ទិដ្ឋភាពទូទៅ

ជំងឺអេប៉ង់ឌីម៉ូម៉ា (Ependymoma) គឺជាប្រភេទដុំសាច់ម្យ៉ាងដែលកកើតឡើងនៅក្នុងខួរក្បាល ឬខួរឆ្អឹងខ្នង។ វាគឺជាប្រភេទដុំសាច់បឋមនៃប្រព័ន្ធសរសៃប្រសាទកណ្តាល។ ជំងឺអេប៉ង់ឌីម៉ូម៉ាចាប់ផ្តើមកកើតចេញពីកោសិកា ependymal ដែលស្ថិតនៅតាមបណ្តោយផ្លូវក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ជាកន្លែងដែលទឹកខួរក្បាល (cerebrospinal fluid) ហូរឆ្លងកាត់។ ជំងឺអេប៉ង់ឌីម៉ូម៉ាគឺជាទម្រង់មួយនៃជំងឺគីសខួរក្បាល (glioma) ដែលមានន័យថាវាចាប់ផ្តើមកកើតក្នុងកោសិកា glial។ កោសិកា glial នេះមានតួនាទីជួយទ្រទ្រង់ដល់ណឺរ៉ូនរបស់ខួរក្បាល និងខួរឆ្អឹងខ្នង។ ជាទូទៅ ដុំសាច់ប្រភេទនេះមិនរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយឡើយ ហើយវាលូតលាស់យឺតៗ។

ទោះបីជាវាអាចកើតឡើងលើមនុស្សគ្រប់រូបក៏ដោយ ប៉ុន្តែជំងឺអេប៉ង់ឌីម៉ូម៉ាកើតលើកុមារតូចៗជាញឹកញាប់បំផុត។ ចំពោះកុមារ ជំងឺនេះអាចបង្កឱ្យមានការឈឺក្បាល និងការប្រកាច់។ ចំពោះមនុស្សពេញវ័យ ជំងឺនេះច្រើនតែកើតឡើងនៅខួរឆ្អឹងខ្នង ដែលអាចបណ្តាលឱ្យមានភាពទន់ខ្សោយនៅផ្នែកណាមួយនៃរាងកាយ ដែលគ្រប់គ្រងដោយសរសៃប្រសាទដែលរងផលប៉ះពាល់ដោយដុំសាច់នោះ។

គ្រូពេទ្យបែងចែកកម្រិតជំងឺអេប៉ង់ឌីម៉ូម៉ាជាដំណាក់កាលពី ១ ដល់ ៣ ដោយកម្រិតទី ១ លូតលាស់យឺតបំផុត និងកម្រិតទី ៣ លូតលាស់លឿនបំផុត។ ជំងឺអេប៉ង់ឌីម៉ូម៉ាមានច្រើនប្រភេទ រួមមាន៖

  • Subependymoma (កម្រិត ១)៖ លូតលាស់នៅជិតថតខួរក្បាល (ventricles) ដែលមានផ្ទុកទឹកខួរក្បាល។ មនុស្សពេញវ័យមានហានិភ័យកើតច្រើនជាងកុមារ
  • Myxopapillary ependymoma (កម្រិត ១)៖ កើតឡើងញឹកញាប់ចំពោះបុរសពេញវ័យ ហើយលូតលាស់នៅផ្នែកខាងក្រោមនៃខួរឆ្អឹងខ្នង
  • Classic ependymoma (កម្រិត ២)៖ ជាប្រភេទដែលជួបប្រទះញឹកញាប់បំផុត ដែលអាចកើតមានទាំងលើកុមារ និងមនុស្សពេញវ័យ
  • Anaplastic ependymoma (កម្រិត ៣)៖ ជារឿយៗកកើតឡើងនៅជិតផ្នែកខាងក្រោមនៃខួរក្បាល និងរីករាលដាលទៅផ្នែកផ្សេងៗនៃខួរក្បាល។ ក្រោយការព្យាបាល ជំងឺមហារីកប្រភេទនេះច្រើនតែលេចឡើងមកវិញ (រើឡើងវិញ)

រោគសញ្ញា

ទីតាំង ទំហំ និងអាយុរបស់ដុំសាច់ សុទ្ធតែជះឥទ្ធិពលដល់រោគសញ្ញានៃជំងឺនេះ។ ចំពោះទារក ជំងឺអេប៉ង់ឌីម៉ូម៉ាអាចបណ្តាលឱ្យមាន៖

  • ក្បាលរីកធំខុសធម្មតា
  • មួម៉ៅ រករឿង
  • គេងមិនលក់ ឬអស់កម្លាំងខ្លាំង
  • ក្អួត

ចំពោះកុមារធំ និងមនុស្សពេញវ័យ រោគសញ្ញារួមមាន៖

  • ចង្អោរ និងក្អួត
  • ឈឺចាប់ត្រង់ក និងខ្នង
  • ស្រវាំងភ្នែក
  • បញ្ហាការរក្សាលំនឹង និងការដើរ
  • ឈឺក្បាល ឬវិលមុខ
  • មានបញ្ហាក្នុងការបត់ជើងតូច
  • ខ្សោយសាច់ដុំ
  • ស្ពឹកនៅដៃ ឬជើង
  • ការប្រកាច់

​​ មូលហេតុ

មូលហេតុពិតប្រាកដនៃជំងឺអេប៉ង់ឌីម៉ូម៉ានៅមិនទាន់ដឹងនៅឡើយទេ។ ជាទូទៅ ហ្សែនជាក់លាក់មួយចំនួនមានការប្រែប្រួល (mutate) នៅពេលមហារីកកកើតឡើង ប៉ុន្តែអ្នកជំនាញនៅមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យមានការប្រែប្រួលហ្សែននេះនៅឡើយទេ។ យោងតាមការស្រាវជ្រាវ អ្នកដែលមានជំងឺ Neurofibromatosis ប្រភេទទី ២ (NF2) មានហានិភ័យខ្ពស់ក្នុងការកើតជំងឺអេប៉ង់ឌីម៉ូម៉ា។

កត្តាហានិភ័យ

កុមារមានហានិភ័យកើតជំងឺអេប៉ង់ឌីម៉ូម៉ាខ្ពស់ជាងមនុស្សពេញវ័យ។ វាត្រូវបានគេចាត់ទុកជាប្រភេទដុំសាច់ខួរក្បាលដែលជួបប្រទះញឹកញាប់បំផុតលំដាប់ទី ៦ ចំពោះកុមារ។

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីកំណត់ទំហំ ទីតាំង និងកម្រិតនៃដុំសាច់ អ្នកជំងឺអាចនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត និងនីតិវិធីមួយចំនួនដូចជា៖

  • ការពិនិត្យប្រព័ន្ធសរសៃប្រសាទ៖ គ្រូពេទ្យនឹងសាកសួរអំពីសញ្ញា និងរោគសញ្ញារបស់កុមារ។ ពួកគេអាចនឹងវាយតម្លៃទៅលើការស្តាប់ លំនឹង ការសម្របសម្រួលសរីរាង្គ កម្លាំងសាច់ដុំ និងប្រតិកម្មស្វ័យប្រវត្តិ (reflexes)។ បញ្ហានៅក្នុងផ្នែកណាមួយក្នុងចំណោមផ្នែកទាំងនេះ អាចជាតម្រុយបង្ហាញថាផ្នែកណានៃខួរក្បាលដែលរងការខូចខាតដោយសារដុំសាច់
  • ការពិនិត្យដោយរូបភាពវេជ្ជសាស្ត្រ៖ គ្រូពេទ្យប្រើការថតរូបភាពដើម្បីកំណត់ទំហំ និងទីតាំងដុំសាច់។ ការថត MRI ជារឿយៗត្រូវបានប្រើរួមគ្នាជាមួយបច្ចេកទេស MRI ពិសេស ដូចជា magnetic resonance angiography (ការថតឆ្លុះសរសៃឈាម) ដើម្បីធ្វើរោគវិនិច្ឆ័យ។ នៅពេលសង្ស័យថាមានជំងឺអេប៉ង់ឌីម៉ូម៉ា ការថតរូបភាពគួរតែធ្វើឡើងទាំងខួរក្បាល និងខួរឆ្អឹងខ្នង ព្រោះដុំសាច់ប្រភេទនេះអាចកកើតឡើងនៅទីតាំងទាំងពីរ
  • ការបូមទឹកខួរឆ្អឹងខ្នង៖ ក្នុងនីតិវិធីនេះ គ្រូពេទ្យនឹងបញ្ចូលម្ជុលនៅចន្លោះឆ្អឹងកងខ្នងផ្នែកខាងក្រោម ដើម្បីបូមយកទឹកដែលនៅជុំវិញខួរឆ្អឹងខ្នង។ ទឹកនោះនឹងត្រូវយកទៅពិនិត្យរកមើលកោសិកាដុំសាច់ ឬភាពមិនប្រក្រតីផ្សេងៗ

ប្រសិនបើលទ្ធផលតេស្តបង្ហាញការសង្ស័យខ្ពស់ គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់ដើម្បីយកដុំសាច់ចេញ។ កោសិកាដុំសាច់ដែលយកចេញមក នឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីពិនិត្យបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់។

ការព្យាបាល

អ្នកជំនាញផ្នែកសុខាភិបាលអាចព្យាបាលជំងឺអេប៉ង់ឌីម៉ូម៉ាដោយប្រើវិធីសាស្ត្រដូចជា៖

  • ការវះកាត់៖ គ្រូពេទ្យវះកាត់ប្រព័ន្ធសរសៃប្រសាទនឹងព្យាយាមវះកាត់យកដុំសាច់ចេញឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ គោលដៅគឺយកដុំសាច់ចេញទាំងមូលដោយរក្សាជាលិកាល្អៗមិនឱ្យប៉ះពាល់ ប៉ុន្តែជួនកាលដុំសាច់ស្ថិតនៅជិតជាលិកាខួរក្បាល ឬសរសៃប្រសាទខ្នងដែលងាយរងគ្រោះពេក ដែលធ្វើឱ្យការវះកាត់មានគ្រោះថ្នាក់ខ្លាំង។ប្រសិនបើដុំសាច់ត្រូវបានយកចេញអស់ កុមារអាចនឹងមិនត្រូវការការព្យាបាលអ្វីបន្ថែមទៀតឡើយ

ប្រសិនបើនៅសល់ដុំសាច់ខ្លះ គ្រូពេទ្យអាចណែនាំឱ្យធ្វើការវះកាត់ម្តងទៀត ឬប្រើវិធីសាស្ត្រផ្សេងទៀតដូចជា ការព្យាបាលដោយកាំរស្មី ជាដើម

  • ការព្យាបាលដោយវិទ្យុសកម្ម៖ ប្រើកាំរស្មីដែលមានថាមពលខ្ពស់ ដូចជា កាំរស្មីអ៊ិច ឬប្រូតុងដើម្បីសម្លាប់កោសិកាមហារីក។ ក្នុងអំឡុងពេលនេះ អ្នកជំងឺនឹងគេងនៅលើគ្រែ ខណៈដែលម៉ាស៊ីនធ្វើចលនាជុំវិញខ្លួន និងបាញ់កាំរស្មីទៅកាន់ចំណុចជាក់លាក់ក្នុងខួរក្បាល
  • ការវះកាត់ដោយកាំរស្មី៖ តាមបច្ចេកទេស វាគឺជាទម្រង់នៃការព្យាបាលដោយកាំរស្មី (មិនមែនជាការវះកាត់ដោយកាំបិតឡើយ) ដែលផ្តោតកាំរស្មីជាច្រើនខ្សែទៅកាន់ទីតាំងជាក់លាក់ដើម្បីបំផ្លាញកោសិកាដុំសាច់។ វាត្រូវបានប្រើនៅពេលដែលដុំសាច់លេចឡើងម្តងទៀតក្រោយការវះកាត់ និងការព្យាបាលដោយកាំរស្មីធម្មតា
  • ការព្យាបាលដោយគីមី៖ ប្រើប្រាស់ថ្នាំដើម្បីសម្លាប់កោសិកាមហារីក។ ចំពោះជំងឺអេប៉ង់ឌីម៉ូម៉ា ភាគច្រើនការព្យាបាលដោយគីមីមិនសូវមានប្រសិទ្ធភាពខ្ពស់ឡើយ។ វាអាចនឹងត្រូវប្រើក្នុងករណីដែលដុំសាច់រីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ ឬប្រើក្នុងលក្ខណៈពិសោធន៍នៅពេលដែលដុំសាច់រើឡើងវិញ
  • ការព្យាបាលដោយភាពស៊ាំ៖ ប្រើប្រាស់ថ្នាំដើម្បីជំរុញប្រព័ន្ធភាពស៊ាំឱ្យប្រឆាំងនឹងមហារីក។ វិធីនេះមិនសូវប្រើញឹកញាប់ទេសម្រាប់ជំងឺអេប៉ង់ឌីម៉ូម៉ា លុះត្រាតែដុំសាច់រាលដាលដល់សរីរាង្គផ្សេងទៀត
  • ការព្យាបាលដោយថ្នាំគោលដៅ៖ ប្រើប្រាស់ថ្នាំ ឬសារធាតុគីមីដែលតម្រង់ទិសដៅផ្ទាល់ទៅលើកោសិកាមហារីក ដើម្បីសម្លាប់ ឬបញ្ឈប់ការលូតលាស់របស់វា។ វិធីនេះកម្រនឹងត្រូវបានប្រើសម្រាប់ព្យាបាលជំងឺអេប៉ង់ឌីម៉ូម៉ាណាស់

Doctors who treat this condition