ជំងឺរបួសសរសៃប្រសាទដោយសារទឹកនោមផ្អែម

ទិដ្ឋភាពទូទៅ

ជំងឺរបួសសរសៃប្រសាទដោយសារទឹកនោមផ្អែម (Diabetic neuropathy) គឺជារបួសសរសៃប្រសាទដែលប៉ះពាល់ដល់អ្នកមានជំងឺទឹកនោមផ្អែម ដែលវាកើតឡើងប្រសិនបើអ្នកជំងឺមានកម្រិតជាតិស្ករក្នុងឈាមមិនបានគ្រប់គ្រងក្នុងរយៈពេលយូរ។ ជាលទ្ធផលនៃជាតិស្ករក្នុងឈាមខ្ពស់ សរសៃប្រសាទនៅជើង និងប្រអប់ជើងត្រូវបានខូចខាតញឹកញាប់បំផុត ប៉ុន្តែវាក៏អាចបង្ករបួសដល់សរសៃប្រសាទពេញរាងកាយផងដែរ។

រោគសញ្ញានៃជំងឺរបួសសរសៃប្រសាទដោយសារទឹកនោមផ្អែម រួមមាន ការមិនស្រួល ការស្ពឹក និងភាពខ្សោយនៅដៃ ប្រអប់ជើង និងជើង អាស្រ័យលើសរសៃប្រសាទណាដែលរងផលប៉ះពាល់។ បន្ថែមពីនេះ វាអាចបណ្តាលឱ្យមានបញ្ហាជាមួយបេះដូង សរសៃឈាម ប្រព័ន្ធរំលាយអាហារ និងផ្លូវទឹកនោម។ មនុស្សមួយចំនួនមានរោគសញ្ញាស្រាល ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ជំងឺនេះអាចមានការឈឺចាប់ខ្លាំង និងធ្វើឱ្យបាត់បង់សមត្ថភាពការងារ។

ស្ទើរតែពាក់កណ្តាលនៃអ្នកមានជំងឺទឹកនោមផ្អែម អាចវិវត្តទៅជាជំងឺរបួសសរសៃប្រសាទ ប្រសិនបើមិនបានព្យាបាល។ តាមរយៈការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យជាប់លាប់ និងរបៀបរស់នៅប្រកបដោយសុខភាពល្អ អ្នកជំងឺអាចចៀសវាង ឬកាត់បន្ថយការវិវត្តនៃជំងឺនេះបាន។

សរសៃប្រសាទជាច្រើនក្នុងរាងកាយអាចរងការខូចខាត ហើយប្រភេទនៃជំងឺរបួសសរសៃប្រសាទដោយសារទឹកនោមផ្អែមរួមមាន៖

  • ជំងឺសរសៃប្រសាទគ្រឿងក្នុង (Peripheral neuropathy): កើតឡើងនៅពេលដែលសរសៃប្រសាទនៅឆ្ងាយពីខួរក្បាល និងខួរឆ្អឹងខ្នងរងរបួស ជាទូទៅប៉ះពាល់ដល់ជើង ប្រអប់ជើង ដៃ និងដើមដៃ
  • ជំងឺសរសៃប្រសាទស្វ័យប្រវត្តិ (Autonomic neuropathy): គឺជាការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទស្វ័យប្រវត្តិ ដែលគ្រប់គ្រងមុខងាររាងកាយមិនតាមបញ្ជា ដូចជាសម្ពាធឈាម ចង្វាក់បេះដូង ការបញ្ចេញញើស ភ្នែក ការរំលាយអាហារ និងសរីរាង្គភេទ
  • ជំងឺសរសៃប្រសាទតែមួយ (Mononeuropathy): គឺជាការរបួសសរសៃប្រសាទដែលកើតឡើងលើសរសៃប្រសាទគ្រឿងក្នុងតែមួយ ដែលអាចរួមមានមុខ ដងខ្លួន ដៃ ឬជើង
  • ជំងឺសរសៃប្រសាទក្បែរដងខ្លួន (Proximal neuropathy): ជាការខូចខាតសរសៃប្រសាទដែលជារឿយៗកើតឡើងនៅភ្លៅ ត្រគាក កំប៉េះគូទ ឬជើង

រោគសញ្ញា

រោគសញ្ញាអាចខុសគ្នាអាស្រ័យលើប្រភេទនៃជំងឺទឹកនោមផ្អែម និងសរសៃប្រសាទដែលរងផលប៉ះពាល់។ រោគសញ្ញាជាធម្មតាលេចឡើងតាមពេលវេលា ហើយប្រហែលជាមិនបង្ហាញសញ្ញាអ្វីឡើយ រហូតដល់វាខូចខាតខ្លាំង។

  • ជំងឺសរសៃប្រសាទគ្រឿងក្នុង (Peripheral neuropathy) រោគសញ្ញា និងសញ្ញា ដែលអាចរួមមានដូចខាងក្រោម៖
    • ការបាត់បង់ការដឹងចំពោះការផ្លាស់ប្តូរសីតុណ្ហភាព ឬការស្ពឹក
    • អារម្មណ៍ដូចស្រមោចខាំ រមាស់ ឬក្រហាយ
    • ឈឺចុកចាប់ខ្លាំង ឬរមួលក្រពើ
    • ខ្សោយសាច់ដុំ
    • ប្រតិកម្មខ្លាំងពេលប៉ះពាល់
    • បញ្ហាជើង ដូចជាការខូចទ្រង់ទ្រាយឆ្អឹងនិងសន្លាក់ ការឆ្លងមេរោគ និងដំបៅ
  • ជំងឺសរសៃប្រសាទស្វ័យប្រវត្តិ (Autonomic neuropathy) រោគសញ្ញា និងសញ្ញា ដែលអាចរួមមានដូចខាងក្រោម៖
    • សម្ពាធឈាមធ្លាក់ចុះពេលក្រោកឈរ
    • ក្រពះដំណើរការយឺត បណ្តាលឱ្យចង់ក្អួត ក្អួត ឆាប់ឆ្អែត និងបាត់បង់ចំណង់អាហារ
    • រាគ ឬទល់លាមក
    • ពិបាកលេបអាហារ
    • បែកញើសខ្លាំងជ្រុល
    • ទ្វារមាសស្ងួត ឬលិង្គមិនឡើងរឹង
  • ជំងឺសរសៃប្រសាទតែមួយ (Mononeuropathy):
    • ខ្វិនមួយចំហៀងមុខ
    • មើលឃើញរូបភាពជាន់គ្នា
    • ស្ពឹក ឬមានអារម្មណ៍ដូចស្រមោចខាំ រមាស់នៅដៃ ឬម្រាមដៃ
    • ខ្សោយដៃ ដែលអាចបណ្តាលឱ្យរបូតរបស់របរពីដៃ
    • ខ្សោយជើង ឬឈឺចាប់នៅផ្នែកខាងមុខនៃភ្លៅ
  • ជំងឺសរសៃប្រសាទក្បែរដងខ្លួន (Proximal neuropathy):
    • ឈឺចាប់ខ្លាំងនៅត្រគាក ភ្លៅ ឬកំប៉េះគូទ
    • សាច់ដុំភ្លៅរួមតូច និងខ្សោយ
    • ឈឺជញ្ជាំងទ្រូង ឬពោះ
    • ពិបាកក្នុងការក្រោកឈរ

ស្វែងរកជំនួយពីគ្រូពេទ្យ ប្រសិនបើអ្នកមានសញ្ញាទាំងនេះ ជាពិសេសប្រសិនបើមានដំបៅនៅជើងដែលឆ្លងមេរោគ និងមិនជាសះស្បើយ។ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ គួរតែពិនិត្យរកជំងឺសរសៃប្រសាទភ្លាមៗ ហើយប្រភេទទី១ គួរពិនិត្យយ៉ាងហោចណាស់ ៥ ឆ្នាំក្រោយរកឃើញជំងឺ។

​​មូលហេតុ

មូលហេតុពិតប្រាកដនៃគ្រប់ប្រភេទជំងឺរបួសសរសៃប្រសាទដោយសារទឹកនោមផ្អែមមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែ ជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រង បណ្តាលឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ដែលយូរៗទៅវាបំផ្លាញសរសៃប្រសាទ និងបំផ្លាញសរសៃឈាមតូចៗដែលនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅចិញ្ចឹមសរសៃប្រសាទ។

កត្តាហានិភ័យ

  • ប្រវត្តិជំងឺ៖ មានជំងឺទឹកនោមផ្អែមយូរឆ្នាំ និងមិនបានគ្រប់គ្រងជាតិស្ករ
  • កម្រិតជាតិស្ករមិនមានស្ថិរភាព៖ បង្កើនហានិភ័យនៃការខូចខាតសរសៃប្រសាទ
  • សន្ទស្សន៍ម៉ាសរាងកាយ (BMI) ខ្ពស់៖ អ្នកដែលមាន BMI ចាប់ពី ២៥ ឡើងទៅ មានឱកាសខ្ពស់ក្នុងការរងរបួសសរសៃប្រសាទ
  • ការជក់បារី៖ ធ្វើឱ្យសរសៃឈាមរួមតូច និងរឹង ដែលកាត់បន្ថយលំហូរឈាមទៅកាន់អវយវៈ ធ្វើឱ្យដំបៅពិបាកជាសះស្បើយ
  • ជំងឺតម្រងនោម៖ ជាតិពុលក្នុងឈាមដែលបណ្តាលមកពីការខូចតម្រងនោម អាចធ្វើឱ្យខូចសរសៃប្រសាទបន្ថែមទៀត

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ (ឧទាហរណ៍៖ ពិនិត្យកម្លាំងសាច់ដុំ កម្រិតប៉ះពាល់ លំញ័រ សីតុណ្ហភាព ការឈឺចាប់ និងការឆ្លុះបញ្ចាំងនៃសរសៃពួរ) វាយតម្លៃរោគសញ្ញាឱ្យបានហ្មត់ចត់ និងសិក្សាពីប្រវត្តិវេជ្ជសាស្ត្រ។

ក្រៅពីការពិនិត្យរាងកាយ គ្រូពេទ្យអាចនឹងធ្វើតេស្តបន្ថែមដូចខាងក្រោម៖

  • ការធ្វើតេស្តចរន្តសរសៃប្រសាទ (Nerve conduction testing): វាយតម្លៃការឆ្លើយតបនៃសរសៃប្រសាទនៅដៃ និងជើងក្នុងការបញ្ជូនសញ្ញាអគ្គិសនី
  • ការវាស់ចរន្តអគ្គិសនីសាច់ដុំ (Electromyography): ជារឿយៗធ្វើឡើងរួមគ្នាជាមួយការធ្វើតេស្តចរន្តសរសៃប្រសាទ ដើម្បីវាស់ស្ទង់ការបញ្ចេញចរន្តអគ្គិសនីនៅក្នុងសាច់ដុំ
  • ការធ្វើតេស្តដោយប្រើសរសៃនីឡុង (Filament testing): ប្រើសរសៃនីឡុងទន់ៗប៉ះលើស្បែក ដើម្បីវាយតម្លៃភាពរំញោចនៃស្បែក
  • ការធ្វើតេស្តវិញ្ញាណ (Sensory testing): ជាតេស្តដែលមិនមានការចាក់ទម្លុះ ដើម្បីវាយតម្លៃការឆ្លើយតបរបស់សរសៃប្រសាទទៅនឹងលំញ័រ និងការផ្លាស់ប្តូរសីតុណ្ហភាព
  • ការធ្វើតេស្តប្រព័ន្ធស្វ័យប្រវត្តិ (Autonomic testing): តេស្តដែលប្រើដើម្បីវាយតម្លៃកម្រិតនៃការបញ្ចេញញើស និងការប្រែប្រួលនៃសម្ពាធឈាមនៅពេលអ្នកជំងឺប្តូរឥរិយាបថ

ការព្យាបាល

បច្ចុប្បន្នមិនទាន់មានវិធីព្យាបាលឱ្យជាដាច់នៃជំងឺរបួសសរសៃប្រសាទដោយសារទឹកនោមផ្អែមឡើយ ប៉ុន្តែគោលដៅនៃការព្យាបាលរួមមាន៖

  • បង្ការការវិវត្តនៃជំងឺ៖ ដើម្បីបង្ការការខូចខាតសរសៃប្រសាទ កម្រិតជាតិស្ករក្នុងឈាមត្រូវតែរក្សាឱ្យមានស្ថិរភាព។ រោគសញ្ញាខ្លះអាចនឹងធូរស្រាលប្រសិនបើការគ្រប់គ្រងជាតិស្ករបានល្អ។ កម្រិតជាតិស្ករដែលស័ក្តិសមបំផុត គឺអាស្រ័យលើអាយុ រយៈពេលនៃជំងឺ និងសុខភាពទូទៅរបស់អ្នកជំងឺ
  • កាត់បន្ថយការឈឺចាប់៖ មានថ្នាំជាច្រើនសម្រាប់កាត់បន្ថយការឈឺចាប់សរសៃប្រសាទ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែទទួលបានជោគជ័យជាមួយថ្នាំទាំងនោះឡើយ។ អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យអំពីផលប្រយោជន៍ និងផលប៉ះពាល់នៃថ្នាំនីមួយៗ៖
  • ថ្នាំប្រឆាំងការប្រកាច់៖ ថ្នាំមួយចំនួនដែលប្រើសម្រាប់ព្យាបាលជំងឺឆ្កួតជ្រូក ក៏អាចប្រើសម្រាប់បំបាត់ការឈឺចាប់សរសៃប្រសាទបានដែរ។ ផលប៉ះពាល់អាចមានដូចជា ងងុយគេង វិលមុខ និងហើមដៃជើង
  • ថ្នាំប្រឆាំងការបាក់ទឹកចិត្ត៖ ថ្នាំប្រភេទ Tricyclic antidepressants អាចជួយសម្រាលការឈឺចាប់សរសៃប្រសាទកម្រិតស្រាលទៅខ្លាំង ប៉ុន្តែអាចបង្កឱ្យស្ងួតមាត់ ទល់លាមក និងងងុយគេង។ ថ្នាំប្រភេទ SNRIs ក៏អាចប្រើបានដែរ ដោយមានផលប៉ះពាល់តិចជាង

ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្តមួយប្រភេទទៀតដែលអាចបំបាត់ការឈឺចាប់សរសៃប្រសាទ និងមានផលប៉ះពាល់តិចជាងគឺថ្នាំទប់ស្កាត់ការស្រូបយកសារធាតុ serotonin និង norepinephrine (SNRIs)។ ផលប៉ះពាល់ដែលអាចកើតមានរួមមាន ការទល់លាមក ការថយចុះចំណង់អាហារ ងងុយដេក និងចង្អោរ។

ការរួមបញ្ចូលគ្នារវាងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំប្រឆាំងនឹងការប្រកាច់ត្រូវបានគេប្រើម្តងម្កាល។ ថ្នាំទាំងនេះក៏អាចលេបរួមគ្នាជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ផងដែរ

  • ការគ្រប់គ្រងផលវិបាក៖ អ្នកជំងឺអាចត្រូវការអ្នកជំនាញផ្សេងៗគ្នាដូចជា គ្រូពេទ្យបេះដូង ឬគ្រូពេទ្យតម្រងនោម និងផ្លូវទឹកនោម៖
    • ប្រព័ន្ធរំលាយអាហារ៖ ការញ៉ាំអាហារតិចៗតែញឹកញាប់ អាចជួយសម្រាលរោគសញ្ញាក្រពះដំណើរការយឺត។ ការកែសម្រួលរបបអាហារ និងថ្នាំសង្កូវអាចជួយបញ្ហារាគ ឬទល់លាមក
      • ផ្លូវទឹកនោម៖ ការកំណត់ពេលបត់ជើងតូចឱ្យបានទៀងទាត់អាចជួយបាន។ ក្នុងករណីខ្លះ អាចត្រូវការការប្រើបំពង់បូមទឹកនោមដោយខ្លួនឯង ប្រសិនបើសរសៃប្រសាទប្លោកនោមខូចខាតខ្លាំង
      • សម្ពាធឈាមធ្លាក់ចុះពេលក្រោកឈរ៖ គួរទម្លាប់ងើបឈរយឺតៗពីឥរិយាបថអង្គុយ ឬគេង។ ការគេងដោយលើកក្បាលគ្រែឱ្យខ្ពស់ពី ៤ ទៅ ៦ អ៊ីញ អាចជួយបង្ការសម្ពាធឈាមឡើងខ្ពស់នៅពេលយប់
      • បញ្ហាផ្លូវភេទ៖ ថ្នាំលេប ឬការប្រើប្រាស់ឧបករណ៍ជំនួយអាចជួយបង្កើនមុខងារផ្លូវភេទចំពោះបុរស ចំណែកស្ត្រីអាចប្រើប្រាស់សារធាតុរំអិលទ្វារមាសដើម្បីជួយសម្រួល

Doctors who treat this condition