ទិដ្ឋភាពទូទៅ

ការផ្លាត់ឆ្អឹងស្មា គឺជាការដែលឆ្អឹងដើមដៃរបូតចេញពីឆ្អឹងស្មា។ ដោយសារតែវាជាសន្លាក់ដែលមានភាពបត់បែនខ្លាំងបំផុតនៅក្នុងរាងកាយ ស្មាគឺជាផ្នែកដែលងាយនឹងផ្លាត់ជាងគេ។

សូមស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកគិតថាអ្នកមានបញ្ហាផ្លាត់ឆ្អឹងស្មា។ មនុស្សភាគច្រើនអាចប្រើប្រាស់ស្មារបស់ពួកគេបានពេញលេញឡើងវិញក្នុងរយៈពេលពីរបីសប្តាហ៍ ប៉ុន្តែគួរកត់សម្គាល់ថា បន្ទាប់ពីផ្លាត់ម្តងរួចមក ស្មានោះអាចនឹងងាយផ្លាត់នៅពេលក្រោយៗទៀត។

រោគសញ្ញា

រោគសញ្ញានៃការផ្លាត់ឆ្អឹងស្មាមានដូចជា៖

  • ការឈឺចាប់ខ្លាំង
  • សន្លាក់ស្មាមិនអាចកម្រើកបាន
  • ឃើញមានការខុសប្រក្រតី ឬខូចទ្រង់ទ្រាយនៅត្រង់ស្មា
  • មានការហើម ឬជាំនៅកន្លែងដែលរងរបួស
  • ការកន្ត្រាក់សាច់ដុំ
  • ស្ពឹក ញ័រ ឬខ្សោយនៅត្រង់ដៃ បាតដៃ ឬម្រាមដៃ

ការស្ពឹក ខ្សោយ ឬញ័រនៅក្បែរកន្លែងរងរបួស ដូចជានៅត្រង់ក ឬដៃ ក៏អាចបណ្តាលមកពីការផ្លាត់ឆ្អឹងស្មាបានដែរ។ សាច់ដុំស្មាក៏អាចមានការកន្ត្រាក់ ដែលធ្វើឱ្យការឈឺចាប់កាន់តែខ្លាំង។

សូមស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ។

មុនពេលទទួលបានការព្យាបាល៖

  • កុំកម្រើកសន្លាក់៖ ត្រូវរក្សាទុកសន្លាក់ស្មានៅកន្លែងដដែលដោយប្រើឈើច្រត់ ឬទ្រនាប់ស្មា (Sling)។ កុំព្យាយាមកម្រើកស្មា ឬរុញវាឱ្យចូលកន្លែងវិញដោយខ្លួនឯងឱ្យសោះ។ ការធ្វើបែបនេះអាចបណ្តាលឱ្យខូចខាតដល់សន្លាក់ស្មា និងសាច់ដុំ សរសៃពួរ សរសៃប្រសាទ និងសរសៃឈាមនៅជុំវិញនោះ។
  • ស្អំទឹកកក៖ ប្រើទឹកកកស្អំលើសន្លាក់ដែលរងរបួស ដើម្បីជួយកាត់បន្ថយការឈឺចាប់ និងការហើម។

មូលហេតុ

សន្លាក់ស្មាគឺជាសន្លាក់ដែលងាយផ្លាត់ជាងគេនៅក្នុងរាងកាយ។ ស្មាអាចផ្លាត់ក្នុងទិសដៅចំនួនបី៖ ទៅមុខ ទៅក្រោយ ឬចុះក្រោម ហើយវាអាចផ្លាត់ទាំងស្រុង ឬផ្លាត់ដោយផ្នែក។

ការផ្លាត់ឆ្អឹងស្មាភាគច្រើនកើតឡើងនៅផ្នែកខាងមុខ។ សរសៃពួរស្មាដែលភ្ជាប់ឆ្អឹងអាចនឹងត្រូវបានទាញ ឬដាច់ ដែលជារឿយៗធ្វើឱ្យស្ថានភាពនៃការផ្លាត់ស្មកាន់តែអាក្រក់ទៅៗ។

ឆ្អឹងត្រូវតែត្រូវបានទាញចេញពីតំណែងដោយកម្លាំងខ្លាំង ដូចជាការប៉ះទង្គិចយ៉ាងលឿនទៅលើស្មា។ ក្បាលឆ្អឹងដើមដៃអាចត្រូវរុញចេញពីសំបុកស្មាដោយការមួលសន្លាក់ស្មាយ៉ាងខ្លាំង។ ក្នុងករណីផ្លាត់ដោយផ្នែក ក្បាលឆ្អឹងដើមដៃស្ថិតនៅពាក់កណ្តាលក្នុង និងពាក់កណ្តាលក្រៅនៃសំបុកស្មា។

មូលហេតុទូទៅនៃការផ្លាត់ឆ្អឹងស្មារួមមាន៖

  • ការរងរបួសក្នុងកីឡា៖ ការផ្លាត់ឆ្អឹងស្មាគឺជាការរងរបួសទូទៅក្នុងកីឡាដែលមានការប៉ះទង្គិចគ្នាដូចជា បាល់ទាត់ និងហុកគី។ វាក៏ជារឿងធម្មតាផងដែរក្នុងកីឡាដូចជា បាល់ទះ កាយសម្ព័ន្ធ និងការជិះស្គីចុះភ្នំ ដែលអាចមានការដួល។
  • ការប៉ះទង្គិចក្រៅកីឡា៖ ក្នុងអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍ ការប៉ះទង្គិចយ៉ាងខ្លាំងទៅលើស្មាអាចបណ្តាលឱ្យផ្លាត់ឆ្អឹងស្មាបាន។
  • ការដួល៖ ស្មាអាចផ្លាត់បានប្រសិនបើអ្នកដួលក្នុងស្ថានភាពមិនប្រក្រតី ដូចជាការធ្លាក់ពីលើជណ្តើរ ឬការដួលដោយសារជំពប់កម្រាលព្រំជាដើម។

កត្តាហានិភ័យ

គ្រប់គ្នាសុទ្ធតែអាចមានបញ្ហាផ្លាត់ឆ្អឹងស្មាបាន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាត់ឆ្អឹងស្មាជួបប្រទះញឹកញាប់បំផុតចំពោះមនុស្សក្នុងវ័យជំទង់ និងវ័យ ២០ ឆ្នាំដើម ជាពិសេសអត្តពលិកដែលលេងកីឡាដែលមានការប៉ះទង្គិចគ្នា។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងពិនិត្យតំបន់ដែលរងរបួស ដើម្បីវាយតម្លៃថាតើមានការខូចខាតដល់សរសៃប្រសាទ ឬសរសៃឈាម ការឈឺចាប់ ការហើម ឬការខូចទ្រង់ទ្រាយដែរឬទេ។ ការផ្លាត់ឆ្អឹងស្មាអាចមើលឃើញយ៉ាងច្បាស់តាមរយៈការថតកាំរស្មីអ៊ិចសន្លាក់ស្មា ដែលអាចបង្ហាញឱ្យឃើញពីការបាក់ឆ្អឹង ឬការរងរបួសផ្សេងៗទៀតនៅត្រង់សន្លាក់ស្មា។

ការព្យាបាល

ការព្យាបាលសម្រាប់អ្នកដែលមានបញ្ហាផ្លាត់ឆ្អឹងស្មាអាចមានដូចជា៖

  • ការដាក់ឆ្អឹងឱ្យចូលកន្លែងវិញដោយមិនចាំបាច់វះកាត់ (Closed reduction) ក្នុងអំឡុងពេលនៃនីតិវិធីនេះ ការធ្វើចលនាថ្នមៗមួយចំនួនអាចត្រូវបានប្រើដើម្បីជួយតម្រង់ឆ្អឹងស្មាឱ្យចូលកន្លែងដើមវិញ។ អាស្រ័យលើកម្រិតនៃការឈឺចាប់ និងការហើម ថ្នាំបន្ធូរសាច់ដុំ ថ្នាំស្ងប់អារម្មណ៍ ឬក្នុងករណីកម្រ ថ្នាំសន្លប់អាចត្រូវបានផ្តល់ឱ្យមុនពេលគ្រូពេទ្យធ្វើការរៀបចំឆ្អឹងស្មា។ ការឈឺចាប់ខ្លាំងគួរតែថយចុះភ្លាមៗនៅពេលដែលឆ្អឹងស្មាត្រូវបានរៀបចំដាក់ចូលកន្លែងវិញ។
  • ការវះកាត់៖ អ្នកដែលមានបញ្ហាផ្លាត់ឆ្អឹងស្មាញឹកញាប់ ទោះបីជាបានធ្វើការពង្រឹងសាច់ដុំ និងការធ្វើកាយសម្បទាស្តារឡើងវិញរួចហើយក៏ដោយ អាចនឹងទទួលបានផលល្អប្រសិនបើពួកគេទទួលការវះកាត់ នៅពេលដែលសន្លាក់ ឬសរសៃពួរស្មារបស់ពួកគេមានភាពទន់ខ្សោយ។ ក្នុងករណីកម្រ ការវះកាត់អាចចាំបាច់ដើម្បីជួសជុលសរសៃឈាម ឬសរសៃប្រសាទដែលខូចខាត។ ចំពោះអត្តពលិកវ័យក្មេង ការវះកាត់ក៏អាចកាត់បន្ថយឱកាសនៃការរងរបួសឡើងវិញផងដែរ។
  • ការដាក់ទប់ស្មាមិនឱ្យកម្រើក (Immobilization) បន្ទាប់ពីការដាក់ឆ្អឹងឱ្យចូលកន្លែងវិញ ស្មានឹងត្រូវដាក់ឱ្យនៅស្ងៀមមិនឱ្យកម្រើកក្នុងរយៈពេលពីរបីសប្តាហ៍ ដោយការប្រើប្រាស់ឧបករណ៍ទប់ ឬទ្រនាប់ស្មា (Sling) ពិសេស។
  • ថ្នាំពេទ្យ៖ ខណៈពេលដែលស្មាកំពុងជាសះស្បើយ ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបន្ធូរសាច់ដុំអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុន។
  • ការធ្វើកាយសម្បទាស្តារឡើងវិញ (Rehabilitation) នៅពេលដែលលែងចាំបាច់ត្រូវប្រើឧបករណ៍ទប់ ឬទ្រនាប់ស្មា ការចូលរួមក្នុងកម្មវិធីកាយសម្បទាស្តារឡើងវិញ អាចជួយឱ្យសន្លាក់ស្មាងើបឡើងវិញនូវកម្រិតនៃការធ្វើចលនា កម្លាំង និងស្ថិរភាព។

ក្នុងរយៈពេលពីរបីសប្តាហ៍ ការផ្លាត់ឆ្អឹងស្មាកម្រិតស្រាលដែលមិនមានការខូចខាតដល់សរសៃប្រសាទ ឬជាលិកាធ្ងន់ធ្ងរគួរតែមានភាពល្អប្រសើរឡើង។ មុនពេលត្រឡប់ទៅធ្វើសកម្មភាពធម្មតាវិញ អ្នកជំងឺត្រូវតែមានកម្លាំងឡើងវិញ មានកម្រិតនៃការធ្វើចលនាពេញលេញ និងមិនមានការឈឺចាប់។ សន្លាក់ស្មាអាចនឹងរងរបួសឡើងវិញបាន ប្រសិនបើការហាត់ប្រាណត្រូវបានចាប់ផ្តើមលឿនពេកបន្ទាប់ពីការផ្លាត់ឆ្អឹងស្មា។

Doctors who treat this condition