ជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូង
ទិដ្ឋភាពទូទៅ
ជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូង (Bundle branch block) គឺជាលក្ខខណ្ឌមួយដែលមានការបង្អាក់ ឬយឺតយ៉ាវនៅតាមផ្លូវបញ្ជូនចរន្តអគ្គិសនីសម្រាប់ចង្វាក់បេះដូង។ ការយឺតយ៉ាវនេះអាចធ្វើឱ្យបេះដូងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយ ហើយក៏អាចបណ្តាលឱ្យចង្វាក់បេះដូងដើរមិនទៀងទាត់ផងដែរ។ ការស្ទះនេះអាចកើតឡើងនៅផ្នែកខាងឆ្វេង ឬខាងស្តាំនៃថតបេះដូងខាងក្រោម។
ជាធម្មតា ចរន្តអគ្គិសនីធ្វើដំណើរតាមមែកធាងបញ្ជូនសញ្ញា ដែលធ្វើឱ្យថតបេះដូងទាំងពីរច្របាច់ក្នុងពេលដំណាលគ្នា។ ប៉ុន្តែក្នុងករណីមានជំងឺរាំងស្ទះនេះ សញ្ញាអគ្គិសនីត្រូវបានពន្យារពេល ដែលធ្វើឱ្យថតបេះដូងម្ខាងច្របាច់យឺតជាងម្ខាងទៀត។
ការព្យាបាលជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូង ប្រហែលជាមិនចាំបាច់គ្រប់ករណីនោះទេ។ នៅពេលដែលត្រូវការការព្យាបាល វានឹងផ្តោតសំខាន់ទៅលើការគ្រប់គ្រងបញ្ហាសុខភាពដែលមានស្រាប់ ដូចជាជំងឺបេះដូង ដែលជាមូលហេតុបង្កឱ្យកើតមានជំងឺរាំងស្ទះនេះ។
រោគសញ្ញា
ជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូង អាចនឹងមិនបង្ហាញរោគសញ្ញាអ្វីឡើយ ប៉ុន្តែប្រសិនបើមាន វានឹងបង្ហាញដូចជា៖
- វិលមុខ
- សន្លប់
- អារម្មណ៍ដូចជង់នឹងសន្លប់
ប្រសិនបើការស្ទះនេះប៉ះពាល់ដល់ទាំងសងខាង (ឆ្វេងនិងស្តាំ) រោគសញ្ញាបន្ថែមអាចកើតមានដូចជា៖
- ចង្វាក់បេះដូងដើរមិនទៀង
- ពិបាកដកដង្ហើម
- ចង្វាក់បេះដូងដើរយឺតខុសធម្មតា
ប្រសិនបើអ្នកមានអាការៈសន្លប់ វាជារឿងសំខាន់ដែលត្រូវស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីពិនិត្យរកមើលជំងឺធ្ងន់ធ្ងរផ្សេងៗ។ សម្រាប់អ្នកដែលមានជំងឺបេះដូងស្រាប់ ឬធ្លាប់ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរាំងស្ទះនេះ គួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីភាពញឹកញាប់នៃការតាមដានសុខភាព។
មូលហេតុ
នៅពេលដែលចរន្តអគ្គិសនីនៅក្នុងសាច់ដុំបេះដូងត្រូវបានរំខាន ដូចជាដោយសារការគាំងបេះដូង វានឹងធ្វើឱ្យទម្រង់នៃការច្របាច់របស់បេះដូងប្រែជាមិនទៀងទាត់។ ការរំខាននេះច្រើនតែកើតឡើងនៅលើផ្លូវបញ្ជូនសញ្ញាអគ្គិសនី ដែលមានពីរមែកធាងគឺ មែកខាងស្តាំ និងមែកខាងឆ្វេង។ មូលហេតុជាក់លាក់អាស្រ័យទៅលើផ្នែកដែលរងផលប៉ះពាល់៖
- ការរាំងស្ទះមែកខាងឆ្វេង៖
- ជំងឺគាំងបេះដូង
- រលាកសាច់ដុំបេះដូង
- ជំងឺសាច់ដុំបេះដូង
- លើសឈាម
- ការរាំងស្ទះមែកខាងស្តាំ៖
- ការស្ទះសរសៃឈាមសួត
- ជំងឺបេះដូងពីកំណើត
- លើសឈាមក្នុងសួត
- ជំងឺសួតរ៉ាំរ៉ៃ COPD
កត្តាហានិភ័យ
នរណាក៏អាចកើតមានជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូងបានដែរ ប៉ុន្តែកត្តាដែលបង្កើនហានិភ័យរួមមាន៖
- វ័យ៖ កាន់តែចាស់ ហានិភ័យកាន់តែខ្ពស់។ វាអាចប៉ះពាល់ដល់មនុស្សប្រហែល ០.៨% នៅអាយុ ៥០ ឆ្នាំ និងកើនឡើងដល់ ១១.៣% នៅអាយុ ៨០ ឆ្នាំ
- បញ្ហាសុខភាពដែលមានស្រាប់៖ អ្នកដែលមានជំងឺបេះដូង ឬជំងឺលើសឈាម ងាយនឹងកើតមានជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូងនេះណាស់
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូង ជាទូទៅអាស្រ័យលើទីតាំងដែលការរាំងស្ទះនោះកើតឡើង។ ចំពោះអ្នកដែលមាន ការរាំងស្ទះមែកខាងស្តាំ ហើយមានសុខភាពល្អធម្មតា ប្រហែលជាមិនត្រូវការការពិនិត្យស៊ីជម្រៅនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសុខភាពយ៉ាងល្អិតល្អន់គឺចាំបាច់បំផុត ប្រសិនបើអ្នកមាន ការរាំងស្ទះមែកខាងឆ្វេង។
ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ ការធ្វើតេស្តទាំងនេះអាចនឹងតម្រូវឱ្យមាន៖
- ម៉ាស៊ីនវាស់ចង្វាក់បេះដូង ECG ឬ EKG: ការធ្វើ EKG អាចបង្ហាញថា តើផ្នែកខាងណានៃបេះដូងដែលរងផលប៉ះពាល់។ ក្នុងអំឡុងពេលតេស្ត គេនឹងបិទអេឡិចត្រូត នៅលើស្បែកត្រង់តំបន់ទ្រូង។ អ្នកត្រូវដេកនៅស្ងៀម ខណៈពេលដែលកុំព្យូទ័រតាមដានរលកសញ្ញាអគ្គិសនីដែលឆ្លងកាត់បេះដូង។ វាបង្ហាញពីសកម្មភាពអគ្គិសនី និងប្រសិទ្ធភាពនៃការច្របាច់ឈាមរបស់បេះដូង
- ការពិនិត្យបេះដូងដោយអេកូ៖ ការតេស្តនេះជួយកំណត់រកមូលហេតុនៃជំងឺរាំងស្ទះ និងពិនិត្យរកជំងឺសរសៃឈាមបេះដូងផ្សេងៗ។ គ្រូពេទ្យនឹងប្រើឧបករណ៍ម្យ៉ាង (wand) រមៀលលើទ្រូង ដែលប្រើរលកសំឡេងដើម្បីបង្កើតជារូបភាពលម្អិតនៃបេះដូង និងសន្ទះបេះដូង។ វាអាចបង្ហាញពីទម្រង់ និងកម្រាស់នៃសាច់ដុំបេះដូង
ការព្យាបាល
ការព្យាបាលជំងឺរាំងស្ទះចរន្តអគ្គិសនីបេះដូង គឺអាស្រ័យលើរោគសញ្ញាជាក់ស្តែង និងជំងឺបេះដូងផ្សេងទៀតដែលកើតមានទន្ទឹមគ្នា។ ប្រសិនបើគ្មានរោគសញ្ញាទេ ការព្យាបាលអាចនឹងមិនចាំបាច់ឡើយ។ ប៉ុន្តែប្រសិនបើមានបញ្ហាផ្សេងទៀតរួមជាមួយ ដូចជាលើសឈាម ឬរោគសញ្ញាខ្សោយបេះដូង នោះទើបតម្រូវឱ្យមានការព្យាបាល៖
- ការប្រើប្រាស់ថ្នាំ៖ ការព្យាបាលជំងឺបេះដូងដែលបង្កឱ្យមានការរាំងស្ទះចរន្តអគ្គិសនី អាចរួមមានការប្រើប្រាស់ថ្នាំដើម្បីបញ្ចុះសម្ពាធឈាម និងកាត់បន្ថយរោគសញ្ញានៃការខ្សោយបេះដូង។
- ការវះកាត់ និងនីតិវិធីផ្សេងៗ៖ ប្រសិនបើអ្នកមានជំងឺរាំងស្ទះនេះ ហើយធ្លាប់មានប្រវត្តិសន្លប់ គ្រូពេទ្យអាចនឹងណែនាំឱ្យដាក់ ម៉ាស៊ីនជំនួយចង្វាក់បេះដូង (Pacemaker) ដែលជាឧបករណ៍តូចមួយដាក់បញ្ចូលក្រោមស្បែកនៅដើមទ្រូងផ្នែកខាងលើ។ វាមានខ្សែពីរភ្ជាប់ទៅកាន់បេះដូងផ្នែកខាងស្តាំ ដើម្បីបញ្ចេញចរន្តអគ្គិសនីតាមតម្រូវការសម្រាប់រក្សាចង្វាក់បេះដូងឱ្យដើរទៀងទាត់។
- ការព្យាបាលដោយការសម្របសម្រួលចង្វាក់បេះដូង៖ ប្រសិនបើបេះដូងរបស់អ្នកច្របាច់ឈាមបានខ្សោយខ្លាំង អ្នកអាចនឹងត្រូវការការព្យាបាលបែបនេះ (ហៅថា biventricular pacing)។ វាស្រដៀងនឹងម៉ាស៊ីនជំនួយចង្វាក់បេះដូងដែរ ប៉ុន្តែមានខ្សែបន្ថែមមួយទៀតភ្ជាប់ទៅបេះដូងខាងឆ្វេង ដើម្បីជួយឱ្យបេះដូងទាំងសងខាងច្របាច់បានស្របគ្នា និងមានប្រសិទ្ធភាពជាងមុន។
