ទិដ្ឋភាពទូទៅ

ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) គឺជាជំងឺដែលប៉ះពាល់ដល់សន្ទះបេះដូងរវាងសរសៃឈាមសំខាន់នៃរាងកាយ (Aorta) និងប្រអប់បេះដូងខាងឆ្វេងផ្នែកខាងក្រោម (Ventricle)។ សន្ទះបេះដូងអ័រទីក (Aorta) គ្រប់គ្រងលំហូរឈាមដោយធានាថាវាឆ្លងកាត់បេះដូងក្នុងទិសដៅត្រឹមត្រូវពី Ventricle ខាងឆ្វេងទៅអ័រទីក (Aorta)។ ជំងឺសន្ទះបេះដូងអ័រទីក អាចប៉ះពាល់ដល់លំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃបេះដូង និងរាងកាយ។

ប្រភេទនៃ ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) រួមមាន៖

  • ជំងឺសន្ទះបេះដូងអ័រទីកក្រិន (Aortic valve stenosis): សន្ទះបេះដូង Aortic មានសភាពក្រាស់និងរឹង ដែលបណ្តាលឱ្យមានការរួមតូចនៃការបើក ជាហេតុធ្វើឪ្យលំហូរឈាមដែរហូរទៅ​កាន់រាង្គកាយមានការធ្លាក់ចុះឬរារាំងទាំងស្រុង
  • ជំងឺ Aortic valve regurgitation: ឈាមហូរថយក្រោយចូលទៅក្នុង ventricle ខាងឆ្វេងដែលជាលទ្ធផលបណ្តាលមកពីសន្ទះបេះដូងអ័រទីក បិទមិនសាកសម

ជំងឺសន្ទះបេះដូងអ័រ​ទីក (Aortic valve disease) អាចមានតាំងពីកំណើត ឬអាចវិវត្តន៍ទៅតាមពេលវេលា ដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងៗ។ ការវះកាត់ និងការប្រើប្រាស់ថ្នាំគឺជាជម្រើសនៃការព្យាបាលសម្រាប់ជំងឺសន្ទះ​អ័រ​ទីក។

រោគសញ្ញាអ្នកជំងឺ​សន្ទះ​អ័រ​ទីក (Aortic valve disease) ជា​ចម្បង​មិនមាន​រោគ​សញ្ញា​ទេ ប៉ុន្តែ​យូរៗ​ទៅ​វិវត្ត​ទៅជា​ជំងឺ​ដូច​ខាងក្រោម៖

រោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រទីកក្រិន (Aortic valve stenosis) រួមមាន:

  • ឈឺទ្រូង ឬតឹងទ្រូង
  • អត្រាជីពចរលឿន
  • ដង្ហើមខ្លី
  • អស់កម្លាំង
  • ហើមកជើង
  • វិលមុខ ឬដួលសន្លប់
  • មានបញ្ហាជាមួយនឹងការឡើងទម្ងន់ (ចំពោះកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន)
  • មានបញ្ហាជាមួយនឹងការបំបៅ (ចំពោះកុមារដែលមានជំងឺសន្ទះបេះដូងអ័រទីកក្រិន)

រោគសញ្ញានៃជំងឺ Aortic regurgitation អាចរួមមានៈ

  • ឈឺទ្រូង ឬតឹងទ្រូង
  • ដង្ហើមខ្លី
  • ដួលសន្លប់ក្នុងពេលហាត់ប្រាណខ្លាំងពេក
  • ញ័រទ្រូង
  • វិលមុខ
  • ហើមកជើង

ប្រសិនបើអ្នកជំងឺមានសញ្ញា និងរោគសញ្ញានៃជំងឺសន្ទះបេះដូងអ័រ​ទីក (Aortic valve disease) ជាពិសេសការឈឺទ្រូងស្រួចស្រាលនោះចាំបាច់ត្រូវការ ការព្យាបាលបែបសង្គ្រោះបន្ទាន់។ បើមិនដូច្នេះទេ ប្រសិនបើអ្នកជួបប្រទះនឹងការដកដង្ហើមខ្លី ហត់នឿយអំឡុងពេលហាត់ប្រាណ ឬមានអារម្មណ៍ថាបេះដូងលោតញាប់ ឬចង្វាក់បេះដូងលោតខុសចង្វាក់ សូមណាត់ជួបគ្រូពេទ្យជំនាញ។

មូលហេតុ

ជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) ក៏អាចវិវឌ្ឍទៅតាមអាយុអ្នកដោយសារហេតុផលដូចខាងក្រោម:

  • ពិការភាពបេះដូងពីកំណើត: ពិការភាពនៃរចនាសម្ព័ន្ធនៃបេះដូងដែលមានតាំងពីកំណើត
  • ការផ្លាស់ប្តូរនៃបេះដូងទៅតាមអាយុ: នៅពេលដែលអាយុកាន់តែច្រើន សន្ទះកាន់តែក្រាស់និងបាត់បង់ភាពបត់បែន
  • ការ​ឆ្លង​មេរោគនៅ​ក្នុង​សន្ទះ​បេះដូង ដែល​ហៅ​ម្យ៉ាង​ទៀត​ថា​ជំងឺ​រលាក​ស្រោម​បេះដូង​ពីការឆ្លងមេរោគ
  • សម្ពាធ​ឈាម​ខ្ពស់
  • របួសដល់បេះដូង

កត្តាហានិភ័យ

កត្តាហានិភ័យនៃជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease) រួមមាន:

  • អាយុ: នៅពេលដែរកាន់តែចាស់ទៅ កាល់ស្យូមនិងទៅកកកុញទៅនិងសន្ទះបេះដូងអ័រទីក ដែរជាហេតុបណ្តារឪ្យសន្ទះបេះដូងអ័រទីកមានភាពរឹងនិងតូចជាងមុន
  • ពិការភាពពីកំណើត: ពិការភាពបេះដូងពីកំណើត អ្នកជំងឺដែលមានពិការភាពបេះដូងពីកំណើតមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក (Aortic valve disease)
  • បញ្ហាបេះដូង: ការរឆ្លងមេរោគនៃជាលិកាប្រអប់បេះដូងនិងសន្ទះបេះដូង (រលាកស្រទាប់បេះដូង) អាចបណ្តារឪ្យសន្ទះបេះដូងអ័រទីកខូចខាតបាន
  • ជំងឺគ្រុន Rheumatic: ជំងឺស្ទះសរសៃឈាមអាកទែ ដែលជាទម្រង់នៃជំងឺសន្ទះបេះដូងអ័រទីក អាចបណ្តាលមកពីផលវិបាកនៃជំងឺរលាកបំពង់ក (strep throat)។ ជំងឺបេះដូង Rheumatic គឺជាពាក្យវេជ្ជសាស្រ្តសម្រាប់ការខូចខាតសន្ទះបិទបើកបេះដូងដែលកើតឡើងដោយជំងឺគ្រុនក្តៅ។
  • ប្រវត្តិនៃការព្យាបាលដោយវិទ្យុសកម្មនៅលើទ្រូង: អ្នកជំងឺដែលមានប្រវត្តិព្យាបាលដោយវិទ្យុសកម្ម មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក
  • ភាពខុសប្រក្រតីនៃជាលិកាបេះដូង: រោគសញ្ញា Marfan ភាពខុសប្រក្រតីនៃជាលិកាដែរពាក់ព័ន្ធអាចបង្កើនហានិភ័យ ឬជាជំងឺសន្ទះបេះដូងអ័រទីក
  • ជំងឺតម្រងនោមរ៉ាំរ៉ៃ: អ្នកជំងឺដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺសន្ទះបេះដូងអ័រទីក

ការធ្វើរោគវិនិច្ឆ័យ

ការធ្វើរោគវិនិច្ឆ័យសម្រាប់ជំងឺសន្ទះបេះដូងអ័រទីកទាំងពីរប្រភេទគឺដូចគ្នា។ ជាទូទៅ គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ សាកសួរអំពីសញ្ញា និងរោគសញ្ញា ព្រមទាំងប្រវត្តិវេជ្ជសាស្ត្រ ដើម្បីកំណត់ថា តើអ្នកជំងឺមានជំងឺសន្ទះបេះដូងអ័រទីកដែរឬទេ

ប្រសិនបើក្នុងអំឡុងពេលពិនិត្យ គ្រូពេទ្យជំនាញបានឮសម្លេងខ្សឹបនៃបេះដូង (Heart murmur – សម្លេងខុសប្រក្រតីនៃលំហូរឈាមក្នុងបេះដូង) អ្នកជំងឺនឹងត្រូវបានបញ្ជូនទៅជួបគ្រូពេទ្យឯកទេសបេះដូង

ជំងឺសន្ទះបេះដូងអ័រទីកអាចត្រូវបានរកឃើញតាមរយៈការធ្វើតេស្តមួយចំនួន រួមមាន៖

  • ការថតអេកូបេះដូង: ជាប្រភេទអេកូដែលពិនិត្យមើលសន្ទះបេះដូងអ័រទីក និងសរសៃឈាមអាអកឱ្យកាន់តែជិត ដើម្បីកំណត់កម្រិតធ្ងន់ធ្ងរនៃជំងឺ
  • ការវាស់ចង្វាក់បេះដូង ECG ឬ EKG: នីតិវិធីនេះកត់ត្រាសកម្មភាពអគ្គិសនីរបស់បេះដូង។ គ្រូពេទ្យនឹងដាក់ឧបករណ៍ចាប់សញ្ញា Electrodes នៅលើទ្រូង កដៃ និងជើង រួចភ្ជាប់ទៅកាន់ម៉ូនីទ័រដើម្បីបង្ហាញចង្វាក់បេះដូង
  • ការថតកាំរស្មីអ៊ិចទ្រូង: ជាការថតរូបភាពបេះដូង និងសួត។ លទ្ធផលតេស្តជួយឱ្យគ្រូពេទ្យកំណត់ថាតើបេះដូងរីកធំដែរឬទេ ដែលវាអាចជាសញ្ញានៃជំងឺសន្ទះបេះដូង ឬការខ្សោយបេះដូង
  • ការថត MRI បេះដូង: បង្កើតរូបភាពបេះដូងយ៉ាងច្បាស់លាស់ដោយប្រើដែនម៉ាញេទិក និងរលកវិទ្យុ ដើម្បីវាយតម្លៃកម្រិតនៃជំងឺសន្ទះបេះដូង និងទំហំសរសៃឈាមអាអក
  • ការថត CT scan បេះដូង: ប្រើកាំរស្មីអ៊ិចដើម្បីបង្កើតរូបភាពលម្អិតនៃបេះដូង និងសន្ទះបេះដូង ដែលជួយពិនិត្យសរសៃឈាមអាអកឱ្យកាន់តែច្បាស់។ វាអាចវាយតម្លៃកម្រិតកាល់ស្យូមនៅសន្ទះបេះដូង កម្រិតរួមតូចនៃសន្ទះបេះដូង និងទំហំសរសៃឈាមអាអក
  • ការធ្វើតេស្តពេលហាត់ប្រាណ (Exercise or Stress tests): ជាការវាស់ចង្វាក់បេះដូង ឬធ្វើអេកូ ខណៈពេលអ្នកជំងឺដើរលើម៉ាស៊ីនដើរ ឬជិះកង់ហាត់ប្រាណ។ វាជួយឱ្យដឹងថា តើបេះដូងឆ្លើយតបយ៉ាងណាចំពោះការបញ្ចេញកម្លាំង និងថាតើការហាត់ប្រាណបង្កឱ្យមានរោគសញ្ញាដែរឬទេ
  • ការសុងបេះដូង (Cardiac catheterization): ការបញ្ចូលបំពង់តូចស្ដើង (Catheter) តាមសរសៃឈាម (ជាទូទៅនៅដៃ ឬក្រលៀន) ទៅកាន់បេះដូង។ វិធីនេះផ្ដល់ព័ត៌មានលម្អិតអំពីលំហូរឈាម និងមុខងារបេះដូង ហើយក៏អាចប្រើសម្រាប់ការព្យាបាលបេះដូងមួយចំនួនផងដែរ

ការបែងចែកដំណាក់កាល

បន្ទាប់ពីការធ្វើតេស្តបានបញ្ជាក់ពីរោគវិនិច្ឆ័យ គ្រូពេទ្យនឹងកំណត់ដំណាក់កាលនៃជំងឺ។ ការបែងចែកដំណាក់កាលជួយឱ្យគ្រូពេទ្យជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របបំផុត

ដំណាក់កាលចម្បងទាំង ៤ នៃជំងឺសន្ទះបេះដូងមានដូចខាងក្រោម៖

  • ដំណាក់កាល A: អ្នកជំងឺស្ថិតក្នុងហានិភ័យនៃជំងឺសន្ទះបេះដូង។ ចាត់ថ្នាក់ជា “ស្ថិតក្នុងហានិភ័យ”
  • ដំណាក់កាល B: ជំងឺសន្ទះបេះដូងកម្រិតស្រាល ឬមធ្យម។ មិនទាន់មានរោគសញ្ញាឡើយ។ ចាត់ថ្នាក់ជា “កំពុងវិវត្ត”
  • ដំណាក់កាល C: ទោះបីជាគ្មានរោគសញ្ញា ប៉ុន្តែស្ថានភាពជំងឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ ចាត់ថ្នាក់ជា “ធ្ងន់ធ្ងរតែគ្មានរោគសញ្ញា”
  • ដំណាក់កាល D: ជំងឺសន្ទះបេះដូងបង្ហាញសញ្ញា និងរោគសញ្ញាច្បាស់លាស់ក្នុងកម្រិតធ្ងន់ធ្ងរ។ ចាត់ថ្នាក់ជា “ធ្ងន់ធ្ងរ និងមានរោគសញ្ញា”

ការព្យាបាល

ការព្យាបាលជំងឺសន្ទះបេះដូងអ័រទីក រួមមានការតាមដានសុខភាព ការផ្លាស់ប្តូររបបអាហារ ការប្រើប្រាស់ថ្នាំ ការវះកាត់ និងនីតិវិធីវេជ្ជសាស្ត្រផ្សេងៗទៀត។ អ្នកដែលមានជំងឺនេះ គួរតែទទួលបានការពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យឯកទេសបេះដូង។ ការព្យាបាលនឹងអាស្រ័យទៅលើកម្រិតធ្ងន់ធ្ងរ ដំណាក់កាលនៃជំងឺ រោគសញ្ញា និងស្ថានភាពទូទៅរបស់អ្នកជំងឺ

ការប្រើប្រាស់ថ្នាំ

គ្រូពេទ្យឯកទេសអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំ ប្រសិនបើជំងឺសន្ទះបេះដូងអ័រទីកស្ថិតក្នុងកម្រិតស្រាលទៅមធ្យម ឬមិនទាន់មានរោគសញ្ញា។ ការពិនិត្យសុខភាពឱ្យបានទៀងទាត់គឺជារឿងចាំបាច់ ដើម្បីតាមដានជំងឺឱ្យបានដិតដល់។ ថ្នាំត្រូវបានប្រើដើម្បីព្យាបាលរោគសញ្ញាដែលបង្កដោយជំងឺនេះ ដូចជាការគ្រប់គ្រងសម្ពាធឈាម ការបង្ការចង្វាក់បេះដូងមិនទៀងទាត់ ការបញ្ចេញជាតិទឹកដែលលើសចេញពីរាងកាយ (ដែលវាអាចធ្វើឱ្យបេះដូងធ្វើការធ្ងន់) ឬដើម្បីបង្ការផលវិបាកផ្សេងៗទៀត

ការវះកាត់

ស្ថានភាពសន្ទះបេះដូងអ័រទីក អាចនឹងទាមទារការជ្រៀតជ្រែកដោយការវះកាត់ ឬការប្រើបំពង់សុង (Catheter) ដើម្បីជួសជុល ឬផ្លាស់ប្តូរ ទោះបីជាមានរោគសញ្ញាឬមិនមានក៏ដោយ។ ការវះកាត់សន្ទះបេះដូងអ័រទីក ច្រើនតែធ្វើឡើងតាមរយៈការវះកាត់បើកទ្រូង។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ករណីខ្លះ វិធីសាស្ត្រប្រើបំពង់បូម ឬការវះកាត់បេះដូងដែលមានការប៉ះទង្គិចតិចតួច (Minimally invasive) ដែលប្រើមុខរបួសតូចជាងការវះកាត់បើកទ្រូង អាចត្រូវបានប្រើដើម្បីផ្លាស់ប្តូរសន្ទះបេះដូង។ ការពិភាក្សាជាមួយគ្រូពេទ្យឯកទេសអំពីហានិភ័យ និងអត្ថប្រយោជន៍នៃនីតិវិធីនីមួយៗ នឹងជួយឱ្យអ្នកជំងឺជ្រើសរើសជម្រើសដ៏ល្អបំផុត

  • ការជួសជុលសន្ទះបេះដូងអ័រទីក: ជាទូទៅត្រូវធ្វើឡើងតាមរយៈការវះកាត់បើកទ្រូង ដើម្បីកែទម្រង់ និងមុខងារនៃសន្ទះបេះដូងឡើងវិញ។ ទោះយ៉ាងណា ការវះកាត់ដែលមានការប៉ះទង្គិចតិចតួចក៏ជាជម្រើសមួយដែរ។ បច្ចេកទេសដែលមានការប៉ះទង្គិចតិចបំផុតហៅថា Balloon valvuloplasty អាចត្រូវបានប្រើចំពោះទារក និងកុមារដែលមានបញ្ហារួមតូចសន្ទះបេះដូង ដើម្បីបើកសន្ទះបេះដូងដែលស្ទះនោះ។ គ្រូពេទ្យនឹងបញ្ចូលបាល់ឡុង រួចបំប៉ោងវាដើម្បីពង្រីកមាត់សន្ទះបេះដូង បន្ទាប់មកបញ្ចេញខ្យល់វិញ និងដកវាចេញ។ មនុស្សពេញវ័យដែលឈឺធ្ងន់ធ្ងរពេកមិនអាចវះកាត់បាន ឬអ្នកដែលកំពុងរង់ចាំការប្តូរសន្ទះបេះដូង ក៏អាចទទួលការជួសជុលតាមបច្ចេកទេសបាល់ឡុងនេះដែរ
  • ការប្តូរសន្ទះបេះដូងអ័រទីក: ជាធម្មតាត្រូវបានធ្វើឡើងតាមរយៈការវះកាត់បើកទ្រូង ដើម្បីយកសន្ទះបេះដូងដែលខូចចេញ និងជំនួសមកវិញនូវសន្ទះបេះដូងថ្មី ដែលអាចជាសន្ទះបេះដូងសិប្បនិម្មិត ឬសន្ទះបេះដូងជាលិកាសត្វ (Biological valve)។ ក្នុងករណីខ្លះ នីតិវិធី Ross procedure ត្រូវបានប្រើដោយការយកសន្ទះបេះដូងអ័រទីកដែលខូចចេញ និងជំនួសវិញដោយសន្ទះបេះដូងសួត (Pulmonary valve) របស់អ្នកជំងឺផ្ទាល់
  • ការប្តូរសន្ទះបេះដូងតាមរយៈបំពង់សុង (TAVR): គឺជាការវះកាត់ដែលមានការប៉ះទង្គិចតិចតួចបំផុត ដោយប្រើបំពង់សុងដើម្បីដាក់ជំនួសសន្ទះបេះដូងអ័រទីកដែលរួមតូច ជាមួយនឹងសន្ទះបេះដូងជាលិកាជីវសាស្ត្រ។ បើប្រៀបធៀបទៅនឹងការវះកាត់បើកទ្រូង TAVR ប្រើមុខរបួសតូចជាង។ សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ចំពោះផលវិបាកក្រោយការវះកាត់បេះដូង TAVR អាចជាជម្រើសដ៏ប្រសើរជាង

គ្រូពេទ្យឯកទេសនឹងពិភាក្សាអំពីជម្រើសព្យាបាលទាំងអស់ រួមទាំងហានិភ័យ និងអត្ថប្រយោជន៍នៃប្រភេទសន្ទះបេះដូង និងនីតិវិធីនីមួយៗ ដើម្បីជ្រើសរើសការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នក

Doctors who treat this condition