X-rays Showing Bone Cancer.

ទិដ្ឋភាពទូទៅ

មហារីក​ឆ្អឹង​អាច​វិវឌ្ឍន៍​នៅ​ឆ្អឹង​ណាមួយ​ក្នុង​រាងកាយ ប៉ុន្តែ​រោគ​សញ្ញា​ដែលមាន​ជាទូទៅ​ គឺនៅ​ឆ្អឹង​ដៃ ឆ្អឹងជើង ឬ​ឆ្អឹង​អាងត្រគាក។ មហារីកដែលចាប់ផ្តើមនៅក្នុងឆ្អឹងត្រូវបានគេស្គាល់ផងដែរថាជាមហារីកឆ្អឹងបឋម។ មហារីកឆ្អឹងគឺជាជំងឺកម្រដែលគិតជាភាគរយ តិចជាង 1% នៃមហារីកគ្រប់ប្រភេទ

ការកំឡាយខ្លួននៃកោសិកាឆ្អឹង បណ្តាលឱ្យមានការបំបែកខ្លួនដែលមិនអាចគ្រប់គ្រងបាន ដែលធ្វើឱ្យមានការបង្កើតកោសិកាចំនួនច្រើន ឬត្រូវបានគេស្គាល់ថាជាដុំសាច់ឆ្អឹង។ បន្ទាប់មកដុំសាច់នេះចាប់ផ្តើមលុកលុយ និងបំផ្លាញឆ្អឹង និងជាលិកាដែលមានសុខភាពល្អ។ ដុំសាច់អាចវិវឌ្ឍន៍ទាំងកុមារ និងមនុស្សធំ

មហារីកឆ្អឹង និងមហារីករាលដាលទៅឆ្អឹងមិនដូចគ្នាទេ។ ការ​រាលដាលទៅ​ឆ្អឹង​កើតឡើង​នៅ​ពេល​ដែល​កោសិកា​មហារីក​ពី​ប្រភព​ផ្សេង​ទៀត​នៃ​រាងកាយ​រាលដាល​ដល់​ឆ្អឹង​ដូច​ជា មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ​មហារីក​សួត

រោគសញ្ញា

  • ឈឺឆ្អឹង (ជារឿយៗកាន់តែអាក្រក់នៅពេលយប់)
  • ហើមនិងឈឺចាប់នៅជុំវិញកន្លែងរងផលប៉ះពាល់
  • ការចុះខ្សោយនៃឆ្អឹងអាចបណ្តាលឱ្យបាក់ឆ្អឹង
  • អស់កម្លាំង
  • មានបញ្ហាជាមួយនឹងការធ្វើចលនា
  • គ្រុនក្ដៅ
  • ការសម្រកទម្ងន់ដោយគ្មានមូលហេតុ

ប្រសិនបើអ្នកព្រួយបារម្ភថាអ្នកមានរោគសញ្ញាទាំងនេះ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលការសាកសួរប្រវត្តិវេជ្ជសាស្ត្រ ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលត្រឹមត្រូវ

មូលហេតុ

មូលហេតុនៃការ​កើត​មហារីក​ឆ្អឹងនៅ​មិន​ទាន់​ដឹងមូលហេតុច្បាស់នោះទេ មានភស្តុតាងបង្ហាញថាប្រភេទដុំសាច់ឆ្អឹងមួយចំនួន ទាក់ទងនឹងតំណពូជ ខណៈពេលដែលករណីផ្សេងទៀតមានពាក់ព័ន្ធជាមួយនឹងការប៉ះពាល់នឹងវិទ្យុសកម្ម

ប្រភេទនៃមហារីកឆ្អឹង

មហារីកឆ្អឹងត្រូវបានបែងចែកទៅតាមប្រភេទនៃកោសិកាដើមរបស់មហារីក ខាងក្រោមនេះគឺជាប្រភេទដែលរកឃើញញឹកញាប់បំផុត៖

  • ជំងឺមហារីកឆ្អឹង Osteosarcoma គឺជាជំងឺមហារីកឆ្អឹងដែលរកឃើញញឹកញាប់បំផុត កើតឡើងនៅពេលដែលឆ្អឹងបង្កើតកោសិកាមហារីក។ ជាទូទៅវាត្រូវបានគេរកឃើញជាញឹកញាប់ចំពោះកុមារ ឬចំពោះមនុស្សវ័យជំទង់ដែលកំពុងតែលូតលាស់។ មហារីកប្រភេទនេះច្រើន​កើត​ឡើង​​នៅលើ​ឆ្អឹង​ជើង ឬ​ដៃ។ ជំងឺមហារីកឆ្អឹង Osteosarcomas កម្រវិវឌ្ឍនៅខាងក្រៅឆ្អឹង ដែលត្រូវបានគេស្គាល់ថាជា ជំងឺមហារីកឆ្អឹង extraskeletal osteosarcomas
  • ជំងឺមហារីកឆ្អឹង Chondrosarcoma គឺជាប្រភេទមហារីកឆ្អឹង ដែលរកឃើញញឹកញាប់លំដាប់ថ្នាក់ទីពីរ បង្កឱ្យមានផលិតកោសិកាមហារីកនៅកន្លែងឆ្អឹងខ្ចី។ ដុំសាច់ប្រភេទនេះភាគច្រើនត្រូវបានគេរកឃើញនៅក្នុងមនុស្សវ័យកណ្តាលនិងវ័យចំណាស់ ហើយជាទូទៅកើតមាននៅក្នុងឆ្អឹងអាងត្រគាក ជើង ឬដៃ
  • ជំងឺមហារីកឆ្អឹង Ewing sarcoma ដុំសាច់ច្រើនរកឃើញនៅក្នុងឆ្អឹង ឬជាលិការទន់ៗក្នុងឆ្អឹងអាងត្រគាក ជើង ដៃ ឬត្រគាក។ កុមារ និងមនុស្សវ័យជំទង់ជាធម្មតាតែងជួបប្រទះនូវជំងឺមហារីកឆ្អឹងប្រភេទនេះ

កត្តាហានិភ័យនៃជំងឺមហារីកឆ្អឹង

  • ក្រុមរោគសញ្ញាផ្នែកតំណពូជ ដែលបានបញ្ជូនតាមហ្សែន ដូចជា Li-fraumeni និង មហារីកស្រទាប់រ៉េទីន (retinoblastoma) ដែលបញ្ជូនតាមហ្សែន មានហានិភ័យខ្ពស់នៃការវិវត្តទៅជាមហារីកឆ្អឹង
  • ជំងឺឆ្អឹង Paget (Paget’s disease of bone) គឺជាជំងឺរ៉ាំរ៉ៃនៃឆ្អឹងដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកឆ្អឹង។ វាបណ្តាលឱ្យមានការរីកធំ និងការខូចទ្រង់ទ្រាយនៃឆ្អឹង ហើយជាធម្មតាកើតឡើងចំពោះអ្នកជំងឺដែលមានវ័យចំណាស់
  • ការព្យាបាលដោយកាំរស្មីសម្រាប់ជំងឺមហារីកអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកឆ្អឹងដោយសារតែកម្រិតវិទ្យុសកម្មខ្ពស់

រោគវិនិច្ឆ័យ

ការធ្វើតេស្តរូបភាពត្រូវបានប្រើដើម្បីធ្វើបញ្ជាក់ពីទីតាំងនៃដុំសាច់ក្នុងឆ្អឹង និងទំហំរបស់វា។ ការធ្វើតេស្តនេះក៏អាចរកឃើញថាតើដុំសាច់បានរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយដែរឬទេ។ ប្រភេទ​នៃ​ការធ្វើតេស្តរូបភាពគួរតែ​ធ្វើ​ឡើង​អាស្រ័យ​លើ​សញ្ញា​និង​រោគ​សញ្ញា​របស់​បុគ្គល​ម្នាក់ៗ

  • ការស្កេនឆ្អឹង
  • ការស្កេនកាំរស្មីតាមកុំព្យូទ័រ (CT)
  • ការស្កេនរូបភាពអនុភាពម៉ាញេទិក (MRI)
  • ការស្កេនរូបភាពអនុភាពប៉ូស៊ីតរ៉ុនបំភាយ (PET)
  • ការថតកាំរស្មីអ៊ិច

ការធ្វើកោសល្យវិច័យដោយម្ជុល ឬការវះកាត់ (Needle or surgical biopsies)

ការធ្វើកោសល្យវិច័យ (Biopsy) ដែលត្រូវបានធ្វើឡើងដោយការយកគំរូនៃជាលិកាពីដុំសាច់ទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍ចាំបាច់បន្ថែមទៀត។ នីតិវិធីនេះនឹងកំណត់អត្តសញ្ញាណជាលិកាមហារីកប្រសិនបើអ្នកជំងឺមាន រួមទាំងបង្ហាញពីប្រភេទមហារីក និងអត្រានៃការលូតលាស់ដុំសាច់ផងដែរ

នីតិវិធីខាងក្រោមនេះគឺជាការធ្វើកោសល្យវិច័យដែលត្រូវបានប្រើដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្អឹង

  • ម្ជុលមួយនឹងត្រូវបានចាក់ចូលទៅក្នុងដុំសាច់តាមរយៈស្បែក បន្ទាប់មកវានឹងប្រមូលបំណែកតូចៗនៃជាលិកាពីដុំសាច់
  • ការធ្វើកោសល្យវិច័យដោយការវះកាត់ត្រូវបានធ្វើឡើងដោយការវះនៅលើស្បែក និងការដកផ្នែកនៃដុំសាច់ចេញ។ ការធ្វើកោសល្យវិច័យគួរតែធ្វើក្នុងលក្ខណៈដែលមិនប៉ះពាល់ដល់ការវះកាត់ណាមួយ អាចកើតឡើងនាពេលអនាគតសម្រាប់ការយកជំងឺមហារីកចេញ

ដំណាក់កាលនៃជំងឺមហារីកឆ្អឹង

ដំណាក់កាលនៃជំងឺមហារីកឆ្អឹងនិងត្រូវបានកំណត់តាមរយៈទំហំ និងកន្លែងនៃដុំសាច់។ ការកំណត់ដំណាក់កាលនៃជំងឺមហារីកឆ្អឹងនឹងជួយកំណត់ជម្រើសនៃការព្យាបាលសម្រាប់អ្នកជំងឺ ដោយធ្វើការពិចារណាលើកត្តាខាងក្រោមនេះ៖

  • ទំហំដុំសាច់
  • ល្បឿននៃការលូតលាស់របស់មហារីក
  • បរិមាណឆ្អឹងដែលរងផលប៉ះពាល់ដោយជំងឺមហារីក
  • ការរីករាលដាលនៃជំងឺមហារីកទៅផ្នែកផ្សេងទៀតនៃរាងកាយ

មហារីកឆ្អឹង ជាទូទៅចែកចេញជា 4 ដំណាក់កាល៖

  • ដំណាក់កាលទី 1: ដុំសាច់ក្នុងកម្រិតទាប ខណៈពេលដែលកោសិកាមហារីកមិនរីករាលដាលទៅកន្លែងផ្សេងទៀត
  • ដំណាក់កាលទី 2: ដុំសាច់កម្រិតខ្ពស់ ប៉ុន្តែកោសិកាមហារីកនៅតែស្ថិតក្នុងទីតាំងដដែល
  • ដំណាក់កាលទី 3: ដុំសាច់កម្រិតខ្ពស់ កោសិកាមហារីករាលដាលទៅកាន់តំបន់ផ្សេងទៀត ប៉ុន្តែនៅតែស្ថិតក្នុងឆ្អឹងដដែល
  • ដំណាក់កាលទី 4៖ កោសិកាមហារីករាលដាលពីឆ្អឹងទៅផ្នែកផ្សេងទៀតនៃរាងកាយ ដូចជាសុដន់ ឬសួត

ការព្យាបាល

ការវះកាត់

ការ​វះកាត់​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​យក​ដុំ​សាច់​ចេញ​ទាំង​មូល។ នីតិវិធីនេះតម្រូវឱ្យមានបច្ចេកទេសពិសេស ដូច្នេះដុំសាច់និងត្រូវបានដកចេញជាដុំពេញលេញមួយ ជំនួសឱ្យការបំបែកជាច្រើនដុំ។ លើសពីនេះថែមទាំងមានការយកជាលិកាដែលមានសុខភាពល្អមួយចំនួនជុំវិញតំបន់នោះចេញផងដែរ។ ឆ្អឹងដែលបានបាត់បង់អាចជំនួសបានដោយឆ្អឹងពីផ្នែកផ្សេងទៀតនៃរាងកាយ ឬជាមួយនឹងការជំនួសដោយលោហៈ ឬប្លាស្ទិករឹង

ការព្យាបាលដោយប្រើគីមី (Chemotherapy)

ការព្យាបាលដោយប្រើគីមី គឺជាការប្រើប្រាស់ថ្នាំប្រឆាំងមហារីក។ ជាទូទៅវាត្រូវបានចាក់តាមសរសៃឈាម។ ថ្នាំនេះមានគោលបំណងសម្លាប់កោសិកាមហារីក

ការព្យាបាលដោយកាំរស្មី (Radiation therapy)

ការព្យាបាលដោយកាំរស្មី គឺជាការប្រើប្រាស់ថាមពលខ្ពស់ ស្រដៀងនឹងកាំរស្មីអ៊ិច។ គោលដៅនៃការព្យាបាលដោយវិទ្យុសកម្មគឺដើម្បីសម្លាប់កោសិកាមហារីក។ ការ​ប្រើ​វិធី​ព្យាបាល​នេះ​មុន​នឹង​ធ្វើ​ការ​វះ​កាត់​អាច​កាត់​បន្ថយ​ទំហំ​នៃដុំ​សាច់ ធ្វើឪ្យមានភាព​ងាយ​ស្រួល​ក្នុង​ការវះកាត់​យក​ចេញ ជួយកាត់បន្ថយឱកាសនៃការកាត់ដៃឬជើងចេញ

មហារីកឆ្អឹងដែលមិនអាចព្យាបាលបានដោយការវះកាត់អាចត្រូវការការព្យាបាលដោយវិទ្យុសកម្ម។ ក្នុងករណីមួយចំនួនក្រោយការវះកាត់ អាចនៅមានកោសិកាមហារីក ដែលអាចកម្ចាត់បានដោយការព្យាបាលដោយវិទ្យុសកម្ម។ ក្នុងដំណាក់កាលរីករាលដាលនៃជំងឺមហារីកឆ្អឹង ការព្យាបាលដោយកាំរស្មីអាចត្រូវបានប្រើដើម្បីគ្រប់គ្រងរោគសញ្ញាមួយចំនួនដូចជាការឈឺចាប់ជាដើម

Doctors who treat this condition