ទិដ្ឋភាពទូទៅ
ប្រសិនបើអ្នកកំពុងជួបប្រទះការឈឺចាប់ និងភាពរឹងតឹងនៅសន្លាក់ស្មា អ្នកប្រហែលជាកំពុងមានលក្ខខណ្ឌមួយដែលគេហៅថា ជំងឺជាប់ស្មា (frozen shoulder) ឬហៅម្យ៉ាងទៀតថា ជំងឺរលាកស្រោមសន្លាក់ស្មារួញស្អិត (adhesive capsulitis)។ លក្ខខណ្ឌនេះចាប់ផ្តើមស្តែងចេញនូវរោគសញ្ញាបន្តិចម្តងៗ និងកាន់តែធ្ងន់ធ្ងរទៅៗតាមពេលវេលា រហូតទាល់តែវាជាសះស្បើយវិញក្នុងចន្លោះពេលពីមួយឆ្នាំទៅបីឆ្នាំ។
ការមិនអាចធ្វើចលនាដៃបាន ដោយសារតែការសម្រាកព្យាបាលពីលក្ខខណ្ឌវេជ្ជសាស្ត្រណាមួយ ដូចជា ក្រោយពេលកើតជំងឺដាច់សរសៃឈាមខួរក្បាល (post-stroke) ឬបន្ទាប់ពីការវះកាត់ ដូចជាការវះកាត់កាត់សុដន់ចេញ (mastectomy) គឺបង្កើនហានិភ័យនៃការកើតជំងឺនេះ។
ការកើតឡើងវិញនៃជំងឺស្មាជាប់នៅលើចំហៀងដដែលគឺមិនសូវជាកើតមានញឹកញាប់នោះទេ ទោះបីជាស្មាម្ខាងទៀតអាចនឹងវិវត្តទៅជាលក្ខខណ្ឌដូចគ្នានេះក៏ដោយ។
រោគសញ្ញា
ជំងឺជាប់ស្មាត្រូវបែងចែកជាបីដំណាក់កាល ហើយដំណាក់កាលនីមួយៗអាចអូសបន្លាយពេលរាប់ខែ៖
- ដំណាក់កាលចាប់ផ្តើមរឹង (Freezing stage)៖ លទ្ធភាពនៃការធ្វើចលនារបស់ស្មាប្រែជាមានកម្រិត ហើយរាល់ការធ្វើចលនាទាំងឡាយសុទ្ធតែបណ្តាលឱ្យមានការឈឺចាប់
- ដំណាក់កាលជាប់ស្មា ឬកកក្ដាំង (Frozen stage)៖ នៅដំណាក់កាលនេះ ការឈឺចាប់អាចនឹងថយចុះ ប៉ុន្តែការធ្វើចលនាស្មាមានភាពពិបាកខ្លាំង ដោយសារតែវាបានប្រែជាស្ពឹកនិងរឹងខ្លាំងជាងមុន
- ដំណាក់កាលរលាយ ឬធូរស្រាល (Thawing stage)៖ ដំណាក់កាលនេះបង្ហាញពីភាពប្រសើរឡើងវិញនៃការធ្វើចលនាស្មា
ការឈឺចាប់អាចនឹងកាន់តែធ្ងន់ធ្ងរឡើងនៅពេលល្ងាច ឬពេលយប់ ដែលវាប៉ះពាល់ដល់គុណភាពនៃការគេងរបស់មនុស្សមួយចំនួន។
មូលហេតុ
ជំងឺជាប់ស្មាកើតឡើងនៅពេលដែលស្រោមសន្លាក់ស្មា (shoulder’s capsule) ដែលគ្របដណ្តប់លើសរសៃពួរ សរសៃចំណង និងឆ្អឹង បានឡើងក្រាស់ និងរឹតបន្តឹងជុំវិញសន្លាក់ស្មា ដែលជាហេតុបណ្តាលឱ្យមានកម្រិតក្នុងការធ្វើចលនា។
មូលហេតុពិតប្រាកដគឺមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញថាកើតមានញឹកញាប់ជាងគេលើអ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលចាំបាច់ត្រូវរក្សាស្មារបស់ពួកគេមិនឱ្យធ្វើចលនាក្នុងរយៈពេលយូរ (ឧទាហរណ៍៖ ការបាក់ឆ្អឹងដៃ ឬស្ថានភាពក្រោយការវះកាត់)។
កត្តាហានិភ័យ
កត្តាដូចខាងក្រោមនេះអាចបង្កើនហានិភ័យរបស់អ្នកក្នុងការកើតជំងឺជាប់ស្មា៖
- អាយុ និងភេទ៖ ប្រសិនបើអ្នកមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ជាពិសេសប្រសិនបើអ្នកជាស្ត្រី អ្នកមានលទ្ធភាពខ្ពស់ក្នុងការវិវត្តទៅជាជំងឺនេះ
- ការមិនអាចធ្វើចលនាបាន ឬការកាត់បន្ថយចលនា៖ ការមិនបានធ្វើចលនា ឬការកាត់បន្ថយចលនាស្មាក្នុងរយៈពេលយូរ បង្កហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺជាប់ស្មា ដែលវាអាចបណ្តាលមកពី៖
- ការរងរបួសសរសៃពួរជុំវិញសន្លាក់ស្មា
- ការបាក់ឆ្អឹងដៃ
- ជំងឺដាច់សរសៃឈាមខួរក្បាល
- ការសម្រាកស្តារសម្បទាក្រោយការវះកាត់
- ជំងឺប្រព័ន្ធរាងកាយ (Systemic diseases)៖ ជំងឺដូចខាងក្រោមនេះបង្កើនហានិភ័យនៃការកើតជំងឺជាប់ស្មា៖
- ជំងឺសរសៃឈាមបេះដូង
- ជំងឺទឹកនោមផ្អែម
- ជំងឺរបេង
- ជំងឺញ័រដៃជើង
- ជំងឺលើសអរម៉ូនក្រពេញទីរ៉ូអ៊ីត
- ជំងឺចុះខ្សោយក្រពេញទីរ៉ូអ៊ីត
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងណែនាំឱ្យអ្នកធ្វើចលនាជាក់លាក់មួយចំនួន និងធ្វើការបន្ធូរសាច់ដុំ ដើម្បីវាយតម្លៃលើលទ្ធភាពនៃការធ្វើចលនា និងកម្រិតនៃការឈឺចាប់របស់អ្នក ឬអាចនឹងចាក់ថ្នាំស្ពឹក។ ទាំងលទ្ធភាពធ្វើចលនាដោយខ្លួនឯង និងលទ្ធភាពធ្វើចលនាដោយមានជំនួយទាញពីគ្រូពេទ្យ សុទ្ធតែអាចរងផលប៉ះពាល់ដោយសារជំងឺជាប់ស្មា។
សញ្ញា និងរោគសញ្ញារបស់អ្នកអាចកំណត់រោគវិនិច្ឆ័យនៃជំងឺជាប់ស្មាបាន ប៉ុន្តែការធ្វើតេស្តរោគវិនិច្ឆ័យផ្សេងៗ ដូចជា ការថតកាំរស្មីអ៊ិច ឬការថតអឹមអរអាយ អាចនឹងត្រូវបានណែនាំដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់។
ការព្យាបាល
ការព្យាបាលខាងក្រោមនេះអាចត្រូវបានធ្វើឡើង ដើម្បីសម្រាលការឈឺចាប់ និងរក្សាលទ្ធភាពនៃការធ្វើចលនារបស់ស្មា៖
ការហាត់ប្រាណពត់ពន្លាតស្មា
លំហាត់ប្រាណទាំងឡាយណាដែលជួយគ្រប់គ្រងការឈឺចាប់ស្មា និងរក្សាលទ្ធភាពនៃការធ្វើចលនារបស់វា អាចយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺជាប់ស្មាបាន។
ការប្រើប្រាស់ថ្នាំ
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងការរលាក។
ការព្យាបាលដោយចលនា
លំហាត់ប្រាណពត់ពន្លាតដើម្បីបង្កើនលទ្ធភាពនៃការធ្វើចលនា ដែលបង្រៀនដោយអ្នកជំនាញព្យាបាលដោយចលនា ដើម្បីជួយបង្កើនប្រសិទ្ធភាព និងស្តារភាពបត់បែននៃការធ្វើចលនាឡើងវិញ។
ការវះកាត់ និងវិធានការវេជ្ជសាស្ត្រផ្សេងៗ
ជំងឺជាប់ស្មាភាគច្រើនអាចជាសះស្បើយទៅវិញដោយខ្លួនឯង ក្នុងចន្លោះពេលពីមួយឆ្នាំរហូតដល់ ១៨ ខែ។ ប្រសិនបើរោគសញ្ញានៅតែបន្តអូសបន្លាយ គ្រូពេទ្យអាចនឹងណែនាំនូវវិធីសាស្ត្រដូចខាងក្រោម៖
- ការចាក់ថ្នាំស្តេរ៉ូអ៊ីត (Steroid injections)៖ ជួយជម្រុញភាពបត់បែននៃចលនាស្មា និងកាត់បន្ថយការឈឺចាប់ ជាពិសេសប្រសិនបើទទួលបានការចាក់នៅក្នុងដំណាក់កាលដំបូងៗនៃជំងឺ
- ការចាក់ពង្រីកស្រោមសន្លាក់ (Joint distension)៖ ការចាក់ទឹកដែលគ្មានមេរោគ (sterile water) ចូលទៅក្នុងស្រោមសន្លាក់ ដើម្បីជួយឱ្យសន្លាក់មានចលនា និងពត់ពន្លាតជាលិកាដែលរួញស្អិត
- ការធ្វើចលនាស្មាក្រោមថ្នាំសន្លប់ (Shoulder manipulation)៖ គ្រូពេទ្យនឹងផ្តល់ថ្នាំសន្លប់ទូទៅដល់អ្នក ដើម្បីឱ្យអ្នកស្ថិតក្នុងសភាពសន្លប់ និងមិនមានអារម្មណ៍ឈឺចាប់។ បន្ទាប់មក គ្រូពេទ្យនឹងធ្វើចលនាស្មារបស់អ្នកទៅកាន់ទិសដៅផ្សេងៗ ដើម្បីធ្វើឱ្យជាលិកាដែលរឹតបន្តឹងនោះធូរស្រាល និងដាច់ចេញពីគ្នា
- ការវះកាត់៖ ការធ្វើការវះកាត់សម្រាប់ជំងឺជាប់ស្មាគឺមិនសូវជាកើតមាននោះទេ ប៉ុន្តែប្រសិនបើវិធីសាស្ត្រផ្សេងទៀតទាំងអស់មិនទទួលបានជោគជ័យ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់។ ការវះកាត់នេះនឹងជម្រុះចោលនូវជាលិកាស្លាកស្នាម) និងស្រទាប់ស្អិតៗនៅខាងក្នុងសន្លាក់ស្មារបស់អ្នក ហើយជាទូទៅត្រូវបានធ្វើឡើងតាមរយៈការវះកាត់ចោះសន្លាក់ (arthroscopically)
របៀបរស់នៅ និងឱសថតាមផ្ទះ
វាជាការល្អបំផុតក្នុងការប្រើប្រាស់ ឬធ្វើចលនាស្មាដែលរងផលប៉ះពាល់ ទៅតាមកម្រិតនៃការឈឺចាប់ ឬកម្រិតនៃភាពរឹងតឹងរបស់អ្នក (មិនត្រូវរក្សាស្មានៅស្ងៀមរហូតនោះទេ)។ ការស្អំកម្តៅ ឬការស្អំត្រជាក់ ក៏អាចជួយសម្រាលការឈឺចាប់បានផងដែរ
