ្រោះបន្ទាន់ភ្លាមៗក៏ដោយ ប៉ុន្តែអ្នកគួរតែណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើជំងឺនេះបន្តធ្វើឱ្យអ្នកមានការព្រួយបារម្ភ។ អ្នកប្រហែលជាត្រូវធ្វើតេស្តមួយចំនួន ដើម្បីទាត់ចោលនូវបញ្ហាសុខភាពផ្សេងៗ។
មូលហេតុ
លំហូរឈាមដែលបោកបក់យ៉ាងលឿនកាត់តាមបេះដូង អាចបង្កឱ្យមានសម្លេងបេះដូងខុសប្រក្រតី នៅក្នុងព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖
- Diastolic murmur: កើតឡើងនៅពេលដែលបេះដូងកំពុងច្របាច់ឈាមទៅចិញ្ចឹមរាងកាយ
- Systolic murmur: កើតឡើងនៅពេលដែលសាច់ដុំបេះដូងសម្រាក ហើយបេះដូងកំពុងបំពេញឈាម
- Continuous murmur: សម្លេងបេះដូងខុសប្រក្រតីកើតឡើងពេញមួយវដ្តនៃការលោតរបស់បេះដូង
សម្លេងបេះដូងខុសប្រក្រតីដែលមិនបង្កគ្រោះថ្នាក់ (Harmless / Innocent heart murmurs) សម្លេងបេះដូងប្រភេទនេះ ភាគច្រើនត្រូវបានរកឃើញលើកុមារ និងទារកទើបនឹងកើត។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានបេះដូងសុខភាពល្អ ក៏អាចមានសូរសម្លេងបេះដូងមិនបង្កគ្រោះថ្នាក់នេះដែរ។ ទោះបីជាអ្នកខ្លះអាចជាសះស្បើយទៅវិញដោយខ្លួនឯងតាមពេលវេលាក៏ដោយ ប៉ុន្តែចំពោះអ្នកជំងឺមួយចំនួន ស្ថានភាពនេះអាចស្ថិតនៅពេញមួយជីវិត ដោយគ្មានរោគសញ្ញាធ្ងន់ធ្ងរឡើយ។
កត្តាខាងក្រោមនេះអាចបង្កឱ្យមានសម្លេងបេះដូងដែលមិនបង្កគ្រោះថ្នាក់៖
- គ្រុនក្តៅ
- ជំងឺស្លេកស្លាំង ដែលបង្កឡើងដោយសារចំនួនគ្រាប់ឈាមក្រហមធម្មតាមានកម្រិតទាប ដែលជាអ្នកទទួលខុសត្រូវក្នុងការដឹកនាំអុកស៊ីសែនទៅកាន់កោសិការាងកាយ
- ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្លាំងពេក (Hyperthyroidism)
- ការលូតលាស់លឿនពេក (ក្នុងវ័យវ័យជំទង់)
- សកម្មភាពរាងកាយ ឬការហាត់ប្រាណ
- ការមានផ្ទៃពោះ
សម្លេងបេះដូងដែលគួរឱ្យបារម្ភ (Worrisome heart murmurs) ពិការភាពបេះដូងពីកំណើតមួយចំនួនដែលប៉ះពាល់ដល់រចនាសម្ព័ន្ធបេះដូង អាចបង្កឱ្យមានសម្លេងបេះដូងដែលគួរឱ្យបារម្ភក្នុងចំណោមកុមារ។
ពិការភាពពីកំណើតទាំងនេះរួមមាន៖
- ប្រហោងក្នុងបេះដូង (Holes in the heart): ទារកនៅក្នុងផ្ទៃអាចមានប្រហោងចន្លោះថតបេះដូងខាងលើ និង/ឬ ខាងក្រោម។ ស្ថានភាពទាំងនោះមានដូចជា ពិការភាពជញ្ជាំងថតបេះដូងខាងលើ (atrial septal defects) និងពិការភាពជញ្ជាំងថតបេះដូងខាងក្រោម (ventricular septal defects)
- ផ្លូវវាងសរសៃឈាមបេះដូង (Cardiac shunts): ចំពោះកុមារ សូរអ៊ួគ៌បេះដូងគួរឱ្យបារម្ភ បង្កឡើងដោយពិការភាពពីកំណើតពាក់ព័ន្ធនឹងរចនាសម្ព័ន្ធបេះដូង ដែលធ្វើឱ្យលំហូរឈាមមិនប្រក្រតីចន្លោះថតបេះដូង ឬសរសៃឈាម។ ប៉ុន្តែ សម្រាប់អ្នកដែលកើតមានបញ្ហានេះនៅពេលក្រោយ (acquired heart valve disease) វាគឺដោយសារតែវ៉ាល់បេះដូងមិនប្រក្រតី
កត្តាដែលអាចធ្វើឱ្យខូចវ៉ាល់បេះដូងមានដូចជា៖
- ការកកកំបោរ (Calcium deposits): វ៉ាល់បេះដូងដែលមានការកើនឡើងនូវជាតិកំបោរ ធ្វើឱ្យវ៉ាល់មិនអាចបិទជិតបានល្អ ដែលនាំឱ្យឈាមហូរត្រឡប់ថយក្រោយ និងផ្លាស់ប្តូរទិសដៅនៃលំហូរឈាម បង្កជាសម្លេងបេះដូងខុសប្រក្រតី។ ស្ថានភាពនេះត្រូវបានគេហៅផងដែរថា ជំងឺវ៉ាល់បេះដូងកកកំបោរ ឬជំងឺវ៉ាល់បេះដូងទ្រុឌទ្រោម (calcific or degenerative valve disease)។ ជំងឺត្បៀតវ៉ាល់បេះដូង (Valve stenosis) ឬការឡើងរឹង ឬរួមតូចនៃវ៉ាល់បេះដូង អាចប៉ះពាល់ដល់វ៉ាល់ណាមួយក៏បាន ដូចជាវ៉ាល់មីត្រាល់ (mitral valve) ឬវ៉ាល់អ័រតា (aortic valve)
- ជំងឺរលាកស្រទាប់ក្នុងបេះដូង (Endocarditis): នេះជាពេលដែលស្រទាប់ខាងក្នុងបេះដូង និងវ៉ាល់បេះដូងរងការឆ្លងមេរោគ ជាមួយនឹងបាក់តេរី ឬមេរោគមួយចំនួន ហើយដោយសារការឆ្លងមេរោគលើវ៉ាល់បេះដូងមិនបានព្យាបាលនេះ ទើបវាបង្កឱ្យមានសូរអ៊ួគ៌បេះដូង
- ជំងឺគ្រុនក្តៅដោយសារបាក់តេរី (Rheumatic fever): អ្នកដែលមានជំងឺរលាកបំពង់កដោយសារមេរោគ strep throat អាចវិវត្តទៅជាជំងឺគ្រុនក្តៅប្រភេទនេះ ដែលជាផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទុកជំងឺនេះចោលដោយមិនបានព្យាបាល។ វ៉ាល់បេះដូងអាចរងផលប៉ះពាល់ដោយសារជំងឺគ្រុនក្តៅប្រភេទនេះ ដែលជាស្ថានភាពមួយហៅថា ជំងឺបេះដូងសន្លាក់ ដែលអាចនាំឱ្យមានសម្លេងបេះដូងខុសប្រក្រតី
កត្តាហានិភ័យ
ទារកទើបនឹងកើតមានហានិភ័យនៃការវិវត្តទៅជាសម្លេងបេះដូងខុសប្រក្រតី ប្រសិនបើពួកគេមានកត្តាណាមួយដូចខាងក្រោម៖
- ប្រវត្តិគ្រួសារ៖ ពាក់ព័ន្ធនឹងបញ្ហាបេះដូង
- ម្តាយមានជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន អំឡុងពេលមានផ្ទៃពោះ
- ការឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ៖ ស្ត្រីមានផ្ទៃពោះដែលបានឆ្លងជំងឺកញ្ជ្រឹលអាល្លឺម៉ង់
- ការប្រើប្រាស់គ្រឿងស្រវឹង/គ្រឿងញៀន៖ ស្ត្រីមានផ្ទៃពោះដែលប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនហួសកម្រិត
អ្នកដែលមានជំងឺ ឬបញ្ហាសុខភាពណាមួយដូចខាងក្រោមនេះ គឺស្ថិតក្នុងហានិភ័យខ្ពស់នៃការវិវត្តទៅជាសម្លេងបេះដូងខុសប្រក្រតី៖
- រោគសញ្ញាដុំសាច់កាស៊ីណូអ៊ីត (Carcinoid syndrome): ដុំសាច់កាចកម្រ (មហារីក) ដែលបង្កឱ្យមានការលេចធ្លាយសារធាតុគីមីទៅក្នុងចរន្តឈាម
- ជំងឺសាច់ដុំបេះដូង (Cardiomyopathy): ធ្វើឱ្យសាច់ដុំបេះដូងខ្សោយ
- ជំងឺរលាកស្រទាប់ក្នុងបេះដូង (Endocarditis): ការឆ្លងមេរោគលើលិកាកាបេះដូង
- ជំងឺស្លេកស្លាំង (Anemia): ចំនួនគ្រាប់ឈាមក្រហមទាប
- រោគសញ្ញាកោសិកាអ៊ីយ៉ូស៊ីណូហ្វីលខ្ពស់ខ្លាំង (Hypereosinophilic syndrome)
- ជំងឺស្វ័យស៊ាំ (Autoimmune diseases): ជំងឺលុយពុស (Lupus), ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (rheumatoid arthritis)
- ជំងឺដែលប៉ះពាល់ដល់វ៉ាល់នៃបេះដូង
- ជំងឺលើសសម្ពាធឈាមក្នុងសួត (Pulmonary hypertension)
- ប្រវត្តិកើតជំងឺគ្រុនក្តៅដោយសារបាក់តេរី (Rheumatic fever)
- ជំងឺក្រពេញទីរ៉ូអ៊ីតដំណើរការខ្លាំងពេក (Hyperthyroidism)
ការធ្វើរោគវិនិច្ឆ័យ
ជាទូទៅ សម្លេងបេះដូងខុសប្រក្រតីត្រូវបានរកឃើញអំឡុងពេលពិនិត្យសុខភាពជាទៀងទាត់ នៅពេលដែលគ្រូពេទ្យស្តាប់សំឡេងបេះដូង ក៏ដូចជាសាកសួរអំពីស្ថានភាពសុខភាពរបស់អ្នក។
លក្ខណៈផ្សេងៗជាច្រើននៃសំឡេងបេះដូងដែលស្តាប់តាមរយៈឧបករណ៍ស្តាប់ (stethoscope) ត្រូវបានយកមកពិចារណាសម្រាប់ការធ្វើរោគវិនិច្ឆ័យជំងឺ រួមមាន៖
- កម្រិតសំឡេង៖ គេប្រើខ្នាតវាស់ពីកម្រិត ១ ដល់ ៦ (ពីតិចបំផុតទៅខ្លាំងបំផុត) ដើម្បីបញ្ជាក់ពីកម្រិតឮនៃសូរសម្លេងបេះដូង
- ទីតាំង៖ សំឡេងអាចបញ្ជាក់ថា តើផ្នែកណាមួយនៃបេះដូងដែលរងផលប៉ះពាល់ដោយសារជំងឺ ហើយជួយបញ្ជាក់ថាតើវាបានរាលដាលទៅតំបន់ផ្សេងទៀតដែរឬទេ ដូចជាក ឬខ្នង
- កម្រិតស្រួចនៃសំឡេង៖ សូរសម្លេងបេះដូងអាចបង្កើតជាសំឡេងដែលមានកម្រិតស្រួចខ្ពស់ មធ្យម ឬទាប
- ពេលវេលានៃសូរសម្លេងបេះដូង៖ មានសូរសម្លេងបេះដូងខុសៗគ្នា អាស្រ័យលើពេលវេលានៃការកើតឡើង។ សូរសម្លេងបេះដូងដែលមិនបង្កគ្រោះថ្នាក់ ភាគច្រើនជាសូរសម្លេងបេះដូងស៊ីស្តូលីក (systolic murmurs) ដែលកើតឡើងនៅពេលឈាមត្រូវបានច្របាច់ចេញពីបេះដូង។ ផ្ទុយទៅវិញ សូរអ៊ួគ៌ធ្ងន់ធ្ងរដែលបញ្ជាក់ថាមានបញ្ហាបេះដូង អាចជាសូរសម្លេងបេះដូងឌីយ៉ាស្តូលីក (diastolic murmurs) ដែលកើតឡើងនៅពេលឈាមកំពុងហូរបំពេញបេះដូង ឬសូរសម្លេងបេះដូងបន្តបន្ទាប់ (continuous murmurs) ដែលកើតឡើងពេញមួយវដ្តនៃការលោតរបស់បេះដូង
- ការផ្លាស់ប្តូរសំឡេង៖ អ្នកជំងឺត្រូវបានតម្រូវឱ្យដេកចុះ ឬធ្វើលំហាត់ប្រាណអំឡុងពេលធ្វើរោគវិនិច្ឆ័យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យមើលថាតើសំឡេងបេះដូងមានការផ្លាស់ប្តូរយ៉ាងណា អំឡុងពេលសកម្មភាពទាំងនេះ
ការពិនិត្យវិភាគ
គ្រូពេទ្យអាចប្រើប្រាស់ការពិនិត្យវិភាគណាមួយដូចខាងក្រោម ដើម្បីស្វែងរកមូលហេតុនៃសូរសម្លេងបេះដូងដែលគួរឱ្យបារម្ភ៖
- ការអេកូបេះដូង (Echocardiogram)៖ បង្ហាញពីរបៀបដែលបេះដូងលោត និងលំហូរឈាមនៅក្នុងបេះដូង និងវ៉ាល់បេះដូង តាមរយៈរូបភាពដែលបង្កើតឡើងដោយរលកសំឡេង
- ការថតកាំរស្មីអ៊ិចទ្រូង (Chest X–ray)៖ បង្ហាញរូបភាពបេះដូង និងសួត ដើម្បីជួយពិនិត្យរកមើលភាពរីកធំនៃបេះដូង
- ការវាស់ចរន្តអគ្គិសនីបេះដូង (Electrocardiogram – ECG ឬ EKG)៖ ពិនិត្យរកមើលភាពមិនប្រក្រតីនៃសកម្មភាពអគ្គិសនីរបស់បេះដូង។ គ្រូពេទ្យនឹងដាក់អេឡិចត្រូតនៅលើទ្រូង ដៃ ឬជើង ដើម្បីតាមដានចរន្តអគ្គិសនីបេះដូង ដែលភ្ជាប់ទៅនឹងកុំព្យូទ័រដើម្បីបង្ហាញលទ្ធផល
- ការសុងកាតេទែរបេះដូង (Cardiac catheterization)៖ ក្នុងនីតិវិធីនេះ គ្រូពេទ្យនឹងស៊កបំពង់កាតេទែរ (catheter) ទៅក្នុងសរសៃឈាមនៅក្រលៀន មុននឹងនាំវាទៅកាន់បេះដូង។ សារធាតុបាញ់ពណ៌ (contrast materials) អាចនឹងត្រូវចាក់បញ្ចូលតាមបំពង់កាតេទែរ ដើម្បីឱ្យមើលឃើញរូបភាពសរសៃឈាមកាន់តែច្បាស់។ គ្រូពេទ្យច្រើនតែប្រើនីតិវិធីនេះ បន្ទាប់ពីវិធីសាស្ត្រធ្វើតេស្តផ្សេងទៀតមិនអាចរកឃើញមូលហេតុនៃសូរសម្លេងបេះដូង
ការព្យាបាល
ខុសពីសូរសម្លេងបេះដូងដែលគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រូពេទ្យ និងការព្យាបាលដោយប្រើប្រាស់ថ្នាំ ឬការវះកាត់ សូរសម្លេងបេះដូងដែលមិនបង្កគ្រោះថ្នាក់ ជាទូទៅនឹងបាត់ទៅវិញដោយខ្លួនឯង ដោយមិនបាច់ព្យាបាលឡើយ។
ការប្រើប្រាស់ថ្នាំ
គ្រូពេទ្យប្រើប្រាស់ថ្នាំជាក់លាក់មួយចំនួនដូចខាងក្រោម ដើម្បីព្យាបាលសម្លេងបេះដូងខុសប្រក្រតី៖
- ថ្នាំប្រឆាំងការកកឈាម៖ ថ្នាំទាំងនេះរារាំងដំណើរការនៃការកកើតដុំឈាមកក។ ដុំឈាមកកបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងមានទំនាក់ទំនងទៅនឹងជំងឺចង្វាក់បេះដូងមិនទៀងទាត់ ដែលអាចជាសញ្ញានៃពិការភាពមួយចំនួនដែលបង្កឱ្យមានសូរអ៊ួគ៌បេះដូង។ មានជម្រើសថ្នាំពន្យាវល្លិ៍ឈាម (ថ្នាំធ្វើឱ្យឈាមរាវ) ជាច្រើន រួមមាន warfarin, clopidogrel, apixaban, rivaroxaban និង dabigatran
- ថ្នាំបញ្ចុះទឹកនោម៖ ថ្នាំទាំងនេះត្រូវបានផ្តល់ជូនដើម្បីបញ្ចុះសម្ពាធឈាម និងព្យាបាលស្ថានភាពផ្សេងទៀតដែលរួមចំណែកដល់សូរអ៊ួគ៌បេះដូង ដោយការពារកុំឱ្យមានការកកកុញនៃជាតិទឹកនៅក្នុងរាងកាយ
- ថ្នាំទប់ស្កាត់អង់ស៊ីមបំលែងអង់ស្យូទង់ស៊ីន (ACE inhibitors)៖ ដោយសារជំងឺលើសសម្ពាធឈាមជម្រុញឱ្យមានរោគសញ្ញានៃសូរអ៊ួគ៌បេះដូង ឱសថនេះនឹងជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នកជំងឺ
- ថ្នាំបេតាឡូកឃ័រ (Beta blockers)៖ ឱសថសម្រាប់គ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម
ផ្ទុយពីអតីតកាល បច្ចុប្បន្ននេះអ្នកដែលជួបប្រទះសម្លេងបេះដូងខុសប្រក្រតីដែលគួរឱ្យបារម្ភ មិនតម្រូវឱ្យលេបថ្នាំផ្សះ ដើម្បីការពារការឆ្លងមេរោគលើបេះដូង អំឡុងពេលវះកាត់ ឬការព្យាបាលធ្មេញនោះទេ។ គ្រូពេទ្យអាចនឹងណែនាំថ្នាំផ្សះ សម្រាប់តែអ្នកជំងឺដែលមានហានិភ័យខ្ពស់នៃការឆ្លងមេរោគបេះដូងប៉ុណ្ណោះ។ នេះរួមបញ្ចូលទាំងអ្នកដែលមានវ៉ាល់បេះដូងសិប្បនិម្មិត មានប្រវត្តិឆ្លងមេរោគលើវ៉ាល់បេះដូង ឬមានពិការភាពបេះដូងពីកំណើត។
ការវះកាត់ ឬនីតិវិធីផ្សេងៗ
គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់ ដើម្បីព្យាបាលមូលហេតុនៃសម្លេងបេះដូងខុសប្រក្រតីដែលគួរឱ្យបារម្ភ។ ឧទាហរណ៍ ប្រសិនបើវ៉ាល់បេះដូងរបស់អ្នកឡើងក្រាស់ ឬលេចធ្លាយ ដែលបណ្តាលឱ្យមានសូរអ៊ួគ៌បេះដូង គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់ដើម្បីជួសជុល ឬផ្លាស់ប្តូរវ៉ាល់បេះដូងដែលមានបញ្ហានោះ។
ដំណើរការនៃការវះកាត់ដើម្បីជួសជុលវ៉ាល់បេះដូងរួមមាន៖
- ការប៉ះប៉ូវប្រហោងនៃវ៉ាល់បេះដូង
- ការបំបែកផ្ទាំងវ៉ាល់បេះដូងដែលស្អិតជាប់គ្នា
- ការផ្លាស់ប្តូរខ្សែសរសៃដែលទ្រទ្រង់វ៉ាល់បេះដូង
- ការធ្វើឱ្យវ៉ាល់បិទជិតបានធម្មតាឡើងវិញ ដោយកាត់ចោលនូវលិកាវ៉ាល់បេះដូងដែលលើស
- ការពង្រឹងរង្វង់ជុំវិញវ៉ាល់បេះដូងឱ្យកាន់តែតឹងណែន
ជម្រើសសម្រាប់ការវះកាត់វ៉ាល់បេះដូងរួមមាន៖
- ការវះកាត់បើកទ្រូង (Open-heart surgery)
- ការវះកាត់បើកមុខរបួសតូច (Minimally invasive surgery)
- ការវះកាត់ដោយប្រើមនុស្សយន្តជំនួយ (Robot-assisted surgery)
- ការសុងកាតេទែរបេះដូង (Cardiac catheterization)
គ្រូពេទ្យនឹងវាយតម្លៃស្ថានភាពសុខភាពរបស់អ្នក ដើម្បីកំណត់វិធីសាស្ត្រដ៏ល្អបំផុតក្នុងការធ្វើការវះកាត់។
