ទិដ្ឋភាពទូទៅ

Clostridioides difficile ដែលគេហៅកាត់ថា C. difficile ឬ C. diff គឺជាបាក់តេរីដែលបង្កឱ្យមានការឆ្លងមេរោគនៅពោះវៀនធំ។ ការឆ្លងមេរោគនេះអាចបង្កឱ្យមានរោគសញ្ញាជាច្រើន រាប់ចាប់ពីរាគ រហូតដល់ការខូចខាតពោះវៀនធំធ្ងន់ធ្ងរ ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ គួរកត់សម្គាល់ថា កាលពីមុនបាក់តេរីនេះត្រូវបានគេស្គាល់ថាជា Clostridium difficile។

ការឆ្លងមេរោគ C. difficile ជាធម្មតាកើតឡើងបន្ទាប់ពីការប្រើប្រាស់ថ្នាំផ្សះ។ ទោះបីជាមនុស្សចាស់នៅក្នុងមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលថែទាំរយៈពេលវែងជាអ្នកដែលងាយរងគ្រោះបំផុតក៏ដោយ ក៏ការឆ្លងមេរោគនេះក៏អាចកើតមានលើអ្នកដែលមិនបានសម្រាកនៅមន្ទីរពេទ្យផងដែរ។ បន្ថែមពីនេះទៀត បាក់តេរីប្រភេទខ្លះដែលមានក្នុងចំណោមប្រជាជនទូទៅ មានសមត្ថភាពខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ដល់មនុស្សវ័យក្មេង ឬនាំឱ្យមានការឆ្លងមេរោគធ្ងន់ធ្ងរ។

ការឆ្លងមេរោគបាក់តេរីក្នុងពោះវៀនធំភាគច្រើនមិនមានគ្រោះថ្នាក់ និងកើតមានជាទូទៅនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគ C. difficile អាចបង្កការបំផ្លិចបំផ្លាញដល់ពោះវៀនរបស់អ្នកខ្លាំងជាង និងឆាប់រហ័សជាង។ វាអាចបណ្តាលឱ្យកើតមានជំងឺរលាកពោះវៀនធំប្រភេទ Pseudomembranous colitis ដែលជាទម្រង់នៃការរលាកពោះវៀនធំកម្រិតធ្ងន់។

នៅពេលដែលថ្នាំផ្សះមួយចំនួនទៅសម្លាប់បាក់តេរីល្អៗនៅក្នុងពោះវៀនរបស់អ្នក ប៉ុន្តែមិនអាចសម្លាប់ C. difficile បាន វានឹងបង្កើតឱកាសឱ្យ C. difficile រីករាលដាលយ៉ាងឆាប់រហ័ស។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ C. difficile ឱ្យមានប្រសិទ្ធភាព គេចាំបាច់ត្រូវប្រើថ្នាំផ្សះប្រភេទផ្សេងទៀតសម្រាប់ព្យាបាលវាជាពិសេស។

រោគសញ្ញា

មនុស្សមួយចំនួនអាចមានផ្ទុកបាក់តេរី C. difficile នៅក្នុងពោះវៀនរបស់ពួកគេដោយមិនមានចេញរោគសញ្ញាអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្ទុកមេរោគដែលមិនចេញរោគសញ្ញាទាំងនេះ នៅតែអាចចម្លងបាក់តេរីទៅកាន់អ្នកដទៃ និងបង្កឱ្យមានការឆ្លងមេរោគបាន។
ជាធម្មតា សញ្ញានិងរោគសញ្ញានៃការឆ្លងមេរោគ C. difficile តែងតែលេចឡើងក្នុងរយៈពេលប្រហែល ៥ ទៅ ១០ ថ្ងៃ បន្ទាប់ពីចាប់ផ្តើមប្រើថ្នាំផ្សះ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាក៏អាចលេចឡើងលឿនបំផុតនៅថ្ងៃដំបូង ឬយឺតបំផុតរហូតដល់រយៈពេល ៣ ខែបន្ទាប់ពីបានប្រើប្រាស់ថ្នាំផ្សះរួច។

ការឆ្លងមេរោគកម្រិតស្រាលទៅមធ្យម

ខាងក្រោមនេះគឺជាសញ្ញា និងរោគសញ្ញាទូទៅបំផុតនៃការឆ្លងមេរោគ C. difficile កម្រិតស្រាលទៅមធ្យម៖

  • មានអាការៈមិនស្រួលខ្លួនតិចតួច និងរមួលក្នុងពោះ
  • រាគទឹក ចាប់ពី ៣ ដងឡើងទៅក្នុងមួយថ្ងៃ និងមានរយៈពេលលើសពីមួយថ្ងៃ

ការឆ្លងមេរោគកម្រិតធ្ងន់

ការឆ្លងមេរោគ C. difficile កម្រិតធ្ងន់ជារឿយៗបណ្តាលឱ្យខ្សោះជាតិទឹកក្នុងខ្លួន ដែលតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មេរោគនេះអាចធ្វើឱ្យពោះវៀនធំរលាក និងអាចបង្កើតជាដំបៅដែលហូរឈាម ឬមានខ្ទុះ។ សញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងររួមមាន៖

  • រាគទឹកពី ១០ ទៅ ១៥ ដងក្នុងមួយថ្ងៃ
  • រមួល និងឈឺពោះខ្លាំង
  • គ្រុនក្តៅ
  • ចង្អោរ
  • ខ្សោយតម្រងនោម
  • បាត់បង់ចំណង់អាហារ
  • ខ្សោះជាតិទឹក
  • ហើមពោះ
  • ស្រកទម្ងន់
  • លាមកមានខ្ទុះ ឬឈាម
  • ចង្វាក់បេះដូងលោតញាប់
  • កោសិកាឈាមសកើនឡើងខ្ពស់

ការឆ្លងមេរោគ C. difficile កម្រិតស្រួចស្រាវ និងធ្ងន់ធ្ងរក៏អាចបណ្តាលឱ្យរលាកពោះវៀនខ្លាំង ដែលអាចធ្វើឱ្យរីកពោះវៀនធំ (Toxic megacolon) និងបង្កឱ្យមានការឆ្លងមេរោគក្នុងឈាម។ ការឆ្លងមេរោគក្នុងឈាមកើតឡើងនៅពេលដែលរាងកាយឆ្លើយតបទៅនឹងការឆ្លងមេរោគដោយបំផ្លាញជាលិកាខ្លួនឯង ដែលជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិតបំផុត។ អ្នកជំងឺដែលមានស្ថានភាពបែបនេះ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅផ្នែកថែទាំកម្រិតធ្ងន់ (ICU)។
មនុស្សមួយចំនួនមានអាការៈរាគនៅពេលកំពុងប្រើថ្នាំផ្សះ ឬភ្លាមៗបន្ទាប់ពីប្រើ។ វាអាចបណ្តាលមកពីការឆ្លងមេរោគ C. difficile។ សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមាន៖

  • គ្រុនក្តៅខ្លាំង
  • រាគទឹកយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ
  • រោគសញ្ញាអូសបន្លាយយូរ (លើសពី ២ ថ្ងៃ)
  • មានឈាមក្នុងលាមក
  • រមួល ឬឈឺពោះខ្លាំង

មូលហេតុ

មេរោគ C. difficile ចូលទៅក្នុងរាងកាយតាមរយៈមាត់។ ពួកវាចាប់ផ្តើមបន្តពូជនៅក្នុងពោះវៀនតូច។ នៅពេលពួកវាទៅដល់ពោះវៀនធំ ពួកវាអាចផលិតជាតិពុលដែលបំផ្លាញជាលិកា។ ជាតិពុលទាំងនេះបណ្តាលឱ្យរាគទឹក ស្លាប់កោសិកា និងបង្កើតជាបន្ទះកោសិការលាក។

នៅពេលមេរោគ C. difficile រស់នៅក្រៅពោះវៀនធំ ពួកវាស្ថិតក្នុងស្ថានភាពសម្ងំ (Dormant state) ដែលធ្វើឱ្យពួកវាមិនសកម្មក្នុងស្ទើរគ្រប់មជ្ឈដ្ឋាន។ ដោយសារលក្ខណៈពិសេសនេះ ពួកវាអាចរស់បានក្នុងរយៈពេលយូរនៅកន្លែងផ្សេងៗដូចជា៖

  • ដៃ (ដែលមិនបានលាងសម្អាត)
  • ដី និងទឹក
  • លាមកមនុស្ស និងសត្វ
  • អាហារ រួមទាំងសាច់សត្វ
  • ផ្ទៃផ្សេងៗនៅក្នុងបន្ទប់

នៅពេលដែលមេរោគ C. difficile ដែលកំពុងសម្ងំទាំងនោះ ចូលទៅក្នុងប្រព័ន្ធរំលាយអាហាររបស់នរណាម្នាក់ ពួកវានឹង “ភ្ញាក់ដឹងខ្លួន” និងចាប់ផ្តើមបង្កការឆ្លងមេរោគឡើងវិញ។ បាក់តេរីនេះងាយឆ្លងណាស់ ជាពិសេសនៅពេលវាកំពុងសម្ងំ ព្រោះវាអាចរស់នៅក្រៅរាងកាយបានយូរ ប្រសិនបើគ្មានការលាងដៃឱ្យបានស្អាត និងការធ្វើអនាម័យត្រឹមត្រូវ។

កត្តាហានិភ័យ

ទោះបីជា C. difficile អាចបង្កជំងឺលើមនុស្សពេញវ័យដែលគ្មានកត្តាហានិភ័យក៏ដោយ ប៉ុន្តែស្ថានភាពមួយចំនួនអាចបង្កើនលទ្ធភាពឆ្លង៖

ការប្រើប្រាស់ថ្នាំផ្សះ ឬថ្នាំផ្សេងៗ

នៅក្នុងពោះវៀនរបស់អ្នកមានបាក់តេរីខុសៗគ្នាប្រហែលពី ៥០០ ទៅ ២,០០០ ប្រភេទ សរុបប្រហែល ១០០ ទ្រីលានមេរោគ។ បាក់តេរីទាំងនេះភាគច្រើនដើរតួយ៉ាងសំខាន់ក្នុងការការពាររាងកាយរបស់អ្នកពីការឆ្លងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រើថ្នាំផ្សះដើម្បីព្យាបាលការឆ្លងមេរោគ ពួកវាអាចសម្លាប់បាក់តេរីល្អៗទាំងនោះដោយអចេតនា រួមជាមួយបាក់តេរីបង្កជំងឺ។

C. difficile អាចរីកដុះដាលយ៉ាងរហ័ស ប្រសិនបើគ្មានបាក់តេរីល្អគ្រប់គ្រាន់ដើម្បីគ្រប់គ្រងវា។ ទោះបីជាថ្នាំផ្សះណាក៏អាចពាក់ព័ន្ធនឹងបញ្ហានេះដែរ ប៉ុន្តែថ្នាំដែលបង្កឱ្យមានការឆ្លង C. difficile ញឹកញាប់បំផុតគឺ Penicillins, Fluoroquinolones, Clindamycin ឬ Cephalosporins។

ឱកាសនៃការឆ្លងមេរោគ C. difficile ក៏អាចកើនឡើងផងដែរ ដោយសារការប្រើប្រាស់ថ្នាំ Proton pump inhibitors (ថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះ)។

ការស្នាក់នៅក្នុងមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាល

ការឆ្លងមេរោគ C. difficile ភាគច្រើនកើតឡើងលើបុគ្គលដែលកំពុងស្នាក់នៅ ឬទើបតែបានចេញពីមូលដ្ឋានសុខាភិបាល ដូចជា មន្ទីរពេទ្យ មណ្ឌលថែទាំមនុស្សចាស់ ឬកន្លែងថែទាំរយៈពេលវែង។ ទីកន្លែងទាំងនេះងាយនឹងមានការរីករាលដាលនៃមេរោគយ៉ាងឆាប់រហ័ស ដោយសារកត្តាដូចជា ការប្រើប្រាស់ថ្នាំផ្សះយ៉ាងទូលំទូលាយ និងស្ថានភាពអ្នកជំងឺដែលមានភាពស៊ាំខ្សោយ ងាយនឹងឆ្លងមេរោគ។

C. difficile អាចឆ្លងរាលដាលនៅក្នុងមន្ទីរពេទ្យ និងមណ្ឌលថែទាំមនុស្សចាស់តាមរយៈមធ្យោបាយផ្សេងៗ រួមមាន ការប៉ះពាល់ជាមួយគ្រឿងសង្ហារឹម ឬឧបករណ៍វេជ្ជសាស្ត្រដូចជា៖ កាសស្តាប់បេះដូង (Stethoscopes), បារតវាស់កម្ដៅ, ទូរស័ព្ទ, តេឡេបញ្ជា, បង្កាន់ដៃរុញរទេះ ក៏ដូចជាការប៉ះពាល់តាមរយៈដៃ, បង្គន់, អាងលាងដៃ, បង្កាន់ដៃគ្រែ និងតុដាក់ក្បែរគ្រែជាដើម។

ការឆ្លងកាត់នីតិវិធីវេជ្ជសាស្ត្រ ឬមានជំងឺធ្ងន់ធ្ងរ

អ្នកអាចនឹងងាយរងគ្រោះក្នុងការឆ្លងមេរោគ C. difficile ប្រសិនបើអ្នកមានបញ្ហាសុខភាពមួយចំនួន ឬធ្លាប់ឆ្លងកាត់នីតិវិធីវេជ្ជសាស្ត្រដូចជា៖

  • ជំងឺតម្រងនោមរ៉ាំរ៉ៃ
  • ការវះកាត់ ឬឆ្លុះពិនិត្យប្រព័ន្ធរំលាយអាហារ
  • ជំងឺរលាកពោះវៀន
  • ប្រព័ន្ធភាពស៊ាំចុះខ្សោយដោយសារជំងឺ ឬថ្នាំ (ដូចជាការព្យាបាលដោយគីមី)
  • ការវះកាត់ផ្សេងៗនៅក្នុងពោះ

កត្តាហានិភ័យផ្សេងៗ

  • វ័យកាន់តែច្រើន៖ យោងតាមការសិក្សាមួយ មនុស្សដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ មានហានិភ័យនៃការឆ្លងមេរោគ C. difficile ខ្ពស់ជាងមនុស្សវ័យក្មេងរហូតដល់ ១០ ដង។
  • ប្រវត្តិធ្លាប់ឆ្លងមេរោគ៖ លទ្ធភាពនៃការកើតមានការឆ្លងមេរោគ C. difficile ជាលើកបន្តបន្ទាប់នឹងកើនឡើងរាល់ពេលដែលអ្នកធ្លាប់ឆ្លងវា ហើយហានិភ័យនេះនឹងបន្តកើនឡើងជានិច្ច។
  • ភេទ៖ សម្រាប់ហេតុផលដែលមិនទាន់ត្រូវបានគេដឹងច្បាស់ទាំងស្រុង ស្ត្រីមានឱកាសឆ្លងមេរោគ C. difficile ច្រើនជាងបុរស។

ការធ្វើរោគវិនិច្ឆ័យ

ការឆ្លងមេរោគ C. difficile ត្រូវបានកំណត់តាមរយៈ៖

  • ការមានអាការៈរាគ
  • ការរកឃើញមេរោគ C. difficile នៅក្នុងលាមក
  • សញ្ញា និងរោគសញ្ញាផ្សេងៗទៀតនៃការឆ្លងមេរោគ C. difficile

ការធ្វើតេស្តរកមេរោគ C. difficile មិនគួរធ្វើឡើងចំពោះអ្នកដែលមានលាមកធម្មតា (លាមកដុំរឹងល្អ) នោះទេ។ ម្យ៉ាងវិញទៀត វាមិនមែនជាលក្ខខណ្ឌដាច់ខាតដែលថាទាល់តែអ្នកទើបតែប្រើថ្នាំផ្សះ ទើបអាចធ្វើរោគវិនិច្ឆ័យឃើញមេរោគនេះបាននោះទេ។

ការពិនិត្យលាមក

គ្រូពេទ្យនឹងស្នើសុំការពិនិត្យមន្ទីរពិសោធន៍លើសំណាកលាមកមួយ ឬច្រើន ប្រសិនបើមានការសង្ស័យថាមានការឆ្លងមេរោគ C. difficile។ ការតេស្តទាំងនេះនឹងជួយកំណត់រកជាតិពុល ឬប្រភេទបាក់តេរីដែលផលិតជាតិពុលនោះ។

ការពិនិត្យពោះវៀនធំ

ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការពិនិត្យផ្នែកខាងក្នុងនៃពោះវៀនធំ ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងស្វែងរកមូលហេតុផ្សេងទៀតនៃរោគសញ្ញារបស់អ្នក។ ការពិនិត្យនេះ ហៅថា Flexible sigmoidoscopy ឬ Colonoscopy (ការឆ្លុះពោះវៀនធំ) ដែលបញ្ចូលបំពង់ទន់មានភ្ជាប់កាមេរ៉ាតូចមួយទៅក្នុងពោះវៀនធំ។ គោលបំណងគឺដើម្បីពិនិត្យរកជាលិកាមិនធម្មតា ឬដំបៅរលាកផ្សេងៗ។

ការធ្វើតេស្តរូបភាព

ប្រសិនបើគ្រូពេទ្យមានការព្រួយបារម្ភអំពីផលវិបាកធ្ងន់ធ្ងរ ពួកគេអាចស្នើសុំថតកាំរស្មីអ៊ិចពោះ ឬថតស្កេន។ ការថតស្កេនអាចជួយកំណត់បញ្ហានានាដូចជា៖

  • ការរីកពោះវៀន
  • ការធ្លាយស្រទាប់ជញ្ជាំងពោះវៀនធំ
  • ការក្រាស់នៃជញ្ជាំងពោះវៀនធំ

ការព្យាបាល

ការព្យាបាលត្រូវបានផ្តល់ជូនតែចំពោះបុគ្គលដែលបង្ហាញសញ្ញា ឬរោគសញ្ញានៃជំងឺប៉ុណ្ណោះ។ ចំពោះអ្នកដែលមានបាក់តេរីនេះក្នុងខ្លួន ប៉ុន្តែមានសុខភាពល្អ និងមិនមានចេញរោគសញ្ញាអ្វីឡើយ គឺមិនតម្រូវឱ្យមានការព្យាបាលនោះទេ។

ការប្រើប្រាស់ថ្នាំផ្សះ

ប្រសិនបើការឆ្លងមេរោគ C. difficile របស់អ្នកមានទំនាក់ទំនងនឹងថ្នាំផ្សះដែលអ្នកកំពុងប្រើ គ្រូពេទ្យទំនងជានឹងឱ្យអ្នកឈប់ប្រើថ្នាំនោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើថ្នាំផ្សះនោះចាំបាច់សម្រាប់ព្យាបាលជំងឺឆ្លងផ្សេងទៀត គ្រូពេទ្យអាចនឹងប្តូរមកប្រើថ្នាំជំនួសវិញ ដែលមិនសូវបង្កឱ្យមានការរាគដោយសារ C. difficile។

ការព្យាបាលចម្បងសម្រាប់ C. difficile គឺការប្រើថ្នាំផ្សះជាក់លាក់។ ថ្នាំដែលគេច្រើនប្រើរួមមាន Fidaxomicin និង Vancomycin។ ក្នុងករណីធ្ងន់ធ្ងរ គេអាចប្រើការរួមបញ្ចូលគ្នារវាង Vancomycin និង Metronidazole។

ការវះកាត់

ក្នុងស្ថានភាពខ្លះ ការវះកាត់ដើម្បីយកផ្នែកដែលខូចនៃពោះវៀនធំចេញអាចជារឿងចាំបាច់ ប្រសិនបើមានបញ្ហាដូចជា៖

  • ការចុះខ្សោយនៃសរីរាង្គ
  • ការរីកពោះវៀនធំខ្លាំង
  • ការឈឺចាប់ខ្លាំងក្លា
  • ការរលាកស្រទាប់ជញ្ជាំងពោះ

ការព្យាបាលការឆ្លងមេរោគដែលកើតឡើងវិញ

ប្រហែលមួយភាគបួននៃអ្នកដែលបានព្យាបាលការឆ្លងមេរោគ C. difficile រួច នឹងធ្លាក់ខ្លួនឈឺម្តងទៀត ដោយសារតែមេរោគចាស់នៅបន្តមាន ឬដោយសារពួកគេបានប៉ះពាល់ជាមួយមេរោគប្រភេទថ្មី។ រាល់ពេលដែលមានការឆ្លងមេរោគ C. difficile ម្តងទៀត ហានិភ័យនឹងកាន់តែខ្ពស់ ដោយអាចកើនឡើងលើសពី ៥០% បន្ទាប់ពីការឆ្លងលើកទី៣។

អ្នកមានហានិភ័យខ្ពស់ ប្រសិនបើ៖

  • មានអាយុលើសពី ៦៥ ឆ្នាំ
  • មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដូចជា ជំងឺរលាកពោះវៀន, ជំងឺថ្លើមរ៉ាំរ៉ៃ ឬខ្សោយតម្រងនោមរ៉ាំរ៉ៃ
  • កំពុងព្យាបាលមេរោគ C. difficile ផង និងកំពុងប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺផ្សេងទៀតផង

វិធីសាស្ត្រខាងក្រោមអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺដែលកើតឡើងវិញ៖

  • ថ្នាំផ្សះ៖ គេអាចប្រើប្រាស់ថ្នាំផ្សះមួយវគ្គ ឬច្រើនវគ្គសម្រាប់ព្យាបាលការកើតឡើងវិញ។ ជាធម្មតា ថ្នាំទាំងនោះមិនមែនជាប្រភេទថ្នាំដែលធ្លាប់ប្រើពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាបាលដោយថ្នាំផ្សះនឹងកាន់តែថយចុះប្រសិទ្ធភាព រាល់ពេលដែលមានការកើតឡើងវិញជាបន្តបន្ទាប់។
  • ការព្យាបាលដោយប្រើអង់ទីករ៖ ថ្នាំ Bezlotoxumab ដែលជាអង់ទីកររបស់មនុស្សប្រឆាំងនឹងជាតិពុល B របស់ C. difficile គឺជាការព្យាបាលមួយដែលត្រូវបានរកឃើញថា អាចជួយកាត់បន្ថយហានិភ័យនៃការកើតឡើងវិញចំពោះអ្នកដែលមានហានិភ័យខ្ពស់។
  • ការប្តូរលាមកដើម្បីយកបាក់តេរីល្អ (FMT)៖ FMT ត្រូវបានគេស្រាវជ្រាវថាជាការព្យាបាលដ៏មានសក្តានុពលសម្រាប់ការឆ្លងមេរោគ C. difficile ដែលកើតឡើងវិញច្រើនដង។ ទោះបីជា FDA មិនទាន់អនុម័តជាផ្លូវការក៏ដោយ ប៉ុន្តែវាអាចត្រូវបានប្រើជាបច្ចេកទេសពិសោធន៍។ អ្នកជំងឺត្រូវចុះហត្ថលេខាលើទម្រង់យល់ព្រមដែលរៀបរាប់ពីគុណសម្បត្តិ និងគុណវិបត្តិ។ វិធីនេះច្រើនតែហៅថា ការប្តូរបាក់តេរីក្នុងពោះវៀន ឬការប្តូរលាមក។

តាមរយៈការប្រើបំពង់ពិសេសបញ្ចូលតាមរន្ធគូទ វិធី FMT នេះនឹងជំនួសបាក់តេរីល្អៗទៅក្នុងពោះវៀនធំរបស់អ្នកវិញ។ អ្នកផ្តល់លាមកត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិនិត្យឈាមរកមេរោគ និងពិនិត្យលាមករកប៉ារ៉ាស៊ីត វីរុស និងបាក់តេរីបង្កជំងឺផ្សេងៗយ៉ាងម៉ត់ចត់បំផុត។

តាមការសិក្សា ការធ្វើ FMT ម្តង ឬច្រើនដង មានអត្រាជោគជ័យលើសពី ៨៥% ក្នុងការព្យាបាលការឆ្លងមេរោគ C. difficile ដែលកើតឡើងវិញ។

  • ប្រូបីយ៉ូទិក (Probiotics)៖ គឺជាអាហារបំប៉ន ឬអាហារដែលមានផ្ទុកមីក្រូសារពាង្គកាយមានប្រយោជន៍ ដើម្បីជួយដល់ស្ថិរភាព និងការលូតលាស់នៃបាក់តេរី “ល្អ” នៅក្នុងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ តួនាទីរបស់វាក្នុងការជួយដល់ការឆ្លងមេរោគ C. difficile នៅតែជាប្រធានបទដែលមានការជជែកដេញដោលនៅឡើយ។ ការស្រាវជ្រាវមិនទាន់បានបង្ហាញច្បាស់លាស់ពីប្រសិទ្ធភាពនៃផលិតផលប្រូបីយ៉ូទិកដែលមានស្រាប់ ក្នុងការបង្ការ ឬព្យាបាល C. difficile នោះទេ។ អ្នកស្រាវជ្រាវនៅតែបន្តស្វែងរកលទ្ធភាពប្រើប្រាស់របស់វាបន្ថែមទៀត។

Doctors who treat this condition