
ទិដ្ឋភាពទូទៅ
ការដាច់សរសៃឈាមអាអក កើតឡើងនៅពេលដែលស្រទាប់ខាងក្នុង និង/ឬស្រទាប់កណ្តាលនៃសរសៃឈាមអាអកត្រូវបានរហែក ឬដាច់ដែលបណ្តាលឱ្យឈាមហូរចូលទៅក្នុងចន្លោះនោះ។ ទោះបីជាជំងឺនេះកម្រកើតមានក៏ដោយ ប៉ុន្តែវាអាចបណ្តាលឱ្យស្លាប់បាន ជាពិសេសក្នុងករណីមានការលេចធ្លាយឈាមចេញពីសរសៃឈាមធំ។ អត្រាមរណៈនៃជំងឺបេះដូងនេះអាចកាត់បន្ថយបានតាមរយៈការរកឃើញឱ្យបានឆាប់ និងការព្យាបាលត្រឹមត្រូវ ប៉ុន្តែការធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូងមានការពិបាក ដោយសាររោគសញ្ញារបស់វាស្រដៀងទៅនឹងជំងឺដទៃទៀត។ ការដាច់សរសៃឈាមអាអកច្រើនតែជួបប្រទះលើបុរសដែលមានអាយុចន្លោះពី ៦០ ទៅ ៧០ ឆ្នាំ។ ជម្រើសនៃការព្យាបាលជាទូទៅរួមមាន ការប្រើប្រាស់ថ្នាំ និងការវះកាត់
រោគសញ្ញា
ការដាច់សរសៃឈាមអាអកច្រើនតែបង្កឱ្យមានរោគសញ្ញាស្រដៀងទៅនឹងការគាំងបេះដូងដែរ។ រោគសញ្ញាអាចមានដូចជា៖
- ឈឺទ្រូង ឬខ្នងផ្នែកខាងលើខ្លាំងភ្លាមៗ និងរាលដាលដល់ក ឬខ្នង អមដោយអារម្មណ៍ដូចជាមានអ្វីម្យ៉ាងកំពុងរហែកខ្លាំង
- ឈឺពោះខ្លាំងភ្លាមៗ
- សន្លប់ ឬបាត់បង់ស្មារតី
- ដកដង្ហើមហត់ខ្លាំង
- ស្ថានភាពដូចជាដាច់សរសៃឈាមខួរក្បាលដូចជា ស្រវាំងភ្នែកភ្លាមៗ ពិបាកនិយាយ និងទន់កម្លាំង ឬមិនអាចធ្វើចលនាបានមួយចំហៀងខ្លួន
- កម្រិតជីពចរខុសគ្នារវាងដៃទាំងសងខាង ឬភ្លៅទាំងសងខាង
- ឈឺចាប់នៅជើង
- ដើរមិននឹងនរ
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម សូមស្វែងរកការសង្គ្រោះបន្ទាន់ភ្លាមៗ៖
- ឈឺទ្រូងខ្លាំង ឬភ្លាមៗ
- ពិបាកដកដង្ហើម
- បាត់បង់ស្មារតី
- បេះដូងលោតញាប់ខ្លាំង
- អស់កម្លាំង ល្ហិតល្ហៃខ្លាំង
មូលហេតុ
នៅពេលដែលជញ្ជាំងសរសៃឈាមអាអកចុះខ្សោយ ការដាច់រហែកអាចកើតមានឡើង។ ការដាច់សរសៃឈាមអាអកត្រូវបានបែងចែកជាពីរប្រភេទ អាស្រ័យលើតំបន់ដែលរងផលប៉ះពាល់៖
- ការដាច់សរសៃឈាមអាអក ប្រភេទ A: ជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិតខ្លាំងបំផុត។ វាប៉ះពាល់ដល់ផ្នែកនៃសរសៃឈាមអាអកដែលចេញពីបេះដូង។ វាក៏អាចកើតឡើងនៅផ្នែកខាងលើនៃសរសៃឈាមអាអក និងអាចរាលដាលដល់តំបន់ពោះ
- ការដាច់សរសៃឈាមអាអក ប្រភេទ B: ប្រភេទនេះមិនសូវជួបប្រទះញឹកញាប់ដូចប្រភេទ A ទេ ដែលតំបន់រងផលប៉ះពាល់ស្ថិតនៅក្នុងសរសៃឈាមអាអកផ្នែកខាងក្រោម។ របួសនេះក៏អាចរាលដាលដល់តំបន់ពោះផងដែរ
កត្តាហានិភ័យ
អ្នកអាចប្រឈមនឹងហានិភ័យ ប្រសិនបើអ្នកមានកត្តាដូចខាងក្រោម៖
- លើសឈាម: ការមានសម្ពាធឈាមខ្ពស់ក្នុងរយៈពេលយូរ
- ជំងឺសរសៃឈាមរឹង: កើតឡើងដោយសារសរសៃឈាមអាកទែរួមតូច
- ជំងឺរីកប៉ោងសរសៃឈាមអាអក: បណ្តាលមកពីជញ្ជាំងសរសៃឈាមហើម និងចុះខ្សោយ
- ភាពខុសធម្មតានៃវ៉ាល់បេះដូង: កើតឡើងនៅពេលមានភាពមិនប្រក្រតីនៃវ៉ាល់អាអក
- ការរួមតូចនៃសរសៃឈាមអាអក: ជំងឺបេះដូងពីកំណើតដែលសរសៃឈាមអាអករួមតូច
កត្តាតំណពូជដែលបង្កើនហានិភ័យ៖
- រោគសញ្ញា Turner: អាចបង្កឱ្យលើសសម្ពាធឈាម និងជំងឺបេះដូងដទៃទៀត
- រោគសញ្ញា Marfan: បណ្តាលមកពីជាលិកាតភ្ជាប់ចុះខ្សោយ ច្រើនតែកើតលើអ្នកដែលមានប្រវត្តិគ្រួសារធ្លាប់រីកប៉ោង ឬដាច់សរសៃឈាមអាអក
- រោគសញ្ញា Ehlers-Danlos និង Loeys-Dietz: ជំងឺទាក់ទងនឹងជាលិកាតភ្ជាប់ ដែលធ្វើឱ្យសរសៃឈាមចុះខ្សោយ និងវៀចវេរ
កត្តាផ្សេងៗទៀត៖
- ភេទ និងអាយុ: កើតលើបុរសច្រើនជាងស្ត្រី និងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំ
- ការប្រើប្រាស់គ្រឿងញៀន: ការប្រើប្រាស់កូកាអ៊ីនដែលបណ្តាលឱ្យលើសឈាមបណ្តោះអាសន្ន
- ការមានផ្ទៃពោះ: ទោះបីជាកម្រ ប៉ុន្តែការមានផ្ទៃពោះអាចបង្កឱ្យស្ត្រីដែលគ្មានជំងឺសោះអាចកើតការដាច់សរសៃឈាមអាអក
- ការលើកទម្ងន់ធ្ងន់ខ្លាំង: សកម្មភាពនេះបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ដែលអាចបង្កឱ្យមានការដាច់រហែក
ការធ្វើរោគវិនិច្ឆ័យ
ដោយសាររោគសញ្ញារបស់វាស្រដៀងទៅនឹងបញ្ហាសុខភាពដទៃទៀត វាអាចមានការលំបាកក្នុងការរកឃើញការដាច់សរសៃឈាមអាអក។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាដូចខាងក្រោមនេះគឺជាសូចនាករដែលអាចសម្គាល់បាននៃជំងឺនេះ៖
- ការឈឺទ្រូងដែលកើតឡើងភ្លាមៗ អមដោយអារម្មណ៍ដូចជាមានអ្វីម្យ៉ាងកំពុងរហែកខ្លាំង
- កម្រិតសម្ពាធឈាមខុសគ្នារវាងដៃខាងស្តាំ និងដៃខាងឆ្វេង
- ការរកឃើញការរីកធំនៃសរសៃឈាមអាអក តាមរយៈការថតកាំរស្មីអ៊ិចទ្រូង
ការដាច់សរសៃឈាមអាអកអាចត្រូវបានធ្វើរោគវិនិច្ឆ័យតាមវិធីសាស្ត្រជាច្រើន រួមមាន៖
- ការថតអេកូបេះដូងតាមបំពង់អាហារ (TEE): ការថតអេកូនេះប្រើប្រាស់ក្បាលម៉ាស៊ីន Transducer បញ្ចូលតាមបំពង់អាហារទៅជិតបេះដូង ដើម្បីបង្កើតរូបភាពលម្អិត និងច្បាស់លាស់នៃសរសៃឈាមអាអក ខណៈពេលដែលវាបញ្ចេញចលនា ដោយប្រើរលកសំឡេង
- ការថត CT Scan: ក្នុងនីតិវិធីនេះ ទ្រូងត្រូវបានស្កែនដោយកាំរស្មីអ៊ិច ដើម្បីឱ្យគ្រូពេទ្យមើលឃើញរូបភាពកាត់ទទឹងនៃរាងកាយ និងធ្វើរោគវិនិច្ឆ័យការដាច់សរសៃឈាមអាអក
- ការថត MRA: តេស្តនេះបង្ហាញរូបភាពនៃសរសៃឈាមដោយប្រើដែនម៉ាញេទិក និងរលកវិទ្យុ
ការព្យាបាល
ការដាច់សរសៃឈាមអាអក គឺជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារការព្យាបាលជាបន្ទាន់។ វាអាចត្រូវបានព្យាបាលដោយការវះកាត់ ឬការប្រើប្រាស់ថ្នាំ។ ជម្រើសដ៏ល្អបំផុតនឹងត្រូវបានជ្រើសរើសដោយក្រុមគ្រូពេទ្យ ផ្អែកលើផ្នែកណានៃសរសៃឈាមអាអកដែលរងផលប៉ះពាល់
ការដាច់សរសៃឈាមអាអក ប្រភេទ A
អាចត្រូវបានព្យាបាលតាមវិធីដូចខាងក្រោម៖
- ការវះកាត់: គោលបំណងគឺដើម្បីយកផ្នែកដែលរងផលប៉ះពាល់នៃសរសៃឈាមអាអកចេញឱ្យអស់តាមដែលអាចធ្វើទៅបាន និងជួសជុលការលេចធ្លាយឈាមក្នុងជញ្ជាំងសរសៃឈាមអាអកដោយប្រើបំពង់ពិសេស (Graft)។ បំពង់នេះក៏អាចប្រើដើម្បីជំនួសវ៉ាល់អាអកដែលខូចជាមួយនឹងវ៉ាល់ថ្មីក្នុងអំឡុងពេលវះកាត់ផងដែរ
- ការប្រើប្រាស់ថ្នាំ: គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាថ្នាំដើម្បីធ្វើឱ្យសម្ពាធឈាមមានស្ថិរភាពមុនពេលវះកាត់ ឬដើម្បីពន្យឺតការវិវត្តនៃការដាច់សរសៃឈាមអាអក ដោយសារថ្នាំជួយកាត់បន្ថយចង្វាក់បេះដូង និងបង្ការការឡើងសម្ពាធឈាមខ្ពស់
ការដាច់សរសៃឈាមអាអក ប្រភេទ B
អាចត្រូវបានព្យាបាលតាមវិធីដូចខាងក្រោម៖
- ការវះកាត់: នីតិវិធីវះកាត់ដើម្បីព្យាបាលប្រភេទ A និង B គឺមានភាពស្រដៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រភេទ B គ្រូពេទ្យក៏អាចប្រើបំពង់សំណាញ់ (Stent-graft) ដើម្បីជួសជុលសរសៃឈាមអាអកដែលខូចក្នុងស្ថានភាពដាច់រហែកដែលស្មុគស្មាញ
- ការប្រើប្រាស់ថ្នាំ: ទាំងប្រភេទ A និង B អាចត្រូវបានព្យាបាលដោយថ្នាំដូចគ្នា។ ប៉ុន្តែសម្រាប់ប្រភេទ B ការវះកាត់អាចនឹងមិនចាំបាច់ក្នុងករណីខ្លះ
- ការតាមដាន: សម្រាប់ប្រភេទទាំងពីរ គ្រូពេទ្យអាចតម្រូវឱ្យអ្នកគ្រប់គ្រងសម្ពាធឈាម ក៏ដូចជាការថត CT scan ឬ MRI ជាប្រចាំ ដើម្បីតាមដានស្ថានភាពរបស់អ្នក
