ទិដ្ឋភាពទូទៅ

ឬសក្នុងប្រដាប់ភេទ (Genital warts) គឺជាជំងឺឆ្លងតាមការរួមភេទ ដែលបង្កឡើងដោយវីរុស HPV (Human Papillomavirus)។ វាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈសកម្មភាពផ្លូវភេទ ដូចជាការរួមភេទតាមទ្វារមាស តាមរន្ធទ្វារបាត ឬតាមមាត់។ នេះគឺជាទម្រង់មួយនៃជំងឺឆ្លងតាមការរួមភេទ (STD) ដែលរីករាលដាលខ្លាំងបំផុត

ជាទូទៅ ផ្នែកសើមនៃតំបន់ទ្វារមាស និងប្រដាប់បន្តពូជ តែងតែរងផលប៉ះពាល់ដោយសារជំងឺនេះ។ ការឆ្លងមេរោគនេះ បង្កើតជាដុំពកតូចៗ ឬដុះសាច់ពណ៌ផ្កាឈូក ឬពណ៌ដូចស្បែក នៅខាងក្នុង និងជុំវិញប្រដាប់បន្តពូជ និងទ្វារបាត។ ជារឿយៗ ជំងឺនេះមានទំហំតូចពេក រហូតដល់មិនអាចមើលឃើញនឹងភ្នែកទទេឡើយ។ ឬសក្នុងប្រដាប់ភេទអាចលេចឡើងក្នុងរយៈពេលរាប់សប្តាហ៍ រហូតដល់មួយឆ្នាំ ឬច្រើនឆ្នាំបន្ទាប់ពីបានឆ្លងមេរោគ។ មនុស្សម្នាក់អាចជាអ្នកផ្ទុកវីរុសនេះ និងចម្លងទៅអ្នកដទៃបាន ដោយមិនមានចេញសញ្ញា ឬដុះសាច់សន្និទឲ្យឃើញច្បាស់នោះទេ

វីរុស HPV មានច្រើនជាង ១០០ ប្រភេទខុសៗគ្នា។ ប្រភេទខ្លះ ដូចជា HPV ប្រភេទ 6 និង 11 អាចបង្កជាជំងឺឬសក្នុងប្រដាប់ភេទ ហើយប្រភេទខ្លះទៀត ដូចជាប្រភេទ 16 និង 18 អាចបង្កជាជំងឺមហារីក។ ជាទូទៅ ប្រភេទវីរុស HPV ដែលបង្កជាឬសក្នុងប្រដាប់ភេទ មិនអាចបង្កជាជំងឺមហារីកនោះទេ។ ប្រភេទវីរុស HPV ផ្លូវភេទមួយចំនួន អាចការពារបានដោយការចាក់វ៉ាក់សាំង

រោគសញ្ញា

វីរុស HPV គឺងាយឆ្លងខ្លាំងណាស់ តាមរយៈការប៉ះពាល់ស្បែកនិងស្បែកដោយផ្ទាល់ ដូចជានៅពេលមានសកម្មភាពផ្លូវភេទ ឬការប៉ះពាល់ផ្សេងទៀតដែលពាក់ព័ន្ធនឹងតំបន់ប្រដាប់បន្តពូជ (ឧទាហរណ៍៖ ការយកដៃទៅប៉ះប្រដាប់បន្តពូជ)

ឬសក្នុងប្រដាប់ភេទចំពោះស្ត្រី ជាធម្មតាត្រូវបានគេឃើញនៅលើទ្វារមាស, មាត់ទ្វារមាស (vulva), បបូរទ្វារមាស, តំបន់ចន្លោះប្រដាប់បន្តពូជខាងក្រៅនិងរន្ធទ្វារបាត, រន្ធទ្វារបាតខាងក្នុង និងមាត់ស្បូន។ ចំពោះបុរស វាអាចលេចឡើងនៅលើពងស្វាស, រន្ធគូទ, ឬនៅលើចុង ឬតួនៃលិង្គ។ វាក៏អាចឆ្លងទៅដល់តំបន់ចង្កេះ, បបូរមាត់, មាត់, អណ្តាត ឬបំពង់ក ផងដែរ

នៅពេលឆ្លងរោគហើយ សញ្ញា និងរោគសញ្ញាទូទៅរួមមាន៖

  • មានដុំពកតូចៗ ពណ៌ដូចស្បែក, ពណ៌ត្នោត ឬពណ៌ផ្កាឈូក នៅតំបន់ប្រដាប់បន្តពូជ
  • មានសាច់ដុះសំប៉ែត ឬដុះប៉ោងៗ រដិបរដុបដូចផ្កាខាត់ណា នៅតំបន់ប្រដាប់បន្តពូជ
  • រមាស់ ឬរមាស់រំខាន នៅតំបន់ប្រដាប់បន្តពូជ
  • ផ្សា ឬឈឺអួលៗ នៅតំបន់ប្រដាប់បន្តពូជ
  • មានឈាមហូរតិចតួច នៅពេលរួមភេទ

ជួនកាល ឬសក្នុងប្រដាប់ភេទអាចដុះលូតលាស់ជាកញ្ចុំធំៗ ចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ ចំពោះស្ត្រី ជំងឺនេះច្រើនតែលេចឡើង ឬរើឡើងវិញក្នុងកំឡុងពេលមានផ្ទៃពោះ អាស្រ័យទៅលើរបៀបដែលប្រព័ន្ធការពាររាងកាយទប់ទល់នឹងវីរុសនេះ។

វាត្រូវបានណែនាំឲ្យទៅពិគ្រោះជាមួយគ្រូពេទ្យ ឬទាក់ទងសេវាសុខភាពផ្លូវភេទក្នុងតំបន់ ប្រសិនបើបុគ្គលម្នាក់ ឬដៃគូរបស់គាត់មានការសង្ស័យ ឬជួបប្រទះនូវរោគសញ្ញានៃជំងឺនេះ។

​​ មូលហេតុ

ឬសក្នុងប្រដាប់ភេទ គឺបង្កឡើងដោយវីរុស HPV ដែលអាចឆ្លងតាមរយៈការប៉ះពាល់ផ្លូវភេទ។ មានតែវីរុស HPV ប្រភេទជាក់លាក់មួយចំនួនប៉ុណ្ណោះ ដែលអាចបង្កជាឬសក្នុងប្រដាប់ភេទ។ មនុស្សមួយចំនួនប្រហែលជាមិនមានរោគសញ្ញា ឬមិនមានដុះសាច់ពិតប្រាកដនោះទេ ប៉ុន្តែពួកគេនៅតែអាចចម្លងរោគទៅអ្នកដទៃបាន

កត្តាហានិភ័យ

បុគ្គលដែលមានសកម្មភាពផ្លូវភេទ ជាទូទៅត្រូវបានចាត់ទុកថាជាអ្នកអាចផ្ទុកវីរុស ឬមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស HPV ផ្លូវភេទ។ កត្តាផ្សេងទៀតដែលបង្កើនហានិភ័យរួមមាន៖

  • ធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺឆ្លងតាមការរួមភេទ (STI) ផ្សេងទៀត
  • មានសកម្មភាពផ្លូវភេទតាំងពីអាយុនៅក្មេង
  • មិនដឹងពីប្រវត្តិផ្លូវភេទរបស់ដៃគូ
  • មានដៃគូរួមភេទច្រើន
  • ការរួមភេទដោយមិនមានការការពារ (មិនបានប្រើស្រោមអនាម័យ)
  • ប្រព័ន្ធការពាររាងកាយចុះខ្សោយ ដោយសារកត្តាផ្សេងៗដូចជា ជំងឺអេដស៍ (HIV) ឬការប្រើប្រាស់ថ្នាំបន្ទាប់ពីការប្តូរសរីរាង្គ

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងចាប់ផ្តើមការធ្វើរោគវិនិច្ឆ័យដោយការពិនិត្យរាងកាយ។ ចំពោះឬសខាងក្រៅដែលមើលឃើញនឹងភ្នែក គឺអាចធ្វើរោគវិនិច្ឆ័យបានភ្លាមៗ។ ក្នុងករណីខ្លះ ជាពិសេសប្រសិនបើតំបន់ដែលមានសាច់សន្និទពិបាកនឹងកំណត់សម្គាល់ គ្រូពេទ្យអាចនឹងតម្រូវឲ្យធ្វើការកាត់សាច់ផ្សំយកទៅធ្វើកោសល្យវិច័យ

  • ការពិនិត្យកោសិកាមាត់ស្បូន (Pap tests): សេវាថែទាំសុខភាពបង្ការសម្រាប់ស្ត្រី ដូចជាការពិនិត្យអាងត្រគាក និងការពិនិត្យកោសិកាមាត់ស្បូន (Pap smears) គឺមានសារៈសំខាន់ណាស់ ក្នុងការតាមដាន និងកំណត់រកភាពមិនប្រក្រតីនៃទ្វារមាស និងមាត់ស្បូន ដែលបង្កឡើងដោយឬសក្នុងប្រដាប់ភេទ ឬដំណាក់កាលដំបូងនៃជំងឺមហារីកមាត់ស្បូន។ គ្រូពេទ្យអាចនឹងធ្វើការឆ្លុះពិនិត្យមាត់ស្បូន (Colposcopy) ដើម្បីវាយតម្លៃស្ថានភាពមាត់ស្បូន និងទ្វារមាស រួមទាំងការកាត់សាច់យកទៅពិនិត្យផងដែរ។ ការពិនិត្យ Pap smear ត្រូវបានធ្វើឡើងដោយប្រើឧបករណ៍ពង្រីកទ្វារមាស (Speculum) ដើម្បីបើកទ្វារមាសឲ្យទូលាយ ដែលជួយឲ្យគ្រូពេទ្យអាចមើលឃើញចន្លោះរវាងទ្វារមាស និងស្បូនបានច្បាស់លាស់
  • ការធ្វើតេស្តរកវីរុស HPV: មូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន គឺវីរុស HPV ប្រភេទ 16 និង 18។ ក្នុងកំឡុងពេលធ្វើតេស្ត Pap test គ្រូពេទ្យនឹងយកកោសិកាពីមាត់ស្បូន ដើម្បីពិនិត្យរកមើលភាពមិនប្រក្រតីនានា រួមទាំងពិនិត្យថាតើកោសិកាទាំងនោះមានផ្ទុកកោសិកាមហារីក ឬមានទំនោរអាចក្លាយជាមហារីកដែរឬទេ

ជាទូទៅ វីរុស HPV នឹងអាចជាសះស្បើយទៅវិញ ប្រសិនបើបុគ្គលនោះ (ជាពិសេសស្ត្រីវ័យក្មេង) មានប្រព័ន្ធការពាររាងកាយរឹងមាំ ដែលអាចកំចាត់វីរុស ឬទប់ស្កាត់វាបានទៅតាមពេលវេលា។ ហេតុទើបបានជាគ្រូពេទ្យជារឿយៗណែនាំឲ្យស្ត្រីដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ ធ្វើតេស្តរកវីរុស HPV នេះ

ការព្យាបាល

ការព្យាបាលឬសក្នុងប្រដាប់ភេទ គឺអាស្រ័យទៅលើសណ្ឋាននៃសាច់ ទីតាំងដែលវាដុះ និងកត្តាផ្សេងៗទៀត ដូចជាស្ថានភាពសុខភាពបច្ចុប្បន្នរបស់បុគ្គលម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគ្មានការព្យាបាលណាមួយអាចកំចាត់វីរុស HPV ឲ្យបាត់ដាច់អចិន្ត្រៃយ៍បាននោះទេ សាច់សន្និទនៅតែអាចកើតឡើងវិញបានក្រោយពេលព្យាបាលរួច។ មានន័យថា សាច់ត្រូវបានព្យាបាលឲ្យអស់មែន ប៉ុន្តែវីរុសដែលបង្កឲ្យមានសាច់សន្និទនោះ នៅតែបន្តស្ថិតនៅក្នុងខ្លួនរបស់អ្នកឆ្លងដដែល

វិធីសាស្ត្រមួយចំនួន ជារឿយៗស្ថិតក្នុងទម្រង់ជាការប្រើប្រាស់ថ្នាំ ឬការវះកាត់ ត្រូវបានយកមកប្រើដើម្បីព្យាបាលជំងឺសន្និទប្រដាប់បន្តពូជ។ ចំពោះមនុស្សមួយចំនួនដែលធ្វើតេស្តវិជ្ជមានវីរុស HPV ប៉ុន្តែមិនមានដុះសាច់សន្និទឲ្យឃើញច្បាស់ អាចពិគ្រោះជាមួយគ្រូពេទ្យអំពីវិធានការនានា ដើម្បីគ្រប់គ្រងការឆ្លងមេរោគនេះឲ្យមានប្រសិទ្ធភាព និងចៀសវាងការចម្លងទៅកាន់ដៃគូរបស់ខ្លួន

ឱសថព្យាបាល (Medications)

មានវិធីសាស្ត្រព្យាបាលជាច្រើនក្នុងទម្រង់ជាក្រែម ឬទឹកថ្នាំ ដែលអាចលាបផ្ទាល់ទៅលើសាច់សន្និទប្រដាប់បន្តពូជ រួមមាន៖

  • អ៊ីមីគីម៉ូដ – Imiquimod (ម៉ាក Aldara, Zyclara)៖ ក្រែមប្រភេទនេះត្រូវលាបផ្ទាល់ទៅលើសាច់ដុះ (ជារឿយៗលាបនៅពេលយប់) ហើយត្រូវទុកចោលប្រហែលពី ៦ ទៅ ១០ ម៉ោង ទើបលាងសម្អាតកន្លែងនោះចេញជាមួយនឹងទឹក។ វាមានគោលបំណងជម្រុញប្រព័ន្ធការពាររាងកាយឲ្យកំចាត់សាច់នេះ។ គេណែនាំឲ្យចៀសវាងការរួមភេទក្នុងកំឡុងពេលដែលថ្នាំកំពុងដក់នៅលើស្បែក ព្រោះវាអាចធ្វើឲ្យស្បែករបស់ដៃគូមានការរំខានរមាស់ និងអាចធ្វើឲ្យស្រោមអនាម័យ ឬឌីយ៉ាហ្វ្រាម (ស្រោមដាក់ក្នុងទ្វារមាស) ចុះទន់ខ្សោយងាយធ្លាយ។ ក្រែមនេះមិនត្រូវបានណែនាំឲ្យប្រើប្រាស់ចំពោះស្ត្រីមានផ្ទៃពោះនោះទេ

សម្រាប់ម៉ាក Aldara ត្រូវលាប ៣ ថ្ងៃក្នុងមួយសប្តាហ៍ រហូតដល់ ១៦ សប្តាហ៍

សម្រាប់ម៉ាក Zyclara តម្រូវឲ្យលាបជារៀងរាល់ថ្ងៃ រហូតដល់ ៨ សប្តាហ៍

ផលប៉ះពាល់ទូទៅ មានការរំខានរមាស់តិចតួច, ឡើងក្រហម, ឈឺកែវចង្កេះ/ចុកស្រពន់រាងកាយ, អស់កម្លាំង ឬក្អក ដែលសញ្ញាទាំងនេះបញ្ជាក់ថាឱសថកំពុងមានប្រសិទ្ធភាពការងារ

  • ភូដូហ្វីលីន និង ភូដូហ្វីឡុក (Podophyllin and podofilox)៖ ឱសថប្រភេទជែល ឬជាទឹកថ្នាំនេះ មានគោលដៅបំផ្លាញកោសិកាឬសក្នុងប្រដាប់ភេទ។ ថ្នាំ Podofilox អាចលាបដោយខ្លួនឯងនៅផ្ទះបាន ចំណែកឯ Podophyllin ត្រូវតែលាបដោយគ្រូពេទ្យ ឬបុគ្គលិកសុខាភិបាល

Podophyllin តម្រូវឲ្យលាបជារៀងរាល់សប្តាហ៍ ក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ឬរហូតទាល់តែសាច់ជ្រុះអស់។

Podofilox ជាប្រភេទទឹកថ្នាំសម្រាប់ប្រើប្រាស់ខាងក្រៅតែប៉ុណ្ណោះ ដោយត្រូវលាប ២ ដងក្នុងមួយថ្ងៃ ក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា។ បន្ទាប់មក ត្រូវផ្អាកប្រើថ្នាំរយៈពេល ៤ ថ្ងៃ រួចទើបចាប់ផ្តើមសារជាថ្មីរហូតដល់សាច់ជ្រុះអស់

ឱសថទាំងពីរប្រភេទនេះ មិនត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងកំឡុងពេលមានផ្ទៃពោះនោះទេ។ ផលប៉ះពាល់ទូទៅមានដូចជា ការរំខានស្បែកតិចតួច, ឈឺចាប់ និងមានដំបៅស្បែក

  • អាស៊ីតប៊ីក្លរ៉ូអាសេទិក (BCA) និង អាស៊ីតទ្រីក្លរ៉ូអាសេទិក (TCA)៖ អាស៊ីតទាំងនេះត្រូវបានណែនាំឲ្យប្រើប្រាស់ដើម្បីកំចាត់សាច់ខាងក្នុង ហើយវាមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ។ វាមានគោលដៅរំលាយកោសិកានៃសាច់សន្និទ។ ក្នុងចំណោមអាស៊ីតទាំងពីរនេះ TCA ត្រូវបានគេប្រើប្រាស់ជាទូទៅជាង។ គ្រូពេទ្យនឹងបាញ់ ឬលាបអាស៊ីតនេះទៅលើសាច់សន្និទមួយសប្តាហ៍ម្តង ក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ឬរហូតដល់សាច់សន្និទបាត់អស់។ ផលប៉ះពាល់របស់ TCA អាចបង្កឲ្យមានការរំខានរមាស់, ផ្សា និងឈឺចាប់
  • ស៊ីនីកាតេឈីន (Sinecatechins)៖ នេះគឺជាក្រមួនចម្រាញ់ពីរុក្ខជាតិ ដែលអាចលាបបានដោយខ្លួនឯង ដោយមិនបាច់មានជំនួយពីគ្រូពេទ្យ។ វាមានផ្ទុកសារធាតុ Catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងត្រូវបានគេដឹងថាមានលក្ខណៈសម្បត្តិជួយជម្រុញប្រព័ន្ធការពាររាងកាយ។ ការព្យាបាលនេះជាទូទៅប្រើសម្រាប់តែសាច់ខាងក្រៅប៉ុណ្ណោះ។ គេត្រូវលាបក្រមួននេះលើសាច់នីមួយៗ ៣ ដងក្នុងមួយថ្ងៃ រហូតដល់ ១៦ សប្តាហ៍

មិនត្រូវបានណែនាំឲ្យប្រើប្រាស់នៅក្នុងទ្វារមាស, រន្ធទ្វារបាត, មនុស្សដែលមានជំងឺពងបែក (Herpes) កំពុងធ្វើទុក្ខ និងបុគ្គលដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយខ្លាំងនោះទេ

ត្រូវផ្អាកការរួមភេទក្នុងកំឡុងពេលប្រើប្រាស់ថ្នាំ ឬត្រូវលាងសម្អាតវាចេញឲ្យអស់មុនពេលរួមភេទ។ ផលប៉ះពាល់ទូទៅអាចមានចាប់ពីកម្រិតស្រាលទៅធ្ងន់ធ្ងរ ដូចជា រមាស់, ឡើងក្រហម, ឈឺចាប់, រលាក, កើតដំបៅ, ហើម, ផ្សាភ្នែក និងឡើងពងបែកតូចៗ

  • អាំងទែហ្វេរ៉ុង (Interferon)៖ ថ្នាំនេះជាធម្មតាត្រូវបានប្រើប្រាស់ទន្ទឹមគ្នាជាមួយនឹងការវះកាត់ និងប្រើក្នុងករណីដែលថ្នាំដំបូងៗមិនមានប្រសិទ្ធភាព។ ថ្នាំនេះជួយជម្រុញប្រព័ន្ធការពាររាងកាយ។ វាត្រូវបានប្រើប្រាស់ដោយការលាបជាជែលពីខាងក្រៅ ឬចាក់បញ្ចូលទៅក្នុងសាច់សន្និទផ្ទាល់។ ផលប៉ះពាល់រួមមាន រោគសញ្ញាដូចផ្ដាសាយ, មិនឃ្លានអាហារ និងមានអារម្មណ៍ឈឺផ្សា

ជំងឺឫសទូទៅ (Common warts) និងឬសក្នុងប្រដាប់ភេទ (Genital warts) តម្រូវឲ្យមានការព្យាបាលខុសគ្នា។ ឱសថបុរាណតាមផ្ទះ និងថ្នាំទិញដោយគ្មានវេជ្ជបញ្ជាសម្រាប់ព្យាបាលឫសទូទៅ មិនគួរយកមកប្រើប្រាស់ចំពោះឬសក្នុងប្រដាប់ភេទឡើយ។ សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញមុននឹងប្រើប្រាស់ឱសថណាមួយ

ការព្យាបាលដោយការវះកាត់ (Surgery)

ការព្យាបាលដោយការវះកាត់ ឬប្រើឧបករណ៍វេជ្ជសាស្ត្រ អាចនឹងត្រូវណែនាំសម្រាប់សាច់ដែលមានទំហំធំ, មិនឆ្លើយតបនឹងការព្យាបាលដោយឱសថ, ដុះនៅក្នុងទ្វារមាស បំពង់នោម ឬរន្ធទ្វារបាត និងតំបន់ដែលមានការប្រែប្រួលកោសិកាទៅជាមុនមហារីក។ ជាទូទៅ ការវះកាត់គឺមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ

វិធីសាស្ត្រព្យាបាលដោយការវះកាត់ទូទៅរួមមាន៖

  • ការព្យាបាលដោយប្រើភាពត្រជាក់ខ្លាំង (Cryotherapy)៖ នេះគឺជាវិធីសាស្ត្របំផ្លាញសាច់ដុះ ដោយការដុតបង្កកពួកវាដោយប្រើអាសូតរាវ (Liquid nitrogen)។ កោសិកាសាច់ដែលងាប់បន្ទាប់ពីដុតរួច នឹងរបកជ្រុះចេញក្នុងរយៈពេលមួយសប្តាហ៍ ឬលើសពីនេះ។ ការព្យាបាលបែបនេះប្រហែលជាត្រូវធ្វើឡើងច្រើនដង ដោយជារឿយៗត្រូវធ្វើរៀងរាល់សប្តាហ៍ ក្នុងរយៈពេល ៤ សប្តាហ៍។ ការឈឺចាប់គឺជាផលប៉ះពាល់ទូទៅនៃការដុតត្រជាក់នេះ ហើយវាក៏អាចបង្កឲ្យមានការរំខានស្បែក, ហើមជាំ (Edema), ឡើងពងបែក និងកើតដំបៅផងដែរ។ វិធីសាស្ត្រនេះមិនតម្រូវឲ្យប្រើថ្នាំស្ពឹកនោះទេ
  • ការដុតដោយចរន្តអគ្គិសនី (Electrocautery)៖ នីតិវិធីនេះត្រូវធ្វើឡើងនៅក្នុងបន្ទប់វះកាត់ ដោយប្រើប្រាស់ថ្នាំស្ពឹកក្នុងតំបន់ (Local anesthesia)។ វាបំផ្លាញ និងដុតកម្ទេចកោសិកាសាច់សន្និទដោយប្រើប្រាស់ថាមពលអគ្គិសនី។ បន្ទាប់ពីចាក់រលាករួច អ្នកជំងឺអាចនឹងជួបប្រទះការហើម និងឈឺចាប់
  • ការវះកាត់កាត់សាច់ដុះចេញ (Surgical excision)៖ ឬសក្នុងប្រដាប់ភេទដែលមើលឃើញច្បាស់ អាចត្រូវបានយកចេញតាមរយៈការវះកាត់កាត់ចោល។ គ្រូពេទ្យអាចប្រើកាំបិតវះកាត់ (Scalpel) ដើម្បីកាត់សាច់នោះចេញ។ ក្នុងករណីដែលសាច់ដុះនៅលើមាត់ស្បូនរបស់ស្ត្រី វិធីសាស្ត្រម្យ៉ាងហៅថា «ការកាត់កោសិកាមាត់ស្បូនដោយកងខ្សែភ្លើងអគ្គិសនី» (LEEP – Loop Electrosurgical Excision Procedure) នឹងត្រូវយកមកប្រើប្រាស់។ កងខ្សែលួសដែលមានអ៊ីសូឡង់ការពារ ត្រូវបានដុតកំដៅដោយចរន្តអគ្គិសនី ហើយយកទៅប្រើដើម្បីកាត់យកកោសិកាមិនប្រក្រតីនោះចេញ។ បន្ទាប់ពីការវះកាត់រួច អ្នកជំងឺអាចមានអារម្មណ៍ឈឺចាប់ និងវិលមុខតិចតួច។ នីតិវិធីនេះត្រូវធ្វើឡើងក្រោមការប្រើថ្នាំស្ពឹកក្នុងតំបន់ ឬការប្រើថ្នាំសន្លប់ទូទៅ
  • ការព្យាបាលដោយកាំរស្មីឡាស៊ែរ (Laser treatments)៖ ការព្យាបាលនេះត្រូវបានណែនាំសម្រាប់សាច់ដែលមានចំនួនច្រើន, រីករាលដាលដុះពេញកន្លែង និងពិបាកក្នុងការព្យាបាល។ ឬសក្នុងប្រដាប់ភេទនឹងត្រូវបំផ្លាញដោយថាមពលពន្លឺដ៏ខ្លាំងក្លាដែលផលិតដោយកាំរស្មីឡាស៊ែរ។ វាធ្វើសកម្មភាពដោយការកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមរបស់សរសៃឈាមតូចៗដែលស្ថិតនៅខាងក្នុងសាច់សន្និទ

មានតែគ្រូពេទ្យជំនាញ និងទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតឲ្យធ្វើការព្យាបាលដោយឡាស៊ែរនេះ

ថ្នាំស្ពឹកក្នុងតំបន់នឹងត្រូវប្រើក្នុងកំឡុងពេលព្យាបាល ដើម្បីកាត់បន្ថយការឈឺចាប់។ អ្នកជំងឺអាចជួបប្រទះការឈឺចាប់, កើតមានស្នាមស្លាកស្នាម និងការប្រែប្រួលពណ៌ស្បែកបន្ទាប់ពីការព្យាបាល

ការទទួលបានជោគជ័យក្នុងការលុបបំបាត់ឬសក្នុងប្រដាប់ភេទ មិនមែនមានន័យថាវីរុស HPV បានរលាយបាត់អស់ពីខ្លួននោះទេ។ ឬសក្នុងប្រដាប់ភេទនៅតែមានឱកាសអាចលេចឡើងវិញក្នុងរយៈពេលរាប់ខែ ឬរាប់ឆ្នាំក្រោយការព្យាបាល។ ករណីនេះច្រើនតែកើតមានចំពោះអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ

ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ រាងកាយដែលមានសុខភាពល្អ និងមាំមួន អាចនឹងកំចាត់វីរុសនេះឲ្យអស់ទៅវិញដោយខ្លួនឯងទៅតាមពេលវេលា។ ការផ្លាស់ប្តូររបៀបរបបរស់នៅ អាចជារឿងចាំបាច់។ អ្នកដែលមានផ្ទុកវីរុស HPV អាចសាកសួរ ឬប្រឹក្សាជាមួយគ្រូពេទ្យអំពីរបៀបជម្រុញ និងបង្កើនឱកាសក្នុងការកំចាត់វីរុសនេះចេញពីរាងកាយឲ្យបានជោគជ័យ

Doctors who treat this condition