ទិដ្ឋភាពទូទៅ

សរសៃឈាមនិងសរសៃវ៉ែនខុសប្រក្រតី (AVM) គឺជាបណ្តុំសរសៃឈាមដែលរមួលចូលគ្នាខុសធម្មតា ដែលភ្ជាប់សរសៃឈាមអាកទែរ និងសរសៃឈាមវ៉ែន ហើយធ្វើឱ្យរំខានដល់លំហូរឈាមធម្មតា និងការបញ្ជូនអុកស៊ីសែន។ ទោះបីជាវាអាចកើតឡើងនៅគ្រប់ទីកន្លែងក្នុងរាងកាយក៏ដោយ ប៉ុន្តែវាច្រើនតែកើតឡើងនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ ជាធម្មតា ឈាមដែលនាំអុកស៊ីសែនពីបេះដូងទៅខួរក្បាលត្រូវបានដឹកនាំតាមរយៈសរសៃឈាមអាកទែរ ហើយឈាមដែលអស់អុកស៊ីសែននឹងត្រឡប់ទៅបេះដូង និងសួតវិញតាមរយៈសរសៃឈាមវ៉ែន។

នៅពេលដែល AVM រំខានដល់ដំណើរការដ៏សំខាន់នេះ ជាលិកានៅជុំវិញនោះអាចនឹងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ បន្ថែមពីនេះ បណ្តុំសរសៃឈាមដែលរមួលចូលគ្នាខុសធម្មតានៃ AVM ងាយនឹងរងការខូចខាត និងដាច់រហែក ដោយសារសម្ពាធនៃកម្លាំងលំហូរឈាម។ ប្រសិនបើ AVM ដាច់រហែកក្នុងខួរក្បាល វាអាចបណ្តាលឱ្យហូរឈាមក្នុងខួរក្បាលដែលនាំឱ្យដាច់សរសៃឈាមខួរក្បាល ឬខូចខាតខួរក្បាលជាអចិន្ត្រៃយ៍។

មូលហេតុនៃ AVM នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយវាកម្រនឹងតពូជណាស់។ នៅពេលដែលត្រូវបានរកឃើញ AVM ក្នុងខួរក្បាលអាចត្រូវបានព្យាបាលដោយជោគជ័យជាញឹកញាប់ ដើម្បីបង្ការផលវិបាកផ្សេងៗ។

រោគសញ្ញា

រោគសញ្ញានៃ AVM អាចប្រែប្រួលអាស្រ័យលើទីតាំងរបស់វា។ ទីតាំងដែលជួបប្រទះញឹកញាប់បំផុតគឺនៅក្នុងខួរក្បាល ដែលអាចបណ្តាលឱ្យហូរឈាមខួរក្បាល។ រោគសញ្ញាផ្នែកប្រព័ន្ធប្រសាទដែលកើតឡើងដោយសារ AVM រំខានដល់ជាលិកាជុំវិញមានដូចជា៖

AVM ក្នុងខួរក្បាល:

  • ការប្រកាច់
  • ការបាត់បង់ស្មារតី
  • ឈឺក្បាល ឬវិលមុខ
  • ខ្សោយសាច់ដុំ ស្ពឹក ឬមានអារម្មណ៍ដូចស្រមោចតិចៗ
  • ខ្វិន
  • ចង្អោរ និងក្អួត
  • ប៉ះពាល់ដល់តុល្យភាព ការមើលឃើញ ការចងចាំ និងការនិយាយ
  • វង្វេងស្មារតី ឃើញរូបភាពភាន់ច្រឡំ ឬវង្វេងវង្វាន់

AVM ក្នុងខួរឆ្អឹងខ្នង:

  • ឈឺខ្នង (កើតឡើងភ្លាមៗ និងឈឺខ្លាំង)
  • ខ្សោយជើង ត្រគាក និងមេជើង
  • ខ្សោយសាច់ដុំ ឬខ្វិន ដោយសារប៉ះពាល់ដល់សរសៃប្រសាទ

AVM ក្នុងផ្នែកផ្សេងទៀតនៃរាងកាយ: អាស្រ័យលើទំហំ និងសារៈសំខាន់នៃទីតាំង រោគសញ្ញាទូទៅរួមមាន៖

  • ហត់ ឬពិបាកដកដង្ហើម
  • ក្អកឈាម
  • ឈឺពោះ
  • មានដុំពកនៅដៃ ជើង ឬដងខ្លួន
  • ឈឺចាប់ និងហើម
  • ដំបៅចំហនៅលើស្បែក

AVM ពីកំណើត: ប្រភេទនៃ AVM ម្យ៉ាងដែលគេស្គាល់ថាជា «Vein of Galen defect» ដែលជាភាពមិនប្រក្រតីយ៉ាងជ្រៅក្នុងខួរក្បាល ចាប់ផ្តើម

បង្ហាញរោគសញ្ញានៅពេលកើត ឬភ្លាមៗក្រោយពេលកើត រួមមាន៖

  • ជំងឺក្បាលធំ Hydrocephalus: ក្បាលរីកធំដោយសារការដក់ទឹកក្នុងខួរក្បាល
  • ប៉ោងសរសៃវ៉ែននៅលើស្បែកក្បាល
  • ការប្រកាច់
  • មិនឡើងទម្ងន់ ឬការលូតលាស់យឺត
  • ខ្សោយបេះដូង

សូមស្វែងរកការសង្គ្រោះបន្ទាន់ភ្លាមៗ ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ៖

  • ឈឺក្បាលធ្ងន់ធ្ងរ
  • មានបញ្ហាភ្នែក/ការមើលឃើញ
  • ប្រកាច់
  • ខ្សោយដៃជើង
  • ការផ្លាស់ប្តូរអាកប្បកិរិយា ឬមុខងារប្រព័ន្ធប្រសាទ

មូលហេតុ

AVM កើតឡើងនៅពេលដែលសរសៃឈាមអាកទែរ និងសរសៃវ៉ែនបង្កើតការតភ្ជាប់មិនធម្មតា ទោះបីជាអ្នកស្រាវជ្រាវមិនទាន់ច្បាស់ពីមូលហេតុពិតប្រាកដក៏ដោយ។ ទោះបីជាភាគច្រើនមិនមែនជាការតំណពូជ ប៉ុន្តែការប្រែប្រួលហ្សែនមួយចំនួនអាចនឹងមានការពាក់ព័ន្ធ។

កត្តាហានិភ័យ

កត្តាដែលបង្កើនហានិភ័យនៃការវិវត្តទៅជា AVM រួមមាន៖

  • ប្រវត្តិគ្រួសារ៖ ក្នុងករណីកម្រ វាបង្កើនហានិភ័យប្រសិនបើមានប្រវត្តិជំងឺនេះក្នុងគ្រួសារ។ ទោះជាយ៉ាងណា ករណីភាគច្រើនមិនមែនជាការតំណពូជឡើយ
  • លក្ខខណ្ឌតំណពូជ៖ ជំងឺតពូជមួយចំនួនដូចជា រោគសញ្ញា Osler-Weber-Rendu និងជំងឺ Hereditary Hemorrhagic Telangiectasia (HHT) អាចបង្កើនហានិភ័យនៃ AVM

ការធ្វើរោគវិនិច្ឆ័យ

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ AVM គ្រូពេទ្យនឹងពិនិត្យមើលប្រវត្តិរូបសង្ខេបរបស់អ្នកជំងឺ ធ្វើការពិនិត្យរាងកាយ និងប្រើប្រាស់ការស៊ើបអង្កេតមួយចំនួនដើម្បីបញ្ជាក់ឱ្យច្បាស់។ នីតិវិធីដែលគេច្រើនប្រើរួមមាន៖

  • ការថតកាំរស្មីអ៊ិចសរសៃឈាមខួរក្បាល៖ នីតិវិធីនេះតម្រូវឱ្យចាក់សារធាតុជំនួយ Contrast ឬសារធាតុពណ៌ពិសេសទៅក្នុងសរសៃឈាមអាកទែរ។ សារធាតុពណ៌នេះនឹងជួយឱ្យព័ត៌មានលម្អិតនៃរចនាសម្ព័ន្ធសរសៃឈាមបង្ហាញឡើងយ៉ាងច្បាស់នៅលើកាំរស្មីអ៊ិច
  • ការថត CT៖ ស្កេនដោយប្រើកាំរស្មីអ៊ិច ដើម្បីបង្កើតរូបភាពលម្អិតនៃក្បាល ខួរក្បាល ឬខួរឆ្អឹងខ្នង ដែលអាចជួយកំណត់រកមើលការហូរឈាម
  • ការថត MRI៖ ប្រើប្រាស់មេដែកដែលមានកម្លាំងខ្លាំង និងរលកវិទ្យុ ដើម្បីផ្តល់រូបភាពច្បាស់លម្អិតនៃជាលិកា។ MRI អាចមើលឃើញសូម្បីតែការផ្លាស់ប្តូរតូចតាចនៅក្នុងជាលិកាទាំងនេះ
  • ការថត MRA៖ គឺជាប្រភេទនៃការស្កេន MRI ដែលប្រើសម្រាប់វាយតម្លៃសរសៃឈាម និងលំហូរឈាមនៅក្នុងរាងកាយ។
  • Doppler transcranial ultrasound៖ ប្រើរលកសំឡេងដើម្បីកំណត់ល្បឿននៃលំហូរឈាមដែលឆ្លងកាត់ខួរក្បាលរបស់អ្នក

ការព្យាបាល

ការព្យាបាល AVM គឺផ្អែកលើទីតាំងនៃភាពមិនប្រក្រតី ហានិភ័យនៃការដាច់រហែកសរសៃឈាម រោគសញ្ញា និងសុខភាពទូទៅរបស់អ្នក។ ជួនកាល គេគ្រាន់តែតាមដាន AVM ដើម្បីរកមើលការផ្លាស់ប្តូរ ឬបញ្ហានានាដោយប្រើការថតរូបភាពវេជ្ជសាស្ត្រជាទៀងទាត់។ តម្រូវការក្នុងការព្យាបាល AVM ត្រូវបានកំណត់ដោយកត្តាជាច្រើនដូចជា៖

  • ការហូរឈាម
  • ការបង្កឱ្យមានរោគសញ្ញាផ្សេងៗក្រៅពីការហូរឈាម
  • ស្ថិតនៅក្នុងតំបន់នៃខួរក្បាលដែលអាចព្យាបាលបានដោយសុវត្ថិភាព

ការប្រើប្រាស់ថ្នាំ

ថ្នាំអាចជួយសម្រាលរោគសញ្ញាដូចជា ការឈឺខ្នង ឈឺក្បាល និងការប្រកាច់។

ការវះកាត់

ការវះកាត់ ជាជម្រើសចម្បងក្នុងការព្យាបាល AVM។ ប្រសិនបើហានិភ័យនៃការហូរឈាមមានកម្រិតខ្ពស់ គ្រូពេទ្យជំនាញអាចនឹងណែនាំឱ្យធ្វើការវះកាត់។ AVM អាចត្រូវបានយកចេញទាំងស្រុងតាមរយៈការវះកាត់ ប្រសិនបើវាស្ថិតនៅក្នុងទីតាំងដែលអាចវះកាត់បានដោយមានហានិភ័យទាបបំផុតដល់ជាលិកាខួរក្បាលដែលនៅល្អ។

  • ការបិទសរសៃឈាមតាមបំពង់កាតេទែ៖ ជាប្រភេទនៃការវះកាត់ដែលគ្រូពេទ្យបញ្ចូលបំពង់កាតេទែទៅក្នុងសរសៃឈាមអាកទែ រួចបន្តទៅកាន់ទីតាំង AVM។ បន្ទាប់មក គេចាក់សារធាតុម្យ៉ាងដើម្បីបិទផ្នែកខ្លះនៃ AVM ដើម្បីកម្រិតលំហូរឈាម។ វិធីនេះក៏អាចធ្វើឡើងមុនពេលការវះកាត់ដោយកាំរស្មី ឬការវះកាត់ខួរក្បាល ដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាក
  • ការវះកាត់ដោយកាំរស្មីតម្រង់ទិស៖ វិធីសាស្ត្រនេះប្រើធ្នឹមវិទ្យុសកម្មដែលមានកម្រិតផ្ដោតខ្ពស់បំផុត ដើម្បីធ្វើឱ្យ AVM រួញតូច បង្កើតជាជាលិកាស្លាកស្នាម និងរឹតបន្តឹងលំហូរឈាមទៅកាន់ AVM បន្តិចម្តងៗរហូតដល់វាជាសះស្បើយ

 

Doctors who treat this condition