ទិដ្ឋភាពទូទៅ

ជំងឺ Dermatofibrosarcoma protuberans (DFSP) គឺជាមហារីកស្បែកម្យ៉ាង ដែលចាប់ផ្តើមដុះចេញពីកោសិកាភ្ជាប់ (Connective tissue) នៅក្នុងស្រទាប់ស្បែកពិត (Dermis)។ វាអាចមានសណ្ឋានដូចជាមុន ឬមានអារម្មណ៍ថាជាតំបន់ស្បែកដែលគ្រើម។ ស្ថានភាពដ៏កម្រនេះ ជាធម្មតាកើតឡើងនៅលើដៃ ជើង និងដងខ្លួន។

ជំងឺ DFSP នេះមានប្រភពចេញពីស្រទាប់ស្បែកពិត ដែលជាស្រទាប់កណ្តាលនៃស្បែក មានតួនាទីជាច្រើនដូចជា ការពាររាងកាយ ផ្ដល់ទម្រង់ទ្រទ្រង់ដល់ស្រទាប់ស្បែកខាងលើ (Epidermis) ការទទួលដឹងនូវវិញ្ញាណផ្សេងៗ និងការបង្កើតញើស។

ជំងឺ DFSP ត្រូវបានបែងចែកជាប្រភេទរងមួយចំនួនដូចជា៖

  • ដុំសាច់ Bednar (Pigmented DFSP): ប្រហែល ៥ ភាគរយ នៃអ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន DFSP គឺស្ថិតក្នុងប្រភេទនេះ។ វាអាចមានពណ៌ចម្រុះដូចជា ពណ៌ក្រហម ត្នោត ខៀវ និងស្វាយ។ កោសិកាទាំងនេះសម្បូរទៅដោយជាតិមេឡានីន (Melanin) ដែលជាអ្នកផ្ដល់ពណ៌ដល់ស្បែក។
  • Giant cell fibroblastoma: ប្រភេទនេះប៉ះពាល់ជាចម្បងលើកុមារ និងយុវវ័យ។ គេក៏ហៅវាម្យ៉ាងទៀតថា DFSP លើកុមារ (Juvenile DFSP)។
  • Fibrosarcomatous DFSP (DFSP-FS): វាត្រូវបានសម្គាល់ដោយការលូតលាស់យ៉ាងឆាប់រហ័ស និងកាច សម្រាប់ដុំសាច់មហារីក Soft tissue sarcoma។
  • Myxoid DFSPs: នេះគឺជាប្រភេទ DFSP ដ៏កម្រម្យ៉ាង ដែលកើតឡើងពីទម្រង់មិនធម្មតានៃកោសិកាភ្ជាប់ ដែលគេស្គាល់ថា Myxoid stroma។

ជំងឺ DFSP មានអត្រាលូតលាស់យឺត និងកម្រនឹងរីករាលដាលទៅក្រៅស្បែកណាស់។ ជម្រើសនៃការព្យាបាលរួមមាន ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយប្រើថ្នាំចំគោលដៅ និងការវះកាត់។

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃ DFSP កាន់តែច្បាស់នៅពេលដែលដុំសាច់ចាប់ផ្តើមលូនចេញមកលើស្រទាប់ស្បែកខាងលើ បង្កើតបានជាដុំសាច់ដុះរឹងៗដែលគេហៅថា “Protuberans”។ ទោះជាយ៉ាងណាក៏ដោយ សញ្ញាដំបូងរបស់វាអាចមានសភាពស្រាល និងងាយនឹងមើលរំលង។

ជាធម្មតា DFSP កើតឡើងនៅលើតំបន់ដូចជា ទ្រូង ខ្នង ស្មា ពោះ ឬគូទ ប៉ុន្តែវាក៏អាចកើតមាននៅលើដៃ ជើង ស្បែកក្បាល ឬសូម្បីតែក្នុងមាត់ផងដែរ។ ដុំសាច់ទាំងនោះអាចមានលក្ខណៈដូចជា៖

  • មានសភាពដូចកៅស៊ូ ឬរឹង
  • ជាប់ស្អិតទៅនឹងស្បែក (មិនរំកិល)
  • ឈឺអុចៗនៅពេលប៉ះ
  • ងាយនឹងហូរឈាម ឬប្រេះចេញ
  • មានពណ៌ត្នោតក្រហម ស្វាយ ខៀវ ឬក្រហម
  • រីកទំហំធំឡើង និងធ្វើឱ្យស្បែកតឹង

ប្រសិនបើអ្នកសង្កេតឃើញសញ្ញា ឬរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រគឺមានសារៈសំខាន់ ជាពិសេសក្នុងករណីដែលមានដុំសាច់ដុះថ្មី ឬមិនបាត់ទៅវិញ ការប្រែប្រួលនៃប្រជ្រុយ ស្នាមពីកំណើត ស្នាមរបួស ស្នាមសាក់ ឬដុំសាច់ដែលងាយហូរឈាម។

​​ មូលហេតុ

អ្នកជំនាញជឿថា ជំងឺ DFSP បណ្តាលមកពីការប្រែប្រួលហ្សែនដែលកើតឡើងនៅក្នុងកោសិកាបន្ទាប់ពីកំណើត។ រហូតដល់ ៩០ ភាគរយ នៃបុគ្គលដែលកើតជំងឺ DFSP គឺមានការប្រែប្រួលហ្សែនដែលនាំឱ្យមានស្ថានភាពនេះ។

កត្តាហានិភ័យ

ហានិភ័យនៃជំងឺ DFSP កើនឡើងដោយសារតែការរងរបួសស្បែក ឬស្នាមរបួស ដែលអាចបណ្តាលមកពីរលាក ការព្យាបាលដោយកាំរស្មី ស្នាមវះកាត់ ឬស្នាមសាក់។ កត្តាទាំងនេះអាចរួមចំណែកដល់ការកើនឡើងនៃភាពងាយរងគ្រោះក្នុងការវិវត្តទៅជាជំងឺ DFSP

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យជំងឺ Dermatofibrosarcoma protuberans រួមមានតេស្ត និងនីតិវិធីមួយចំនួនដូចជា៖

  • ការពិនិត្យស្បែក៖ រោគសញ្ញាមហារីកស្បែកត្រូវបានរកឃើញដំបូងតាមរយៈការពិនិត្យមើលស្បែកដោយភ្នែកទទេ ចំណែកគ្រូពេទ្យនឹងស្វែងរកការប្រែប្រួលខុសធម្មតានៃស្បែក ដុំសាច់ ឬដំបៅផ្សេងៗ។
  • ការធ្វើកោសល្យវិច័យស្បែក៖ នីតិវិធីនេះអាចកំណត់ថាតើមានកោសិកាមហារីកដែរឬទេ។ ក្នុងអំឡុងពេលច្រឹបសាច់ គេនឹងយកសំណាកលិកាស្បែកដែលប៉ះពាល់ បំណែកនៃដុំសាច់ ឬដុំសាច់ទាំងមូល ដើម្បីយកទៅវិភាគក្នុងមន្ទីរពិសោធន៍។
  • ការថតរូបភាពវេជ្ជសាស្ត្រ៖ ប្រសិនបើលទ្ធផលការធ្វើកោសល្យវិច័យបញ្ជាក់ថាជា DFSP ការថត MRI អាចនឹងត្រូវការចាំបាច់ ដើម្បីដឹងថាដុំសាច់នោះមានជម្រៅប៉ុនណា និងទំហំប៉ុនណា។

ការព្យាបាល

ការព្យាបាលជំងឺ DFSP អាចតម្រូវឱ្យមានការរួមបញ្ចូលគ្នានៃវិធីសាស្ត្រជាច្រើនដើម្បីទទួលបានជោគជ័យ។ ក្នុងករណីភាគច្រើន ការព្យាបាលចាប់ផ្តើមដោយការវះកាត់ ហើយអាចត្រូវការការព្យាបាលបន្ថែមទៀត ដើម្បីកម្ចាត់កោសិកាមហារីកដែលនៅសេសសល់។

  • ការវះកាត់យកមហារីកចេញ៖ វិធីនេះអាចបង្កើនលទ្ធភាពក្នុងការកម្ចាត់កោសិកាមហារីកទាំងអស់។ នីតិវិធីនេះរួមមានការយកមហារីកចេញ រួមជាមួយលិការល្អៗមួយចំនួនដែលនៅជុំវិញនោះ។
  • ការវះកាត់បែប Mohs (Mohs surgery)៖ ការព្យាបាលចម្បងសម្រាប់ DFSP គឺការវះកាត់យកចេញ ដែលជាធម្មតាធ្វើឡើងតាមរយៈវិធីសាស្ត្រ Mohs។ នីតិវិធីនេះរួមមានការប្រើថ្នាំស្ពឹកក្នុងតំបន់ វះកាត់កាត់ដុំសាច់មហារីកចេញជាមួយលិកាល្អៗក្នុងបរិមាណតិចតួច រួចពិនិត្យគែមលិកានោះក្រោមមីក្រូទស្សន៍ដើម្បីរកកោសិកាមហារីក។ ប្រសិនបើគេរកឃើញកោសិកាមហារីកនៅគែម លិកាបន្ថែមនឹងត្រូវយកចេញរហូតដល់លែងមានកោសិកាមហារីក។ បន្ទាប់ពីប្រាកដថាបានយកចេញអស់ហើយ ការវះកាត់កែសម្ផស្សអាចនឹងត្រូវធ្វើឡើង។
  • ការព្យាបាលដោយវិទ្យុសកម្ម៖ ប្រសិនបើការវះកាត់មិនអាចកម្ចាត់មហារីកបានទាំងស្រុង ការព្យាបាលដោយកាំរស្មីអាចនឹងត្រូវការចាំបាច់។ វិធីនេះប្រើធ្នឹមថាមពលខ្ពស់ដូចជា កាំរស្មីអ៊ិច និងប្រូតុង ដើម្បីបំផ្លាញកោសិកាមហារីក។
  • ការព្យាបាលដោយប្រើថ្នាំចំគោលដៅ៖ ថ្នាំ Imatinib ជារឿយៗត្រូវបានប្រើដើម្បីដោះស្រាយជំងឺ DFSP ដែលបានរីករាលដាល ឬដុំសាច់ដែលមានទំហំធំពេក ឬពិបាកក្នុងការវះកាត់យកចេញ។ វាក៏អាចកាត់បន្ថយទំហំដុំសាច់ ដែលជួយសម្រួលដល់ការវះកាត់នៅពេលចាំបាច់។ កោសិកាមហារីកចំពោះមនុស្សមួយចំនួនដែលមានជំងឺ DFSP ផលិតប្រូតេអ៊ីនច្រើនជ្រុល។ ការព្យាបាលចំគោលដៅផ្ដោតលើសារធាតុជាក់លាក់ដែលមាននៅក្នុងកោសិកាមហារីក។ តាមរយៈការរារាំងសារធាតុទាំងនេះ ថ្នាំចំគោលដៅនឹងធ្វើឱ្យកោសិកាមហារីកងាប់។
  • ការស្រាវជ្រាវគ្លីនិក (Clinical research)៖ ការចូលរួមក្នុងកម្មវិធីសាកល្បងគ្លីនិកដែលផ្ដោតលើការវាយតម្លៃការព្យាបាលថ្មីៗសម្រាប់ DFSP ក៏អាចជាលទ្ធភាពមួយដែរ។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងចាំបាច់ដែលត្រូវពិភាក្សាជាមួយគ្រូពេទ្យ ជាពិសេសអំពីហានិភ័យដែលមិនទាន់ដឹងច្បាស់ដែលមកជាមួយវា។

Doctors who treat this condition