ជំងឺមហារីកខួរក្បាលគ្លីអូទ្បាស្តូម៉ា
ទិដ្ឋភាពទូទៅ
តើអ្វីទៅជាជំងឺគ្លីអូទ្បាស្តូម៉ា? ជំងឺគ្លីអូទ្បាស្តូម៉ា មូទីហ្វម (Glioblastoma multiforme – GBM) គឺជាទម្រង់ទូទៅបំផុតនៃដុំសាច់ខួរក្បាលប្រភេទកាច (មហារីក) ដែលត្រូវបានរកឃើញនៅលើមនុស្សពេញវ័យ។ ជំងឺគ្លីអូឡាស្តូម៉ានេះ ចាប់ផ្តើមឡើងក្នុងទម្រង់ជាការលូតលាស់ខុសប្រក្រតីនៃកោសិកានៅក្នុងខួរក្បាល ឬខួរឆ្អឹងខ្នង ដោយវាមានលក្ខណៈពិសេសត្រង់ការរីកលូតលាស់យ៉ាងលឿនរហ័ស ព្រមទាំងមានសមត្ថភាពអាចជ្រៀតចូល និងបំផ្លាញជាលិកាសុខភាពដែលនៅជុំវិញនោះ។
ជំងឺគ្លីអូឡាស្តូម៉ា វិវឌ្ឍមកពីកោសិកាឯកទេសម្យ៉ាងដែលគេស្គាល់ថាជា «អាស្ត្រូសាយ (Astrocytes)»។ ទាំងនេះគឺជាកោសិកាគ្លីយ៉ាល់ (Glial cells) រាងដូចផ្កាយ ដែលផ្តល់ការគាំទ្ររចនាសម្ព័ន្ធដ៏សំខាន់ និងផ្តល់សារធាតុចិញ្ចឹមដល់កោសិកាប្រសាទនៅក្នុងប្រព័ន្ធប្រសាទកណ្តាលរបស់អ្នក។ នៅពេលដែល DNA នៅក្នុងកោសិកាអាស្ត្រូសាយទាំងនេះបំប្លែងខ្លួន (Mutates) ពួកវានឹងកើនឡើងចំនួនយ៉ាងអនាធិបតេយ្យដោយមិនអាចគ្រប់គ្រងបាន ហើយបង្កើតទៅជាដុំសាច់ដែលរីកលូតលាស់យ៉ាងលឿន។
រោគសញ្ញាទូទៅដែលទាក់ទងនឹងជំងឺគ្លីអូឡាស្តូម៉ា រួមមាន អាការៈឈឺក្បាលកាន់តែខ្លាំងឡើងៗបន្តិចម្តងៗ ចង្អោរ ក្អួត ស្រវាំងភ្នែក ឬមើលឃើញរូបពីរ និងការប្រកាច់។
បច្ចុប្បន្ននេះ មិនទាន់មានវិធីព្យាបាលជំងឺគ្លីអូឡាស្តូម៉ាឱ្យជាសះស្បើយនៅឡើយទេ។ វិធីសាស្ត្រព្យាបាលដែលមាននាពេលបច្ចុប្បន្ន គឺមានគោលបំណងពន្យារល្បឿននៃការរីកលូតលាស់របស់កោសិកាមហារីក និងជួយសម្រាលរោគសញ្ញាពាក់ព័ន្ធផ្សេងៗតែប៉ុណ្ណោះ។
រោគសញ្ញា
ដោយសារតែកោសិកាមហារីកប្រភេទ GBM នេះរីករាលដាលយ៉ាងរហ័ស រោគសញ្ញានៃជំងឺគ្លីអូឡាស្តូម៉ាក៏អាចលេចឡើងភ្លាមៗផងដែរ។ សញ្ញា និងរោគសញ្ញាទូទៅនៃជំងឺ GBM រួមមាន៖
- ឈឺក្បាល
- មានបញ្ហាផ្នែកការចងចាំ
- មានការប្រែប្រួលបុគ្គលិកលក្ខណៈ ឬអារម្មណ៍ (មួម៉ៅ ឆេវឆាវ)
- មើលឃើញរូបពីរ ឬស្រវាំងភ្នែក
- ការប្រកាច់ ឬញាក់សាច់ដុំ
- ខ្សោយសាច់ដុំ ឬមានបញ្ហាក្នុងការរក្សាលំនឹងរាងកាយ
- មានការប្រែប្រួលអារម្មណ៍ដឹង ដូចជា ស្ពឹក ឬមានអារម្មណ៍ឆៀបៗ (ស្រមោចខាំ)
- ចង្អោរ និងក្អួត
- មានបញ្ហាផ្នែកការនិយាយស្តី
មូលហេតុ
នៅពេលដែលអ្នកជំងឺសាកសួរអំពីមូលហេតុដែលបង្កឱ្យកើតជំងឺគ្លីអូឡាស្តូម៉ា ចម្លើយអាចនឹងធ្វើឱ្យមានការខកចិត្ត។ ក្រុមអ្នកជំនាញនៅមិនទាន់អាចកំណត់ពីមូលហេតុច្បាស់លាស់ពិតប្រាកដថា ហេតុអ្វីបានជាបុគ្គលមួយចំនួនវិវឌ្ឍទៅជាមានដុំសាច់មហារីកខួរក្បាល រួមទាំងជំងឺ GBM នេះឡើយ។ មូលហេតុចម្បងនៃជំងឺគ្លីអូឡាស្តូម៉ា គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការបំប្លែងខ្លួនដោយឯកឯងនៃ DNA (Spontaneous DNA mutations) នៅក្នុងកោសិកាអាស្ត្រូសាយ ដែលវាបានបញ្ជាឱ្យកោសិកាទាំងនោះលូតលាស់លឿនជ្រុល និងគេចផុតពីវដ្តស្លាប់នៃកោសិកាធម្មតា។ ករណីភាគច្រើននៃជំងឺនេះ គឺមិនមែនជាជំងឺតំណពូជក្នុងគ្រួសារឡើយ ហើយមូលហេតបង្កដោយសារហ្សែនតំណពូជគឺកម្រមានជាទីបំផុត។
កត្តាហានិភ័យ
កត្តាមួយចំនួនអាចបង្កើនហានិភ័យរបស់អ្នកក្នុងការវិវឌ្ឍទៅជាជំងឺ GBM៖
- ភេទ៖ បុរសមានហានិភ័យខ្ពស់ជាងស្ត្រីបន្តិច
- អាយុ៖ ជំងឺ GBM ជួបប្រទះញឹកញាប់លើបុគ្គលដែលមានអាយុចន្លោះពី ៤៥ ដល់ ៧០ ឆ្នាំ ដោយអាយុជាមធ្យមដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញគឺ ៦៤ ឆ្នាំ
- ការប៉ះពាល់នឹងសារធាតុគីមី៖ រួមបញ្ចូលទាំងការប៉ះពាល់ផ្ទាល់ជាមួយសារធាតុដូចជា ថ្នាំសម្លាប់សត្វល្អិត ប្រេងកាត កៅស៊ូសំយោគ និងវីនីលក្លរ៉ៃដ៍ (Vinyl chloride)
- ទំនោរហ្សែនពីកំណើត (Genetic Predisposition)៖ បុគ្គលដែលមានស្ថានភាពជំងឺហ្សែនដែលជំរុញឱ្យមានការកកើតដុំសាច់ ដូចជា ជំងឺដុះដុំសាច់លើសរសៃប្រសាទ, រោគសញ្ញា Li–Fraumeni, និងរោគសញ្ញា Turcot គឺស្ថិតក្នុងហានិភ័យខ្ពស់
- ប្រវត្តិធ្លាប់ទទួលការព្យាបាលដោយកាំរស្មីវិទ្យុសកម្មត្រង់ក្បាល៖ ការធ្លាប់បានទទួលការព្យាបាលដោយកាំរស្មីវិទ្យុសកម្ម តម្រង់ទៅចំតំបន់ក្បាលកាលពីអតីតកាល ក៏អាចជាកត្តារួមចំណែកមួយផងដែរ
ការធ្វើរោគវិនិច្ឆ័យ
ការតេស្ត និងនីតិវិធីវេជ្ជសាស្ត្រដែលប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្លីអូឡាស្តូម៉ា រួមមាន៖
- ការពិនិត្យប្រព័ន្ធប្រសាទ (Neurological examination)៖ ការពិនិត្យប្រភេទនេះវាយតម្លៃលើគំហើញ ការស្តាប់ តុល្យភាពរាងកាយ ការសម្របសម្រួលសរីរាង្គ កម្លាំងសាច់ដុំ និងប្រតិកម្ម Reflexes។ បញ្ហាដែលរកឃើញក្នុងផ្នែកណាមួយ ឬច្រើននៃផ្នែកទាំងនេះ អាចផ្តល់តម្រុយដល់គ្រូពេទ្យអំពីតំបន់ខួរក្បាលដែលរងផលប៉ះពាល់ដោយសារជំងឺគ្លីអូឡាស្តូម៉ា
- ការថតពិនិត្យរូបភាព៖ ជួយក្នុងការស្វែងរកទីតាំង និងកំណត់ទំហំនៃដុំសាច់គ្លីអូឡាស្តូម៉ា។ វិធីសាស្ត្រថតស្កេនម៉ាញេទិក MRI ត្រូវបានប្រើប្រាស់ជាញឹកញាប់បំផុតដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះ។ ការថតឆ្លុះរូបភាពផ្សេងទៀតដែលអាចប្រើប្រាស់បានដែរនោះ រួមមាន ការថតស្កេនស៊ីធី និងការថតស្កេនភីអ៊ីធី
- ការកាត់យកសំណាកជាលិកាទៅពិនិត្យ (Tissue sample extraction)៖ ការច្រឹបយកសាច់ជានីតិវិធីដែលរួមមានការយកសំណាកជាលិកាមកធ្វើតេស្ត។ វាអាចធ្វើឡើងដោយការប្រើប្រាស់ម្ជុលចាក់បឺតយកសំណាកសាច់មុនពេលវះកាត់ ឬធ្វើឡើងជាផ្នែកមួយនៃការវះកាត់យកដុំសាច់គ្លីអូឡាស្តូម៉ាចេញ។ សំណាកជាលិកាដែលទទួលបាន នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពិសោធន៍ ដើម្បីពិនិត្យបញ្ជាក់ថាតើកោសិកាទាំងនោះជាកោសិកាមហារីក និងជាប្រភេទកោសិកាគ្លីអូឡាស្តូម៉ាពិតប្រាកដមែនឬយ៉ាងណា
ការព្យាបាល
ទោះបីជាមិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយដាច់ក៏ដោយ ប៉ុន្តែវិធីសាស្ត្រព្យាបាលជំងឺគ្លីអូឡាស្តូម៉ាជាច្រើន អាចជួយគ្រប់គ្រងជំងឺ និងលើកកម្ពស់គុណភាពជីវិតរបស់អ្នកជំងឺបាន។ ជម្រើសការព្យាបាលជំងឺគ្លីអូឡាស្តូម៉ា រួមមានដូចខាងក្រោម៖
- ការអន្តរាគមន៍ដោយការវះកាត់ (Surgical Intervention)៖ គ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ នឹងធ្វើការវះកាត់ដើម្បីយកដុំសាច់គ្លីអូឡាស្តូម៉ាចេញឱ្យបានច្រើនបំផុតតាមអាចធ្វើទៅបាន។ ដោយសារតែធម្មជាតិនៃដុំសាច់នេះមានលក្ខណៈជ្រៀតចូលខ្លាំង ការវះកាត់យកចេញទាំងស្រុង១០០% គឺមិនអាចធ្វើទៅបានគ្រប់ពេលនោះឡើយ។ ជាញឹកញាប់ អ្នកជំងឺត្រូវការការព្យាបាលបន្ថែមផ្សេងទៀត ដើម្បីកម្ចាត់កោសិកាមហារីកដែលនៅសេសសល់
- ការព្យាបាលដោយវិទ្យុសកម្ម៖ ការព្យាបាលដោយវិទ្យុសកម្ម គឺការប្រើប្រាស់កាំរស្មីថាមពលខ្ពស់ ដូចជា កាំរស្មីអ៊ិច ឬប្រូតុង ដើម្បីបំផ្លាញកោសិកាមហារីក។ អំឡុងពេលនីតិវិធីនេះ អ្នកជំងឺត្រូវគេងនៅលើគ្រែពេទ្យ ខណៈពេលដែលម៉ាស៊ីនបាញ់បញ្ជូនកាំរស្មីវិទ្យុសកម្មតម្រង់ទៅចំតំបន់ជាក់លាក់នៃខួរក្បាល។ ជាទូទៅ ការព្យាបាលដោយវិទ្យុសកម្មត្រូវបានណែនាំបន្ទាប់ពីការវះកាត់ និងអាចរួមផ្សំជាមួយនឹងការប្រើប្រាស់ថ្នាំគីមី។ សម្រាប់អ្នកដែលមិនអាចទទួលការវះកាត់បាន វិធីសាស្ត្រនេះអាចជាការព្យាបាលចម្បង
- ការព្យាបាលដោយថ្នាំគីមី៖ ការព្យាបាលដោយថ្នាំគីមី គឺការប្រើប្រាស់ឱសថខ្លាំងៗដើម្បីបំផ្លាញកោសិកាមហារីក។ បន្ទាប់ពីការវះកាត់ និងជួនកាលធ្វើឡើងទន្ទឹមគ្នានឹងការព្យាបាលដោយវិទ្យុសកម្ម អ្នកជំងឺអាចនឹងត្រូវលេបថ្នាំគីមីជាទម្រង់គ្រាប់។ ក្នុងករណីខ្លះ ថ្នាំគីមីតាមសរសៃឈាម (ថ្នាំកាត់) អាចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺគ្លីអូឡាស្តូម៉ាដែលលាប់ឡើងវិញ។ លើសពីនេះ បន្ទះថ្នាំស្តើងៗ (Wafers) ដែលមានផ្ទុកថ្នាំគីមី អាចត្រូវបានដាក់បញ្ចូលទៅក្នុងខួរក្បាលអំឡុងពេលវះកាត់ ដោយវានឹងបញ្ចេញជាតិថ្នាំបន្តិចម្តងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក
- ការព្យាបាលដោយដែនអគ្គិសនីប្រឆាំងដុំសាច់ (Tumor Treating Fields – TTF Therapy)៖ ការព្យាបាលប្រភេទ TTF នេះ ប្រើប្រាស់ដែនអគ្គិសនីដើម្បីរំខានដល់ការកើនឡើងចំនួននៃកោសិកាមហារីក។ វាហ្នឹងរួមមានការបិតបន្ទះជែលស្អិតនៅលើស្បែកក្បាល ដែលភ្ជាប់ទៅនឹងឧបករណ៍ចល័តមួយដែលបង្កើតដែនអគ្គិសនី។ វិធីសាស្ត្រ TTF ជារឿយៗត្រូវបានរួមផ្សំជាមួយថ្នាំគីមី និងអាចត្រូវបានពិចារណាអនុវត្តបន្ទាប់ពីការព្យាបាលដោយវិទ្យុសកម្ម
- ការព្យាបាលបែបចំគោលដៅ៖ ប្រើប្រាស់ឱសថដែលតម្រង់ចំទៅបំផ្លាញសារធាតុគីមីជាក់លាក់ណាមួយដែលមាននៅក្នុងកោសិកាមហារីក ដែលនាំឱ្យកោសិកាមហារីកទាំងនោះងាប់
- ការសាកល្បងគ្លីនិក (Clinical Trials)៖ ការសាកល្បងគ្លីនិក ផ្តល់ឱកាសឱ្យអ្នកជំងឺទទួលបាននូវវិធីសាស្ត្រព្យាបាលថ្មីៗចុងក្រោយបង្អស់។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យ និងផលរំខានដែលអាចកើតមាន អាចនឹងមិនទាន់ត្រូវបានស្វែងយល់ដឹងច្បាស់លាស់ទាំងស្រុងនោះទេ។ អ្នកជំងឺគួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងយល់ពីលទ្ធភាពក្នុងការចូលរួមក្នុងការសាកល្បងគ្លីនិកទាំងនេះ
- ការព្យាបាលគាំទ្រ ឬថែទាំបន្ធូរបន្ថយ (Supportive Care ឬ Palliative Care)៖ ការថែទាំបន្ធូរបន្ថយ ផ្តោតលើការកាត់បន្ថយការឈឺចាប់ និងរោគសញ្ញាផ្សេងៗទៀតដែលទាក់ទងនឹងជំងឺធ្ងន់ធ្ងរ។ វាដើរតួនាទីបំពេញបន្ថែមឱ្យការព្យាបាលផ្សេងទៀត ដូចជា ការវះកាត់ ការប្រើថ្នាំគីមី ឬការបាញ់កាំរស្មី ដើម្បីលើកកម្ពស់គុណភាពជីវិតទូទៅអំឡុងពេលទទួលការព្យាបាល
ពេលដែលត្រូវជួបគ្រូពេទ្យ
ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកជួបប្រទះនូវសញ្ញាគួរឱ្យព្រួយបារម្ភណាមួយ វាជារឿងសំខាន់បំផុតក្នុងការស្វែងរកការពិនិត្យព្យាបាលភ្លាមៗ។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានអាការៈឈឺក្បាលធ្ងន់ធ្ងរ ឬកាន់តែអាក្រក់ទៅៗ មានការប្រកាច់ដែលមិនធ្លាប់មានពីមុន បញ្ហាការចងចាំដោយគ្មានមូលហេតុ ការប្រែប្រួលបុគ្គលិកលក្ខណៈភ្លាមៗ ឬមានអាការៈកាន់តែខ្សោយទៅៗ ស្ពឹក ឬមានបញ្ហាផ្នែកគំហើញបន្តិចម្តងៗ
ផលវិបាក
នៅពេលដែលដុំសាច់រីកលូតលាស់ និងសង្កត់ទៅលើជាលិកាខួរក្បាលដែលនៅក្បែរនោះ វាអាចបណ្តាលឱ្យមានផលវិបាកជាច្រើន។ ទាំងនេះអាចរួមមាន ការប្រកាច់កាន់តែធ្ងន់ធ្ងរ ហើមខួរក្បាល ជំងឺទឹកដក់ក្នុងខួរក្បាល (ការកើនឡើងសម្ពាធសារធាតុរាវជុំវិញខួរក្បាល) និងការប្រែប្រួលគួរឱ្យកត់សម្គាល់លើការគិត ការនិយាយស្តី ឬមុខងារចលនា (ដៃជើង)។ សូម្បីតែទទួលបានការព្យាបាលយ៉ាងហ្មត់ចត់ក៏ដោយ ក៏ដុំសាច់នេះជារឿយៗតែងតែលាប់ឡើងវិញ ដែលទាមទារការគ្រប់គ្រង និងព្យាបាលបន្តទៀត
ការព្យាករណ៍រោគ
ការព្យាករណ៍រោគនៃជំងឺគ្លីអូឡាស្តូម៉ា ជាទូទៅគឺមានភាពលំបាក និងជាបញ្ហាប្រឈមខ្លាំង ដោយសារតែដុំសាច់នេះលូតលាស់យ៉ាងលឿនរហ័ស និងមានលក្ខណៈជ្រៀតចូលខ្ពស់។ ទោះបីជាការព្យាបាលអាចជួយលើកកម្ពស់គុណភាពជីវិត និងពន្យារអាយុជីវិតបានក៏ដោយ ក៏ជំងឺនេះនៅតែជាជំងឺដែលអាចបណ្តាលឱ្យបាត់បង់ជីវិតដដែល។ ជាមធ្យម អ្នកជំងឺអាចរស់នៅបានពី ១២ ដល់ ១៨ ខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញ។ អត្រារស់រានមានជីវិតរយៈពេល ៥ ឆ្នាំ នៃជំងឺគ្លីអូឡាស្តូម៉ា មានប្រមាណ ៥% ប៉ុណ្ណោះ ដែលមានន័យថាមានតែអ្នកជំងឺមួយភាគតូចប៉ុណ្ណោះដែលអាចបន្តរស់រានមានជីវិតបានលើសពី ៥ ឆ្នាំ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូង។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវ និងការសាកល្បងគ្លីនិកដែលកំពុងបន្តធ្វើឡើងនាពេលបច្ចុប្បន្ន គឺនៅតែបន្តស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពជាងមុន ដើម្បីគ្រប់គ្រងជំងឺនេះ
