ទិដ្ឋភាពទូទៅ
ជំងឺហឺតគឺជាជំងឺសួតរ៉ាំរ៉ៃដែលប៉ះពាល់ដល់ផ្លូវដង្ហើម បណ្តាលឱ្យមានការរលាកនៅពេលប៉ះពាល់នឹងកត្តាជំរុញមួយចំនួន។ កត្តាជំរុញទាំងនេះអាចរួមមាន ការដកដង្ហើមចូលនូវលំអងផ្កា ឬការឆ្លងមេរោគផ្លូវដង្ហើមដូចជាជំងឺផ្តាសាយជាដើម។ ចំពោះកុមារ ជំងឺហឺតអាចនាំឱ្យមានរោគសញ្ញាប្រចាំថ្ងៃដែលរំខានដល់សកម្មភាពនានា ដូចជាការលេង កីឡា ការរៀនសូត្រ និងការគេង។ ប្រសិនបើមិនបានគ្រប់គ្រងឱ្យបានត្រឹមត្រូវទេ ជំងឺហឺតក៏អាចបណ្តាលឱ្យមានការរើឡើងនៃរោគសញ្ញាធ្ងន់ធ្ងរ (Asthma attacks) ដែលអាចគ្រោះថ្នាក់ដល់ជីវិត និងអាចកើតឡើងភ្លាមៗ ឬបន្តិចម្តងៗតាមពេលវេលា។
ទោះបីជាជំងឺហឺតអាចកើតឡើងនៅគ្រប់វ័យក៏ដោយ ប៉ុន្តែវាច្រើនតែចាប់ផ្តើមនៅវ័យកុមារ នៅពេលដែលប្រព័ន្ធការពាររាងកាយកំពុងលូតលាស់។ កុមារភាគច្រើនជួបប្រទះរោគសញ្ញាហឺតដំបូងមុនអាយុ ៥ ឆ្នាំ។ ស្ថានភាពនេះអាចបណ្តាលឱ្យកុមារអវត្តមានពីសាលារៀន ហើយថែមទាំងអាចឈានដល់ការសម្រាកនៅមន្ទីរពេទ្យទៀតផង។ ជំងឺហឺតចំពោះកុមារគឺមានលក្ខណៈដូចគ្នាទៅនឹងជំងឺហឺតចំពោះមនុស្សពេញវ័យដែរ ប៉ុន្តែវាផ្តល់នូវបញ្ហាប្រឈមពិសេសចំពោះកុមារ។
គួរឱ្យសោកស្តាយ ជំងឺហឺតចំពោះកុមារមិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយដាច់នោះទេ ហើយរោគសញ្ញាអាចបន្តរហូតដល់វ័យពេញវ័យ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការព្យាបាលដ៏សមស្រប អ្នក និងកូនរបស់អ្នកអាចគ្រប់គ្រងរោគសញ្ញាបានយ៉ាងមានប្រសិទ្ធភាព និងការពារការខូចខាតដល់សួតដែលកំពុងលូតលាស់។
រោគសញ្ញា
រោគសញ្ញាទូទៅនៃជំងឺហឺតចំពោះកុមាររួមមានដូចខាងក្រោម៖
- ការក្អកញឹកញាប់ ដែលអាចកើតឡើងអំឡុងពេលលេង សើច នៅពេលយប់ ឬពេលទើបតែភ្ញាក់ពីគេង។ ជួនកាល ការក្អកអាចជារោគសញ្ញាតែមួយគត់។
- ការថយចុះកម្រិតថាមពលអំឡុងពេលធ្វើសកម្មភាពរាងកាយ ឬការលេង។
- ការដកដង្ហើមញាប់ ឬមានអារម្មណ៍ដង្ហក់ (ពិបាកដកដង្ហើម)។
- ការត្អូញត្អែរថាណែនទ្រូង ឬឈឺក្នុងទ្រូង។
- ការដកដង្ហើមឮសូរ “ឃឺតៗ” (Wheezing) ដែលជាសំឡេងដូចជាហួចនៅពេលកុមារដកដង្ហើមចេញ ឬចូល។
- ការផតទ្រូង (Retractions) ដែលជាស្ថានភាពដែលតំបន់ចន្លោះឆ្អឹងជំនីរ និងករបស់កុមារផតចូលក្នុងនៅពេលដកដង្ហើមចេញ ដែលបង្ហាញពីការពិបាកដកដង្ហើម។
- មានអារម្មណ៍ខ្សោយ ឬហត់នឿយ។
- ឆាប់ខឹង ឬមួរម៉ៅ។
- ពិបាកបំបៅ ដូចជាមានបញ្ហាក្នុងការជញ្ជក់ ឬការញ៉ាំ។
វាជារឿងសំខាន់ដែលត្រូវដឹងថា រោគសញ្ញាហឺតអាចមានភាពខុសប្លែកគ្នារវាងកុមារម្នាក់ទៅម្នាក់ទៀត និងអាចផ្លាស់ប្តូរតាមពេលវេលា។ កុមារខ្លះអាចមានរោគសញ្ញាតែមួយគត់ ដូចជាការក្អកជាប់រហូត ឬការតឹងទ្រូង។ ជួនកាល វាអាចជាការពិបាកក្នុងការកំណត់ថា តើរោគសញ្ញាទាំងនេះបណ្តាលមកពីជំងឺហឺត ឬបញ្ហាផ្លូវដង្ហើមផ្សេងទៀត ដូចជាជំងឺរលាកទងសួតបង្កដោយមេរោគ។
សញ្ញាគ្រោះថ្នាក់ដែលត្រូវស្វែងរកជំនួយវេជ្ជសាស្ត្របន្ទាន់៖
ក្នុងអំឡុងពេលនៃការរើឡើងនៃជំងឺហឺត (Asthma attack) រោគសញ្ញាអាចកាន់តែអាក្រក់ទៅៗយ៉ាងខ្លាំង។ ប្រសិនបើកូនរបស់អ្នកបង្ហាញសញ្ញាណាមួយដូចខាងក្រោម សូមស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់៖
- ការក្អកខ្លាំង និងមិនបាត់សោះ។
- ការដង្ហក់ ឬដកដង្ហើមឮ “ឃឺតៗ” កាន់តែខ្លាំងឡើងយ៉ាងរហ័ស។
- ការពិបាកដកដង្ហើមធ្ងន់ធ្ងរ។
- អត្រាដកដង្ហើមកើនឡើង ទោះបីជាកំពុងសម្រាកក៏ដោយ។
- ស្បែកស្លេកស្លាំង ឬមានពណ៌ស្វាយនៅត្រង់ផ្ទៃមុខ បបូរមាត់ ឬក្រចកដៃ។
- ពិបាកនិយាយ មិនអាចនិយាយជាប្រយោគបាន ឬមិនអាចនិយាយបានទាល់តែសោះ។
មូលហេតុ
មូលហេតុពិតប្រាកដនៃជំងឺហឺត មិនទាន់ត្រូវបានអ្នកស្រាវជ្រាវយល់ដឹងពេញលេញនៅឡើយទេ ប៉ុន្តែវាច្រើនតែលេចឡើងក្នុងវ័យកុមារ នៅពេលដែលប្រព័ន្ធការពាររាងកាយរបស់កុមារកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់។ កត្តាមួយចំនួនអាចមានឥទ្ធិពលលើការវិវត្តនៃជំងឺហឺត និងការឆ្លើយតបរបស់រាងកាយទៅនឹងមេរោគ។ កត្តាទាំងនោះរួមមាន៖
- តំណពូជ៖ ប្រវត្តិគ្រួសារដែលមានជំងឺហឺត ដូចជាមានឪពុក ឬម្តាយកើតជំងឺនេះជាដើម។
- សារធាតុបង្កអាឡែហ្ស៊ី៖ សារធាតុនៅក្នុងបរិស្ថានដែលអាចជំរុញឱ្យមានប្រតិកម្មអាឡែហ្ស៊ីចំពោះកូនរបស់អ្នក ដូចជាធូលី ឬផ្សែងបារី។
- ការឆ្លងមេរោគវីរុសក្នុងវ័យកុមារ៖ ការឆ្លងមេរោគផ្លូវដង្ហើម ដូចជាជំងឺផ្តាសាយទូទៅ ដែលអាចប៉ះពាល់ដល់ការដកដង្ហើម និងរួមចំណែកដល់ការវិវត្តនៃជំងឺហឺត។
- សកម្មភាពរាងកាយ៖ ការធ្វើលំហាត់ប្រាណ ឬការលេងខ្លាំងៗ។
- ការផ្លាស់ប្តូរអាកាសធាតុ៖ ការប៉ះពាល់ជាមួយខ្យល់ត្រជាក់។
កត្តាហានិភ័យ
មានកត្តាមួយចំនួនដែលអាចបង្កើនលទ្ធភាពនៃការកើតជំងឺហឺតចំពោះកូនរបស់អ្នក។ កត្តាទាំងនោះរួមមាន៖
- ការប៉ះពាល់នឹងផ្សែងបារី ទាំងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។
- ប្រវត្តិមានប្រតិកម្មអាឡែហ្ស៊ី ដែលអាចរួមមានប្រតិកម្មលើស្បែក អាឡែហ្ស៊ីជាមួយអាហារជាក់លាក់ ឬការរលាកច្រមុះដោយសារអាឡែហ្ស៊ី (ដែលគេនិយមហៅថា គ្រុនផ្ដាសាយចំបើង – Hay fever)
- ប្រវត្តិគ្រួសារដែលមានជំងឺហឺត ឬអាឡែហ្ស៊ី
- ការរស់នៅក្នុងតំបន់ដែលមានកម្រិតការបំពុលបរិយាកាសខ្ពស់
- ភាពធាត់
- ស្ថានភាពផ្លូវដង្ហើម ដូចជាការតឹងច្រមុះរ៉ាំរ៉ៃ ការរលាកឆ្អឹងច្រមុះ (Sinus) ឬជំងឺរលាកសួត (Pneumonia)
- ជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD)
- ភេទ (ភេទប្រុសមានហានិភ័យខ្ពស់ជាងក្នុងវ័យកុមារ)
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺហឺតចំពោះកុមារអាយុក្រោម ៦ ឆ្នាំ អាចជាការពិបាក ដោយសាររោគសញ្ញារបស់ពួកគេជារឿយៗមានលក្ខណៈស្រដៀងគ្នាទៅនឹងជំងឺផ្សេងៗទៀត។ បញ្ហានេះកាន់តែស្មុគស្មាញដោយសារកុមារខ្លះអាចមិនសូវចេញរោគសញ្ញាហឺតញឹកញាប់ ដែលនាំឱ្យមានការភាន់ច្រឡំជាមួយស្ថានភាពផ្លូវដង្ហើមផ្សេងទៀត។ បន្ថែមពីនេះ កុមារតូចៗមិនទាន់អាចធ្វើតេស្តមុខងារសួត ដែលគេនិយមប្រើសម្រាប់រោគវិនិច្ឆ័យជំងឺហឺតបាននៅឡើយទេ។ ក្នុងករណីបែបនេះ គ្រូពេទ្យនឹងផ្អែកលើវិធីសាស្ត្ររួមបញ្ចូលគ្នាជាច្រើន ដូចជាពិនិត្យលើរោគសញ្ញារបស់កុមារ ភាពញឹកញាប់ និងពេលវេលានៃការកើតឡើង។ ពិនិត្យប្រវត្តិវេជ្ជសាស្ត្រ និងប្រវត្តិគ្រួសារទាក់ទងនឹងជំងឺហឺត អាឡែហ្ស៊ី ឬជំងឺសួត។
វាជារឿងសំខាន់ណាស់ដែលឪពុកម្តាយ ឬអ្នកថែទាំត្រូវផ្តល់ការពិពណ៌នាលម្អិតអំពីរោគសញ្ញារបស់កុមារ។ ការធ្វើតេស្តបន្ថែមអាចនឹងត្រូវបានទាមទារដើម្បីចាត់ចេញនូវលក្ខខណ្ឌជំងឺដទៃទៀត និងកំណត់ពីមូលហេតុដែលទំនងបំផុតនៃរោគសញ្ញាទាំងនោះ។ ក្នុងករណីខ្លះ កុមារអាចនឹងត្រូវបានបញ្ជូនទៅជួបអ្នកឯកទេស ដូចជាគ្រូពេទ្យឯកទេសសួតកុមារ ឬគ្រូពេទ្យឯកទេសអាឡែហ្ស៊ី។
មានស្ថានភាពជំងឺមួយចំនួនដែលអាចមានរោគសញ្ញាស្រដៀងនឹងជំងឺហឺតចំពោះកុមារ រួមមាន ការរលាកច្រមុះ (Rhinitis), ការរលាកឆ្អឹងច្រមុះ (Sinusitis), ជំងឺច្រាលទឹកអាស៊ីតក្រពះ (GERD), បញ្ហាផ្លូវដង្ហើម, ការដកដង្ហើមមិនប្រក្រតី, និងការឆ្លងមេរោគផ្លូវដង្ហើមដូចជា ជំងឺរលាកទងសួតតូចៗ (Bronchiolitis) និងវីរុស RSV។ ការវាយតម្លៃឱ្យបានហ្មត់ចត់ និងការសហការគ្នារវាងគ្រូពេទ្យទូទៅ និងគ្រូពេទ្យឯកទេស គឺចាំបាច់ណាស់ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺហឺតឱ្យបានត្រឹមត្រូវ និងបែងចែកវាឱ្យដាច់ពីបញ្ហាផ្លូវដង្ហើមផ្សេងទៀត។
ការធ្វើតេស្តដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យ៖
- ការធ្វើតេស្តមុខងារសួត៖ តេស្តនេះប្រើសម្រាប់ទាំងកុមារ (ដែលធំល្មមអាចសហការបាន) និងមនុស្សពេញវ័យ ដើម្បីវាស់បរិមាណខ្យល់ដែលកុមារអាចដកដង្ហើមចេញ និងវាស់ថាពួកគេអាចធ្វើវាបានលឿនប៉ុណ្ណា។ តេស្តនេះអាចធ្វើឡើងនៅពេលសម្រាក ក្រោយពេលហាត់ប្រាណ និងក្រោយពេលប្រើថ្នាំហឺត។ វាក៏មានតេស្តម្យ៉ាងទៀតហៅថា Bronchoprovocation ដើម្បីវាយតម្លៃថា តើសួតមានប្រតិកម្មយ៉ាងណាទៅនឹងកត្តាជំរុញដូចជា ការហាត់ប្រាណ ឬការប៉ះពាល់នឹងខ្យល់ត្រជាក់។
- ការធ្វើតេស្តវាស់ជាតិអាសូតម៉ូណូអុកស៊ីត៖ ប្រសិនបើការធ្វើរោគវិនិច្ឆ័យនៅតែមិនទាន់ច្បាស់លាស់ក្រោយធ្វើតេស្តមុខងារសួត គ្រូពេទ្យអាចណែនាំឱ្យវាស់កម្រិតអាសូតម៉ូណូអុកស៊ីតនៅក្នុងដង្ហើម។ តេស្តនេះជួយកំណត់ថា តើការប្រើថ្នាំប្រភេទស្តេរ៉ូអ៊ីត (Steroid) នឹងផ្តល់ផលប្រយោជន៍ដល់ការគ្រប់គ្រងជំងឺហឺតរបស់កុមារដែរឬទេ។
- ការធ្វើតេស្តអាឡែហ្ស៊ី៖ ប្រសិនបើសង្ស័យថាអាឡែហ្ស៊ីគឺជាកត្តាជំរុញឱ្យកើតហឺត គ្រូពេទ្យអាចណែនាំឱ្យធ្វើតេស្តអាឡែហ្ស៊ី។ ការធ្វើតេស្តលើស្បែកគឺជាវិធីសាស្ត្រទូទៅ ដោយការចាក់តិចៗលើស្បែកជាមួយនឹងសារធាតុចម្រាញ់ចេញពីភ្នាក់ងារបង្កអាឡែហ្ស៊ី ដើម្បីសង្កេតមើលសញ្ញានៃប្រតិកម្ម។
- ការថតកាំរស្មីអ៊ិចទ្រូង៖ ការថតរូបភាពវេជ្ជសាស្ត្រដូចជា កាំរស្មីអ៊ិចទ្រូង អាចត្រូវបានប្រើប្រាស់ដើម្បីចាត់ចេញនូវជំងឺផ្សេងៗក្រៅពីជំងឺហឺត។
ការព្យាបាល
វិធីសាស្ត្រដំបូងក្នុងការព្យាបាលជំងឺហឺតចំពោះកុមារ គឺផ្អែកលើកម្រិតធ្ងន់ធ្ងរនៃស្ថានភាពជំងឺរបស់ពួកគេ។ គោលដៅចម្បងគឺដើម្បីគ្រប់គ្រងរោគសញ្ញាឱ្យមានប្រសិទ្ធភាព ដែលនាំឱ្យមានបញ្ហាតិចតួចបំផុត ឬគ្មានបញ្ហាទាក់ទងនឹងជំងឺហឺតទាល់តែសោះ។ គោលដៅទាំងនោះរួមមាន គ្មានរោគសញ្ញា, គ្មានការរើឡើងនៃជំងឺហឺត (ឬកើតឡើងតិចតួចបំផុត), អាចចូលរួមក្នុងសកម្មភាពរាងកាយ ឬការហាត់ប្រាណបានពេញលេញ, ការកាត់បន្ថយការប្រើប្រាស់បំពង់បាញ់សង្គ្រោះបន្ទាន់ (ដូចជាថ្នាំ Albuterol) និងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំឱ្យនៅកម្រិតទាបបំផុត។ ផែនការព្យាបាលគឺផ្អែកលើកត្តាជាច្រើនដូចជា អាយុរបស់កុមារ, រោគសញ្ញាជាក់លាក់, កត្តាជំរុញដែលបង្កឱ្យមានអាការៈហឺត និងវិធីសាស្ត្រណាដែលផ្តល់ប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងជំងឺ។
ចំពោះកុមារដែលមានអាយុក្រោម ៣ ឆ្នាំ ដែលមានរោគសញ្ញាហឺតកម្រិតស្រាល គ្រូពេទ្យអាចនឹងប្រើវិធីសាស្ត្រ “តាមដាន និងរង់ចាំ”។ នេះគឺដោយសារតែផលប៉ះពាល់រយៈពេលវែងនៃថ្នាំហឺតលើទារក និងកុមារតូចៗ មិនទាន់ត្រូវបានយល់ដឹងច្បាស់លាស់នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទារក ឬកុមារតូចជួបប្រទះការដកដង្ហើមឮ “ឃឺតៗ” ញឹកញាប់ ឬធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំដើម្បីសង្កេតមើលថាតើវាជួយឱ្យរោគសញ្ញាប្រសើរឡើងដែរឬទេ។ ការថែទាំតាមករណីបុគ្គល និងការតាមដានយ៉ាងដិតដល់ គឺចាំបាច់ណាស់ក្នុងការកំណត់ជម្រើសព្យាបាលដែលសមស្របបំផុតសម្រាប់កុមារតូចៗដែលមានជំងឺហឺត។
ថ្នាំជួយសង្គ្រោះបន្ទាន់
ថ្នាំជួយសង្គ្រោះបន្ទាន់ ឬត្រូវបានគេស្គាល់ថាជា “ថ្នាំសង្គ្រោះ” គឺជាប្រភេទថ្នាំដែលផ្តល់ប្រសិទ្ធភាពយ៉ាងរហ័សក្នុងការបើកផ្លូវដង្ហើមដែលកំពុងហើម។ ពួកវាត្រូវបានប្រើជាចម្បងក្នុងអំឡុងពេលនៃការរើឡើងនៃជំងឺហឺត (Asthma attack) ដើម្បីសម្រាលរោគសញ្ញាក្នុងរយៈពេលខ្លី ឬប្រើជាវិធានការការពារមុនពេលហាត់ប្រាណ ប្រសិនបើមានការណែនាំពីគ្រូពេទ្យ។
ថ្នាំជួយសង្គ្រោះបន្ទាន់មានប្រភេទខុសៗគ្នាដូចជា៖
- ថ្នាំប្រភេទ Short-acting beta agonists: ទាំងនេះគឺជាថ្នាំពង្រីកទងសួតដែលប្រើតាមរយៈការបាញ់បញ្ចូល (Inhalation) ដែលជួយសម្រាលរោគសញ្ញាហឺតយ៉ាងឆាប់រហ័សក្នុងអំឡុងពេលរើឡើង។ ឧទាហរណ៍រួមមានថ្នាំ Albuterol និង Levalbuterol។ ថ្នាំទាំងនេះផ្តល់ប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មាននាទី និងជួយសម្រាលបានរយៈពេលពីរបីម៉ោង។
- ថ្នាំប្រភេទ Corticosteroids លេប និងចាក់តាមសរសៃ៖ ថ្នាំទាំងនេះជួយកាត់បន្ថយការរលាកផ្លូវដង្ហើមដែលបង្កឡើងដោយជំងឺហឺតកម្រិត
ធ្ងន់ធ្ងរ។ ឧទាហរណ៍រួមមានថ្នាំ Prednisone និង Methylprednisolone។ ដោយសារតែវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរប្រសិនបើប្រើប្រាស់រយៈពេលវែង ថ្នាំប្រភេទនេះត្រូវបានរក្សាទុកសម្រាប់តែការព្យាបាលរោគសញ្ញាហឺតធ្ងន់ធ្ងរក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ថ្នាំគ្រប់គ្រងរយៈពេលវែង
ថ្នាំគ្រប់គ្រងរយៈពេលវែងសម្រាប់ការពារ ត្រូវបានប្រើដើម្បីកាត់បន្ថយការរលាកផ្លូវដង្ហើមចំពោះកុមារ ដែលជួយការពារកុំឱ្យលេចចេញរោគសញ្ញាហឺត។ ជាទូទៅ ថ្នាំទាំងនេះត្រូវប្រើប្រាស់ជាប្រចាំរាល់ថ្ងៃ។
ប្រភេទខុសៗគ្នានៃថ្នាំគ្រប់គ្រងរយៈពេលវែងរួមមាន៖
- ថ្នាំប្រភេទ Inhaled corticosteroids (ថ្នាំស្តេរ៉ូអ៊ីតបាញ់): ឧទាហរណ៍រួមមាន Fluticasone, Budesonide, Mometasone, Ciclesonide និង Beclomethasone ជាដើម។ វាអាចចំណាយពេលពីរបីថ្ងៃទៅច្រើនសប្តាហ៍នៃការប្រើប្រាស់ជាទៀងទាត់ ដើម្បីឱ្យថ្នាំទាំងនេះផ្តល់អត្ថប្រយោជន៍ពេញលេញ។ ទោះបីជាការប្រើប្រាស់ថ្នាំនេះយូរអង្វែង ត្រូវបានគេរកឃើញថាមានការពាក់ព័ន្ធនឹងការថយចុះបន្តិចបន្តួចនៃអត្រាលូតលាស់របស់កុមារក៏ដោយ ប៉ុន្តែផលប៉ះពាល់នោះគឺតិចតួចណាស់។ ក្នុងករណីភាគច្រើន អត្ថប្រយោជន៍នៃការរក្សាការគ្រប់គ្រងជំងឺហឺតឱ្យបានល្អ មានតម្លៃលើសពីហានិភ័យនៃផលប៉ះពាល់។
- ថ្នាំប្រភេទ Leukotriene modifiers: ជាថ្នាំគ្រាប់លេបដូចជា Montelukast, Zafirlukast និង Zileuton។ ពួកវាជួយការពាររោគសញ្ញាហឺតបានរហូតដល់ ២៤ ម៉ោង។
- បំពង់បាញ់ប្រភេទបញ្ចូលគ្នា៖ ថ្នាំទាំងនេះរួមបញ្ចូលគ្នានូវ Inhaled corticosteroid ជាមួយថ្នាំប្រភេទ Long-acting beta agonist (LABA)។ ឧទាហរណ៍រួមមាន Fluticasone និង Salmeterol ឬ Budesonide និង Formoterol។ ក្នុងករណីខ្លះ ថ្នាំប្រភេទ LABA ត្រូវបានគេរកឃើញថាមានការពាក់ព័ន្ធនឹងការរើឡើងនៃហឺតធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ វាជារឿងចាំបាច់ក្នុងការប្រើប្រាស់បំពង់បាញ់ប្រភេទបញ្ចូលគ្នានេះ លុះត្រាតែថ្នាំដទៃទៀតមិនអាចគ្រប់គ្រងរោគសញ្ញាហឺតបានគ្រប់គ្រាន់។
- ថ្នាំ Theophylline (Theo-24): គឺជាថ្នាំគ្រាប់លេបប្រចាំថ្ងៃដែលជួយឱ្យផ្លូវដង្ហើមបើកចំហ។ វាជួយបន្ធូរសាច់ដុំជុំវិញផ្លូវដង្ហើម ដែលធ្វើឱ្យការដកដង្ហើមមានភាពងាយស្រួល។ វាច្រើនតែប្រើរួមគ្នាជាមួយថ្នាំស្តេរ៉ូអ៊ីតបាញ់។ កុមារដែលប្រើថ្នាំនេះ ចាំបាច់ត្រូវធ្វើតេស្តឈាមឱ្យបានទៀងទាត់។
- ថ្នាំប្រភេទ Immunomodulatory (ភ្នាក់ងារកែតម្រូវប្រព័ន្ធការពារ): ថ្នាំដូចជា Mepolizumab, Dupilumab និង Benralizumab អាចសាកសមសម្រាប់កុមារដែលមានអាយុ ១២ ឆ្នាំឡើងទៅ ដែលមានជំងឺហឺតប្រភេទ Eosinophilic ធ្ងន់ធ្ងរ។ ចំណែកថ្នាំ Omalizumab អាចប្រើសម្រាប់កុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ដែលមានជំងឺហឺតបង្កដោយអាឡែហ្ស៊ីកម្រិតមធ្យមទៅធ្ងន់ធ្ងរ។
ការព្យាបាលជំងឺហឺតដែលបង្កដោយអាឡែហ្ស៊ី
ប្រសិនបើជំងឺហឺតរបស់កូនអ្នក ត្រូវបានជំរុញ ឬធ្វើឱ្យកាន់តែអាក្រក់ដោយសារអាឡែហ្ស៊ី ការព្យាបាលអាឡែហ្ស៊ីបន្ថែមអាចនឹងផ្តល់អត្ថប្រយោជន៍ រួមមានជម្រើសដូចខាងក្រោម៖
- ថ្នាំ Omalizumab: ថ្នាំនេះប្រើសម្រាប់បុគ្គលដែលមានជំងឺហឺតធ្ងន់ធ្ងរ និងមានអាឡែហ្ស៊ី។ វាដំណើរការដោយកាត់បន្ថយការឆ្លើយតបរបស់ប្រព័ន្ធការពាររាងកាយទៅនឹងភ្នាក់ងារបង្កអាឡែហ្ស៊ី ដូចជាលំអងផ្កា ធូលី និងរោមសត្វ។ ថ្នាំនេះត្រូវចាក់ជាទៀងទាត់រៀងរាល់ ២ ទៅ ៤ សប្តាហ៍ម្តង។
- ថ្នាំអាឡែហ្ស៊ីទូទៅ៖ រួមមានថ្នាំប្រភេទ Antihistamines (ថ្នាំលេប ឬបាញ់ច្រមុះ), ថ្នាំបំបាត់ការតឹងច្រមុះ (Decongestants), ថ្នាំស្តេរ៉ូអ៊ីតបាញ់ច្រមុះ ក៏ដូចជាថ្នាំ Cromolyn និង Ipratropium បាញ់ច្រមុះ។ ថ្នាំទាំងនេះជួយសម្រាលរោគសញ្ញាអាឡែហ្ស៊ី និងគ្រប់គ្រងជំងឺហឺតដែលបង្កដោយអាឡែហ្ស៊ី។
- ការចាក់ថ្នាំបង្កើនភាពស៊ាំនឹងអាឡែហ្ស៊ី៖ វិធីនេះរួមមានការចាក់បញ្ចូលសារធាតុបង្កអាឡែហ្ស៊ីជាក់លាក់ជាទៀងទាត់ ដើម្បីឱ្យប្រព័ន្ធការពាររាងកាយស៊ាំបន្តិចម្តងៗ និងកាត់បន្ថយប្រតិកម្មទៅតាមពេលវេលា។ ជាដំបូង ការចាក់ថ្នាំត្រូវបានធ្វើឡើងម្តងក្នុងមួយសប្តាហ៍ក្នុងរយៈពេលប៉ុន្មានខែដំបូង បន្ទាប់មកចាក់រៀងរាល់ខែក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំ។
