ជំងឺវិលមុខដោយសារការផ្លាស់ប្តូរឥរិយាបថក្បាល (BPPV)

ទិដ្ឋភាពទូទៅ

មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃអាការវិលមុខ (vertigo) — ដែលជាអារម្មណ៍ឆាប់រហ័សថាអ្នកកំពុងវិល ឬវិលក្នុងក្បាល — គឺជំងឺវិលមុខដោយសារការផ្លាស់ប្តូរឥរិយាបថក្បាល (Benign Paroxysmal Positional Vertigo ឬហៅកាត់ថា BPPV)។

BPPV បង្កឱ្យមានអាការវិលមុខកម្រិតស្រាលទៅធ្ងន់ធ្ងរក្នុងរយៈពេលខ្លី។ វាតែងតែកើតឡើងដោយសារការផ្លាស់ប្តូរទីតាំងក្បាលរបស់អ្នក។ វាអាចកើតឡើងនៅពេលអ្នកងើបមើលទៅលើ ឬអោនចុះក្រោម ពេលអ្នកគេងចុះ ឬពេលអ្នកប្រែខ្លួន ឬងើបអង្គុយនៅលើគ្រែ។

ទោះបីជា BPPV អាចបង្កការរំខានក៏ដោយ ប៉ុន្តែវាកម្រនឹងមានគ្រោះថ្នាក់ណាស់ លើកលែងតែវាបង្កើនហានិភ័យនៃការដួល។ BPPV អាចត្រូវបានព្យាបាលយ៉ាងមានប្រសិទ្ធភាពតាមរយៈការទៅពិគ្រោះជាមួយគ្រូពេទ្យ។

រោគសញ្ញា

សញ្ញា និងរោគសញ្ញានៃជំងឺ BPPV អាចរួមមាន៖

  • ការវិលមុខ
  • ចង់ក្អួត ឬក្អួត
  • វិលមុខខ្លាំង — អារម្មណ៍ថាខ្លួនអ្នក ឬអ្វីៗជុំវិញខ្លួនកំពុងវិលជុំវិញ
  • ការដើរមិននឹង ឬបាត់បង់តុល្យភាព

រោគសញ្ញានៃជំងឺ BPPV តែងតែកើតឡើងហើយបាត់ទៅវិញ ហើយជាធម្មតាមានរយៈពេលតិចជាងមួយនាទី។ អាការ BPPV អាចបាត់មួយរយៈ ហើយបន្ទាប់មកលេចឡើងវិញ។ រោគសញ្ញានៃជំងឺវិលមុខប្រភេទនេះ ជារឿយៗត្រូវបានអមដោយចលនាភ្នែកញ័រខុសធម្មតា។
សកម្មភាពដែលបង្កឱ្យមានរោគសញ្ញា BPPV មានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែស្ទើរតែតែងតែត្រូវបានជំរុញដោយការផ្លាស់ប្តូរទីតាំងក្បាល។ នៅពេលឈរ ឬដើរ មនុស្សមួយចំនួនមានអារម្មណ៍ថាបាត់បង់លំនឹង។

សូមពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានអាការវិលមុខខ្លាំងដែលកើតឡើងដដែលៗ ភ្លាមៗ ធ្ងន់ធ្ងរ ឬអូសបន្លាយពេលយូរ។

ទោះបីជាការវិលមុខកម្រនឹងបញ្ជាក់ពីជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ សូមស្វែងរកជំនួយសង្គ្រោះបន្ទាន់ជាបន្ទាន់ ប្រសិនបើអ្នកមានអាការវិលមុខ រួមផ្សំជាមួយនឹងរោគសញ្ញាណាមួយដូចខាងក្រោម៖

  • ឈឺក្បាលខ្លាំង ឬភ្លាមៗ
  • សន្លប់
  • ដួល
  • មានបញ្ហាក្នុងការដើរ
  • ខ្សោយដៃ និងជើង
  • ស្ពឹក
  • មានអារម្មណ៍ដូចស្រមោចតិច
  • គ្រុនក្តៅ
  • មានបញ្ហាភ្នែក (ឧទាហរណ៍៖ មើលឃើញផ្ទួន ឬមើលមិនឃើញ)
  • ស្រាលក្បាល
  • បាត់បង់ការស្តាប់
  • មានបញ្ហាក្នុងការនិយាយ

សញ្ញា និងរោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ អាចជាការបញ្ជាក់អំពីស្ថានភាពជំងឺដែលធ្ងន់ធ្ងរជាងនេះ។

មូលហេតុ

នៅពេលដែលគេអាចរកឃើញមូលហេតុនៃជំងឺ BPPV ជាទូទៅវាមានការពាក់ព័ន្ធនឹងការប៉ះទង្គិចក្បាលពីកម្រិតស្រាលទៅធ្ងន់ធ្ងរ។ មូលហេតុដែលមិនសូវជួបញឹកញាប់រួមមាន ជំងឺត្រចៀកផ្នែកខាងក្នុង ឬក្នុងករណីកម្រ អាចបណ្តាលមកពីការខូចខាតដែលបង្កឡើងដោយការវះកាត់ត្រចៀក ឬការដេកផ្ងារក្នុងរយៈពេលយូរ (ដូចជាការគេងលើកៅអីពេទ្យធ្មេញជាដើម)។ លើសពីនេះ BPPV ក៏មានទំនាក់ទំនងជាមួយនឹងជំងឺប្រកាំងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ជារឿយៗ BPPV ច្រើនតែមិនមានមូលហេតុច្បាស់លាស់នោះទេ ដែលគេហៅថា idiopathic BPPV។

មុខងារត្រចៀក

Vestibular labyrinth គឺជាសរីរាង្គតូចមួយស្ថិតនៅខាងក្នុងត្រចៀករបស់អ្នក។ វាមានរចនាសម្ព័ន្ធរាងជារង្វង់ចំនួនបី ដែលផ្ទុកទៅដោយសារធាតុរាវ និងឧបករណ៍ចាប់សញ្ញាដែលមានរាងដូចរោមតូចៗសម្រាប់តាមដានការបង្វិលនៃក្បាលរបស់អ្នក។

សរីរាង្គ Otolith និងរចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងត្រចៀករបស់អ្នក ធ្វើការកត់សម្គាល់ចលនាក្បាល — ឡើងលើ ចុះក្រោម ទៅស្តាំ ទៅឆ្វេង ទៅមុខ ទៅក្រោយ — ព្រមទាំងទីតាំងក្បាលរបស់អ្នកធៀបនឹងទំនាញផែនដី។ សរីរាង្គ Otolith ទាំងនេះមានផ្ទុកនូវ គ្រីស្តាល់ ដែលធ្វើឱ្យអ្នកមានភាពរហ័សដឹងចំពោះទំនាញផែនដី។

គ្រីស្តាល់ទាំងនេះអាចរបូតចេញពីកន្លែងដើមដោយសារមូលហេតុផ្សេងៗ។ នៅពេលវាមានការរបូត ពួកវាអាចរំកិលចូលទៅក្នុងបំពង់ពាក់កណ្តាលរង្វង់ណាមួយ ជាពិសេសនៅពេលអ្នកគេងចុះ។ នេះធ្វើឱ្យបំពង់នោះទៅជាមានភាពរហ័សដឹងទៅនឹងការផ្លាស់ប្តូរទីតាំងក្បាល (ដែលធម្មតាមិនមានប្រតិកម្មឡើយ) ដែលជាហេតុបង្កឱ្យមានការវិលមុខ។

កត្តាហានិភ័យ

ជំងឺវិលមុខប្រភេទ BPPV កើតមានញឹកញាប់បំផុតចំពោះមនុស្សពេញវ័យដែលមានអាយុលើសពី ៥០ ឆ្នាំ ប៉ុន្តែវាក៏អាចកើតឡើងគ្រប់វ័យផងដែរ។ BPPV ក៏កើតមានលើស្ត្រីច្រើនជាងបុរស។ ការរងរបួសក្បាល ឬស្ថានភាពមិនប្រក្រតីផ្សេងៗនៃសរីរាង្គរក្សាតុល្យភាពក្នុងត្រចៀករបស់អ្នក អាចធ្វើឱ្យអ្នកងាយនឹងកើតជំងឺ BPPV នេះ។

 

ការធ្វើរោគវិនិច្ឆ័យ

គ្រូពេទ្យអាចនឹងធ្វើតេស្តជាច្រើនដើម្បីកំណត់រកមូលហេតុនៃអាការវិលមុខរបស់អ្នក។ ក្នុងអំឡុងពេលពិនិត្យកាយសម្បទា គ្រូពេទ្យនឹងស្វែងរកសញ្ញាដូចជា៖

  • មានអាការវិលមុខអំឡុងពេលមានចលនាភ្នែកជាក់លាក់ណាមួយ នៅពេលអ្នកគេងផ្ងារ ដោយងាកក្បាលទៅម្ខាង និងផ្អៀងបន្តិចនៅត្រង់គែមគ្រែពិនិត្យ
  • អារម្មណ៍វិលមុខដែលបង្កឡើងដោយចលនាភ្នែក ឬក្បាល ហើយបន្ទាប់មកបាត់ទៅវិញក្នុងរយៈពេលតិចជាងមួយនាទី
  • ការបាត់បង់ការគ្រប់គ្រងលើចលនាភ្នែក
  • ចលនាភ្នែកញ័រពីម្ខាងទៅម្ខាងដោយមិនអាចបញ្ជាបាន

ប្រសិនបើគ្រូពេទ្យមិនអាចកំណត់អត្តសញ្ញាណនៃប្រភពរោគសញ្ញារបស់អ្នកបានទេ គាត់អាចនឹងណែនាំឱ្យធ្វើតេស្តបន្ថែមដូចជា៖

  • Electronystagmography (ENG) ឬ Videonystagmography (VNG)៖ តេស្តទាំងនេះត្រូវបានបង្កើតឡើងដើម្បីស្វែងរកចលនាភ្នែកមិនប្រក្រតី។ ដោយការវាស់ស្ទង់ចលនាភ្នែកនៅពេលក្បាលស្ថិតក្នុងឥរិយាបថផ្សេងៗគ្នា វានឹងជួយបញ្ជាក់ថា តើការវិលមុខបណ្តាលមកពីបញ្ហាត្រចៀកខាងក្នុងដែរឬទេ។ ENG ប្រើអេឡិចត្រូត ចំណែក VNG ប្រើកាមេរ៉ាតូចៗ។
  • ការថត MRI៖ តេស្តនេះប្រើដែនម៉ាញេទិក និងរលកវិទ្យុដើម្បីបង្កើតរូបភាពកាត់ទទឹងនៃក្បាល និងរាងកាយរបស់អ្នក។ គ្រូពេទ្យប្រើវាដើម្បីកំណត់រោគវិនិច្ឆ័យនៃជំងឺផ្សេងៗ និងដើម្បីជម្រុះចោលនូវមូលហេតុដទៃទៀតដែលបង្កឱ្យមានការវិលមុខ។

ការព្យាបាល

ជំងឺ BPPV អាចនឹងបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីរយៈពេលពីរបីសប្តាហ៍ ឬប៉ុន្មានខែ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជួយឱ្យវាបាត់ទៅវិញឆាប់រហ័ស គ្រូពេទ្យ ឬអ្នកឯកទេសអាចព្យាបាលអ្នកជាមួយនឹងវិធីសាស្ត្រ រុញគ្រីស្តាល់ឱ្យចូលកន្លែងដើម។

វិធីសាស្ត្ររុញគ្រីស្តាល់ឱ្យចូលកន្លែងដើម

វាគឺជាការធ្វើចលនារាងកាយមួយចំនួនដើម្បីដាក់ទីតាំងក្បាលរបស់អ្នកឡើងវិញ។ គោលបំណងគឺដើម្បីផ្លាស់ទីគ្រីស្តាល់តូចៗពីក្នុងបំពង់ត្រចៀកខាងក្នុង ឱ្យត្រឡប់ទៅក្នុងថង់ចំហ ដែលជាកន្លែងវាមិនបង្កបញ្ហា និងងាយនឹងរលាយបាត់ទៅវិញ។

  • ឥរិយាបថនីមួយៗត្រូវរក្សាទុកប្រហែល ៣០ វិនាទី
  • វិធីសាស្ត្រនេះជាទូទៅទទួលបានលទ្ធផលល្អ បន្ទាប់ពីធ្វើបាន ១ ឬ ២ ដង
  • គ្រូពេទ្យអាចនឹងបង្រៀនអ្នកពីរបៀបធ្វើវាដោយខ្លួនឯង ដើម្បីឱ្យអ្នកអាចអនុវត្តនៅផ្ទះបានប្រសិនបើចាំបាច់

ការវះកាត់

នៅពេលដែលវិធីសាស្ត្ររុញគ្រីស្តាល់មិនទទួលបានជោគជ័យ គ្រូពេទ្យអាចនឹងស្នើឱ្យមានការវះកាត់។ គេប្រើឆ្នុកឆ្អឹង (bone plug) ដើម្បីខ្ទប់ផ្នែកនៃត្រចៀកខាងក្នុងដែលបង្កឱ្យមានការវិលមុខ។ ឆ្នុកនេះនឹងរារាំងបំពង់ត្រចៀកមិនឱ្យមានប្រតិកម្មទៅនឹងចលនាគ្រីស្តាល់ ឬចលនាក្បាលទូទៅឡើយ។ ការវះកាត់ប្រភេទនេះទទួលបានជោគជ័យប្រហែល ៩០%។

Doctors who treat this condition