ទិដ្ឋភាពទូទៅ
នៅពេលដែលឆ្អឹង ឬឆ្អឹងខ្ចីក្នុងច្រមុះមានសភាពប្រេះ ឬបែក វានឹងបង្កឱ្យមានការបាក់ច្រមុះ ឬការបាក់ឆ្អឹងច្រមុះ។ បញ្ហានេះអាចបណ្តាលឱ្យមានការពិបាកដកដង្ហើម ហូរឈាមច្រមុះ និងមានការឈឺចាប់។ ពាក្យថា “ការបាក់ឆ្អឹងច្រមុះ” (Nasal fracture) ត្រូវបានប្រើប្រាស់ជំនួសឱ្យពាក្យ “បាក់ច្រមុះ” (Broken nose)។
នៅពេលបាក់ច្រមុះ ការរលាក និងការជាំនៅជុំវិញច្រមុះ និងក្រោមភ្នែកអាចនឹងកើតមានឡើង។ វាក៏អាចបណ្តាលឱ្យមានការពិបាកដកដង្ហើមផងដែរ ជាពិសេសនៅពេលដែលច្រមុះមានសភាពវៀច ឬខូចទ្រង់ទ្រាយ។ ក្នុងករណីធ្ងន់ធ្ងរ វាអាចនាំឱ្យមានការកកឈាមក្នុងច្រមុះ។
កីឡាដែលមានការប៉ះទង្គិច ការឈ្លោះប្រកែកគ្នា ការដួល និងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានរបួសផ្ទៃមុខ សុទ្ធតែជាមូលហេតុទូទៅនៃការបាក់ច្រមុះ។ ការបាក់ឆ្អឹងច្រមុះកម្រិតស្រាលអាចនឹងជាសះស្បើយទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីមានការបាក់ធ្ងន់ធ្ងរ ឬបាក់ច្រើនកន្លែង ការព្យាបាល ឬការវះកាត់អាចនឹងត្រូវការចាំបាច់ដើម្បីតម្រង់ឆ្អឹងច្រមុះដែលបាក់នោះឱ្យត្រូវតាមរូបរាងដើមវិញ។
រោគសញ្ញា
អ្នកដែលមានការបាក់ឆ្អឹងច្រមុះអាចជួបប្រទះនូវសញ្ញា និងរោគសញ្ញាដូចខាងក្រោម៖
- ភាពស្រើបស្រាល (ងាយឈឺ) និងការឈឺចាប់
- ការហើមក្នុង និងជុំវិញច្រមុះ
- ការជាំនៅជុំវិញច្រមុះ ឬភ្នែក
- ការហូរឈាមច្រមុះ
- ការស្ទះច្រមុះ
- ការកកឈាមក្នុងភ្នាសច្រមុះ
- ច្រមុះមានសភាពខូចទ្រង់ទ្រាយ ឬវៀច
- ពិបាកដកដង្ហើមតាមច្រមុះ
- មានហៀរសំបោរ ឬទឹករំអិលចេញពីច្រមុះ
ទោះបីជាការបាក់ច្រមុះមិនតម្រូវឱ្យមានការសង្គ្រោះបន្ទាន់ជានិច្ចកាលក៏ដោយ ប៉ុន្តែវាជារឿងសំខាន់ក្នុងការស្វែងរកការពិនិត្យពីគ្រូពេទ្យឱ្យបានឆាប់រហ័ស។ ការស្វែងរកការព្យាបាលទាន់ពេលវេលាអាចកាត់បន្ថយហានិភ័យនៃផលវិបាករយៈពេលវែង ដូចជាការពិបាកដកដង្ហើម ឬការខូចទ្រង់ទ្រាយច្រមុះ។
ប្រសិនបើការហូរឈាមច្រមុះនៅតែបន្តទោះបីជាមានការប៉ុនប៉ងបញ្ឈប់វាដំបូងក៏ដោយ ប្រសិនបើការដកដង្ហើមមានបញ្ហា ប្រសិនបើមានរបួសក្បាល ឬក ប្រសិនបើច្រមុះមើលទៅមិនប្រក្រតី ឬប្រសិនបើមានសារធាតុរាវច្បាស់លាស់លេចធ្លាយចេញពីច្រមុះ វាជាការសំខាន់ណាស់ក្នុងការស្វែងរកការព្យាបាលពីគ្រូពេទ្យជាបន្ទាន់។
មូលហេតុ
ការបាក់ឆ្អឹងច្រមុះអាចកើតឡើងពីការប៉ះទង្គិចដោយកម្លាំងខ្លាំង។ វាតែងតែកើតឡើងក្នុងអំឡុងពេលមានការឈ្លោះប្រកែកគ្នា ការដួល ការប៉ះទង្គិចដោយយានយន្ត និងរបួសដែលទាក់ទងនឹងកីឡា។ ការដើរបុកវត្ថុដែលនៅស្ងៀម ដូចជាទ្វារ ឬជញ្ជាំង ឬការលេងបែបបោកចំបាប់ខ្លាំងៗ ក៏អាចបណ្តាលឱ្យបាក់ឆ្អឹងច្រមុះផងដែរ។
កត្តាហានិភ័យ
ការបាក់ឆ្អឹងច្រមុះគឺកើតមានច្រើនណាស់ ដោយវាមានចំនួនចន្លោះពី ៤០% ទៅ ៥០% នៃរបួសផ្ទៃមុខទាំងអស់។ តាមស្ថិតិ វាទំនងជាកើតឡើងចំពោះបុរសច្រើនជាងស្ត្រី។
សកម្មភាពមួយចំនួនក៏បង្កើនហានិភ័យនៃការបាក់ច្រមុះផងដែរ ដូចជា ការជិះកង់ ការចូលរួមក្នុងជម្លោះរាងកាយ ការលើកទម្ងន់ ការលេងកីឡាដែលមានការប៉ះទង្គិចដោយគ្មានឧបករណ៍ការពារ និងការបើកបរដោយមិនពាក់ខ្សែក្រវាត់សុវត្ថិភាព។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យការបាក់ច្រមុះ ជាទូទៅគ្រូពេទ្យនឹងចាប់ផ្តើមដោយការពិនិត្យរាងកាយ។ ក្នុងអំឡុងពេលពិនិត្យ គ្រូពេទ្យនឹងសង្កត់ថ្នមៗលើខ្ទង់ច្រមុះ និងពិនិត្យមើលរន្ធច្រមុះ ដើម្បីរកមើលការស្ទះណាមួយ។ បន្ថែមពីនេះ គ្រូពេទ្យនឹងវាយតម្លៃតំបន់ជុំវិញច្រមុះ និងរកមើលសញ្ញានៃការបាក់ឆ្អឹងផ្សេងទៀត។ ថ្នាំស្ពឹកអាចនឹងត្រូវផ្តល់ជូនក្នុងអំឡុងពេលពិនិត្យនេះ។
អាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃរបួស គ្រូពេទ្យអាចនឹងតម្រូវឱ្យមានការធ្វើតេស្តបន្ថែម ដូចជាការថតកាំរស្មីអ៊ិច ឬការថត CT scan ដើម្បីពិនិត្យមើលការបាក់ច្រមុះឱ្យបានលម្អិត
ការព្យាបាល
ការព្យាបាលដែលសមស្របត្រូវបានកំណត់ទៅតាមកម្រិតនៃរបួស។ ជម្រើសនៃការព្យាបាលជាទូទៅមានចាប់ពីការស្អំទឹកកក រហូតដល់ការវះកាត់។ របួសស្រាលអាចព្យាបាលបានដោយការស្អំទឹកកកលើតំបន់ដែលរងផលប៉ះពាល់ និងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលទិញតាមឱសថស្ថាន។ ប្រសិនបើការបាក់ឆ្អឹងច្រមុះមិនបណ្តាលឱ្យច្រមុះវៀច ឬខូចទ្រង់ទ្រាយទេ ការតម្រង់ឆ្អឹង ឬការវះកាត់អាចនឹងមិនចាំបាច់ឡើយ។ ជាទូទៅ ការបាក់ច្រមុះនឹងជាសះស្បើយក្នុងរយៈពេលពី ៣ ទៅ ៦ សប្តាហ៍។
- ការតម្រង់ឆ្អឹងដោយដៃ៖ គ្រូពេទ្យនឹងត្រូវតម្រង់ឆ្អឹងច្រមុះឡើងវិញ ប្រសិនបើវាបានរអិលចេញពីទីតាំងដើមដោយសាររបួស។ ជាធម្មតា ការធ្វើបែបនេះតម្រូវឱ្យប្រើថ្នាំស្ពឹកនៅនឹងកន្លែង មុននឹងរុញឆ្អឹង និងឆ្អឹងខ្ចីឱ្យចូលទៅក្នុងទីតាំងដើមវិញដោយថ្នមៗ។ ឧបករណ៍ជំនាញសម្រាប់តម្រង់ឆ្អឹង និងឆ្អឹងខ្ចីដែលបែកជួនកាលត្រូវបានប្រើប្រាស់។ អាស្រ័យលើអាយុរបស់អ្នកជំងឺ និងភាពធ្ងន់ធ្ងរនៃរបួស ការប្រើថ្នាំសន្លប់អាចនឹងត្រូវធ្វើឡើង
បន្ទាប់ពីតម្រង់ឆ្អឹងច្រមុះរួច គ្រូពេទ្យអាចនឹងដាក់សំឡីនៅខាងក្នុងរន្ធច្រមុះ និងរុំបង់នៅខាងក្រៅច្រមុះ។ ក្នុងករណីខ្លះ អាចនឹងមានការដាក់ឧបករណ៍ការពារច្រមុះបណ្តោះអាសន្ន។ ក្នុងរយៈពេលពី ១ ទៅ ២ សប្តាហ៍ សំឡី និងបង់រុំអាចត្រូវបានដកចេញ។ ថ្នាំផ្សះក៏ត្រូវបានចេញឱ្យប្រើប្រាស់ផងដែរ ដើម្បីការពារការឆ្លងមេរោគពីបាក់តេរីដែលមាននៅក្នុងច្រមុះ។
ការតម្រង់ឆ្អឹងដោយដៃអាចត្រូវរង់ចាំប៉ុន្មានថ្ងៃសិន ដើម្បីឱ្យហើមស្រកចុះ។ ជាទូទៅ នីតិវិធីនេះត្រូវតែបញ្ចប់ក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ពីការបាក់ ឬលឿនជាងនេះ
- ការវះកាត់៖ ការវះកាត់ត្រូវបានណែនាំជាញឹកញាប់ដើម្បីតម្រង់ឆ្អឹងច្រមុះ និងសម្រួលដល់ការពិបាកដកដង្ហើម ក្នុងករណីច្រមុះបាក់ធ្ងន់ធ្ងរ រួមទាំងករណីដែលបាក់ច្រើនកន្លែង និងករណីដែលទុកចោលមិនបានព្យាបាលលើសពីពីរសប្តាហ៍។ ប្រសិនបើការបាក់ឆ្អឹងបានបង្កការខូចខាតដល់ផ្លូវដង្ហើមក្នុងច្រមុះ អ្នកអាចមានអារម្មណ៍ថាស្ទះនៅពេលដកដង្ហើម។ ក្នុងករណីបែបនេះ ការវះកាត់កែសម្ផស្សឡើងវិញ អាចនឹងត្រូវបានណែនាំជាការព្យាបាល
