ទិដ្ឋភាពទូទៅ

ជំងឺហ្វាយប្រូម៉ាយអាល់ជៀ (Fibromyalgia) គឺជាស្ថានភាពសុខភាពរ៉ាំរ៉ៃមួយ ដែលបង្កឱ្យមានការឈឺចាប់ និងការឈឺឈ្ងុក (ប៉ះទៅឈឺ) នៅទូទាំងរាងកាយ។ គេជឿថាស្ថានភាពជំងឺនេះបានបង្កើនកម្រិតនៃអារម្មណ៍ឈឺចាប់ តាមរយៈការជះឥទ្ធិពលទៅលើរបៀបដែលខួរក្បាល និងខួរឆ្អឹងខ្នងដំណើរការសញ្ញាឈឺចាប់។ រោគសញ្ញាអាចនឹងលេចឡើងបន្តិចម្តងៗតាមពេលវេលា ឬបន្ទាប់ពីមានព្រឹត្តិការណ៍ណាមួយដូចជា របួសរាងកាយ ការវះកាត់ ការឆ្លងមេរោគ ឬភាពតានតឹងផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ (ស្រ្តេសខ្លាំង)។

ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺនេះខ្ពស់ជាងបុរស។ បុគ្គលដែលមានស្ថានភាពជំងឺនេះ ក៏អាចជួបប្រទះនូវជំងឺឈឺក្បាលតានតឹង (Tension headaches) ជំងឺមិនប្រក្រតីនៃសន្លាក់ថ្គាម (Temporomandibular joint disorders) ជំងឺរលាកពោះវៀនរំញោច (Irritable bowel syndrome) ជំងឺថប់បារម្ភ (Anxiety) និងជំងឺបាក់ទឹកចិត្ត (Depression) ផងដែរ។

ទោះបីជាបច្ចុប្បន្នមិនទាន់មានវិធីព្យាបាលជំងឺហ្វាយប្រូម៉ាយអាល់ជៀឱ្យជាសះស្បើយដាច់ក៏ដោយ ប៉ុន្តែមានថ្នាំជាច្រើនប្រភេទដែលអាចជួយគ្រប់គ្រងរោគសញ្ញាបាន។ ការហាត់ប្រាណ ការធ្វើឱ្យអារម្មណ៍ធូរស្រាល និងបច្ចេកទេសកាត់បន្ថយភាពតានតឹង ក៏អាចមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពជំងឺនេះផងដែរ។

រោគសញ្ញា

សញ្ញា និងរោគសញ្ញាចម្បងៗនៃជំងឺហ្វាយប្រូម៉ាយអាល់ជៀ រួមមាន៖

  • ការឈឺចាប់រាលដាលពាសពេញរាងកាយ (Widespread pain)៖ ការឈឺចាប់ដែលទាក់ទងនឹងជំងឺហ្វាយប្រូម៉ាយអាល់ជៀ ជាធម្មតាត្រូវបានពិពណ៌នាថាជាការឈឺចុកចាប់តិចៗស្ពឹកៗ ប៉ុន្តែរ៉ាំរ៉ៃអូសបន្លាយ ដែលមានរយៈពេលយ៉ាងហោចណាស់បីខែ។ ដើម្បីចាត់ថ្នាក់ថាជាការឈឺចាប់រាលដាលពាសពេញ វាត្រូវតែជះឥទ្ធិពលដល់រាងកាយទាំងសងខាង (ឆ្វេងនិងស្តាំ) ព្រមទាំងកើតមានឡើងទាំងនៅផ្នែកខាងលើ និងខាងក្រោមចង្កេះ
  • ការអស់កម្លាំង (Fatigue)៖ អ្នកមានជំងឺហ្វាយប្រូម៉ាយអាល់ជៀ ជារឿយៗតែងតែភ្ញាក់ពីគេងទាំងមានអារម្មណ៍អស់កម្លាំង ទោះបីជាពួកគេបានគេងក្នុងរយៈពេលយូរក៏ដោយ។ ការគេងច្រើនតែត្រូវបានរំខានដោយសារតែការឈឺចាប់ ហើយអ្នកជំងឺហ្វាយប្រូម៉ាយអាល់ជៀ ជាច្រើនក៏មានបញ្ហាមិនប្រក្រតីនៃការគេងផ្សេងទៀតផងដែរ ដូចជា រោគសញ្ញាជើងមិនសម្រាក (Restless legs syndrome) និងការឈប់ដកដង្ហើមពេលគេងលក់ (Sleep apnea)
  • បញ្ហាពិបាកក្នុងការគិត និងការចងចាំ (Cognitive difficulties)៖ រោគសញ្ញាដែលគេហៅថា “ខួរក្បាលស្រវាំង/គិតមិនចេញ (Fibro fog)” ធ្វើឱ្យអ្នកជំងឺមានការពិបាកក្នុងការផ្ដោតអារម្មណ៍ យកចិត្តទុកដាក់ និងការដាក់ចិត្តលើការងារដែលប្រើប្រាស់ខួរក្បាល

ជាញឹកញាប់ជំងឺហ្វាយប្រូម៉ាយអាល់ជៀ តែងតែរស់នៅទន្ទឹមគ្នាជាមួយនឹងស្ថានភាពជំងឺបន្ថែមផ្សេងៗទៀត ដូចជា៖

  • ជំងឺបាក់ទឹកចិត្ត ឬការថប់បារម្ភ
  • ជំងឺឈឺក្បាលប្រកាំង និងប្រភេទជំងឺឈឺក្បាលផ្សេងទៀត
  • រោគសញ្ញាឈឺប្លោកនោម ឬជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ
  • ជំងឺមិនប្រក្រតីនៃសន្លាក់ថ្គាម
  • រោគសញ្ញារលាកពោះវៀនរំញោច (IBS)
  • រោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ
  • រោគសញ្ញាចង្វាក់បេះដូងលោតញាប់ពេលផ្លាស់ប្តូរឥរិយាបថ

​​ មូលហេតុ

ជំងឺហ្វាយប្រូម៉ាយអាល់ជៀ គឺជាស្ថានភាពមួយដែលមនុស្សមានភាពប្រែប្រួលខ្លាំងទៅនឹងការឈឺចាប់ ដោយសារតែការប្រែប្រួលនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីការរំញោចសរសៃប្រសាទដដែលៗ។ ការប្រែប្រួលនេះត្រូវបានសម្គាល់ដោយការកើនឡើងនៃកម្រិតសារធាតុគីមីជាក់លាក់នៅក្នុងខួរក្បាលដែលបញ្ជូនសញ្ញាឈឺចាប់ និងការដែលរ៉េស៊ីទ័រទទួលសញ្ញាឈឺចាប់ ក្លាយទៅជាងាយរំញោចខ្លាំងពេក ហើយឆ្លើយតបខ្លាំងហួសហេតុទាំងទៅលើសញ្ញាដែលឈឺចាប់ និងសញ្ញាដែលមិនឈឺចាប់។ មូលហេតុពិតប្រាកដនៃជំងឺហ្វាយប្រូម៉ាយអាល់ជៀ មិនទាន់ត្រូវបានយល់ដឹងពេញលេញនៅឡើយទេ ប៉ុន្តែការផ្លាស់ប្តូរហ្សែន នៅក្នុងហ្សែនដែលទទួលខុសត្រូវលើការបង្កើតសារធាតុនាំសារសរសៃប្រសាទ (Neurotransmitters) ដែលបញ្ជូន និងទទួលសញ្ញាឈឺចាប់នៅក្នុងខួរក្បាល អាចនឹងដើរតួនាទីក្នុងរឿងនេះ។

ការប្រែប្រួលទាំងនេះ ប្រហែលជាបណ្តាលមកពីមូលហេតុផ្សេងៗគ្នារួមមាន៖

  • តំណពូជ៖ ដោយសារតែជំងឺហ្វាយប្រូម៉ាយអាល់ជៀ ជារឿយៗកើតមានចំពោះសមាជិកនៅក្នុងគ្រួសារ ការប្រែប្រួលហ្សែនជាក់លាក់អាចនឹងបង្កើនហានិភ័យរបស់អ្នកក្នុងការកើតជំងឺនេះ
  • ការឆ្លងមេរោគ៖ ជំងឺមួយចំនួនហាក់ដូចជាបង្ក ឬធ្វើឱ្យជំងឺហ្វាយប្រូម៉ាយអាល់ជៀ កាន់តែធ្ងន់ធ្ងរឡើង
  • ព្រឹត្តិការណ៍ប៉ះទង្គិចរាងកាយ ឬផ្លូវចិត្ត៖ ហេតុការណ៍ប៉ះទង្គិចផ្លូវកាយ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ជួនកាលអាចបណ្តាលឱ្យជំងឺហ្វាយប្រូម៉ាយអាល់ជៀ វិវត្តឡើង។ ជំងឺនេះក៏អាចត្រូវបានបង្កឡើងដោយសារតែភាពតានតឹងផ្នែកផ្លូវចិត្ត (ស្រ្តេស) រ៉ាំរ៉ៃផងដែរ

កត្តាហានិភ័យ

កត្តាហានិភ័យនៃជំងឺហ្វាយប្រូម៉ាយអាល់ជៀ រួមមាន៖

  • ភេទ៖ ស្រ្តីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺហ្វាយប្រូម៉ាយអាល់ជៀ ញឹកញាប់ជាងបុរស
  • ប្រវត្តិគ្រួសារ៖ ប្រសិនបើឪពុកម្តាយ ឬបងប្អូនរបស់អ្នកមានជំងឺហ្វាយប្រូម៉ាយអាល់ជៀ អ្នកអាចនឹងមានឱកាសខ្ពស់ក្នុងការកើតវាដោយខ្លួនឯង
  • ជំងឺមិនប្រក្រតីផ្សេងទៀត៖ អ្នកអាចនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺហ្វាយប្រូម៉ាយអាល់ជៀ ប្រសិនបើអ្នកមានជំងឺ Lupus (ជំងឺប្រព័ន្ធស៊ាំប្រឆាំងខ្លួនឯង) ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid arthritis) ឬជំងឺពុកឆ្អឹង(Osteoarthritis)

ការធ្វើរោគវិនិច្ឆ័យ

កាលពីមុន គ្រូពេទ្យធ្លាប់ធ្វើការពិនិត្យលើចំណុចជាក់លាក់ចំនួន ១៨ នៅលើរាងកាយរបស់មនុស្សម្នាក់ ដើម្បីកំណត់ចំនួនចំណុចដែលមានការឈឺចាប់នៅពេលសង្កត់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ គោលការណ៍ណែនាំថ្មីៗរបស់មហាវិទ្យាល័យផ្នែករោគសន្លាក់អាមេរិក (American College of Rheumatology) មិនតម្រូវឱ្យមានការពិនិត្យចំណុចឈឺចុកចាប់ (tender point exam) ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺហ្វាយប្រូម៉ាយអាលជៀ (Fibromyalgia – ជំងឺឈឺសាច់ដុំនិងទន់ដៃជើងរ៉ាំរ៉ៃ) នោះទេ។ ផ្ទុយទៅវិញ លក្ខខណ្ឌចម្បងសម្រាប់ការធ្វើរោគវិនិច្ឆ័យ គឺវត្តមាននៃការឈឺចាប់រាលដាលពាសពេញរាងកាយក្នុងរយៈពេលយ៉ាងតិចបីខែ។

អ្នកត្រូវតែមានអារម្មណ៍ឈឺចាប់ក្នុងចំណោមតំបន់ ៤ ឬច្រើនជាងនេះ ក្នុងចំណោមតំបន់ទាំង ៥ ខាងក្រោម ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវ៖

  • តំបន់ខាងលើផ្នែកខាងឆ្វេង៖ រួមមានស្មា ដៃ ឬថ្គាម
  • តំបន់ខាងលើផ្នែកខាងស្តាំ៖ រួមមានស្មា ដៃ ឬថ្គាម
  • តំបន់ខាងក្រោមផ្នែកខាងឆ្វេង៖ រួមមានត្រគាក កំប៉េះគូទ ឬជើង
  • តំបន់ខាងក្រោមផ្នែកខាងស្តាំ៖ រួមមានត្រគាក កំប៉េះគូទ ឬជើង
  • តំបន់អ័ក្សកណ្តាល (Axial region)៖ ដែលរួមមានក ខ្នង ទ្រូង ឬពោះ

ការធ្វើតេស្ត

គ្រូពេទ្យរបស់អ្នកប្រហែលជាចង់ពិនិត្យដើម្បីទាត់ចោលនូវជំងឺផ្សេងៗទៀតដែលអាចមានរោគសញ្ញាដូចគ្នានេះ។ ការធ្វើតេស្តឈាមអាចរួមមាន៖

  • វីតាមីន ដេ (Vitamin D)
  • ការធ្វើតេស្តរកជំងឺសេលីអាក់ (Celiac serology)
  • ការធ្វើតេស្តមុខងារក្រពេញទីរ៉ូអ៊ីត (Thyroid function tests)
  • ការពិនិត្យគ្រាប់ឈាមពេញលេញ (Complete blood count)
  • កត្តារ៉ឺម៉ាទីស (Rheumatoid factor)
  • អត្រាដកបង្គំគ្រាប់ឈាមក្រហម (Erythrocyte sedimentation rate)
  • ការធ្វើតេស្ត Cyclic citrullinated peptide
  • អង់ទីគ័រប្រឆាំងញូវគ្លេអ៊ែរ (Anti-nuclear antibody)

គ្រូពេទ្យរបស់អ្នកអាចណែនាំឱ្យធ្វើការសិក្សាពីការគេងពេញមួយយប់ (overnight sleep study) ប្រសិនបើមានហានិភ័យថាអ្នកអាចមានជំងឺឈប់ដកដង្ហើមពេលគេង (sleep apnea)។

ការព្យាបាល

ការព្យាបាលជំងឺហ្វាយប្រូម៉ាយអាលជៀ ជាទូទៅរួមបញ្ចូលគ្នារវាងការប្រើប្រាស់ថ្នាំ និងបច្ចេកទេសថែទាំខ្លួនឯង។ ការផ្តោតសំខាន់គឺទៅលើការកាត់បន្ថយរោគសញ្ញា និងការលើកកម្ពស់សុខភាពទូទៅ។ ទោះបីជាគ្មានវិធីព្យាបាលតែមួយណាអាចព្យាបាលរោគសញ្ញាទាំងអស់បានក៏ដោយ ការប្រើប្រាស់វិធីសាស្ត្រជាច្រើនរួមគ្នាអាចជួយបានក្នុងរយៈពេលវែង។

ឱសថ

ថ្នាំពេទ្យអាចជួយសម្រាលការឈឺចាប់ពីជំងឺហ្វាយប្រូម៉ាយអាលជៀ និងជួយឱ្យការគេងលក់ស្រួលជាងមុន។ ជម្រើសទូទៅមានដូចជា៖

  • ថ្នាំបំបាត់ការឈឺចាប់៖ ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា ដូចជា Acetaminophen, Ibuprofen ឬ Naproxen sodium អាចមានប្រយោជន៍។ ថ្នាំក្នុងក្រុមអូភីអូអ៊ីត (Opioid) មិនត្រូវបានណែនាំនោះទេ ព្រោះវាអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ការញៀនថ្នាំ ហើយយូរៗទៅនឹងធ្វើឱ្យការឈឺចាប់កាន់តែធ្ងន់ធ្ងរឡើង
  • ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត (Antidepressants)៖ ថ្នាំ Milnacipran ផ្សំជាមួយ Duloxetine អាចកាត់បន្ថយការអស់កម្លាំង និងការឈឺចាប់ដែលទាក់ទងនឹងជំងឺហ្វាយប្រូម៉ាយអាលជៀ។ ដើម្បីជួយសម្រួលដល់ការគេង គ្រូពេទ្យរបស់អ្នកអាចណែនាំថ្នាំ Amitriptyline ឬថ្នាំបន្ធូរសាច់ដុំ Cyclobenzaprine
  • ថ្នាំប្រឆាំងការប្រកាច់ (Anti-seizure drugs)៖ ការឈឺចាប់ប្រភេទមួយចំនួនជារឿយៗអាចកាត់បន្ថយបានតាមរយៈការប្រើប្រាស់ថ្នាំដែលប្រើសម្រាប់ព្យាបាលជំងឺឆ្កួតជ្រូក។ ថ្នាំ Pregabalin គឺជាថ្នាំដំបូងគេដែលទទួលបានការអនុញ្ញាតពី រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដើម្បីព្យាបាលរោគសញ្ញាជំងឺហ្វាយប្រូម៉ាយអាលជៀ ខណៈពេលដែលថ្នាំ Gabapentin ជួនកាលមានប្រសិទ្ធភាពក្នុងការសម្រាលរោគសញ្ញានៃជំងឺនេះ

ការព្យាបាលដោយចលនានិងវិធីសាស្ត្រផ្សេងៗ

មានការព្យាបាលជាច្រើនដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដែលជំងឺហ្វាយប្រូម៉ាយអាលជៀ មានចំពោះរាងកាយ និងជីវិតរបស់អ្នក។ ឧទាហរណ៍រួមមាន៖

  • ការព្យាបាលដោយចលនា៖ ការហាត់ជាមួយអ្នកជំនាញព្យាបាលដោយចលនាអាចជួយអ្នកក្នុងការរៀនលំហាត់ប្រាណដែលអាចបង្កើនកម្លាំង ភាពបត់បែន និងការស៊ូទ្រាំរបស់អ្នក។ លំហាត់ប្រាណដែលធ្វើឡើងក្នុងទឹកអាចផ្តល់អត្ថប្រយោជន៍ជាពិសេស
  • ការព្យាបាលដោយប្រើសកម្មភាពការងារ៖ ប្រសិនបើអ្នកកំពុងជួបប្រទះការហត់នឿយឬតានតឹងរាងកាយពីការងារ ឬកិច្ចការជាក់លាក់ណាមួយ អ្នកជំនាញការព្យាបាលដោយប្រើសកម្មភាពការងារអាចជួយអ្នកក្នុងការកែសម្រួលបរិយាកាសការងារ ឬផ្លាស់ប្តូររបៀបដែលអ្នកធ្វើកិច្ចការទាំងនោះ ដើម្បីកាត់បន្ថយសម្ពាធលើរាងកាយរបស់អ្នក
  • ការប្រឹក្សាយោបល់៖ ការនិយាយពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់អាចជួយបង្កើនទំនុកចិត្តលើខ្លួនឯង និងផ្តល់ឱ្យអ្នកនូវយន្តការដោះស្រាយ (coping mechanisms) សម្រាប់ស្ថានភាពលំបាកៗ

Doctors who treat this condition