ជំងឺមហារីកសុដន់ប្រភេទ Ductal carcinoma in situ (DCIS)
ទិដ្ឋភាពទូទៅ
Ductal carcinoma in situ (DCIS) គឺជាមហារីកសុដន់មួយប្រភេទ ដែលកោសិកាមិនប្រក្រតីកើតឡើងនៅក្នុងបំពង់ទឹកដោះនៃសុដន់។ ជំងឺនេះជួបប្រទះញឹកញាប់ចំពោះស្ត្រី។ សុដន់នីមួយៗមានបំពង់ទឹកដោះ ដែលជាបំពង់សម្រាប់បញ្ជូនទឹកដោះពីក្រពេញទឹកដោះទៅកាន់ក្បាលសុដន់សម្រាប់បំបៅកូន។
DCIS គឺជាប្រភេទមហារីកមិនរាលដាល (Non-invasive) ដូច្នេះកោសិកាមហារីកទាំងនោះស្ថិតនៅត្រឹមតែក្នុងបំពង់ទឹកដោះប៉ុណ្ណោះ ហើយមិនទាន់រាលដាលឆ្លងកាត់ជញ្ជាំងបំពង់ដើម្បីប៉ះពាល់ដល់ជាលិកាសុដន់ជុំវិញនោះទេ។
ទោះបីជាជំងឺនេះមិនមែនជាករណីបន្ទាន់ក៏ដោយ ក៏វាចាំបាច់ត្រូវទទួលការវាយតម្លៃ និងពិចារណាលើជម្រើសនៃការព្យាបាល។ ការវះកាត់យកជាលិកាសុដន់ចេញទាំងអស់ ឬការព្យាបាលដោយវិទ្យុសកម្ម គឺជាវិធីសាស្ត្រពីរដែលអាចធ្វើទៅបានសម្រាប់ការព្យាបាលដើម្បីរក្សាសុដន់ទុក។ ជម្រើសក្រៅពីការវះកាត់អាចរួមមានការចូលរួមក្នុងការសាកល្បងព្យាបាលតាមគ្លីនិក ដែលផ្តោតលើការតាមដានសកម្ម (Active monitoring)។
រោគសញ្ញា
ជាទូទៅ DCIS មិនមានសញ្ញា ឬរោគសញ្ញាអ្វីឡើយ។ ការពិនិត្យដោយរូបភាព ដូចជាការថតកាំរស្មីអ៊ិចសុដន់ (Mammogram) ត្រូវបានប្រើប្រាស់ញឹកញាប់ដើម្បីរកឱ្យឃើញជំងឺ DCIS។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមួយចំនួនអាចមានសញ្ញាដូចជា៖
- ដុំពកនៅសុដន់
- ការហូរទឹកចេញពីក្បាលសុដន់
ប្រសិនបើអ្នកសម្គាល់ឃើញមានសញ្ញា ឬរោគសញ្ញាណាមួយនៅសុដន់ អ្នកគួរតែណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យ។
មូលហេតុ
មូលហេតុនៃជំងឺនេះមិនទាន់ត្រូវបានកំណត់ដោយអ្នកជំនាញនៅឡើយទេ ប៉ុន្តែគេបានរកឃើញកត្តាហានិភ័យមួយចំនួនដែលបង្កើនលទ្ធភាពនៃការកើតជំងឺ DCIS។ របៀបរស់នៅ បរិស្ថានដែលបុគ្គលម្នាក់ៗរស់នៅ និងហ្សែនដែលទទួលពីឪពុកម្តាយ សុទ្ធតែជាកត្តាដែលចូលរួមចំណែក។
កត្តាហានិភ័យ
កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺ DCIS រួមមាន៖
- អាយុ៖ មនុស្សគ្រប់វ័យមានហានិភ័យ ប៉ុន្តែហានិភ័យកើនឡើងតាមអាយុ។
- ប្រវត្តិគ្រួសារ៖ វាអាចកើតមាន DCIS ប្រសិនបើមានប្រវត្តិមហារីកសុដន់ ឬជំងឺសុដន់ពីម្តាយ ឬបងប្អូនបង្កើត។ ប្រវត្តិធ្លាប់មានជំងឺ Atypical hyperplasia ក៏អាចបង្កើនហានិភ័យផងដែរ។
- ការមានផ្ទៃពោះយឺត៖ អ្នកដែលមានផ្ទៃពោះកូនដំបូងនៅអាយុច្រើន គឺចាប់ពី ៣០ ឆ្នាំឡើងទៅ មានហានិភ័យខ្ពស់។
- មិនដែលធ្លាប់មានផ្ទៃពោះ៖ អ្នកដែលមិនដែលធ្លាប់មានផ្ទៃពោះមានហានិភ័យខ្ពស់នៃ DCIS។
- អាយុនៃការមករដូវ៖ ការមករដូវមុនអាយុ ១២ ឆ្នាំ ឬការអស់រដូវយឺតនៅអាយុ ៥៥ ឆ្នាំឡើងទៅ អាចបង្កើនហានិភ័យនៃជំងឺ DCIS។
- ការផ្លាស់ប្តូរហ្សែន៖ ដូចជាការផ្លាស់ប្តូរហ្សែនមហារីកសុដន់ BRCA1 និង BRCA2 ដែលបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។
ការធ្វើរោគវិនិច្ឆ័យ
នីតិវិធីខាងក្រោមត្រូវបានណែនាំដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ DCIS ឱ្យបានត្រឹមត្រូវ៖
- ការពិនិត្យសុដន់៖ អ្នកជំនាញនឹងធ្វើការវាយតម្លៃសុដន់យ៉ាងល្អិតល្អន់ ដើម្បីស្ទាបរកដុំសាច់ ឬការហូរទឹកមិនប្រក្រតីចេញពីក្បាលសុដន់។
- ការថតកាំរស្មីអ៊ិចសុដន់ (Mammography)៖ ជាទូទៅ DCIS ត្រូវបានរកឃើញតាមរយៈការថត Mammogram ដែលជាដំណើរការប្រើកាំរស្មីអ៊ិចថាមពលទាប ដើម្បីពិនិត្យសុដន់សម្រាប់ធ្វើរោគវិនិច្ឆ័យ និងការពិនិត្យតាមដាន។
- ការធ្វើកោសល្យវិច័យដោយម្ជុល៖ សំណាកជាលិកាសុដន់ដែលគួរឱ្យសង្ស័យនឹងត្រូវបានកាត់យកទៅមន្ទីរពិសោធន៍ ដើម្បីកំណត់ថាតើវាជាមហារីកឬអត់ និងជាប្រភេទមហារីកអ្វី។
- ការថតរូបភាព៖ អ្នកជំនាញអាចប្រើការថតអេកូ ឬកាំរស្មីអ៊ិច ដើម្បីកំណត់ទីតាំងជាលិកាមិនប្រក្រតីឱ្យបានច្បាស់លាស់។ ការធ្វើកោសល្យវិច័យដោយមានការណែនាំពី Ultrasound ហៅថា “Ultrasound-guided biopsy” រីឯការប្រើកាំរស្មីអ៊ិចហៅថា “Stereotactic breast biopsy”
ការកំណត់ដំណាក់កាលជំងឺ
នៅពេលដែលអ្នកជំនាញបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យថាជា DCIS ហើយ ជំហានបន្ទាប់គឺការកំណត់វិសាលភាព (ដំណាក់កាល) នៃមហារីក។ ដំណាក់កាលនៃជំងឺមហារីកសុដន់ត្រូវបានចង្អុលបង្ហាញដោយលេខរ៉ូម៉ាំងពី ០ ដល់ IV។ ទោះបីជា DCIS តែងតែស្ថិតក្នុង ដំណាក់កាល ០ ក៏ដោយ ក៏ដុំសាច់អាចមានទំហំធំតូចខុសគ្នា និងអាចស្ថិតនៅក្នុងបំពង់ទឹកដោះជាច្រើននៅក្នុងសុដន់។ ការព្យាបាលអាចជួយឱ្យលទ្ធផលនៃជំងឺ DCIS មានភាពប្រសើរឡើង។
ការព្យាបាល
ទោះបីជាជំងឺនេះមិនវិវត្តលឿន ឬមិនរាលដាលឆាប់រហ័សក៏ដោយ ក៏អ្នកជំងឺ DCIS នៅតែចាំបាច់ត្រូវទទួលការព្យាបាល និងតាមដានយ៉ាងដិតដល់ពីអ្នកជំនាញ។ ប្រសិនបើទុកចោលមិនព្យាបាល DCIS អាចវិវត្តទៅជាមហារីកដែលរាលដាលចេញពីបំពង់ទឹកដោះទៅកាន់ជាលិកាសុដន់ជុំវិញ។
វិធីសាស្ត្រព្យាបាលដែលពេញនិយមបំផុតមាន ២ គឺ៖ ការវះកាត់រក្សាសុដន់ (រួមជាមួយវិទ្យុសកម្ម) ឬការវះកាត់កាត់សុដន់ទាំងស្រុង (Mastectomy)។
ការវះកាត់
- Lumpectomy ឬការវះកាត់រក្សាសុដន់ (Breast-conserving surgery – BCS)៖ ការវះកាត់យក DCIS ចេញ រួមជាមួយជាលិកាសុដន់ដែលមានសុខភាពល្អមួយចំនួនដែលនៅជុំវិញដុំសាច់។ សុដន់ភាគច្រើននឹងនៅដដែលក្រោយការវះកាត់។
- ការវះកាត់កាត់សុដន់ (Mastectomy)៖ ប្រសិនបើ DCIS មានទំហំធំ ឬរាលដាលពេញសុដន់ គ្រូពេទ្យនឹងណែនាំឱ្យកាត់សុដន់ចេញទាំងមូល។ ការធ្វើ Mastectomy គឺជាការព្យាបាលដាច់ខាត ប្រសិនបើមិនអាចធ្វើ BCS បាន។ ប្រសិនបើអ្នកជំងឺទទួលការវះកាត់កាត់សុដន់ ពួកគេប្រហែលជាមិនចាំបាច់ទទួលការព្យាបាលដោយវិទ្យុសកម្មនោះទេ ហើយការវះកាត់នេះក៏អាចរួមបញ្ចូលការសាងសុដន់ឡើងវិញ (Breast reconstruction) ផងដែរ។
ការព្យាបាលដោយវិទ្យុសកម្ម
វាគឺជាការព្យាបាលជំងឺមហារីកសុដន់ដ៏ទូទៅមួយ បន្ទាប់ពីការវះកាត់រក្សាសុដន់ដើម្បីធានាថាគ្រប់កោសិកាមិនប្រក្រតីត្រូវបានកម្ចាត់ចោល។ នៅក្នុងការព្យាបាលដោយវិទ្យុសកម្ម គេប្រើកាំរស្មីថាមពលខ្ពស់ ដូចជាកាំរស្មី X ឬប្រូតុង ដើម្បីកម្ចាត់កោសិកាមិនប្រក្រតី។ ការព្យាបាលនេះជួយកាត់បន្ថយលទ្ធភាពនៃការវិលត្រឡប់មកវិញនៃ DCIS ឬការវិវត្តទៅជាមហារីកដែលមានសភាពកាចសាហាវ។
ការព្យាបាលដោយអរម៉ូន
ដុំសាច់ដែលលូតលាស់ដោយសារអរម៉ូន (Hormone receptor-positive breast cancer) នឹងទទួលបានផលល្អពីការព្យាបាលដោយអរម៉ូន ដែលវាមានតួនាទីរារាំងមិនឱ្យអរម៉ូនទៅដល់កោសិកាមហារីក។
ការព្យាបាលដោយអរម៉ូនមិនមែនជាជម្រើសដំបូងសម្រាប់ DCIS នោះទេ ប៉ុន្តែវាអាចជាការព្យាបាលបន្ថែមបន្ទាប់ពីការវះកាត់ ដើម្បីបង្កើនឱកាសក្នុងការការពារកុំឱ្យ DCIS កើតឡើងវិញក្រោយការព្យាបាលដោយវិទ្យុសកម្ម ឬដើម្បីជៀសវាងការវិវត្តទៅជាមហារីកសុដន់ដែលរាលដាល។
- Aromatase inhibitors៖ ស្ត្រីដែលស្ថិតក្នុងវ័យអស់រដូវ អាចពិចារណាប្រើថ្នាំក្រុមនេះ ដើម្បីកាត់បន្ថយការផលិតអរម៉ូនអេស្ត្រូសែន (Estrogen) នៅក្នុងរាងកាយ ដែលអាចប្រើប្រាស់បានរហូតដល់ ៥ ឆ្នាំ។
- Tamoxifen៖ ជាថ្នាំដែលរារាំងមុខងាររបស់អរម៉ូនអេស្ត្រូសែន ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមហារីកសុដន់ដែលរាលដាល។ ស្ត្រីទាំងអ្នកដែលមិនទាន់អស់រដូវ និងអ្នកដែលអស់រដូវហើយ អាចប្រើថ្នាំនេះបានរហូតដល់ ៥ ឆ្នាំ។
អ្នកជំងឺដែលបានទទួលការវះកាត់កាត់សុដន់ (Mastectomy) ភាគច្រើនទំនងជាមិនចាំបាច់ទទួលការព្យាបាលដោយអរម៉ូននោះទេ។ ដោយសារតែជាលិកាសុដន់ដែលនៅសល់មានតិចតួចក្រោយការវះកាត់ ហានិភ័យនៃការកើតមហារីកសុដន់រាលដាល ឬ DCIS កើតឡើងវិញគឺមានកម្រិតទាបខ្លាំងណាស់។ ការព្យាបាលដោយអរម៉ូនអាចផ្តល់ផលប្រយោជន៍តែចំពោះសុដន់ម្ខាងទៀតតែប៉ុណ្ណោះ។
វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាពរបស់អ្នក អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់នៃការព្យាបាលដោយអរម៉ូន។
