ទិដ្ឋភាពទូទៅ

ពាក្យទូទៅ “Dermatitis” (រលាកស្បែក) ត្រូវបានប្រើដើម្បីពិពណ៌នាអំពីបញ្ហារលាកស្បែកធម្មតា។ វាមានមូលហេតុ និងរោគសញ្ញាជាច្រើន ប៉ុន្តែជាធម្មតាវាបង្កឱ្យមានស្បែកស្ងួត រមាស់ ឬមានកន្ទួល។ ស្បែកក៏អាចឡើងពងបែក ហូរទឹក រឹងស្រទាប់ ឬរបកផងដែរ។ ប្រភេទដែលគេជួបប្រទះញឹកញាប់បំផុតមានបីគឺ៖ ជំងឺរលាកស្បែកអាតូពិក (Atopic dermatitis/Eczema) ជំងឺរលាកស្បែកប្រភេទ Seborrheic និងជំងឺរលាកស្បែកដោយសារការប៉ះពាល់ (Contact dermatitis)។ នៅពេលអ្នកឮពាក្យថា “dermatitis” ពាក្យថា “derm” មានន័យថាស្បែក ហើយ “itis” សំដៅលើការរលាក។ អត្ថន័យរួមនៃឃ្លានេះគឺ “ការរលាកស្បែក”។ អាស្រ័យលើប្រភពបង្ក កន្ទួលអាចមានកម្រិតពីស្រាលទៅធ្ងន់ធ្ងរ និងបង្កឱ្យមានបញ្ហាមួយចំនួន។

ជំងឺរលាកស្បែកអាចកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា ដែលទម្រង់ខ្លះជួបប្រទះញឹកញាប់ជាងគេ។ ប្រហែល ២ ទៅ ៣ ភាគរយនៃមនុស្សពេញវ័យ និង ២៥ ភាគរយនៃកុមារទទួលរងនូវជំងឺរលាកស្បែកអាតូពិក។ ចំណែកឯ ១៥ ទៅ ២០ ភាគរយនៃមនុស្សទូទៅ នឹងកើតមានជំងឺរលាកស្បែកដោយសារការប៉ះពាល់ នៅពេលណាមួយក្នុងជីវិតរបស់ពួកគេ។

ទោះបីជាជំងឺរលាកស្បែកមិនមែនជាជំងឺឆ្លងក៏ដោយ ប៉ុន្តែវាអាចបង្កឱ្យមានការឈឺចាប់ និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ការលាបឡេផ្តល់សំណើមជាប្រចាំជួយគ្រប់គ្រងរោគសញ្ញាបាន។ ក្រៅពីនេះ សាប៊ូកក់សក់ឱសថ ឡេ និងមួន ក៏អាចត្រូវបានប្រើសម្រាប់ការព្យាបាលផងដែរ។

រោគសញ្ញា

ទីតាំងនៃជំងឺរលាកស្បែកនីមួយៗនៅលើរាងកាយរបស់អ្នកមានភាពខុសគ្នា។ សញ្ញាព្រមាន និងរោគសញ្ញាមួយចំនួនរួមមាន៖

  • រមាស់ស្បែក ឬស្ងួតស្បែក
  • អង្គែ
  • ស្បែកក្រិន
  • ឡើងពកនៅគល់រោម
  • ឡើងពងបែកដែលមានហូរទឹករងៃ ឬក្រិន
  • កន្ទួលលើស្បែកដែលមានសភាពហើម និងមានពណ៌ប្រែប្រួលទៅតាមពណ៌សម្បុរស្បែករបស់អ្នក

ប្រសិនបើអ្នកកត់សម្គាល់ឃើញរោគសញ្ញាទាំងនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ៖

  • មានការឈឺចាប់ខ្លាំងនៅលើស្បែក
  • អ្នកសង្ស័យថាមានការឆ្លងមេរោគលើស្បែក
  • ទោះបីជាអ្នកបានព្យាយាមថែទាំខ្លួនឯងហើយក៏ដោយ ប៉ុន្តែរោគសញ្ញា និងសញ្ញាទាំងនោះនៅតែបន្តកើតមាន
  • អ្នកមិនអាចគេងលក់ ឬមិនអាចផ្ដោតអារម្មណ៍លើកិច្ចការប្រចាំថ្ងៃបាន ដោយសារតែការរំខានខ្លាំងពេក

​​មូលហេតុ

ការប៉ះពាល់ជាមួយសារធាតុដែលធ្វើឱ្យរលាកស្បែក ឬបង្កើតឱ្យមានប្រតិកម្មអាឡែហ្ស៊ី ដូចជាគ្រឿងអលង្ការដែលមានផ្ទុកជាតិដែកនីកែល (Nickel) វល្លិពុល ទឹកអប់ និងឡេ គឺជាមូលហេតុទូទៅនៃជំងឺរលាកស្បែក។ ស្បែកស្ងួត ការឆ្លងមេរោគបាក់តេរី ការឆ្លងមេរោគវីរុស ភាពតានតឹង តំណពូជ និងបញ្ហាប្រព័ន្ធការពាររាងកាយ ក៏ជាមូលហេតុបន្ថែមនៃជំងឺរលាកស្បែកផងដែរ។

កត្តាហានិភ័យ

ខាងក្រោមនេះគឺជាកត្តាហានិភ័យទូទៅនៃជំងឺរលាកស្បែក៖

  • អាយុ៖ ជំងឺរលាកស្បែកអាចកើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជំងឺរលាកស្បែកអាតូពិក (Eczema) ប៉ះពាល់ដល់កុមារញឹកញាប់ជាងមនុស្សពេញវ័យ ហើយជាធម្មតាចាប់ផ្តើមតាំងពីវ័យទារក។
  • អាឡែហ្ស៊ី និងហឺត៖ ជំងឺរលាកស្បែកអាតូពិកទំនងជាកើតមានខ្ពស់ចំពោះអ្នកដែលមានប្រវត្តិផ្ទាល់ខ្លួន ឬគ្រួសារធ្លាប់មានបញ្ហាត្រអក អាឡែហ្ស៊ី គ្រុនក្ដៅដោយសារលំអងផ្កា (Hay fever) ឬជំងឺហឺត។
  • មុខរបរ៖ ការងារដែលតម្រូវឱ្យអ្នកប៉ះពាល់ជាមួយលោហៈធាតុ សារធាតុរលាយ ឬផលិតផលសម្អាតមួយចំនួន នឹងបង្កើនហានិភ័យនៃជំងឺរលាកស្បែកដោយសារការប៉ះពាល់។ បញ្ហាត្រអកលើដៃ និងការធ្វើការក្នុងវិស័យវេជ្ជសាស្ត្រក៏មានទំនាក់ទំនងគ្នាផងដែរ។
  • បញ្ហាសុខភាពផ្សេងទៀត៖ ជំងឺរលាកស្បែកប្រភេទ Seborrheic ទំនងជាប៉ះពាល់ដល់អ្នកដែលមានជំងឺខ្សោយបេះដូង ជំងឺ Parkinson និងជំងឺអេដស៍ (HIV/AIDS)។

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យនឹងសាកសួរអំពីរោគសញ្ញា និងពិនិត្យស្បែករបស់អ្នក ដើម្បីមើលថា តើអ្នកមានជំងឺរលាកស្បែកដែរឬទេ។ ស្បែកមួយដុំតូចអាចនឹងត្រូវយកចេញ (ការច្រឹបសាច់ពិនិត្យ ឬ ការធ្វើកោសល្យវិច័យ) ដើម្បីវិភាគក្នុងមន្ទីរពិសោធន៍ ដែលវាជួយក្នុងការដកចេញនូវលទ្ធភាពនៃជំងឺផ្សេងៗទៀត។

ការធ្វើតេស្តដោយបិទបន្ទះថ្នាំ

គ្រូពេទ្យអាចនឹងណែនាំឱ្យអ្នកធ្វើតេស្តដោយបិទបន្ទះថ្នាំនៅលើស្បែក។ ក្នុងអំឡុងពេលតេស្តនេះ សារធាតុផ្សេងៗក្នុងបរិមាណតិចតួច ត្រូវបានដាក់នៅលើស្បែករបស់អ្នក រួចគ្របវាទុក។ ក្នុងអំឡុងពេលនៃការមកពិនិត្យនៅប៉ុន្មានថ្ងៃបន្ទាប់ គ្រូពេទ្យនឹងពិនិត្យស្បែករបស់អ្នក ដើម្បីរកមើលសញ្ញានៃប្រតិកម្ម។ ការធ្វើតេស្តនេះ អាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណសារធាតុបង្កអាឡែហ្ស៊ីជាក់លាក់ ដែលបណ្តាលឱ្យអ្នកមានជំងឺរលាកស្បែក។

ការព្យាបាល

មូលហេតុនៃជំងឺរលាកស្បែក និងរោគសញ្ញារបស់អ្នកជំងឺអាចកំណត់វិធីសាស្ត្រព្យាបាលដ៏ល្អបំផុត។ ការព្យាបាលជំងឺរលាកស្បែក អាចរួមបញ្ចូលនូវចំណុចមួយ ឬច្រើនដូចខាងក្រោម បន្ថែមលើការផ្លាស់ប្តូររបៀបរស់នៅ និងការប្រើប្រាស់ថ្នាំតាមផ្ទះ៖

  • ការប្រើប្រាស់គ្រីម កូទីកូស្តេរ៉ូអ៊ីត (Corticosteroid), ជែល ឬមួន ដើម្បីលាបលើស្បែកដែលមានបញ្ហា។
  • ការប្រើប្រាស់ឡេ ឬក្រមួនដែលមានឥទ្ធិពលផ្លាស់ប្តូរប្រព័ន្ធការពាររាងកាយ (Calcineurin inhibitors) នៅលើស្បែកដែលមានបញ្ហា។
  • ការព្យាបាលដោយពន្លឺ (Phototherapy) ដែលរួមមានការដាក់ស្បែកដែលមានបញ្ហាឱ្យប៉ះជាមួយពន្លឺធម្មជាតិ ឬពន្លឺសិប្បនិម្មិត ក្នុងកម្រិតដែលគេបានគ្រប់គ្រង។
  • ការព្យាបាលជំងឺកម្រិតធ្ងន់ធ្ងរ ដោយប្រើថ្នាំកូទីកូស្តេរ៉ូអ៊ីតលេបតាមមាត់ ឬថ្នាំចាក់ Dupilumab។
  • ការរុំរបួស Wet dressings ដែលជានីតិវិធីវេជ្ជសាស្ត្រសម្រាប់ព្យាបាលជំងឺរលាកស្បែកអាតូពិកកម្រិតធ្ងន់ធ្ងរ ដោយការលាបថ្នាំកូទីកូស្តេរ៉ូអ៊ីតលើតំបន់ដែលមានបញ្ហា ហើយរុំវាជាមួយបង់រុំដែលសើម។

Doctors who treat this condition