ជំងឺស្រទាប់ស្បូនដុះខុសកន្លែង
ទិដ្ឋភាពទូទៅ
ជំងឺស្រទាប់ស្បូនដុះខុសកន្លែង (Endometriosis) គឺជាជំងឺមួយដែលប៉ះពាល់ដល់ស្ត្រីទូទាំងសកលលោក។ វាត្រូវបានកំណត់ដោយការកកើតនៃកោសិកាដែលស្រដៀងនឹងស្រទាប់ក្នុងស្បូន (endometrium) ដុះនៅខាងក្រៅស្បូន និងនៅតាមកន្លែងមិនត្រឹមត្រូវផ្សេងៗ ដូចជា បំពង់នាំស៊ុត (fallopian tube) ប្រហោងអាងត្រគាក ឬអូវែ។ ស្ថានភាពនេះអាចបង្កឱ្យមានការឈឺចាប់ខ្លាំង និងប៉ះពាល់ដល់សមត្ថភាពបង្កកំណើតរបស់ស្ត្រី។
ជំងឺនេះត្រូវបានបែងចែកចាប់ពីដំណាក់កាលទី ១ ដល់ដំណាក់កាលទី ៤ អាស្រ័យលើបរិមាណកោសិកាដែលកើតមាន និងកម្រិតនៃការរីករាលដាលរបស់វានៅក្នុងរាងកាយ។ កម្រិតធ្ងន់ធ្ងរនៃរោគសញ្ញាមិនមែនជាអ្នកកំណត់ដំណាក់កាលនៃជំងឺនោះទេ។
កោសិកាដែលស្រដៀងនឹងស្រទាប់ស្បូនទាំងនេះ វានឹងឡើងក្រាស់ រេចរឹល និងហូរឈាមទៅតាមវដ្តរដូវនីមួយៗ ដូចកោសិកាធម្មតាដែរ ប៉ុន្តែវាមិនអាចហូរចេញក្រៅរាងកាយបានទេ។ តំបន់អាងត្រគាក និងផ្នែកផ្សេងទៀតនៃរាងកាយ អាចនឹងកើតមានជាលិកាស្លាកស្នាម (adhesions, fibrosis) ដោយសារតែប្រតិកម្មរលាកដែលកើតមានបន្តបន្ទាប់។
- ប្រសិនបើកោសិកានោះដុះនៅក្នុងអូវែ វានឹងក្លាយជាដុំគីស (endometrioma)
- ប្រសិនបើដុះនៅលើភ្នាសពោះក្នុងអាងត្រគាក គេហៅថា ជំងឺស្រទាប់ស្បូនដុះខុសកន្លែងកម្រិតស្រាល (superficial endometriosis)
- ប្រសិនបើរកឃើញនៅចន្លោះទ្វារមាសនិងរន្ធគូទ ប្លោកនោម និងពោះវៀន គេហៅថា ជំងឺស្រទាប់ស្បូនដុះខុសកន្លែងកម្រិតជ្រៅ (deep endometriosis)
ក្នុងអំឡុងពេលមករដូវ ជំងឺនេះអាចបង្កឱ្យឈឺចាប់ខ្លាំងដោយសារការរលាកកើនឡើង រួមទាំងការស្អិតនៃសរសៃជាលិកា។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមានការព្យាបាលប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាទាំងនេះ។
រោគសញ្ញា
ស្ត្រីទាំងអស់ដែលស្ថិតក្នុងវ័យបន្តពូជ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ។ រោគសញ្ញាខ្លះអាចកត់សម្គាល់បាន ហើយខ្លះទៀតប្រហែលជាមិនដឹង។ ជាទូទៅ វាចាប់ផ្តើមជាមួយនឹងការកើនឡើងនូវការឈឺចាប់ក្នុងអាងត្រគាកក្នុងអំឡុងពេលមករដូវ ដែលឈឺខ្លាំងជាងការឈឺពោះមករដូវធម្មតា។
រោគសញ្ញានៃជំងឺស្រទាប់ស្បូនដុះខុសកន្លែង រួមមាន៖
ការឈឺចាប់ខ្លាំងពេលមករដូវ៖ ហៅថា dysmenorrhea ជាការឈឺចាប់ធ្ងន់ធ្ងរដែលចាប់ផ្តើមមុនពេលមករដូវ និងបន្តរហូតដល់ច្រើនថ្ងៃក្នុងកំឡុងពេលមករដូវ។ ជាធម្មតាវាឈឺនៅពោះផ្នែកខាងក្រោម និងខ្នងផ្នែកខាងក្រោម។ ចំពោះស្ត្រីខ្លះ ការឈឺចាប់នេះរំខានដល់ការរស់នៅប្រចាំថ្ងៃ។
- ការឈឺចាប់ពេលរួមភេទ៖ ជាបញ្ហាធម្មតាសម្រាប់ស្ត្រីដែលមានជំងឺនេះ ក្នុងការមានអារម្មណ៍ឈឺចាប់ក្នុងពេល ឬក្រោយពេលរួមភេទ
- ការឈឺចាប់ពេលបន្ទោបង់ ឬបត់ជើងតូច៖ ជំងឺនេះអាចប៉ះពាល់ដល់ប្លោកនោម ដែលបង្កការឈឺចាប់ ឬមិនស្រួលពេលបន្ទោបង់ ជាពិសេសក្នុងកំឡុងពេលមករដូវ
- ការហូរឈាមខុសធម្មតា៖ អាចមានការធ្លាក់ឈាមតិចៗនៅចន្លោះពេលមករដូវ ឬការមករដូវច្រើនខុសធម្មតា
- អសមត្ថភាពក្នុងការយកបុត្រ (ការពិបាកមានកូន)៖ ជារឿយៗ ជំងឺនេះត្រូវបានរកឃើញដោយចៃដន្យ នៅពេលដែលបុគ្គលម្នាក់មានការពិបាកក្នុងការមានផ្ទៃពោះ ហើយចាប់ផ្តើមស្វែងរកការព្យាបាល
- សញ្ញាផ្សេងៗទៀត៖ ក្នុងកំឡុងពេលមករដូវ ស្ត្រីអាចមានអារម្មណ៍ចង់ក្អួត រាគ ទល់លាមក ហើមពោះ ធ្លាក់ទឹកចិត្ត ឬមានការព្រួយបារម្ភខ្លាំង
កម្រិតនៃការឈឺចាប់ និងរយៈពេលនៃរោគសញ្ញាមិនអាចទស្សន៍ទាយពីកម្រិតធ្ងន់ធ្ងរនៃជំងឺបានត្រឹមត្រូវនោះទេ។ គ្រូពេទ្យជំនាញក៏មិនទាន់អាចកំណត់មូលហេតុច្បាស់លាស់ថា ហេតុអ្វីបានជាករណីខ្លះធ្ងន់ធ្ងរខ្លាំង ហើយខ្លះទៀតមិនសូវឈឺចាប់នោះដែរ។
ជំងឺស្រទាប់ស្បូនដុះខុសកន្លែងមានរោគសញ្ញាធំទូលាយ ដែលជារឿយៗស្រដៀងនឹងជំងឺដទៃទៀត ដូចជា រោគសញ្ញារលាកពោះវៀន (IBS) ជាដើម។ ដោយសារការឈឺចាប់អាងត្រគាកជារោគសញ្ញាទូទៅ ជំងឺនេះអាចច្រឡំជាមួយជំងឺរលាកអាងត្រគាក (PID) ឬដុំគីសអូវែ។
ចំណាំ៖ ស្ត្រីដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។
មូលហេតុ
រហូតមកដល់បច្ចុប្បន្ន មិនទាន់មានការសន្និដ្ឋានច្បាស់លាស់អំពីមូលហេតុពិតប្រាកដនៃជំងឺស្រទាប់ស្បូនដុះខុសកន្លែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ មានសម្មតិកម្មមួយចំនួនដូចជា៖
- ការហូរត្រឡប់ថយក្រោយនៃឈាមរដូវ (Retrograde menstruation): ជាធម្មតាឈាមរដូវត្រូវហូរចេញតាមមាត់ស្បូន និងទ្វារមាស។ ប៉ុន្តែក្នុងករណីខ្លះ ឈាមដែលមានផ្ទុកកោសិកាស្រទាប់ស្បូនបានហូរត្រឡប់តាមបំពង់នាំស៊ុត ចូលទៅក្នុងប្រហោងពោះវិញ។ កោសិកាទាំងនោះក៏ទៅតោងជាប់នឹងជញ្ជាំងអាងត្រគាក ឬសរីរាង្គផ្សេងៗ រួចក៏ឡើងក្រាស់ និងហូរឈាមតាមវដ្តរដូវ ដែលបង្កឱ្យកើតជាជំងឺនេះ
- ការផ្លាស់ប្តូរទម្រង់នៃកោសិកាភ្នាសពោះ (Transformation of peritoneal cells): កត្តាអរម៉ូន ឬប្រព័ន្ធភាពស៊ាំ អាចជំរុញឱ្យកោសិកាភ្នាសពោះបំប្លែងខ្លួនទៅជាកោសិកាដែលស្រដៀងនឹងស្រទាប់ស្បូន។ នេះត្រូវបានគេស្គាល់ថាជា “ទ្រឹស្តីនៃការរំញោច” (Induction theory)
- ការបំប្លែងកោសិកាអំប្រ៊ីយ៉ុង (Embryonic cell transformation): កោសិកាអំប្រ៊ីយ៉ុងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការកកើត អាចនឹងប្រែទៅជាកោសិកាស្រទាប់ស្បូន ជាពិសេសក្នុងអំឡុងពេលពេញវ័យ ដោយសារឥទ្ធិពលនៃអរម៉ូនអេស្ត្រូសែន (Estrogen)
- ការដុះភ្ជាប់តាមស្លាកស្នាមវះកាត់ (Surgical scar implantation): កោសិកាស្រទាប់ស្បូនអាចទៅតោងជាប់នឹងមុខរបួសក្រោយការវះកាត់ផ្សេងៗ ដូចជាការវះកាត់ស្បូន ឬការវះកាត់សម្រាលកូន (C-section)
- ការដឹកនាំកោសិកាស្រទាប់ស្បូន (Endometrial cell transport): កោសិកាទាំងនេះអាចធ្វើដំណើរទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ តាមរយៈប្រព័ន្ធទឹករងៃ ឬចរន្តឈាម
- បញ្ហាប្រព័ន្ធភាពស៊ាំ (Immune system disorder): ភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំ អាចធ្វើឱ្យរាងកាយមិនអាចស្វែងរក និងកម្ចាត់កោសិកាស្រទាប់ស្បូនដែលដុះនៅខុសកន្លែង (ក្រៅស្បូន) បាន
កត្តាហានិភ័យ
កត្តាមួយចំនួនដែលអាចបង្កើនឱកាសនៃការកើតជំងឺស្រទាប់ស្បូនដុះខុសកន្លែង រួមមាន៖
- ការចាប់ផ្តើមមានរដូវដំបូងនៅវ័យក្មេងពេក (មុនអាយុ ១១ ឆ្នាំ)
- ការអស់រដូវនៅវ័យយឺតពេក
- វដ្តរដូវខ្លី (តិចជាង ២៧ ថ្ងៃ)
- ការមករដូវយូរថ្ងៃ (លើសពី ៧ ថ្ងៃ)
- មិនធ្លាប់មានផ្ទៃពោះ
- មានសមាជិកគ្រួសារ (ម្តាយ ឬបងប្អូនស្រី) ធ្លាប់កើតជំងឺនេះ
- មានកម្រិតអរម៉ូនអេស្ត្រូសែនក្នុងរាងកាយខ្ពស់
- ទម្ងន់ខ្លួនតិច ឬស្គមពេក
- ស្ថានភាពសុខភាពដែលរាំងស្ទះដល់ការហូរចេញនៃឈាមរដូវ
- ភាពមិនប្រក្រតីនៃបំពង់បន្តពូជ
ជាទូទៅ ស្ត្រីដែលមានរដូវទាំងអស់សុទ្ធតែអាចកើតជំងឺនេះបាន ដែលភាគច្រើនវាកើតឡើងប៉ុន្មានឆ្នាំក្រោយការចាប់ផ្តើមមានរដូវលើកដំបូង។ រោគសញ្ញាអាចមានភាពខុសគ្នាពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ជំងឺនេះអាចនឹងមានស្ថានភាពធូរស្រាលក្នុងអំឡុងពេលមានផ្ទៃពោះ ហើយអាចនឹងបាត់ទៅវិញដោយខ្លួនឯងនៅពេលអស់រដូវ។
Keywords:
Meta description:
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងសាកសួរអំពីកម្រិតនៃរោគសញ្ញាដែលអ្នកជំងឺកំពុងជួបប្រទះ ប្រវត្តិវេជ្ជសាស្ត្រផ្ទាល់ខ្លួន ក៏ដូចជាតំបន់ដែលឈឺចាប់ក្នុងអាងត្រគាក។ ក្រៅពីជំងឺស្រទាប់ស្បូនដុះខុសកន្លែង គ្រូពេទ្យក៏នឹងពិនិត្យរកមើលជំងឺផ្សេងៗទៀតដែលអាចមានរោគសញ្ញាប្រហាក់ប្រហែលគ្នាផងដែរ។
សញ្ញារូបវន្តនៃជំងឺនេះ អាចត្រូវបានរកឃើញតាមរយៈការធ្វើតេស្តដូចខាងក្រោម៖
- ការពិនិត្យអាងត្រគាក (Pelvic exam): គ្រូពេទ្យនឹងប្រើដៃស្ទាបពិនិត្យសរីរាង្គក្នុងអាងត្រគាក ដើម្បីរកមើលសញ្ញានៃជាលិកាស្លាកស្នាមនៅខាងក្រោយស្បូន ឬដុំគីស។ ជាទូទៅ ការពិនិត្យដោយដៃមិនអាចរកឃើញតំបន់ដែលដុះកោសិកាតូចៗបានទេ លុះត្រាតែវាបានក្លាយជាដុំគីសរួចទៅហើយ
- ការពិនិត្យអេកូ (Ultrasound): តេស្តនេះអាចរកឃើញដុំគីសដែលពាក់ព័ន្ធនឹងជំងឺស្រទាប់ស្បូនដុះខុសកន្លែង (endometriomas)។ ទោះបីជាវាមិនអាចបញ្ជាក់ច្បាស់ ១០០% ថាអ្នកជំងឺមានជំងឺនេះក៏ដោយ ប៉ុន្តែវាផ្តល់នូវរូបភាពច្បាស់លាស់នៃសរីរាង្គបន្តពូជ។ ការពិនិត្យអេកូមានពីររបៀប៖ ការពិនិត្យតាមរយៈទ្វារមាស (transvaginal ultrasound) ដើម្បីមើលស្បូន និងអូវែឱ្យកាន់តែច្បាស់ ឬការពិនិត្យលើពោះ
- ការថត MRI (Magnetic resonance imaging): MRI ផ្តល់នូវរូបភាពច្បាស់លាស់អំពីទីតាំង និងទំហំនៃកោសិកាដែលដុះខុសកន្លែង។ នេះមានសារៈសំខាន់ណាស់សម្រាប់គ្រូពេទ្យក្នុងការរៀបចំផែនការវះកាត់។ វាជានីតិវិធីដែលមិនរំលោភបំពានដល់រាងកាយ ដោយប្រើរលកម៉ាញ៉េទិច និងរលកវិទ្យុដើម្បីបង្កើតរូបភាព
- ការឆ្លុះមើលក្នុងពោះ (Laparoscopy): នេះជានីតិវិធីវះកាត់តូចមួយដែលតម្រូវឱ្យមានការចោះរន្ធតូចមួយនៅម្តុំផ្ចិត។ គ្រូពេទ្យនឹងបញ្ចូលឧបករណ៍ឆ្លុះ (laparoscope) ដែលមានកាមេរ៉ា និងពន្លឺ ដើម្បីពិនិត្យមើលជាលិកានៅក្នុង និងជុំវិញស្បូន ដើម្បីបញ្ជាក់ពីការដុះកោសិកាខុសធម្មតា។ ការឆ្លុះនេះអាចបង្ហាញលម្អិតអំពីទីតាំង ទំហំ និងកម្រិតនៃការរីករាលដាលនៃជំងឺ។ ការវះកាត់នេះតម្រូវឱ្យមានការប្រើថ្នាំសន្លប់
ក្នុងអំឡុងពេលឆ្លុះមើលក្នុងពោះ គ្រូពេទ្យអាចនឹងយកជាលិកាបន្តិចបន្តួចទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍ ដែលគេហៅថា ការធ្វើកោសល្យវិច័យ (biopsy) ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ពីជំងឺស្រទាប់ស្បូនដុះខុសកន្លែង។ ភាគច្រើន ប្រសិនបើគ្រូពេទ្យអាចកំណត់ផែនទីនៃជំងឺបានត្រឹមត្រូវ ការវះកាត់តែម្តងគឺគ្រប់គ្រាន់ដើម្បីព្យាបាលវាទាំងស្រុង។
ការព្យាបាល
មិនមានវិធីសាស្ត្រតែមួយសម្រាប់ព្យាបាលជំងឺស្រទាប់ស្បូនដុះខុសកន្លែងនោះទេ។ កម្រិតធ្ងន់ធ្ងរនៃរោគសញ្ញា និងគោលបំណងក្នុងការចង់បានបុត្រ គឺជាកត្តាដែលកំណត់នូវជម្រើសនៃការព្យាបាលដែលសមស្រប។ ជាធម្មតា គ្រូពេទ្យតែងតែណែនាំឱ្យសាកល្បងវិធីព្យាបាលបែបអភិរក្សជាមុនសិន ដូចជាការប្រើប្រាស់ថ្នាំ។ ប្រសិនបើមិនមានប្រសិទ្ធភាព គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់។ គោលបំណងនៃការព្យាបាលគឺដើម្បីគ្រប់គ្រងរោគសញ្ញាដែលកំពុងមាន និងដោះស្រាយបញ្ហាអសមត្ថភាពក្នុងការយកបុត្រ។
ការប្រើប្រាស់ថ្នាំដើម្បីគ្រប់គ្រងការឈឺចាប់
ការឈឺចាប់ក្នុងអាងត្រគាក ឬការឈឺចាប់ពេលមករដូវខ្លាំង គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺនេះ ដែលអាចគ្រប់គ្រងបានតាមរយៈការព្យាបាលដោយប្រើអរម៉ូន ថ្នាំបំបាត់ការឈឺចាប់ ឬប្រើទាំងពីររួមគ្នា។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ក្នុងក្រុមប្រឆាំងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) ដូចជា៖ អ៊ីប៊ុយប្រូហ្វែន (ibuprofen), ណាប៉្រូសែន (naproxen sodium) ឬ អាស្ពីរីន (aspirin)។
ថ្នាំទាំងនេះភាគច្រើនអាចរកទិញបានតាមឱសថស្ថានដោយមិនចាំបាច់មានវេជ្ជបញ្ជា។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីចៀសវាងផលប៉ះពាល់ដែលបង្កឡើងដោយការប្រើប្រាស់ក្នុងរយៈពេលយូរ។
ការព្យាបាលដោយប្រើអរម៉ូន (Hormone therapy)
ការព្យាបាលដោយអរម៉ូនជួយផ្លាស់ប្តូរស្ថានភាពអរម៉ូនដែលជំរុញឱ្យកើតជំងឺស្រទាប់ស្បូនដុះខុសកន្លែង។ វាជួយកាត់បន្ថយការលូតលាស់នៃកោសិកាស្រទាប់ស្បូន និងទប់ស្កាត់ការកកើតកោសិកាថ្មីៗ។ ការបន្ថែមអរម៉ូនអាចជួយកាត់បន្ថយ ឬបំបាត់ការឈឺចាប់ពេលមករដូវបានក្នុងករណីខ្លះ ប៉ុន្តែរោគសញ្ញាអាចនឹងត្រឡប់មកវិញក្រោយពេលឈប់ប្រើប្រាស់។
ចំណាំ៖ ជម្រើសនេះមិនត្រូវបានណែនាំសម្រាប់អ្នកដែលកំពុងព្យាយាមចង់បានកូននោះទេ ព្រោះវាប៉ះពាល់ដល់ការបញ្ចេញស៊ុត។
វិធីព្យាបាលដោយអរម៉ូនរួមមាន៖
- ថ្នាំពន្យារកំណើតដោយអរម៉ូន៖ ការប្រើថ្នាំគ្រាប់ពន្យារកំណើត បន្ទះបិទ ឬចិញ្ចៀនដាក់ក្នុងទ្វារមាស អាចជួយគ្រប់គ្រងអរម៉ូនដែលបង្កឱ្យមានការកកើតកោសិកាស្រទាប់ស្បូនរៀងរាល់ខែ។ វាក៏ជួយឱ្យការមករដូវមានតិចជាងមុន និងមានរយៈពេលខ្លីជាងមុន ដែលជួយកាត់បន្ថយការឈឺចាប់
- ថ្នាំបង្អាក់អរម៉ូន (Gn-RH agonists and antagonists): ការព្យាបាលនេះនឹងជួយកាត់បន្ថយកម្រិតអរម៉ូនអេស្ត្រូសែន បញ្ឈប់ការផលិតអរម៉ូនដែលរំញោចអូវែ និងទប់ស្កាត់ការមករដូវ ដែលធ្វើឱ្យកោសិកាស្រទាប់ស្បូនដុះខុសកន្លែងនោះរេចរឹលទៅវិញ។ ការបញ្ចេញស៊ុត និងការមករដូវនឹងត្រឡប់មកវិញក្រោយពេលបញ្ចប់ការព្យាបាល
- ផលប៉ះពាល់ទូទៅ៖ អាចមានរោគសញ្ញាដូចមនុស្សអស់រដូវ ដូចជាការស្រកចុះនៃដង់ស៊ីតេឆ្អឹង ភាពស្ងួតទ្វារមាស និងអាការៈក្តៅពេញរាងកាយ (hot flashes)។ គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើប្រាស់អរម៉ូនអេស្ត្រូសែន ឬប្រូជេស្តេរ៉ូនក្នុងបរិមាណតិចតួច រួមជាមួយថ្នាំប្រភេទនេះដើម្បីគ្រប់គ្រងរោគសញ្ញាទាំងនោះ
- ការព្យាបាលដោយប្រូជេស្តេរ៉ូន (Progestin therapy): ការព្យាបាលនេះជួយបញ្ឈប់ការមករដូវ និងការលូតលាស់នៃកោសិកាស្រទាប់ស្បូនដុះខុសកន្លែង។ ជម្រើសរួមមាន៖ ការដាក់កងក្នុងស្បូន ការចាក់ថ្នាំពន្យារកំណើត ឬការលេបថ្នាំគ្រាប់ប្រូជេស្តេរ៉ូន
- ថ្នាំទប់ស្កាត់អង់ស៊ីមអារ៉ូម៉ាតាស (Aromatase inhibitors): ថ្នាំប្រភេទនេះត្រូវបានប្រើប្រាស់រួមគ្នាជាមួយការព្យាបាលដោយអរម៉ូនផ្សេងទៀត ដើម្បីជួយកាត់បន្ថយកម្រិតអរម៉ូនអេស្ត្រូសែននៅក្នុងរាងកាយ
ការវះកាត់បែបអភិរក្ស (Conservative surgery)
ការវះកាត់បែបអភិរក្ស គឺជាវិធីសាស្ត្រមួយដែលត្រូវបានណែនាំសម្រាប់គ្រប់គ្រងជំងឺស្រទាប់ស្បូនដុះខុសកន្លែង។ វាមានសារៈសំខាន់សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ និងអ្នកដែលគ្រោងនឹងយកបុត្រ។ ការវះកាត់នេះអាចកម្ចាត់កោសិកាដែលដុះខុសកន្លែងចេញ ដោយរក្សាទុកស្បូន និងអូវែឱ្យនៅដដែល។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានឱកាសដែលជំងឺ និងរោគសញ្ញានេះអាចត្រឡប់មកវិញ។
ជាទូទៅ ការវះកាត់នេះត្រូវបានធ្វើឡើងតាមរយៈការឆ្លុះមើលក្នុងពោះ (Laparoscopy)។ គ្រូពេទ្យនឹងធ្វើការចោះរន្ធតូចមួយនៅម្តុំផ្ចិតដើម្បីបញ្ចូលឧបករណ៍ឆ្លុះ និងរន្ធតូចមួយទៀតដើម្បីយកកោសិកាដែលដុះខុសកន្លែងនោះចេញ។ ការព្យាបាលដោយអរម៉ូនអាចត្រូវបានណែនាំបន្ថែម ដើម្បីជួយគ្រប់គ្រងការឈឺចាប់ក្រោយការវះកាត់។
ការព្យាបាលបញ្ហាអសមត្ថភាពក្នុងការយកបុត្រ (Fertility treatment)
ជំងឺស្រទាប់ស្បូនដុះខុសកន្លែង គឺជាមូលហេតុចម្បងមួយដែលបង្កឱ្យស្ត្រីពិបាកមានកូន។ គ្រូពេទ្យជំនាញនឹងរៀបចំផែនការព្យាបាលដែលសមស្របទៅតាមតម្រូវការរបស់អ្នកជំងឺ ដើម្បីជួយឱ្យមានផ្ទៃពោះ។ ជម្រើសនៃការព្យាបាលរួមមាន៖ ការវះកាត់យកកោសិកាដែលដុះខុសកន្លែងចេញតាមរយៈការឆ្លុះពោះ, ការរំញោចអូវែដោយប្រើវិធីចាក់បញ្ចូលមេជីវិត (IUI), និងការបង្កកំណើតក្រៅរាងកាយ ឬការធ្វើកូនក្នុងកែវ (IVF)។
ការវះកាត់យកស្បូន និងការយកអូវែចេញ
ការវះកាត់យកស្បូនចេញ (Hysterectomy): ជាធម្មតាត្រូវបានណែនាំនៅពេលដែលមានកោសិកាស្រទាប់ស្បូន និងជាលិកាស្លាកស្នាមដុះច្រើនពេក។ គោលបំណងគឺដើម្បីបំបាត់ការឈឺចាប់អាងត្រគាកធ្ងន់ធ្ងរ និងការធ្លាក់ឈាមរដូវច្រើនខុសធម្មតា។ ទោះជាយ៉ាងណា រោគសញ្ញាអាចនឹងកើតមានឡើងវិញសូម្បីតែក្រោយការវះកាត់ ហើយអ្នកជំងឺនឹងមិនអាចមានផ្ទៃពោះបានទៀតទេក្រោយការវះកាត់នេះ។
ការវះកាត់យកស្បូនចេញអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពក្នុងរយៈពេលវែង ជាពិសេសប្រសិនបើធ្វើឡើងមុនអាយុ ៣៥ ឆ្នាំ។ គ្រូពេទ្យនឹងណែនាំវិធីនេះ លុះត្រាតែការព្យាបាលផ្សេងៗទៀតមិនទទួលបានជោគជ័យ។
ការវះកាត់យកអូវែចេញ (Oophorectomy): ក្នុងករណីខ្លះ គ្រូពេទ្យអាចណែនាំឱ្យយកអូវែចេញ ដែលអាចធ្វើឡើងរួមគ្នា ឬមិនរួមគ្នាជាមួយការវះកាត់ស្បូន។ បើគ្មានអូវែទេ រាងកាយនឹងឈានចូលដល់វ័យអស់រដូវភ្លាមៗ។ ទោះបីជាវាជួយបំបាត់ការឈឺចាប់ដែលពាក់ព័ន្ធនឹងអរម៉ូនបានក៏ដោយ ប៉ុន្តែវាក៏បង្កើនហានិភ័យនៃផលវិបាកក្រោយអស់រដូវផងដែរ ដូចជា ជំងឺបេះដូង បញ្ហាមេតាបូលីស ការស្រកចុះដង់ស៊ីតេឆ្អឹង និងអាការៈក្តៅពេញរាងកាយ។ ប្រសិនបើស្បូននៅរក្សាទុកដដែល អ្នកជំងឺនៅតែអាចមានផ្ទៃពោះបានតាមរយៈការធ្វើកូនក្នុងកែវ (IVF)។
សេចក្តីសន្និដ្ឋាន៖ ជំងឺស្រទាប់ស្បូនដុះខុសកន្លែងជារឿយៗទាមទារការព្យាបាលពីគ្រូពេទ្យជំនាញច្រើនផ្នែក ដើម្បីគ្រប់គ្រងរោគសញ្ញាផ្សេងៗគ្នា។ វាជារឿងសំខាន់ណាស់ក្នុងការស្វែងរកគ្រូពេទ្យជំនាញដែលមានបទពិសោធន៍ ដើម្បីផ្តល់នូវផែនការព្យាបាលប្រកបដោយប្រសិទ្ធភាព។
