ទិដ្ឋភាពទូទៅ
ការបាក់ម្រាមជើង (Broken toe) ឬហៅម្យ៉ាងទៀតថា ការបាក់ឆ្អឹងម្រាមជើង (Toe fracture) កើតឡើងនៅពេលដែលឆ្អឹងម្រាមជើងមានការបាក់បន្ទាប់ពីមានរបួស។ ម្រាមជើងនីមួយៗផ្សំឡើងដោយឆ្អឹងជាច្រើន ហើយឆ្អឹងមួយ ឬច្រើនក្នុងចំណោមនោះអាចនឹងបាក់ បន្ទាប់ពីមានវត្ថុអ្វីមួយធ្លាក់ពីលើ ឬការទាត់ទង្គិចអ្វីមួយ។
ម្រាមជើងដែលបាក់អាចបង្កការឈឺចាប់ខ្លាំង និងមានលទ្ធភាពឈានទៅរកការឆ្លងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីភាគច្រើន ការជាសះស្បើយកើតឡើងក្នុងរយៈពេលលឿនល្មម ពោលគឺចន្លោះពី ៤ ទៅ ៦ សប្តាហ៍។ ការព្យាបាលទូទៅសម្រាប់ការបាក់ឆ្អឹងម្រាមជើង គឺការរុំស្កុតភ្ជាប់វាទៅនឹងម្រាមជើងដែលនៅជាប់គ្នា (Buddy taping)។ ក្នុងករណីដែលម្រាមជើងបាក់ធ្ងន់ធ្ងរ ការដាក់ម្សៅជួស (Cast) ឬការវះកាត់អាចនឹងត្រូវការចាំបាច់។
ប្រសិនបើមិនបានព្យាបាលម្រាមជើងដែលបាក់ទេ វាអាចនាំឱ្យមានការពិបាកក្នុងការដើរ និងការរត់។ ការបាក់នេះក៏អាចបង្កើនលទ្ធភាពនៃការកើតជំងឺរលាកសន្លាក់ នៅត្រង់ម្រាមជើងនោះនាពេលអនាគតផងដែរ។
រោគសញ្ញា
នៅពេលមានរបួស អ្នកអាចនឹងឮសម្លេងឆ្អឹងបាក់។ ជាទូទៅ សញ្ញាដំបូងនៃការបាក់ម្រាមជើង គឺការឈឺចាប់ខ្លាំងឆៀបៗ។ សញ្ញា និងរោគសញ្ញាផ្សេងទៀតអាចរួមមាន៖
- ការឈឺចាប់
- ការហើម
- ការជាំ ឬការប្រែពណ៌ស្បែកនៅតំបន់ជុំវិញម្រាមជើង
- ការឡើងរឹង
- ម្រាមជើងមានសភាពវៀច ឬស្ថិតក្នុងមុំដែលមិនធម្មតា
- ពិបាកក្នុងការដាក់ទម្ងន់លើម្រាមជើង (ដើរមិនរួច)
ប្រសិនបើសញ្ញា ឬរោគសញ្ញានៃការបាក់ម្រាមជើងនៅតែបន្ត ជាពិសេសប្រសិនបើវាប៉ះពាល់ដល់សមត្ថភាពក្នុងការដើរ ឬការឈរ វាត្រូវបានណែនាំឱ្យស្វែងរកការពិនិត្យពីគ្រូពេទ្យ។ ជួនកាល ការគ្រេចម្រាមជើង អាចត្រូវបានភាន់ច្រឡំថាជាការបាក់ម្រាមជើង។ ទោះជាយ៉ាងណាក៏ដោយ ការគ្រេចម្រាមជើងជាធម្មតាមិនមើលទៅដូចជាខុសសន្លាក់ទេ ហើយមានការជាំតិចជាងការបាក់ម្រាមជើង។
ដើម្បីកំណត់ឱ្យច្បាស់ថាវាជាការបាក់ ឬគ្រេច វាជាការល្អបំផុតដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ដើម្បីឱ្យពួកគាត់ពិនិត្យមើល និងកំណត់ប្រភេទនៃរបួស។ វាជារឿងសំខាន់ក្នុងការប្រាប់គ្រូពេទ្យ ប្រសិនបើមានអាការស្ពឹក ឬស្រពាប់ស្រពោននៅម្រាមជើង ព្រោះនេះអាចជាសញ្ញានៃរបួសសរសៃប្រសាទ។
មលហេតុ
ការបាក់ម្រាមជើងជាញឹកញាប់បណ្តាលមកពីការប៉ះទង្គិច ឬរបួសដល់ជើង ឬម្រាមជើង។ មូលហេតុទូទៅបំផុតគឺការទាត់ទង្គិចទៅនឹងវត្ថុរឹងអ្វីមួយ ឬមានវត្ថុធ្ងន់ធ្លាក់ពីលើ។
ការបាក់ឆ្អឹងម្រាមជើងក៏អាចកើតឡើងជាលទ្ធផលនៃ ការបាក់ដោយសារសម្ពាធ ឬចលនាដដែលៗក្នុងរយៈពេលយូរ ដូចជាសកម្មភាពក្នុងកីឡាមួយចំនួន។ វាក៏កើតមានជាញឹកញាប់ចំពោះអ្នកដែលលើកទម្ងន់ធ្ងន់ៗដោយមិនមានការការពារជើងបានត្រឹមត្រូវ ដូចជាការមិនពាក់ស្បែកជើងប៊ូទ (Boots) ក្រាស់ជាដើម។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យការបាក់ម្រាមជើង ចាប់ផ្តើមដោយការផ្តល់ព័ត៌មានឱ្យបានលម្អិតបំផុតតាមដែលអាចធ្វើទៅបានទៅកាន់គ្រូពេទ្យ អំពីរបួស និងរោគសញ្ញាដែលអ្នកកំពុងជួបប្រទះ។ ការពិនិត្យរាងកាយនឹងត្រូវធ្វើឡើង ដើម្បីពិនិត្យស្បែកជុំវិញកន្លែងរងរបួស ដើម្បីធានាថាវាមិនមានមុខរបួសដាច់ និងដើម្បីឱ្យប្រាកដថាម្រាមជើងនៅតែទទួលបានលំហូរឈាម និងសញ្ញាសរសៃប្រសាទធម្មតា។ គ្រូពេទ្យក៏នឹងស្វែងរកចំណុចដែលឈឺចាប់បំផុតនៅលើម្រាមជើងផងដែរ។
ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ គ្រូពេទ្យអាចនឹងតម្រូវឱ្យថត កាំរស្មីអ៊ិច នៃម្រាមជើងដែលខូចខាត។ វាមានសារៈសំខាន់ណាស់ក្នុងការថតរូបភាពពីច្រើនមុំ ដើម្បីកំណត់ពីកម្រិតនៃការបាក់។ ព័ត៌មានពីរូបភាពកាំរស្មីអ៊ិច ក៏នឹងជួយក្នុងការសម្រេចចិត្តផងដែរថា តើការវះកាត់ចាំបាច់ត្រូវធ្វើឬយ៉ាងណា។
ការព្យាបាល
- ថ្នាំសង្កូវ៖ ក្នុងករណីមានការឈឺចាប់ខ្លាំង អាចនឹងត្រូវប្រើថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជា។ ប៉ុន្តែក្នុងករណីភាគច្រើន ការឈឺចាប់អាចព្យាបាលបានដោយប្រើថ្នាំដែលទិញតាមឱសថស្ថានដូចជា Ibuprofen, Naproxen sodium ឬ Acetaminophen
- ការរៀបឆ្អឹង៖ ការរៀបឆ្អឹងអាចនឹងត្រូវធ្វើឡើង ដើម្បីដាក់ឆ្អឹងដែលបាក់ឱ្យមកទីតាំងដើមវិញ។ ម្រាមជើងនឹងត្រូវធ្វើឱ្យស្ពឹកដោយប្រើទឹកកក ឬការចាក់ថ្នាំស្ពឹក។ ជាទូទៅ នីតិវិធីនេះត្រូវបានអនុវត្តដោយមិនចាំបាច់វះកាត់កាត់ស្បែកឡើយ
- ការរក្សាម្រាមជើងកុំឱ្យមានចលនា៖ ដើម្បីជួយគ្រប់គ្រងការឈឺចាប់ និងការហើម ត្រូវលើកជើងឱ្យខ្ពស់តាមដែលអាចធ្វើទៅបាន ជាពិសេសក្នុងរយៈពេលពីរថ្ងៃដំបូងបន្ទាប់ពីរងរបួស។ ជៀសវាងការធ្វើចលនាឆ្អឹងដែលបាក់ ដើម្បីជួយឱ្យចុងឆ្អឹងផ្សះចូលគ្នា និងជាសះស្បើយ។ វិធីសាស្ត្រខាងក្រោមអាចត្រូវបានប្រើប្រាស់៖
- ការរុំស្កុតជាប់គ្នា៖ ការព្យាបាលទូទៅគឺការរុំស្កុតម្រាមជើងដែលបាក់ ភ្ជាប់ទៅនឹងម្រាមជើងដែលនៅជាប់គ្នា។ ម្រាមជើងដែលមិនរងរបួស ដើរតួជា “អន្ទាក់” (Splint) ដើម្បីជួយទប់ម្រាមជើងដែលបាក់នៅពេលវាចាប់ផ្តើមជាសះស្បើយ។ ដើម្បីជៀសវាងការរលាកស្បែក គេតែងតែដាក់បន្ទះសំឡី នៅចន្លោះម្រាមជើង មុននឹងរុំស្កុតវាបញ្ចូលគ្នា
- ការពាក់ស្បែកជើងបាតរឹង៖ គ្រូពេទ្យអាចណែនាំឱ្យពាក់ស្បែកជើងក្រោយវះកាត់ដែលមានបាតរឹង ប៉ុន្តែផ្នែកខាងលើទន់ និងអាចបន្ធូរបាន។ ស្បែកជើងប្រភេទនេះជួយទប់ម្រាមជើងកុំឱ្យមានចលនា និងផ្តល់កន្លែងទំនេរសម្រាប់ម្រាមជើងដែលកំពុងហើម
- ការដាក់ម្សៅជួស៖ ប្រសិនបើបំណែកនៃឆ្អឹងដែលបាក់មិនអាចរក្សានៅមួយកន្លែងបាន គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើម្សៅជួសប្រភេទដើរបាន ដើម្បីជួយទប់លំនឹងជើង និងកាត់បន្ថយការឈឺចាប់នៅពេលដើរ
- ការវះកាត់៖ ក្នុងករណីបាក់ឆ្អឹងធ្ងន់ធ្ងរ ការវះកាត់អាចនឹងត្រូវការចាំបាច់ដើម្បីតម្រង់ឆ្អឹងឱ្យត្រូវជួរវិញ។ ក្នុងអំឡុងពេលវះកាត់ គ្រូពេទ្យវះកាត់អាចនឹងដាក់ដែកគោល បន្ទះដែក ឬខ្ចៅ ចូលទៅក្នុងឆ្អឹងដើម្បីជួយដល់ការជាសះស្បើយ។ គ្រឿងលោហៈទាំងនេះនឹងនៅជាប់ជាអចិន្ត្រៃយ៍នៅក្នុងម្រាមជើង
