ជំងឺរលាកសន្លាក់ឆ្អឹងកងខ្នង

ទិដ្ឋភាពទូទៅ
ជំងឺរលាកសន្លាក់ឆ្អឹងកងខ្នង (Ankylosing Spondylitis) គឺជាស្ថានភាពដែលឆ្អឹងកងខ្នងភ្ជាប់គ្នាតាមពេលវេលា។ វាគឺជាជំងឺរលាកដែលប៉ះពាល់ដល់ភាពបត់បែននៃឆ្អឹងខ្នង និងបណ្តាលឱ្យរូបរាងកាយមានសភាពកោងទៅមុខ។ ប្រសិនបើស្ថានភាពនេះរាលដាលដល់ឆ្អឹងជំនី វាអាចបង្កឱ្យមានការពិបាកដកដង្ហើម។ បុរសមានឱកាសកើតជំងឺនេះច្រើនជាងស្ត្រី ហើយរោគសញ្ញាច្រើនតែចាប់ផ្តើមបង្ហាញចំពោះមនុស្សពេញវ័យវ័យក្មេង។ ភ្នែកក៏ជាផ្នែកមួយទៀតនៃរាងកាយដែលអាចរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។ ជំងឺនេះមិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយនៅឡើយទេ ប៉ុន្តែការទទួលការព្យាបាលអាចពន្យឺតការវិវត្តរបស់វា និងកាត់បន្ថយរោគសញ្ញាបាន
រោគសញ្ញា
ការឈឺចាប់ និងការរឹងនៅផ្នែកខាងក្រោមខ្នង និងត្រគាក ជាពិសេសនៅពេលព្រឹក ឬបន្ទាប់ពីបំពេញការងារមួយចំនួន គឺជាសញ្ញាដំបូងនៃជំងឺរលាកសន្លាក់ឆ្អឹងកងខ្នង។ រោគសញ្ញាផ្សេងទៀតមានដូចជា ការឈឺចាប់ និងមានអារម្មណ៍អស់កម្លាំងខ្លាំង។ ម្យ៉ាងវិញទៀត រោគសញ្ញាទាំងនេះអាចមានសភាពប្រសើរឡើង កាន់តែអាក្រក់ទៅៗ ឬជួនកាលក៏បាត់ទៅវិញដោយមិនទៀងទាត់
ផ្នែកនៃរាងកាយដែលរងផលប៉ះពាល់បំផុតរួមមាន៖
- ចង្កេះ
- សន្លាក់ស្មា
- សន្លាក់ត្រគាក
- សន្លាក់រវាងឆ្អឹងអាងត្រគាក និងគល់នៃឆ្អឹងខ្នង
- កន្លែងដែលឆ្អឹងភ្ជាប់ជាមួយនឹងសរសៃពួរ និងសរសៃចំណង (ដូចជានៅផ្នែកខាងក្រោយកែងជើង ប៉ុន្តែជួបញឹកញាប់បំផុតគឺនៅឆ្អឹងខ្នង)
- ឆ្អឹងខ្ចីនៅចន្លោះឆ្អឹងជំនី និងឆ្អឹងទ្រូង
អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកជួបប្រទះនូវស្ថានភាពដូចខាងក្រោម៖
- ឈឺត្រគាក ឬចង្កេះដែលកាន់តែអាក្រក់ទៅៗនៅពេលព្រឹក ឬធ្វើឱ្យអ្នកភ្ញាក់ពីគេងនៅពេលយប់
- ការឈឺចាប់មានសភាពធូរស្រាលនៅពេលហាត់ប្រាណ ប៉ុន្តែកាន់តែអាក្រក់ទៅៗនៅពេលសម្រាក
- មានការឈឺភ្នែក ស្រវាំងភ្នែក ភ្នែកមានសភាពក្រហមខ្លាំង ឬចាញ់ពន្លឺ
មូលហេតុ និងកត្តាហានិភ័យ
មិនទាន់មានមូលហេតុច្បាស់លាស់ណាមួយនៃជំងឺរលាកសន្លាក់ឆ្អឹងកងខ្នងនៅឡើយទេ ប៉ុន្តែវាអាចបណ្តាលមកពីកត្តាតំណពូជ ជាពិសេសចំពោះអ្នកដែលមានហ្សែន HLA-B27។ ក្រៅពីនេះ ជំងឺរលាកសន្លាក់ឆ្អឹងកងខ្នងត្រូវបានគេសង្កេតឃើញកើតមានលើបុរសច្រើនជាងស្ត្រី
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងធ្វើការពិនិត្យរាងកាយ និងវាយតម្លៃលើចលនានៃឆ្អឹងខ្នង ដោយតម្រូវឱ្យអ្នកជំងឺធ្វើចលនាទៅតាមទិសដៅដែលបានកំណត់។ ក្នុងកំឡុងពេលពិនិត្យ គ្រូពេទ្យអាចនឹងសង្កត់លើឆ្អឹងអាងត្រគាក និងពត់ជើងរបស់អ្នកក្នុងទម្រង់ជាក់លាក់ណាមួយ ដើម្បីស្វែងរកចំណុចឈឺចាប់។ គ្រូពេទ្យក៏នឹងតម្រូវឱ្យអ្នកដកដង្ហើមវែងៗ ដើម្បីពិនិត្យមើលថាតើមានការពិបាកក្នុងការរីកមាឌនៃទ្រូងដែរឬទេ
ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ
- ការថតកាំរស្មីអ៊ិច៖ បង្ហាញពីការប្រែប្រួលនៃឆ្អឹង និងសន្លាក់ ប៉ុន្តែប្រសិនបើជំងឺទើបតែចាប់ផ្តើម វាមិនទាន់អាចមើលឃើញតាមកាំរស្មីអ៊ិចនៅឡើយទេ
- ការថត MRI ប្រើដែនម៉ាញេទិកខ្លាំង និងរលកសំឡេង ដើម្បីបង្ហាញរូបភាពលម្អិតនៃជាលិកាទន់ និងឆ្អឹង។ ការធ្វើតេស្តនេះអាចជួយឱ្យរកឃើញជំងឺរលាកសន្លាក់ឆ្អឹងកងខ្នងតាំងពីដំណាក់កាលដំបូង
ការធ្វើតេស្តមន្ទីរពិសោធន៍
មិនមានការធ្វើតេស្តឈាមជាក់លាក់ណាមួយសម្រាប់រោគវិនិច្ឆ័យជំងឺនេះទេ។ ការធ្វើតេស្តឈាមមួយចំនួនអាចពិនិត្យរកមើលសញ្ញានៃការរលាក ប៉ុន្តែការរលាកក៏អាចបណ្តាលមកពីបញ្ហាសុខភាពផ្សេងទៀតបានដែរ។ ទោះបីជាអាចរកឃើញហ្សែន HLA-B27 នៅក្នុងឈាម ប៉ុន្តែមានមនុស្សជាច្រើនមានហ្សែននេះតែមិនមានកើតជំងឺរលាកសន្លាក់ឆ្អឹងកងខ្នងឡើយ
ការព្យាបាល
ការព្យាបាលត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការឈឺចាប់ និងការរឹងសន្លាក់ ពន្យឺត ឬបង្ការផលវិបាក និងការខូចទ្រង់ទ្រាយឆ្អឹងខ្នង។ វាជាការប្រសើរក្នុងការស្វែងរកការព្យាបាលតាំងពីដំណាក់កាលដំបូង ដើម្បីជៀសវាងពិការភាពអចិន្ត្រៃយ៍
ការប្រើប្រាស់ថ្នាំ
- ថ្នាំបំបាត់ការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs) គ្រូពេទ្យច្រើនតែចេញវេជ្ជបញ្ជាថ្នាំដូចជា Naproxen និង Ibuprofen ដើម្បីកាត់បន្ថយការឈឺចាប់ ប៉ុន្តែផលប៉ះពាល់របស់វាគឺអាចបណ្តាលឱ្យមានការហូរឈាមក្នុងបំពង់រំលាយអាហារ
- ថ្នាំចាក់៖ ថ្នាំត្រូវបានចាក់តាមស្បែក ឬតាមសរសៃឈាម។ ទោះយ៉ាងណា ផលប៉ះពាល់អាចធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗ (ចុះខ្សោយប្រព័ន្ធការពារ) និងអាចធ្វើឱ្យជំងឺរបេងដែលមិនទាន់ព្យាបាលរើឡើងវិញ។ ថ្នាំទាំងនោះរួមមាន៖
- ថ្នាំទប់ស្កាត់ TNF (TNF blockers): ដូចជា Adalimumab, Etanercept, Infliximab ជាដើម
- ថ្នាំទប់ស្កាត់ Interleukin-17 (IL-17): ដូចជា Secukinumab និង Ixekizumab
ការព្យាបាលដោយចលនា
ការព្យាបាលដោយចលនាជួយឱ្យសាច់ដុំមានកម្លាំង និងភាពបត់បែនឡើងវិញ ដែលវាជាផ្នែកដ៏សំខាន់នៃការព្យាបាល។ អ្នកជំនាញការព្យាបាលដោយចលនានឹងរៀបចំលំហាត់ប្រាណជាក់លាក់សម្រាប់អ្នកជំងឺម្នាក់ៗ រួមមាន៖
- លំហាត់ប្រាណពត់ខ្លួន និងបង្កើនចលនាសន្លាក់
- លំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំពោះ និងសាច់ដុំខ្នង
- ការណែនាំអំពីរបៀបដើរ និងរបៀបគេងឱ្យបានត្រឹមត្រូវ
ការវះកាត់
ជាទូទៅ ជំងឺរលាកសន្លាក់ឆ្អឹងកងខ្នងមិនចាំបាច់ធ្វើការវះកាត់ទេ ប៉ុន្តែប្រសិនបើសន្លាក់ត្រគាករងការខូចខាតធ្ងន់ធ្ងរ និងការឈឺចាប់កាន់តែខ្លាំង គ្រូពេទ្យនឹងណែនាំឱ្យធ្វើការវះកាត់ប្តូរសន្លាក់
