ទិដ្ឋភាពទូទៅ
ជំងឺទឹកនោមផ្អែមគឺជាជំងឺមួយនៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក។ ជំងឺទឹកនោមផ្អែមអាចកើតឡើងនៅពេលដែលរាងកាយរបស់អ្នកផលិតអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់ ឬអរម៉ូនអាំងស៊ុយលីនដែលផលិតបាននោះមិនមានប្រសិទ្ធភាព ឬនៅពេលដែលរាងកាយរបស់អ្នកមិនអាចផលិតអរម៉ូនអាំងស៊ុយលីនបានទាល់តែសោះ ដែលអាចបណ្តាលឱ្យមានផលវិបាកមួយចំនួនរបស់ជំងឺទឹកនោមផ្អែមបាន អាចមានភាពធ្ងន់ធ្ងរដល់ថ្នាក់ស្រួចស្រាវបាន និងអាចប៉ះពាល់ដល់អាយុជីវិត ឬរ៉ាំរ៉ៃ ដែលអាចនាំទៅដល់បញ្ហារយៈពេលវែង និងវិវត្តន៍បន្តិចម្តងៗនាំឱ្យមានការខូចខាតធ្ងន់ធ្ងរ ប្រសិនបើមិនអាចរកឃើញ និងមិនបានព្យាបាល
ជំងឺទឹកនោមផ្អែមក្នុងរយៈពេលយូរអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងររួមទាំងបញ្ហាជើងផងដែរ។ ជំងឺទឹកនោមផ្អែមអាចបណ្តាលឱ្យជើងមានលំហូរឈាមមិនគ្រប់គ្រាន់ ឬស្ពឹកជើងក្នុងករណីខ្លះ។ ជាលទ្ធផលធ្វើឪ្យ ការមុតជើង កន្ទួលជើង និងពងបែកជើងអាចមានផលពិបាកក្នុងការកំណត់អត្តសញ្ញាណ។ មុខរបួសដែលមិនព្យាបាលហើយមិនមានការកត់សំគាល់នោះអាចឆ្លងមេរោគបានយ៉ាងឆាប់រហ័ស ដែលអាចបណ្តាលឱ្យមានផលវិបាក ហើយថែមទាំងអាចទាមទារដល់ការកាត់ជើងចេញទៀតផង។ មានវិធីជាច្រើនដើម្បីរក្សាសុវត្ថិភាពពីការរងរបួស និងការឆ្លងមេរោគបែបនេះ
អ្នកជំងឺទឹកនោមផ្អែមតែងតែជួបបញ្ហានៅជើងរបស់ពួកគេ។ ពួកគេអាចងាយនឹងឆ្លងមេរោគ ខូចទ្រង់ទ្រាយ និងមានដំបៅជើង។ ដំបៅជើង ឬពងបែករបស់អ្នកជំងឺទឹកនោមផ្អែមអាចឆ្លងមេរោគ ប្រសិនបើវាមិនបានទទួលការព្យាបាលភ្លាមៗ។ ដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងមេរោគ គ្រូពេទ្យវះកាត់ម្តងម្កាលអាចត្រូវការកាត់ម្រាមជើង ជើង ឬផ្នែកខ្លះនៃជើងចេញ
ជំងឺទឹកនោមផ្អែមអាចបណ្តាលឱ្យមានបញ្ហាពីរដែលអាចប៉ះពាល់ដល់ជើងរបស់អ្នក៖
- ជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ Diabetic neuropathy : សរសៃប្រសាទអាចខូចខាតដោយសារជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន។ អ្នកជំងឺប្រហែលជាមិនមានអារម្មណ៍ក្តៅ ត្រជាក់ ឬឈឺជើងប្រសិនបើពួកគេមានការខូចខាតសរសៃប្រសាទនៅទីនោះ។ ” ជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ” គឺជាពាក្យសម្រាប់អវត្តមាននៃអារម្មណ៍។ ការមុត ឬឈឺនៅលើជើងអាចកាន់តែអាក្រក់ទៅៗ ហើយឆ្លងមេរោគ ប្រសិនបើពួកគេមានជំងឺសរសៃប្រសាទហើយមិនអាចមានអារម្មណ៍ដឹងបាន
- ជំងឺសរសៃឈាមផ្នែកចុង Peripheral vascular disease: ជំងឺទឹកនោមផ្អែមថែមទាំងអាចផលប៉ះពាល់ដល់លំហូរឈាមផងដែរ។ មុខរបួស ឬនិងស្នាមកាត់ជាសះស្បើយយឺតជាងប្រសិនបើមានលំហូរឈាមមិនគ្រប់គ្រាន់។ ជំងឺសរសៃឈាមចុង សំដៅលើលំហូរឈាមមិនល្អនៅក្នុងដៃ និងជើង។ អ្នកជំងឺមានហានិភ័យខ្ពស់ក្នុងការកើតដំបៅ ឬមានដំបៅរលួយ ប្រសិនបើការឆ្លងមេរោគរបស់ពួកគេមិនជាសះស្បើយ ដោយសារលំហូរឈាមមិនគ្រប់គ្រាន់
រោគសញ្ញា
ជំងឺទឹកនោមផ្អែមដែលទាក់ទងនឹងជំងឺសរសៃប្រសាទ អាចបង្ហាញរោគសញ្ញាដូចខាងក្រោម៖
- ស្បែកដែលរងផលប៉ះពាល់បានប្រែពណ៌ទៅជាពណ៌ក្រមៅ
- ថយចុះឬបាត់បង់អារម្មណ៍ទៅលើញ្ញាណក្តៅឬត្រជាក់
- ជ្រុះសក់
- មានអារម្មណ៍ស្ពឹកឬញាក់
- មានការឈឺចាប់
សញ្ញាខាងក្រោមគួរត្រូវបានកត់សម្គាល់ប្រសិនបើជំងឺទឹកនោមផ្អែមដែលទាក់ទងនឹងជំងឺសរសៃប្រសាទ នាំឱ្យមានដំបៅជើង៖
- ការប្រែពណ៌នៅបរិវេនដែលរងផលប៉ះពាល់ ដូចជាស្បែក ឬក្រចកជើង
- ឈឺចាប់នៅជើង ឬកជើង
- ហើមជើង ឬកជើង
- ហូរទឹករងៃ ឬមានខ្ទុះ
- មានក្លិនស្អុយ
មូលហេតុ
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាប់រហូតអាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទនិងជំងឺសរសៃឈាមផ្នែកចុង។ ជើងអាចនឹងស្ពឹកបានដែលជាលទ្ធផលនៃជំងឺ ដូច្នេះហើយអ្នកជំងឺនឹងមិនអាចមានអារម្មណ៍ដឹងថាខ្លួនឯងកំពុងមានពងបែក មានដំបៅ ឬឈឺចាប់ឡើយ។ របួសដែលត្រូវបានមើលរំលងមិនបានព្យាបាលមានលទ្ធភាពអាចឆ្លងមេរោគបាន
ជំងឺសរសៃឈាមផ្នែកចុង ភាគច្រើនតែងតែកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជំងឺក្រិនសរសៃឈាមក្រហម (Atherosclerosis) ធ្វើឲ្យសរសៃឈាមអាទែត្បៀតឬកកស្ទះ។ លំហូរឈាមរត់មិនល្អ (លំហូរឈាមថយចុះ) អាចធ្វើឱ្យងាយប្រឈមនឹងការឆ្លងមេរោគ ឬដំបៅជើងដែលនាំមកដោយជំងឺទឹកនោមផ្អែមមិនអាចជាសះស្បើយ
កត្តាហនិភ័យ
អ្នកកើតជំងឺទឹកនោមផ្អែមច្រើនតែជួបបញ្ហាជើង ជាពិសេសអ្នកដែល៖
- លើសទម្ងន់ ឬធាត់
- ជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបានរយៈពេលយូរ
- ខូចខាតសរសៃប្រសាទ ឬមានលំហូរឈាមមិនល្អនៅក្នុងជើង
- សម្ពាធឈាមខ្ពស់
- កម្រិតខ្លាញ់កូឡេស្តេរ៉ុលខ្ពស់
- ការខូចទ្រង់ទ្រាយជើងដូចជា ជំងឺហើមមេជើង bunion ឬ hammertoe
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីកំណត់បញ្ហាជើងទាក់ទងនឹងជំងឺទឹកនោមផ្អែម អ្នកជំនាញថែទាំសុខភាពនឹងធ្វើ៖
- ការពិនិត្យរាងកាយ៖ អ្នកផ្តល់សេវាថែទាំសុខភាពនឹងវាយតម្លៃពីសញ្ញា និងរោគសញ្ញា ថាតើអ្នកជំងឺគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប៉ុណ្ណា។ ធ្វើការវាយតម្លៃជើង ប្រអប់ជើង និងម្រាមជើង ដើម្បីកំណត់ថាតើមានការស្ពឹក ឬដំបៅដែលមានពណ៌ក្រហម ហើម ប្រែពណ៌ ឬហូរទឹករងៃចេញពីមុខរបួសដែរឬទេ។ ផ្នែកខ្លះនៃស្បែក ឬការបញ្ចេញទឹករងៃអាចត្រូវបានគេយកទៅធ្វើតេស្តរកមើលសញ្ញាណាមួយរបស់ការឆ្លងមេរោគ
- ការធ្វើតេស្តរូបភាព៖ អ្នកផ្តល់សេវាថែទាំសុខភាពអាចបញ្ជាឱ្យធ្វើតេស្តរូបភាពដូចជា X-ray ឬ MRI ដើម្បីវាយតម្លៃដល់ស្ថានភាពបរិវេនដែលរងផលប៉ះពាល់
ការព្យាបាល
ដោយសារជំងឺទឹកនោមផ្អែមជាជំងឺដែលមានផលវិបាកច្រើន វិធីសាស្រ្តល្អបំផុតរបស់ការព្យាបាលគឺការព្យាបាលបែបពហុជំនាញ ដែលវេជ្ជបណ្ឌិតមានគោលបំណងសម្រាប់ការថែទាំរួមសម្រាប់ស្ថានភាពទូទៅទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីស្តារសុខុមាលភាពទូទៅរបស់អ្នកជំងឺឡើងវិញ
គ្រូពេទ្យឯកទេសខាងជំងឺជើង (Podiatrist) ជាគ្រូពេទ្យដែលមានឯកទេសផ្តោតតែទៅលើជើង អាចផ្តល់ការព្យាបាលការឈឺជើងដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបាន។ វគ្គនៃការព្យាបាលអាចរួមមានៈ
- ការសម្អាតមុខរបួស
- បង្ហូរខ្ទុះ ឬទឹករងៃចេញពីដំបៅ
- សំអាតកំទេចកំទីនិងកាត់ជាលិកាដែលឆ្លងមេរោគ ឬងាប់ចេញ
- ផ្តល់ថ្នាំអង់ទីប៊ីយោទិចតាមរយៈមាត់ ឬតាមយៈសរសៃឈាម ដើម្បីព្យាបាលនិងការពារការឆ្លងមេរោគ
- បិទបង់រុំពិសេស និងលាបក្រមួនដើម្បីបឺតយកខ្ទុះ ដើម្បីការពារមុខរបួស និងបង្កើនល្បឿនដល់ការព្យាបាល
- សម្រាលជើងដែលរងផលប៉ះពាល់ដោយប្រើរទេះរុញ ឬឈើច្រត់ជួយ
អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអាចផ្តល់ការណែនាំដល់ការសម្រាកនៅមន្ទីរពេទ្យ ប្រសិនបើមានការឆ្លងមេរោគធ្ងន់ធ្ងរ។ ជួនកាលការវះកាត់ជើងចេញក៏តម្រូវឱ្យធ្វើដើម្បីបញ្ឈប់ការឆ្លងរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ

