ទិដ្ឋភាពទូទៅ

ជំងឺរលាកត្របកភ្នែក (Blepharitis) គឺជាស្ថានភាពរលាកដែលប៉ះពាល់ដល់ត្របកភ្នែក បណ្តាលឱ្យមានអាការៈក្រហម គែមត្របកភ្នែកឡើងពណ៌ខ្មៅស្រអាប់ ហើម និងមានក្រមរ។ ជាទូទៅ វាកើតឡើងលើភ្នែកទាំងសងខាង។ ស្ថានភាពនេះច្រើនតែកើតឡើងនៅពេលដែលក្រពេញប្រេងតូចៗនៅក្បែរគល់រោមភ្នែកត្រូវបានស្ទះ ដែលបង្កឱ្យមានការរលាក និងក្រហម។

មានការរលាកត្របកភ្នែកពីរប្រភេទ ផ្អែកលើទីតាំងនៅលើត្របកភ្នែក៖

  • ការរលាកត្របកភ្នែកផ្នែកខាងមុខ៖ វាប៉ះពាល់ដល់ផ្នែកខាងក្រៅនៃត្របកភ្នែក ហើយមានលក្ខណៈសម្គាល់ដូចជា ឡើងក្រហម ឬពណ៌ក្រមៅជាងមុន ហើម និងមានអង្កែនៅលើរោមភ្នែក។
  • ការរលាកត្របកភ្នែកផ្នែកខាងក្រោយ៖ វាកើតឡើងនៅពេលដែលក្រពេញផលិតប្រេង ដែលស្ថិតនៅក្រោមត្របកភ្នែក ផលិតប្រេងដែលខាប់ខ្លាំង ឬមិនមានសុខភាពល្អ។

ជំងឺរលាកត្របកភ្នែកនេះ ច្រើនតែជាស្ថានភាពរ៉ាំរ៉ៃដែលអាចពិបាកក្នុងការព្យាបាល។ ទោះបីជាវាបង្កឱ្យមានការរំខាន និងប៉ះពាល់ដល់សោភ័ណភាពនៃត្របកភ្នែកក៏ដោយ ប៉ុន្តែជាធម្មតា វាមិនបណ្តាលឱ្យមានការខូចខាតជាអចិន្ត្រៃយ៍ដល់គំហើញភ្នែកឡើយ ហើយក៏មិនមែនជាជំងឺឆ្លងដែរ។

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃជំងឺរលាកត្របកភ្នែកអាចរួមមាន៖

  • ត្របកភ្នែកហើម និង/ឬ ឡើងរំអិលប្រេង
  • ភ្នែកឡើងក្រហម និងរលាក
  • ហូរទឹកភ្នែក
  • មានអារម្មណ៍រមាស់ ក្រហាយ ឬផ្សាភ្នែក
  • មានរបកស្បែកនៅជុំវិញភ្នែក
  • មានក្រមរនៅជាប់រោមភ្នែក និងជ្រុងនៃត្របកភ្នែក ដែលបណ្តាលឱ្យត្របកភ្នែកស្អិតជាប់គ្នា
  • ញាក់ភ្នែក (ព្រិចភ្នែក) ញឹកញាប់ជាងធម្មតា
  • ហូរទឹកភ្នែកខ្លាំង ឬស្ងួតភ្នែក
  • អាការៈខ្លាចពន្លឺ ឬភ្នែកឆាប់រងំដោយសារពន្លឺ
  • ស្រវាំងភ្នែក ដែលជាធម្មតានឹងប្រសើរឡើងវិញបន្ទាប់ពីព្រិចភ្នែក
  • ជ្រុះរោមភ្នែក
  • អាការៈរោមភ្នែកដុះចូលក្នុង ឬរោមភ្នែកដែលដុះតម្រង់ទៅរកគ្រាប់ភ្នែក ជំនួសឱ្យការដុះចេញទៅក្រៅ

ប្រសិនបើអ្នកសង្កេតឃើញថា សញ្ញា និងរោគសញ្ញានៃជំងឺរលាកត្របកភ្នែកណាមួយនៅតែបន្តកើតមាន ឬមិនមានភាពប្រសើរឡើង ទោះបីជាបានរក្សាអនាម័យល្អហើយក៏ដោយ វាជារឿងចាំបាច់ណាស់ដែលត្រូវស្វែងរកដំបូន្មានពីគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។

មូលហេតុ

ជំងឺរលាកត្របកភ្នែកអាចកើតឡើងដោយសារបញ្ហាជាមួយ ក្រពេញមេបូមៀន ដែលទទួលបន្ទុកផលិតជាតិប្រេងនៅក្នុងទឹកភ្នែក ឬវាអាចពាក់ព័ន្ធនឹងជំងឺស្បែក ឬការបង្ករោគជាក់លាក់ណាមួយ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុច្បាស់លាស់នៃជំងឺរលាកត្របកភ្នែកនៅមិនទាន់ត្រូវបានដឹងនៅឡើយទេ។វា

អាចមានការពាក់ព័ន្ធនឹងកត្តាមួយ ឬច្រើនដូចខាងក្រោម៖

  • រលាកស្បែក Seborrheic ជាស្ថានភាពដែលបណ្តាលឱ្យមានអង្កែនៅលើស្បែកក្បាល និងចិញ្ចើម។
  • ជំងឺ Rosacea ជំងឺនេះមានលក្ខណៈសម្គាល់ដោយការឡើងក្រហមលើផ្ទៃមុខ ដែលបណ្តាលឱ្យរមាស់ស្បែកមុខ និងអាចប៉ះពាល់ដល់ត្របកភ្នែក។
  • អាឡែស៊ី៖ ប្រតិកម្មអាឡែស៊ីជាមួយទឹកលាងឡេន ទឹកថ្នាំបន្តក់ភ្នែក ថ្នាំភ្នែក ឬគ្រឿងសម្អាង អាចបណ្តាលឱ្យមានការរលាក។
  • ភ្នែកស្ងួត៖ នៅពេលដែលក្រពេញទឹកភ្នែកស្ងួត វាអាចផ្លាស់ប្តូរភាពធន់នឹងបាក់តេរី ដែលនាំឱ្យមានបញ្ហាសុខភាពភ្នែក។
  • ចៃ ឬត្អើក៖ ពួកវាអាចធ្វើឱ្យស្ទះគល់រោមភ្នែក និងក្រពេញប្រេង។

ការធ្វើរោគវិនិច្ឆ័យ

ជំងឺរលាកត្របកភ្នែកមិនមែនមានតែតេស្តបញ្ជាក់ច្បាស់លាស់ណាមួយនោះទេ។ ផ្ទុយទៅវិញ គ្រូពេទ្យភ្នែករបស់អ្នកអាចអនុវត្តតាមជំហានទាំងនេះ ដើម្បីកំណត់ថា តើអ្នកមានជំងឺរលាកត្របកភ្នែកឬទេ និងដើម្បីសម្គាល់ប្រភេទជាក់លាក់របស់វា៖

  • ការពិនិត្យភ្នែក៖ ប្រភេទ និងកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកត្របកភ្នែក អាចត្រូវបានកំណត់ដោយការសង្កេតមើលរូបរាងនៃត្របកភ្នែករបស់អ្នក ព្រមទាំងវាយតម្លៃកម្រិតនៃការឡើងក្រហម ការហូរទឹករំអិល និងការហើម។ ដើម្បីជួយក្នុងការពិនិត្យនេះ គ្រូពេទ្យអាចប្រើឧបករណ៍ពង្រីកពិសេស ដើម្បីពិនិត្យត្របកភ្នែក និងភ្នែករបស់អ្នកឱ្យបានហ្មត់ចត់។
  • ការធ្វើតេស្តទឹកភ្នែក៖ គំរូទឹកភ្នែកអាចត្រូវបានយកមកប្រើ ដើម្បីវាយតម្លៃថា តើអាការៈស្ងួតភ្នែកគឺជាកត្តារួមចំណែកបង្កឱ្យមានជំងឺនេះដែរឬទេ។
  • ការយកសំណាកស្បែកដើម្បីធ្វើតេស្ត៖ សំណាកនៃទឹករំអិល ប្រេង ឬក្រមរនៅត្របកភ្នែក អាចត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍។ គំរូនេះអាចត្រូវបានធ្វើតេស្តរកបាក់តេរី ផ្សិត និងរោគសញ្ញាអាឡែស៊ី។ វាអាចកំណត់បានថា តើមានបាក់តេរីប្រភេទណាខ្លះ និងមានចំនួនប៉ុន្មាន។
  • ការធ្វើកោសល្យវិច័យត្របកភ្នែក៖ ក្នុងករណីកម្រ ការច្រឹបយកសាច់អាចជាការចាំបាច់ ដើម្បីដកចេញនូវលទ្ធភាពនៃជំងឺមហារីកស្បែក ឬដើម្បីស្វែងរកកោសិកាមិនធម្មតាណាមួយ ទៅតាមការកំណត់របស់គ្រូពេទ្យ។ ក្នុងអំឡុងពេលនីតិវិធីនេះ ត្របកភ្នែករបស់អ្នកនឹងត្រូវដាក់ថ្នាំស្ពឹក ហើយគ្រូពេទ្យនឹងប្រើម្ជុលដើម្បីបូមយកគំរូកោសិកាសម្រាប់ការពិនិត្យក្រោមមីក្រូទស្សន៍។ ទោះបីជាអាចមានការជាំខ្លះៗក៏ដោយ ប៉ុន្តែហានិភ័យនៃការកើតមានស្លាកស្នាមគឺមានតិចតួចបំផុត។

ការព្យាបាល

ប្រសិនបើអ្នកសង្ស័យថាមានជំងឺរលាកត្របកភ្នែក អ្នកអាចសាកល្បងគន្លឹះថែទាំខ្លួនឯងខាងក្រោមនេះ ដើម្បីកាត់បន្ថយរោគសញ្ញា៖

  • ជៀសវាងការតុបតែងភ្នែក៖ ដើម្បីកាត់បន្ថយការរមាស់ គួរផ្អាកប្រើប្រាស់គ្រឿងសម្អាងភ្នែក រហូតទាល់តែការរលាកត្រូវបានគ្រប់គ្រងបានល្អ។
  • ប្រើការស្អំទឹកក្តៅឧណ្ហៗ៖ ប្រើក្រណាត់ស្អាតជ្រលក់ក្នុងទឹកក្តៅឧណ្ហៗ (កម្រិតដែលអ្នកមានអារម្មណ៍ថាស្រួល)។ ពូតទឹកចេញឱ្យអស់ រួចដាក់ក្រណាត់នោះស្អំលើត្របកភ្នែកដែលបិទជិត។ ដើម្បីទទួលបានលទ្ធផលល្អបំផុត គួររក្សាកម្តៅនៃក្រណាត់ដោយជ្រលក់ទឹកម្តងទៀតនៅពេលវាត្រជាក់។ ការធ្វើបែបនេះនឹងជួយឱ្យក្រមរទន់ ដែលធ្វើឱ្យងាយស្រួលក្នុងការសម្អាតកម្ទេចកំទីប្រេង។
  • ប្រើផលិតផលសម្អាតត្របកភ្នែក៖ អ្នកអាចរកទិញផលិតផលសម្អាតត្របកភ្នែកបាននៅតាមឱសថស្ថាន ដែលមានទម្រង់ជាស្ព្រាយ ហ្វូម ឬក្រដាសសើម ដែលជារឿយៗមានផ្ទុកអាស៊ីត Hypochlorous។ ផលិតផលទាំងនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអង្កែលើរោមភ្នែក និងកាត់បន្ថយការកើនឡើងនៃបាក់តេរីនៅលើស្បែកជុំវិញភ្នែក។

ជាទូទៅ ការថែទាំខ្លួនឯងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងករណីរលាកត្របកភ្នែកភាគច្រើន។ ប៉ុន្តែ ប្រសិនបើការថែទាំខ្លួនឯងនៅមិនទាន់គ្រប់គ្រាន់ គ្រូពេទ្យអាចណែនាំការព្យាបាលតាមវេជ្ជបញ្ជា រួមមាន៖

  • ថ្នាំសម្រាប់ការព្យាបាលការបង្ករោគ៖ ថ្នាំផ្សះប្រភេទលាប ដែលមានជាទម្រង់ទឹកថ្នាំបន្តក់ភ្នែក គ្រីម ឬក្រមួន មានប្រសិទ្ធភាពក្នុងការកាត់បន្ថយរោគសញ្ញា និងព្យាបាលការបង្ករោគដោយបាក់តេរីនៅត្របកភ្នែក។ ប្រសិនបើប្រើថ្នាំលាបមិនប្រសើរឡើង គ្រូពេទ្យអាចនឹងឱ្យប្រើថ្នាំផ្សះប្រភេទលេបវិញ។
  • ថ្នាំសម្រាប់គ្រប់គ្រងការរលាក៖ ទឹកថ្នាំបន្តក់ភ្នែក ឬថ្នាំមួនប្រភេទស្តេរ៉ូអ៊ីត ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់គោលបំណងនេះ ជាពិសេសក្នុងករណីដែលវិធីសាស្ត្រផ្សេងៗមិនមានប្រសិទ្ធភាព។ គ្រូពេទ្យក៏អាចប្រើថ្នាំផ្សះ និងថ្នាំប្រឆាំងការរលាករួមគ្នាផងដែរ។
  • ថ្នាំដែលមានឥទ្ធិពលលើប្រព័ន្ធភាពស៊ាំ៖ ការបន្ថែមថ្នាំសម្រួលប្រព័ន្ធភាពស៊ាំ ដូចជា Cyclosporine Ophthalmic បានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការរលាកក្នុងករណីរលាកត្របកភ្នែកផ្នែកខាងក្រោយ។ ថ្នាំទាំងនេះដំណើរការដោយទប់ស្កាត់ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំធម្មជាតិរបស់រាងកាយ ដែលនាំឱ្យការរលាកថយចុះ។
  • ការព្យាបាលជំងឺដែលបង្កជាមូលដ្ឋាន៖ ជំងឺរលាកត្របកភ្នែកអាចកាន់តែធ្ងន់ធ្ងរដោយសារជំងឺស្បែក (ដូចជា Rosacea) ឬបញ្ហាភ្នែក (ដូចជាភ្នែកស្ងួត)។ ការប្រើថ្នាំគ្រាប់ គ្រីមលាបស្បែក ឬទឹកថ្នាំបន្តក់ភ្នែកសម្រាប់អាការៈស្ងួតភ្នែក អាចមានប្រយោជន៍ក្នុងស្ថានភាពនេះ។ វាជារឿងសំខាន់ណាស់ក្នុងការដោះស្រាយមូលហេតុបង្ក ដើម្បីកាត់បន្ថយរោគសញ្ញា។
  • នីតិវិធីវេជ្ជសាស្ត្រ៖ ការព្យាបាលផ្សេងទៀត ដូចជាការប្រើពន្លឺដែលមានថាមពលខ្លាំងអាចជួយសម្អាតក្រពេញប្រេង។ ការប្រើកម្តៅដើម្បីធ្វើឱ្យត្របកភ្នែកកក់ក្តៅ ក៏អាចជួយបញ្ចេញប្រេងដែលមិនល្អចេញមកក្រៅផងដែរ។

Doctors who treat this condition