សរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតី

ទិដ្ឋភាពទូទៅ
សរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតី (Arteriovenous fistula) គឺជាការតភ្ជាប់មិនធម្មតារវាងសរសៃឈាមអាកទែរ និងសរសៃឈាមវ៉ែន ដែលធ្វើឱ្យឈាមហូរក្នុងទិសដៅផ្ទុយគ្នា ដោយរំលងសរសៃឈាមល្អិតឆ្មារ ហើយជាលទ្ធផលធ្វើឱ្យឈាមទៅចិញ្ចឹមជាលិកានៅផ្នែកខាងក្រោមមានកម្រិតតិចតួច។ ជាធម្មតា សរសៃឈាមល្អិតឆ្មារទទួលឈាមពីសរសៃឈាមអាកទែរ ហើយបញ្ជូនវាទៅសរសៃឈាមវ៉ែន។ អុកស៊ីសែន និងសារធាតុចិញ្ចឹមត្រូវបានដឹកនាំទៅកាន់ជាលិការាងកាយតាមរយៈសរសៃឈាមល្អិតឆ្មារទាំងនេះ។
ស្ថានភាពនេះអាចមានចាប់ពីកម្រិតស្រាលដែលមិនបង្កគ្រោះថ្នាក់ (ឬថែមទាំងមានប្រយោជន៍ក្នុងករណីចាំបាច់ខាងវេជ្ជសាស្ត្រ ដូចជាការវះកាត់តភ្ជាប់សរសៃឈាមសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ដើម្បីជួយក្នុងការលាងឈាម) រហូតដល់បញ្ហាសុខភាពធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់បេះដូងជាអចិន្ត្រៃយ៍ អាស្រ័យលើទីតាំង របៀបដែលវាបង្កើតឡើង និងទំហំរបស់វា។ ទោះបីជាវាអាចកើតឡើងនៅគ្រប់ផ្នែកនៃរាងកាយដែលមានការភ្ជាប់គ្នារវាងសរសៃឈាមអាកទែរ និងសរសៃវ៉ែនក៏ដោយ ប៉ុន្តែវាច្រើនតែកើតឡើងនៅជើង។
ទីតាំងនៃសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីក្នុងរាងកាយជះឥទ្ធិពលដល់រោគសញ្ញា និងអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរប្រសិនបើមិនបានព្យាបាល។ គេអាចព្យាបាលវាបានតាមរយៈការតាមដាន ការរុំបង្ហាប់ បច្ចេកទេសប្រើបំពង់កាតេទែ និងជួនកាលការវះកាត់។
ការតភ្ជាប់មិនធម្មតារវាងសរសៃឈាមអាកទែរ និងសរសៃវ៉ែនដែលគ្របដណ្តប់លើខួរក្បាល ឬខួរឆ្អឹងខ្នង ត្រូវបានគេស្គាល់ថាជា Dural Arteriovenous Fistulas (dAVFs) ដែលជាប្រភេទម្យ៉ាងនៃសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីដែលអាចវិវត្តនៅក្នុងខួរក្បាល ខួរឆ្អឹងខ្នង ឬផ្នែកផ្សេងទៀតនៃរាងកាយ។
រោគសញ្ញា
ជាញឹកញាប់ មិនមានរោគសញ្ញា ឬសញ្ញាដែលពាក់ព័ន្ធនឹងសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីកម្រិតតូចនៅក្នុងដៃ ជើង សួត តម្រងនោម ឬខួរក្បាលនោះទេ។ វិធីសាស្ត្រព្យាបាលធម្មតាសម្រាប់ករណីតូចតាច គឺការតាមដានដោយគ្រូពេទ្យជំនាញ។ ចំណែកឯសញ្ញា និងរោគសញ្ញានៃសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតី កម្រិតធំ អាចវិវត្តទៅតាមផ្នែកដែលរងផលប៉ះពាល់ រួមមាន៖
- ការហើមនៅជុំវិញកន្លែងកើតមាន៖ ទំនងជាកើតឡើងបំផុតនៅពេលដែលការតភ្ជាប់នោះស្ថិតនៅក្រោមស្បែកដោយផ្ទាល់ (ភាគច្រើននៅដៃ និងជើង)
- សរសៃវ៉ែនឡើងប៉ោងពណ៌ស្វាយ៖ មើលឃើញតាមរយៈស្បែក និងមានសណ្ឋានដូចសរសៃឈាមដែលប៉ោង
- ការហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ៖ ប្រសិនបើវាស្ថិតនៅក្នុងបំពង់រំលាយអាហារ
- ការអស់កម្លាំង
- ខ្សោយបេះដូង
- សម្ពាធឈាមចុះទាប
Pulmonary arteriovenous fistula ជាការតភ្ជាប់មិនធម្មតាកម្រិតធំនៅក្នុងសួត ដែលជាស្ថានភាពធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យ៖
- ខ្វះលំហូរឈាម ដែលនាំឱ្យបបូរមាត់ ឬក្រចកដៃឡើងស្លេកប្រផេះ ឬខៀវ
- ក្អកឈាម
- ចុងម្រាមដៃរីកធំ និងមូលខុសពីធម្មតា
ស្ថានភាពនេះអាចព្យាបាលបានងាយស្រួលជាង ប្រសិនបើគេរកឃើញទាន់ពេលវេលា និងជួយកាត់បន្ថយហានិភ័យនៃផលវិបាកដូចជា កំណកឈាម និងជំងឺខ្សោយបេះដូង។ ប្រសិនបើអ្នកសម្គាល់ឃើញរោគសញ្ញាទាំងនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ។
មូលហេតុ
សរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតី អាចមានតាំងពីកំណើត ឬកើតឡើងនៅពេលក្រោយ។ មូលហេតុអាចមកពី៖
- របួស៖ ជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុត ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយអចេតនា ដូចជារបួសដោយគ្រាប់កាំភ្លើង ឬការចាក់ដោយវត្ថុស្រួច ដែលធ្វើឱ្យខូចខាតដល់សរសៃឈាមអាកទែរ និងសរសៃវ៉ែនដែលនៅជិតគ្នា។
- ពីកំណើត៖ វិវត្តតាំងពីក្មេងនៅក្នុងផ្ទៃម្តាយ ដែលជំនួសឱ្យការតភ្ជាប់ធំមួយ វាច្រើនតែមានការតភ្ជាប់តូចៗជាច្រើន។ ខ្លះអាចបណ្តាលឱ្យស្លាប់ ប្រសិនបើវាកើតឡើងនៅក្នុងតំបន់គ្រោះថ្នាក់។
- ការលាងឈាម៖ ជាមូលហេតុញឹកញាប់សម្រាប់អ្នកជំងឺលាងឈាម។ ការធ្វើ fistula ជួយឱ្យសរសៃវ៉ែនរីកធំ និងក្រាស់ ដែលអាចដឹកនាំឈាមចេញចូលរាងកាយបានច្រើន និងអាចធន់នឹងម្ជុលលាងឈាមដែលមានសម្ពាធខ្ពស់។
- លក្ខខណ្ឌហ្សែន៖ បណ្តាលឱ្យមានសរសៃឈាមមិនធម្មតានៅទូទាំងរាងកាយ ជាពិសេសនៅក្នុងសួត (Pulmonary arteriovenous fistulas)។ ជំងឺ Osler-Weber-Rendu (ឬ Hereditary Hemorrhagic Telangiectasia) គឺជាជំងឺមួយក្នុងចំណោមជំងឺទាំងនោះ។
កត្តាហានិភ័យ
កត្តាបន្ថែមដែលអាចបង្កើនហានិភ័យរួមមាន៖
- អាយុ៖ កាន់តែច្រើន កាន់តែងាយប្រឈម
- ភេទ៖ ជួបប្រទះលើស្ត្រីច្រើនជាងបុរស
- នីតិវិធីវេជ្ជសាស្ត្រ៖ ការវះកាត់ ឬការប្រើបំពង់កាតេទែនៅក្រលៀន (ដូចជាការឆ្លុះបេះដូង)
- ថ្នាំសង្កូវ៖ ដូចជាថ្នាំពង្រាវឈាម និងថ្នាំបញ្ឈប់ការហូរឈាម
- លើសសម្ពាធឈាម
- សន្ទស្សន៍ម៉ាស់រាងកាយខ្ពស់ (BMI) ឬលើសទម្ងន់
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យជំនាញនឹងប្រើបំពង់ស្ដាប់ក្នុងអំឡុងពេលពិនិត្យរាងកាយ ដើម្បីស្វែងរកលំហូរឈាមមិនធម្មតានៅក្នុងដៃ និងជើង ដើម្បីកំណត់រកមើលសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតី។ តេស្តបន្ថែមផ្សេងៗទៀតត្រូវបានប្រើដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យឱ្យកាន់តែច្បាស់ រួមមាន៖
- Duplex ultrasound៖ ជាវិធីសាស្ត្រដែលអាចទុកចិត្តបានក្នុងការស្វែងរកសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតី នៅដៃ ឬជើង ដោយប្រើរលកសំឡេងដើម្បីវាយតម្លៃល្បឿននៃលំហូរឈាម
- Computerized tomography (CT) angiogram៖ ប្រសិនបើឈាមមិនបានហូរចូលទៅក្នុងសរសៃឈាមល្អិតឆ្មារ តេស្តរូបភាពវេជ្ជសាស្ត្រនេះអាចបង្ហាញឱ្យឃើញ។ ការធ្វើតេស្តនេះតម្រូវឱ្យមានការចាក់ពណ៍តាមសរសៃវ៉ែន។ សារធាតុនេះជួយឱ្យមើលឃើញផ្នែកខាងក្នុងរាងកាយកាន់តែច្បាស់ ដែលឈាមមិនបានហូរឆ្លងកាត់សរសៃឈាមល្អិតឆ្មារតាមធម្មតា
- Magnetic resonance angiography (MRA)៖ ប្រសិនបើអ្នកជំងឺមានរោគសញ្ញានៃសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីស្ថិតនៅស្រទាប់ជ្រៅក្រោមស្បែក តេស្តនេះអាចនឹងត្រូវយកមកប្រើ។ MRA មានលក្ខណៈស្រដៀងនឹង MRI ដែរ ដោយវាថតរូបភាពជាលិកាទន់ៗរបស់រាងកាយដោយប្រើមេដែក និងរលកវិទ្យុ។ ដើម្បីឱ្យសរសៃឈាមមើលឃើញកាន់តែច្បាស់នៅលើរូបភាព គេនឹងចាក់ពណ៌តាមសរសៃវ៉ែន
ការព្យាបាល
ប្រសិនបើសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីមានទំហំតូច និងមិនបណ្តាលឱ្យមានបញ្ហាសុខភាពផ្សេងទៀតទេ នោះគ្រាន់តែការតាមដានគឺគ្រប់គ្រាន់ហើយ។ មានករណីខ្លះដែលសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីកម្រិតតូច អាចជាសះស្បើយ ឬបិទទៅវិញដោយខ្លួនឯង ដោយមិនចាំបាច់មានការអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រឡើយ។
ប៉ុន្តែប្រសិនបើអ្នកជំងឺត្រូវការការព្យាបាល គ្រូពេទ្យជំនាញអាចនឹងណែនាំនូវវិធីសាស្ត្រដូចខាងក្រោម៖
- ការប្រើឧបករណ៍អេកូដើម្បីសង្កត់៖ អាចប្រើដើម្បីព្យាបាលសរសៃឈាមនិងសរសៃវ៉ែនភ្ជាប់គ្នាខុសប្រក្រតីនៅជើងដែលមើលឃើញច្បាស់តាមរយៈអេកូ។ ក្នុងអំឡុងពេលនេះ គេប្រើក្បាលម៉ាស៊ីនអេកូសង្កត់លើ fistula ប្រហែល ១០ នាទី។ ការសង្កត់នេះនឹងធ្វើឱ្យលំហូរឈាមទៅកាន់សរសៃឈាមដែលខូចខាតត្រូវកាត់ផ្ដាច់
- បច្ចេកទេសបិទសរសៃឈាមតាមបំពង់កាតេទែ៖ អ្នកជំងឺភាគច្រើនដែលប្រើវិធីនេះ សម្រាកនៅមន្ទីរពេទ្យតិចជាងមួយថ្ងៃដើម្បីតាមដាន ហើយអាចត្រឡប់ទៅធ្វើសកម្មភាពធម្មតាវិញក្នុងរយៈពេលមួយសប្តាហ៍។ ក្នុងនីតិវិធីនេះ បំពង់កាតេទែត្រូវបានបញ្ចូលទៅក្នុងសរសៃឈាមអាកទែរដែលនៅជិត fistula រួចគេដាក់ Coil ឬ Stent នៅទីតាំងនោះដើម្បីប្តូរទិសដៅលំហូរឈាម
- ការវះកាត់៖ ប្រសិនបើការប្រើបំពង់កាតេទែមិនមានប្រសិទ្ធភាពសម្រាប់ fistula កម្រិតធំ ការវះកាត់អាចជាការចាំបាច់។ ទីតាំង និងទំហំនឹងកំណត់ប្រភេទនៃការវះកាត់។ គ្រូពេទ្យជំនាញអាចជួសជុលសរសៃឈាមដែលរងផលប៉ះពាល់ ដោយការបំបែកសរសៃឈាមទាំងពីរចេញពីគ្នា ឬដោយការយកសរសៃឈាមពីផ្នែកផ្សេងនៃរាងកាយមកតភ្ជាប់ជំនួស
- ការព្យាបាលដោយវិទ្យុសកម្ម៖ ជួនកាលគេប្រើដើម្បីបិទ fistula ដែលមានស្រាប់។ កាំរស្មីត្រូវបានតម្រង់ទៅគោលដៅ fistula យ៉ាងច្បាស់លាស់ ដែលធ្វើឱ្យវាប្រែទៅជាជាលិកាស្លាកស្នាម ដើម្បីទប់ស្កាត់លំហូរឈាមកុំឱ្យឆ្លងកាត់វា
