ទិដ្ឋភាពទូទៅ

ដំបៅរលួយ គឺជាការងាប់នៃកោសិកា ឬជាលិកានៅក្នុងផ្នែកណាមួយនៃរាងកាយ ដែលអាចបង្កឡើងដោយកត្តារួមផ្សំគ្នា រួមមានការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរ ឬលំហូរឈាមមិនគ្រប់គ្រាន់។ ជាទូទៅវាប៉ះពាល់ដល់ ដៃ ជើង ម្រាមជើង និងម្រាមដៃ។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចកើតឡើងលើសរីរាង្គខាងក្នុងដូចជា ប្រមាត់ និងសាច់ដុំផងដែរ

ដំបៅរលួយទំនងជាកើតមានខ្ពស់ចំពោះអ្នកដែលមានស្ថានភាពជំងឺដូចជា ទឹកនោមផ្អែម ឬជំងឺស្ទះសរសៃឈាម (Atherosclerosis) ដែលអាចធ្វើឱ្យខូចសរសៃឈាម និងកាត់បន្ថយលំហូរឈាម។
ការព្យាបាលដំបៅរលួយរួមមាន ការប្រើថ្នាំផ្សះ ការព្យាបាលដោយអុកស៊ីហ្សែន និងការវះកាត់ដើម្បីស្ដារលំហូរឈាមទៅកាន់តំបន់ដែលរងផលប៉ះពាល់ និងការកាត់ចោលជាលិកាដែលងាប់។ ឱកាសនៃការជាសះស្បើយនឹងប្រសើរឡើង ប្រសិនបើដំបៅរលួយត្រូវបានរកឃើញ និងព្យាបាលបានឆាប់រហ័ស

រោគសញ្ញា

រោគសញ្ញា និងសញ្ញាខាងក្រោមនេះអាចលេចឡើងនៅពេលដែលដំបៅរលួយប៉ះពាល់ដល់ស្បែក៖

  • ការប្រែប្រួលពណ៌ស្បែក ចាប់ពីពណ៌ប្រផេះស្លេក ទៅជាពណ៌ខៀវ ស្វាយ ខ្មៅ ពណ៌សំរិទ្ធ ឬក្រហម
  • ស្បែកមើលទៅហាក់ដូចជាស្តើង រលោង ឬគ្មានរោម
  • ស្បែកមានអារម្មណ៍ថាត្រជាក់នៅពេលប៉ះ
  • ការស្ពឹកដែលកើតឡើងបន្ទាប់ពីមានការឈឺចាប់ខ្លាំងភ្លាមៗ
  • មានដំបៅដែលមានហូរខ្ទុះ ឬទឹកចេញមកមានក្លិនស្អុយ
  • ពងបែក
  • ការហើម

អ្នកក៏អាចជួបប្រទះនូវការក្ដៅខ្លួនស្ទិញៗ និងអារម្មណ៍មិនស្រួលក្នុងខ្លួន ប្រសិនបើដំបៅរលួយ (ដូចជាប្រភេទដំបៅរលួយហ្គាស ឬដំបៅរលួយសរីរាង្គខាងក្នុង) វាយប្រហារជាលិកានៅក្រោមផ្ទៃស្បែករបស់អ្នក។
ស្ហុកដោយសារបាក់តេរីក្នុងឈាម (Septic Shock) អាចកើតឡើងប្រសិនបើបាក់តេរីដែលបង្កឱ្យមានដំបៅរលួយរាលដាលពេញរាងកាយ

សញ្ញាព្រមាននៃការស្ហុកដោយសារបាក់តេរីក្នុងឈាមសុករួមមាន៖

  • គ្រុនក្ដៅ ទោះបីជាសីតុណ្ហភាពរាងកាយមនុស្សមួយចំនួនអាចទាបជាង ៩៨.៦ អង្សាហ្វារិនហៃ (៣៧ អង្សាសេ) ក៏ដោយ
  • សម្ពាធឈាមធ្លាក់ចុះ
  • ចង្វាក់បេះដូងកើនឡើង
  • ពិបាកដកដង្ហើម
  • មានភាពច្របូកច្របល់ក្នុងខ្លួន
  • វិលមុខ

ប្រសិនបើអ្នកជួបប្រទះការឈឺចាប់រ៉ាំរ៉ៃដែលមិនអាចពន្យល់បានក្នុងតំបន់ណាមួយនៃរាងកាយ វាចាំបាច់ណាស់ក្នុងការស្វែងរកការព្យាបាលជាបន្ទាន់ ព្រោះដំបៅរលួយគឺជាស្ថានភាពគ្រោះថ្នាក់។ សូមទាក់ទងវេជ្ជបណ្ឌិតជាបន្ទាន់ ប្រសិនបើអ្នកកត់សម្គាល់ឃើញសញ្ញាដូចខាងក្រោម៖

  • គ្រុនក្ដៅជាប់រហូត
  • ដំបៅដែលមានក្លិនស្អុយ
  • ការប្រែប្រួលជាប់រហូតលើស្បែក (ពណ៌ កម្ដៅ ការហើម ពងបែក ឬដំបៅ)
  • ការឈឺចាប់ខ្លាំងនៅកន្លែងដែលទើបតែរងរបួស ឬទើបវះកាត់រួច
  • ស្បែកពណ៌ស្លេក
  • ស្បែកត្រជាក់ រឹង និងស្ពឹក

មូលហេតុ

មូលហេតុនៃដំបៅរលួយរួមមាន៖

  • ការឆ្លងមេរោគ៖ ដំបៅរលួយអាចវិវត្តន៍ជាលទ្ធផលនៃការឆ្លងមេរោគបាក់តេរីដែលមិនបានព្យាបាល
  • ការបាត់បង់ការផ្គត់ផ្គង់ឈាម៖ ឈាមមានសារៈសំខាន់សម្រាប់ការបញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់រាងកាយ។ លើសពីនេះ វាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រព័ន្ធភាពស៊ាំតាមរយៈអង្គបដិប្រាណ (Antibodies) ដើម្បីប្រឆាំងនឹងការឆ្លងមេរោគ។ នៅពេលខ្វះការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ កោសិកាមិនអាចរស់រានបានឡើយ ដែលនាំឱ្យជាលិកាងាប់
  • របួសទង្គិច៖ មុខរបួសដែលអនុញ្ញាតឱ្យបាក់តេរីចូលក្នុងរាងកាយ អាចបណ្ដាលមកពីរបួសដោយសារគ្រាប់កាំភ្លើង ឬរបួសដែលរងការកិនកម្ទេចក្នុងគ្រោះថ្នាក់ចរាចរណ៍។ ដំបៅរលួយអាចវិវត្តន៍ ប្រសិនបើបាក់តេរីឆ្លងចូលជាលិកាហើយមិនត្រូវបានព្យាបាល

ប្រភេទដំបៅរលួយ

  • ដំបៅរលួយស្ងួត (Dry gangrene): ស្បែកស្ងួត ជ្រួញ ដែលមានពណ៌ចាប់ពីត្នោត ទៅខៀវស្វាយ ឬខ្មៅ គឺជាសញ្ញានៃប្រភេទនេះ។ ដំបៅរលួយស្ងួតអាចប្រើពេលយូរដើម្បីវិវត្ត។ អ្នកដែលមានជំងឺទឹកនោមផ្អែម ឬជំងឺសរសៃឈាម ដូចជាជំងឺស្ទះសរសៃឈាម (Atherosclerosis) មានឱកាសកើតវាខ្ពស់
  • ដំបៅរលួយសើម (Wet gangrene): នៅពេលដែលបាក់តេរីឆ្លងចូលទៅក្នុងជាលិកា គេហៅវាថា ” ដំបៅរលួយសើម”។ វាច្រើនតែមានអាការៈហើម ពងបែក និងមើលទៅជោកជាំ។ វាអាចកើតឡើងបន្ទាប់ពីរលាកធ្ងន់ធ្ងរ រលាកដោយសារភាពត្រជាក់ខ្លាំង (Frostbite) ឬការខូចខាតផ្សេងៗ។ អ្នកជំងឺទឹកនោមផ្អែមដែលរងរបួសម្រាមជើង ឬប្រអប់ជើងដោយអចេតនា ច្រើនតែជួបប្រទះបញ្ហានេះ។ ដំបៅរលួយសើមត្រូវតែព្យាបាលភ្លាមៗ ព្រោះវាឆ្លងរាលដាលលឿន និងអាចបណ្ដាលឱ្យស្លាប់បាន
  • ដំបៅរលួយហ្គាស (Gas gangrene): ប្រភេទនេះច្រើនតែប៉ះពាល់ដល់ជាលិកាសាច់ដុំជ្រៅ។ ដំបូងឡើយ ស្បែកស្រទាប់ខាងក្រៅអាចមើលទៅធម្មតា។ នៅពេលជំងឺវិវត្ត ស្បែកអាចចាប់ផ្ដើមស្លេក រួចប្រែជាពណ៌ប្រផេះ ឬស្វាយក្រហម ហើយអាចមើលទៅដូចមានពពុះ។ អ្នកអាចឮសូរ “គ្រេចៗ” នៅពេលសង្កត់លើវាដោយសារហ្គាសដែលមានក្នុងជាលិកា។ ជាទូទៅវាបង្កឡើងដោយបាក់តេរីឈ្មោះ Clostridium perfringens
  • ដំបៅរលួយសរីរាង្គខាងក្នុង (Internal gangrene): ប៉ះពាល់ដល់សរីរាង្គដូចជា ពោះវៀន ប្រមាត់ ឬខ្នែងពោះវៀន។ វាកើតឡើងនៅពេលលំហូរឈាមទៅកាន់សរីរាង្គខាងក្នុងត្រូវបានរារាំង ឧទាហរណ៍៖ ក្នុងករណីក្លនលូន (Hernia) ដែលពោះវៀនលូនតាមកន្លែងខ្សោយនៃសាច់ដុំពោះ ហើយរមួល
  • ដំបៅរលួយហ្វូនីញេ (Fournier’s gangrene): ប្រភេទនេះប៉ះពាល់ដល់សរីរាង្គភេទ។ ទោះបីជាវាច្រើនកើតលើបុរស ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ស្ត្រីផងដែរ។ វាបណ្ដាលមកពីការឆ្លងមេរោគក្នុងផ្លូវទឹកនោម ឬតំបន់ប្រដាប់បន្តពូជ
  • ដំបៅរលួយមេឡេនី (Meleney’s gangrene): នេះជាប្រភេទកម្រ ដែលជាទូទៅជាផលវិបាកក្រោយការវះកាត់។ ជាធម្មតា ដំបៅស្បែកដែលឈឺចាប់នឹងលេចឡើង ១ ទៅ ២ សប្តាហ៍បន្ទាប់ពីវះកាត់

កត្តាហានិភ័យ

កត្តាខាងក្រោមនេះអាចធ្វើឱ្យអ្នកងាយនឹងកើតដំបៅរលួយ ៖

  • ការជក់បារី៖ អ្នកជក់បារីមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាដំបៅរលួយ
  • ភាពធាត់ (Obesity): លើសទម្ងន់បង្កសម្ពាធលើសរសៃឈាម ដែលអាចកាត់បន្ថយលំហូរឈាម បង្កើនហានិភ័យនៃការឆ្លងមេរោគ និងរារាំងការជាសះស្បើយនៃមុខរបួស
  • ជំងឺទឹកនោមផ្អែម៖ កម្រិតជាតិស្ករក្នុងឈាមខ្ពស់អាចបំផ្លាញសរសៃឈាម ដែលធ្វើឱ្យលំហូរឈាមយឺត ឬឈប់ហូរទៅកាន់ផ្នែកណាមួយនៃរាងកាយ
  • ជំងឺសរសៃឈាម៖ ការឡើងរឹង និងការរួមតូចនៃសរសៃឈាម (Atherosclerosis) ឬការកកឈាម អាចរារាំងលំហូរឈាម
  • របួសធ្ងន់ធ្ងរ ឬការវះកាត់៖ ស្ថានភាពណាក៏ដោយដែលបំផ្លាញស្បែក និងជាលិកាខាងក្រោម រួមទាំងការរលាកដោយភាពត្រជាក់ (Frostbite) គឺសុទ្ធតែបង្កើនហានិភ័យ
  • ការចាក់ថ្នាំ៖ ក្នុងករណីកម្រ ថ្នាំចាក់អាចជាប់ពាក់ព័ន្ធនឹងការឆ្លងបាក់តេរីដែលបង្កឱ្យមានដំបៅរលួយ
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ការព្យាបាលដោយគីមី ការបាញ់កាំរស្មី និងជំងឺមួយចំនួនដូចជា HIV អាចប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការប្រឆាំងនឹងការឆ្លងមេរោគ
  • ផលវិបាកនៃកូវីដ-១៩ (COVID-19): មានករណីខ្លះដែលអ្នកជំងឺជួបបញ្ហាកកឈាមដោយសារកូវីដ-១៩ ហើយបានវិវត្តទៅជាដំបៅរលួយស្ងួតនៅម្រាមដៃ និងម្រាមជើង

ការធ្វើរោគវិនិច្ឆ័យ

តេស្តខាងក្រោមនេះត្រូវបានប្រើដើម្បីជួយកំណត់អត្តសញ្ញាណដំបៅរលួយ៖

  • ការពិនិត្យឈាម៖ ចំនួនគ្រាប់ឈាមសខ្ពស់ជារឿយៗបង្ហាញពីការឆ្លងមេរោគ។ ការពិនិត្យឈាមបន្ថែមអាចត្រូវបានធ្វើឡើងដើម្បីស្វែងរកវត្តមានបាក់តេរីជាក់លាក់ និងភ្នាក់ងារចម្លងរោគផ្សេងៗ
  • ការបណ្ដុះមេរោគពីសារធាតុរាវ ឬជាលិកា៖ ការធ្វើតេស្តអាចត្រូវបានអនុវត្តលើសំណាកសារធាតុរាវដែលយកចេញពីពងបែកលើស្បែក ដើម្បីរកមើលបាក់តេរី។ សំណាកជាលិកាក៏អាចត្រូវបានពិនិត្យក្រោមមីក្រូទស្សន៍ដើម្បីរកមើលសញ្ញានៃការងាប់កោសិកា
  • ការពិនិត្យតាមរយៈរូបភាព៖ ការថតកាំរស្មីអ៊ិច ការថតស៊ីធីស្កេន និងការថត MRI អាចមើលឃើញសរីរាង្គ សរសៃឈាម និងឆ្អឹង។ តេស្តទាំងនេះជួយកំណត់កម្រិតនៃការរីករាលដាលនៃដំបៅរលួយនៅក្នុងខ្លួន
  • ការវះកាត់៖ ការវះកាត់អាចត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលឱ្យកាន់តែច្បាស់នៅខាងក្នុងរាងកាយ និងមើលថាតើមានជាលិកាប៉ុន្មានដែលត្រូវបានឆ្លងមេរោគ

ការព្យាបាល

មានវិធីព្យាបាលដែលអាចបញ្ឈប់ដំបៅរលួយមិនឱ្យកាន់តែអាក្រក់ទៅៗ។ ឱកាសនៃការជាសះស្បើយរបស់អ្នកនឹងកើនឡើង ប្រសិនបើអ្នកទទួលបានការព្យាបាលកាន់តែឆាប់។ គោលបំណងចម្បងនៃការព្យាបាលគឺ៖
កម្ចាត់ជាលិកាដែលងាប់ ឬឆ្លងមេរោគចេញពីរាងកាយ

  • បង្ការ ឬដោះស្រាយការឆ្លងមេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ
  • បង្កើនចរន្តឈាម ដើម្បីឱ្យលំហូរឈាមទូទៅមានភាពប្រសើរឡើង
  • ដំបៅ​រលួយ​អាច​ព្យាបាល​បាន​ដោយ​ការ​ប្រើ​ថ្នាំ ការវះកាត់ និង​ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ក្នុងសំពាធ​បរិយាកាស​ខ្ពស់

ការប្រើប្រាស់ថ្នាំ

  • ថ្នាំផ្សះ៖ ជាថ្នាំសម្រាប់ព្យាបាលការឆ្លងមេរោគបាក់តេរី ដែលអាចផ្តល់តាមរយៈការលេប ឬការចាក់តាមសរសៃឈាម
  • ថ្នាំបំបាត់ការឈឺចាប់៖ អាចត្រូវបានផ្តល់ឱ្យដើម្បីកាត់បន្ថយភាពមិនស្រួល

ការវះកាត់ ឬនីតិវិធីផ្សេងៗ

អាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃជំងឺ ការវះកាត់អាចត្រូវការច្រើនជាងមួយដង៖

  • ការសម្អាតមុខរបួស៖ ការវះកាត់ប្រភេទនេះធ្វើឡើងដើម្បីយកជាលិកាដែលឆ្លងមេរោគចេញ និងបញ្ឈប់ការរីករាលដាល
  • ការវះកាត់សរសៃឈាម៖ ដើម្បីស្តារលំហូរឈាមឡើងវិញ ការវះកាត់ដូចជា bypass និង angioplasty អាចត្រូវបានធ្វើឡើងដើម្បីជួសជុលសរសៃឈាមដែលខូច ឬមានជំងឺ
  • ការកាត់អវយវៈ៖ ក្នុងករណីធ្ងន់ធ្ងរ ផ្នែកនៃរាងកាយដែលឆ្លងមេរោគដូចជា ម្រាមជើង ម្រាមដៃ ដៃ ឬជើង អាចនឹងត្រូវកាត់ចោលតាមបច្ចេកទេសវេជ្ជសាស្ត្រ។ អ្នកអាចនឹងត្រូវបំពាក់អវយវៈសិប្បនិម្មិត (Prosthesis) នៅពេលក្រោយ
  • ការប្តូរស្បែក៖ ការវះកាត់យកស្បែកសុខភាពល្អពីកន្លែងផ្សេងនៃរាងកាយមកគ្របលើតំបន់ដែលខូចខាត ដើម្បីជួសជុលស្បែក ឬកាត់បន្ថយស្លាកស្នាម។ វាកើតឡើងបានលុះត្រាតែកន្លែងនោះមានលំហូរឈាមគ្រប់គ្រាន់

ការព្យាបាលដោយអុកស៊ីហ្សែនក្នុងសម្ពាធខ្ពស់

បន្ទប់មួយដែលមានសម្ពាធខ្ពស់ជាមួយនឹងអុកស៊ីសែនសុទ្ធត្រូវបានប្រើសម្រាប់ការព្យាបាលដោយអុកស៊ីសែនសម្ពាធខ្ពស់។ ជាធម្មតា អ្នកដេកលើតុដែលរអិលចូលទៅក្នុងបំពង់ប្លាស្ទិកថ្លា ហើយមានខ្នើយ។ នៅក្នុងបន្ទប់ សម្ពាធនឹងកើនឡើងបន្តិចម្តងៗដល់ប្រហែល ២.៥ ដងនៃសម្ពាធខ្យល់ធម្មតា

ការព្យាបាលដោយអុកស៊ីសែនសម្ពាធខ្ពស់បង្កើនការដឹកជញ្ជូនអុកស៊ីសែន។ បាក់តេរីដែលលូតលាស់នៅក្នុងជាលិកាដែលមានអុកស៊ីសែនទាបលូតលាស់យឺតជាងនៅក្នុងឈាមដែលសម្បូរអុកស៊ីសែន។ វាក៏បង្កើនល្បឿននៃការព្យាបាលរបួសដែលឆ្លងមេរោគផងដែរ

ជាធម្មតា ការព្យាបាលដោយអុកស៊ីសែន hyperbaric ម្តងៗសម្រាប់ដំបៅរលួយមានរយៈពេលប្រហែល ៩០ នាទី។ វគ្គព្យាបាលពីរទៅបីដងអាចចាំបាច់ក្នុងមួយថ្ងៃរហូតដល់ការឆ្លងមេរោគបាត់ទៅវិញ

Doctors who treat this condition