រោគសញ្ញា និងមូលហេតុ

ទិដ្ឋភាពទូទៅ

ជ្រុះសក់ ឬ ក្បាលទំពែក អាចប៉ះពាល់ដល់ស្បែកក្បាល ឬរាងកាយទាំងមូល និងអាចបន្តកើតឡើងដោយរយៈពេលបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ ទំពែកក្បាលបង្កឡើងដោយកត្តាតំណពូជ ការផ្លាស់ប្តូរអ័រម៉ូន មានជំងឺ ឬគ្រាន់តែជាកាវិវត្តន៍ផ្លាស់ប្តូរតាមអាយុធម្មតា។ ទោះបីជាការជ្រុះសក់អាចប៉ះពាល់ដល់មនុស្សគ្រប់រូបក៏ដោយ ប៉ុន្ដែភាគច្រើនបុរសជួបប្រទះនឹងបញ្ហានេះច្រើនជាងស្ត្រី

ក្បាលទំពែកជា​ធម្មតា​បង្ហាញ​ពី​ការ​ជ្រុះ​សក់យ៉ាង​ធ្ងន់ធ្ងរ​លើ​ស្បែក​ក្បាល។ ការជ្រុះសក់តាមតំណពូជដែលវិវត្តទៅតាមអាយុគឺជាមូលហេតុដែលបានជួបប្រទះជាញឹកញាប់បំផុតនៃក្បាលទំពែក។ អ្នក​ដែល​មាន​បញ្ហា​ទំពែក​អាច​ជ្រើសរើស​ការព្យាបាល​តាម​វិធី​ផ្សេងៗ។ អ្នក​ខ្លះ​អាច​សម្រេច​ចិត្ត​បណ្ដោយវា​តាម​ធម្មជាតិ ខណៈ​អ្នក​ខ្លះ​ទៀត​​បិទបាំង​វា​ដោយ​ម៉ូដ​សក់ គ្រឿងសម្អាង មួក ឬ​ក្រមា។ មនុស្សមួយចំនួនក៏អាចជ្រើសរើសប្រើវិធីព្យាបាលផ្សេងៗដើម្បីបញ្ឈប់ការជ្រុះសក់បន្ថែម ឬដើម្បីជំរុញការលូតលាស់សក់ផងដែរ

អ្នកជំងឺគួរតែស្វែងយល់ពីមូលហេតុនៃការបាត់បង់សក់ និងជ្រើសយកការព្យាបាលដែលមានការណែនាំពីអ្នកផ្តល់សេវាថែទាំសុខភាព មុនពេលស្វែងរកការព្យាបាលសម្រាប់ការជ្រុះសក់

រោគសញ្ញា

ការជ្រុះសក់អាចកើតឡើងដោយមូលហេតុជាច្រើន អាស្រ័យលើមូលហេតុពិតប្រាកដរបស់វា ដែលអាចប៉ះពាល់ដល់ស្បែកក្បាល ឬរាងកាយទាំងមូល ហើយអាចកើតឡើងភ្លាមៗ ឬបន្តិចម្តងៗ។ សញ្ញានិង​រោគ​សញ្ញា​​ការ​ជ្រុះ​សក់​មាន​ដូច​ខាង​ក្រោម៖

  • ចាប់ផ្ដើមជ្រុះសក់នៅបរិវេណលើក្បាល៖ ប្រភេទនៃការជ្រុះសក់ជាទូទៅគឺចាប់ផ្ដើមជ្រុះសក់បន្តិចម្តងៗនៅលើផ្នែកខាងលើក្បាល ដែលជារឿយៗកើតឡើងនៅលើមនុស្សចាស់។ បុរស​ច្រើនតែ​ជួប​បញ្ហា​សក់​ជ្រុះ​នៅ​ម្ដុំថ្ងាស ខណៈ​ស្ត្រី​អាច​សម្គាល់​ឃើញ​​សក់​របស់​ពួកគេស្ដើងជាងមុន។ លើសពីនេះ ប្រភេទនៃការជ្រុះសក់ដែលកើនឡើងរកឃើញលើស្ត្រីវ័យចំណាស់ គឺជាសក់ដែលធ្លាក់ចុះ ដែលគេស្គាល់ថាជា Frontal fibrosing alopecia
  • ការជ្រុះសក់ ការប៉ះទង្គិចផ្លូវកាយ ឬផ្លូវចិត្តអាចបណ្តាលឱ្យជ្រុះសក់ ដែលអាចនាំឱ្យមនុស្សមួយចំនួនសម្គាល់ឃើញមានសក់ជ្រុះនៅពេលដុសធ្មេញ កក់សក់ ឬសូម្បីតែបន្ទាប់ពីទាញសក់ថ្នមៗ។ ខណៈពេលបណ្ដោះអាសន្ន ការជ្រុះសក់ប្រភេទនេះច្រើនតែនាំឱ្យសក់ស្តើង
  • ការជ្រុះសក់និងរោមពេញមួយតួខ្លួន លក្ខខណ្ឌវេជ្ជសាស្ត្រ និងការព្យាបាលមួយចំនួន ដូចជាការព្យាបាលដោយប្រើគីមីសម្រាប់ជំងឺមហារីក អាចបណ្តាលឱ្យជ្រុះសក់និងរោមពេញមួយតួខ្លួន។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន សក់និងរោមតែងតែដុះឡើងវិញ បន្ទាប់ពីការព្យាបាលត្រូវបានបញ្ចប់
  • កន្ទួលរមាស់ដែលរាលដាលលើស្បែកក្បាល សក់បែកចុង ស្បែកក្បាលឡើងក្រហម ហើម ហើយជួនកាលមានការបញ្ចេញទឹករងៃ រួមជាមួយនឹងសក់ជ្រុះ អាចជាសញ្ញានៃកើតស្រែង ឬការឆ្លងមេរោគផ្សិតលើស្បែក
  • ចំណុច ឬចំណុចតូចៗកន្លែងទំពែក មនុស្សមួយចំនួនអាចមានចំណុចទំពែករាងជារង្វង់ ឬជាចំណុចតូចៗនៅលើស្បែកក្បាល ពុកចង្ការ ឬចិញ្ចើម ដែលជាតំបន់ដែលសក់ជ្រុះ។ មុនពេលជ្រុះសក់ ស្បែកនៅតំបន់ដែលរងផលប៉ះពាល់អាចរមាស់ ឬឈឺចាប់

ប្រសិនបើអ្នក ឬកូនរបស់អ្នកជួបប្រទះបញ្ហាជ្រុះសក់រ៉ាំរ៉ៃ ហើយកំពុងស្វែងរកការព្យាបាលសមស្របណាមួយ វាជារឿងសំខាន់ក្នុងការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក។ សម្រាប់ស្ត្រីដែលជួបប្រទះបញ្ហាជ្រុះសក់ ឬហៅថា fibrosing alopecia វាមានសារៈសំខាន់ណាស់ក្នុងការពិភាក្សាអំពីជម្រើសការព្យាបាលឱ្យបានឆាប់ជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីការពារការជ្រុះសក់រ៉ាំរ៉ៃដែលមិនអាចស្ដារត្រឡប់មកវិញបាន។ ការចាត់ការរកវិធានការភ្លាមៗអាចធ្វើឱ្យមានភាពខុសគ្នាយ៉ាងសំខាន់ក្នុងការគ្រប់គ្រងលក្ខខណ្ឌទាំងនេះប្រកបដោយប្រសិទ្ធភាព

ប្រសិនបើអ្នកសម្គាល់ឃើញថា សក់ជ្រុះភ្លាមៗ ឬមានចំណុចៗ ឬសក់របស់អ្នកជ្រុះច្រើនពេលអ្នកដុស ឬកក់សក់ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក ព្រោះរោគសញ្ញាទាំងនេះអាចជាសញ្ញាជំងឺដែលធ្ងន់ធ្ងរជាងនេះ ដែលត្រូវការការយកចិត្តទុកដាក់ពីសំណាក់វេជ្ជបណ្ឌិត

មូលហេតុ

ដោយសារតែសក់ដែលដុះថ្មីជាបន្តបន្ទាប់ក្នុងពេលជាមួយគ្នាដែរនោះ ជាមធ្យមយើងជ្រុះសក់ពី 50 ទៅ 100 សរសៃក្នុងមួយថ្ងៃ ដែលជារឿយៗយើងមិនអាចដឹងខ្លួនមុនទេ។ នៅពេលដែលសក់ថ្មីមិនអាចជំនួសសក់ដែលជ្រុះបាននោះសក់ដែលបាត់បង់បន្តិចម្តង ៗ អាចធ្វើឱ្យយើងអាចកត់សម្គាល់បាន។ កត្តាខាងក្រោមជារឿយៗជាប់ទាក់ទងនឹងការជ្រុះសក់៖

  • ប្រវត្តិគ្រួសារ ជំងឺតំណពូជដែលកើតឡើងតាមអាយុត្រូវបានចាត់ទុកថាជាមូលហេតុចម្បងរបស់ការជ្រុះសក់។ លក្ខខណ្ឌទាំងនេះត្រូវបានគេស្គាល់ផងដែរថាជា alopecia androgenic, ទំពែកបែបបុរស (male-pattern baldness) និងទំពែកបែបស្ត្រី (female-pattern baldness)។ ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងជួបប្រទះការជ្រុះសក់ប្រភេទនេះ វាជារឿងសំខាន់ក្នុងការពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក និងស្វែងរកការព្យាបាលដែលសមស្រប។ ដូចទៅនឹងការជ្រុះសក់ និងចំណុចទំពែកចំពោះបុរស និងការស្តើងសក់លើស្បែកក្បាលចំពោះស្ត្រី ការជ្រុះសក់ជាធម្មតាវិវត្តបន្តិចម្តងៗ និងតាមលំនាំដែលអាចព្យាករណ៍បាន
  • បម្រែបម្រួលអ័រម៉ូន និងលក្ខខណ្ឌវេជ្ជសាស្ត្រ កត្តាជាច្រើនអាចបណ្តាលឱ្យជ្រុះសក់ជាអចិន្ត្រៃយ៍ ឬជាបណ្តោះអាសន្ន រួមទាំងការផ្លាស់ប្តូរអ័រម៉ូនដែលបណ្តាលមកពីការមានផ្ទៃពោះ ការសម្រាលកូន ការអស់រដូវ និងបញ្ហាក្រពេញទីរ៉ូអ៊ីត។ លក្ខខណ្ឌវេជ្ជសាស្ត្រដូចជា alopecia areata ដែលពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំ ការឆ្លងមេរោគលើស្បែកក្បាលដូចជាកើតស្រែង និងជំងឺទាញសក់ខ្លួនឯង (trichotillomania) ក៏អាចនាំឱ្យជ្រុះសក់ផងដែរ
  • ឱសថ និងអាហារបំប៉ន ថ្នាំមួយចំនួនដូចជាថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាដើម្បីព្យាបាលជំងឺលើសឈាម មហារីក ជំងឺបេះដូង រោគប្រគ្រីវ រលាកសន្លាក់ និងជំងឺធ្លាក់ទឹកចិត្ត អាចបណ្តាលឱ្យជ្រុះសក់ផងដែរ
  • ការព្យាបាលដោយប្រើកាំរស្មី ការបណ្តុះសក់ឡើងវិញបន្ទាប់ពីការព្យាបាលប្រហែលជាមិនមានប្រសិទ្ធភាពដូចមុនការជ្រុះសក់នោះទេ។ នៅពេលដែលសក់ដុះមកវិញ វាអាចផ្លាស់ប្តូរ លក្ខណៈ ពណ៌ ឬកម្រាស់នៃសរសៃសក់
  • ស្ត្រេស ការជ្រុះសក់ប្រភេទនេះគឺជាជ្រុះបណ្តោះអាសន្ន។ ជាទូទៅមនុស្សមួយចំនួនជួបប្រទះការជ្រុះសក់ បន្ទាប់ពីមានការប៉ះទង្គិចផ្លូវចិត្ត ឬផ្លូវកាយជាច្រើនខែ
  • ម៉ូដសក់ និងការថែទាំ ធ្វើម៉ូតសក់ហួសកម្រិត ដូចជា cornrows ឬ pigtails ដែលបណ្តាលឱ្យសក់ទាញតឹងអាចនាំឱ្យកើត traction alopecia ។ ការជ្រុះសក់ក៏អាចបណ្តាលមកពីនីតិវិធីដូចជា ការអ៊ុតសក់ត្រង់ និងការព្យាបាលសក់ដោយប្រើប្រេងក្តៅ។ ការជ្រុះសក់អាចកើតមានជាអចិន្ត្រៃយ៍ប្រសិនបើសិនជាមានស្លាកស្នាម

កត្តាហានិភ័យ

កត្តាជាច្រើនអាចបង្កើនហានិភ័យដល់ការជ្រុះសក់របស់អ្នក រួមមាន៖

  • ប្រវត្តិគ្រួសារមានការជ្រុះសក់ មិនថានៅខាងម្តាយ ឬខាងឪពុកទេ
  • អាយុ
  • ការសម្រកទម្ងន់
  • ស្ថានភាពសុខភាព៖ អ្នកដែលមានបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលុយពីស មានហានិភ័យខ្ពស់ក្នុងការជ្រុះសក់
  • កត្តាផ្សេងទៀត៖ ភាពតានតឹង និងអាហារូបត្ថម្ភមិនល្អ រួមចំណែកដល់ការជ្រុះសក់

ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល

ការធ្វើរោគវិនិច្ឆ័យ

ជំហានខាងក្រោមនេះនឹងជួយឱ្យអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចធ្វើរោគវិនិច្ឆ័យពីបញ្ហាជ្រុះសក់របស់អ្នកបាន៖

  • ការពិនិត្យរាងកាយ៖ ការជ្រុះសក់អាចសម្គាល់ឃើញបានយ៉ាងងាយស្រួល ប៉ុន្តែវេជ្ជបណ្ឌិតអាចត្រូវការបញ្ជាក់ពីរោគវិនិច្ឆ័យដោយការពិនិត្យរាងកាយលើស្បែកក្បាលរបស់អ្នក។ វេជ្ជបណ្ឌិតនឹងសួរអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក សង្កេតមើលសក់របស់អ្នក និងតំបន់ដែលរងផលប៉ះពាល់សម្រាប់សញ្ញារបស់ការជ្រុះសក់ ឬទំពែក។ វេជ្ជបណ្ឌិតនឹងសាកសួរអំពីរបបអាហារ និងទម្លាប់ថែរក្សាសក់របស់អ្នកផងដែរ
  • ការធ្វើតេស្តឈាម៖ ការធ្វើតេស្តឈាមអាចមានប្រយោជន៍ក្នុងការកំណត់អត្តសញ្ញាណស្ថានភាពសុខភាពដែលអាចបណ្តាលឱ្យសក់របស់អ្នកជ្រុះ
  • ការធ្វើតេស្តទាញសក់៖ តេស្តនេះអាចជួយកំណត់ដំណាក់កាលនៃការជ្រុះសក់។ អ្នកផ្តល់សេវាថែទាំសុខភាពអាចធ្វើតេស្ដទាញសក់ថ្នមៗ ដែលពួកគេទាញសក់បួនដប់សរសៃ ដើម្បីវាយតម្លៃចំនួនសក់ដែលបានបាត់បង់
  • ការធ្វើកោសល្យវិច័យលើស្បែកក្បាល៖ ដើម្បីកំណត់ពីមូលហេតុនៃការជ្រុះសក់ និងកំណត់ថាតើវាអាចបណ្តាលមកពីការឆ្លងមេរោគដែរឬទេ អ្នកផ្តល់សេវាថែទាំសុខភាពអាចកោសយកសំណាកពីស្បែក ឬពីសក់ដែលទាញចេញពីស្បែកក្បាល។ ការធ្វើតេស្តនេះអាចជួយវិភាគឫសសក់នៅក្រោមមីក្រូទស្សន៍ និងកំណត់អត្តសញ្ញាណការឆ្លងមេរោគដែលអាចកើតមាន
  • ឆ្លុះមីក្រូទស្សន៍ពន្លឺ៖ ដើម្បីបង្ហាញពីភាពមិនប្រក្រតីដែលអាចកើតមាននៅក្នុងសរសៃសក់ អ្នកផ្តល់សេវាថែទាំសុខភាពនឹងប្រើប្រាស់ឧបករណ៍ពិសេសមួយហៅថា មីក្រូទស្សន៍ពន្លឺ ដើម្បីពិនិត្យមើលសក់ដែលត្រូវបានដាច់នៅឫសសក់

ការព្យាបាល

មានវិធីព្យាបាលដែលមានប្រសិទ្ធភាពសម្រាប់ប្រភេទការជ្រុះសក់មួយចំនួនដែលអាចជួយបន្ថយ ឬធ្វើអោយសក់ដុះឡើងវិញ ក្នុងករណីដូចជា សក់ជ្រុះជាដុំ (alopecia areata) សក់អាចដុះឡើងវិញតាមធម្មជាតិក្នុងរយៈពេលមួយឆ្នាំដោយមិនត្រូវការការព្យាបាលណាមួយឡើយ។ ការ​ព្យាបាល​ការ​ជ្រុះ​សក់​រួម​មានការលេប​ថ្នាំ និង​ការ​វះ​កាត់

  • ឱសថ៖ ប្រសិនបើការជ្រុះសក់បណ្តាលមកពីជំងឺប្រចាំខ្លួន ការព្យាបាលសម្រាប់ស្ថានភាពវេជ្ជសាស្ត្រនោះ គឺជាការចាំបាច់បំផុត។ ប្រសិនបើការជ្រុះសក់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ថ្នាំមួយចំនួន អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចណែនាំឱ្យអ្នកឈប់ប្រើថ្នាំទាំងនោះរយៈពេលខ្លីប្រហែលពីរទៅបីខែ
    មានជម្រើសថ្នាំសម្រាប់ព្យាបាលការជ្រុះសក់ដែលជម្រើសទូទៅបំផុតរួមមាន:

    • Minoxidil៖ មានលក់នៅឱសថស្ថានទូទៅហើយអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា វាមានជាប្រភេទទឹក ហ្វូមពពុះ និងសាប៊ូកក់សក់។ ដើម្បីទទួលបានលទ្ធផលល្អបំផុត វាត្រូវបានណែនាំឱ្យប្រើផលិតផលនេះលើស្បែកក្បាលមួយថ្ងៃម្តងសម្រាប់ស្ត្រី និងពីរដងក្នុងមួយថ្ងៃសម្រាប់បុរស។ ការប្រើហ្វូមខណៈពេលដែលសក់របស់អ្នកនៅតែសើមគឺពេញនិយមជាងគេចំពោះអ្នកប្រើប្រាស់
      ផលិតផល Minoxidil ជំរុញការដុះលូតលាស់សក់ឡើងវិញ និងកាត់បន្ថយការជ្រុះសក់។ ការព្យាបាលគួរតែត្រូវប្រើយ៉ាងហោចណាស់ប្រាំមួយខែដើម្បីការពារការកើតឡើងវិញនៃការជ្រុះសក់និងជំរុញកំណើនការដុះសក់ថ្មី។ ការប្រើប្រាស់ជាបន្តបន្ទាប់គឺចាំបាច់ដើម្បីរក្សាអត្ថប្រយោជន៍
    • Finasteride: Finasteride គឺជាថ្នាំលេបតាមវេជ្ជបញ្ជាសម្រាប់បុរសដែលត្រូវលេបជារៀងរាល់ថ្ងៃក្នុងទម្រង់ថ្នាំគ្រាប់។ Finasteride អាចពន្យឺតការជ្រុះសក់ និងជំរុញការដុះលូតលាស់សក់ថ្មី អាចចំណាយពេលច្រើនខែទើបបានលទ្ធផល ហើយត្រូវការប្រើជាប្រចាំដើម្បីរក្សាអត្ថប្រយោជន៍។ ទោះយ៉ាងណាក៏ដោយ finasteride ប្រហែលជាមិនមានប្រសិទ្ធភាពសម្រាប់បុរសដែលមានអាយុលើសពី 60 ឆ្នាំទេ
      ស្ត្រី​មាន​ផ្ទៃពោះ ឬ​អាចនឹងមាន​ផ្ទៃពោះគួរ​ចៀសវាង​ការ​ប៉ះពាល់​គ្រាប់​ថ្នាំដែលបែក
    • ថ្នាំផ្សេងទៀត៖ ជម្រើសថ្នាំលេបបន្ថែមសម្រាប់ការព្យាបាលការជ្រុះសក់រួមមាន spironolactone និង ថ្នាំលេប dutasteride
  • ការវះកាត់បណ្ដុះសក់៖ ប្រភេទទូទៅបំផុតនៃការជ្រុះសក់ជាអចិន្ត្រៃយ៍ជាធម្មតាត្រូវបានកំណត់ត្រឹមផ្នែកខាងលើរបស់ស្បែកក្បាល។ ការវះកាត់បណ្ដុះសក់ ឬការវះកាត់ស្តារសក់ឡើង គឺជាដំណោះស្រាយដែលជួយឱ្យអ្នកអាចប្រើប្រយោជន៍ពីសក់ដែលនៅសល់បានយ៉ាងល្អ​

ក្នុង​នីតិវិធីការបណ្ដុះសក់ សក់​ត្រូវបានវះកាត់​យក​ពី​កន្លែង​ដែល​មាន​សក់កំពុងលូតលាស់ ហើយប្តូរវាទៅកន្លែងដែលទំពែក។ ដែលអាចការប្រើ ការបណ្ដុះជាលិកា micrografts, minigrafts, ឬការផ្សាំស្បែកបន្ទះធំ។ ថ្នាំបំបាត់ការឈឺចាប់ (Sedation) ត្រូវបានប្រើដើម្បីកាត់បន្ថយភាពឈឺចាប់។ ហានិភ័យដែលអាចកើតមានរួមមាន ហូរឈាម ស្នាមជាំ ហើម និងការឆ្លងមេរោគ។ ការវះកាត់ជាច្រើនសារអាចត្រូវបានទាមទារ ដើម្បីសម្រេចបាននូវលទ្ធផលដែលយើងចង់បាន ប៉ុន្តែការជ្រុះសក់នៅតែអាចបន្តជ្រុះសូម្បីតែបន្ទាប់ពីការវះកាត់ជោគជ័យហើយក៏ដោយ

  • ការព្យាបាលដោយឡាស៊ែរ៖ ឧបករណ៍ឡាស៊ែរកម្រិតទាបត្រូវបានអនុម័តអោយប្រើប្រាស់ដោយក្រសូងចំណីអាហារ និង ឱសថ (FDA) ដើម្បីព្យាបាលការជ្រុះសក់ដោយសារហ្សែនតំណពូជចំពោះបុរស និងស្ត្រី។ ការសិក្សាមួយចំនួនបានបង្ហាញថាពួកវាអាចបង្កើនកម្រាស់នៃសក់។ ដើម្បី​បញ្ជាក់​ពី​ផល​វិបាក​រយៈ​ពេល​វែង​របស់​វា គេ​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ទៀត
  • ប្លាស្មាសម្បូរប្លាកែត៖ ការព្យាបាលដោយប្លាកែតសម្បូរប្លាកែត (PRP) ពាក់ព័ន្ធនឹងអ្នកផ្តល់សេវាថែទាំសុខភាព ទាញយកឈាម កែច្នៃវា និងចាក់វាទៅក្នុងស្បែកក្បាល ដើម្បីជំរុញការលូតលាស់សក់

Doctors who treat this condition