ទិដ្ឋភាពទូទៅ

ការរងរបួសបណ្តុំសរសៃប្រសាទក្លៀក (Brachial plexus injury) កើតឡើងនៅពេលដែលសរសៃប្រសាទនៅក្នុងបណ្តុំសរសៃប្រសាទក្លៀក ត្រូវបានសង្កត់, រងការទាញយឺត ឬក្នុងករណីធ្ងន់ធ្ងរ គឺដាច់ចេញពីឆ្អឹងខ្នងតែម្តង។ របួសនេះអាចបង្កឱ្យមានការឈឺចាប់, ខ្សោយសាច់ដុំ, បាត់បង់អារម្មណ៍ (ស្ពឹក) ឬបាត់បង់សមត្ថភាពធ្វើចលនានៅត្រង់ស្មា, ដៃ និង/ឬ ប្រអប់ដៃ។

បណ្តុំសរសៃប្រសាទក្លៀក គឺជាបណ្តាញនៃសរសៃប្រសាទដែលគ្រប់គ្រងចលនា និងវិញ្ញាណ។ សរសៃប្រសាទទាំងនេះបញ្ជូនសញ្ញាពីឆ្អឹងខ្នងទៅកាន់ស្មា, ដៃ និងប្រអប់ដៃ។ សរសៃប្រសាទនីមួយៗនៅក្នុងបណ្តុំនេះមានតួនាទីដាច់ដោយឡែកពីគ្នា ដូចជាការបញ្ជាសាច់ដុំឱ្យធ្វើការ ឬការបញ្ជូនព័ត៌មានវិញ្ញាណពីប្រអប់ដៃទៅកាន់ខួរក្បាល។

ការរងរបួសបណ្តុំសរសៃប្រសាទក្លៀកដែលធ្ងន់ធ្ងរបំផុត ជារឿយៗបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងល្បឿនលឿន ដែលវាអាចបណ្តាលឱ្យស្លាប់ដៃ (ពិការដៃ)។ នៅក្នុងកីឡាដែលមានការប៉ះទង្គិចខ្លាំង ដូចជាបាល់ទាត់ របួសស្រាលៗដែលគេហៅថា “Stingers” ឬ “Burners” គឺកើតមានជាញឹកញាប់។ ទារកក៏អាចរងគ្រោះថ្នាក់ដល់បណ្តុំសរសៃប្រសាទនេះផងដែរ នៅពេលស្ថិតក្នុងស្បូន ឬក្នុងកំឡុងពេលសម្រាល។ ជំងឺផ្សេងៗទៀតដែលអាចប៉ះពាល់ដល់បណ្តុំសរសៃប្រសាទក្លៀក រួមមានការរលាក និងដុំសាច់។

ដោយសារតែសរសៃប្រសាទនីមួយៗមានតួនាទីជាក់លាក់ ដូច្នេះទីតាំង និងប្រភេទនៃរបួសសរសៃប្រសាទ នឹងកំណត់នូវរោគសញ្ញា ក៏ដូចជាវិធីសាស្ត្រនៃការព្យាបាល។ របួសខ្លះអាចជាសះស្បើយដោយខ្លួនឯង ខណៈដែលរបួសធ្ងន់ធ្ងរអាចតម្រូវឱ្យមានការវះកាត់។

រោគសញ្ញា

រោគសញ្ញានៃការរងរបួសបណ្តុំសរសៃប្រសាទក្លៀក អាចមានភាពខុសប្លែកគ្នាទៅតាមប្រភេទសរសៃប្រសាទដែលរងផលប៉ះពាល់ ក៏ដូចជាប្រភេទ និងតំបន់នៃរបួស។ ជាទូទៅ របួសបណ្តុំសរសៃប្រសាទក្លៀកកើតឡើងដោយសារការប៉ះទង្គិចខ្លាំង, របួសពេលសម្រាលកូន, ដុំសាច់ និងការរលាក។

  • របួសស្រាល៖ ការប៉ះទង្គិចមួយចំនួនអាចធ្វើឱ្យខូចខាតដល់បណ្តុំសរសៃប្រសាទក្លៀក ដូចជាការបុកគ្នានៅក្នុងកីឡាដែលមានការប៉ះទង្គិចរូបរាងកាយ។ របួសស្រាលៗទាំងនេះ ដែលគេហៅថា Burners ឬ Stingers ជារឿយៗកើតឡើងក្នុងសកម្មភាពដូចជា ការលេងបាល់ទាត់ ឬការចំបាប់។
    រោគសញ្ញាជាធម្មតាមានរយៈពេលត្រឹមតែប៉ុន្មានវិនាទី ឬប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែមនុស្សមួយចំនួនអាចទ្រាំទ្រនឹងវាបានច្រើនថ្ងៃ ឬយូរជាងនេះ។ រោគសញ្ញាទាំងនោះរួមមាន៖

    • អារម្មណ៍ដូចជាត្រូវខ្សែភ្លើងឆក់ ឬក្រហាយរាលដាលចុះមកតាមដៃ
    • ការបាត់បង់អារម្មណ៍ (ស្ពឹក) ឬខ្សោយកម្លាំងនៅដៃ ឬប្រអប់ដៃ
  • របួសធ្ងន់ធ្ងរ៖ ការខូចខាតបណ្តុំសរសៃប្រសាទក្លៀកកម្រិតធ្ងន់ ដែលបង្កឡើងដោយព្រឹត្តិការណ៍តក់ស្លុតខ្លាំង ដូចជាគ្រោះថ្នាក់ចរាចរណ៍ក្នុងល្បឿនលឿន អាចទាញដាច់ឫសសរសៃប្រសាទចេញពីឆ្អឹងខ្នង។ វានឹងធ្វើឱ្យខូចខាត រហែក ឬបំផ្លាញសរសៃប្រសាទយ៉ាងដំណំ។ ជាលទ្ធផល អ្នកជំងឺអាចជួបប្រទះនូវ៖
    • សាច់ដុំមួយចំនួននៅប្រអប់ដៃ ដៃ ឬស្មា ចុះខ្សោយ ឬមិនអាចប្រើការបាន
    • ការបាត់បង់ចលនាទាំងស្រុង (ពិការ) និងបាត់បង់វិញ្ញាណទូទាំងដៃ រួមទាំងស្មា និងប្រអប់ដៃផងដែរ
    • ការឈឺចាប់ខ្លាំងនៅត្រង់ដៃ ប្រអប់ដៃ ឬកដៃ
      អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើរោគសញ្ញាណាមួយនៅតែបន្តកើតមាន ជាពិសេសប្រសិនបើមានការឈឺក, មានរោគសញ្ញានៅលើដៃទាំងសងខាង, មានការចុះខ្សោយកម្លាំង ឬស្ពឹកដៃ និងប្រអប់ដៃ ឬមានអាការៈ “Burners” និង “Stingers” កើតឡើងដដែលៗ។

ទោះបីជារបួសបណ្តុំសរសៃប្រសាទក្លៀកកម្រិតស្រាល ក៏នៅតែអាចត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រផងដែរ។ ប្រសិនបើទុកចោលដោយមិនបានព្យាបាល វាអាចបណ្តាលឱ្យមានការពិការ ឬខូចខាតជាអចិន្ត្រៃយ៍។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យរបួស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលភ្លាមៗ។

មូលហេតុ

បណ្តុំសរសៃប្រសាទក្លៀក លាតសន្ធឹងពីក រហូតដល់ដើមទ្រូងផ្នែកខាងលើ និងបញ្ចប់ត្រង់ក្លៀក។ បណ្តាញសរសៃប្រសាទនេះ ជារឿយៗរងរបួសនៅពេលដែលដៃត្រូវបានទាញ ឬពន្លែតដោយបង្ខំ ឬនៅពេលដែលក្បាល និងក ត្រូវបានទាញចេញពីស្មាយ៉ាងខ្លាំងក្លា។
ការរងរបួសបណ្តុំសរសៃប្រសាទក្លៀក អាចបណ្តាលមកពី៖

  • កីឡាដែលមានការប៉ះទង្គិច៖ វាជារបួសទូទៅចំពោះកីឡាករដូចជា បាល់ទាត់ជាដើម។ នៅពេលដែលសរសៃប្រសាទត្រូវបានទាញលើសពីដែនកំណត់ បន្ទាប់ពីការបុកគ្នាជាមួយអ្នកលេងផ្សេងទៀត វានឹងបង្កឱ្យមានអាការៈ “Burners” ឬ “Stingers” ដែលត្រូវបានចាត់ទុកជារបួសកម្រិតស្រាល។
  • ការសម្រាលកូនដ៏លំបាក៖ ទារកអាចរងរបួសបណ្តុំសរសៃប្រសាទក្លៀក ដោយសារការសង្កត់ក្នុងស្បូន ឬការសម្រាលដ៏លំបាក។ នេះត្រូវបានគេហៅថា ការស្លាប់ដៃចំពោះទារកទើបនឹងកើត (NBPP)។ របួសនេះអាចបណ្តាលមកពីការសង្កត់លើដៃរបស់ទារកក្នុងអំឡុងពេលសម្រាលបញ្ច្រាស (ជើងចេញមុន) ឬនៅពេលដែលស្មារបស់ទារកជាប់ក្នុងផ្លូវសម្រាល។ ជំងឺ Erb’s palsy គឺជាលទ្ធផលនៃការខូចខាតសរសៃប្រសាទក្រុមខាងលើ។
  • ការប៉ះទង្គិចខ្លាំង៖ គ្រោះថ្នាក់ចរាចរណ៍ (ឡាន និងម៉ូតូ) បង្កឱ្យមានរបួសបណ្តុំសរសៃប្រសាទក្លៀករហូតដល់ ៧០%។ ក្រៅពីនេះ របួសក៏អាចកើតឡើងដោយសារការមុតចាក់ (ដូចជាគ្រាប់កាំភ្លើង ឬមុខកាំបិត), ការធ្លាក់ពីលើទីខ្ពស់ ឬការដាល់ដោយហិង្សា។
  • ការព្យាបាលដុំសាច់ និងមហារីក៖ ការព្យាបាលដោយកាំរស្មីនៅត្រង់ទ្រូង ឬក អាចបណ្តាលឱ្យមានដុំសាច់ដុះនៅតាមបណ្តុំសរសៃប្រសាទក្លៀក ដែលបង្កសម្ពាធលើសរសៃប្រសាទ ឬអាចរាលដាលដល់សរសៃប្រសាទតែម្តង។

កត្តាហានិភ័យ

ហានិភ័យនៃការរងរបួសបណ្តុំសរសៃប្រសាទក្លៀក គឺមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ចំពោះមនុស្សដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងល្បឿនលឿន។ អ្នកលេងកីឡាដែលមានការប៉ះទង្គិចខ្លាំង ដូចជា បាល់ទាត់អាមេរិក ចំបាប់ និងកីឡាប្រយុទ្ធផ្សេងៗ។ ទារកដែលសម្រាលបញ្ច្រាស, ទារកដែលមានទំហំធំជាងមធ្យម ឬទារកដែលមានឪពុកម្តាយមានជំងឺធាត់ គឺងាយប្រឈមនឹងរបួសនេះខ្លាំងណាស់។

 

ការធ្វើរោគវិនិច្ឆ័យ

បន្ទាប់ពីការពិនិត្យកាយសម្បទា ការធ្វើតេស្តមួយចំនួនអាចនឹងតម្រូវឱ្យមាន ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យនៃការរងរបួសបណ្តុំសរសៃប្រសាទក្លៀក និងដើម្បីត្រួតពិនិត្យរកមើលរបួសផ្សេងៗទៀត។ តេស្តទាំងនោះរួមមាន៖

  • ការថតកាំរស្មីអ៊ិច៖ វានឹងផ្តល់ឱ្យគ្រូពេទ្យនូវរូបភាពនៃឆ្អឹង និងលិកាទន់។ រូបភាពទាំងនេះអាចបង្ហាញពីការបាក់ឆ្អឹង ឬបញ្ហាផ្សេងៗនៅត្រង់ស្មា, ទ្រូង, ដៃ និងក។
  • ការថត MRI៖ MRI អាចផ្តល់រូបភាពច្បាស់ៗនៃសរីរាង្គ និងរចនាសម្ព័ន្ធនៅក្នុងរាងកាយ។ ការតេស្តនេះអាចបង្ហាញពីកម្រិតនៃកការខូចខាតដែលបង្កឡើងដោយរបួសបណ្តុំសរសៃប្រសាទក្លៀក និងជួយកំណត់ពីសុខភាពនៃសរសៃឈាមអាកទែដែលសំខាន់សម្រាប់ការជួសជុលអវយវៈ។ ជួនកាលគេក៏ប្រើ Magnetic resonance neurography ដែលជាបច្ចេកវិទ្យា MRI កម្រិតច្បាស់ខ្ពស់ប្រភេទថ្មីផងដែរ។
  • ការថតស៊ីធីស្កេន៖ នៅពេលដែលការថត MRI មិនអាចផ្តល់ព័ត៌មានបានគ្រប់គ្រាន់ គេច្រើនប្រើតេស្តនេះជំនួសវិញ។ CT myelogram ប្រើប្រាស់កាំរស្មីអ៊ិច និងកុំព្យូទ័រដើម្បីបង្កើតរូបភាព ដោយការចាក់ថ្នាំពណ៌ពិសេសទៅជុំវិញសរសៃប្រសាទឆ្អឹងខ្នង។ ការធ្វើតេស្តនេះត្រូវបានចាត់ទុកថាជាវិធីសាស្ត្រដែលអាចទុកចិត្តបំផុតក្នុងការស្វែងរករបួសដាច់ឫសសរសៃប្រសាទឆ្អឹងខ្នង។
  • ការពិនិត្យចរន្តអគ្គិសនីសាច់ដុំ EMG៖ នេះគឺជាការធ្វើតេស្តរោគវិនិច្ឆ័យដែលជួយវាយតម្លៃសុខភាព និងមុខងារនៃសរសៃប្រសាទ និងសាច់ដុំ។ ក្នុងអំឡុងពេលធ្វើ ម្ជុលអេឡិចត្រូតតូចៗត្រូវបានបញ្ចូលតាមស្បែកទៅក្នុងសាច់ដុំជាច្រើន ដើម្បីវាស់សកម្មភាពអគ្គិសនីនៃសាច់ដុំនៅពេលវាហើប និងនៅពេលសម្រាក។ EMG អាចត្រូវបានណែនាំ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាដូចជា ខ្សោយសាច់ដុំ, ស្ពឹក ឬស្រពន់។
  • ការសិក្សាការចម្លងសញ្ញាសរសៃប្រសាទ៖ នេះគឺជាការពិនិត្យអេឡិចត្រូនិកដែលវាស់ស្ទង់ការចម្លងសញ្ញានៃសរសៃប្រសាទ និងសញ្ញាសាច់ដុំ ដើម្បីបង្ហាញថា តើសរសៃប្រសាទដំណើរការបានល្អកម្រិតណា។ ជាធម្មតា ការពិនិត្យនេះត្រូវបានធ្វើឡើងទន្ទឹមគ្នាជាមួយនឹងការពិនិត្យ EMG។

ការព្យាបាល

ការព្យាបាលដែលសមស្របសម្រាប់របួសបណ្តុំសរសៃប្រសាទក្លៀក គឺអាស្រ័យទៅលើប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃរបួសសរសៃប្រសាទ, តើមានសរសៃប្រសាទណាខ្លះដែលខូចខាត, រយៈពេលចាប់តាំងពីរងរបួសមក, តើមានរបួសផ្សេងៗទៀតដែរឬទេ ក៏ដូចជាកត្តាសំខាន់ៗដទៃទៀត។

របួសបណ្តុំសរសៃប្រសាទក្លៀកកម្រិតស្រាល អាចជាសះស្បើយឡើងវិញដោយមិនបាច់វះកាត់ ក្នុងរយៈពេលពីរបីសប្តាហ៍ទៅប៉ុន្មានខែ។ ប្រសិនបើគ្រូ

ពេទ្យជឿជាក់ថារបួសនោះមានឱកាសខ្ពស់ក្នុងការជាសះស្បើយដោយខ្លួនឯង ពួកគេអាចនឹងរង់ចាំតាមដានសិន មុននឹងណែនាំឱ្យមានការវះកាត់។

ជារឿយៗ ការវះកាត់ត្រូវបានណែនាំសម្រាប់របួសដែលមិនអាចជាសះស្បើយបានគ្រប់គ្រាន់ ដើម្បីស្តារមុខងារសំខាន់ៗរបស់ដៃ និងប្រអប់ដៃឡើងវិញ។ ការវះកាត់ជាធម្មតាត្រូវបានធ្វើឡើងក្នុងរង្វង់ ៦ ខែ បន្ទាប់ពីរងរបួស។ អត្រាជោគជ័យនឹងធ្លាក់ចុះយ៉ាងខ្លាំង ប្រសិនបើការវះកាត់ធ្វើឡើងលើសពីរយៈពេលនេះ។

គ្រូពេទ្យអាចណែនាំឱ្យធ្វើការព្យាបាលដោយចលនា ដើម្បីធានាថាសន្លាក់ និងសាច់ដុំដំណើរការបានត្រឹមត្រូវ រក្សាភាពបត់បែននៃចលនា និងជៀសវាងការគាំងសន្លាក់។

អ្នកឯកទេសខាងការព្យាបាលមុខរបរ អាចជួយបង្រៀនអ្នកជំងឺអំពីរបៀបប្រើប្រាស់ដៃដែលមិនរងរបួស ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃ ដូចជាការហូបចុក និងការសម្អាតខ្លួនប្រាណជាដើម។

សរសៃប្រសាទត្រូវការពេលវេលាយូរដើម្បីជាសះស្បើយឡើងវិញ។ ជាលទ្ធផល ការជាសះស្បើយពីការរងរបួសបណ្តុំសរសៃប្រសាទក្លៀកគឺត្រូវប្រើពេលវេលា។ វាអាចនឹងត្រូវចំណាយពេលច្រើនខែ ទើបឃើញមានការរីកចម្រើន ឬទទួលបានលទ្ធផលល្អប្រសើរ។

Doctors who treat this condition