ទិដ្ឋភាពទូទៅ
ជំងឺបេះដូងចំហ (ASD) គឺជាពិការភាពបេះដូងពីកំណើត ដែលបង្កឱ្យមានប្រហោងនៅចន្លោះថតខាងលើនៃបេះដូង។ ប្រហោងនេះបណ្តាលឱ្យឈាមពីថតបេះដូងខាងឆ្វេងហូរចូលទៅក្នុងថតបេះដូងខាងស្តាំក្នុងទិសដៅខុសធម្មតា ដែលជាហេតុនាំឱ្យមានការកើនឡើងនូវលំហូរឈាមទៅកាន់សួត។ ជួនកាល គេរកឃើញជំងឺនេះដោយចៃដន្យដោយមិនមានចេញរោគសញ្ញាអ្វីឡើយ។ ជំងឺបេះដូងចំហប្រភេទតូចៗមួយចំនួនអាចជិតទៅវិញដោយខ្លួនឯងនៅពេលកុមារធំឡើង ជាពិសេសក្នុងអំឡុងពេលវ័យទារក ឬកុមារភាព។ លទ្ធភាពនៃការលេចចេញរោគសញ្ញា និងតម្រូវការនៃការព្យាបាលគឺអាស្រ័យទៅលើទំហំនៃប្រហោងនោះ។ ប្រសិនបើប្រហោងមានទំហំធំ និងទុកចោលយូរអង្វែង វាអាចប៉ះពាល់ដល់បេះដូង និងសួតយ៉ាងធ្ងន់ធ្ងរ។ ការវះកាត់អាចនឹងត្រូវការចាំបាច់ដើម្បីប៉ះប៉ូវប្រហោងបេះដូង និងជៀសវាងផលវិបាកនានា។
ប្រភេទផ្សេងៗនៃជំងឺបេះដូងចំហ រួមមាន៖
- Secundum: កើតឡើងនៅចំកណ្តាលជញ្ជាំងដែលខណ្ឌចែកថតបេះដូងខាងលើ។ វាជាប្រភេទ ASD ដែលជួបប្រទះញឹកញាប់បំផុត
- Primum: កើតឡើងនៅផ្នែកខាងក្រោមនៃជញ្ជាំងខណ្ឌបេះដូង ហើយជួនកាលវាអាចកើតមានទន្ទឹមនឹងបញ្ហាបេះដូងពីកំណើតផ្សេងទៀត
- Sinus venosus: ជាប្រភេទកម្រ ដែលជាធម្មតាកើតឡើងនៅផ្នែកខាងលើនៃជញ្ជាំងខណ្ឌបេះដូង។ វាមានទំនាក់ទំនងទៅនឹងការប្រែប្រួលរចនាសម្ព័ន្ធបេះដូងផ្សេងទៀតតាំងពីកំណើត
- Coronary sinus: ជាប្រភេទកម្របំផុត ដែលជញ្ជាំងរវាង Coronary sinus (ផ្នែកនៃប្រព័ន្ធសរសៃឈាមខ្មៅរបស់បេះដូង) និងថតបេះដូងខាងឆ្វេងមានការបាត់បង់ផ្នែកខ្លះ
រោគសញ្ញា
ទារកជាច្រើនដែលមានជំងឺបេះដូងចំហគឺមិនមានរោគសញ្ញាអ្វីទាំងអស់នៅពេលកើត។ សញ្ញា និងរោគសញ្ញាអាចនឹងលេចឡើងនៅពេលឈានចូលវ័យមនុស្សពេញវ័យ។
សញ្ញា និងរោគសញ្ញានៃជំងឺបេះដូងចំហអាចរួមមាន៖
- ដង្ហក់ ឬពិបាកដកដង្ហើមនៅពេលធ្វើលំហាត់ប្រាណ
- អស់កម្លាំង
- ហើមជើង ប្រអប់ជើង ឬហើមពោះ
- ចង្វាក់បេះដូងខុសធម្មតា
- បេះដូងលោតញាប់ ឬលោតរំលងចង្វាក់
- សម្លេងបេះដូងខុសធម្មតា
ជាទូទៅ បញ្ហាបេះដូងពីកំណើតធ្ងន់ធ្ងរ ដូចជាជំងឺបេះដូងចំហដែលមានប្រហោងធំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញតាំងពីមុនពេលសម្រាល ឬក្រោយពេលសម្រាលបានបន្តិច។ ប្រសិនបើកូនរបស់អ្នកបង្ហាញរោគសញ្ញាណាមួយ សូមស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
មូលហេតុ
គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបង្កឱ្យមានជំងឺបេះដូងចំហនៅឡើយទេ ប៉ុន្តែជាធម្មតាវាបណ្តាលមកពីការវិវត្តមិនប្រក្រតីនៃបេះដូង ខណៈពេលដែលទារកស្ថិតក្នុងផ្ទៃម្តាយ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានការផ្សារភ្ជាប់ទៅនឹងកត្តាហ្សែន, ស្ថានភាពសុខភាពជាក់លាក់, ការប្រើប្រាស់ថ្នាំមួយចំនួន និងកត្តាបរិស្ថាន ឬរបៀបរស់នៅ ដូចជាការជក់បារី ឬការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។
ជំងឺបេះដូងចំហដែលមានប្រហោងធំ បណ្តាលឱ្យបេះដូងផ្នែកខាងស្តាំត្រូវធ្វើការខ្លាំងពេក ហើយសួតអាចនឹងផ្ទុកឈាមច្រើនហួសប្រមាណ។ ប្រសិនបើមិនបានព្យាបាល បេះដូងផ្នែកខាងស្តាំនឹងរីកធំ និងចុះខ្សោយ។ លើសពីនេះ វាក៏អាចបង្កឱ្យមានជំងឺលើសឈាមក្នុងសរសៃឈាមសួតផងដែរ។
កត្តាហានិភ័យ
ជំងឺបេះដូងចំហ (ASD) អាចកើតឡើងក្នុងអំឡុងពេលដែលបេះដូងទារកកំពុងវិវត្តក្នុងផ្ទៃ។ លទ្ធភាពនៃការកើតជំងឺនេះ ឬពិការភាពបេះដូងផ្សេងទៀត អាចកើនឡើងដោយសារស្ថានភាពសុខភាពមាតា ឬការប្រើប្រាស់ថ្នាំក្នុងអំឡុងពេលមានផ្ទៃពោះ រួមមាន៖
- ការឆ្លងមេរោគកញ្ជ្រឹលអាល្លឺម៉ង់ក្នុងអំឡុងពេលដំបូងនៃការមានផ្ទៃពោះ
- ជំងឺទឹកនោមផ្អែម
- ជំងឺ Lupus (ជំងឺប្រព័ន្ធស៊ាំវាយប្រហាររាងកាយឯង)
- ការទទួលទានគ្រឿងស្រវឹង
- ការប្រើប្រាស់បារី
- ការប្រើប្រាស់គ្រឿងញៀន ដូចជាកូកាអ៊ីនជាដើម
- ការប្រើប្រាស់ឱសថមួយចំនួន ដូចជាថ្នាំប្រកាច់ និងថ្នាំព្យាបាលបញ្ហាផ្លូវចិត្ត
ប្រសិនបើអ្នក ឬសមាជិកគ្រួសារមានប្រវត្តិជំងឺបេះដូងពីកំណើត (រួមទាំង ASD) ការពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកហ្សែន អាចជួយក្នុងការទស្សន៍ទាយពីលទ្ធភាពនៃការកើតមានបញ្ហាបេះដូងចំពោះកូនៗរបស់អ្នកនៅថ្ងៃអនាគត។
ការធ្វើរោគវិនិច្ឆ័យ
ក្នុងករណីខ្លះ ជំងឺបេះដូងចំហ (ASD) អាចត្រូវបានរកឃើញតាំងពីមុនពេលសម្រាល ឬក្រោយពេលសម្រាលបានបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រហោងបេះដូងដែលមានទំហំតូច អាចនឹងមិនត្រូវបានរកឃើញរហូតដល់វ័យចំណាស់។ នៅពេលពិនិត្យសុខភាពដោយគ្រូពេទ្យ អ្នកជំងឺ ASD នឹងមានឮសូរសម្លេងបេះដូងខុសធម្មតា។
តេស្តខាងក្រោមនេះត្រូវបានប្រើដើម្បីកំណត់រោគវិនិច្ឆ័យជំងឺបេះដូងចំហ៖
- ការអេកូបេះដូង: ប្រើរលកសំឡេងដើម្បីបង្កើតជារូបភាពបេះដូងកំពុងលោត។ វាអាចបង្ហាញពីសកម្មភាពលំហូរឈាមកាត់តាមបេះដូង និងសន្ទះបេះដូងបានយ៉ាងច្បាស់
- ការវាស់ចង្វាក់បេះដូង ECG ឬ EKG: ប្រើសម្រាប់តាមដានសកម្មភាពអគ្គិសនីរបស់បេះដូង ដើម្បីដឹងថាមានបញ្ហាចង្វាក់បេះដូងខុសធម្មតាដែរឬទេ
- ការថតកាំរស្មីអ៊ិចទ្រូង: ប្រើដើម្បីពិនិត្យស្ថានភាពបេះដូង និងសួត
- ការថត MRI បេះដូង: ប្រសិនបើការអេកូបេះដូងមិនអាចផ្តល់រោគវិនិច្ឆ័យច្បាស់លាស់ គ្រូពេទ្យអាចនឹងតម្រូវឱ្យធ្វើការថត MRI។ វាប្រើដែនម៉ាញេទិក និងរលកវិទ្យុដើម្បីផ្តិតយករូបភាពលម្អិតនៃបេះដូង
- ការថត CT Scan: បង្កើតជារូបភាពលម្អិតនៃបេះដូងតាមរយៈកាំរស្មីអ៊ិចជាបន្តបន្ទាប់។ វាប្រើសម្រាប់កំណត់រោគវិនិច្ឆ័យជំងឺ ASD និងពិការភាពបេះដូងពីកំណើតផ្សេងទៀត
ការព្យាបាល
គ្រូពេទ្យនឹងសម្រេចលើវិធីសាស្ត្រព្យាបាល ដោយផ្អែកលើទំហំនៃប្រហោងបេះដូង ឬពិការភាពបេះដូងពីកំណើតផ្សេងទៀត។
ទោះបីជាជំងឺបេះដូងចំហភាគច្រើនអាចជិតទៅវិញដោយខ្លួនឯងក្នុងអំឡុងពេលវ័យកុមារក៏ដោយ ប៉ុន្តែមិនមែនគ្រប់ករណីសុទ្ធតែបែបនេះទេ។ សម្រាប់ប្រហោងតូចៗ គឺមិនត្រូវការការព្យាបាលបន្ថែមនោះទេ។ គ្រូពេទ្យអាចនឹងណែនាំឱ្យមកពិនិត្យសុខភាពតាមដានជាទៀងទាត់ ដើម្បីមើលការវិវត្តនៃជំងឺ។
ការវះកាត់គឺចាំបាច់សម្រាប់ករណី ASD ជាច្រើនដែលមិនជិតទៅវិញ។ ប៉ុន្តែ ការវះកាត់បិទប្រហោងមិនត្រូវបានណែនាំឡើយ ចំពោះអ្នកដែលមានជំងឺលើសឈាមក្នុងសរសៃឈាមសួតធ្ងន់ធ្ងរ។ នៅពេលកុមារត្រូវការការព្យាបាល គ្រូពេទ្យនឹងពិភាក្សាអំពីវិធីសាស្ត្រដែលចាំបាច់។
ការប្រើប្រាស់ថ្នាំ
ថ្នាំសម្រាប់សម្រួលចង្វាក់បេះដូង ឬថ្នាំកាត់បន្ថយហានិភ័យនៃការកកឈាម អាចត្រូវបានប្រើក្នុងករណីខ្លះ។ ឱសថអាចត្រឹមតែជួយកាត់បន្ថយសញ្ញា និងរោគសញ្ញាប៉ុណ្ណោះ ប៉ុន្តែវាមិនអាចព្យាបាលឱ្យជិតប្រហោងបេះដូងបានឡើយ។
ការវះកាត់
នៅពេលដែលកុមារ ឬមនុស្សពេញវ័យត្រូវបានរកឃើញថាមានប្រហោងបេះដូងទំហំមធ្យម ឬធំ គ្រូពេទ្យជំនាញបេះដូងច្រើនតែណែនាំឱ្យវះកាត់បិទវា ដើម្បីជៀសវាងផលវិបាកផ្សេងៗ។
ការវះកាត់បិទប្រហោងបេះដូងចំហរ (ASD) ពាក់ព័ន្ធនឹងការបិទប្រហោងបេះដូងទាំងចំពោះមនុស្សពេញវ័យ និងកុមារ។ មានវិធីពីរយ៉ាងដើម្បីធ្វើដូចនេះ៖
- ការវះកាត់បេះដូងចំហបែបបើក: ប្រើសម្រាប់ប្រភេទ Primum, Sinus venosus, និង Coronary sinus។ គ្រូពេទ្យនឹងវះកាត់កាត់ជញ្ជាំងទ្រូងដើម្បីចូលទៅដល់បេះដូងដោយផ្ទាល់ រួចប្រើបន្ទះប៉ះដើម្បីបិទប្រហោង។ ជួនកាល ការវះកាត់នេះអាចធ្វើឡើងតាមរយៈបច្ចេកវិទ្យារ៉ូបូត ឬការវះកាត់បែបតូចបំផុត (Minimally invasive)
- ការព្យាបាលតាមសរសៃឈាម: គ្រូពេទ្យបញ្ចូលបំពង់តូចស្តើងតាមសរសៃឈាម (ជាធម្មតានៅត្រង់ក្រលៀន) រហូតដល់បេះដូង។ បន្ទាប់មក គេបញ្ចូលបន្ទះសំណាញ់ ឬឧបករណ៍បិទតាមបំពង់នោះដើម្បីភ្ជិតប្រហោង។ ជាចុងក្រោយ កោសិកាបេះដូងនឹងលូតលាស់ជុំវិញឧបករណ៍នោះ ហើយបិទប្រហោងជាស្ថាពរ។ វិធីសាស្ត្រនេះប្រើសម្រាប់តែប្រភេទ Secundum ប៉ុណ្ណោះ
ក្រោយការវះកាត់ អ្នកជំងឺចាំបាច់ត្រូវមកពិនិត្យសុខភាព និងអេកូបេះដូងឱ្យបានទៀងទាត់ ដើម្បីតាមដានផលវិបាកនានាដូចជា បញ្ហាសន្ទះបេះដូង, ចង្វាក់បេះដូងខុសធម្មតា, លើសឈាមក្នុងសួត និងជំងឺខ្សោយបេះដូង។
ផលវិបាករយៈពេលវែងជាញឹកញាប់ អ្នកដែលមានប្រហោងបេះដូងធំ ហើយមិនបានវះកាត់ នឹងមានស្ថានភាពសុខភាពកាន់តែដុនដាប។ ពួកគេអាចនឹងមានការចុះខ្សោយកម្លាំង ដែលធ្វើឱ្យពិបាកក្នុងការបំពេញការងារប្រចាំថ្ងៃ និងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺលើសឈាមក្នុងសួត និងបញ្ហាចង្វាក់បេះដូង។
