ទិដ្ឋភាពទូទៅ

ការដុះឆ្អឹង (Bone spurs) ឬតាមបច្ចេកទេសហៅថា Osteophytes គឺជាការដុះលយចេញនៃឆ្អឹងដែលកើតឡើងតាមបណ្តោយគែមឆ្អឹង ហើយជារឿយៗវាកើតឡើងនៅក្បែរសន្លាក់ ដែលជាលទ្ធផលនៃការខូចខាតសន្លាក់ ឬជំងឺរលាកសន្លាក់។ គេអាចរកឃើញវាបាននៅត្រង់ ប្រអប់ជើង, ដៃ, ជង្គង់ និងឆ្អឹងខ្នង។

មូលហេតុចម្បងនៃការដុះឆ្អឹង គឺការខូចខាតសន្លាក់ដែលពាក់ព័ន្ធនឹង ជំងឺរលាកសន្លាក់ឆ្អឹង (Osteoarthritis)។ ការរស់នៅប្រកបដោយសុខភាពល្អ អាចជួយពន្យារការលេចចេញនូវរោគសញ្ញាផ្សេងៗ ដូចជា ការឈឺចាប់, ភាពរឹងនៃសន្លាក់ និងការកម្រិតនៃចលនា។

ការដុះឆ្អឹងភាគច្រើនមិនបង្កឱ្យមានរោគសញ្ញានោះទេ ហើយអាចនឹងមិនត្រូវបានគេចាប់អារម្មណ៍ក្នុងរយៈពេលច្រើនឆ្នាំ ក៏ដូចជាមិនត្រូវការការព្យាបាលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចាំបាច់ ជម្រើសនៃការព្យាបាលអាចរួមមាន ការប្រើប្រាស់ថ្នាំ, ការព្យាបាលដោយចលនា ឬការវះកាត់ ដែលវានឹងអាស្រ័យទៅលើទីតាំងនៃឆ្អឹងដែលដុះនោះ និងផលប៉ះពាល់របស់វាទៅលើសុខភាពទូទៅ។

រោគសញ្ញា

ជារឿយៗ ការដុះឆ្អឹងគឺមិនបង្ហាញរោគសញ្ញានោះទេ ហើយអាចនឹងមិនត្រូវបានគេកត់សម្គាល់ រហូតដល់ពេលថតកាំរស្មីអ៊ិចដើម្បីពិនិត្យបញ្ហាផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលវាអាចបណ្តាលឱ្យឈឺសន្លាក់ និងកាត់បន្ថយសមត្ថភាពនៃចលនា។

រោគសញ្ញានៃការដុះឆ្អឹងប្រែប្រួលទៅតាមទីតាំង រួមមាន៖

  • ជង្គង់៖ ការពត់ ឬត្រដាងជើង អាចបណ្តាលឱ្យឈឺចាប់ ប្រសិនបើអ្នកមានដុះឆ្អឹងនៅត្រង់ជង្គង់
  • ឆ្អឹងខ្នង៖ ការដុះឆ្អឹងអាចធ្វើឱ្យត្បៀតរន្ធឆ្អឹងខ្នង និងសង្កត់លើសរសៃប្រសាទ ដែលនាំឱ្យចុះខ្សោយកម្លាំង ឬស្ពឹកនៅដៃ ឬជើង
  • ត្រគាក៖ ការដុះឆ្អឹងអាចបង្កឱ្យមានភាពមិនស្រួលក្នុងសន្លាក់ត្រគាក ដែលជួនកាលអាចមានអារម្មណ៍ឈឺចាប់រាលដាលដល់ជង្គង់។ វាក៏អាចរារាំងកម្រិតនៃចលនានៃសន្លាក់ត្រគាកផងដែរ។

ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល ហើមនៅសន្លាក់ ឬមានការពិបាកក្នុងការធ្វើចលនាសន្លាក់ អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។

មូលហេតុ

ជំងឺរលាកសន្លាក់ឆ្អឹង គឺជាមូលហេតុដែលកើតមានញឹកញាប់បំផុតនៃការខូចខាតសន្លាក់ ដែលឈានទៅដល់ការដុះឆ្អឹង។ ជំងឺរលាកសន្លាក់ឆ្អឹង គឺជាការសឹករិចរិលនៃឆ្អឹងខ្ចី ដែលជាលិកាដ៏រឹងមាំ និងយឺតសម្រាប់ទ្រាប់ឆ្អឹង និងជួយសម្រួលដល់ចលនាសន្លាក់។

ជំងឺរលាកសន្លាក់ឆ្អឹងអាចកើតឡើងដោយសារតែវ័យចំណាស់ ឬការខូចខាតដែលបណ្តាលមកពីរបួសកីឡាជាដើម។ រាងកាយព្យាយាមប៉ះប៉ូវនូវការបាត់បង់ឆ្អឹងខ្ចី ដោយការបង្កើតឆ្អឹងថ្មីជំនួសវិញ ដែលបណ្តាលឱ្យមានការកកើតជាការដុះឆ្អឹងនេះឯង។

កត្តាហានិភ័យ

មនុស្សគ្រប់វ័យសុទ្ធតែអាចកើតមានការដុះឆ្អឹង ប៉ុន្តែមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំ ងាយប្រឈមនឹងបញ្ហានេះបំផុត។ លើសពីនេះ អ្នកដែលមានជំងឺរលាកសន្លាក់ ក៏មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាការដុះឆ្អឹងផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

ក្នុងអំឡុងពេលពិនិត្យកាយសម្បទា គ្រូពេទ្យអាចវាយតម្លៃរកប្រភពនៃការឈឺចាប់ ដោយពិនិត្យតំបន់ជុំវិញសន្លាក់។ ដើម្បីពិនិត្យមើលសន្លាក់ និងឆ្អឹងរបស់អ្នកឱ្យបានច្បាស់ គ្រូពេទ្យក៏អាចស្នើសុំការថតកាំរស្មីអ៊ិចផងដែរ។ ក្រៅពីនេះ ការស្កេនដោយម៉ាស៊ីន CT Scan និង MRI ក៏អាចត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃពីការខូចខាតដែលអាចកើតមានលើសរសៃពួរ ឬសរសៃចង។

ការព្យាបាល

មានវិធីសាស្ត្រផ្សេងៗគ្នាជាច្រើនដើម្បីព្យាបាលការដុះឆ្អឹង។ ការព្យាបាលតាមផ្ទះ និងការផ្លាស់ប្តូររបៀបរស់នៅអាចមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងរោគសញ្ញានៃការដុះឆ្អឹង រួមទាំងការប្រើទឹកកកដើម្បីកាត់បន្ថយការហើម ការប្រើថ្នាំបំបាត់ការឈឺចាប់ដែលមិនត្រូវការវេជ្ជបញ្ជាដូចជា អាសេតាមីណូហ្វេន ឬថ្នាំ NSAIDs ដូចជា ibuprofen ការសម្រាក ការពាក់ស្បែកជើងគាំទ្រ និងការសម្រកទម្ងន់ដើម្បីកាត់បន្ថយភាពតានតឹងលើឆ្អឹង និងសន្លាក់។ ប្រសិនបើវិធីសាស្ត្រទាំងនេះមិនផ្តល់នូវការធូរស្រាលគ្រប់គ្រាន់ទេ អ្នកផ្តល់សេវាថែទាំសុខភាពអាចចេញវេជ្ជបញ្ជាការព្យាបាលផ្សេងទៀតដូចជាការព្យាបាលដោយចលនា ដែលអាចពាក់ព័ន្ធនឹងលំហាត់ប្រាណ និងការលាតសន្ធឹងដើម្បីកាត់បន្ថយការឈឺចាប់ ធ្វើអោយប្រសើរឡើងនូវចលនាសន្លាក់ និងពង្រឹងសាច់ដុំជុំវិញតំបន់ដែលរងផលប៉ះពាល់។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ អ្នកផ្តល់សេវាថែទាំសុខភាពអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ខ្លាំងជាង ឬថ្នាំចាក់ cortisone។ ប្រសិនបើរោគសញ្ញានៅតែបន្តសូម្បីតែបន្ទាប់ពីការព្យាបាលមួយឆ្នាំក៏ដោយ ការវះកាត់អាចចាំបាច់ដើម្បីយកឆ្អឹងដុះចេញ។

Doctors who treat this condition