
ទិដ្ឋភាពទូទៅ
ជំងឺរីកប៉ោងសរសៃឈាមអាអក គឺជាការរីកប៉ោងនៅត្រង់ជញ្ជាំងនៃសរសៃឈាមអាអក (Aorta)។ សរសៃឈាមអាអកមានតួនាទីដឹកនាំឈាមពីបេះដូងទៅកាន់រាងកាយ។ ជំងឺរីកប៉ោងសរសៃឈាមអាអកអាចកើតឡើងនៅកន្លែងណាមួយនៃសរសៃឈាមអាអក ហើយវាអាចមានសណ្ឋានជាដុំមូល (Saccular) ឬជារាងបំពង់ (Fusiform)
ការចុះខ្សោយនៃជញ្ជាំងសរសៃឈាមអាអក នាំឱ្យមានការវិវត្តនៃជំងឺរីកប៉ោងសរសៃឈាមអាអក។ ការរីកប៉ោងដូចប៉េងប៉ោងកើតឡើងនៅត្រង់កន្លែងដែលខ្សោយនៃសរសៃឈាមអាអក ដោយសារសម្ពាធឈាមដែលចរាចរតាមសរសៃឈាមអាកទែ។ ការដាច់រហែកស្រទាប់ខាងក្នុងនៃជញ្ជាំងសរសៃឈាមអាអក (Aortic dissection) ងាយនឹងកើតមានណាស់ ប្រសិនបើមានជំងឺរីកប៉ោងសរសៃឈាមអាអក។ វាអាចនឹងប្រេះ ឬធ្លាយ ដែលបណ្តាលឱ្យមានការហូរឈាមក្នុងខ្លួនធ្ងន់ធ្ងររហូតដល់ស្លាប់ ឬរារាំងលំហូរឈាមពីបេះដូងទៅកាន់សរីរាង្គផ្សេងៗ
ប្រភេទផ្សេងៗនៃជំងឺរីកប៉ោងសរសៃឈាមអាអក រួមមាន៖
- ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងពោះ: កើតឡើងនៅក្នុងផ្នែកនៃសរសៃឈាមអាអកដែលឆ្លងកាត់តំបន់ពោះ
- ជំងឺរីកប៉ោងសរសៃឈាមអាអកក្នុងទ្រូង: កើតឡើងនៅក្នុងផ្នែកនៃសរសៃឈាមអាអកដែលឆ្លងកាត់តំបន់ទ្រូង
ក្នុងករណីខ្លះ មានអ្នកជំងឺដែលអាចកើតមានជំងឺរីកប៉ោងសរសៃឈាមអាអកទាំងពីរប្រភេទនេះក្នុងពេលតែមួយ
រោគសញ្ញា
មនុស្សជាច្រើនដែលមានជំងឺរីកប៉ោងសរសៃឈាមអាអក មិនបានដឹងខ្លួនថាមានជំងឺនេះទេ ហើយជាទូទៅវាមិនត្រូវបានគេចាប់អារម្មណ៍ឡើយ រហូតទាល់តែវាធ្លាយ (បែក)។ នៅពេលដែលការរីកប៉ោងនោះធ្លាយ វាគឺជាស្ថានភាពសង្គ្រោះបន្ទាន់ដែលទាមទារការយកចិត្តទុកដាក់ភ្លាមៗ
ខាងក្រោមនេះគឺជាសញ្ញា និងរោគសញ្ញាភ្លាមៗនៃការធ្លាយសរសៃឈាមប៉ោង៖
- ឈឺទ្រូងខ្លាំងជាប់ជានិច្ច
- ឈឺពោះ ឬឈឺខ្នង
- វិលមុខ
- បេះដូងលោតញាប់
ការរកឃើញជំងឺរីកប៉ោងសរសៃឈាមអាអកបានឆាប់រហ័សមុនពេលវាធ្លាយ បង្កើនឱកាសនៃការរស់រានមានជីវិត។ អ្នកជំងឺអាចជួបប្រទះសញ្ញានៃការរីកធំនៃសរសៃឈាមអាអក ដូចជា៖
- ហត់ ឬពិបាកដកដង្ហើម
- ពិបាកលេបអាហារ
- ឈឺនៅត្រង់ក ខ្នង ទ្រូង ឬពោះ
- ហើមដៃ ក ឬផ្ទៃមុខ
មូលហេតុ
ជំងឺរីកប៉ោងសរសៃឈាមអាអក អាចបណ្តាលមកពីកត្តាដូចខាងក្រោម៖
- ជំងឺសរសៃឈាមរឹង
- ការរលាកសរសៃឈាមអាកទែ
- កត្តាតំណពូជ ដូចជា រោគសញ្ញា Marfan និងរោគសញ្ញា Ehlers-Danlos
- របួសពីការប៉ះទង្គិចខ្លាំង
- ការឆ្លងមេរោគ ដូចជា ជំងឺស្វាយ
កត្តាហានិភ័យ
ឱកាសនៃការកើតជំងឺរីកប៉ោងសរសៃឈាមអាអក អាចអាស្រ័យលើទាំងប្រវត្តិគ្រួសារ និងរបៀបរស់នៅ។ កត្តាហានិភ័យទូទៅបំផុតរួមមាន៖
- អាយុ៖ ចាប់ពី ៦៥ ឆ្នាំឡើងទៅ
- ភេទ៖ កើតមានញឹកញាប់លើបុរស
- ប្រវត្តិគ្រួសារ៖ ប្រសិនបើសមាជិកគ្រួសារមានប្រវត្តិធ្លាប់កើតជំងឺរីកប៉ោងសរសៃឈាមអាអក
- សម្ពាធឈាមខ្ពស់
- ការជក់បារី
ការធ្វើរោគវិនិច្ឆ័យ
ជាទូទៅ ជំងឺរីកប៉ោងសរសៃឈាមអាអកត្រូវបានរកឃើញក្នុងអំឡុងពេលពិនិត្យសុខភាពទូទៅ ដោយសារករណីភាគច្រើនវាមិនបង្ហាញរោគសញ្ញាឡើយ។ គ្រូពេទ្យនឹងណែនាំឱ្យធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាសង្ស័យ ឬស្ថិតក្នុងក្រុមអ្នកដែលមានហានិភ័យខ្ពស់
ការពិនិត្យរូបភាពវេជ្ជសាស្ត្រខាងក្រោមអាចជួយក្នុងការធ្វើរោគវិនិច្ឆ័យ៖
- ការថត CT Scan: ជានីតិវិធីដែលមិនបង្កការឈឺចាប់ ដោយប្រើកាំរស្មីអ៊ិចដើម្បីបង្កើតរូបភាពកាត់ទទឹងនៃរចនាសម្ព័ន្ធរាងកាយ និងរូបភាពច្បាស់លាស់នៃសរសៃឈាម ដែលជួយក្នុងការកំណត់ទំហំ និងរូបរាងនៃការរីកប៉ោង។ ក្នុងអំឡុងពេលថត អ្នកជំងឺត្រូវគេងនៅលើគ្រែដែលរុញចូលទៅក្នុងម៉ាស៊ីនស្កែន។ គ្រូពេទ្យក៏អាចចាក់ពណ៌ទៅក្នុងសរសៃឈាម ដើម្បីឱ្យសរសៃឈាមបង្ហាញរូបភាពកាន់តែច្បាស់
- ការថត MRI Angiogram: ជាបច្ចេកទេសធ្វើរោគវិនិច្ឆ័យដែលប្រើរូបភាពដើម្បីបង្ហាញពីរបៀបដែលឈាមហូរឆ្លងកាត់បេះដូង ឬសរសៃឈាមរបស់អ្នក
- ការពិនិត្យអេកូ: ប្រើរលកសំឡេងដើម្បីបង្កើតរូបភាពជាក់ស្តែងនៃសរីរាង្គខាងក្នុង រួមទាំងសរសៃឈាមផងដែរ។ អ្នកបច្ចេកទេសនឹងដាក់សម្ពាធតិចៗលើក្បាលម៉ាស៊ីនអេកូនៅលើតំបន់រាងកាយដែលត្រូវពិនិត្យ
ការព្យាបាល
គ្រូពេទ្យចាំបាច់ត្រូវតាមដានស្ថានភាពអ្នកជំងឺឱ្យបានទៀងទាត់ ប្រសិនបើមានការរីកប៉ោងសរសៃឈាមអាអកដែលមិនទាន់ធ្លាយ។
ការព្យាបាលមានគោលបំណងបញ្ឈប់ការរីកធំនៃសរសៃឈាម រហូតដល់កម្រិតដែលអាចធ្លាយ ឬរហែកសរសៃឈាមអាកទែ។ សម្រាប់ករណីរីកប៉ោងតូចៗដែលមិនទាន់ធ្លាយ គ្រូពេទ្យអាចណែនាំឱ្យប្រើប្រាស់ថ្នាំដើម្បីបង្កើនលំហូរឈាម បញ្ចុះសម្ពាធឈាម ឬគ្រប់គ្រងកម្រិតខ្លាញ់កូឡេស្តេរ៉ុល។ វិធីសាស្ត្រទាំងអស់នេះអាចជួយកាត់បន្ថយសម្ពាធលើជញ្ជាំងសរសៃឈាមអាកទែ និងជួយកាត់បន្ថយការវិវត្តនៃដុំរីកប៉ោង
ការវះកាត់
ការវះកាត់អាចនឹងត្រូវការចាំបាច់សម្រាប់ករណីរីកប៉ោងធំៗ ដែលប្រឈមនឹងគ្រោះថ្នាក់នៃការធ្លាយ ឬដាច់រហែក។ វិធីសាស្ត្រវះកាត់រួមមាន៖
- ការវះកាត់បើកដើម្បីជួសជុលសរសៃឈាម (Open aneurysm repair): គ្រូពេទ្យនឹងវះកាត់យកផ្នែកដែលរីកប៉ោងចេញ រួចជួសជុលសរសៃឈាមអាកទែដោយការដេរភ្ជាប់ជាមួយនឹងបំពង់ពិសេសម្យ៉ាង (Graft) ជំនួសវិញ។ នីតិវិធីនេះក៏ត្រូវបានប្រើផងដែរ ប្រសិនបើសរសៃឈាមបានធ្លាយរួចហើយ
- ការវះកាត់តម្រង់សរសៃឈាមពីខាងក្នុង (EVAR): ជាការព្យាបាលដែលមានការប៉ះទង្គិចតិចតួច (Minimally invasive) ដោយគ្រូពេទ្យបញ្ចូលបំពង់ទប់សរសៃឈាម (Graft) តាមរយៈបំពង់បូម (Catheter) ដើម្បីពង្រឹង ឬជួសជុលសរសៃឈាមអាកទែ។ ការវះកាត់នេះក៏មានឈ្មោះហៅផ្សេងទៀតដូចជា FEVAR និង TEVAR (សម្រាប់ការរីកប៉ោងក្នុងទ្រូង)
