ការរបួសត្រចៀកពីសម្ពាធក្នុងត្រចៀក (Ear barotrauma)

ទិដ្ឋភាពទូទៅ

ការរបួសត្រចៀកពីសម្ពាធក្នុងត្រចៀក (Ear barotrauma) ឬត្រូវបានគេស្គាល់ថាជា airplane ear កើតឡើងនៅពេលដែលមានអតុល្យភាពនៃសម្ពាធខ្យល់រវាងត្រចៀកកណ្តាល និងមជ្ឈដ្ឋានជុំវិញ ដែលនាំឱ្យមានការខូចខាតដែលអាចកើតមាន។ ស្ថានភាពនេះកើតឡើងជាទូទៅក្នុងអំឡុងពេលធ្វើដំណើរតាមយន្តហោះ នៅពេលដែលយន្តហោះឡើងបន្ទាប់ពីការហោះហើរ ឬកំពុងទម្លាក់លំដាប់សម្រាប់ការចុះចត

ដើម្បីកាត់បន្ថយរោគសញ្ញានៃ airplane ear មានវិធានការថែទាំខ្លួនឯងងាយៗ ដូចជា សកម្មភាពដូចជា ស្ងាប លេប ឬទំពារស្ករកៅស៊ូ អាចជួយសម្រួលសម្ពាធខ្យល់ឪ្យមានតុល្យភាព និងបំបាត់ភាពមិនស្រួលបាន។ ជំហានទាំងនេះជាធម្មតាមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងករណីស្រាលៗ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញានៃ airplane ear មានសភាពធ្ងន់ធ្ងរ គួរតែស្វែងរកការយកចិត្តទុកដាក់ពីគ្រូពេទ្យ

រោគសញ្ញា

Airplane ear អាចប៉ះពាល់ដល់ត្រចៀកមួយ ឬទាំងពីរ។ ការបង្ហាញ និងរោគសញ្ញាធម្មតារួមមាន៖

  • មានអារម្មណ៍មិនស្រួល ឬឈឺចាប់ក្នុងត្រចៀកកម្រិតមធ្យម
  • មានអារម្មណ៍ណែនឬស្ទះនៅក្នុងត្រចៀក
  • ការស្តាប់ឮសម្លេងរំខាន ឬជួបប្រទះការបាត់បង់ការស្តាប់ពីកម្រិតស្រាលទៅមធ្យម
  • ការចុះខ្សោយនៃការស្តាប់កម្រិតមធ្យមទៅធ្ងន់ធ្ងរ
  • ហឹងត្រចៀក (មានសំឡេងលឺក្នុងត្រចៀក)
  • វិលមុខ (អារម្មណ៍វិល)
  • ហូរឈាមចេញពីត្រចៀក

ប្រសិនបើ​មានអារម្មណ៍​មិន​ស្រួល ណែនត្រចៀក ឬ​ការ​ស្តាប់​មិន​ច្បាស់​នៅ​តែ​មាន​រយៈពេល​ច្រើន​ជាង​ពីរ​បី​ថ្ងៃ ឬ​បើ​អ្នក​មាន​សញ្ញា ឬ​រោគ​សញ្ញា​ធ្ងន់ធ្ងរ គួរតែ​ទាក់ទង​គ្រូពេទ្យ​របស់​អ្នក

មូលហេតុ

ការរបួសត្រចៀកពីសម្ពាធក្នុងត្រចៀក (Ear barotrauma) កើតឡើងនៅពេលដែលមានការផ្លាស់ប្តូរភ្លាមៗនៅក្នុងសម្ពាធខ្យល់ ឬទឹក ដែលបណ្តាលឱ្យសម្ពាធត្រូវបានបញ្ចេញនៅលើបំពង់ eustachian ។ បំពង់ទាំងនេះភ្ជាប់ផ្នែកខាងក្រោយនៃត្រចៀកកណ្តាលទៅផ្នែកខាងក្រោយនៃបំពង់ក ហើយដើរតួក្នុងការធ្វើឱ្យសម្ពាធខ្យល់មានតុល្យភាពនៅលើផ្នែកទាំងពីរនៃក្រដាសត្រចៀក ដោយអនុញ្ញាតឱ្យខ្យល់ខាងក្រៅចូលទៅក្នុងត្រចៀកកណ្តាល

ការផ្លាស់ប្តូរសម្ពាធខ្យល់កើតឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលហោះឡើង និងចុះចត ដែលលើសពីសមត្ថភាពរបស់បំពង់ eustachian ក្នុងការកែតម្រូវទៅតាមនោះ។ ដូចគ្នានេះដែរ ការជ្រមុជទឹកក្នុងទឹកជ្រៅអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសម្ពាធទឹក និងបណ្តាលឱ្យមានបញ្ហាដូចគ្នាផងដែរ។ ប្រសិនបើអ្នកមានការតឹងច្រមុះដោយសារជំងឺផ្តាសាយ ឬអាឡែស៊ី ហានិភ័យនៃការកើតការរបួសត្រចៀកពីសម្ពាធក្នុងត្រចៀកនិងកើនឡើង។ ការតឹងច្រមុះអាចរារាំង ឬរលាកបំពង់ eustachian ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរនៃសម្ពាធខ្យល់

កត្តាហានិភ័យ

ការរបួសត្រចៀកពីសម្ពាធក្នុងត្រចៀក (Airplane ear) ​អាច​ងាយ​នឹង​កើត​ឡើង​នៅ​ពេល​ដែលមាន​លក្ខខណ្ឌ​មួយ​ចំនួន​រារាំង​ឬ​ធ្វើ​ឱ្យ​ខូច​មុខងារ​របស់​បំពង់ eustachian ។ កត្តាហានិភ័យទូទៅមួយចំនួនរួមមាន៖

  • បំពង់ eustachian មានខ្នាតតូច៖ ជាពិសេស ទារក និងកុមារតូចៗ អាចមានបំពង់ eustachian ដែលតូចចង្អៀត អាចធ្វើឱ្យពួកគេងាយនឹងមាន Airplane ear
  • ជំងឺផ្តាសាយធម្មតា៖ ការដែលមានជំងឺផ្តាសាយអាចនាំអោយមានការតឹងច្រមុះ និងរលាកច្រមុះនិងបំពង់ eustachian ដែលធ្វើឱ្យអាកាសបាត់បង់តុល្យភាព និងបង្កើនហានិភ័យនៃ Airplane ear
  • ការឆ្លងមេរោគក្នុងស៊ីនូស (Sinus)៖ ការឆ្លងមេរោគនៅក្នុងប្រហោងឆ្អឹងអាចបណ្តាលឱ្យមានការតឹងច្រមុះ និងរលាក ដែលប៉ះពាល់ដល់សមត្ថភាពរបស់បំពង់ eustachian ក្នុងការធ្វើឱ្យមានសម្ពាធស្មើគ្នាក្នុងអំឡុងពេលធ្វើដំណើរតាមអាកាស
  • គ្រុនក្តៅហៃ (Hay fever) (ជំងឺរលាកច្រមុះពីអាឡែស៊ី)៖ ប្រតិកម្មអាលែហ្សី ដូចជាគ្រុនក្តៅហៃ អាចបណ្តាលឱ្យតឹងច្រមុះ និងហើម ដែលអាចរំខានដល់មុខងារបំពង់ eustachian បាន

ការធ្វើរោគវិនិច្ឆ័យ

នៅពេលអ្នកទៅជួបគ្រូពេទ្យរបស់អ្នក ភាគច្រើនអាចធ្វើរោគវិនិច្ឆ័យស្ថានភាពរបស់អ្នកបានដោយ ការសាកសួរពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក និងធ្វើការពិនិត្យត្រចៀករបស់អ្នកដោយប្រើ ឧបករណ៍ឆ្លុះត្រចៀក (otoscope) ដែលជាឧបករណ៍ដែលមានពន្លឺឆ្លុះចូលទៅក្នុង ជួយឱ្យវេជ្ជបណ្ឌិតអាចមើលខាងក្នុងត្រចៀករបស់អ្នកបាន។ វេជ្ជបណ្ឌិតនឹងសួរអំពីរោគសញ្ញា និងរយៈពេលដែលអ្នកបានជួបប្រទះរោគសញ្ញា។ លើសពីនេះទៀត វេជ្ជបណ្ឌិតអាចបញ្ជូនអ្នកទៅកាន់អ្នកជំនាញផ្នែកសោតទស្សន៍ ដើម្បីធ្វើតេស្តការស្តាប់ប្រសិនបើចាំបាច់

ការព្យាបាល

ក្នុងករណីភាគច្រើន Airplane ear ជាធម្មតាជាសះស្បើយដោយខ្លួនឯងតាមពេលវេលា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន វាអាចចាំបាច់ក្នុងការព្យាបាលដែលមានគោលបំណងធ្វើឱ្យមានសម្ពាធស្មើគ្នា និងកាត់បន្ថយភាពមិនស្រួល

  • ឱសថ៖ ដើម្បីកាត់បន្ថយរោគសញ្ញា គ្រូពេទ្យអាចណែនាំឱ្យប្រើថ្នាំស្ដេរ៉ូអ៊ីតបាញ់ច្រមុះ ឬថ្នាំបំបាត់ការតឹងច្រមុះ។ ដើម្បីបំបាត់ភាពមិនស្រួល អ្នកអាចប្រើថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីតបានដោយអាចរកបានតាមឪសថស្ថានទូទៅ ដូចជា ibuprofen (Advil, Motrin IB) ឬ naproxen sodium (Aleve) ក៏ដូចជាថ្នាំបំបាត់ការឈឺចាប់ដូចជា acetaminophen (Tylenol) ជាដើម
  • ការវះកាត់៖ ក្នុងករណីភាគច្រើន មិនចាំបាច់ការវះកាត់ដើម្បីព្យាបាល Airplane ear នោះទេ។ សូម្បីតែរបួសធ្ងន់ធ្ងរ ដូចជាការដាច់រហែកក្រដាសត្រចៀក ឬភ្នាសត្រចៀកខាងក្នុង ជាធម្មតាអាចជាសះស្បើយដោយខ្លួនឯងបាន។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីកម្រ អាចចាំបាច់ត្រូវប្រើការវះកាត់មួយដែលត្រូវបានគេហៅថា myringotomy ។ នេះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ស្នាម​វះ​តូច​មួយ​នៅ​ក្នុង​ក្រដាសត្រចៀក ដើម្បី​ជួយ​ឱ្យ​សម្ពាធ​ខ្យល់​ស្មើគ្នា និង​បង្ហូរ​វត្ថុ​រាវ​ចេញ​
  • ការព្យាបាលដោយខ្លួនឯង៖ ក្នុងអំឡុងពេលព្យាបាលដោយថ្នាំសម្រាប់ Airplane ear គ្រូពេទ្យរបស់អ្នកអាចណែនាំអោយប្រើ Valsalva maneuver ។ បច្ចេកទេសនេះពាក់ព័ន្ធនឹងការបិទរន្ធច្រមុះ បិទមាត់ និងដកដង្ហើមចេញថ្នមៗ ដើម្បីរុញឱ្យខ្យល់ចូលទៅខាងក្រោយច្រមុះ ស្រដៀងទៅនឹងសកម្មភាពនៃការផ្លុំច្រមុះ

Doctors who treat this condition