ទិដ្ឋភាពទូទៅ

រោគសញ្ញារលាកក្នុងមាត់ (Burning Mouth Syndrome – BMS) ឬហៅម្យ៉ាងទៀតថា Glossodynia បង្ហាញឡើងតាមរយៈអារម្មណ៍ក្រហាយនៅត្រង់អណ្តាត ក្រអូមមាត់ ឬបបូរមាត់ ហើយក៏អាចកើតមាននៅតំបន់ផ្សេងៗក្នុងមាត់ និងបំពង់កផងដែរ។ វាអាចនឹងកើតឡើងភ្លាមៗ ឬវិវឌ្ឍបន្តិចម្តងៗតាមពេលវេលា។ អ្នកដែលមានរោគសញ្ញា BMS តែងតែកត់សម្គាល់ថា អារម្មណ៍ក្រហាយនឹងកាន់តែអាក្រក់ទៅៗនៅពេលថ្ងៃជ្រេ ដែលមានលក្ខណៈដូចទៅនឹងការរលាកភេសជ្ជៈក្តៅអញ្ចឹងដែរ។ បន្ថែមពីនេះ បុគ្គលម្នាក់ៗក៏អាចជួបប្រទះនូវរសជាតិល្វីង ឬរសជាតិដូចលោហធាតុនៅក្នុងមាត់ផងដែរ។

ជាទូទៅ ការឈឺចាប់នឹងថយចុះនៅពេលកំពុងគេង ប៉ុន្តែវានឹងត្រឡប់មកវិញនៅថ្ងៃបន្ទាប់ ដែលបង្កើតបានជាទម្រង់ដដែលៗ។ ទោះបីជាមានការផលិតទឹកមាត់បានគ្រប់គ្រាន់ក៏ដោយ ក៏អ្នកជំងឺជាច្រើនតែងតែរាយការណ៍ថាមានអាការៈស្ងួតមាត់ជាប់រហូត។ ក្នុងករណីធ្ងន់ធ្ងរ ការឈឺចាប់ជាប់មិនដាច់អាចនាំឱ្យមានអារម្មណ៍បាក់ទឹកចិត្ត និងការថប់បារម្ភ។

រោគសញ្ញា

រោគសញ្ញារលាកក្នុងមាត់អាចបន្តកើតមានរាប់ខែរហូតដល់រាប់ឆ្នាំ ប៉ុន្តែក្នុងករណីកម្រ រោគសញ្ញាអាចនឹងមានភាពប្រសើរឡើងដោយឯកឯង ឬកើតឡើងមិនសូវញឹកញាប់។ ការធូរស្រាលពីអារម្មណ៍ក្រហាយជាបណ្តោះអាសន្ន អាចកើតមានឡើងនៅពេលកំពុងញ៉ាំអាហារ ឬផឹកទឹក។

រោគសញ្ញារលាកក្នុងមាត់អាចបង្កឱ្យមានភាពមិនស្រណុកក្នុងទម្រង់ផ្សេងៗគ្នា៖

  • វាអាចកើតឡើងរាល់ថ្ងៃ ដោយចាប់ផ្តើមពីការឈឺស្រាលនៅពេលព្រឹក និងកាន់តែអាក្រក់ទៅៗពេញមួយថ្ងៃ
  • ម្យ៉ាងវិញទៀត វាក៏អាចចាប់ផ្តើមភ្លាមៗនៅពេលភ្ញាក់ពីគេង និងបន្តពេញមួយថ្ងៃតែម្តង
  • មនុស្សមួយចំនួនអាចជួបប្រទះនូវភាពមិនស្រណុកដែលកើតឡើងម្តងម្កាល (មកហើយបាត់ទៅវិញ)

រោគសញ្ញារលាកក្នុងមាត់មិនបង្កឱ្យមានការប្រែប្រួលរូបរាងកាយណាមួយដែលមើលឃើញច្បាស់នៅលើអណ្តាត ឬក្នុងមាត់នោះទេ។ រោគសញ្ញាទូទៅរួមមាន៖

  • អារម្មណ៍ក្រហាយ ឬរលាកខ្លាំង ដែលអាចប៉ះពាល់ដល់បបូរមាត់ អញ្ចាញធ្មេញ ក្រអូមមាត់ ឬបំពង់ក ឬមាត់ទាំងមូល ប៉ុន្តែជាធម្មតាវាប៉ះពាល់ខ្លាំងលើអណ្តាត
  • អាការៈស្ពឹកក្នុងមាត់ដែលកើតឡើងម្តងម្កាល
  • ការបាត់បង់រសជាតិ ឬការប្រែប្រួលរសជាតិ ដូចជាមានរសជាតិដូចលោហធាតុ ឬល្វីង
  • មានអារម្មណ៍ស្ងួតមាត់ រួមជាមួយការស្រេកទឹកខ្លាំង

ប្រសិនបើសញ្ញា និងរោគសញ្ញាណាមួយនៅតែបន្តកើតមាន សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ការកំណត់រកមូលហេតុដែលបង្កប់នៅខាងក្នុងគឺជារឿងចាំបាច់ ជាពិសេសនៅពេលដែលបុគ្គលម្នាក់ជួបប្រទះនូវភាពមិនស្រណុក ការក្រហាយ ឬការឈឺចាប់នៅត្រង់អណ្តាត បបូរមាត់ អញ្ចាញធ្មេញ ឬតំបន់ផ្សេងទៀតនៃមាត់។

មូលហេតុ

រោគសញ្ញារលាកក្នុងមាត់មានមូលហេតុបង្កជាច្រើន ដែលជាទូទៅត្រូវបានបែងចែកជាពីរប្រភេទ៖

  • រោគសញ្ញារលាកក្នុងមាត់កម្រិតដំបូង៖ គេជឿថាវាបណ្តាលមកពីការខូចខាតសរសៃប្រសាទដែលប៉ះពាល់ដល់ការដឹងរសជាតិ និងការគ្រប់គ្រងការឈឺចាប់របស់អណ្តាត។ អ្នកស្រាវជ្រាវបានបង្ហាញថា ជាធម្មតាសមត្ថភាពក្នុងការដឹងរសជាតិល្វីងជួយទប់ស្កាត់ការឈឺចាប់ ប៉ុន្តែនៅពេលដែលសមត្ថភាពនេះចុះខ្សោយ សរសៃប្រសាទបញ្ជូនការឈឺចាប់អាចនឹងដំណើរការខុសប្រក្រតី ដែលនាំឱ្យមានអារម្មណ៍ក្រហាយក្នុងមាត់។ ប្រភេទនេះក៏ត្រូវបានគេហៅថា “Idiopathic BMS” ដែលមានន័យថា គេរកឃើញជំងឺ ប៉ុន្តែមិនដឹងពីមូលហេតុបង្កច្បាស់លាស់
  • រោគសញ្ញារលាកក្នុងមាត់កម្រិតបន្ទាប់បន្សំ៖ ពេលខ្លះ បញ្ហាសុខភាពដែលមានស្រាប់អាចជាមូលហេតុនៃ BMS ដូចជា៖
    • ស្ងួតមាត់៖ ផលប៉ះពាល់ពីការព្យាបាលជំងឺមហារីក ឱសថ បញ្ហាសុខភាព និងបញ្ហាក្រពេញទឹកមាត់
    • ទម្លាប់មាត់ធ្មេញ៖ ការខាំសង្កៀតធ្មេញ ការខាំចុងអណ្តាត និងការរុញអណ្តាតទល់នឹងធ្មេញ
      ការរមាស់ក្នុងមាត់ខ្លាំង៖ ការដាក់ធ្មេញដែលមិនសមស្រប ការដុសអណ្តាតខ្លាំងពេក ការប្រើថ្នាំដុសធ្មេញដែលមានជាតិខាត់ខ្លាំង ការប្រើទឹកខ្ពុរមាត់ច្រើនហួសហេតុ ឬការញ៉ាំអាហារ/ភេសជ្ជៈដែលមានជាតិអាស៊ីតច្រើនពេក
    • ជំងឺមាត់ធ្មេញផ្សេងៗ៖ រួមមានអណ្តាតផែនទី, ជំងឺរលាកភ្នាសមាត់ និងការឆ្លងមេរោគផ្សិតក្នុងមាត់
    • ការច្រាលអាស៊ីត៖ ឬហៅថាជំងឺច្រាលអាស៊ីតក្រពះ ដែលធ្វើឱ្យអាស៊ីតក្រពះច្រាលឡើងមកក្នុងមាត់
    • កង្វះអាហារូបត្ថម្ភ៖ កង្វះវីតាមីន B12, ហ្វូឡាត ឬជាតិដែក អាចបណ្តាលឱ្យមានអារម្មណ៍ក្រហាយមាត់
      អាឡែហ្ស៊ី៖ ប្រតិកម្មក្នុងមាត់ជាមួយសម្ភារៈធ្វើធ្មេញពីលោហៈ អាហារ គ្រឿងក្រអូប សារធាតុបន្ថែម ឬល័ក្ខពណ៌
    • បញ្ហាផ្លូវចិត្ត៖ រួមមានស្រ្តេស ការបាក់ទឹកចិត្ត ឬការថប់បារម្ភ
    • ឱសថមួយចំនួន៖ ដូចជាថ្នាំបញ្ចុះសម្ពាធឈាម, ថ្នាំប្រឆាំងការបាក់ទឹកចិត្តមួយចំនួន និងថ្នាំប្តូរអរម៉ូន
    • ជំងឺផ្សេងៗ៖ ដូចជា រោគសញ្ញា Sjögren (ស្ងួតភ្នែក និងមាត់), ជំងឺទឹកនោមផ្អែម, ជំងឺក្រពេញទីរ៉ូអ៊ីត និងបញ្ហាថ្លើម

កត្តាហានិភ័យ

រោគសញ្ញារលាកក្នុងមាត់ច្រើនតែកើតឡើងភ្លាមៗដោយគ្មានមូលហេតុច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនអាចបង្កើនហានិភ័យដូចជា៖

  • ភេទ៖ ស្ត្រីមានហានិភ័យខ្ពស់ជាងបុរស ដោយសារភាពរហ័សនៃការដឹងរសជាតិ
  • ការជក់បារី៖ បង្កើនឱកាសនៃការកើតជំងឺនេះ
  • អាយុ៖ ច្រើនកើតលើមនុស្សអាយុលើសពី ៦០ ឆ្នាំ ជាពិសេសស្ត្រីក្រោយអស់រដូវ ដោយសារកម្រិតអរម៉ូនអ៊ឹស្ត្រូសែនថយចុះ ធ្វើឱ្យសមត្ថភាពដឹងរសជាតិធ្លាក់ចុះ

កត្តាហានិភ័យផ្សេងទៀតរួមមាន៖

  • ធ្លាប់មានអាការៈធ្លាក់ខ្លួនឈឺនាពេលថ្មីៗ
  • ប្រតិកម្មអាឡែហ្ស៊ីជាមួយអាហារ
  • ជំងឺរ៉ាំរ៉ៃដូចជា ជំងឺសរសៃប្រសាទ, Fibromyalgia, ជំងឺ Parkinson និង ជំងឺប្រព័ន្ធភាពស៊ាំ
  • មានអាការៈអណ្តាតផែនទ
  • ប្រវត្តិធ្លាប់ធ្វើធ្មេញពីមុន ឬប្រើប្រាស់ថ្នាំជាក់លាក់
  • បទពិសោធន៍ជីវិតដ៏លំបាក ភាពតានតឹង និងស្ថានភាពផ្លូវចិត្ត (ថប់បារម្ភ/បាក់ទឹកចិត្ត)

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យរោគសញ្ញារលាកក្នុងមាត់អាចមានភាពស្មុគស្មាញ ដោយសារវាត្រូវឆ្លងកាត់ដំណើរការពិនិត្យដកចេញនូវមូលហេតុផ្សេងៗ ដូចជាការឆ្លងមេរោគផ្សិតក្នុងមាត់ជាដើម។ ជាដំបូង អ្នកគួរតែពិគ្រោះជាមួយទន្តបណ្ឌិត (គ្រូពេទ្យធ្មេញ) ព្រោះបញ្ហាសុខភាពមាត់ធ្មេញគឺជាកត្តារួមចំណែកដ៏ធំនៃករណី BMS។ ជាទូទៅ វាមិនមានការធ្វើតេស្តតែមួយគត់ណាមួយ ដែលអាចបញ្ជាក់ថាជាជំងឺ BMS នោះទេ។

ការធ្វើរោគវិនិច្ឆ័យតម្រូវឱ្យមានវិធីសាស្ត្រវាយតម្លៃយ៉ាងហ្មត់ចត់ ដែលរួមមានការពិនិត្យឡើងវិញនូវប្រវត្តិវេជ្ជសាស្ត្រ និងការប្រើប្រាស់ថ្នាំ ការពិនិត្យរាងកាយក្នុងប្រអប់មាត់ ការពិភាក្សាអំពីមូលហេតុនៃរោគសញ្ញាដែលបានជួបប្រទះ ការស្វែងយល់ពីទម្លាប់អនាម័យមាត់ធ្មេញ និងការធ្វើតេស្តមួយចំនួន។

ការធ្វើតេស្តដែលចាំបាច់អាចរួមមាន៖

  • ការធ្វើតេស្តឈាម៖ លទ្ធផលតេស្តអាចផ្តល់ព័ត៌មានអំពីមូលហេតុដែលបង្កឱ្យមានការឈឺចាប់ក្នុងមាត់។ ការវាយតម្លៃលើមុខងារប្រព័ន្ធភាពស៊ាំ មុខងារក្រពេញទីរ៉ូអ៊ីត កម្រិតជាតិស្ករក្នុងឈាម ស្ថានភាពអាហារូបត្ថម្ភ និងការរាប់គ្រាប់ឈាមពេញលេញ សុទ្ធតែអាចធ្វើបានតាមរយៈការពិនិត្យឈាម
  • ការធ្វើតេស្តលំហូរទឹកមាត់៖ តេស្តនេះអាចរកឃើញថាតើលំហូរទឹកមាត់មានការថយចុះដែរឬទេ។ អាការៈស្ងួតមាត់អាចជាសញ្ញាបង្ហាញនៃជំងឺរលាកក្នុងមាត់
  • ការយកសំណាកក្នុងមាត់ ឬការធ្វើកោសល្យវិច័យ៖ គ្រូពេទ្យនឹងយកជាលិកាតូចមួយ ឬប្រើសំឡីត្បាល់យកសំណាកក្នុងមាត់ដើម្បីវិភាគក្នុងមន្ទីរពិសោធន៍។ វិធីនេះអាចកំណត់បានថាតើក្នុងប្រអប់មាត់មានឆ្លងបាក់តេរី វីរុស ឬផ្សិត
  • ការថតឆ្លុះពិនិត្យរូបភាព៖ ដើម្បីពិនិត្យរកបញ្ហាសុខភាពផ្សេងៗ គ្រូពេទ្យអាចណែនាំឱ្យធ្វើការថត MRI, CT scan ឬការថតឆ្លុះផ្សេងទៀត
  • ការធ្វើតេស្តអាឡែហ្ស៊ី៖ ដើម្បីស្វែងរកថាតើអ្នកមានអាឡែហ្ស៊ីជាមួយអាហារ សារធាតុបន្ថែម សម្ភារៈធ្វើធ្មេញ ឬទឹកខ្ពុរមាត់ណាមួយដែរឬទេ
  • ការធ្វើតេស្តការច្រាលអាស៊ីត៖ តេស្តនេះអាចរកឃើញ ប្រសិនបើមានជាតិអាស៊ីតហូរច្រាលពីក្រពះត្រឡប់មកក្នុងមាត់វិញ
  • ការកែតម្រូវការប្រើប្រាស់ថ្នាំ៖ ការផ្អាកប្រើថ្នាំជាបណ្តោះអាសន្នអាចនឹងត្រូវយកមកពិចារណា។ ការផ្លាស់ប្តូរកម្រិតថ្នាំ ឬការប្តូរទៅប្រើថ្នាំផ្សេងទៀតក៏អាចជាការចាំបាច់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការនេះត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យពីគ្រូពេទ្យជំនាញ ព្រោះការឈប់ប្រើថ្នាំមួយចំនួនដោយខ្លួនឯងអាចបង្កឱ្យមានគ្រោះថ្នាក់
  • ការវាយតម្លៃសុខភាពផ្លូវចិត្ត៖ រោគសញ្ញានៃការបាក់ទឹកចិត្ត ការថប់បារម្ភ ឬស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀតដែលពាក់ព័ន្ធនឹង BMS អាចនឹងត្រូវវាយតម្លៃតាមរយៈកម្រងសំណួរអំពីសុខភាពផ្លូវចិត្ត

ការព្យាបាល

ការព្យាបាលរោគសញ្ញារលាកក្នុងមាត់ ជាទូទៅតម្រូវឱ្យមានការប្រើប្រាស់ឱសថ។ ទោះបីជាមិនទាន់មានឱសថណាដែលផលិតឡើងសម្រាប់ព្យាបាល BMS ដោយជាក់លាក់ក៏ដោយ ប៉ុន្តែឱសថប្រភេទផ្សេងទៀតអាចជួយសម្រាលរោគសញ្ញាបាន។

  • រោគសញ្ញារលាកក្នុងមាត់កម្រិតដំបូង៖ ការព្យាបាលគឺផ្ដោតលើការគ្រប់គ្រងរោគសញ្ញា ហើយអ្នកជំងឺម្នាក់ៗអាចនឹងត្រូវសាកល្បងជម្រើសផ្សេងៗគ្នា មុននឹងរកឃើញវិធីសាស្ត្ររួមបញ្ចូលគ្នាណាមួយដែលសមស្រប។ ការព្យាបាលសម្រាប់ BMS កម្រិតដំបូងរួមមាន៖ ផលិតផលជំនួសទឹកមាត់, ថ្នាំប្រឆាំងការបាក់ទឹកចិត្តជាក់លាក់, និងការព្យាបាលតាមបែបការយល់ដឹង និងអាកប្បកិរិយា ដើម្បីដោះស្រាយបញ្ហាថប់បារម្ភ បាក់ទឹកចិត្ត ស្រ្តេស និងដើម្បីរៀនរស់នៅជាមួយការឈឺចាប់រ៉ាំរ៉ៃ។
    • ឱសថផ្សេងទៀតដែលអាចនឹងត្រូវណែនាំរួមមាន៖
    • ឱសថដែលផ្ដោតលើការឈឺចាប់សរសៃប្រសាទ
    • អាស៊ីតអាល់ហ្វា-លីប៉ូអ៊ីក ដើម្បីជួយសម្រាលការឈឺចាប់សរសៃប្រសាទ
    • កាប់សៃស៊ីន (Capsaicin) សម្រាប់ការបំបាត់ការឈឺចាប់
    • ក្លូណាស្សេប៉ាម (Clonazepam) ដែលជាថ្នាំប្រើសម្រាប់គ្រប់គ្រងការប្រកាច់
      រោគសញ្ញារលាកក្នុងមាត់កម្រិតដំបូង មិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយដាច់នៅឡើយទេ ហើយវិធីសាស្ត្រព្យាបាលដែលមានប្រសិទ្ធភាពក៏មិនទាន់ត្រូវបានកំណត់ច្បាស់លាស់ដែរ ដោយសារការស្រាវជ្រាវនៅមានកម្រិត។ ការគ្រប់គ្រងរោគសញ្ញាអាចប្រើពេលវេលាយូរ ហើយការឆ្លើយតបទៅនឹងការព្យាបាលរបស់បុគ្គលម្នាក់ៗគឺខុសៗគ្នា។
  • រោគសញ្ញារលាកក្នុងមាត់កម្រិតបន្ទាប់បន្សំ៖ ប្រសិនបើបញ្ហាដូចជា ការសង្កៀតធ្មេញ ឬការខាំធ្មេញណែនៗ គឺជាមូលហេតុនៃរោគសញ្ញារលាកក្នុងមាត់ ទន្តបណ្ឌិតអាចជួយកែតម្រូវបញ្ហាមាត់ធ្មេញទាំងនេះបាន។ ប្រសិនបើវាបណ្តាលមកពីការឆ្លងមេរោគក្នុងមាត់ ឬការខ្វះវីតាមីនមួយចំនួន ការព្យាបាលទៅលើមូលហេតុជាក់លាក់ទាំងនោះនឹងធ្វើឱ្យស្ថានភាពជំងឺប្រសើរឡើង។ ជាទូទៅ ប្រសិនបើគេរកឃើញថាបញ្ហាសុខភាពណាមួយគឺជាដើមហេតុនៃ BMS ការដោះស្រាយនិងព្យាបាលស្ថានភាពជំងឺនោះ នឹងនាំទៅរកការសម្រាលរោគសញ្ញារលាកក្នុងមាត់ជាក់ជាមិនខាន។

Doctors who treat this condition