ទិដ្ឋភាពទូទៅ

ជំងឺរលាកបំពង់អាហារ (Esophagitis) គឺជាការរលាកនៃបំពង់អាហារ ដែលជាបំពង់សាច់ដុំសម្រាប់បញ្ជូនអាហារពីមាត់ទៅកាន់ក្រពះ

រោគសញ្ញានៃជំងឺរលាកបំពង់អាហារអាចរួមមាន អារម្មណ៍ឈឺចាប់ ក្រហាយ ឈឺទ្រូង និងពិបាកលេបអាហារ។ វាអាចបណ្តាលមកពីកត្តាជាច្រើន រួមមានការច្រាលទឹកអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារ ការឆ្លងមេរោគ ការប្រើប្រាស់ថ្នាំគ្រាប់ និងប្រតិកម្មអាឡែហ្ស៊ីជាដើម

ខាងក្រោមនេះគឺជាប្រភេទផ្សេងៗនៃជំងឺរលាកបំពង់អាហារ៖

  • ការរលាកបំពង់អាហារដោយសារការច្រាលអាស៊ីត (Reflux esophagitis): នៅពេលដែលជាតិអាស៊ីតពីក្រពះច្រាលត្រឡប់មកក្នុងបំពង់អាហារវិញ វាធ្វើឱ្យស្រទាប់ភ្នាសរំអិល (Mucosa) ដែលស្រោបបំពង់អាហារមានការរលាក និងរេចរឹល។ នេះគឺជាប្រភេទដែលកើតមានញឹកញាប់បំផុត។ វាអាចកើតឡើងប្រសិនបើអ្នកជំងឺមានអាការៈច្រាលអាស៊ីត ឬក្អួតញឹកញាប់

មូលហេតុ រួមមានជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD), ការច្រាលទឹកប្រមាត់ (Bile reflux) និងជំងឺផ្លូវចិត្តដែលបង្ខំខ្លួនឯងឱ្យក្អួតក្រោយញ៉ាំអាហាររួច (Bulimia nervosa)

  • ការរលាកបំពង់អាហារប្រភេទ Eosinophilic (Eosinophilic esophagitis): នេះគឺជាប្រភេទនៃប្រតិកម្មអាឡែហ្ស៊ីរបស់ប្រព័ន្ធភាពស៊ាំ ដែលប្រព័ន្ធភាពស៊ាំឆ្លើយតបខ្លាំងពេកដោយការបញ្ចេញកោសិកាគ្រាប់ឈាមសប្រភេទ Eosinophils យ៉ាងច្រើនលើសលប់ដើម្បីប្រឆាំងនឹងអ្វីដែលវាចាត់ទុកថាជាការគំរាមកំហែង (ដូចជាមេរោគ ឬអាឡែហ្ស៊ី)។ ទោះបីជាការគំរាមកំហែងនោះរលាយបាត់ទៅហើយក្តី ក៏កោសិកាទាំងនេះនៅតែបន្តកកកុញក្នុងបំពង់អាហារ ដែលបណ្តាលឱ្យមានការរលាករ៉ាំរ៉ៃ។ ស្ថានភាពនេះច្រើនកើតលើអ្នកដែលមានអាឡែហ្ស៊ីផ្សេងៗ
  • ការរលាកបំពង់អាហារបង្កដោយថ្នាំ (Drug-induced esophagitis)​​: វាអាចកើតឡើងនៅពេលដែលថ្នាំគ្រាប់ប៉ះផ្ទាល់ជាមួយស្រទាប់បំពង់អាហារក្នុងរយៈពេលយូរ បណ្តាលឱ្យខូចខាតជាលិកា។ រឿងនេះកើតឡើងនៅពេលដែលអ្នកជំងឺលេបថ្នាំដោយប្រើទឹកមិនគ្រប់គ្រាន់ ឬលេបមិនបានល្អ ដែលធ្វើឱ្យកម្ទេចថ្នាំ ឬគ្រាប់ថ្នាំជាប់នៅក្នុងបំពង់អាហារ។

ឧទាហរណ៍៖ ថ្នាំបំបាត់ការឈឺចាប់ (NSAIDs), ថ្នាំអាសេតាមីណូហ្វែន (Acetaminophen), ថ្នាំផ្សះ (Antibiotics), ប៉ូតាស្យូមក្លរួ (Potassium chloride) និងថ្នាំគីមីព្យាបាលមហារីក

  • ការរលាកបំពង់អាហារដោយសារការឆ្លងមេរោគ (Infectious esophagitis): ការឆ្លងមេរោគក្នុងបំពង់អាហារមិនសូវកើតមានឡើយ លុះត្រាតែបុគ្គលនោះមានប្រព័ន្ធភាពស៊ាំខ្សោយ។ ជាទូទៅ ការឆ្លងមេរោគរីករាលដាលចេញពីផ្នែកផ្សេងៗនៃរាងកាយចូលមកបំពង់អាហារ ដែលភាគច្រើនបង្កឡើងដោយវីរុស និងផ្សិត
  • ការរលាកបំពង់អាហារប្រភេទ Lymphocytic (Lymphocytic esophagitis): ក្នុងករណីនេះ កោសិកាគ្រាប់ឈាមសប្រភេទ Lymphocytes កើនឡើងនៅក្នុងស្រទាប់បំពង់អាហារ។ វាអាចមានទំនាក់ទំនងជាមួយជំងឺច្រាលអាស៊ីត (GERD) ឬការរលាកបំពង់អាហារប្រភេទ Eosinophilic
  • ការរលាកបំពង់អាហារដោយសារជំងឺអូតូអ៊ុយមីន (Autoimmune esophagitis): ក្រៅពីប្រភេទ Eosinophilic ជំងឺអូតូអ៊ុយមីន (ប្រព័ន្ធភាពស៊ាំវាយប្រហារខ្លួនឯង) មួយចំនួនទៀតក៏អាចបង្កឱ្យមានផលវិបាកជាការរលាកបំពង់អាហារផងដែរ ដូចជាជំងឺ Behçet, ជំងឺរលាកពោះវៀន (IBD) និងជំងឺបដិសេធសរីរាង្គប្តូរ (Graft vs host disease)
  • ការរលាកបំពង់អាហារដោយសារវិទ្យុសកម្ម (Radiation esophagitis): វាគឺជាការរលាកភ្នាសរំអិលបំពង់អាហារ ដែលបណ្តាលមកពីការព្យាបាលដោយកាំរស្មីតម្រង់ទៅលើបំពង់អាហារ តំបន់ទ្រូង ឬបំពង់ក

វិធីសាស្រ្តព្យាបាលគឺអាស្រ័យលើមូលហេតុបង្ក និងកម្រិតនៃការខូចខាតជាលិកា។ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវទេ វាអាចប៉ះពាល់ដល់សមត្ថភាពបញ្ជូនអាហារ និងភេសជ្ជៈទៅកាន់ក្រពះ។ លើសពីនេះ វាអាចនាំឱ្យមានផលវិបាកដូចជា បំពង់អាហារឡើងស្លាកស្នាម ឬរួមតូច ការស្រកទម្ងន់ដោយមិនដឹងមូលហេតុ និងការខ្វះជាតិទឹក។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស។

រោគសញ្ញា

ខាងក្រោមនេះគឺជាសញ្ញា និងរោគសញ្ញាទូទៅនៃជំងឺរលាកបំពង់អាហារ (Esophagitis)៖

  • ពិបាកលេប ឬឈឺចាប់ពេលលេប
  • ក្រហាយទ្រូង
  • អាហារជាប់ក្នុងបំពង់អាហារ (ជាស្ថានភាពដែលអាហារដែលលេបទៅហើយ ទៅទាក់ជាប់នៅក្នុងបំពង់អាហារ)
  • ឈឺទ្រូង
  • ច្រាលទឹកអាស៊ីត ឬច្រាលអាហារ
  • ចង្អោរ និងក្អួត
  • មានឈាមក្នុងក្អួត
  • ដំបៅមាត់
  • បញ្ហាក្នុងការញ៉ាំអាហារចំពោះកុមារ
  • ឈឺទ្រូង ឬឈឺពោះចំពោះកុមារ

រោគសញ្ញានៃជំងឺរលាកបំពង់អាហារភាគច្រើន អាចបណ្តាលមកពីបញ្ហារំលាយអាហារផ្សេងៗគ្នា។ វាជារឿងសំខាន់បំផុតដែលត្រូវស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាដែលអូសបន្លាយលើសពីពីរបីថ្ងៃ, មិនធូរស្រាលក្រោយប្រើថ្នាំបន្សាបអាស៊ីត (Antacids), ធ្វើឱ្យពិបាកក្នុងការទទួលទានអាហារ ឬមានរោគសញ្ញាដូចជាគ្រុនផ្តាសាយ (ឈឺក្បាល ក្តៅខ្លួន និងឈឺសាច់ដុំ)។ ដូចគ្នាដែរ ប្រសិនបើអ្នកស្រកទម្ងន់ដោយមិនដឹងមូលហេតុ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់

លើសពីនេះ ប្រសិនបើអ្នកមានអាការៈឈឺទ្រូងលើសពីពីរបីនាទី ឬពិបាកដកដង្ហើមបន្ទាប់ពីញ៉ាំអាហាររួច អ្នកចាំបាច់ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។ ការកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃរោគសញ្ញាទាំងនេះ និងការស្វែងរកការថែទាំវេជ្ជសាស្ត្រទាន់ពេលវេលា គឺមានសារៈសំខាន់ណាស់សម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឱ្យបានត្រឹមត្រូវ

​​ មូលហេតុ

ការរលាកជាលិកាបំពង់អាហារអាចកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកធ្វើការដើម្បីប្រឆាំងនឹងការឆ្លងមេរោគ, ក្នុងអំឡុងពេលមានប្រតិកម្មអាឡែហ្ស៊ី ឬជាលទ្ធផលនៃការខូចខាតដែលបណ្តាលមកពីសារធាតុច្រេះ

  • ការច្រាលទឹកអាស៊ីត ដូចជាជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD)
  • អាឡែហ្ស៊ីជាមួយអាហារ លំអងផ្កា ឬខ្យល់អាកាស
  • ការឆ្លងមេរោគ មិនថាជាបាក់តេរី វីរុស ឬពពួកផ្សិត
  • ឱសថមួយចំនួន ដូចជាថ្នាំបំបាត់ការឈឺចាប់, ថ្នាំផ្សះ (Antibiotics), ប៉ូតាស្យូមក្លរួ (Potassium chloride) និងថ្នាំ គីនីឌីន (Quinidine – ថ្នាំសម្រាប់បញ្ហាបេះដូង)
  • ការព្យាបាលដោយកាំរស្មី
  • ជំងឺអូតូអ៊ុយមីន

កត្តាហានិភ័យ

ប្រភេទផ្សេងៗនៃស្ថានភាពជំងឺនេះ អាចជះឥទ្ធិពលដល់កត្តាហានិភ័យនៃជំងឺរលាកបំពង់អាហារ៖

  • ការរលាកបំពង់អាហារដោយសារការច្រាល (Reflux esophagitis): ខាងក្រោមនេះគឺជាកត្តាហានិភ័យនៃជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD) ដែលជាកត្តាហានិភ័យនៃរលាកបំពង់អាហារផងដែរ៖
    • ការញ៉ាំអាហារភ្លាមៗមុនពេលចូលគេង
    • ការញ៉ាំអាហារក្នុងបរិមាណច្រើន និងអាហារដែលមានជាតិខ្លាញ់ខ្ពស់
    • ការជក់បារី
    • ការលើសទម្ងន់ រួមទាំងការមានផ្ទៃពោះផងដែរ
    • អាហារដូចជា អាហារមានជាតិខ្លាញ់, សូកូឡា, កាហ្វេអុីន, គ្រឿងស្រវឹង និងជីអង្កាម (Peppermint) អាចធ្វើឱ្យរោគសញ្ញាកាន់តែអាក្រក់ទៅៗ
  • ការរលាកបំពង់អាហារដោយសារប្រតិកម្មអាឡែហ្ស៊ី (Eosinophilic esophagitis): កត្តាហានិភ័យអាចរួមមាន៖
    • ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ
    • ប្រវត្តិមានប្រតិកម្មអាឡែហ្ស៊ី រួមមាន ហឺត, រលាកស្បែក (Atopic dermatitis) និងរលាកច្រមុះដោយសារអាឡែហ្ស៊ី
  • ការរលាកបំពង់អាហារបណ្តាលមកពីថ្នាំ (Drug-induced esophagitis): កត្តាហានិភ័យជាទូទៅពាក់ព័ន្ធនឹងលក្ខខណ្ឌដែលរារាំងការឆ្លងកាត់នៃគ្រាប់ថ្នាំទៅក្នុងក្រពះបានឆាប់រហ័ស រួមមាន៖
    • ការលេបថ្នាំដោយមិនប្រើទឹក ឬប្រើទឹកតិចតួច
    • វ័យជរា ដែលអាចមកពីការផ្លាស់ប្តូរសាច់ដុំបំពង់អាហារ ឬការថយចុះនៃទឹកមាត់
    • ថ្នាំដែលមានរូបរាង ឬទំហំខុសប្លែកពីធម្មតា
    • ការលេបថ្នាំពេលកំពុងដេក
    • ការប្រើប្រាស់ថ្នាំភ្លាមៗមុនពេលចូលគេង ដែលអាចមកពីមនុស្សយើងមាននិន្នាការលេបទឹកមាត់តិច និងផលិតទឹកមាត់តិចនៅពេលគេង
  • ការរលាកបំពង់អាហារដោយសារការឆ្លងមេរោគ (Infectious esophagitis): ថ្នាំដូចជាពពួកស្តេរ៉ូអ៊ីត ឬថ្នាំផ្សះ ជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាហានិភ័យនៃប្រភេទនេះ។ ជំងឺទឹកនោមផ្អើមក៏បង្កើនហានិភ័យនៃការឆ្លងមេរោគមួយចំនួនផងដែរ ជាពិសេសការឆ្លងមេរោគផ្សិត (Candida)

ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ ក៏អាចជាកត្តាមួយផ្សេងទៀត ដូចជាជំងឺអេដស៍ (AIDS/HIV) ឬមហារីកមួយចំនួន។ លើសពីនេះ ការព្យាបាលមហារីកមួយចំនួន និងថ្នាំពពួកពង្រាបប្រព័ន្ធភាពស៊ាំ (Immunosuppressants) ក៏អាចបង្កើនហានិភ័យនៃការឆ្លងមេរោគរលាកបំពង់អាហារផងដែរ

ការធ្វើរោគវិនិច្ឆ័យ

វត្តមាននៃជំងឺរលាកបំពង់អាហារ អាចត្រូវបានកំណត់តាមរយៈការធ្វើតេស្តរោគវិនិច្ឆ័យដូចខាងក្រោម៖

  • ការពិនិត្យរាងកាយ៖ ជាញឹកញាប់ គ្រូពេទ្យធ្វើរោគវិនិច្ឆ័យលើការរលាកបំពង់អាហារដោយផ្អែកលើរោគសញ្ញាទូទៅ។ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាព គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបន្សាបអាស៊ីត និងតាមដានលទ្ធផល។ ប្រសិនបើរោគសញ្ញាមានភាពធូរស្រាល នោះគេអាចសន្និដ្ឋានបានថា បុគ្គលនោះមានជំងឺរលាកបំពង់អាហារដោយសារការច្រាល (Reflux esophagitis)
  • ការថតកាំរស្មីអ៊ិចបារ្យ៉ូម (Barium X-ray): អ្នកជំងឺនឹងត្រូវលេបទឹកថ្នាំ ឬគ្រាប់ថ្នាំដែលមានសារធាតុបារ្យ៉ូម។ សារធាតុនេះនឹងទៅស្រោបភ្នាសក្រពះ និងបំពង់អាហារ ដែលធ្វើឱ្យសរីរាង្គទាំងនេះមើលឃើញច្បាស់ក្នុងរូបភាព។ រូបភាពទាំងនេះអាចជួយឱ្យគ្រូពេទ្យពិនិត្យឃើញនូវការរួមតូចនៃបំពង់អាហារ, ការប្រែប្រួលទម្រង់ផ្សេងៗ, បញ្ហាចំហរទ្វារក្រពះ (Hiatal hernia), ដុំសាច់ ឬភាពមិនប្រក្រតីផ្សេងទៀតដែលបង្កឱ្យមានរោគសញ្ញា
  • ការឆ្លុះបំពង់អាហារ (Endoscopy): ក្នុងដំណើរការនេះ ទុយោស្តើងវែងដែលមានកាមេរ៉ាតូចមួយនៅខាងចុង នឹងត្រូវដាក់បញ្ចូលតាមបំពង់កចូលទៅក្នុងបំពង់អាហារ។ ឧបករណ៍នេះហៅថា ឧបករណ៍ឆ្លុះ (Endoscope)។ គ្រូពេទ្យអាចពិនិត្យបំពង់អាហារដើម្បីស្វែងរកភាពមិនប្រក្រតីណាមួយ។ ស្ថានភាពបំពង់អាហារអាចបង្ហាញលក្ខណៈខុសៗគ្នា អាស្រ័យលើមូលហេតុបង្កនៃការរលាក ដូចជាដោយសារការប្រើប្រាស់ថ្នាំ ឬការច្រាលទឹកអាស៊ីត។ ការពិនិត្យនេះនឹងត្រូវធ្វើឡើងក្នុងពេលដែលអ្នកជំងឺត្រូវបានដាក់ថ្នាំសណ្តំ
  • ការប្រើឧបករណ៍ស្ពោង (Esophageal sponge): គឺជាវិធីសាស្ត្រមួយសម្រាប់វាយតម្លៃកម្រិតនៃការរលាកក្នុងបំពង់អាហារ ដោយមិនចាំបាច់ប្រើការឆ្លុះ។ វាប្រើប្រាស់គ្រាប់ថ្នាំម្យ៉ាងដែលមានភ្ជាប់ជាមួយខ្សែ។ អ្នកជំងឺត្រូវលេបគ្រាប់ថ្នាំនោះ ហើយវានឹងរលាយក្នុងក្រពះ។ បន្ទាប់មក គ្រូពេទ្យនឹងទាញខ្សែនោះមកវិញ ដើម្បីយកស្ពោង (Sponge) ដែលបានប្រមូលយកជាលិកាបំពង់អាហារក្នុងពេលទាញចេញ។ បច្ចេកទេសនេះអនុញ្ញាតឱ្យគ្រូពេទ្យវាយតម្លៃកម្រិតនៃការរលាកបំពង់អាហារបាន
  • ការធ្វើតេស្តមន្ទីរពិសោធន៍៖ ក្នុងកំឡុងពេលឆ្លុះ គ្រូពេទ្យអាចដកយកជាលិកាតូចៗ ដើម្បីផ្ញើទៅមន្ទីរពិសោធន៍ដើម្បីវិភាគ ដែលហៅថាការកាត់សាច់យកទៅពិនិត្យធ្វើកោសល្យវិច័យ។ តេស្តទាំងនេះអាចប្រើដើម្បីវិនិច្ឆ័យការឆ្លុះមេរោគបាក់តេរី, វីរុស ឬផ្សិត និងកំណត់កម្រិតកោសិកាឈាមស (Eosinophils) ដែលពាក់ព័ន្ធនឹងអាឡែហ្ស៊ី អាស្រ័យលើមូលហេតុដែលសង្ស័យ

ការធ្វើតេស្តអាចត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យការឆ្លងមេរោគបាក់តេរី វីរុស ឬផ្សិត និងកំណត់កំហាប់នៃអ៊ីអូស៊ីណូហ្វីល ឬកោសិកាឈាមសដែលទាក់ទងនឹងអាឡែស៊ី អាស្រ័យលើមូលហេតុមូលដ្ឋានដែលអាចកើតមាននៃស្ថានភាពនេះ។

ការព្យាបាល

គោលដៅចម្បងនៃការព្យាបាលជំងឺរលាកបំពង់អាហារ គឺដើម្បីគ្រប់គ្រងផលវិបាក បន្ធូរបន្ថយរោគសញ្ញា និងដោះស្រាយមូលហេតុបង្កនៃជំងឺ។ ផែនការព្យាបាលមានភាពខុសប្លែកគ្នាទៅតាមមូលហេតុឫសគល់នៃស្ថានភាពជំងឺ៖

  • ការផ្លាស់ប្តូររបៀបរស់នៅ៖ កែសម្រួលរបបអាហារដោយកំណត់ប្រភេទអាហារ និងភេសជ្ជៈដែលបង្កឱ្យមានការច្រាលទឹកអាស៊ីត មិនរំលាយអាហារ ឬបង្កឱ្យមានប្រតិកម្មអាឡែហ្ស៊ី
  • ទម្លាប់ពេលល្ងាច៖ ញ៉ាំអាហារក្នុងបរិមាណតិច ជាពិសេសអាហារពេលល្ងាច ដើម្បីកាត់បន្ថយការច្រាលទឹកអាស៊ីត។ ត្រូវប្រាកដថាបានញ៉ាំអាហារយ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចូលគេង ដើម្បីឱ្យអាហារមានពេលរំលាយ
  • ការថែទាំខ្លួនឯង៖ អ្នកជំងឺត្រូវបានណែនាំឱ្យឈប់ជក់បារី និងឈប់ពិសាគ្រឿងស្រវឹង ដើម្បីការពារបំពង់អាហារ
  • ការរលាកបំពង់អាហារដោយសារការច្រាល (Reflux esophagitis) ជម្រើសនៃការព្យាបាលរួមមាន៖
    • ថ្នាំដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា៖ ថ្នាំបន្សាបអាស៊ីត (Antacids), ថ្នាំពពួក H-2-receptor blockers (ដូចជា cimetidine) និងថ្នាំពពួក Proton pump inhibitors ដែលជួយបញ្ឈប់ការផលិតអាស៊ីត និងព្យាបាលបំពង់អាហារ រួមមាន omeprazole និង lansoprazole
    • ថ្នាំតាមវេជ្ជបញ្ជា៖ រួមមានថ្នាំពពួក Proton pump inhibitors និង H-2 receptor blockers កម្រិតខ្ពស់ដែលចេញដោយគ្រូពេទ្យ
    • ការវះកាត់ Fundoplication៖ ប្រសិនបើការព្យាបាលខាងលើមិនជោគជ័យ ការវះកាត់ប្រភេទនេះអាចនឹងត្រូវធ្វើឡើង។ ក្នុងការវះកាត់នេះ ផ្នែកមួយនៃក្រពះនឹងត្រូវយកមកដេររុំជុំវិញសាច់ដុំព្រី (Sphincter) ផ្នែកខាងក្រោមនៃបំពង់អាហារ ដើម្បីពង្រឹងសាច់ដុំនេះ និងការពារកុំឱ្យអាស៊ីតច្រាលត្រឡប់មកវិញ
    • វិធីសាស្ត្រ LINX៖ ជាប្រតិបត្តិការវះកាត់ថ្មីមួយ ដោយការដាក់រង្វង់នៃគ្រាប់ទីតាញ៉ូមម៉ាញេទិកតូចៗជុំវិញសាច់ដុំព្រីបំពង់អាហារផ្នែកខាងក្រោម ដើម្បីទប់ស្កាត់ការច្រាលទឹកអាស៊ីត
  • ការរលាកបំពង់អាហារដោយសារប្រតិកម្មអាឡែហ្ស៊ី (Eosinophilic esophagitis) ការព្យាបាលគឺធ្វើឡើងដោយការចៀសវាងសារធាតុបង្កអាឡែហ្ស៊ី និងប្រើប្រាស់ថ្នាំដើម្បីកាត់បន្ថយប្រតិកម្ម៖
    • ថ្នាំពពួក Proton pump inhibitors៖ គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើថ្នាំដូចជា esomeprazole, lansoprazole, omeprazole ឬ pantoprazole ជាជំហានដំបូង
    • ថ្នាំស្តេរ៉ូអ៊ីត (Steroids)៖ តាមរយៈការស្រាវជ្រាវ ការលេបថ្នាំស្តេរ៉ូអ៊ីត (ដូចជា fluticasone និង budesonide) អាចជួយព្យាបាលជាលិកាលើផ្ទៃបំពង់អាហារបាន។ ថ្នាំស្តេរ៉ូអ៊ីតដែលប្រើសម្រាប់ហឺត ត្រូវបានយកមកប្រើជាទម្រង់ទឹកសម្រាប់លេប ដើម្បីព្យាបាលជំងឺប្រភេទនេះ
    • របបអាហារបែបកាត់បន្ថយ (Elimination and elemental diets)៖ ដោយសារជំងឺនេះច្រើនតែបណ្តាលមកពីអាឡែហ្ស៊ីអាហារ ការផ្អាកញ៉ាំអាហារដែលបង្កបញ្ហាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព។ គ្រូពេទ្យអាចណែនាំឱ្យផ្អាកអាហារដែលងាយបង្កអាឡែហ្ស៊ី ហើយសាកល្បងញ៉ាំវាម្តងមួយៗឡើងវិញ ដើម្បីតាមដានរោគសញ្ញា
    • ថ្នាំ Monoclonal antibodies៖ ថ្នាំ Dupilumab ត្រូវបានអនុម័តដោយ FDA សម្រាប់ព្យាបាលមនុស្សពេញវ័យ និងកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅ។ វាធ្វើការដោយការបញ្ឈប់រាងកាយមិនឱ្យផលិតប្រូតេអ៊ីនមួយចំនួនដែលបង្កឱ្យមានការរលាក។ ថ្នាំនេះត្រូវប្រើដោយការចាក់ម្តងក្នុងមួយសប្តាហ៍
  • ការរលាកបំពង់អាហារបណ្តាលមកពីថ្នាំ (Drug-induced esophagitis) ការព្យាបាលគឺត្រូវផ្អាកប្រើប្រាស់ថ្នាំដែលបង្កបញ្ហា និងកាត់បន្ថយហានិភ័យតាមរយៈការកែលម្អទម្លាប់នៃការលេបថ្នាំ៖
    • ប្រើប្រាស់ថ្នាំជាទម្រង់ទឹក (ប្រសិនបើអាច)
    • ញ៉ាំទឹកមួយកែវពេញជាមួយថ្នាំ (លើកលែងតែមានការណែនាំផ្សេងពីគ្រូពេទ្យ)
    • ចៀសវាងការដេកភ្លាមៗក្រោយលេបថ្នាំ ត្រូវរក្សាឥរិយាបថអង្គុយ ឬឈរឱ្យត្រង់យ៉ាងហោចណាស់ ៣០ នាទីក្រោយលេបថ្នាំរួច
  • ការរលាកបំពង់អាហារដោយសារការឆ្លងមេរោគ (Infectious esophagitis) គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាប្រើប្រាស់ថ្នាំទៅតាមប្រភេទមេរោគដែលបង្ក មិនថាជាបាក់តេរី វីរុស ផ្សិត ឬប៉ារ៉ាស៊ីត
  • ការព្យាបាលផលវិបាកផ្សេងៗ គ្រូពេទ្យឯកទេសផ្នែកក្រពះពោះវៀនអាចនឹងធ្វើការវះកាត់ពង្រីកបំពង់អាហារ (Esophageal dilation)។ ជាទូទៅ ការព្យាបាលនេះតម្រូវធ្វើឡើងតែក្នុងករណីមានការរួមតូចខ្លាំង ឬមានអាហារជាប់គាំងនៅក្នុងបំពង់អាហារតែប៉ុណ្ណោះ

Doctors who treat this condition