
ទិដ្ឋភាពទូទៅ
ជំងឺមហារីកថង់ទឹកប្រមាត់ កើតឡើងនៅពេលដែលមានការរីកលូតលាស់នៃកោសិកាខុសប្រក្រតីនៅក្នុងថង់ទឹកប្រមាត់។ ថង់ទឹកប្រមាត់មានទីតាំងស្ថិតនៅផ្នែកខាងស្តាំនៃពោះ ខាងក្រោមថ្លើម។ មុខងាររបស់ថង់ទឹកប្រមាត់ គឺសម្រាប់ផ្ទុកទឹកប្រមាត់ និងបញ្ចេញទឹករំលាយអាហារដែលផលិតដោយថ្លើម។ ការរកឃើញ និងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថង់ទឹកប្រមាត់បានឆាប់រហ័ស អាចបង្កើនប្រសិទ្ធភាពនៃការព្យាបាល ប៉ុន្តែជាទូទៅ ជំងឺមហារីកថង់ទឹកប្រមាត់ដំណាក់កាលដំបូង មិនសូវបង្ហាញរោគសញ្ញានោះទេ ដែលធ្វើឱ្យមានការពិបាកក្នុងការរកឃើញ
រោគសញ្ញា
- ឈឺពោះផ្នែកខាងលើខាងស្តាំ
- ហើមពោះ ឬតឹងពោះ
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
- ជំងឺខាន់លឿង (ភ្នែក និងស្បែកប្រែពណ៌ទៅជាលឿង)
មូលហេតុ
ជំងឺមហារីកថង់ទឹកប្រមាត់ កើតឡើងនៅពេលដែលមានការប្រែប្រួលនៃ DNA នៅក្នុងថង់ទឹកប្រមាត់។ DNA នៅក្នុងកោសិកាផ្លាស់ប្តូរឥរិយាបថរបស់កោសិកា។ ដូច្នេះ ការផ្លាស់ប្តូរហ្សែន (Mutation) នៅក្នុងកោសិកាថង់ទឹកប្រមាត់ បណ្តាលឱ្យមានការបែងចែកកោសិកាដោយគ្មានការគ្រប់គ្រង ដែលជាលទ្ធផលបង្កើតបានជាដុំកោសិកា ឬហៅថា ដុំសាច់។ បន្ទាប់មក ដុំសាច់នេះចាប់ផ្តើមរុករាន និងបំផ្លាញជាលិកាដែលមានសុខភាពល្អ។ កោសិកាទាំងនេះមានទំនោររីករាលដាល (Metastasize) ទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ
ជំងឺមហារីកថង់ទឹកប្រមាត់ភាគច្រើន ចាប់ផ្តើមដុះចេញពីកោសិកាក្រពេញដែលនៅជួរផ្នែកខាងក្នុងនៃថង់ទឹកប្រមាត់។ នៅពេលដែលមហារីកថង់ទឹកប្រមាត់កើតឡើងនៅក្នុងកោសិកាក្រពេញ ជំងឺនេះត្រូវបានគេហៅថា Adenocarcinoma
កត្តាហានិភ័យ
- ភេទ៖ ស្ត្រីងាយនឹងកើតជំងឺនេះច្រើនជាងបុរស
- អាយុ៖ កាលណាអាយុកាន់តែច្រើន ហានិភ័យនៃជំងឺមហារីកថង់ទឹកប្រមាត់ក៏កាន់តែខ្ពស់
- ប្រវត្តិកើតគ្រួសក្នុងថង់ទឹកប្រមាត់៖ នៅពេលដែលអ្នកជំងឺមានគ្រួសក្នុងថង់ទឹកប្រមាត់ ហានិភ័យនៃជំងឺមហារីកថង់ទឹកប្រមាត់នឹងកើនឡើង។ គ្រួសក្នុងថង់ទឹកប្រមាត់ដែលមានទំហំធំ ទំនងជាបណ្តាលឱ្យមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ
- ជំងឺ និងស្ថានភាពថង់ទឹកប្រមាត់ផ្សេងៗទៀត៖ ជំងឺ និងស្ថានភាពផ្សេងទៀតដែលពាក់ព័ន្ធនឹងជំងឺមហារីកថង់ទឹកប្រមាត់ រួមមាន ដុះសាច់ក្នុងថង់ទឹកប្រមាត់ (Polyps) ការរលាករ៉ាំរ៉ៃ និងការឆ្លងមេរោគ។ ទាំងនេះក៏ជាកត្តាហានិភ័យផងដែរ
- ការរលាកបំពង់ទឹកប្រមាត់៖ ជំងឺរលាកបំពង់ទឹកប្រមាត់ប្រភេទ Primary sclerosing cholangitis នាំឱ្យមានការរលាកបំពង់ដែលដឹកនាំទឹកប្រមាត់ចេញពីថង់ទឹកប្រមាត់ និងថ្លើម។ ស្ថានភាពនេះធ្វើឱ្យអ្នកជំងឺប្រឈមនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកថង់ទឹកប្រមាត់
ការធ្វើរោគវិនិច្ឆ័យ
- ការពិនិត្យឈាម ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃមុខងារថ្លើម។ ការពិនិត្យនេះនឹងជួយសម្រួលដល់គ្រូពេទ្យក្នុងការស្វែងរកមូលហេតុនៃរោគសញ្ញានានា
- ការពិនិត្យតាមរយៈរូបភាព ដូចជា ការថតអេកូ (Ultrasound), ការស្កេនស៊ីធី (CT scan) និងការថត MRI នឹងបង្ហាញរូបភាពនៃថង់ទឹកប្រមាត់
ប្រសិនបើត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកថង់ទឹកប្រមាត់ គ្រូពេទ្យចាំបាច់ត្រូវវាយតម្លៃដំណាក់កាលនៃជំងឺ ព្រោះដំណាក់កាលនេះនឹងកំណត់ពីការព្យាករណ៍រោគ និងជម្រើសនៃការព្យាបាលដែលសមស្របសម្រាប់អ្នកជំងឺ
ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលប្រើដើម្បីកំណត់ដំណាក់កាលនៃជំងឺមហារីកថង់ទឹកប្រមាត់៖
- ការវះកាត់រុករក (Exploratory surgery): ជាវិធីសាស្ត្រដែលត្រូវបានណែនាំដើម្បីពិនិត្យផ្នែកខាងក្នុងនៃពោះ រកមើលសញ្ញាណាមួយដែលបង្ហាញថា មហារីកប្រមាត់បានរីករាលដាល។ ក្នុងការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic procedure) កាមេរ៉ាតូចមួយនឹងត្រូវបញ្ចូលទៅក្នុងពោះតាមរយៈមុខរបួសតូចមួយ ដើម្បីពិនិត្យមើលសរីរាង្គនៅក្បែរថង់ទឹកប្រមាត់
- ការពិនិត្យបំពង់ទឹកប្រមាត់: ធ្វើឡើងដោយការចាក់ថ្នាំពណ៌ទៅក្នុងបំពង់ទឹកប្រមាត់។ បន្ទាប់មករូបភាពដែលថ្នាំពណ៌នោះឆ្លងកាត់នឹងត្រូវកត់ត្រាទុក ដើម្បីមើលពីការស្ទះ ឬការរួមតូចនៃបំពង់ទឹកប្រមាត់។ ការថត MRI ផ្លូវទឹកប្រមាត់ (MRCP) និងការឆ្លុះផ្លូវទឹកប្រមាត់ និងលំពែង (ERCP) អាចនឹងត្រូវបានប្រើប្រាស់ក្នុងវិធីសាស្ត្រនេះ
- ការធ្វើតេស្សរូបភាពផ្សេងៗទៀត: ការស្កេនជាបន្តបន្ទាប់ដើម្បីកំណត់ថា តើមហារីកបានរីករាលដាល (Metastasized) ឬនៅមានតែក្នុងថង់ទឹកប្រមាត់។ ការស្កេន CT និង MRI នៃពោះ និងទ្រូង ជាទូទៅត្រូវបានធ្វើឡើង
ទិន្នន័យដែលប្រមូលបានពីការធ្វើតេស្តខាងលើនឹងជួយវាយតម្លៃដំណាក់កាលនៃមហារីក។ លេខរ៉ូម៉ាំងចាប់ពី 0 ដល់ IV គឺជាការបញ្ជាក់ពីដំណាក់កាលនៃជំងឺមហារីកថង់ទឹកប្រមាត់។ ដំណាក់កាលទាបបំផុតគឺនៅពេលដែលមហារីកស្ថិតនៅតែស្រទាប់ខាងក្នុងនៃថង់ទឹកប្រមាត់។ ក្នុងដំណាក់កាលទី IV ឬដំណាក់កាលធ្ងន់ធ្ងរ មហារីកបានរីករាលដាលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ
ការព្យាបាល
ដំណាក់កាលនៃមហារីក ស្ថានភាពសុខភាព និងចំណូលចិត្តរបស់អ្នកជំងឺ គឺជាកត្តាកំណត់ជម្រើសនៃការព្យាបាល។ គោលបំណងចម្បងនៃការព្យាបាលគឺដើម្បីកម្ចាត់មហារីកប្រមាត់ឱ្យអស់ និងការពារជំងឺកុំឱ្យរីករាលដាល
ការវះកាត់
-
- ការវះកាត់យកថង់ទឹកប្រមាត់ចេញ (Cholecystectomy): នៅពេលដែលជំងឺមហារីកថង់ទឹកប្រមាត់ស្ថិតក្នុងដំណាក់កាលដំបូង និងមានតែនៅក្នុងថង់ទឹកប្រមាត់ ជំងឺនេះអាចព្យាបាលបានដោយការវះកាត់យកថង់ទឹកប្រមាត់ចេញ
- ការវះកាត់យកថង់ទឹកប្រមាត់ និងផ្នែកខ្លះនៃថ្លើមចេញ: ប្រសិនបើមហារីកបានរីករាលដាលដល់ថ្លើម គ្រូពេទ្យអាចនឹងត្រូវវះកាត់យកថង់ទឹកប្រមាត់ រួមទាំងផ្នែកខ្លះនៃថ្លើម និងបំពង់ទឹកប្រមាត់ដែលនៅជុំវិញនោះចេញ
ក្នុងករណីដែលជំងឺមហារីកថង់ទឹកប្រមាត់មានទំហំតូចខ្លាំង ហើយអាចយកចេញអស់ដោយការវះកាត់ ការព្យាបាលបន្ថែមអាចមិនចាំបាច់ឡើយ។ ប្រសិនបើនៅមានកោសិកាមហារីកបន្ទាប់ពីវះកាត់ ការព្យាបាលដោយគីមី ឬវិធីផ្សេងទៀតនឹងត្រូវបានពិចារណា
ការព្យាបាលដោយប្រើថ្នាំគីមី
ការព្យាបាលដោយគីមីប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក។ ថ្នាំគីមីអាចផ្តល់ឱ្យតាមរយៈសរសៃឈាម ឬការលេប។ វាត្រូវបានណែនាំជាជម្រើសព្យាបាលនៅពេលដែលមានឱកាសថា មហារីកប្រមាត់នៅសេសសល់ក្រោយការវះកាត់
ការព្យាបាលដោយវិទ្យុសកម្ម
គឺជាការប្រើប្រាស់កាំរស្មីថាមពលខ្លាំងដូចជា កាំរស្មីអ៊ិច (X-rays) និងប្រូតុង ដើម្បីកម្ទេចកោសិកាមហារីក។ វិទ្យុសកម្មត្រូវបានបញ្ចេញចេញពីម៉ាស៊ីនដែលនៅជុំវិញរាងកាយ ខណៈពេលដែលអ្នកជំងឺគេងនៅលើគ្រែពេទ្យ។ ការរួមបញ្ចូលគ្នារវាងការព្យាបាលដោយវិទ្យុសកម្ម និងគីមី អាចត្រូវបានប្រើប្រសិនបើមហារីកមិនត្រូវបានយកចេញអស់ក្រោយការវះកាត់។ ការព្យាបាលដោយវិទ្យុសកម្ម ក៏ជួយគ្រប់គ្រងការឈឺចាប់ផងដែរ ប្រសិនបើការវះកាត់មិនមែនជាជម្រើស
ការព្យាបាលដោយថ្នាំគោលដៅ
ការព្យាបាលដោយថ្នាំគោលដៅ នឹងទៅវាយប្រហារលើចំណុចទទួល (Receptors) ជាក់លាក់ដែលមាននៅក្នុងកោសិកាមហារីក។ កោសិកាមហារីកនឹងងាប់នៅពេលថ្នាំនេះទៅរារាំងចំណុចទទួលទាំងនោះ។ ការព្យាបាលនេះច្រើនតែជាជម្រើសសម្រាប់អ្នកជំងឺមហារីកប្រមាត់ដំណាក់កាលចុងក្រោយ
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំ
គឺជាការប្រើប្រាស់ថ្នាំដើម្បីជួយដល់ប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងនឹងមហារីក។ ជាធម្មតា កោសិកាមហារីកបង្កើតប្រូតេអ៊ីនម្យ៉ាងដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំពិបាកវាយប្រហារវា។ ការព្យាបាលដោយប្រព័ន្ធភាពស៊ាំមានប្រសិទ្ធភាពដោយការទៅរំខានដល់ដំណើរការធម្មជាតិទាំងនោះ ដើម្បីឱ្យប្រព័ន្ធភាពស៊ាំស្គាល់ថាកោសិកាមហារីកជាកោសិកាគ្រោះថ្នាក់។ វាច្រើនតែជាជម្រើសសម្រាប់ជំងឺមហារីកថង់ទឹកប្រមាត់ដំណាក់កាលធ្ងន់ធ្ងរ
