ទិដ្ឋភាពទូទៅ

ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (Gestational diabetes) គឺជាស្ថានភាពដែលស្ត្រីម្នាក់កើតមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ដោយគ្មានប្រវត្តិធ្លាប់កើតជំងឺទឹកនោមផ្អែមពីមុនមកនោះទេ។ អរម៉ូនដែលផលិតដោយសុក បានទៅរំខានដល់សមត្ថភាពរបស់រាងកាយក្នុងការប្រើប្រាស់អាំងស៊ុយលីន ដែលបណ្តាលឱ្យកើតមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (GDM – Gestational diabetes mellitus)។ ជំនួសឱ្យការស្រូបយកទៅក្នុងកោសិកា ជាតិស្ករ (គ្លុយកូស) បែរជាកកកុញនៅក្នុងឈាមទៅវិញ។ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបានទៅកែប្រែរបៀបដែលកោសិកាប្រើប្រាស់ជាតិស្ករ (គ្លុយកូស)។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ អាចជះឥទ្ធិពលមិនល្អទាំងដល់ម្តាយ និងទារកក្នុងផ្ទៃ។

ការគ្រប់គ្រង និងថែទាំជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបានត្រឹមត្រូវ អាចធានាបាននូវសុខភាពល្អសម្រាប់ទាំងម្តាយ និងកូន ព្រមទាំងកាត់បន្ថយហានិភ័យនៃការសម្រាលកូនដោយលំបាក។ របបអាហារដែលមានសុខភាពល្អ ការហាត់ប្រាណ (តាមការណែនាំពីគ្រូពេទ្យ) និងការលេបថ្នាំតាមវេជ្ជបញ្ជា អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបាន

ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះអាចត្រឡប់មកសភាពធម្មតាវិញក្រោយពេលសម្រាល។ ទោះជាយ៉ាងណាក៏ដោយ ជំងឺទឹកនោមផ្អែមប្រភេទទី២ (Type 2 diabetes) គឺមានឱកាសកើតមានខ្ពស់ចំពោះបុគ្គលដែលធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ ដូចនេះ ការពិនិត្យកម្រិតជាតិស្ករក្នុងឈាមនឹងត្រូវធ្វើឡើងឱ្យបានញឹកញាប់ជាងមុន

រោគសញ្ញា

ជាទូទៅ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ គឺមិនស្តែងចេញនូវរោគសញ្ញាអ្វីឡើយ។ គ្រូពេទ្យអាចសង្ស័យថាអ្នកជំងឺមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដោយផ្អែកលើប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យឈាមរបស់អ្នក

ជាផ្នែកមួយនៃការថែទាំសុខភាពមាតា និងទារក ពេលដែលអ្នកមានផ្ទៃពោះ គ្រូពេទ្យនឹងធ្វើការពិនិត្យស្វែងរកជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះនេះ

ការពិនិត្យសុខភាពឱ្យបានទៀងទាត់ គឺជារឿងចាំបាច់ណាស់ ប្រសិនបើអ្នកម្តាយកើតមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ ការពិនិត្យទាំងនេះភាគច្រើននឹងត្រូវធ្វើឡើងអំឡុងពេល ៣ ខែចុងក្រោយនៃការមានផ្ទៃពោះ ដែលជាពេលគ្រូពេទ្យត្រូវវាយតម្លៃទាំងសុខភាពរបស់ម្តាយ និងទារក

​​ មូលហេតុ

គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ហេតុអ្វីបានជាស្ត្រីមួយចំនួនកើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ខណៈស្ត្រីខ្លះទៀតមិនកើតនោះ។ ការកើនឡើងទម្ងន់ទាក់ទងនឹងការមានផ្ទៃពោះ ជាញឹកញាប់គឺជាកត្តាមួយរួមផ្សំ

ទារកដែលកំពុងលូតលាស់ទទួលបានសារធាតុចិញ្ចឹម និងទឹកពីសុក ដែលសុកនេះក៏បានបង្កើតអរម៉ូនមួយចំនួនដើម្បីទប់ទល់ និងរក្សាការមានផ្ទៃពោះផងដែរ។ អរម៉ូនអ៊ឹស្ត្រូសែន (Estrogen) ស៊ីទីសូល (Cortisol) និង human placental lactogen គឺជាអរម៉ូនមួយចំនួនដែលអាចរារាំងសកម្មភាពរបស់អាំងស៊ុយលីន។ ស្ថានភាពនេះត្រូវបានគេស្គាល់ថាជា ឥទ្ធិពលប្រឆាំងនឹងអាំងស៊ុយលីន ដែលជាញឹកញាប់ចាប់ផ្តើមនៅចន្លោះសប្តាហ៍ទី ២០ ដល់ទី ២៤ នៃការមានផ្ទៃពោះ

លទ្ធភាពនៃការវិវត្តទៅជាភាពស៊ាំនឹងអាំងស៊ុយលីន នឹងកើនឡើងនៅពេលសុកកាន់តែលូតលាស់ ហើយអរម៉ូនទាំងនេះត្រូវបានផលិតកាន់តែច្រើន។ តាមធម្មតា លំពែងអាចផលិតអាំងស៊ុយលីនបន្ថែមដើម្បីប្រឆាំងនឹងភាពស៊ាំនឹងអាំងស៊ុយលីននេះ ប៉ុន្តែជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះនឹងកកើតឡើង នៅពេលដែលលំពែងផលិតអាំងស៊ុយលីនមិនបានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអរម៉ូនរបស់សុក

កត្តាហានិភ័យ

ទោះបីជាស្ត្រីមានផ្ទៃពោះគ្រប់រូបសុទ្ធតែមានឱកាសវិវត្តទៅជាជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះក៏ដោយ ប៉ុន្តែកត្តាខាងក្រោមនេះអាចបង្កើនលទ្ធភាពកាន់តែខ្ពស់៖

  • ប្រវត្តិសុខភាព៖ មានសមាជិកគ្រូសារមានប្រវត្តិធ្លាប់កើតជំងឺទឹកនោមផ្អែម, បើអ្នកម្តាយធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺនេះពីការមានផ្ទៃពោះមុនៗ, ឬធ្លាប់សម្រាលទារកដែលមានទម្ងន់លើសពី ៩ ផោន (ប្រហែល ៤ គីឡូក្រាម)
  • ទម្ងន់៖ សន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់អ្នកម្តាយស្ថិតក្នុងកម្រិតលើសទម្ងន់ ឬធាត់ខ្លាំង និងមិនសូវមានសកម្មភាពរាងកាយ (ខ្វះការហាត់ប្រាណ)
  • ជំងឺផ្សេងៗ៖ ជម្ងឺគីសទឹកច្រើននៅលើក្រពេញអូវែ (Polycystic ovary syndrome) បង្កើនហានិភ័យនៃស្ថានភាពនេះ។ ស្ថានភាពមុនកើតជំងឺទឹកនោមផ្អែម (Prediabetes) ឬហៅម្យ៉ាងទៀតថា វិបត្តិមិនបំប្លែងជាតិស្ករ (Impaired glucose tolerance)

ការធ្វើរោគវិនិច្ឆ័យ

អំឡុងពេលត្រីមាសទី២ នៃការមានផ្ទៃពោះ ស្ត្រីជាម្តាយដែលមានហានិភ័យមធ្យមនៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ នឹងត្រូវណែនាំឱ្យធ្វើតេស្តពិនិត្យស្វែងរកជំងឺនេះ

ចំពោះស្ត្រីជាម្តាយដែលមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ការធ្វើតេស្តរកជំងឺទឹកនោមផ្អែមនឹងត្រូវណែនាំឱ្យធ្វើឡើងតាំងពីការទៅពិនិត្យសុខភាពមុនសម្រាលលើកដំបូង

ក្រោយពេលសម្រាលកូនរួច ស្ត្រីដែលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (GDM) គួរតែទទួលការពិនិត្យស្វែងរកជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃនៅចន្លោះពី ៦ ទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាល។ បន្ថែមពីនេះ គេក៏បានណែនាំផងដែរថា ស្ត្រីដែលមានប្រវត្តិធ្លាប់កើតជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ នឹងតម្រូវឱ្យធ្វើការពិនិត្យស្វែងរកជំងឺទឹកនោមផ្អែម ឬស្ថានភាពមុនកើតជំងឺទឹកនោមផ្អែមអស់មួយជីវិត ដោយជាការល្អបំផុតគឺត្រូវធ្វើរៀងរាល់ ៣ ឆ្នាំម្តង

ការធ្វើតេស្តពិនិត្យស្វែងរកអាចមានភាពខុសគ្នាយ៉ាងណាដឹង អាស្រ័យទៅតាមគ្រឹះស្ថានផ្តល់សេវាថែទាំសុខភាព ប៉ុន្តែជាទូទៅរួមមានវិធីសាស្ត្រដូចខាងក្រោម៖

  • ការធ្វើតេស្តបញ្ហាជាតិស្ករដំបូង (Initial glucose challenge test)៖ អ្នកជំងឺនឹងត្រូវពិសារសូលុយស្យុងគ្លុយកូស (ទឹកស្ករ) រួចហើយកម្រិតជាតិស្ករក្នុងឈាមនឹងត្រូវវាស់វែងបន្ទាប់ពីពិសារួចបានរយៈពេលមួយម៉ោង
    • កម្រិតក្រោម 140 mg/dL (7.8 mmol/L) គឺជាកម្រិតធម្មតាសម្រាប់ការធ្វើតេស្តមួយនេះ
    • កម្រិតចាប់ពី 190 mg/dL (10.6 mmol/L) បញ្ជាក់ថាមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ

ប្រសិនបើកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងការរំពឹងទុក (ប៉ុន្តែមិនទាន់ដល់ ១៩០ mg/dL) អ្នកជំងឺនឹងតម្រូវឱ្យធ្វើតេស្តភាពធន់នឹងគ្លុយកូសលើកទីពីរ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីវត្តមាននៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដោយចំណុចនេះអាចប្រែប្រួលទៅតាមមន្ទីរពិសោធន៍ ឬគ្លីនិកនីមួយៗ

  • ការធ្វើតេស្តភាពធន់នឹងគ្លុយកូស (Glucose tolerance testing)៖ ជាតិស្ករក្នុងឈាមរបស់អ្នកជំងឺនឹងត្រូវធ្វើតេស្តរៀងរាល់មួយម៉ោងម្តង ក្នុងរយៈពេលបីម៉ោង បន្ទាប់ពីបានពិសារសូលុយស្យុងគ្លុយកូសដែលមានរសជាតិផ្អែមជាងមុន។ អ្នកជំងឺអាចនឹងត្រូវចាត់ទុកថាមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ប្រសិនបើលទ្ធផលជាតិស្ករក្នុងឈាមយ៉ាងហោចណាស់ពីរដង បង្ហាញថាកម្រិតជាតិស្ករខ្ពស់ជាងធម្មតា

ការព្យាបាល

គោលដៅនៃការបំប៉ន និងព្យាបាលជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ គឺដើម្បីរក្សាកម្រិតគ្លុយកូស (ជាតិស្ករ) ក្នុងឈាមឱ្យស្ថិតក្នុងកម្រិតធម្មតា។ ការរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមល្អ ផ្តល់អត្ថប្រយោជន៍ទាំងដល់ម្តាយ និងទារក។ ពួកគាត់អាចចៀសវាងនូវផលវិបាកផ្សេងៗអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល តាមរយៈការតាមដានយ៉ាងដិតដល់

វិធីសាស្ត្រព្យាបាលជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះអាចរួមមាន៖

  • ការផ្លាស់ប្តូររបៀបរស់នៅ៖ របបអាហារដែលមានសុខភាពល្អ និងសកម្មភាពរាងកាយឱ្យបានទៀងទាត់ (តាមការណែនាំ) នឹងជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតក្នុងរង្វង់ធម្មតា។ គ្រូពេទ្យនឹងជួយអ្នកជំងឺក្នុងការរៀបចំផែនការអាហារសម្រាប់របបអាហារដែលមានសុខភាពល្អ ដោយផ្អែកលើទម្ងន់បច្ចុប្បន្នរបស់អ្នកជំងឺ
    • របបអាហារដែលមានសុខភាពល្អ៖ ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ គឺជាគោលដៅចម្បងនៃរបបអាហារដែលមានសុខភាពល្អ ដែលរបបអាហារនេះក៏ត្រូវកម្រិតការទទួលទានអាហារដែលមានកាបូអ៊ីដ្រាតកែច្នៃខ្លាំងពេកផងដែរ ដូចជាបង្អែម ឬរបស់ផ្អែមៗ។ អាហារល្អៗទាំងនេះក៏មានផ្ទុកនូវសារធាតុចិញ្ចឹម និងជាតិសរសៃខ្ពស់ ព្រមទាំងមានជាតិខ្លាញ់ និងកាឡូរីទាប
    • សកម្មភាពរាងកាយ៖ ទាំងមុនពេល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ សកម្មភាពរាងកាយទៀងទាត់គឺជាកត្តាដ៏សំខាន់សម្រាប់សុខុមាលភាព។ ប្រសិនបើអ្នកជំងឺខ្វះសកម្មភាពរាងកាយ ជំងឺទឹកនោមផ្អែមអាចនឹងវិវត្តកាន់តែខ្លាំង។ ជម្រើសហាត់ប្រាណដែលសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះ រួមមាន ការធាក់កង់ ការហែលទឹក និងការដើរ។ ក្រៅពីនេះ ការងារផ្ទះ និងការធ្វើសួនក៏ត្រូវបានរាប់បញ្ចូលជាសកម្មភាពប្រចាំថ្ងៃផងដែរ

ជាទូទៅ កម្រិតជាតិស្ករក្នុងឈាមនឹងថយចុះបន្ទាប់ពីធ្វើសកម្មភាពរាងកាយ។ លើសពីនេះ ការហាត់ប្រាណទៀងទាត់អាចជួយកាត់បន្ថយការមិនស្រួលក្នុងខ្លួនមួយចំនួនដែលទាក់ទងនឹងការមានផ្ទៃពោះ ដូចជា ការឈឺខ្នង រមួលក្រពើ ហើមពោះ ទល់លាមក និងបញ្ហាពិបាកគេង

  • ការតាមដានជាតិស្ករក្នុងឈាមប្រចាំថ្ងៃ៖ ដើម្បីធានាថា កម្រិតជាតិស្ករក្នុងឈាមស្ថិតក្នុងរង្វង់ធម្មតាអំឡុងពេលអ្នកជំងឺមានផ្ទៃពោះ គ្រូពេទ្យនឹងណែនាំឱ្យអ្នកជំងឺតាមដានកម្រិតជាតិស្ករក្នុងឈាម ៤ ដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ ដោយការល្អបំផុតគឺពិនិត្យនៅពេលព្រឹកព្រលឹមពេលភ្ញាក់ពីគេង និងក្រោយពេលពិសារអាហាររួច
  • ការប្រើប្រាស់ឱសថ៖ ប្រសិនបើរបបអាហារដែលមានសុខភាពល្អ និងការហាត់ប្រាណមិនទាន់គ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករទេនោះ អ្នកជំងឺអាចនឹងត្រូវបញ្ចុះកម្រិតជាតិស្ករក្នុងឈាមដោយការចាក់អាំងស៊ុយលីន។ ការចេញវេជ្ជបញ្ជាសម្រាប់ឱសថលេប ឬថ្នាំចាក់ នឹងត្រូវពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះឱ្យបានត្រឹមត្រូវ។ ស្ត្រីមានផ្ទៃពោះមួយចំនួនដែលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ គឺតម្រូវឱ្យប្រើប្រាស់អាំងស៊ុយលីន ដើម្បីឱ្យជាតិស្ករឈានដល់កម្រិតធម្មតា
  • ការតាមដានមុនពេលសម្រាល៖ ការតាមដានទារកយ៉ាងដិតដល់គឺជារឿងសំខាន់ណាស់។ គ្រូពេទ្យនឹងធ្វើការអេកូ និងការធ្វើតេស្តផ្សេងៗទៀត ដើម្បីតាមដានការលូតលាស់ និងការវិវត្តរបស់ទារក។ គ្រូពេទ្យអាចនឹងធ្វើការជម្រុញការឈឺពោះសម្រាល ប្រសិនបើអ្នកជំងឺមិនទាន់ឈឺពោះសម្រាលតាមកាលបរិច្ឆេទកំណត់នោះទេ។ ម្តាយ និងទារកមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាមានផលវិបាក បើការសម្រាលកូនធ្វើឡើងហួសកាលបរិច្ឆេទកំណត់
  • ការតាមដានក្រោយពេលសម្រាល៖ កម្រិតជាតិស្ករក្នុងឈាមនឹងត្រូវពិនិត្យឡើងវិញក្រោយពេលសម្រាល និងក្នុងចន្លោះពី ៦ ទៅ ១២ សប្តាហ៍ ដើម្បីធានាថា កម្រិតជាតិស្ករក្នុងឈាមបានត្រឡប់មកស្ថិតក្នុងរង្វង់ធម្មតាវិញ។ ប្រសិនបើជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតធម្មតា អ្នកជំងឺអាចនឹងត្រូវណែនាំឱ្យទៅជួបពិនិត្យតាមដានយ៉ាងហោចណាស់រៀងរាល់ ៣ ឆ្នាំម្តង ដើម្បីវាយតម្លៃរកហានិភ័យមុនកើតជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកជំងឺវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ ឬស្ថានភាពមុនកើតជំងឺទឹកនោមផ្អែម ការពិគ្រោះយោបល់ជាមួយគ្រូពេទ្យនឹងត្រូវធ្វើឡើង ដើម្បីពិភាក្សាអំពីជម្រើសនៃការព្យាបាលក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឱ្យនៅធម្មតាវិញ

Doctors who treat this condition