ការបាក់ឆ្អឹងត្រង់តំបន់លូតលាស់របស់កុមារ
ទិដ្ឋភាពទូទៅ
តំបន់លូតលាស់នៃឆ្អឹងរបស់កុមារ (Growth plate) គឺជាស្រទាប់ជាលិកា (កោសិកា) ដែលកំពុងអភិវឌ្ឍ ដែលមានទីតាំងស្ថិតនៅជិតចុងឆ្អឹងរបស់ពួកគេ។ តំបន់លូតលាស់នៃឆ្អឹងទាំងនេះ គឺជាផ្នែកដែលទន់ និងងាយរងគ្រោះបំផុតនៃគ្រោងឆ្អឹង ដែលជារឿយៗវាមានភាពទន់ខ្សោយជាងសរសៃពួរ (Ligaments និង Tendons) ដែលនៅជុំវិញនោះទៅទៀត។ ខណៈពេលដែលមនុស្សពេញវ័យអាចជួបប្រទះការគ្រិចថ្លោះសន្លាក់ដោយសារតែរបួស របួសដដែលនោះអាចបង្កឱ្យមានការបាក់ឆ្អឹងចំតំបន់លូតលាស់នេះចំពោះកុមារ។
ការបាក់ឆ្អឹងត្រង់តំបន់លូតលាស់នេះ ជារឿយៗទាមទារឱ្យមានការព្យាបាលជាបន្ទាន់ ព្រោះវាអាចរំខានដល់ការលូតលាស់របស់ឆ្អឹង។ ការបាក់ឆ្អឹងត្រង់តំបន់លូតលាស់ដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អាចបណ្តាលឱ្យឆ្អឹងដែលបាក់នោះដុះមកវៀច ឬខ្លីជាងអវយវៈម្ខាងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការបាក់ឆ្អឹងត្រង់តំបន់លូតលាស់ភាគច្រើន អាចជាសះស្បើយឡើងវិញដោយគ្មានបញ្ហាចោទឡើយ ប្រសិនបើទទួលបានការថែទាំ និងព្យាបាលត្រឹមត្រូវ។
រោគសញ្ញា
ម្រាមដៃ, កំភួនដៃ និងឆ្អឹងកំភួនជើង គឺជាផ្នែកដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារការបាក់ឆ្អឹងត្រង់តំបន់លូតលាស់។ សញ្ញា និងរោគសញ្ញានៃការបាក់ឆ្អឹងត្រង់តំបន់លូតលាស់អាចរួមមាន៖
- ចុងឆ្អឹងដែលនៅជិតសន្លាក់បង្ហាញសញ្ញាហើម និងក្តៅភាយៗនៅពេលប៉ះ
- មានការឈឺចាប់ និងស្រកៀញ ជាពិសេសនៅពេលសង្កត់ចំតំបន់លូតលាស់នៃឆ្អឹងនោះ
- ចុងអវយវៈ (ដៃ ឬជើង) វៀចខុសប្រក្រតី
- មិនអាចទប់ទម្ងន់ ឬសង្កត់ទៅលើអវយវៈនោះបាន ឬមិនអាចចលនាត្រង់តំបន់ដែលរងរបួស
ប្រសិនបើអ្នកសង្ស័យថាកូនរបស់អ្នកមានការបាក់ឆ្អឹង វាជារឿងសំខាន់ណាស់ក្នុងការនាំពួកគេទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ។ លើសពីនេះ ប្រសិនបើកូនរបស់អ្នកមានការឈឺចាប់ជាប់ជានិច្ច ដែលរារាំងពួកគេមិនអាចចូលរួមក្នុងសកម្មភាពកីឡាបាន ឬប្រសិនបើមានការវៀចទ្រង់ទ្រាយយ៉ាងច្បាស់ក្រឡែតនៅលើដៃ ឬជើងរបស់ពួកគេ វាត្រូវបានណែនាំឱ្យនាំពួកគេទៅជួបវាយតម្លៃដោយអ្នកជំនាញវេជ្ជសាស្ត្រ។
មូលហេតុ
ជារឿយៗ ការដួល ឬការទង្គិចខ្លាំងលើអវយវៈដែលបណ្តាលឱ្យបាក់ឆ្អឹងត្រង់តំបន់លូតលាស់ រួមមាន៖
- សកម្មភាពកម្សាន្តនានា ដូចជា ការជិះស្គី (Skating ឬ Skiing), ការជិះរទេះរអិលលើទឹកកក (Sledding) ឬការជិះម៉ូតូ
- កីឡាដែលមានការប្រកួតប្រជែង ដូចជា បាល់ឱប, បាល់បោះ, ការរត់ប្រណាំង, ការរាំ ឬកាយសម្ព័ន្ធ
- គ្រោះថ្នាក់ចរាចរណ៍
ការប្រើប្រាស់ហួសកម្លាំង ដែលអាចកើតឡើងអំឡុងពេលការគប់វត្ថុដដែលៗ ឬការហ្វឹកហាត់កីឡាខ្លាំងក្លា ក៏អាចបណ្តាលឱ្យមានការបាក់ឆ្អឹងត្រង់តំបន់លូតលាស់បានក្នុងករណីខ្លះដែរ។
មូលហេតុដែលអាចកើតមានផ្សេងទៀត រួមមាន ការឆ្លងមេរោគលើឆ្អឹង, ជំងឺតំណពូជ, សីតុណ្ហភាពត្រជាក់ខ្លាំង, ការរងអំពើហិង្សាលើរាងកាយ, ការប្រើប្រាស់ថ្នាំប្រភេទជាក់លាក់ណាមួយ ឬការប៉ះពាល់នឹងវិទ្យុសកម្ម។
កត្តាហានិភ័យ
ការបាក់ឆ្អឹងត្រង់តំបន់លូតលាស់ កើតមានចំពោះក្មេងប្រុសញឹកញាប់ជាងក្មេងស្រី។ នេះគឺដោយសារតែការពិតដែលថា ក្មេងស្រីជាទូទៅលូតលាស់ដល់កម្ពស់ពេញលេញលឿនជាងក្មេងប្រុស ដោយតំបន់លូតលាស់នៃឆ្អឹងរបស់ពួកគេនឹងរឹងមាំ ហើយត្រូវបានជំនួសដោយឆ្អឹងរឹងមាំពេញលេញនៅជុំវិញអាយុ ១២ ឆ្នាំ។
ការធ្វើរោគវិនិច្ឆ័យ
តំបន់លូតលាស់នៃឆ្អឹង (Growth plates) គឺពិបាកក្នុងការមើល និងអាននៅលើហ្វីលថតកាំរស្មីអ៊ិចណាស់ ដោយសារតែពួកវាមិនទាន់ដុះរឹងមាំទៅជាឆ្អឹងពេញលេញនៅឡើយ។ ដើម្បីប្រៀបធៀបរូបភាពកាំរស្មីអ៊ិចនៃអវយវៈដែលរងរបួស ជាមួយនឹងអវយវៈដែលមិនរងរបួស គ្រូពេទ្យអាចនឹងស្នើសុំថតកាំរស្មីអ៊ិចលើអវយវៈទាំងសងខាងតែម្តង។
នៅលើហ្វីលថតកាំរស្មីអ៊ិច គេមិនមែនសុទ្ធតែអាចមើលឃើញការបាក់ឆ្អឹងត្រង់តំបន់លូតលាស់នេះគ្រប់ពេលនោះទេ។ គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យបង់រុំអវយវៈ ឬដាក់ឧបករណ៍ទប់ (Cast or splint) ដើម្បីការពារអវយវៈនោះ ប្រសិនបើតំបន់លូតលាស់នៃឆ្អឹងរបស់កុមារមានការឈឺចាប់ខ្លាំង។ ប្រសិនបើពិតជាមានការបាក់ឆ្អឹងមែននោះ ការដុះសះស្បើយនៃឆ្អឹងថ្មីជាទូទៅនឹងអាចស្តែងចេញឱ្យឃើញនៅលើហ្វីលថតអ៊ិចស្រេ ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍ក្រោយមក។
សម្រាប់ការរងរបួសធ្ងន់ធ្ងរជាងនេះ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការស្កេនដែលអាចមើលឃើញជាលិកាទន់ បានច្បាស់ រួមមាន ការថតអេមអរអាយ MRI, ការថតស៊ីធីស្កេន ឬការពិនិត្យអេកូ។
ការព្យាបាល
កម្រិតធ្ងន់ធ្ងរនៃការបាក់ឆ្អឹងត្រង់តំបន់លូតលាស់ នឹងកំណត់ពីវិធីសាស្ត្រក្នុងការថែទាំ និងព្យាបាល។ ជាទូទៅ ករណីបាក់ឆ្អឹងដែលមិនសូវធ្ងន់ធ្ងរ គ្រាន់តែទាមទារការដាក់ម្សៅបង់រុំ ឬឧបករណ៍ទប់ (Cast or splint) ប៉ុណ្ណោះ។ ការវះកាត់អាចនឹងត្រូវខកខានមិនបាន ប្រសិនបើការបាក់ឆ្អឹងនោះរាលដាលចូលទៅក្នុងសន្លាក់ ឬកាត់ទទឹងតំបន់លូតលាស់នៃឆ្អឹង ហើយឆ្អឹងនោះខុសទ្រង់ទ្រាយ (មិនតម្រង់ជួរគ្នាបានល្អ)។ តំបន់លូតលាស់នៃឆ្អឹងដែលត្រូវបានកែតម្រូវទីតាំងឡើងវិញតាមរយៈការវះកាត់ អាចមានឱកាសស្តារឡើងវិញ និងលូតលាស់បន្តទៀតបានល្អជាងតំបន់លូតលាស់នៃឆ្អឹងដែលត្រូវបានទុកចោលក្នុងទីតាំងមិនល្អ។
វាអាចជាការពិបាកក្នុងការកំណត់ថាតើតំបន់លូតលាស់នៃឆ្អឹងមានការខូចខាតយូរអង្វែង ឬយ៉ាងណានៅពេលរងរបួសដំបូង។ ដើម្បីធានាបាននូវការលូតលាស់ត្រឹមត្រូវនៃតំបន់លូតលាស់របស់ឆ្អឹងនៅក្នុងឆ្នាំបន្ទាប់ៗក្រោយការបាក់ឆ្អឹង គ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យធ្វើការថតកាំរស្មីអ៊ិចពិនិត្យជាប្រចាំ។ អាស្រ័យលើកម្រិតធ្ងន់ធ្ងរ និងទីតាំងនៃការបាក់ឆ្អឹង កូនរបស់អ្នកអាចនឹងទាមទារឱ្យមានការណាត់ជួបតាមដានបន្តបន្ទាប់ រហូតទាល់តែឆ្អឹងរបស់ពួកគេបានលូតលាស់ចប់សព្វគ្រប់។
