ទិដ្ឋភាពទូទៅ

គីសសុដន់ គឺជាថង់ដែលមានផ្ទុកទៅដោយសារធាតុរាវ។ ជាទូទៅ ពួកវាមិនមែនជាសញ្ញានៃជំងឺមហារីកនោះទេ (សាច់ស្លូត)។ គីសកើតឡើងនៅពេលដែលមានការកកកុញនៃសារធាតុរាវនៅក្នុងក្រពេញទឹកដោះ។ ទោះបីជាគីសខ្លះមានទំហំតូចរហូតដល់មិនអាចដឹងបានក៏ដោយ ក៏មានគីសខ្លះទៀតអាចរីកធំរហូតដល់រាប់អ៊ីញ ដែលបណ្តាលឱ្យមានការឈឺចាប់ខ្លាំង។ អ្នកអាចនឹងមានគីសតែមួយ ឬច្រើននៅក្នុងសុដន់។ គីសទាំងនេះមានសភាពប៉ះទៅខុសៗគ្នា ពេលខ្លះរឹង ហើយពេលខ្លះទៀតមានសភាពទន់ដូចជាផ្លែទំពាំងបាយជូរ ឬប៉េងប៉ោងដែលដាក់ទឹក។ ប្រសិនបើគីសសុដន់មិនធំខ្លាំង មិនឈឺ ឬមិនរំខានដល់ការរស់នៅទេនោះ គឺមិនចាំបាច់មានការព្យាបាលឡើយ។ ក្នុងករណីចាំបាច់ គ្រូពេទ្យអាចបូមយកសារធាតុរាវចេញពីក្នុងគីសដើម្បីកាត់បន្ថយរោគសញ្ញា។

គីសសុដន់អាចកើតមានលើស្ត្រីគ្រប់វ័យ ប៉ុន្តែវាច្រើនកើតលើស្ត្រីដែលមានអាយុក្រោម ៥០ ឆ្នាំ ជាពិសេសគឺមុនពេលអស់រដូវ។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែអាចរកឃើញវាលើស្ត្រីគ្រប់វ័យ។ ស្ត្រីដែលអស់រដូវហើយ ប៉ុន្តែកំពុងប្រើប្រាស់ការព្យាបាលដោយអរម៉ូន ក៏ងាយនឹងកើតមានគីសសុដន់ផងដែរ។

រោគសញ្ញា

គីសអាចកើតមាននៅលើសុដន់ម្ខាង ឬទាំងសងខាង។ សញ្ញា និងរោគសញ្ញានៃគីសសុដន់ដែលអ្នកគួរយកចិត្តទុកដាក់រួមមាន៖

  • មានទឹកហូរចេញពីក្បាលសុដន់ ដែលមានពណ៌ថ្លា ពណ៌មាស ពណ៌ចំបើង ឬពណ៌ត្នោតចាស់
  • មានដុំពកមូល ឬរាងពងក្រពើ ដែលងាយនឹងរំកិលចុះឡើង មានផ្ទៃរលោង និងគែមច្បាស់លាស់។ លក្ខណៈបែបនេះច្រើនតែបង្ហាញថាវាជាដុំសាច់សព្វ (មិនមែនមហារីក)
  • បន្ទាប់ពីអស់រដូវ ទំហំដុំពកសុដន់ថយចុះតូចជាងមុន និងរោគសញ្ញាផ្សេងៗទៀតបានធូរស្រាល
  • មានអាការៈឈឺ ឬចុករោយនៅក្នុងសុដន់ នៅក្បែរតំបន់ដែលមានដុំពក
  • ទំហំដុំពកកើនឡើង និងមានការឈឺចាប់ខ្លាំងនៅមុនពេលមករដូវ

គីសសុដន់មិនបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នោះទេ ប៉ុន្តែវាអាចធ្វើឱ្យអ្នកពិបាកក្នុងការកត់សម្គាល់ដុំពកថ្មីៗ ឬការផ្លាស់ប្តូរផ្សេងៗដែលត្រូវការការពិនិត្យខាងវេជ្ជសាស្ត្រ។ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងពីសភាពសុដន់របស់អ្នកក្នុងអំឡុងពេលនៃវដ្តរដូវ ដើម្បីឱ្យអ្នកអាចកត់សម្គាល់ឃើញការប្រែប្រួលណាមួយ។ នៅពេលមករដូវ សុដន់របស់អ្នកអាចនឹងមានអារម្មណ៍ថាដុំៗ និងមិនស្រួលក្នុងខ្លួន។

អារម្មណ៍ថាមានដុំៗ ឬជាគ្រាប់ៗ ជារឿងធម្មតាសម្រាប់ជាលិកាសុដន់ធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកត់សម្គាល់ឃើញ ដុំពកថ្មី ដែលមិនបាត់ទៅវិញ រីកធំជាងមុន ឬនៅតែមានលើសពីមួយ ឬពីរវដ្តរដូវ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។ ដូចគ្នាដែរ ប្រសិនបើអ្នកឃើញមានការប្រែប្រួលថ្មីៗនៅលើស្បែកសុដន់ម្ខាង ឬទាំងសងខាង អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

មូលហេតុ

សុដន់របស់មនុស្សមានផ្ទុកទៅដោយសរសៃជាលិកាក្រពេញ ដែលរៀបចំរាងដូចជាស្រទាប់ផ្កាឈូករ័ត្ន។ សរសៃជាលិកាទាំងនេះត្រូវបានបែងចែកបន្តទៅជាកូនក្រពេញតូចៗ ដែលមានតួនាទីផលិតទឹកដោះក្នុងអំឡុងពេលមានផ្ទៃពោះ និងការបំបៅដោះកូន។ រាងរវើកនៃសុដន់ត្រូវបានរក្សាទ្រទ្រង់ដោយជាលិកាខ្លាញ់ និងជាលិកាតភ្ជាប់សរសៃ។ គីសអាចកកើតឡើងបាន ដោយសារតែការកកកុញនៃសារធាតុរាវនៅខាងក្នុងក្រពេញសុដន់។

ទំហំនៃគីសសុដន់អាចត្រូវបានបែងចែកជាពីរប្រភេទ៖

  • មីក្រូគីស៖ មានទំហំតូចពេកដែលមិនអាចស្ទាបដឹងបាន ប៉ុន្តែអាចមើលឃើញតាមរយៈការថតកាំរស្មីអ៊ិចសុដន់ ឬការធ្វើអេកូ
  • ម៉ាក្រូគីស៖ អាចមានអង្កត់ផ្ចិតរហូតដល់ ១ ទៅ ២ អ៊ីញ (២.៥ ទៅ ៥ សង់ទីម៉ែត្រ) ដែលមានទំហំធំល្មមអាចស្ទាបដឹងបាន

មូលហេតុពិតប្រាកដនៃការកកើតគីសសុដន់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែការផ្លាស់ប្តូរអរម៉ូនដែលទាក់ទងនឹងវដ្តរដូវប្រចាំខែ អាចជាកត្តារួមចំណែកមួយយ៉ាងសំខាន់។

ការធ្វើរោគវិនិច្ឆ័យ

ក្នុងការធ្វើរោគវិនិច្ឆ័យរកគីសសុដន់ ជាទូទៅគ្រូពេទ្យនឹងអនុវត្តតាមដំណាក់កាលដូចជា ការពិនិត្យសុដន់ឱ្យបានហ្មត់ចត់ រួមជាមួយនឹងការប្រើប្រាស់តេស្តរូបភាពវេជ្ជសាស្ត្រ ដូចជាការថតកាំរស្មីអ៊ិចសុដន់ (Mammogram) ឬការធ្វើអេកូសុដន់ជាដើម។ នីតិវិធីបន្ថែមផ្សេងទៀតដែលគ្រូពេទ្យអាចណែនាំ រួមមានការបូមដោយប្រើម្ជុលតូច ឬការច្រឹបយកសាច់ទៅធ្វើកោសល្យវិច័យ។

  • ការពិនិត្យសុដន់៖ បន្ទាប់ពីពិភាក្សាអំពីមោគសញ្ញា និងប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក គ្រូពេទ្យនឹងធ្វើការពិនិត្យដោយផ្ទាល់លើដុំពកសុដន់ និងស្វែងរកភាពមិនប្រក្រតីផ្សេងៗទៀត។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសុដន់ដោយផ្ទាល់តែមួយមុខ មិនទាន់គ្រប់គ្រាន់ដើម្បីបញ្ជាក់ថាដុំពកនោះជាគីសឬយ៉ាងណានោះទេ ដូច្នេះចាំបាច់ត្រូវមានការធ្វើតេស្តបន្ថែម។ ជាទូទៅ នេះរួមបញ្ចូលទាំងការតេស្តរូបភាពវេជ្ជសាស្ត្រ ឬការបូមដោយប្រើម្ជុលតូច។
  • ការតេស្តរូបភាពវេជ្ជសាស្ត្រ៖ តេស្តទាំងនេះអាចត្រូវបានអនុវត្តដូចជា៖
    • ការថតកាំរស្មីអ៊ិចសុដន់៖ គឺជាការធ្វើតេស្តវេជ្ជសាស្ត្រដែលប្រើកាំរស្មីអ៊ិច ដើម្បីបង្កើតជារូបភាពនៃសុដន់។ ក្នុងអំឡុងពេលនេះ សុដន់នឹងត្រូវសង្កត់ថ្នមៗរវាងផ្ទៃរាបស្មើពីរបន្ទះ ដើម្បីឱ្យជាលិកាសុដន់លាតសន្ធឹង។ បន្ទាប់មក ម៉ាស៊ីនកាំរស្មីអ៊ិចនឹងថតរូបភាពសុដន់ ដែលនឹងបង្ហាញនៅលើអេក្រង់កុំព្យូទ័រសម្រាប់ឱ្យគ្រូពេទ្យពិនិត្យ។ វិធីនេះជួយឱ្យពួកគេកំណត់អត្តសញ្ញាណដុំសាច់មិនធម្មតា ឬការដុះសាច់ក្នុងជាលិកាសុដន់។ ទោះបីជាគីសធំៗ ឬគីសតូចៗអាចមើលឃើញតាមរយៈវិធីនេះក៏ដោយ ប៉ុន្តែគីសដែលមានទំហំតូចខ្លាំងអាចនឹងពិបាករកឃើញបន្តិច។
    • ការធ្វើអេកូសុដន់៖ គ្រូពេទ្យអាចប្រើតេស្តនេះដើម្បីបែងចែកឱ្យដាច់រវាងដុំពកដែលមានផ្ទុកសារធាតុរាវ និងដុំសាច់រឹង។ ដុំពកដែលមានសារធាតុរាវអាចបង្ហាញថាជាគីសសុដន់ ចំណែកដុំសាច់រឹងអាចជាដុំសាច់មិនមែនមហារីក (ដូចជា Fibroadenoma) ឬក៏អាចជាមហារីកសុដន់។
  • ការបូមដោយប្រើម្ជុលតូច៖ គ្រូពេទ្យអាចអនុវត្តនីតិវិធីនេះដើម្បីធ្វើរោគវិនិច្ឆ័យដុំពកសុដន់។ នេះគឺជាការចាក់ម្ជុលតូចស្តើងមួយចូលទៅក្នុងដុំពក ដើម្បីព្យាយាមបូមយកសារធាតុរាវដែលមាននៅក្នុងនោះចេញ។ ដើម្បីធានាថាការចាក់ម្ជុលបានចំទីតាំងល្អ គ្រូពេទ្យអាចប្រើម៉ាស៊ីនអេកូដើម្បីជំនួយ។
    • ប្រសិនបើសារធាតុរាវត្រូវបានបូមចេញមកអស់ ហើយដុំពកនោះរលាយបាត់ទៅ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យភ្លាមៗថាជាគីសសុដន់។
    • ប្រសិនបើសារធាតុរាវដែលបូមចេញមកមិនមានឈាមឡើយ និងមានពណ៌ដូចចំបើង ហើយដុំពកសុដន់រលាយបាត់ទៅ នោះមិនចាំបាច់មានការធ្វើតេស្ត ឬការព្យាបាលបន្ថែមទៀតទេ។
    • ប្រសិនបើសារធាតុរាវមានលាយឈាម ឬដុំពកមិនបាត់ទៅវិញទេ គ្រូពេទ្យអាចនឹងបញ្ជូនសំណាកសារធាតុរាវនោះទៅមន្ទីរពិសោធន៍ ហើយបញ្ជូនអ្នកជំងឺទៅជួបគ្រូពេទ្យជំនាញវះកាត់សុដន់ ឬគ្រូពេទ្យជំនាញខាងរូបភាពវេជ្ជសាស្ត្រ ដើម្បីតាមដានបន្ត។
    • ប្រសិនបើគ្មានសារធាតុរាវត្រូវបានបូមចេញមកទេ គ្រូពេទ្យទំនងជានឹងណែនាំឱ្យធ្វើតេស្តរូបភាព ដូចជាការថតកាំរស្មីអ៊ិចរោគវិនិច្ឆ័យ ឬការធ្វើអេកូ។ នេះគឺដោយសារតែការមិនមានសារធាតុរាវ ឬដុំពកនៅតែបន្តមានបន្ទាប់ពីបូមរួច បានបង្ហាញថាដុំពកនោះជាសាច់រឹង ឬរឹងមួយផ្នែក។ ក្នុងករណីនេះ សំណាកជាលិកាអាចត្រូវបានប្រមូលយកទៅពិនិត្យដើម្បីបញ្ជាក់ថាមានកោសិកាមហារីកឬអត់។

ការព្យាបាល

ប្រសិនបើការធ្វើអេកូ ឬការបូមដោយប្រើម្ជុលតូចបានបញ្ជាក់ថាវាជាគីសសុដន់ ហើយវាមានផ្ទុកតែសារធាតុរាវដោយមិនបង្កជារោគសញ្ញាអ្វីទេនោះ គឺមិនចាំបាច់មានការព្យាបាលឡើយ។ ក្នុងករណីបែបនេះ គីសជាច្រើនមាននិន្នាការរលាយបាត់ទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគីសនោះនៅតែបន្តមាន ហើយប្រែជាមានសភាពរឹងជាងមុន ឬប្រសិនបើមានការប្រែប្រួលណាមួយនៅលើស្បែកពីលើគីសនោះ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងតាមដានបន្ត។

  • ការបូមដោយប្រើម្ជុលតូច៖ វិធីនេះអាចប្រើប្រាស់បានទាំងសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលគីសសុដន់ ប្រសិនបើសារធាតុរាវត្រូវបានបូមចេញអស់ទាំងស្រុងក្នុងអំឡុងពេលនីតិវិធី ដែលធ្វើឱ្យដុំពករលាយបាត់ និងលែងមានរោគសញ្ញា។

ទោះជាយ៉ាងណាក៏ដោយ គីសសុដន់ខ្លះអាចនឹងត្រូវការការបូមច្រើនដងទើបអស់សារធាតុរាវ។ វាមិនមែនជារឿងចម្លែកនោះទេ ដែលគីសអាចកើតឡើងវិញ ឬមានគីសថ្មីកកើតឡើង។ ប្រសិនបើគីសសុដន់នៅតែបន្តមាន និងរីកទំហំធំឡើងបន្ទាប់ពីឆ្លងកាត់វដ្តរដូវ ២ ទៅ ៣ ដង អ្នកគួរតែស្វែងរកការពិនិត្យវេជ្ជសាស្ត្របន្ថែមពីគ្រូពេទ្យ។

  • ការប្រើប្រាស់អរម៉ូន៖ ការប្រើប្រាស់ថ្នាំពន្យារកំណើតតាមមាត់ អាចមានប្រយោជន៍សម្រាប់ស្ត្រីដែលជួបប្រទះបញ្ហាគីសសុដន់កើតឡើងវិញដដែលៗ ដោយវាជួយសម្រួលដល់វដ្តរដូវឱ្យមានភាពទៀងទាត់។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវដឹងថា ថ្នាំពន្យារកំណើត និងការព្យាបាលដោយអរម៉ូនផ្សេងទៀត (ដូចជាថ្នាំ Tamoxifen) អាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។ ជាលទ្ធផល គ្រូពេទ្យជំនាញជាទូទៅណែនាំការព្យាបាលដោយអរម៉ូនសម្រាប់តែស្ត្រីដែលមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះ។ ចំពោះស្ត្រីដែលអស់រដូវហើយ ការបញ្ឈប់ការព្យាបាលដោយអរម៉ូនក៏អាចជួយបង្ការការកកើតគីសសុដន់បានផងដែរ។
  • ការវះកាត់៖ ជាទូទៅ គីសសុដន់អាចគ្រប់គ្រងបានដោយមិនចាំបាច់មានការវះកាត់ឡើយ។ ប៉ុន្តែក្នុងករណីពិសេសមួយចំនួន ដែលគីសកើតឡើងវិញជារៀងរាល់ខែបង្កឱ្យមានការឈឺចាប់ឬប្រសិនបើមានសញ្ញាគួរឱ្យព្រួយបារម្ភ ដូចជាមានឈាមនៅក្នុងសារធាតុរាវរបស់គីស គ្រូពេទ្យអាចនឹងណែនាំឱ្យធ្វើការវះកាត់។

Doctors who treat this condition